លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹តើត្រូវឲ្យខ្ញុំភ័យខ្លាចចំពោះអ្នកណា?›

‹តើត្រូវឲ្យខ្ញុំភ័យខ្លាចចំពោះអ្នកណា?›

‹តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​អ្នក​ណា?›

​«​ទោះ​បើ​កើត​មាន​ចំ​បាំង​ទាស់​នឹង​ខ្ញុំ គង់តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ​»។—ទំនុក. ២៧:៣

យោង​ទៅ​តាម​ខ​គម្ពីរ​ខាង​ក្រោម​នេះ តើ​អ្វី​អាច​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន?

ទំនុកតម្កើង ២៧:១

ទំនុកតម្កើង ២៧:៤

ទំនុកតម្កើង ២៧:១១

១​. តើ​ទំនុកតម្កើង ទី​២៧​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី?

ហេតុ​អ្វី​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​កើន​ឡើង ទោះ​ជា​ស្ថានភាព​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ​ក៏​ដោយ? ហេតុ​អ្វី​យើង​សប្បាយ​ចំណាយ​ពេល​និង​កម្លាំង​ភាគ​ច្រើន​របស់​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពិភព​លោក​នេះ​ក៏​ដោយ? តើ​តាម​របៀប​ណា​យើង​អាច​បន្ត​មាន​ចិត្ត​ក្លាហាន​ពេល​ដែល​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ចំពោះ​អនាគត? ចម្រៀង​របស់​ស្តេច​ដាវីឌ​នៅ​ទំនុកតម្កើង ទី​២៧ ដែល​គាត់​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ឆ្លើយ​សំណួរ​ទាំង​នេះ។

២​. តើ​ការ​ភ័យ​ខ្លាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា ប៉ុន្តែ​តើ​យើង​មាន​ទំនុក​ចិត្ត​អំពី​អ្វី?

ដាវីឌ​ចាប់​ផ្ដើម​ទំនុកតម្កើង​នេះ​ដោយ​ពាក្យ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា​»។ (​ទំនុក. ២៧:១​) ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ ហើយ​រហូត​ដល់​គាត់​មិន​អាច​ធ្វើ​អ្វី​សោះ។ ប៉ុន្តែ បុគ្គល​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ក្លាហាន ហើយ​មិន​ភ័យ​ខ្លាច​ទេ។ (​១ពេ. ៣:១៤​) កាល​ណា​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់ យើង​«​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំ​រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ​»។ (​សុភ. ១:៣៣; ៣:២៥​) ហេតុ​អ្វី​ដូច្នេះ?

«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​»​

៣​. តើ​ព្រះ​យេហូវ៉ា​ជា​ពន្លឺ​របស់​យើង​ក្នុង​ន័យ​ដូច​ម្ដេច ប៉ុន្តែ​តើ​យើង​ត្រូវ​ធ្វើ​អ្វី?

កាល​ណា​គម្ពីរ​ចែង​ថា​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ​»​ នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​សេចក្ដី​ពិត។ (​ទំនុក. ២៧:១​) ពន្លឺ​ក្នុង​ន័យ​ត្រង់​ប្រហែលជា​បង្ហាញ​យើង​នូវ​គ្រោះ​ថ្នាក់​ឬ​ឧបសគ្គ​មួយ​នៅ​លើ​ផ្លូវ​របស់​យើង ប៉ុន្តែ​ពន្លឺ​នោះ​មិន​បំបាត់​គ្រោះ​ថ្នាក់​ឬ​ដក​ឧបសគ្គ​នោះ​ចេញ​ទេ។ យើង​ត្រូវ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​អត្ថន័យ​សំខាន់​នៃ​ព្រឹត្ដិការណ៍​ពិភព​លោក។ លោក​បាន​ប្រាប់​យើង​ឲ្យ​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​របៀប​របប​ពិភព​លោក​នេះ។ លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គោលការណ៍​គម្ពីរ​ដែល​តែង​តែ​មាន​ប្រយោជន៍ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន។ អ្នក​តែង​ទំនុក​តម្កើង​បាន​ពោល​ថា​៖ ​«​សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​លើស​ជាង​ខ្មាំង​សត្រូវ​»​ ហើយ​«​ទូល​បង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូល​បង្គំ​ទៅ​ទៀត​»។ កាល​ណា​យើង​ធ្វើ​តាម​គោលការណ៍​គម្ពីរ យើង​ក៏​អាច​ក្លាយ​ជា​មនុស្ស​ដែល​ពិត​ជា​ឈ្លាស​វៃ​ដែរ។—ទំនុក. ១១៩:​៩៨, ៩៩, ១៣០

៤​. ​(​ក​) ហេតុ​អ្វី​ដាវីឌ​អាច​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​»​? (​ខ​) តើ​ពេល​ណា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក?

ពាក្យ​របស់​ដាវីឌ​នៅ​ទំនុកតម្កើង ២៧:១ បង្ហាញ​ថា​គាត់​ច្បាស់​ជា​បាន​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​ឬ​សង្គ្រោះ​គាត់​នៅ​គ្រា​មុន​ៗ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​រួច​«​ពី​ក្រចក​សិង្ហ​និង​ខ្លា​ឃ្មុំ​»។ ព្រះ​យេហូវ៉ា​ក៏​បាន​ជួយ​ដាវីឌ​ឲ្យ​ឈ្នះ​កូលីយ៉ាត​ដែល​ជា​មនុស្ស​ធំ​សម្បើម​ដែរ។ ក្រោយ​មក​ស្តេច​សូល​បាន​ព្យាយាម​ចាក់​ទម្លុះ​ដាវីឌ​ដោយ​លំពែង ប៉ុន្តែ​រាល់​លើក​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​រួច​ផុត។ (​១សាំ. ១៧:៣៧, ៤៩, ៥០; ១៨:១១, ១២; ១៩:​១០​) មិន​មែន​ចម្លែក​ឡើយ​ដែល​ដាវីឌ​អាច​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ!​»។ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក​ដូច​លោក​បាន​សង្គ្រោះ​ដាវីឌ។ តើ​លោក​នឹង​ធ្វើ​ដូច្នេះ​នៅ​ពេល​ណា? គឺ​នៅ​ពេល​ដែល​«​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង​»​មក​ដល់។—បប. ៧:១៤; ២ពេ. ២:៩

សូម​នឹក​ចាំ​រាល់​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក

៥, ៦​. ​(​ក​) តើ​ការ​នឹក​ចាំ​របស់​យើង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក​នៅ​អតីតកាល?

កត្ដា​ដ៏​សំខាន់​មួយ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​បាន​ត្រូវ​លើក​ឡើង​នៅ​ទំនុកតម្កើង ២៧:២, ៣។ (​សូម​អាន​) ដាវីឌ​បាន​នឹក​ចាំ​អំពី​គ្រា​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​គាត់។ (​១សាំ. ១៧:​៣៤​-​៣៧​) ការ​នឹក​ចាំ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ក្លាហាន ដើម្បី​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​បំផុត។ តើ​អ្នក​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​នៅ​អតីតកាល​ឬ​ទេ? ជា​ឧទាហរណ៍ តើ​អ្នក​បាន​អធិដ្ឋាន​យ៉ាង​ខ្លាំង​អំពី​បញ្ហា​លំបាក ហើយ​បន្ទាប់​មក​បាន​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ប្រាជ្ញា​និង​កម្លាំង​ដល់​អ្នក​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នោះ​ឬ​ទេ? តើ​អ្នក​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​បម្រើ​លោក​ដោយ​អំណរ​ឬ​ទេ? ឬ​តើ​អ្នក​នឹក​ចាំ​អំពី​របៀប​ដែល​លោក​ផ្ដល់​ឱកាស​ថ្មី​ក្នុង​កិច្ច​បម្រើ​លោក​ឬ​ទេ? (​១កូ. ១៦:៩​) តើ​ការ​នឹក​ចាំ​អំពី​ព្រឹត្ដិការណ៍​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក​នៅ​ឥឡូវ​នេះ? ការ​នឹក​ចាំ​ទាំង​នោះ​គួរ​បន្ត​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ដោះ​ស្រាយ​ឬ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​និង​ស្ថានភាព​ដ៏​ពិបាក​បំផុត។—រ៉ូម ៥:៣​-​៥

តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​បើ​រដ្ឋាភិបាល​ដែល​មាន​អំណាច​ខ្លាំងក្លា​ចង់​បំផ្លាញ​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា? មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ប៉ុនប៉ង​ធ្វើ​ដូច្នេះ ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ។ បើ​យើង​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក​នៅ​អតីតកាល យើង​នឹង​មាន​ចិត្ត​ក្លាហាន​ស៊ូ​ទ្រាំ​នឹង​អ្វី​ក៏​ដោយ​ដែល​អាច​កើត​ឡើង​នៅ​អនាគត។—ដាន. ៣:២៨

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

៧, ៨​. ​(​ក​) យោង​ទៅ​តាម​ទំនុកតម្កើង ២៧:៤ តើ​ដាវីឌ​បាន​សុំ​អ្វី​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប​ជា​អ្វី? តើ​សព្វ​ថ្ងៃ​នេះ​យើង​គោរព​ប្រណិប័តន៍​នៅ​ទី​នោះ​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត​ក៏​ជួយ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ដែរ។ (​សូម​អាន ទំនុកតម្កើង ២៧:៤) នៅ​សម័យ​ដាវីឌ​«​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​»​គឺជា​ត្រ​សាល។ ដាវីឌ​បាន​រៀបចំ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​សាឡូម៉ូន​ជា​កូន​ប្រុស​គាត់​អាច​សាងសង់​វិហារ​ដ៏​ស្អាត​មួយ​សម្រាប់​ព្រះ​យេហូវ៉ា។ រាប់​រយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​ពន្យល់​ថា​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​នឹង​មិន​ចាំ​បាច់​ទៅ​វិហារ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ (​យ៉ូន. ៤:​២១​-​២៣​) សាវ័ក​ប៉ូល​បាន​បញ្ជាក់​នៅ​ហេប្រឺ ជំពូក​៨​-​១០ ថា​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប កើត​ឡើង​នៅ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស. ពេល​លោក​បាន​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​ហេ. ១០:១០​) វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប​នេះ គឺជា​ការ​រៀបចំ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ដើម្បី​ឲ្យ​យើង​អាច​ចូល​ទៅ​ជិត​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ តើ​យើង​គោរព​ប្រណិប័តន៍​នៅ​ទី​នោះ​យ៉ាង​ដូច​ម្ដេច? គឺ​តាម​រយៈ​ការ​អធិដ្ឋាន ​«​ដោយ​មាន​ចិត្ត​ស្មោះ​និង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ដែល​មក​ពី​ជំនឿ​»​ ដោយ​ប្រកាស​ជា​សាធារណៈ​នូវ​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​របស់​យើង ហើយ​ដោយ​ពិចារណា ជំរុញ​ចិត្ត​និង​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ ពេល​យើង​ជួប​ជុំ​គ្នា​នៅ​កិច្ច​ប្រជុំ និង​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ (​ហេ. ១០:២២​-​២៥​) ចិត្ត​កតញ្ញូ​ចំពោះ​ការ​រៀបចំ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ពង្រឹង​កម្លាំង​យើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ។

នៅ​ទូ​ទាំង​ពិភព​លោក អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​កំពុង​បង្កើន​កិច្ច​បម្រើ​ផ្សាយ រៀន​ភាសា​ថ្មី ហើយ​រើ​ផ្ទះ​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ដូច​អ្នក​តែង​ទំនុកតម្កើង​ដែរ សកម្មភាព​របស់​ពួក​គាត់​បង្ហាញ​ថា​ពួក​គាត់​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​តែង​ទំនុកតម្កើង​នោះ​ចង់​«​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់​»។ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ចង់​ឲ្យ​លោក​ឲ្យ​ពរ​ពួក​គាត់ ហើយ​ពួក​គាត់​ចង់​គោរព​ប្រណិប័តន៍​លោក​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។—សូម​អាន ទំនុកតម្កើង ២៧:៦

ចូរ​ទុក​ចិត្ត​លើ​ជំនួយ​របស់​ព្រះ

៩, ១០​. តើ​ទំនុកតម្កើង ២៧:១០ សន្យា​អំពី​អ្វី?

ពាក្យ​របស់​ដាវីឌ​បង្ហាញ​យើង​ថា​គាត់​បាន​ទុក​ចិត្ត​លើ​ជំនួយ​របស់​ព្រះ​យេហូវ៉ា​ដល់​កម្រិត​ណា។ គាត់​បាន​ពោល​ថា​៖ ​«​បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ​»។ (​ទំនុក. ២៧:១០​) យោង​ទៅ​តាម​ព្រឹត្ដិការណ៍​ដែល​បាន​រៀប​រាប់​នៅ​សាំយូអែលទី១ ជំពូក​២២ យើង​អាច​សន្និដ្ឋាន​ថា​ឪពុក​ម្ដាយ​របស់​ដាវីឌ​មិន​បាន​លះ​ចោល​គាត់​ទេ។ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ត្រូវ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​កាត់​កាល​ចោល។ បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ត្រូវ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​បោះ​បង់​ចោល បាន​ទទួល​ជំនួយ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​ស្រឡាញ់ ហើយ​មាន​អារម្មណ៍​ថា​ក្រុម​ជំនុំ​បាន​ការពារ​ពួក​គាត់។

១០ ព្រះ​យេហូវ៉ា​បម្រុង​តែ​គាំទ្រ​អ្នក​បម្រើ​របស់​លោក ទោះ​ជា​អ្នក​ឯ​ទៀត​បោះបង់​ចោល​ពួក​គាត់​ក៏​ដោយ។ ដូច្នេះ យើង​អាច​ប្រាកដ​ថា​លោក​នឹង​ថែ​រក្សា​ពួក​គាត់​ពេល​មាន​ការ​ពិបាក​ផ្សេង​ៗ​ទៀត​ដែរ។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​បារម្ភ​ថា​មិន​ដឹង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​យើង​តាម​របៀប​ណា​ទេ នោះ​យើង​គួរ​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ (​ហេ. ១៣:៥, ៦​) លោក​យល់​អំពី​ស្ថានភាព​របស់​យើង ហើយ​ក៏​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដែរ។

១១​. តើ​មនុស្ស​គិត​យ៉ាង​ណា​អំពី​យើង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ពេល​យើង​បង្ហាញ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា? សូម​លើក​ឧទាហរណ៍​មួយ។

១១ សូម​ពិចារណា​អំពី​ករណី​របស់​វិចថូរៀ​ដែល​ជា​សិស្ស​គម្ពីរ​ម្នាក់​នៅ​ប្រទេស​លីបេរីយ៉ា។ ពេល​ដែល​នាង​បាន​រីក​ចម្រើន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក បុរស​ដែល​រស់​នៅ​ជា​មួយ​នាង​បាន​ចុះ​ចោល​នាង​និង​កូន​បី​នាក់។ ទោះ​ជា​គ្មាន​ផ្ទះ​និង​គ្មាន​ការងារ​ក៏​ដោយ នាង​បាន​បន្ត​សិក្សា​គម្ពីរ ហើយ​ក្រោយ​មក​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ថ្ងៃ​មួយ កូន​ស្រី​របស់​នាង​អាយុ​១៣​ឆ្នាំ​រើស​បាន​កាបូប​ដែល​មាន​លុយ​ពេញ។ ដើម្បី​ជៀស​ពី​ការ​ល្បួង​ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​រាប់​លុយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រញាប់​ទាក់​ទង​នឹង​ទាហាន​ដែល​ជា​ម្ចាស់​កាបូប​នោះ។ ទាហាន​នោះ​បាន​ប្រាប់​ពួក​គេ​ថា​ប្រសិនបើ​មនុស្ស​ទាំង​អស់​មាន​ភាព​ទៀង​ត្រង់​ដូច​សាក្សី​ព្រះ​យេហូវ៉ា ពិភព​លោក​ទាំង​មូល​នឹង​ល្អ​ប្រសើរ​ជាង ហើយ​មាន​សេចក្ដី​សុខសាន្ត​ច្រើន​ជាង។ វិចថូ​រៀ​បាន​ប្រើ​គម្ពីរ​ដើម្បី​បង្ហាញ​ទាហាន​នោះ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ពិភព​លោក​ថ្មី។ ជំនឿ​និង​ភាព​ទៀង​ត្រង់​របស់​វិចថូរៀ​បាន​ធ្វើ​ឲ្យ​ទាហាន​នោះ​ចាប់​អារម្មណ៍​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ឲ្យ​លុយ​នាង​ជា​ច្រើន​ពី​លុយ​ដែល​នាង​បាន​ប្រគល់​ឲ្យ​គាត់។ មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​ដឹង​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​មនុស្ស​ទៀង​ត្រង់​ជា​និច្ច។ ពួក​គេ​ទៀង​ត្រង់​ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ថែ​រក្សា​ពួក​គេ។

១២​. ហេតុ​អ្វី​យើង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​ប្រហែលជា​បាត់បង់​ការ​ងារ​ឬ​ខាត​លុយ​កាក់​ក៏​ដោយ? សូម​លើក​ឧទាហរណ៍​មួយ។

១២ ម្យ៉ាង​ទៀត សូម​គិត​អំពី​អារម្មណ៍​របស់​ថូម៉ាស​នៅ​ប្រទេស​សេរ៉ាឡេអូន ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ប្រាក់​ខែ​ជិត​មួយ​ឆ្នាំ។ ថូម៉ាស​ត្រូវ​ទៅ​សុំ​ជួប​នាយក​សាលា​ដើម្បី​ទទួល​ប្រាក់​ខែ​ដែល​សាលា​បាន​ជំពាក់​គាត់។ នាយក​សាលា​នោះ​គឺជា​បព្វជិត​ម្នាក់ ហើយ​គាត់​បាន​ប្រាប់​ថូម៉ាស​ថា​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មិន​ត្រូវ​គ្នា​នឹង​ជំនឿ​របស់​សាលា​នោះ​ទេ។ គាត់​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ថូម៉ាស​ត្រូវ​ជ្រើស​រើស​រវាង​ការងារ​របស់​គាត់​និង​ជំនឿ​របស់​គាត់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ដោយ​លះ​បង់​ចោល​ការងារ​នោះ​និង​ប្រាក់​ខែ​ជិត​មួយ​ឆ្នាំ ថូម៉ាស​រក​បាន​ការងារ​ផ្សេង​ទៀត​គឺ​ជួស​ជុល​វិទ្យុ​និង​ទូរស័ព្ទ​ដៃ។ គំរូ​ជា​ច្រើន​បង្ហាញ​ថា​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា យើង​មិន​គួរ​ខ្លាច​ថា​យើង​នឹង​គ្មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ឡើយ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​តែង​តែ​ការពារ​រាស្ត្រ​របស់​លោក នោះ​យើង​ដឹង​ថា​លោក​នឹង​ថែ​រក្សា​យើង។

១៣​. តើ​កិច្ច​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​នៅ​ប្រទេស​ក្រី​ក្រ​កំពុង​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?

១៣ នៅ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ជីវភាព​រស់​នៅ​ពិបាក អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន​តែ​សកម្ម​ខាង​ការ​ផ្សព្វ​ផ្សាយ។ ហេតុ​អ្វី​ដូច្នេះ? ការិយាល័យ​សាខា​មួយ​សរសេរ​ថា​៖ ​«​ម្ចាស់​ផ្ទះ​ជា​ច្រើន​ដែល​ព្រម​សិក្សា​គម្ពីរ​គ្មាន​ការងារ​ធ្វើ​ទេ ដូច្នេះ​ពួក​គាត់​មាន​ពេល​ច្រើន​ដើម្បី​សិក្សា​គម្ពីរ​នៅ​ពេល​ថ្ងៃ។ បង​ប្អូន​យើង​ក៏​មាន​ពេល​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​ដែរ។ ជា​ពិសេស​មនុស្ស​ដែល​រស់​នៅ​តំបន់​ដែល​ក្រី​ក្រ​បំផុត មិន​ចាំ​បាច់​ឲ្យ​យើង​ប្រាប់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នោះ​ទេ ពួក​គេ​ឃើញ​ស្ថានភាព​នៅ​ជុំ​វិញ​ពួក​គេ​»។ សាសនទូត​ម្នាក់​ដែល​បម្រើ​ជាង​១២​ឆ្នាំ​នៅ​ប្រទេស​ដែល​អ្នក​ផ្សាយ​ម្នាក់​ៗ​មាន​សិស្ស​គម្ពីរ​ច្រើន​ជាង​បី​នាក់​ជា​មធ្យម បាន​សរសេរ​ថា​៖ ​«​អ្នក​ផ្សាយ​ជា​ច្រើន​នាក់​មាន​ជីវភាព​សាមញ្ញ ហើយ​មិន​សូវ​មាន​អ្វី​ៗ​ដែល​បំបែរ​អារម្មណ៍ ដូច្នេះ​ជា​ទូទៅ​ពួក​គេ​មាន​ពេល​ច្រើន​ជាង​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គម្ពីរ​»។

១៤​. តើ​ព្រះ​នឹង​ការពារ​មនុស្ស​មួយ​ក្រុម​ធំ​តាម​វិធី​ណា?

១៤ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ជួយ ការពារ និង​សង្គ្រោះ​រាស្ត្រ​របស់​លោក​ជា​ក្រុម ហើយ​យើង​ជឿ​ថា​លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ (​ទំនុក. ៣៧:២៨; ៩១:១​-​៣​) មនុស្ស​មួយ​ក្រុម​ធំ​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង។ (​បប. ៧:៩, ១៤​) ហេតុ​នេះ ព្រះ​នឹង​ការពារ​មនុស្ស​មួយ​ក្រុម​ធំ​នោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​រាស្ត្រ​ទាំង​អស់​របស់​លោក​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក។ លោក​នឹង​ផ្ដល់​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក និង​ដើម្បី​ការពារ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង ព្រះ​យេហូវ៉ា​នឹង​ការពារ​រាស្ត្រ​របស់​លោក។

«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល​បង្គំ​»​

១៥, ១៦​. ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ តើ​យើង​ទទួល​ប្រយោជន៍​អ្វី? សូម​លើក​ឧទាហរណ៍។

១៥ បើ​យើង​ចង់​រក្សា​ចិត្ត​ក្លាហាន​របស់​យើង យើង​ត្រូវ​បន្ត​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ។ នេះ​ស​ឲ្យ​ឃើញ​ថា​តាម​រយៈ​ពាក្យ​អង្វរករ​របស់​ដាវីឌ​ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល​បង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូល​បង្គំ​ទៅ​តាម​ផ្លូវ​រាបស្មើ​»។ (​ទំនុក. ២៧:១១​) ការ​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​អធិដ្ឋាន​នេះ មាន​ន័យ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​ទាំង​អស់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​យើង​ទទួល​តាម​រយៈ​អង្គការ​ព្រះ​យេហូវ៉ា ហើយ​ឆាប់​ធ្វើ​តាម។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ច្រើន​នាក់​បាន​អនុវត្ត​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​ធ្វើ​ឲ្យ​ជីវិត​ពួក​គាត់​សាមញ្ញ​ជាង។ ពួក​គាត់​បាន​សង​បំណុល ហើយ​បាន​លក់​របស់​ដែល​ពួក​គាត់​មិន​ត្រូវ​ការ។ ដូច្នេះ ពេល​មាន​វិបត្ដិ​សេដ្ឋកិច្ច​ពួក​គាត់​មិន​សូវ​មាន​បញ្ហា​លុយ​កាក់​ឡើយ។ ឥឡូវ​នេះ​ពួក​គាត់​មិន​ចាំ​បាច់​ធ្វើ​ការ​ច្រើន​ដើម្បី​បង់​រំលស់​របស់​ដែល​ពួក​គាត់​មិន​សូវ​ត្រូវ​ការ​ទេ។ ពួក​គាត់​អាច​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​មុន។ យើង​ទាំង​អស់​គ្នា​គួរ​សួរ​ខ្លួន​យើង​ថា​‹តើ​ខ្ញុំ​ឆាប់​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​អាន​ពី​គម្ពីរ​និង​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ទោះ​ជា​នេះ​ពិត​ជា​ពិបាក​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ក៏​ដោយ​ឬ?›។—ម៉ាថ. ២៤:៤៥

១៦ ពេល​យើង​ឲ្យ​ព្រះ​យេហូវ៉ា​បង្រៀន​យើង ហើយ​ប្រាប់​យើង​អំពី​របៀប​រស់​នៅ យើង​នឹង​គ្មាន​ហេតុ​ភ័យ​ខ្លាច​ឡើយ។ ពេល​ដែល​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​ម្នាក់​នៅ​សហរដ្ឋអាម៉េរិក​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​មួយ​ដែល​នឹង​ជួយ​គាត់​និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់​បន្ត​ត្រួស​ត្រាយ នាយក​គាត់​បាន​ប្រាប់​ថា​គាត់​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ បើ​គ្មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ។ បើ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក តើ​អ្នក​នឹង​ស្ដាយ​ដោយ​សារបាន​សម្រេច​ចិត្ត​បម្រើ​ពេញ​ពេល ហើយ​មិន​បាន​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​ឬ​សាកលវិទ្យាល័យ​ឬ​ទេ? ពីរ​សប្ដាហ៍​ក្រោយ​មក នាយក​នោះ​បាន​បាត់បង់​ការងារ ហើយ​នាយក​ម្នាក់​ទៀត​បាន​សួរ​បង​ប្រុស​យើង​អំពី​គោលដៅ​របស់​គាត់។ បង​ប្រុស​នោះ​បាន​ប្រាប់​គាត់​ថា​គាត់​និង​ប្រពន្ធ​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បម្រើ​ពេញ​ពេល ហើយ​ថា​ពួក​គាត់​ចង់​បន្ត​ធ្វើ​កិច្ចការ​នោះ។ ពេល​បង​ប្រុស​នោះ​និយាយ​ដល់​ត្រឹម​នេះ នាយក​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​គឺ​ខុស​ពី​អ្នក​ឯ​ទៀត! ពេល​ឪពុក​ខ្ញុំ​ហៀបនឹង​ស្លាប់ បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ពីរ​នាក់​បាន​មក ហើយ​បាន​អាន​គម្ពីរ​ឲ្យ​គាត់​ស្ដាប់​រាល់​ថ្ងៃ។ ខ្ញុំ​បាន​សន្យា​ក្នុង​ចិត្ត​ថា បើ​ខ្ញុំ​មាន​ឱកាស​ដើម្បី​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ខ្ញុំ​នឹង​ជួយ​»។ នៅ​ព្រឹក​បន្ទាប់​នោះ បង​ប្រុស​នេះ​បាន​ទទួល​ការងារ​ដែល​នាយក​គាត់​ពី​មុន​បាន​បដិសេធ​មិន​ឲ្យ​គាត់​ធ្វើ។ ពេល​យើង​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។—ម៉ាថ. ៦:៣៣

ជំនឿ​និង​សេចក្ដី​សង្ឃឹម​គឺ​សំខាន់​ចាំ​បាច់

១៧​. តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​អនាគត?

១៧ បន្ទាប់​មក ដាវីឌ​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​មាន​ជំនឿ​និង​សេចក្ដី​សង្ឃឹម ដោយ​ពោល​ថា​៖ ​«​បើ​សិន​ជា​ទូល​បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ​យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ នោះ​តើ​យ៉ាង​ណា​ទៅ​»។ (​ទំនុក. ២៧:១៣​) តើ​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ បើ​ព្រះ​មិន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ឲ្យ​យើង ហើយ​បើ​យើង​មិន​បាន​ស្គាល់​អ្វី​ដែល​បាន​រៀប​រាប់​នៅ​ទំនុកតម្កើង ទី​២៧? ដូច្នេះ នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ត្រូវ​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ផ្ដល់​កម្លាំង​និង​សុំ​លោកសង្គ្រោះ​យើង​នៅ​សង្គ្រាម​ហាម៉ាគេដូន។—សូម​អាន ទំនុកតម្កើង ២៧:១៤

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៣​]

ដាវីឌ​បាន​ទទួល​កម្លាំង​ពី​ការ​នឹក​ចាំ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា

[​រូបភាព​នៅ​ទំព័រ​២៥​]

តើ​យើង​ចាត់​ទុក​បញ្ហា​សេដ្ឋកិច្ច​ជា​ឱកាស​ដើម្បី​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ទេ?