លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសអេក្វាឌ័រ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសអេក្វាឌ័រ

ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ប្រទេស​អេក្វាឌ័រ

ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី​បាន​ត្រូវ​គេ​បង្ខិត​បង្ខំ។ គាត់​ទើប​តែ​បាន​រៀន​ចប់​នៅ​វិទ្យាល័យ​ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង​ថ្នាក់ ហើយ​ឥឡូវ​សាច់​ញាតិ​និង​គ្រូ​របស់​គាត់​ជំរុញ​គាត់​ឲ្យ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មុន​ប៊្រុយណូ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ដោយ​សន្យា​ថា​នឹង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ តើ​គាត់​បាន​សម្រេច​ចិត្ត​យ៉ាង​ណា? គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​ខ្ញុំ​នឹង​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​ខ្ញុំ ហើយ​ចាត់​ទុក​លោក​ថា​សំខាន់​បំផុត ប៉ុន្តែ​ក្នុង​សេចក្ដី​អធិដ្ឋាន​យ៉ាង​ស្មោះ​របស់​ខ្ញុំ ខ្ញុំ​បាន​និយាយ​បន្ថែម​ទៀត​ថា​ខ្ញុំ​ចង់​មាន​ជីវិត​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សកម្មភាព​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​លោក មិន​មែន​ជា​ជីវិត​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ​ទេ​»។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ប៊្រុយណូ​បាន​ទៅ​រស់​នៅ​ប្រទេស​អេក្វាឌ័រ នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ហួស​ពី​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​ទៅ​ទៀត​»។ អ្វី​ដែល​គាត់​នឹក​ស្មាន​មិន​ដល់​គឺ ពេល​ដែល​គាត់​ទៅ​ដល់​ប្រទេស​អេក្វាឌ័រ គាត់​បាន​ជួប​យុវជន​ជា​ច្រើន​ទៀត​ដែល​បាន​រើ​ទៅ​នៅ​ទី​នោះ​ដែរ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង។

យុវជន​ដែល​‹ល្បង​ល​ព្រះ​យេហូវ៉ា›

ប៊្រុយណូ​ក៏​ដូច​ជា​យុវជន​រាប់​ពាន់​នាក់​ឯ​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក បាន​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​[​ចូរ​]​ល្បង​ល​អញ . . . បើ​អញ​មិន​បើក​ទ្វារ​ស្ថាន​សួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​ឯង​»។ (​ម៉ាឡ. ៣:១០​) ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ ពួក​គេ​បាន​សម្រេច​ចិត្ត​‹ល្បង​ល​ព្រះ​យេហូវ៉ា›​ដោយ​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល កម្លាំង និង​ធនធាន​របស់​ពួក​គេ​ដើម្បី​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​នៅ​ក្នុង​ប្រទេស​មួយ ដែល​ត្រូវ​ការ​ច្រើន​ជាង​នូវ​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​មក​ដល់​កន្លែង​ថ្មី​របស់​ពួក​គេ ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ​»។ (​ម៉ាថ. ៩:​៣៧​) ជា​ឧទាហរណ៍ ជាក់គើលីន មក​ពី​ប្រទេស​អាឡឺម៉ង់ បាន​សរសេរ​សំបុត្រ​ដោយ​ចិត្ត​រំភើប​ទៅ​ការិយាល័យ​សាខា​នៅ​អេក្វាឌ័រ​ថា​៖ ​«​ខ្ញុំ​បាន​បម្រើ​នៅ​អេក្វាឌ័រ​តែ​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​សិស្ស​គម្ពីរ​១៣​នាក់​ហើយ សិស្ស​៤​នាក់​បាន​ចូល​រួម​ប្រជុំ​យ៉ាង​ទៀង​ទាត់ នេះ​ពិត​ជា​អស្ចារ្យ​មែន!​»។ ហ្សង់តាល់ មក​ពី​ប្រទេស​កាណាដា រៀប​រាប់​ថា​៖ ​«​នៅ​ឆ្នាំ​២០០៨ ខ្ញុំ​បាន​រើ​ទៅ​នៅ​តំបន់​មួយ​នៅ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អេក្វាឌ័រ ដែល​មាន​តែ​ក្រុម​ជំនុំ​មួយ​ប៉ុណ្ណោះ។ ឥឡូវ​មាន​ក្រុម​ជំនុំ​បី ហើយ​មាន​អ្នក​ត្រួស​ត្រាយ​ជាង​៣០​នាក់​នៅ​តំបន់​នោះ គ្មាន​អ្វី​ប្រសើរ​ជាង​ឃើញ​អ្នក​ថ្មី​កំពុង​រីក​ចម្រើន​នោះ​ទេ!​»​ នាង​បន្ថែម​ថា​៖ ​«​ថ្មី​ៗ​នេះ​ខ្ញុំ​បាន​រើ​ទៅ​នៅ​ក្រុង​មួយ​ដែល​មាន​កម្ពស់​២.៧៤៣​ម៉ែត្រ​នៅ​លើ​ជួរ​ភ្នំ​អាន់ដេស ក្រុង​នោះ​មាន​បណ្ដា​ជន​ជាង​៧៥.០០០​នាក់ ប៉ុន្តែ​មាន​ក្រុម​ជំនុំ​តែ​មួយ​ប៉ុណ្ណោះ។ តំបន់​ផ្សាយ​នេះ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​មែន! ខ្ញុំ​សប្បាយ​នឹង​កិច្ច​បម្រើ​របស់​ខ្ញុំ​ខ្លាំង​ណាស់​»។

ការ​ពិបាក​ផ្សេង​ៗ​ដែល​ពួក​គេ​ជួប​ប្រទះ

ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង​ពិត​ជា​មាន​ការ​ពិបាក​ច្រើន​មែន។ សូម្បី​តែ​មុន​ពេល​ដែល​យុវជន​ខ្លះ​រើ​ទៅ​ប្រទេស​ផ្សេង​ក៏​ដោយ ពួក​គេ​ក៏​បាន​ជួប​ឧបសគ្គ​ដែរ។ ខេឡា មក​ពី​សហរដ្ឋអាម៉េរិក និយាយ​ថា បង​ប្អូន​ខ្លះ​នៅ​ក្រុម​ជំនុំ​នៅ​ប្រទេស​នាង​ប្រាប់​នាង​ថា​នាង​មិន​គួរ​រើ​ទៅ​ប្រទេស​ផ្សេង​ឡើយ។ ពួក​គាត់​មិន​យល់​អំពី​មូលហេតុ​ដែល​នាង​ចង់​ទៅ​ត្រួស​ត្រាយ​នៅ​ប្រទេស​ផ្សេង​នោះ​ទេ។ នាង​ដឹង​ថា​បង​ប្អូន​ទាំង​នោះ​បាន​ព្យាយាម​ជួយ​នាង។ ប៉ុន្តែ​ប្រតិកម្ម​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​នាង​ធ្លាក់​ទឹក​ចិត្ត។ ជួនកាល​នាង​បាន​ឆ្ងល់​ថា តើ​នាង​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឬ​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខេ​ឡា​បាន​សម្រេច​ចិត្ត​រើ​ទៅ​ប្រទេស​ផ្សេង។ នាង​បាន​ពន្យល់​ថា​៖ ​«​ការ​អធិដ្ឋាន​ច្រើន​ដង​ទៅ​ព្រះ​យេហូវ៉ា និង​ការ​ពិភាក្សា​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​គំនិត​ចាស់​ទុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អ្នក​ដែល​ចង់​បម្រើ​លោក​ដោយ​ស្ម័គ្រ​ចិត្ត​»។

ចំពោះ​បង​ប្អូន​ជា​ច្រើន​នាក់ ការ​រៀន​ភាសា​ថ្មី​គឺជា​ឧបសគ្គ​មួយ។ សាយអូបហាន មក​ពី​ប្រទេស​អៀឡង់ ចាំ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់។ ខ្ញុំ​ត្រូវ​តែ​ចេះ​អត់​ធ្មត់ ខំ​រៀន​ភាសា ហើយ​អស់​សំណើច​នឹង​ខ្លួន​ខ្ញុំ ពេល​និយាយ​ខុស​»។ អាណា មក​ពី​ប្រទេស​អេស្តូនី បាន​បន្ថែម​ថា​៖ ​«​ការ​ទម្លាប់​ខ្លួន​នឹង​អាកាសធាតុ​ក្ដៅ​នៅ​តំបន់​ត្រូពិច ដី​ហុយ គ្មាន​ទឹក​ក្ដៅ​សម្រាប់​ងូត មិន​ពិបាក​ស្មើ​នឹង​ការ​រៀន​ភាសា​អេស្ប៉ាញ​ទេ។ ជួនកាល​ខ្ញុំ​ចង់​ឈប់​រៀន។ ខ្ញុំ​ត្រូវ​រៀន​ឲ្យ​ចេះ​គិត​អំពី​ការ​រីក​ចម្រើន​របស់​ខ្ញុំ​ខាង​ភាសា ជា​ជាង​គិត​អំពី​ការ​និយាយ​ខុស​»។

អ្វី​ដែល​មិន​ត្រូវ​មើល​ស្រាល​គឺ​ការ​ពិបាក​ដែល​មក​ពី​ការ​នឹក​ស្រុក​កំណើត។ យ៉ូណាថិន មក​ពី​សហរដ្ឋអាម៉េរិក សារភាព​ថា​៖ ​«​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ទៅ​ដល់​ប្រទេស​ថ្មី ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ត្រូវ​បែក​ពី​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​យក​ឈ្នះ​អារម្មណ៍​បែប​នេះ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​និង​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ខ្ញុំ​មាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​មិត្ត​ភក្ដិ​ថ្មី​ដែល​ខ្ញុំ​មាន​ក្នុង​ក្រុម​ជំនុំ បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អំណរ​ឡើង​វិញ​»។

ការ​ពិបាក​ផ្សេង​ទៀត​គឺ​ជីវភាព​រស់​នៅ។ នៅ​ទី​នោះ ជីវភាព​រស់​នៅ​ទំនង​ជា​មិន​ដូច​ជីវភាព​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន​ទេ។ បូ មក​ពី​ប្រទេស​កាណាដា ប្រាប់​យើង​ថា​៖ ​«​នៅ​ប្រទេស​យើង យើង​ចាត់​ទុក​ការ​មាន​អគ្គិសនី​និង​ទឹក​ម៉ាស៊ីន​ប្រើ​គឺជា​ការ​ធម្មតា ប៉ុន្តែ នៅ​ទី​នេះ​វិញ អ្វី​ៗ​ទាំង​នេះ​ជួន​មាន​ជួន​អត់​»។ ភាព​ក្រី​ក្រ មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពិបាក និង​ការ​មិន​ចេះ​អក្សរ​ក៏​ជា​រឿង​ធម្មតា​ដែរ​នៅ​ប្រទេស​ជា​ច្រើន​ដែល​កំពុង​អភិវឌ្ឍ។ អ៊ីណេស មក​ពី​ប្រទេស​អូទ្រីស​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​បែប​នេះ​ដោយ​ប្រមូល​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​ល្អ​ៗ​របស់​មនុស្ស​នៅ​តំបន់​នោះ។ គាត់​និយាយ​ថា​៖ ​«​ពួក​គេ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់ ស្លូតបូត ចេះ​ជួយ​គ្នា ហើយ​មាន​ចិត្ត​រាប​ទាប​ណាស់ សំខាន់​បំផុត ពួក​គេ​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​ខ្លាំង​ណាស់​»។

«​ពរ . . . ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ​»​

ពិត​មែន​តែ​យុវជន​ទាំង​នេះ​ដែល​បម្រើ​នៅ​ប្រទេស​អេក្វាឌ័​របានលះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​ពួក​គេ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​ពួក​គេ ​«​ហួស​ពី​អ្វី​ៗ​ទាំង​អស់​»​ដែល​ពួក​គេ​ធ្លាប់​រំពឹង​ទុក​ទៅ​ទៀត។ (​អេភ. ៣:២០​) មែន​ហើយ ពួក​គេ​មាន​អារម្មណ៍​ថា​បាន​ទទួល​«​ពរ . . . ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ​»។ (​ម៉ាឡ. ៣:១០​) នេះ​ជា​អារម្មណ៍​របស់​ពួក​គេ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ:

ប៊្រុយណូ: ​«​ខ្ញុំ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​ខ្ញុំ​នៅ​ប្រទេស​អេក្វាឌ័រ​ក្នុង​តំបន់​អា​ម៉ា​សូន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ក្រោយ​មក​ខ្ញុំ​បាន​ជួយ​ពង្រីក​ការិយាល័យ​សាខា​នៃ​ប្រទេស​អេក្វាឌ័រ។ ឥឡូវ​ខ្ញុំ​កំពុង​បម្រើ​នៅ​បេតអែល។ ពេល​ខ្ញុំ​នៅ​ប្រទេស​អ៊ីតាលី ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត ហើយ​លោក​ពិត​ជា​បាន​បំពេញ​បំណង​ប្រាថ្នា​របស់​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត ដែល​ពោរ​ពេញ​ទៅ​ដោយ​សកម្មភាព​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​របស់​លោក​»។

បូ: ​«​ខ្ញុំ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​សារ​នៅ​ប្រទេស​អេក្វាឌ័រ​ខ្ញុំ​អាច​ចំណាយ​ពេល​ទាំង​អស់​របស់​ខ្ញុំ​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ។ ដំណាល​គ្នា​នោះ ខ្ញុំ​បាន​ទទួល​ពរ​ថែម​ទៀត​ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ចង់​ធ្វើ​»។

អាណា: ​«​ជា​ប្អូន​ស្រី​នៅ​លីវ​ម្នាក់ ខ្ញុំ​មិន​បាន​គិត​ថា​អាច​មាន​ជីវិត​ជា​សាសនទូត​ម្នាក់​បាន​ទេ។ តែ​ឥឡូវ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច។ ដោយ​សារ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ នោះ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់​ដោយ​បាន​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ សាង​សង់​សាល​ប្រជុំ និង​មាន​មិត្ត​ភក្ដិ​ថ្មី​»។

អែលគើ: ​«​នៅ​ប្រទេស​អូទ្រីស​ដែល​ជា​ប្រទេស​ខ្ញុំ ជា​ច្រើន​ដង​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​មាន​សិស្ស​គម្ពីរ​តែ​ម្នាក់​ប៉ុណ្ណោះ។ នៅ​ទី​នេះ​ខ្ញុំ​មាន​សិស្ស​គម្ពីរ​១៥​នាក់! ពេល​ឃើញ​សិស្ស​គម្ពីរ​ដែល​រីក​ចម្រើន​មាន​ទឹក​មុខ​សប្បាយ​រីករាយ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​គាប់​ចិត្ត​ជា​ពន់ពេក​»។

យ៉ូអែល: ​«​ការ​ទៅ​ដល់​កន្លែង​មួយ​ដែល​មិន​ធ្លាប់​ស្គាល់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា គឺជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ។ យើង​រៀន​ទុក​ចិត្ត​លើ​លោក​ខ្លាំង​ជាង​មុន ហើយ​យើង​រំភើប​ចិត្ត​ដោយ​ឃើញ​លោក​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​យើង! ពេល​ដែល​ខ្ញុំ​មក​ពី​សហរដ្ឋអាម៉េរិក ក្រុម​ដែល​ខ្ញុំ​កំពុង​បម្រើ​នៅ​ទី​នេះ​មាន​អ្នក​ផ្សាយ​តែ​៦​នាក់ តែ​ក្រោយ​មួយ​ឆ្នាំ​បាន​កើន​ឡើង​ដល់​២១​នាក់។ មាន​អ្នក​ចូល​រួម​ពិធី​រំលឹក​១១០​នាក់​»។

ចុះ​អ្នក​វិញ?

ប្អូន​ប្រុស​និង​ប្អូន​ស្រី​វ័យ​ក្មេង​ទាំង​ឡាយ​អើយ តើ​ស្ថានភាព​របស់​ប្អូន​អនុញ្ញាត​ឲ្យ​ប្អូន​បម្រើ​នៅ​ប្រទេស​ដែល​មាន​សេចក្ដី​ត្រូវ​ការ​នូវ​អ្នក​ផ្សាយ​ច្រើន​ជាង​ឬ​ទេ? នេះ​ជា​ការ​សម្រេច​ចិត្ត​សំខាន់​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​ប្អូន​រៀបចំ​គម្រោង​ដោយ​ប្រុង​ប្រយ័ត្ន។ សំខាន់​ជាង​អ្វី​ទាំង​អស់ សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង​គឺ​ចាំ​បាច់។ បើ​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​នោះ ហើយ​អាច​រើ​ទៅ​បម្រើ​នៅ​ប្រទេស​ផ្សេង សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​អំពី​រឿង​នេះ។ ម្យ៉ាង​ទៀត សូម​ពិគ្រោះ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ប្អូន​ដែល​ជា​គ្រិស្ត​សាសនិក​និង​ជា​មួយ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អំពី​បំណង​ប្រាថ្នា​របស់​ប្អូន។ ប្អូន​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​ប្អូន​ក៏​អាច​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​នាំ​ឲ្យ​គាប់​ចិត្ត​និង​រំភើប​ចិត្ត។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣​]

«​ការ​អធិដ្ឋាន​ច្រើន​ដង​ទៅ​ព្រះ​យេហូវ៉ា និង​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​គំនិត​ចាស់​ទុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អ្នក​ដែល​ចង់​បម្រើ​លោក​ដោយ​ស្ម័គ្រ​ចិត្ត​»។ខេ​ឡា មក​ពី​សហរដ្ឋអាម៉េរិក

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦​]

របៀប​ត្រៀម​លក្ខណៈ​ដើម្បី​បម្រើ​នៅ​ប្រទេស​ផ្សេង

• បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ល្អ​ ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន

• មើល​ឡើង​វិញ​នូវ​កិច្ច​បម្រើ​ព្រះ​ខែ​សីហា​ឆ្នាំ​២០១១ ទំព័រ​៤​-​៦ ជា​ភាសា​អង់គ្លេស

• ពិភាក្សា​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ធ្លាប់​បម្រើ​នៅ​ប្រទេស​ផ្សេង

• ស្រាវជ្រាវ​អំពី​វប្បធម៌​និង​ប្រវត្ដិសាស្ត្រ​របស់​ប្រទេស​នោះ

• រៀន​ភាសា​នោះ

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦​]

បង​ប្អូន​ខ្លះ​ដែល​បម្រើ​នៅ​ប្រទេស​ផ្សេង​ចិញ្ចឹម​ជីវិត​ដោយ . . .

• ធ្វើ​ការ​ពីរ​បី​ខែ​រាល់​ឆ្នាំ​នៅ​ប្រទេស​របស់​ខ្លួន

• ដាក់​ផ្ទះ​ឲ្យ​គេ​ជួល​ឲ្យ​អ្នក​ផ្សេង​ចាត់​ចែង​ជំនួញ​របស់​ខ្លួន

• ធ្វើ​ការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

[​រូបភាព​នៅ​ទំព័រ​៤, ៥]

១ ជាក់គើលីន មក​ពី​ប្រទេស​អាឡឺម៉ង់

២ ប៊្រុយណូ មក​ពី​ប្រទេស​អ៊ីតាលី

៣ បូ មក​ពី​ប្រទេស​កាណាដា

៤ សាយអូបហាន មក​ពី​ប្រទេស​អៀឡង់

៥ យ៉ូអែល មក​ពី​សហរដ្ឋអាម៉េរិក

៦ យ៉ូណាថិន មក​ពី​សហរដ្ឋអាម៉េរិក

៧ អាណា មក​ពី​ប្រទេស​អេស្តូនី

៨ អែលគើ នៅ​ប្រទេស​អូទ្រីស

៩ ហ្សង់តាល់ មក​ពី​ប្រទេស​កាណាដា

១០ អ៊ីណេស មក​ពី​ប្រទេស​អូទ្រីស