លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោក

ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោក

ព្រះ​យេហូវ៉ា​បង្រួប​បង្រួម​ក្រុម​គ្រួសារ​របស់​លោក

​‹ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ›។—អេភ. ៤:១,

តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា?

តើ​អ្វី​ជា​គោល​បំណង​នៃ​របៀប​ចាត់​ចែង​របស់​ព្រះ?

តើ​យើង​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ជួយ​យើង​ឲ្យ​«​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»​?

១, ២​. តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ?

ក្រុម​គ្រួសារ។ តើ​ពាក្យ​នេះ​នាំ​ឲ្យ​អ្នក​គិត​អំពី​អ្វី? តើ​ពាក្យ​នេះ​នាំ​ឲ្យ​អ្នក​គិត​អំពី​ភាព​កក់​ក្ដៅ សុភមង្គល និង​អំពី​ការ​សហការ​គ្នា​ដើម្បី​សម្រេច​គោលដៅ​មួយ​មែន​ទេ? ឬ​ក៏​ជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​ដើម្បី​ធំ​ធាត់ រៀន​និង​និយាយ​គ្នា​អំពី​អ្វី​ដែល​អ្នក​គិត​ក្នុង​ចិត្ត​មែន​ទេ? អ្នក​ប្រហែលជា​គិត​អំពី​រឿង​នេះ បើ​អ្នក​មាន​ក្រុម​គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ។ (​អេភ. ៣:១៤, ១៥​) លោក​មាន​បំណង​ចង់​ឲ្យ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​និង​មនុស្ស​ទាំង​ឡាយ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​សាមគ្គី​ភាព​ពិត។

ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មនុស្ស​ជាតិ​លែង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ​ទៀត​ហើយ។ ប៉ុន្តែ នេះ​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ឡើយ។ ក្នុង​សួន​ឧទ្យាន លោក​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អាដាម​និង​អេវ៉ា​រស់​នៅ​ពេញ​ផែនដី​ទាំង​មូល។ (​លោ. ១:២៨; អេ. ៤៥:១៨​) លោក​បាន​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ វិធានការ​មួយ​ចំនួន​របស់​លោក​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​អេភេសូរ។ គោល​រឿង​នៃ​សៀវភៅ​នេះ​គឺ​សាមគ្គី​ភាព។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ខ​ខ្លះ​ពី​សៀវភៅ​នោះ ហើយ​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រព្រឹត្ត​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្រួប​បង្រួម​មនុស្ស​ជាតិ​និង​បុគ្គល​វិញ្ញាណ។

របៀប​ចាត់​ចែង​និង​គោលដៅ​របស់​វា

៣​. តើ​របៀប​ចាត់​ចែង​របស់​ព្រះ​ដែល​ចែង​នៅ​អេភេសូរ ១:១០ គឺជា​អ្វី? តើ​ផ្នែក​ទី​១​នៃ​ការ​រៀបចំ​នេះ​ចាប់​ផ្ដើម​នៅ​ពេល​ណា?

ម៉ូសេ​បាន​ប្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់​»។ (​ចោ. ៦:៤​) ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​គឺ​ស្រប​គ្នា។ ព្រះ​បាន​ចាប់​ផ្ដើម​រៀបចំ​អស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​ឲ្យ​រួប​រួម​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។ លោក​បាន​ហៅ​ការ​រៀបចំ​នេះ​ថា​៖ ​«​របៀប​ចាត់​ចែង​»។ (​សូម​អាន អេភេសូរ ១:៨​-​១០) របៀប​ចាត់​ចែង​នេះ​មាន​ពីរ​ផ្នែក។ ទី​១ ព្រះ​បាន​រៀបចំ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌ នៅ​ទី​នោះ​ពួក​គាត់​អាច​បំពេញ​កិច្ច​បម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត។ នេះ​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ (​សកម្ម. ២:១​-​៤​) ដោយ​សារ​ថ្លៃ​លោះ​របស់​គ្រិស្ត ព្រះ​បាន​ប្រកាស​ឬ​ចាត់​ទុក​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង​ថា​សុចរិត ហើយ​សម​នឹង​ទទួល​ជីវិត។ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដឹង​ថា​ពួក​គាត់​បាន​ត្រូវ​ទទួល​ជា​«​កូន​ព្រះ​»។—រ៉ូម ៣:២៣, ២៤; ៥:១; ៨:១៥​-​១៧

៤, ៥​. តើ​អ្វី​ជា​ផ្នែក​ទី​២​នៃ​របៀប​ចាត់​ចែង​របស់​ព្រះ?

ទី​២ ព្រះ​រៀបចំ​ពួក​អ្នក​ដែល​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី។ ពួក​គាត់​ចុះ​ចូល​ក្រោម​រាជាណាចក្រ​មេស្ស៊ី​នៅ​ស្ថាន​សួគ៌ ដែល​គ្រប់​គ្រង​ដោយ​គ្រិស្ត​និង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​មុន​គេ​បង្អស់។ (​បប. ៧:​៩, ១៣​-​១៧; ២១:១​-​៥​) ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រស់​នៅ​ជា​មួយ​ពួក​គេ​នៅ​សួន​ឧទ្យាន។ (​បប. ២០:១២, ១៣​) សូម​គិត​ថា​យើង​មាន​ឱកាស​ច្រើន​មែន ដើម្បី​បង្ហាញ​ថា​យើង​មាន​សាមគ្គី​ភាព! នៅ​ដំណាច់​នៃ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​«​អ្វី​ៗ​នៅ​ផែនដី​»​នឹង​ត្រូវ​ទទួល​ការ​សាកល្បង​ចុង​ក្រោយ​បង្អស់។ ពួក​អ្នក​ដែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​នឹង​ត្រូវ​ទទួល​ជា​«​កូន​ព្រះ​»​នៅ​លើ​ផែនដី។—រ៉ូម ៨:២១; បប. ២០:៧, ៨

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​រៀបចំ​ឲ្យ​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង​រស់​នៅ​ស្ថាន​សួគ៌ ហើយ​ឲ្យ​ពួក​ចៀម​ឯ​ទៀត​រស់​នៅ​ក្នុង​សួន​ឧទ្យាន​លើ​ផែនដី។ ប៉ុន្តែ នៅ​ឥឡូវ​នេះ តើ​យើង​ម្នាក់​ៗ​អាច​ប្រព្រឹត្ត​ស្រប​តាម​របៀប​ចាត់​ចែង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​

៦​. តើ​បទ​គម្ពីរ​ណាខ្លះ​ដែល​បង្ហាញ​ថា​គ្រិស្ត​សាសនិក​ត្រូវ​ប្រជុំ​គ្នា?

គម្ពីរ​ប្រាប់​ថា​គ្រិស្ត​សាសនិក​គួរ​ប្រជុំ​គ្នា។ (​១កូ. ១៤:២៣; ហេ. ១០:២៤, ២៥​) ការ​ប្រជុំ​គ្នា​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ការ​គ្រាន់តែ​ចំណាយ​ពេល​ជា​មួយ​គ្នា​ម្ដង​ម្កាល​នៅ​កន្លែង​តែ​មួយ ដូច​មនុស្ស​ដែល​ទៅ​ផ្សារ​ឬ​ក៏​ទៅ​មើល​កីឡា​នៅ​កីឡាដ្ឋាន​ជា​ដើម។ សាមគ្គី​ភាព​ពិត​ទាក់​ទង​នឹង​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត។ យើង​អាច​មាន​សាមគ្គី​ភាព​បែប​នេះ ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​បំពាក់បំប៉ន​យើង។

៧​. តើ​តាម​របៀប​ណា​យើង​ធ្វើ​តាម​ឱវាទ​ដែល​ឲ្យ​យើង​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​?

ដោយ​សារ​យើង​មាន​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​គ្រិស្ត ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត។ បើ​យើង​ជា​អ្នក​ដែល​លោក​រើស​តាំង លោក​ចាត់​ទុក​យើង​ជា​កូន​របស់​លោក ហើយ​បើ​យើង​ជា​ចៀម​ឯ​ទៀត លោក​ចាត់​ទុក​យើង​ជា​មិត្ត​សម្លាញ់​របស់​លោក។ ប៉ុន្តែ ដរាប​ណា​យើង​រស់​នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ ដរាប​នោះ​យើង​នឹង​តែង​តែ​មាន​បញ្ហា​ជា​មួយ​អ្នក​ឯ​ទៀត។ (​រ៉ូម ៥:៩; យ៉ា. ២:២៣​) នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​បង្រៀន​យើង​ឲ្យ​ចេះ​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​មាន​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង? យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​«​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​ជា​និច្ច​»។ ម្យ៉ាង​ទៀត ប៉ូល​ដាស់​តឿន​យើង​ឲ្យ​ព្យាយាម​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​សូម​អាន អេភេសូរ ៤:១​-​៣) ការ​អនុវត្ត​ឱវាទ​នេះ​ទាក់​ទង​នឹង​ការ​ឲ្យ​សកម្មពល​ព្រះ​មាន​ឥទ្ធិពល​មក​លើ​យើង ហើយ​ឲ្យ​សកម្មពល​នោះ​បង្កើត​ផល​ផ្លែ​នៅ​ក្នុង​ខ្លួន​យើង។ ផល​ផ្លែ​ដែល​មក​ពី​សកម្មពល​ព្រះ​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​អ្នក​ឯ​ទៀត។ ផល​ផ្លែ​នេះ​ជួយ​ឲ្យ​យើង​រួប​រួម​គ្នា។ ប៉ុន្តែ ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​ធ្វើ​ឲ្យ​យើង​បែកបាក់​គ្នា។

៨​. តើ​តាម​របៀប​ណា​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​ធ្វើ​ឲ្យ​មនុស្ស​បែកបាក់​គ្នា?

សូម​កត់​សម្គាល់​នូវ​របៀប​ដែល​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ធ្វើ​ឲ្យ​យើង​បែកបាក់​គ្នា។ (​សូម​អាន កាឡាទី ៥:១៩​-​២១) អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ឃ្លាត​ឆ្ងាយ​ពី​ព្រះ និង​ពី​ក្រុម​ជំនុំ។ អំពើ​ផិត​ក្បត់​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​កូន​ៗ​បែក​ពី​ឪពុក​ឬ​ម្ដាយ ហើយ​ធ្វើ​ឲ្យ​គូ​ដែល​គ្មាន​កំហុស​បែក​ពី​ប្ដី​ឬ​ប្រពន្ធ​របស់​ខ្លួន។ អំពើ​ស្មោកគ្រោក ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​លែង​មាន​សាមគ្គី​ភាព​ជា​មួយ​ព្រះ​និង​ជា​មួយ​អ្នក​ដែល​ស្រឡាញ់​គាត់។ បើ​យើង​ចង់​បិទ​វត្ថុ​ពីរ​ជាប់​គ្នា វត្ថុ​ទាំង​ពីរ​នោះ​ត្រូវ​ស្អាត​ដើម្បី​អាច​ជាប់​គ្នា​បាន។ ការ​ប្រព្រឹត្ត​ដែល​បំពាន​ច្បាប់​របស់​ព្រះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ឥត​កោត​ក្រែង បង្ហាញ​ការ​មិន​គោរព​ទាំង​ស្រុង​នូវ​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ។ ការ​ប្រព្រឹត្ត​ផ្សេង​ទៀត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែកបាក់​គ្នា និង​ធ្វើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ដែរ។ អ្វី​ៗ​ទាំង​នេះ​ជា​ការ​ប្រព្រឹត្ត​ដែល​ព្រះ​ស្អប់។

៩​. តើ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​និង​សាមគ្គី​ភាព?

ដូច្នេះ​យើង​ម្នាក់​ៗ​ត្រូវ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ខំ​ព្យាយាម​ដល់​កម្រិត​ណា​ដើម្បី​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​និង​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ? តើ​ខ្ញុំ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មាន​បញ្ហា​ជា​មួយ​បង​ប្អូន​ឯ​ទៀត? តើ​ខ្ញុំ​នឹង​ប្រាប់​មិត្ត​ភក្ដិ​ជា​ច្រើន​របស់​ខ្ញុំ​អំពី​បញ្ហា​នេះ​ដើម្បី​ឲ្យ​ពួក​គេ​កាន់​ខាង​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ចាស់​ទុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​ជំនួស​ខ្ញុំ ជា​ជាង​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​បង​ប្អូន​នោះ​វិញ? ហើយ​បើ​ខ្ញុំ​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ប្រកាន់​ទោស​ខ្ញុំ តើ​ខ្ញុំ​គេច​ពី​គាត់​ដើម្បី​កុំ​ឲ្យ​ត្រូវ​ពិភាក្សា​បញ្ហា​នោះ​ជា​មួយ​គាត់​ឬ​ទេ?›។ តើ​ទង្វើ​បែប​នេះ​បង្ហាញ​ថា​យើង​កំពុង​ប្រព្រឹត្ត​ស្រប​តាម​គោល​បំណង​របស់​ព្រះ ដើម្បី​បង្រួប​បង្រួម​អ្វី​ៗ​ទាំង​អស់​ឡើង​វិញ​ក្នុង​គ្រិស្ត​ឬ​ទេ?

១០, ១១​. ​(​ក​) តើ​ការ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​បង​ប្អូន​យើង​គឺ​សំខាន់​យ៉ាង​ណា? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​សេចក្ដី​សុខសាន្ត​និង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា?

១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ប្រសិនបើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ។ . . . ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់​»។ (​ម៉ាថ. ៥:២៣​-​២៥​) យ៉ាកុប​បាន​សរសេរ​ថា ​«​សេចក្ដី​សុចរិត​ជា​ផល​ដែល​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្ដិភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​»។ (​យ៉ា. ៣:១៧, ១៨​) នេះ​មាន​ន័យ​ថា​យើង​មិន​អាច​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ បើ​យើង​គ្មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​អ្នក​ឯ​ទៀត។

១១ ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ​ដែល​ធ្លាប់​មាន​សង្គ្រាម កសិករ​មិន​អាច​ប្រើប្រាស់​ដី​ជាង​មួយ​ភាគ​បី​បាន​ទេ ដោយ​សារ​ដី​នោះ​មាន​គ្រាប់​មីន។ ពេល​ដែល​គ្រាប់​មីន​មួយ​ផ្ទុះ កសិករ​បាន​បោះបង់​ដី​ទាំង​នោះ​ចោល អ្នក​ភូមិ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន ហើយ​ទី​ក្រុង​ជា​ច្រើន​ខ្វះ​ម្ហូប​អាហារ។ ស្រដៀង​គ្នា​ដែរ យើង​ពិបាក​បន្ត​ធ្វើ​ឲ្យ​គុណ​សម្បត្ដិ​របស់​យើង​ជា​គ្រិស្ត​សាសនិក​កាន់​តែ​ប្រសើរ​ឡើង ប្រសិនបើ​យើង​មាន​បុគ្គលិក​លក្ខណៈ​ដែល​នាំ​ឲ្យ​យើង​ពិបាក​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​បង​ប្អូន​ឯ​ទៀត។ បើ​យើង​ឆាប់​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ធ្វើ​ល្អ​ចំពោះ​ពួក​គាត់ យើង​ទាំង​អស់​គ្នា​អាច​មាន​សេចក្ដី​សុខសាន្ត ហើយ​បាន​ពរ​ពី​ព្រះ​យេហូវ៉ា។

១២​. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​យើង​ឲ្យ​មាន​សាមគ្គី​ភាព?

១២ ​«​អំណោយ​ជា​មនុស្ស​»​ក៏​ជួយ​យើង​ឲ្យ​«​មាន​ឯកភាព​ក្នុង​ជំនឿ​»​ដែរ។ (​អេភ. ៤:៨, ១៣​) នេះ​មាន​ន័យ​ថា​ពួក​អ្នក​ចាស់​ទុំ​ជួយ​ក្រុម​ជំនុំ​ឲ្យ​រួប​រួម​គ្នា។ ពួក​គាត់​ជួយ​យើង​កែ​លម្អ​បុគ្គលិក​លក្ខណៈ​របស់​យើង​ជា​គ្រិស្ត​សាសនិក ពេល​ដែល​ពួក​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​យើង ហើយ​ពេល​ពួក​គាត់​មក​ជួប​យើង​ដើម្បី​ផ្ដល់​ឱវាទ​ពី​គម្ពីរ។ (​អេភ. ៤:២២​-​២៤​) ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឱវាទ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ពួក​គាត់​ឲ្យ​ជួយ​អ្នក​ត្រៀម​លក្ខណៈ​ដើម្បី​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី។ ពួក​អ្នក​ចាស់​ទុំ​អើយ ចូរ​កែ​តម្រង់​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​បង្ហាញ​ថា​អ្នក​ចង់​ជួយ​ពួក​គាត់។—កាឡ. ៦:១

«​ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»​

១៣​. បើ​យើង​មិន​ធ្វើ​តាម​ឱវាទ​នៅ​អេភេសូរ ៤:២៥​-​៣២ តើ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៣ អេភេសូរ ៤:២៥​-​២៩ រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​ដែល​យើង​គួរ​ជៀស​វាង។ នេះ​រួម​បញ្ចូល​ការ​និយាយ​កុហក ការ​ខឹង​ងំ ការ​ខ្ជិល​ច្រអូស និង​ការ​និយាយ​ពាក្យ​អាក្រក់​ជា​ជាង​និយាយ​ពាក្យ​ល្អ​ដែល​លើក​ទឹក​ចិត្ត។ ប្រសិនបើ​អ្នក​ណា​មិន​បាន​ធ្វើ​តាម​ឱវាទ​នេះ គាត់​នឹង​ធ្វើ​ឲ្យ​សកម្មពល​របស់​ព្រះ​កើត​ទុក្ខ ពីព្រោះ​សកម្មពល​បរិសុទ្ធ​ជួយ​ឲ្យ​មាន​សាមគ្គី​ភាព។ (​អេភ. ៤:៣០​) ការ​ធ្វើ​តាម​អ្វី​ដែល​ប៉ូល​បាន​សរសេរ​បន្ទាប់​មក ក៏​ជា​អ្វី​ដែល​សំខាន់​ដែល​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត និង​សាមគ្គី​ភាព​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បោះបង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។ ប៉ុន្តែ​ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​ព្រះ​បាន​អភ័យទោស​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ​»។—អេភ. ៤:៣១, ៣២

១៤​. ​(​ក​) តើ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​សប្បុរស​»​មាន​ន័យ​យ៉ាង​ណា? (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត?

១៤ ពាក្យ​«​ប្រព្រឹត្ត​ដោយ​សប្បុរស​»​មាន​ន័យ​ថា​យើង​ប្រហែលជា​មិន​តែង​តែ​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​នោះ​ទេ ហើយ​ប្រហែលជា​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ប្រព្រឹត្ត​ដោយ​សប្បុរស​ច្រើន​ជាង។ យើង​ត្រូវ​តែ​រៀន​គិត​ថា​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​គឺ​សំខាន់​ជាង​អារម្មណ៍​របស់​យើង។ (​ភី. ២:៤​) ប្រហែលជា​អ្វី​ដែល​យើង​គិត​ចង់​និយាយ​នឹង​នាំ​ឲ្យ​មនុស្ស​សើច ឬ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​គិត​ថា​យើង​មាន​ប្រាជ្ញា ប៉ុន្តែ​តើ​ពាក្យ​ទាំង​នោះ​បង្ហាញ​សេចក្ដី​សប្បុរស​ឬ​ទេ? ការ​គិត​អំពី​រឿង​នេះ​ជា​មុន ជួយ​យើង​ឲ្យ​«​ប្រព្រឹត្ត​ដោយ​សប្បុរស​»។

ចូរ​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​ក្នុង​ក្រុម​គ្រួសារ

១៥​. តើ​តាម​របៀប​ណា​ដែល​អេភេសូរ ៥:២៨ ជួយ​ស្វាមី​ទាំង​ឡាយ​ឲ្យ​យល់​អំពី​របៀប​ដែល​ពួក​គាត់​គួរ​យក​តម្រាប់​តាម​គ្រិស្ត?

១៥ គម្ពីរ​ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​គ្រិស្ត​និង​ក្រុម​ជំនុំ ទៅ​នឹង​ទំនាក់​ទំនង​រវាង​ប្ដី​និង​ប្រពន្ធ។ គំរូ​របស់​គ្រិស្ត​ជួយ​ប្ដី​ឲ្យ​យល់​ថា​គាត់​គួរ​ដឹក​នាំ ស្រឡាញ់​ប្រពន្ធ​គាត់ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង។ គំរូ​របស់​គ្រិស្ត​ក៏​ជួយ​ប្រពន្ធ​ឲ្យ​យល់​ថា​នាង​គួរ​ចុះ​ចូល​ចំពោះ​ប្ដី​របស់​នាង​ដែរ។ (​អេភ. ៥:២២​-​៣៣​) ពេល​ប៉ូល​សរសេរ​«​យ៉ាង​នោះ ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​»​ ដោយ​ប្រើ​ពាក្យ​«​យ៉ាង​នោះ​»​ឬ​តាម​របៀប​នោះ តើ​ប៉ូល​ចង់​និយាយ​អំពី​របៀប​មួយ​ណា? (​អេភ. ៥:២៨​) ពាក្យ​របស់​គាត់​ខាង​លើ​នេះ​ទាញ​អារម្មណ៍​យើង​ទៅ​លើ​របៀប​ដែល ​«​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ . . . ដោយ​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ​»។ ដូច្នេះ ប្ដី​មាន​ភារកិច្ច​ជួយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ គាត់​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដើម្បី​បង្រួប​បង្រួម​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​គាត់​ឲ្យ​ក្លាយ​ជា​ក្រុម​គ្រួសារ​តែ​មួយ​របស់​ព្រះ​ដែល​គ្រប់​គ្រង​ដោយ​គ្រិស្ត។

១៦​. ពេល​ឪពុក​ម្ដាយ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​ដែល​គម្ពីរ​បាន​ចែង តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៦ ឪពុក​ម្ដាយ​គួរ​ចាំ​ថា​ពួក​គាត់​កំពុង​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​«​គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»។ (​២ធី. ៣:១,​) ឪពុក​ជា​ច្រើន​មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ហើយ​នេះ​នាំ​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​ដល់​កូន ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត។ ប៉ូល​បាន​ជូន​ឱវាទ​សម្រាប់​ឪពុក​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សាសនិក​ថា​៖ ​«​កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភ. ៦:​៤​) កូន​រៀន​ឲ្យ​ចេះ​ស្រឡាញ់​និង​ចេះ​គោរព​សិទ្ធិ​អំណាច​ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុម​គ្រួសារ។ ឪពុក​ម្ដាយ​ដែល​បាន​បង្រៀន​កូន​គាត់​អំពី​អ្វី​ៗ​ទាំង​នេះ ប្រព្រឹត្ត​សម​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដើម្បី​បង្រួប​បង្រួម​សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ។ ដោយ​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ជា​កន្លែង​ដែល​មាន​សេចក្ដី​ស្រឡាញ់ ដែល​យើង​លះ​ចោល​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ហើយ​ពាក្យ​ប្រមាថ​មើល​ងាយ យើង​កំពុង​បង្រៀន​កូន​របស់​យើង​នូវ​មេរៀន​សំខាន់​ស្តី​អំពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​របៀប​គោរព​សិទ្ធិ​អំណាច។ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ទទួល​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។

១៧​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​តយុទ្ធ​នឹង​មេកំណាច?

១៧ យើង​ត្រូវ​ដឹង​ថា​មេកំណាច​ជា​អ្នក​ដែល​តាំង​ពី​ដំបូង​បាន​ធ្វើ​ឲ្យ​សកល​លោក​នេះ​គ្មាន​សន្ដិភាព នឹង​ព្យាយាម​រារាំង​យើង​យ៉ាង​ខ្លាំង ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​តាម​គោល​បំណង​ព្រះ។ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​កំពុង​ធ្វើ​អ្វី​ដែល​សាថាន​ចង់​ឲ្យ​ពួក​គេ​ធ្វើ ដូច​ជា​លែង​លះ​គ្នា រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ ហើយ​យល់​ស្រប​និង​ការ​រៀប​ការ​រវាង​មនុស្ស​ភេទ​ដូច​គ្នា។ ប៉ុន្តែ យើង​មិន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដែល​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ជា​រឿង​ធម្មតា​នោះ​ទេ។ យើង​យក​តម្រាប់​តាម​គ្រិស្ត។ (​អេភ. ៤:១៧​-​២១​) ដូច្នេះ យើង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​«​ពាក់​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ​»​ ដើម្បី​តយុទ្ធ​នឹង​មេ​កំណាច និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ដោយ​ជោគជ័យ។—សូម​អាន អេភេសូរ ៦:១០​-​១៣

«​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​

១៨​. តើ​យើង​ត្រូវ​មាន​អ្វី​ដើម្បី​មាន​សាមគ្គី​ភាព?

១៨ យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​បើ​យើង​ចង់​មាន​សាមគ្គី​ភាព។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​អស់ពី​ចិត្ត​ចំពោះ​«​លោក​ម្ចាស់​តែ​មួយ​»​ ចំពោះ​«​ព្រះ​តែ​មួយ​»​ ហើយ​ដោយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​តាំង​ចិត្ត​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភ. ៤:៣​-​៦​) លោក​យេស៊ូ​បាន​អធិដ្ឋាន​អំពី​សេចក្ដី​ស្រឡាញ់​បែប​នេះ​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់​ប៉ុណ្ណោះ តែ​ក៏​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​រួម​គ្នា​តែ​មួយ ដូច​លោក​ដែល​ជា​បិតា រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក ដើម្បី​ពួក​គេ​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ . . . ហើយ​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។—យ៉ូន. ១៧:២០, ២១, ២៦

១៩​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ប្រហែលជា​យើង​មាន​បុគ្គលិក​លក្ខណៈ​ខ្លះ​ដែល​ពិបាក​កែប្រែ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​គួរ​ជំរុញ​យើង​ឲ្យ​អធិដ្ឋាន​ដូច​អ្នក​តែង​បទ​ទំនុក​តម្កើង​ដែល​ថា​៖ ​«​សូម​បំព្រួម​[​បង្រួប​បង្រួម​]​ចិត្ត​ទូល​បង្គំ​មក​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់​»។ (​ទំនុក. ៨៦:១១​) យើង​ត្រូវ​តាំង​ចិត្ត​តយុទ្ធ​នឹង​មេកំណាច ពេល​ដែល​វា​ព្យាយាម​ពង្រាត់​យើង​ពី​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង និង​ពី​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ ចូរ​យើង​ខំ​ព្យាយាម​«​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»​ ហើយ​«​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​ ក្នុង​គ្រួសារ ក្នុង​កិច្ច​បម្រើ​របស់​យើង និង​ក្នុង​ក្រុម​ជំនុំ។—អេភ. ៥:១, ២

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៩​]

គាត់​បាន​ទុក​គ្រឿង​បូជា​នៅ​មុខ​ទី​បូជា​រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​គាត់

[​រូបភាព​នៅ​ទំព័រ​៣១​]

ឪពុក​ម្ដាយ​អើយ ចូរ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​គោរព​អ្នក​ឯ​ទៀត