លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាបានបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក

ព្រះយេហូវ៉ាបានបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក

រៀប​រាប់​ដោយ បង​ប្រុស​ម៉ាកស៍ ឡយដ៍

នៅ​ឆ្នាំ​១៩៥៥ នៅ​យប់​ជ្រៅ​មួយ ខ្ញុំ​និង​សាសនទូត​ជា​ដៃ​គូ​របស់​ខ្ញុំ​កំពុង​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ ហ្វូង​មនុស្ស​ដែល​មាន​កំហឹង​ខ្លាំង​បាន​មក​ព័ទ្ធ​ផ្ទះ​ដែល​យើង​នៅ​ដោយ​ស្រែក​ថា​៖ ​«​ព្រះ​របស់​យើង​ជា​ព្រះ​ដែល​ស្រេក​ឈាម ហើយ​លោក​ចង់​ផឹក​ឈាម​ជន​បរទេស​ទាំង​នេះ​»។ ហេតុ​អ្វី​យើង​ ដែល​ជា​ជន​បរទេស​មក​ទី​នេះ?

រឿង​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ច្រើន​ឆ្នាំ​មុន​នៅ​ប្រទេស​អូស្ដ្រាលី​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ធំ​ឡើង ហើយ​ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ នៅ​ឆ្នាំ​១៩៣៨ ឪពុក​របស់​ខ្ញុំ​បាន​ទទួល​សៀវភៅ​មួយ​ឈ្មោះ​សត្រូវ​ពី​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ ឪពុក​និង​ម្ដាយ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​បព្វជិត​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ទេ ព្រោះ​ពួក​គេ​បាន​និយាយ​ថា​ផ្នែក​ខ្លះ​នៃ​គម្ពីរ​ជា​រឿង​ព្រេង។ ប្រហែលជា​មួយ​ឆ្នាំ​ក្រោយ​មក ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​ជា​តំណាង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ចាប់​ពី​ពេល​នោះ​មក ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ក្រុម​គ្រួសារ​របស់​យើង។ អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បន្ទាប់ គឺ​បង​ស្រី​របស់​ខ្ញុំ​ឈ្មោះ​ឡេសលី​ដែល​មាន​អាយុ​បង​ខ្ញុំ​ប្រាំ​ឆ្នាំ ហើយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤០ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ។

មិន​យូរ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​ចាប់​ផ្ដើម ការ​បោះពុម្ព​និង​ការ​ចែក​ចាយ​សៀវភៅ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​បាន​ត្រូវ​ហាម​នៅ​ប្រទេស​អូស្ដ្រាលី។ ដូច្នេះ ជា​ក្មេង​ម្នាក់​ខ្ញុំ​បាន​រៀន​ពន្យល់​អំពី​ជំនឿ​របស់​ខ្ញុំ ដោយ​ប្រើ​គម្ពីរ​ប៉ុណ្ណោះ។ ខ្ញុំ​មាន​ទម្លាប់​យក​គម្ពីរ​ទៅ​សាលា​ដើម្បី​បង្ហាញ​អំពី​មូលហេតុ​ដែល​ខ្ញុំ​មិន​គោរព​ទង់​ជាតិ​និង​មិន​គាំទ្រ​សង្គ្រាម​របស់​ប្រជាជាតិ​នានា។—និក្ខ. ២០:៤, ៥; ម៉ាថ. ៤:១០; យ៉ូន. ១៧:​១៦; ១យ៉ូន. ៥:២១

សិស្ស​ជា​ច្រើន​នាក់​នៅ​សាលា​មិន​សេពគប់​ជា​មួយ​ខ្ញុំ​ទេ ដោយ​សារ​គេ​បាន​ហៅ​ខ្ញុំ​ថា​ជា​«​អ្នក​ស៊ើបការណ៍​ឲ្យ​អាឡឺម៉ង់​»។ នៅ​គ្រា​នោះ គេ​បាន​បញ្ចាំង​ភាពយន្ត​នៅ​សាលា។ មុន​នឹង​បញ្ចាំង​ភាពយន្ត គ្រប់​គ្នា​ត្រូវ​ក្រោកឈរ​ហើយ​ច្រៀង​ចម្រៀង​គោរព​ទង់​ជាតិ។ ពេល​ដែល​ខ្ញុំ​មិន​ក្រោកឈរ ក្មេង​ប្រុស​ពីរ​ឬ​បី​នាក់​ខំ​ទាញ​សក់​ខ្ញុំ​ឲ្យ​ក្រោកឈរ។ នៅ​ទី​បំផុត​ខ្ញុំ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា ដោយ​សារ​ខ្ញុំ​កាន់​ខ្ជាប់​ជំនឿ​របស់​ខ្ញុំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ក៏​ប៉ុន្តែ ខ្ញុំ​អាច​រៀន​នៅ​ផ្ទះ​តាម​កម្មវិធី​របស់​សាលា។

នៅ​ទី​បំផុត​ខ្ញុំ​បាន​សម្រេច​គោលដៅ​មួយ

ខ្ញុំ​បាន​កំណត់​គោលដៅ​ផ្ទាល់​ខ្លួន​ដើម្បី​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ។ ហេតុ​នេះ ខ្ញុំ​ខក​ចិត្ត​ណាស់ ពេល​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​ត្រូវ​រក​ការងារ​ធ្វើ​សិន ហើយ​ត្រូវ​ទៅ​ធ្វើ​ការ។ ពេល​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ ពួក​គាត់​បាន​ទាម​ទារ​ឲ្យ​ខ្ញុំ​បង់​ថ្លៃ​បន្ទប់​និង​ម្ហូប​អាហារ ប៉ុន្តែ​បាន​សន្យា​ថា ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​អាច​ចាប់​ផ្ដើម​ត្រួស​ត្រាយ​បាន។ នេះ​នាំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ជា​រឿយ​ៗ​អំពី​លុយ​ដែល​ខ្ញុំ​រក​បាន។ ខ្ញុំ​បាន​ប្រកែក​ថា​ខ្ញុំ​ចង់​សន្សំ​វា​ទុក​ដើម្បី​ត្រួស​ត្រាយ ប៉ុន្តែ​ពួក​គាត់​បាន​យក​លុយ​នោះ។

ពេល​ដែល​ត្រូវ​ចាប់​ផ្ដើម​ត្រួស​ត្រាយ ឪពុក​ម្ដាយ​ខ្ញុំ​បាន​អង្គុយ​នៅ​មុខ​ខ្ញុំ ហើយ​បាន​ពន្យល់​ថា​ពួក​គាត់​បាន​ដាក់​លុយ​ដែល​ខ្ញុំ​បាន​ឲ្យ​គាត់​នៅ​ក្នុង​គណនី​សម្រាប់​សន្សំ​ប្រាក់។ បន្ទាប់​មក​ពួក​គាត់​បាន​ប្រគល់​លុយ​ទាំង​នោះ​មក​ខ្ញុំ​វិញ​ដើម្បី​ទិញ​សម្លៀក​បំពាក់​និង​អ្វី​ឯ​ទៀត​ដែល​ចាំ​បាច់​សម្រាប់​ត្រួស​ត្រាយ។ ពួក​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ផ្គត់​ផ្គង់​ខ្លួន​ខ្ញុំ ហើយ​មិន​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​ធ្វើ​ដូច្នេះ​ទេ។ ពេល​គិត​អំពី​រឿង​នេះ ការ​បង្ហាត់​បង្រៀន​បែប​នេះ​ពិត​ជា​មាន​ប្រយោជន៍​បំផុត។

កាល​ដែល​ឡេសលី​និង​ខ្ញុំ​នៅ​ក្មេង អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ច្រើន​តែ​ស្នាក់​នៅ​ផ្ទះ​របស់​យើង ហើយ​យើង​ចូល​ចិត្ត​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គាត់។ ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ដែល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ផ្សព្វ​ផ្សាយ​តាម​ផ្លូវ និង​បង្រៀន​គម្ពីរ។ កាល​នោះ អ្នក​ផ្សាយ​ក្នុង​ក្រុម​ជំនុំ​មាន​គោលដៅ​ផ្សព្វ​ផ្សាយ​៦០​ម៉ោង​ក្នុង​មួយ​ខែ។ ម្ដាយ​ខ្ញុំ​តែង​តែ​ជិត​សម្រេច​គោលដៅ​នោះ ដែល​ជា​គំរូ​ល្អ​សម្រាប់​ឡេសលី​និង​ខ្ញុំ។

បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​កោះ​ថាស្មានៀ

កន្លែង​ដែល​អង្គការ​ចាត់​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជា​លើក​ដំបូង គឺ​នៅ​កោះ​ថាស្មានៀ​នៅ​ប្រទេស​អូស្ដ្រាលី នៅ​ទី​នោះ​ខ្ញុំ​បាន​ចូល​រួម​ត្រួស​ត្រាយ​ជា​មួយ​បង​ស្រី​ខ្ញុំ​និង​ប្ដី​របស់​គាត់។ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​មក ពួក​គាត់​បាន​ចេញ​ពី​កោះ​នោះ​ដើម្បី​ទៅ​សាលា​គី​លាត​ជំនាន់​ទី​១៥។ ខ្ញុំ​មាន​ការ​អៀន​ខ្មាស​ច្រើន ហើយ​ពី​មុន​ខ្ញុំ​មិន​ដែល​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទេ។ អ្នក​ខ្លះ​ប៉ាន់ស្មាន​ថា​ខ្ញុំ​នឹង​រស់​នៅ​ទី​នោះ​បាន​យ៉ាង​យូរ​បី​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ មិន​ដល់​មួយ​ឆ្នាំ​ផង នៅ​ឆ្នាំ​១៩៥០ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​មាន​ភារកិច្ច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ ដែល​ស្រដៀង​គ្នា​នឹង​ភារកិច្ច​របស់​អ្នក​ចាត់​ចែង​កិច្ចការ​ក្រុម​អ្នក​ចាស់​ទុំ។ ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ទៀត​បាន​ក្លាយ​ជា​ដៃ​គូ​របស់​ខ្ញុំ។

កន្លែង​ដែល​អង្គការ​ចាត់​យើង​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ គឺ​នៅ​ក្រុង​ដាច់​ស្រយាល​មួយ​ដែល​គេ​ជីក​រក​រ៉ែ​ស្ពាន់។ នៅ​ទី​នោះ​គ្មាន​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ យើង​បាន​ទៅ​ដល់​ទី​នោះ​នៅ​ពេល​ល្ងាច​ដោយ​ជិះ​ឡាន​ក្រុង។ យប់​ដំបូង យើង​បាន​ស្នាក់​នៅ​សណ្ឋាគារ​ចាស់​មួយ។ ថ្ងៃ​បន្ទាប់ កាល​ដែល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​សួរ​ម្ចាស់​ផ្ទះ​រក​បន្ទប់​ស្នាក់​នៅ។ ពេល​ជិត​យប់ មនុស្ស​ម្នាក់​បាន​ប្រាប់​ថា​ផ្ទះ​បព្វជិត​ម្នាក់​ដែល​នៅ​ជិត​វិហារ​សាសនា​ប្រូតេស្តង់​មួយ​នៅ​ទំនេរ ហើយ​គាត់​និយាយ​ថា​ខ្ញុំ​គួរ​ទៅ​សួរ​បព្វជិត​នោះ។ បព្វជិត​នោះ​រាក់​ទាក់ ហើយ​បាន​ជួល​ផ្ទះ​ឲ្យ​យើង។ យើង​មាន​អារម្មណ៍​ចម្លែក ពេល​ដើរ​ចេញ​ពី​ផ្ទះ​បព្វជិត​នោះ​រាល់​ថ្ងៃ​ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ។

តំបន់​ផ្សាយ​នោះ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន។ យើង​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អ​ជា​មួយ​ម្ចាស់​ផ្ទះ ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជា​ច្រើន​នាក់។ ពេល​ដែល​អ្នក​ទទួល​ខុស​ត្រូវ​នៅ​វិហារ​ក្នុង​ក្រុង​នោះ​បាន​ដឹង​អំពី​រឿង​នេះ​ហើយ​ឮ​ថា​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​រស់​នៅ​ផ្ទះ​របស់​បព្វជិត​នោះ ពួក​គេ​បាន​ទាម​ទារ​ឲ្យ​គាត់​បណ្ដេញ​យើង​ចេញ​ពី​ផ្ទះ​នោះ​ភ្លាម​ៗ។ យើង​គ្មាន​កន្លែង​ស្នាក់​នៅ​ម្ដង​ទៀត​ហើយ!

នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​បាន​ផ្សព្វ​ផ្សាយ​ដល់​ពេល​រសៀល យើង​បាន​ស្វែងរក​កន្លែង​ស្នាក់​នៅ នៅ​យប់​នោះ។ កន្លែង​អង្គុយ​នៅ​កីឡាដ្ឋាន​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​រក​បាន។ យើង​បាន​លាក់​អីវ៉ាន់​របស់​យើង​នៅ​ទី​នោះ ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​បន្ត​ទៀត។ មេឃ​ចាប់​ផ្ដើម​ងងឹត​ហើយ ប៉ុន្តែ​យើង​បាន​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ពីរ​បី​ផ្ទះ​ទៀត​ដើម្បី​ឲ្យ​ចប់​ផ្លូវ​នោះ។ នៅ​ផ្ទះ​មួយ បុរស​ម្នាក់​បាន​ឲ្យ​យើង​ស្នាក់​នៅ​ផ្ទះ​តូច​មួយ​ដែល​មាន​បន្ទប់​ពីរ នៅ​ខាង​ក្រោយ​ផ្ទះ​របស់​គាត់!

កិច្ច​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​និង​សាលា​គី​លាត

បន្ទាប់​ពី​បាន​ផ្សព្វ​ផ្សាយ​ប្រហែលជា​៨​ខែ​ក្នុង​តំបន់​ផ្សាយ​នោះ ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ពី​ការិយាល័យ​សាខា​អូស្ដ្រាលី​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ដោយ​សារ​ខ្ញុំ​មាន​អាយុ​ត្រឹម​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ទទួល​ការ​បង្ហាត់​បង្រៀន​ប្រហែលជា​ពីរ​សប្ដាហ៍ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ជា​ទៀង​ទាត់​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​ផ្សេង​ៗ។ បង​ប្អូន​ស្ទើរតែ​ទាំង​អស់​ចាស់​ជាង​ខ្ញុំ ពួក​គាត់​មិន​បាន​មើល​ងាយ​ដោយ​សារ​ខ្ញុំ​នៅ​ក្មេង​ទេ ប៉ុន្តែ​បាន​គោរព​កិច្ចការ​ដែល​ខ្ញុំ​កំពុង​ធ្វើ។

ការ​ធ្វើ​ដំណើរ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​ពិត​ជា​ខុស​គ្នា​មែន! មួយ​សប្ដាហ៍​ខ្ញុំ​ជិះ​ឡាន​ក្រុង មួយ​សប្ដាហ៍​ទៀត ខ្ញុំ​ជិះ​រថភ្លើង​ដែល​ដឹក​អ្នក​ដំណើរ​ក្នុង​ក្រុង បន្ទាប់​មក​ជិះ​ឡាន​ឬ​ជិះ​ម៉ូតូ​ជា​មួយ​គេ​ដោយ​ដៃ​ម្ខាង​យួរ​វ៉ា​លី​ហើយ​ដៃ​ម្ខាង​ទៀត​យួរ​កា​តាប​សម្រាប់​ផ្សព្វ​ផ្សាយ។ ការ​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​គឺ​ពិត​ជា​នាំ​ឲ្យ​មាន​អំណរ។ បង​ប្រុស​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ចង់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​គាត់ ទោះ​ជា​ផ្ទះ​របស់​គាត់​សង់​មិន​ទាន់​រួច​នៅ​ឡើយ​ក៏​ដោយ។ សប្ដាហ៍​នោះ​ខ្ញុំ​ដេក​នៅ​ក្នុង​អាង​តូច​សម្រាប់​ងូត​ទឹក ប៉ុន្តែ​ជា​សប្ដាហ៍​ដែល​ពង្រឹង​កម្លាំង​ចិត្ត​យើង​មែន!

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​គឺ​នៅ​ឆ្នាំ​១៩៥៣ ពេល​ដែល​ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​សាលា​គី​លាត​ជំនាន់​ទី​២២។ ប៉ុន្តែ ខ្ញុំ​មាន​អំណរ​ផង ហើយ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ នេះ​ដោយ​សារ​បន្ទាប់​ពី​បង​ស្រី​របស់​ខ្ញុំ​និង​ប្ដី​គាត់​បាន​រៀន​ចប់​សាលា​គី​លាត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥០ អង្គការ​បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ប៉ាគីស្ថាន ហើយ​ជិត​មួយ​ឆ្នាំ​ក្រោយ​មក ឡេសលី​បាន​ធ្លាក់​ខ្លួន​ឈឺ​ហើយ​បាន​ស្លាប់​នៅ​ទី​នោះ។ ខ្ញុំ​ចង់​ដឹង​ថា​តើ​ឪពុក​ម្ដាយ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា បើ​ខ្ញុំ​ឆាប់​ចេញ​ទៅ​ប្រទេស​ផ្សេង​បន្ទាប់​ពី​បង​ស្រី​បាន​ស្លាប់? ក៏​ប៉ុន្តែ​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​ទៅ​ចុះ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ដែល​លោក​ចាត់​ឲ្យ​ទៅ​»។ ខ្ញុំ​មិន​បាន​ឃើញ​ឪពុក​ខ្ញុំ​ម្ដង​ទៀត​ទេ។ គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៥៧។

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ជិះ​កប៉ាល់​ជា​មួយ​បង​ប្អូន​ជាតិ​អូស្ដ្រាលី​ប្រាំ​នាក់​ទៀត​អស់​៦​សប្ដាហ៍​ទៅ​ក្រុង​ញូវ​យ៉ក។ ពេល​កំពុង​ធ្វើ​ដំណើរ យើង​អាន​និង​សិក្សា​គម្ពីរ ហើយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដំណើរ​ឯ​ទៀត។ មុន​យើង​ទៅ​ដល់​កន្លែង​ដែល​មាន​សាលា​គី​លាត​នៅ​ក្រុង​សោត​ឡាន​ស៊ី​ង​រដ្ឋ​ញូវ​យ៉ក យើង​បាន​ចូល​រួម​មហាសន្និបាត​អន្តរជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៣ នៅ​កីឡាដ្ឋាន​យ៉ាង​គី។ អ្នក​ចូល​រួម​មហាសន្និបាត​មាន​ចំនួន​ខ្ពស់​បំផុត​គឺ​១៦៥.៨២៩​នាក់!

ថ្នាក់​របស់​យើង​មាន​សិស្ស​១២០​នាក់​មក​ពី​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោក។ ពេល​ដែល​យើង​រៀន​ចប់​ទើប​គេ​ប្រាប់​យើង​ថា​ត្រូវ​បម្រើ​នៅ​ប្រទេស​ណា។ ពេល​យើង​ដឹង​ភ្លាម យើង​ប្រញាប់​ទៅ​បណ្ណាល័យ​សាលា​គី​លាត​ដើម្បី​ដឹង​អំពី​ប្រទេស​ដែល​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​បាន​ដឹង​ថា​ប្រទេស​ដែល​ខ្ញុំ​ត្រូវ​ទៅ​គឺ​ប្រទេស​ប៉ារ៉ាហ្គាយ ជា​ប្រទេស​មួយ​ដែល​ធ្លាប់​មាន​បដិវត្តន៍។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​យើង​ទៅ​ដល់​ទី​នោះ នៅ​ព្រឹក​មួយ ខ្ញុំ​បាន​សួរ​សាសនទូត​ឯ​ទៀត​អំពី​«​ពិធី​បុណ្យ​»​ដែល​គេ​ធ្វើ​យប់​មិញ។ ពួក​គាត់​ញញឹម​ហើយ​បាន​និយាយ​ថា​៖ ​«​នេះ​ជា​បដិវត្តន៍​លើក​ទី​១​ដែល​បង​បាន​ជួប។ សូម​មើល​ទៅ​ទ្វារ​ខាង​មុខ​»។ មាន​ទាហាន​នៅ​គ្រប់​កន្លែង​ទាំង​អស់!

រឿង​ដ៏​ចម្លែក​មួយ

នៅ​ពេល​មួយ ខ្ញុំ​បាន​ទៅ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ដាច់​ស្រយាល​មួយ និង​ដើម្បី​បញ្ចាំង​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​សង្គម​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​មាន​ដំណើរ​ការ។ យើង​បាន​ធ្វើ​ដំណើរ​អស់​៨​ឬ​៩​ម៉ោង មុន​ដំបូង​ជិះ​រថភ្លើង ក្រោយ​មក​ជិះ​សេះ រួច​ជិះ​រទេះ​សេះ ហើយ​នៅ​ទី​បំផុត​ជិះ​រទេះ​គោ។ យើង​យក​ម៉ាស៊ីន​ភ្លើង​និង​ឧបករណ៍​បញ្ចាំង​ភាពយន្ត​ទៅ​ជា​មួយ។ នៅ​ទី​បំផុត យើង​បាន​ទៅ​ដល់​គោលដៅ។ នៅ​ថ្ងៃ​បន្ទាប់ យើង​ទៅ​លេង​កសិដ្ឋាន​ផ្សេង​ៗ ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​មើល​ភាពយន្ត​នៅ​យប់​នោះ។ មាន​មនុស្ស​ប្រហែលជា​១៥​នាក់​បាន​មក​មើល។

ក្រោយ​ពី​បញ្ចាំង​ភាពយន្ត​ប្រហែលជា​២០​នាទី គេ​ប្រាប់​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​លឿន​បំផុត។ យើង​បាន​កញ្ឆក់​យក​ឧបករណ៍​បញ្ចាំង​ភាពយន្ត​ហើយ​ចូល​ក្នុង​ផ្ទះ។ បន្ទាប់​ពី​នោះ​មក មនុស្ស​បាន​ចាប់​ផ្ដើម​ស្រែក បាញ់​កាំភ្លើង​ហើយ​ច្រៀង​ឡើង​ថា​៖ ​«​ព្រះ​របស់​យើង​ជា​ព្រះ​ដែល​ស្រេក​ឈាម ហើយ​លោក​ចង់​ផឹក​ឈាម​ជន​បរទេស​ទាំង​នេះ​»។ នៅ​ទី​នេះ​មាន​តែ​ជន​បរទេស​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​ជា​ជន​បរទេស​ម្នាក់​ដែរ! ពួក​អ្នក​ដែល​បាន​មក​មើល​ភាពយន្ត បាន​ឃាត់​ហ្វូង​មនុស្ស​កុំ​ឲ្យ​សម្រុក​ចូល​ក្នុង​ផ្ទះ។ ប៉ុន្តែ ក្រុម​មនុស្ស​ដែល​ប្រឆាំង​ទាំង​នោះ​បាន​ត្រឡប់​មក​វិញ ប្រហែលជា​នៅ​ម៉ោង​បី​ទៀប​ភ្លឺ ដោយ​បាញ់​កាំភ្លើង ហើយ​គំរាម​ថា​នឹង​សម្លាប់​យើង​ពេល​យើង​ត្រឡប់​ទៅ​ក្រុង​វិញ​នៅ​ថ្ងៃ​នោះ។

បង​ប្អូន​យើង​បាន​ប្រាប់​មេ​ឃុំ​អំពី​រឿង​នេះ ហើយ​គាត់​បាន​មក​នៅ​ពេល​ថ្ងៃ​រសៀល​ជា​មួយ​នឹង​សេះ​ពីរ​ក្បាល​ដើម្បី​យក​យើង​ទៅ​ក្រុង​វិញ។ ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ ពេល​ណា​យើង​ទៅ​ដល់​ជិត​គុម្ពោត​ព្រៃ​ឬ​កន្លែង​ដែល​មាន​ដើម​ឈើ​ច្រើន គាត់​បាន​ទាញ​កាំភ្លើង​ចេញ ហើយ​ទៅ​ពិនិត្យ​មើល​កន្លែង​នោះ។ ដោយ​ដឹង​ថា​សេះ​គឺ​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ ដូច្នេះ​ក្រោយ​មក​ខ្ញុំ​បាន​ទិញ​សេះ​មួយ។

សាសនទូត​កាន់​តែ​ច្រើន​មក​ដល់

កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តែ​មាន​ជោគជ័យ ទោះ​ជា​ពួក​បព្វជិត​តែង​តែ​ប្រឆាំង​ក៏​ដោយ។ នៅ​ឆ្នាំ​១៩៥៥ សាសនទូត​ថ្មី​៥​នាក់​បាន​មក​ដល់ រួម​ទាំង​បង​ស្រី​វ័យ​ក្មេង​ជន​ជាតិ​កាណាដា​ម្នាក់​ឈ្មោះ​អេលស៊ី ស្វានសុន ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​គី​លាត​ជំនាន់​ទី​២៥។ យើង​បាន​នៅ​ការិយាល័យ​សាខា​ជា​មួយ​គ្នា​អស់​មួយ​រយៈ​ពេល មុន​អង្គការ​ចាត់​គាត់​ឲ្យ​ទៅ​ក្រុង​មួយ​ទៀត។ គាត់​បាន​ចំណាយ​ពេល​អស់​មួយ​ជីវិត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ឪពុក​ម្ដាយ​គាត់​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​មិន​គាំទ្រ​គាត់​ក៏​ដោយ។ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​១៩៥៧ អេលស៊ី​និង​ខ្ញុំ​បាន​រៀប​ការ ហើយ​យើង​រស់​នៅ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​សាសនទូត​មួយ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប៉ារ៉ាហ្គាយ។

ផ្ទះ​របស់​យើង​គ្មាន​ទឹក​ម៉ាស៊ីន​ទេ តែ​មាន​អណ្ដូង​មួយ​នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ។ ដូច្នេះ​គ្មាន​បន្ទប់​សម្រាប់​ងូត​ទឹក​ឬ​បង្គន់​ក្នុង​ផ្ទះ​ទេ យើង​គ្មាន​ម៉ាស៊ីន​បោក​ខោ​អាវ សូម្បី​តែ​ទូទឹកកក​ក៏​គ្មាន​ផង។ រាល់​ថ្ងៃ​យើង​បាន​ទិញ​ម្ហូប​ដែល​ទុក​មិន​បាន​យូរ។ ប៉ុន្តែ ជីវិត​សាមញ្ញ​និង​ចំណង​មិត្តភាព​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ក្រុម​ជំនុំ ធ្វើ​ឲ្យ​ពេល​នោះ​ជា​ពេល​ដែល​យើង​សប្បាយ​រីករាយ​ខ្លាំង​បំផុត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។

នៅ​ឆ្នាំ​១៩៦៣ មិន​យូរ​ក្រោយ​ពី​យើង​បាន​ត្រឡប់​ទៅ​អូស្ដ្រាលី​វិញ​ដើម្បី​ទៅ​លេង​ម្ដាយ​ខ្ញុំ គាត់​បាន​គាំង​បេះដូង តាម​មើល​ទៅ​ប្រហែលជា​ដោយ​សារ​គាត់​រំភើប​ចិត្ត​ដោយ​សារ​ឃើញ​កូន​ប្រុស​គាត់ ដែល​គាត់​មិន​បាន​ជួប​គ្នា​អស់​១០​ឆ្នាំ​ហើយ។ ពេល​ដែល​ជិត​ត្រឡប់​ទៅ​ប្រទេស​ប៉ារ៉ាហ្គាយ​វិញ យើង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​មួយ​ក្នុង​ជីវិត​របស់​យើង។ តើ​យើង​គួរ​ចាក​ចេញ​ពី​ម្ដាយ​ដែល​សម្រាន្ត​នៅ​មន្ទីរ​ពេទ្យ ដោយ​សង្ឃឹម​ថា​មាន​អ្នក​ណា​ម្នាក់​នឹង​ថែ​រក្សា​គាត់ ហើយ​យើង​ត្រឡប់​ទៅ​បំពេញ​ភារកិច្ច​ដែល​យើង​ចូល​ចិត្ត​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ​វិញ? ក្រោយ​ពី​បាន​អធិដ្ឋាន​យ៉ាង​យូរ អេលស៊ី​និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​នៅ​ដើម្បី​ថែ​រក្សា​ម្ដាយ។ យើង​អាច​ធ្វើ​ដូច្នេះ ហើយ​បន្ត​បម្រើ​ពេញ​ពេល​រហូត​ដល់​ម្ដាយ​យើង​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៦៦។

គឺជា​ឯកសិទ្ធិ​មួយ​ដែល​យើង​អាច​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល និង​ជា​អ្នក​ត្រួត​ពិនិត្យ​តំបន់​នៅ​អូស្ដ្រាលី​អស់​ជា​ច្រើន​ឆ្នាំ ហើយ​បង្រៀន​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​សម្រាប់​អ្នក​ចាស់​ទុំ។ បន្ទាប់​មក​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​ក្នុង​ជីវិត​របស់​យើង។ អង្គការ​បាន​ចាត់​ឲ្យ​ខ្ញុំ​បម្រើ​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​សាខា​ដែល​មាន​ជា​លើក​ដំបូង​នៅ​អូស្ដ្រាលី។ បន្ទាប់​មក ពេល​ដែល​ត្រូវ​សាងសង់​ការិយាល័យ​សាខា​ថ្មី ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​ប្រធាន​គណៈកម្មាធិការ​ខាង​ការ​សាងសង់។ ដោយ​មាន​ជំនួយ​ពី​អ្នក​ធ្វើ​ការ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​នាក់ ហើយ​ដែល​សហការ​គ្នា ការិយាល័យ​សាខា​ដ៏​ស្អាត​មួយ​បាន​ត្រូវ​សាងសង់​ឡើង។

ក្រោយ​មក​អង្គការ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​នៅ​ក្នុង​ការិយាល័យ​ខាង​កិច្ច​បម្រើ​ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​មួយ។ ខ្ញុំ​ក៏​បាន​ទទួល​ឯកសិទ្ធិ​ធ្វើ​ទស្សនកិច្ច​ការិយាល័យ​សាខា​ឯ​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក ជា​អ្នក​ត្រួត​ពិនិត្យ​តាម​ការិយាល័យ​សាខា ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​បង​ប្អូន។ ជា​ពិសេស ខ្ញុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ខ្លះ​ដែល​មាន​បង​ប្អូន​ធ្លាប់​ជាប់​គុក​និង​ធ្លាប់​ជាប់​នៅ​ក្នុង​ជំរំ​ឃុំឃាំង​អស់​ជា​ច្រើន​ឆ្នាំ​ឬ​ច្រើន​ទសវត្សរ៍ ដោយ​សារ​ពួក​គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។

ភារកិច្ច​របស់​យើង​សព្វ​ថ្ងៃ​នេះ

បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើ​ទស្សនកិច្ច​យ៉ាង​នឿយ​ហត់​នៅ​ការិយាល័យ​សាខា​ផ្សេង​ៗ​នៅ​ឆ្នាំ​២០០១ ខ្ញុំ​បាន​ទទួល​សំបុត្រ​អញ្ជើញ​ឲ្យ​ទៅ​ក្រុង​ប៊្រុគ្លីន​រដ្ឋ​ញូវ​យ៉ក ដើម្បី​បម្រើ​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​ដែល​ទើប​នឹង​បង្កើត​ថ្មី។ ខ្ញុំ​និង​អេលស៊ី​បាន​ពិចារណា​អំពី​សេចក្ដី​អញ្ជើញ​នោះ​ហើយ​អធិដ្ឋាន ហើយ​យើង​ព្រម​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នេះ​យ៉ាង​សប្បាយ​រីករាយ។ ជាង​១១​ឆ្នាំ​ក្រោយ​មក យើង​នៅ​តែ​បម្រើ​នៅ​ក្រុង​ប៊្រុគ្លីន។

ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​មាន​ប្រពន្ធ​ដែល​រីករាយ​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បង្គាប់។ ឥឡូវ​នេះ​ខ្ញុំ​និង​អេលស៊ី​មាន​អាយុ​ជាង​៨០​ឆ្នាំ​ហើយ យើង​នៅ​តែ​មាន​សុខភាព​ល្អ​គួរ​សម។ យើង​ទន្ទឹង​រង់​ចាំ​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត ព្រម​ទាំង​ពរ​ដ៏​វិសេស​វិសាល​ដែល​ពួក​អ្នក​ដែល​បន្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​នឹង​ទទួល។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៩​]

មួយ​សប្ដាហ៍​ខ្ញុំ​ជិះ​ឡាន​ក្រុង មួយ​សប្ដាហ៍​ទៀត ខ្ញុំ​ជិះ​រថភ្លើង​ដែល​ដឹក​អ្នក​ដំណើរ​ក្នុង​ក្រុង បន្ទាប់​មក​ជិះ​ឡាន​ឬ​ជិះ​ម៉ូតូ​ជា​មួយ​គេ​ដោយ​ដៃ​ម្ខាង​យួរ​វ៉ា​លី​ហើយ​ដៃ​ម្ខាង​ទៀត យួរ​កា​តាប​សម្រាប់​ផ្សព្វ​ផ្សាយ

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២១​]

យើង​ទន្ទឹង​រង់​ចាំ​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត

[​រូបភាព​នៅ​ទំព័រ​១៨​]

ខាង​ឆ្វេង: ពេល​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ នៅ​ប្រទេស​អូស្ដ្រាលី;

ខាង​ស្ដាំ: ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ

[​រូបភាព​នៅ​ទំព័រ​២០​]

នៅ​ថ្ងៃ​ដែល​យើង​រៀប​ការ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​១៩៥៧