លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរួមដំណើរជាមួយអ្នកធ្វើដំណើរត្រួតពិនិត្យសម័យមុន

ការរួមដំណើរជាមួយអ្នកធ្វើដំណើរត្រួតពិនិត្យសម័យមុន

អនុ​ស្សាវរីយ៍​ពី​សម័យ​មុន

ការ​រួម​ដំណើរ​ជា​មួយ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​សម័យ​មុន

​«​ខ្ញុំ​មិន​អាច​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន​ទេ!​»​ សិស្ស​គម្ពីរ​ថ្មី​ជា​ច្រើន​នាក់​ពិត​ជា​បាន​មាន​អារម្មណ៍​ដូច្នេះ​មែន​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​ទៅ​មនុស្ស​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់! ប៉ុន្តែ ការ​ប្រកែក​នេះ​គឺ​មក​ពី​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ​និង​អ្នក​បង្រៀន​គម្ពីរ​ដែល​មាន​បទ​ពិសោធន៍​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។

អ្នក​អាន​ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន ជា​ភាសា​អង់គ្លេស ជា​ច្រើន​នាក់​ដែល​បាន​ចាក​ចេញ​ពី​វិហារ​របស់​ពួក​គេ ចង់​សេពគប់​ជា​មួយ​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​ពិត​ពី​គម្ពីរ។ ទស្សនាវដ្ដី​នេះ​បាន​រំលឹក​អ្នក​អាន​ឲ្យ​ស្វែងរក​អ្នក​ឯ​ទៀត​ដែល​មាន​ជំនឿ​ដូច​ពួក​គាត់ ហើយ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​សិក្សា​គម្ពីរ។ ប្រហែលជា​នៅ​ដើម​ឆ្នាំ​១៨៩៤ សមាគម​ប៉មយាម​បាន​ចាត់​អ្នក​តំណាង​ដែល​ធ្វើ​ដំណើរ ឲ្យ​ទៅ​ជួប​ក្រុម​ដែល​សុំ​ឲ្យ​មាន​ទស្សនកិច្ច។ បុរស​ដែល​មាន​បទ​ពិសោធន៍ ហើយ​ខំ​ប្រឹង​ធ្វើ​ការ​ទាំង​នេះ ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ពួក​គាត់​ជា​បុរស​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដោយ​សារ​មាន​ចិត្ត​រាប​ទាប មាន​ចំណេះ​គម្ពីរ ជា​អ្នក​ចេះ​ថ្លែង​សុន្ទរកថា​យ៉ាង​ល្អ មាន​សមត្ថភាព​បង្រៀន ហើយ​មាន​ជំនឿ​លើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ ជា​ធម្មតា​ទស្សនកិច្ច​មាន​រយៈ​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​យ៉ាង​មមាញឹក។ លើក​ដំបូង​ដែល​និស្សិត​គម្ពីរ​ជា​ច្រើន​នាក់​បាន​ទៅ​ផ្សព្វ​ផ្សាយ គឺ​ពេល​ដែល​ពួក​គាត់​ចែក​លិខិត​អញ្ជើញ​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ក្រោយ​ពី​បាន​ថ្លែង​សុន្ទរកថា​នៅ​ពេល​ល្ងាច​នៅ​សាលា​មួយ បង​ប្រុស​ហ៊ូហ្គោ រីមើរ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​សមាជិក​គណៈ​អភិបាល បាន​ឆ្លើយ​សំណួរ​ក្នុង​គម្ពីរ​រហូត​ដល់​រំលង​អធ្រាត្រ។ ទោះ​ជា​អស់​កម្លាំង​ក៏​ដោយ​គាត់​សប្បាយ​ចិត្ត ដោយ​សារ​កិច្ច​ប្រជុំ​នោះ​«​ដំណើរ​ការ​ល្អ​»។

ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន​បាន​ប្រាប់​ថា ​«​គោលដៅ​សំខាន់​ចម្បង​»​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​គឺ​ដើម្បី​ពង្រឹង​«​បង​ប្អូន​រួម​ជំនឿ​»​តាម​រយៈ​កិច្ច​ប្រជុំ​នៅ​ផ្ទះ​របស់​ពួក​គេ។ និស្សិត​គម្ពីរ​ពី​គ្រប់​តំបន់​ជុំ​វិញ​តំបន់​នោះ​បាន​មក​ស្ដាប់​សុន្ទរកថា ហើយ​ពិភាក្សា​គ្នា​ដោយ​សំណួរ​និង​ចម្លើយ។ ក្រោយ​មក ដល់​ពេល​ដែល​គ្រិស្ត​សាសនិក​ផ្ដល់​ម្ហូប​អាហារ​សម្រាប់​ទទួល​ភ្ញៀវ។ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ម៉ត អាប់បត បាន​ចូល​រួម​ស្ដាប់​សុន្ទរកថា​មួយ​នៅ​ពេល​ព្រឹក ក្រោយ​មក​ពួក​គេ​ទាំង​អស់​គ្នា​ប្រជុំ​គ្នា​នៅ​តុ​វែង​មួយ​នៅ​ទី​ធ្លា។ ​«​មាន​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ច្រើន​ណាស់! ពោល​គឺ សាច់​ភ្លៅ​ជ្រូក មាន់​បំពង នំ​ប៉័ង​ជា​ច្រើន​ប្រភេទ និង​នំ​ផ្សេង​ៗ។ ទាំង​អស់​គ្នា​បរិភោគ​មួយ​ឆ្អែត ហើយ​ប្រហែលជា​នៅ​ម៉ោង​ពីរ យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​ស្ដាប់​សុន្ទរកថា​មួយ​ទៀត​»។ ប៉ុន្តែ ប្អូន​ស្រី​អាប់​ប​ត​បាន​ទទួល​ស្គាល់​ថា​៖ ​«​នៅ​ពេល​នោះ គ្រប់​គ្នា​ងងុយ​ដេក​»។ កាល​នោះ​បង​ប្រុស​បេនយ៉ាមីន បាថិន​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​យូរ​ឆ្នាំ បាន​និយាយ​ថា​៖ ‹បើ​ខ្ញុំ​បាន​បរិភោគ​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ទាំង​អស់​ដែល​គេ​បាន​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​បាន​ស្លាប់​តាំង​ពី​យូរ​ហើយ›។ នៅ​ទី​បំផុត សំបុត្រ​មួយ​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៅ​ក្រុង​ប៊្រុគ្លីន បាន​ឲ្យ​ឱវាទ​ចំពោះ​បង​ស្រី​ដែល​មាន​បំណង​ល្អ​ថា គឺជា​ការ​ល្អ​ជាង​ដែល​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​«​ម្ហូប​ធម្មតា​ដែល​ពួក​គាត់​បរិភោគ​រាល់​ថ្ងៃ​»​ដល់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ហើយ​«​ទុក​ពេល​ឲ្យ​គាត់​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​»។

អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ពូកែ​បង្រៀន ហើយ​ប្រើ​រូបភាព គំរូ ឬ​អ្វី​ក៏​ដោយ​ដែល​ពួក​គាត់​មាន​ដើម្បី​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​គាត់​រស់​រវើក។ សុន្ទរកថា​របស់​បង​ប្រុស​រីឆឺត ហាវេ បាបឺ​«​បាន​ត្រូវ​ថ្លែង​តាម​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​និច្ច​»។ បង​ប្រុស​វ៉ល់ធឺ ជេ ស៊ន​បាន​ថ្លែង​សុន្ទរកថា​ដែល​ប្រៀប​ដូច​ជា​ឪពុក​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ពួក​គាត់ តាម​របៀប​ដែល​«​បុព្វបុរស​នៅ​សម័យ​មុន​»​បាន​និយាយ។ ថ្ងៃ​មួយ​ពេល​កំពុង​ជិះ​ឡាន​អេ ហ្វត បង​ប្រុស​ហ្សេល ទូត​ជៀន​ស្រាប់​តែ​ស្រែក​ឡើង​ថា​៖ ​«​ឈប់!​»។ គាត់​បាន​លោត​ចេញ​ពី​ឡាន បេះ​ផ្កា​ព្រៃ​ខ្លះ ហើយ​បាន​បង្រៀន​បង​ប្រុស​ៗ​ជា​ដៃ​គូ​នូវ​មេរៀន​មួយ​ដែល​គាត់​មិន​បាន​រៀបចំ​ជា​មុន​អំពី​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា។

កិច្ចការ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​មាន​ការ​ពិបាក​ជា​ច្រើន ជា​ពិសេស​សម្រាប់​បង​ប្អូន​វ័យ​កណ្ដាល​ឬ​ចាស់​ជាង។ ប៉ុន្តែ ចំពោះ​បង​ប្រុស​ខ្លះ ការ​សាកល្បង​ជំនឿ​ដ៏​ធំ​បំផុត​ចំពោះ​ពួក​គាត់​គឺ​ការ​កែប្រែ​កិច្ចការ​សំខាន់​បំផុត​របស់​ពួក​គាត់។ ឥឡូវ​នេះ គេ​តម្រូវ​ឲ្យ​ពួក​គាត់​ដឹក​នាំ​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩២៤ បាន​ចែង​ថា​៖ ​«​ភារកិច្ច​សំខាន់​ចម្បង​មួយ​ក្នុង​ចំណោម​ភារកិច្ច​ឯ​ទៀត​»​របស់​គ្រិស្ត​សាសនិក​ពិត ​«​គឺ​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​»។

តាម​មើល​ទៅ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ដោយ​ហេតុ​ថា​ពួក​គាត់​បាន​ឈប់​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ រីឯ​អ្នក​ខ្លះ​ទៀត​ដែល​អាក់​អន់​ចិត្ត​បាន​ទាំង​បង្កើត​ក្រុម​សាសនា​របស់​ខ្លួន​ទៀត​ផង។ បង​ប្រុស​រ៉ប៊ី ឌី អាឌខិន​បាន​រៀប​រាប់​ថា អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែល​ជា​អ្នក​ថ្លែង​សុន្ទរកថា​ដ៏​ល្អ​ម្នាក់​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ថា​៖ ​«​ខ្ញុំ​ដឹង​តែ​របៀប​ផ្សព្វ​ផ្សាយ​ពី​លើ​វេទិកា​ប៉ុណ្ណោះ។ ខ្ញុំ​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន​ទេ!​»។ បង​ប្រុស​អាឌខិន​បាន​ប្រាប់​ថា​៖ ​«​ក្រោយ​មក​នៅ​ឆ្នាំ​១៩២៤ ខ្ញុំ​បាន​ឃើញ​គាត់​នៅ​មហាសន្និបាត​នៅ​ក្រុង​កូឡាំបឺស រដ្ឋ​អូហៃយ៉ូ។ នៅ​ទី​នោះ​មើល​ទៅ​គាត់​ជា​មនុស្ស​ដែល​កម្សត់​ជាង​គេ។ គាត់​កំពុង​ឈរ​ម្នាក់​ឯង​នៅ​ក្រោម​ម្លប់​ដើម​ឈើ​តូច​មួយ មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ក្នុង​ចំណោម​បង​ប្អូន​រាប់​ពាន់​នាក់​ដែល​សប្បាយ​រីករាយ។ ខ្ញុំ​មិន​ដែល​បាន​ឃើញ​គាត់​ម្ដង​ទៀត​ទេ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​បាន​ចាក​ចេញ​ពី​អង្គការ​យើង​»។ ប៉ុន្តែ ​«​បង​ប្រុស​ជា​ច្រើន​នាក់​កំពុង​ដើរ​កាត់​គាត់​ដោយ​កាន់​សៀវភៅ​តម្រង់​ទៅ​ឡាន​របស់​ពួក​គេ​»។ តាម​មើល​ទៅ ពួក​គេ​រំភើប​ចិត្ត​ចង់​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មែន។—សកម្ម. ២០:​២០, ២១

អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​ច្រើន​នាក់​ភ័យ​ពេល​ពួក​គាត់​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដូច​បង​ប្រុស​ដែល​ពួក​គាត់​ត្រូវ​បង្ហាត់​បង្រៀន​ដែរ ប៉ុន្តែ​ពួក​គាត់​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​រំភើប​ជា​ខ្លាំង។ ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​ដែល​និយាយ​ភាសា​អាឡឺម៉ង់​ឈ្មោះ​ម៉ាកស្វែល ជី ហ្វ្រេន (​ហ្វ្រែហ្សល​) បាន​សរសេរ​ថា​៖ ​«​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នាំ​ឲ្យ​មាន​ពរ​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នេះ​»។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​ឈ្មោះ​ចនអេ បូណេត បាន​រាយ​ការណ៍​ថា ជា​ទូទៅ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​សប្បាយ​ចិត្ត​ណាស់​ពេល​ដែល​ពួក​គេ​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ យោង​ទៅ​តាម​សម្ដី​របស់​គាត់ បង​ប្រុស​ភាគ​ច្រើន​«​ពុះ​កញ្ជ្រោល​ដោយ​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដែល​ប្រៀប​ដូច​ជា​ឈរ​នៅ​ជួរ​មុខ​ក្នុង​សង្គ្រាម​»។

ប៉ុន្មាន​ឆ្នាំ​មក​ហើយ បង​ប្រុស​ៗ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ស្មោះ​ត្រង់​បាន​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​បង​ប្អូន​ប្រុស​ស្រី។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​បម្រើ​ជា​យូរ​ឆ្នាំ​ម្នាក់​ឈ្មោះ​ណរម៉ិន ឡា​សិន​បាន​និយាយ​ថា​៖ ​«​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ពិត​ជា​មាន​តម្លៃ​និង​មាន​ប្រយោជន៍​មែន សូម្បី​តែ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​ក៏​ខ្ញុំ​ទទួល​ស្គាល់​ដូច្នេះ​ដែរ។ ពួក​គាត់​បាន​បង្ហាត់​បង្រៀន​ខ្ញុំ​តាម​របៀប​ដែល​ត្រឹម​ត្រូវ​»។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​ស្មោះ​ភក្ដី​ទាំង​នេះ​កំពុង​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​និយាយ​ថា​៖ ​«​យើង​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន!​»។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

ថ្ងៃ​ដែល​អ្នក​ត្រួត​ពិនិត្យ​មក​លេង​យើង​គឺជា​ថ្ងៃ​ដែល​សប្បាយ​រីករាយ!

[​រូបភាព​នៅ​ទំព័រ​៣១​]

គម្រោង​ធ្វើ​ដំណើរ​របស់​បង​ប្រុស​បេនយ៉ាមីន បាថិន​នៅ​ឆ្នាំ​១៩០៥ គឺ​ធ្វើ​ទស្សនកិច្ច​ប្រហែលជា​១៧០​កន្លែង

[​រូបភាព​នៅ​ទំព័រ​៣២​]

បង​ប្រុស​វ៉ល់ធឺ ជេ ស៊ន​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​ត្រូវ​គេ​ហៅ​ថា​ឪពុក​ដោយ​សារ​គាត់​មាន​ចិត្ត​គំនិត​ដូច​ឪពុក ហើយ​ស្លូតបូត​ដូច​គ្រិស្ត

[​រូបភាព​នៅ​ទំព័រ​៣២​]

បង​ប្រុស​ជេ អេ ប្រោន​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​ប្រទេស​ហ្សាម៉ៃកា ប្រហែលជា​នៅ​ឆ្នាំ​១៩០២ ដើម្បី​ពង្រឹង​និង​លើក​ទឹក​ចិត្ត​ក្រុម​តូច​ៗ​១៤​ក្រុម

[​រូបភាព​នៅ​ទំព័រ​៣២​]

កិច្ចការ​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ពង្រឹង​ជំនឿ​ពង្រឹង​សាមគ្គី​ភាព​គ្រិស្ត​សាសនិក ហើយ​នាំ​ឲ្យ​បង​ប្អូន​នៅ​ជិត​នឹង​អង្គការ​ព្រះ