លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»

«ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»

«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»​

​«​មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ[​ពិត​]​នឹង​បាន​ចំរើន​ឡើង​»។—ដាន. ១២:៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

នៅ​សម័យ​យើង​នេះ តើ​«​ចំណេះ​[​ពិត​]​»​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​ទទួល​យក​សេចក្ដី​ពិត​មាន​គ្នា​កាន់​តែ​«​ច្រើន​»​?

តើ​តាម​របៀប​ណា​ចំណេះ​ត្រឹម​ត្រូវ​បាន​ត្រូវ​ធ្វើ​ឲ្យ​«​ចំរើន​ឡើង​»​?

១, ២​. ​(​ក​) តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​បណ្ដា​រាស្ត្រ​របស់​លោក​នៅ​ឥឡូវ​នេះ ហើយ​នឹង​នៅ​ជា​មួយ​ពួក​គេ​នៅ​ពេល​អនាគត? (​ខ​) យោង​ទៅ​តាម​ដានីយ៉ែល ១២:៤ តើ​ការ​សិក្សា​បទ​គម្ពីរ​យ៉ាង​ហ្មត់​ចត់​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

សូម​នឹក​គិត​ថា​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន។ រាល់​ព្រឹក​អ្នក​ភ្ញាក់​ឡើង​ដោយ​មាន​កម្លាំង ហើយ​រំភើប​ចិត្ត​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ អ្នក​គ្មាន​ការ​ឈឺ​ចុក​ចាប់។ អ្នក​លែង​មាន​បញ្ហា​សុខភាព​ទៀត។ ប្រសាទ​ទាំង​អស់​របស់​អ្នក​ពោល​គឺ ចក្ខុប្រសាទ សោតប្បសាទ កាយប្បសាទ ឃានប្រសាទ និង​ជិវ្ហាបសាទ​ដំណើរ​ការ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អ្នក​មាន​កម្លាំង​ពេញ​ខ្លួន មាន​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ មាន​មិត្ត​ភក្ដិ​ជា​ច្រើន ហើយ​អ្នក​លែង​មាន​កង្វល់​ទៀត។ នេះ​ជា​ពរ​ដែល​អ្នក​អាច​ទទួល​នៅ​ពេល​ដែល​រាជាណាចក្រ​ព្រះ​គ្រប់​គ្រង​លើ​ផែនដី។ លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង នឹង​ឲ្យ​ពរ​ដល់​បណ្ដា​រាស្ត្រ​របស់​លោក ហើយ​បង្រៀន​ពួក​គេ​នូវ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា។

នៅ​គ្រា​នោះ ព្រះ​និង​បុត្រ​របស់​លោក​នឹង​ជួយ​អ្នក​បម្រើ​ដែល​ស្មោះ​ត្រង់​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត ព្រះ​និង​បុត្រ​លោក​តែង​តែ​បាន​ជួយ​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត។ មុន​ពេល​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ធានា​អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​ថា​លោក​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០) ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ ឥឡូវ​យើង​នឹង​ពិភាក្សា​ទំនាយ​មួយ​ដែល​ដា​នី​យ៉ែល​បាន​សរសេរ​នៅ​បាប៊ីឡូន​កាល​ពី​ជាង​២.៥០០​ឆ្នាំ​មុន។ ស្តី​អំពី​«​គ្រា​ចុង​បំផុត​»​ដែល​យើង​កំពុង​រស់​នៅ ដា​នី​យ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​[​ពិត​]​នឹង​បាន​ចំរើន​ឡើង​»។ (​ដាន. ១២:​៤​) ឥឡូវ​យើង​បាន​ដឹង​ថា​ក្នុង​ខ​នេះ ពាក្យ​«​ខំ​រក​យល់​»​មាន​ន័យ​ថា​សិក្សា​យ៉ាង​ហ្មត់​ចត់។ ទំនាយ​នេះ​បង្ហាញ​ថា​ពួក​អ្នក​ដែល​សិក្សា​យ៉ាង​ហ្មត់​ចត់​នូវ​បទ​គម្ពីរ​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​ដែល​ជា​ចំណេះ​ពិត​ឬ​ចំណេះ​ត្រឹម​ត្រូវ​អំពី​បណ្ដាំ​របស់​ព្រះ។ ទំនាយ​នេះ​ក៏​បញ្ជាក់​ថា​មនុស្ស​ជា​ច្រើន​នឹង​ទទួល​យក​«​ចំណេះ​[​ពិត​]​»។ ម្យ៉ាង​ទៀត​ចំណេះ​ពិត​នឹង​មាន​ច្រើន។ ពួក​អ្នក​ដែល​រក​ឃើញ​ចំណេះ​ពិត​នឹង​ទទួល​យក​ចំណេះ​នេះ ហើយ​បង្រៀន​សេចក្ដី​ពិត​នេះ​ដល់​អ្នក​ឯ​ទៀត។ បន្ថែម​ទៅ​ទៀត មនុស្ស​នៅ​គ្រប់​ទី​កន្លែង​នឹង​អាច​រៀន​សេចក្ដី​ពិត​ទាំង​នេះ​បាន។ ពេល​យើង​ពិចារណា​អំពី​របៀប​ដែល​ទំនាយ​នេះ​បាន​សម្រេច យើង​នឹង​ឃើញ​ថា​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​សព្វ​ថ្ងៃ​នេះ ហើយ​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា។

គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ​រក​ឃើញ​«​ចំណេះ​[​ពិត​]​»​

៣​. តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់​អស់?

ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់​អស់ ការ​ក្បត់​ជំនឿ​ដែល​សាវ័ក​ប៉ូល​បាន​ទាយ បាន​ចាប់​ផ្ដើម​ហើយ​បាន​រាលដាល​យ៉ាង​ឆាប់​រហ័ស​ដូច​ជា​ភ្លើង។ (​សកម្ម. ២០:២៨​-​៣០; ២ថែ. ២:១​-​៣​) អស់​ជា​ច្រើន​រយ​ឆ្នាំ សូម្បី​តែ​ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក ក៏​មិន​មាន​«​ចំណេះ​[​ពិត​]​»​ដែរ។ ទោះ​ជា​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​អះអាង​ថា​ពួក​គេ​ជឿ​បទ​គម្ពីរ​ក៏​ដោយ ពួក​គេ​បាន​បង្រៀន​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា ពោល​គឺ​«​សេចក្ដី​បង្រៀន​របស់​ពួក​វិញ្ញាណ​កំណាច​»​ដែល​ធ្វើ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិយស។ (​១ធី. ៤:១​) ជា​លទ្ធផល មនុស្ស​ភាគ​ច្រើន​មិន​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​ឡើយ។ សេចក្ដី​បង្រៀន​របស់​អ្នក​ក្បត់​ជំនឿ​រួម​មាន សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ថា​ព្រះ​គឺជា​ព្រះ​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ ថា​ព្រលឹង​មិន​ស្លាប់ ហើយ​ថា​ព្រលឹង​ខ្លះ​រង​ទុក្ខវេទនា​ជា​រៀង​រហូត​ក្នុង​ភ្លើង​នរក។

៤​. តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​មួយ​ក្រុម​នៅ​ទសវត្សរ៍​ឆ្នាំ​១៨៧០ ចាប់​ផ្ដើម​ស្វែងរក​«​ចំណេះ​[​ពិត​]​»​?

ក៏​ប៉ុន្តែ នៅ​ទសវត្សរ៍​ឆ្នាំ​១៨៧០ ប្រហែលជា​បួន​ទសវត្សរ៍​មុន​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ចាប់​ផ្ដើម គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ​មួយ​ក្រុម​តូច​នៅ​រដ្ឋ​ប៉ិន​ស៊ីវ៉ា​នី​នៅ​សហរដ្ឋអាម៉េរិក បាន​ជួប​ជុំ​គ្នា​ដើម្បី​សិក្សា​គម្ពីរ​យ៉ាង​ហ្មត់​ចត់ ហើយ​ដើម្បី​ស្វែងរក​«​ចំណេះ​[​ពិត​]​»។ (​២ធី. ៣:១​) ពួក​គាត់​បាន​ហៅ​ខ្លួន​ថា​ជា​និស្សិត​គម្ពីរ។ ពួក​គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ដែល​ពិត​ជា​ចង់​ស្គាល់​បំណង​ប្រាថ្នា​របស់​ព្រះ។ ពួក​គាត់​មិន​មែន​ជា​«​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​»​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នឹង​មិន​អាច​រក​ឃើញ​ចំណេះ​ពិត​នោះ​ទេ។ (​ម៉ាថ. ១១:២៥​) និស្សិត​គម្ពីរ​បាន​អាន​បទ​គម្ពីរ ពិភាក្សា រំពឹង​គិត​អំពី​បទ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ។ ពួក​គាត់​ក៏​ប្រៀប​ធៀប​ខ​គម្ពីរ​មួយ​ជា​មួយ​នឹង​ខ​គម្ពីរ​ផ្សេង​ទៀត ហើយ​សិក្សា​អំពី​សំណេរ​របស់​អ្នក​ឯ​ទៀត​ដែល​បាន​ស្វែងរក​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ បន្ដិច​ម្ដង​ៗ និស្សិត​គម្ពីរ​ទាំង​នេះ​បាន​រក​ឃើញ​សេចក្ដី​ពិត​ដែល​មនុស្ស​មិន​បាន​ដឹង​អស់​រាប់​សតវត្សរ៍​មក​ហើយ។

៥​. តើ​អ្វី​ជា​គោល​បំណង​នៃ​ខិត្តប័ណ្ណ​ដែល​ចេញ​ជា​បន្ត​បន្ទាប់​ដែល​ហៅ​ថា​សេចក្ដី​បង្រៀន​ដើម?

និស្សិត​គម្ពីរ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ដឹង ប៉ុន្តែ​ពួក​គាត់​មិន​មាន​អំណួត​ទេ។ ពួក​គាត់​បាន​ដឹង​ថា​សេចក្ដី​ពិត​គឺ​មាន​ក្នុង​គម្ពីរ​រួច​ហើយ។ ដូច្នេះ ពួក​គាត់​មិន​បាន​ប្រាប់​អ្នក​ឯ​ទៀត​ថា​ពួក​គាត់​បាន​រក​ឃើញ​អ្វី​ថ្មី​នោះ​ទេ។ (​១កូ. ៨:១​) ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​បោះពុម្ព​ខិត្តប័ណ្ណ​ដែល​ចេញ​ជា​បន្ត​បន្ទាប់​ដែល​ហៅ​ថា​សេចក្ដី​បង្រៀន​ដើម ជា​ភាសា​អង់គ្លេស។ ខិត្តប័ណ្ណ​នេះ​មាន​គោល​បំណង​ជួយ​អ្នក​អាន​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ខិត្តប័ណ្ណ​ដំបូង​នេះ​បាន​ជួយ​មនុស្ស​ឲ្យ​សិក្សា​គម្ពីរ​ដើម្បី​ឲ្យ​ពួក​គេ​អាច​បដិសេធ​«​ទំនៀម​ទម្លាប់​មិន​ត្រឹម​ត្រូវ​ទាំង​អស់​របស់​មនុស្ស​»​ ហើយ​ទទួល​យក​សេចក្ដី​បង្រៀន​ពិត​របស់​លោក​យេស៊ូ​និង​ពួក​សាវ័ក​ឬ​«​សេចក្ដី​បង្រៀន​ដើម​»​ (​សេចក្ដី​បង្រៀន​ដើម លេខ​ទី​១ ខែ​មេ​សា ឆ្នាំ​១៨៨៩ ទំព័រ​៣២​)។

៦, ៧​. ​(​ក​) តើ​សេចក្ដី​ពិត​អំពី​អ្វី​ខ្លះ ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​រៀន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៨៧០? (​ខ​) តើ​សេចក្ដី​ពិត​អំពី​អ្វី​ដែល​អ្នក​សប្បាយ​នឹង​រៀន​ជាង​គេ?

តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៨៧០ សាក្សី​ព្រះ​យេហូវ៉ា​បាន​រៀន​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ជា​ច្រើន។ * ពេល​ដែល​យើង​រៀន​សេចក្ដី​ពិត​ទាំង​នេះ យើង​មិន​ត្រឹម​តែ​កំពុង​រៀន​ដើម្បី​ចង់​ដឹង​រឿង​ពិត​ប៉ុណ្ណោះ​ទេ។ យើង​កំពុង​រៀន​ចំណេះ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ប្រសើរ​ឡើង។ សេចក្ដី​ពិត​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត ហើយ​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បុគ្គលិក​លក្ខណៈ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​គោល​បំណង​របស់​លោក។ សេចក្ដី​ពិត​ទាំង​នេះ​ប្រាប់​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ណា ប្រាប់​អំពី​មូលហេតុ​ដែល​លោក​មក​ផែនដី​និង​មូលហេតុ​ដែល​លោក​ស្លាប់ ហើយ​ប្រាប់​អំពី​អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ។ សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ទាំង​នេះ​ប្រាប់​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ មូលហេតុ​ដែល​យើង​ស្លាប់ របៀប​អធិដ្ឋាន និង​របៀប​ដែល​យើង​អាច​មាន​សុភមង្គល​ពិត។

ឥឡូវ​នេះ​យើង​អាច​យល់​អំពី​ទំនាយ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​«​បិទ​បាំង​»​ឬ​ជា​អាថ៌​កំបាំង​អស់​រាប់​ពាន់​ឆ្នាំ ប៉ុន្តែ​កំពុង​សម្រេច​នៅ​គ្រា​ចុង​បំផុត។ (​ដាន. ១២:៩​) ទំនាយ​ទាំង​នេះ​មាន​នៅ​ក្នុង​បទ​គម្ពីរ ជា​ពិសេស​នៅ​សៀវភៅ​ដំណឹង​ល្អ​និង​សៀវភៅ​ការ​បើក​បង្ហាញ។ សូម្បី​តែ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ​ដូច​ជា​ការ​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច សង្គ្រាម​នៅ​ស្ថាន​សួគ៌ និង​ការ​បោះ​ទម្លាក់​សាថាន​មក​ផែនដី ក៏​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ដែរ។ (​បប. ១២:៧​-​១២​) ព្រះ​ក៏​ជួយ​ឲ្យ​យើង​យល់​អត្ថន័យ​នៃ​អ្វី​ដែល​យើង​អាច​ឃើញ។ យើង​យល់​អំពី​មូលហេតុ​ដែល​មាន​សង្គ្រាម ការ​រញ្ជួយ​ដី រោគ​រាតត្បាត ការ​ខ្វះ​ស្បៀងអាហារ និង​អំពី​មូលហេតុ​ដែល​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ធ្វើ​ឲ្យ​គ្រា​ដែល​យើង​កំពុង​រស់​នៅ​នេះ​ជា​គ្រា​«​លំបាក​ណាស់​»។—២ធី. ៣:១​-​៥; លូក. ២១:១០, ១១

៨​. ចំពោះ​អ្វី​ៗ​ដែល​យើង​បាន​ឃើញ​និង​ឮ តើ​យើង​ទទួល​ស្គាល់​ថា​អ្នក​ណា​ជួយ​យើង?

លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មើល​ឃើញ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​កំពុង​មើល​ឃើញ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ស្តេច​ជា​ច្រើន​នាក់​ដែល​ចង់​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​មិន​បាន​ឃើញ​ឡើយ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​មិន​បាន​ឮ​ដែរ​»។ (​លូក. ១០:២៣, ២៤​) យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ឃើញ​និង​ឮ​អ្វី​ៗ​ទាំង​នេះ។ យើង​ដឹង​គុណ​ខ្លាំង​ណាស់​ដែល​ព្រះ​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក ពោល​គឺ​«​អ្នក​ជួយ​»​ឲ្យ​ជួយ​យើង​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ។ (​សូម​អាន យ៉ូហាន ១៦:៧, ១៣) ចូរ​យើង​ឲ្យ​តម្លៃ​ជា​និច្ច​ទៅ​លើ​«​ចំណេះ​[​ពិត​]​»​ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ចំណេះ​នេះ​ដោយ​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន!

«​មនុស្ស​ជា​ច្រើន​»​ទទួល​យក​«​ចំណេះ​[​ពិត​]​»​

៩​. តើ​ទស្សនាវដ្ដី​ប៉មយាម​ខែ​មេ​សា ឆ្នាំ​១៨៨១ បាន​អំពាវ​នាវ​រក​អ្វី?

នៅ​ខែ​មេ​សា ឆ្នាំ​១៨៨១ ជិត​ពីរ​ឆ្នាំ​ក្រោយ​ពី​ទស្សនាវដ្ដី​ប៉ម​យាម​ដំបូង​បាន​ត្រូវ​បោះពុម្ព​ផ្សាយ ទស្សនាវដ្ដី​នេះ​បាន​អំពាវ​នាវ​រក​អ្នក​ផ្សព្វ​ផ្សាយ​១.០០០​នាក់។ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​អញ្ជើញ​អ្នក​ដែល​អាច​ចំណាយ​ពេល​របស់​ពួក​គេ​ពាក់​កណ្ដាល​ឬ​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ដើម្បី​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ។ ទស្សនាវដ្ដី​នេះ​បាន​សុំ​ពួក​គេ​ឲ្យ​ទៅ​គ្រប់​កន្លែង​ទាំង​អស់​ដែល​ពួក​គេ​អាច​ទៅ​បាន ដើម្បី​ស្វែងរក​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ ប៉ុន្តែ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ ហើយ​បង្រៀន​អ្នក​ទាំង​នោះ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​និង​អំពី​គម្ពីរ។

១០​. តើ​មនុស្ស​បាន​ធ្វើ​តាម​ការ​អំពាវ​នាវ​រក​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​យ៉ាង​ដូច​ម្ដេច?

១០ ការ​អំពាវ​នាវ​នោះ​បង្ហាញ​ថា​និស្សិត​គម្ពីរ​បាន​ទទួល​ស្គាល់​ថា​កិច្ច​ការ​សំខាន់​របស់​គ្រិស្ត​សាសនិក​ពិត គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ នៅ​ពេល​នោះ​មាន​មនុស្ស​តែ​ពីរ​បី​រយ​នាក់​ប៉ុណ្ណោះ​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​និស្សិត​គម្ពីរ ដូច្នេះ​មិន​មាន​មនុស្ស​ច្រើន​ដូច​ពួក​គេ​សង្ឃឹម​ថា​នឹង​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នោះ​ឡើយ។ ក៏​ប៉ុន្តែ បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​បាន​អាន​ខិត្តប័ណ្ណ​ឬ​ទស្សនាវដ្ដី​មួយ ពួក​គេ​ទទួល​ស្គាល់​ថា​ជា​សេចក្ដី​ពិត ហើយ​បាន​ត្រៀម​ខ្លួន​ធ្វើ​តាម​ការ​អំពាវ​នាវ​នោះ។ ជា​ឧទាហរណ៍ ក្រោយ​ពី​បាន​អាន​ទស្សនាវដ្ដី​ប៉មយាម​និង​កូន​សៀវភៅ​ដែល​បាន​បោះ​ពុម្ព​ដោយ​និស្សិត​គម្ពីរ​នៅ​ឆ្នាំ​១៨៨២ អ្នក​អាន​ម្នាក់​នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​សរសេរ​ថា​៖ ​«​សូម​បង្រៀន​ខ្ញុំ​អំពី​របៀប​ផ្សព្វ​ផ្សាយ​និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​អាច​សម្រេច​កិច្ច​ការ​ដែល​ព្រះ​ចង់​ឲ្យ​ធ្វើ​»។

១១, ១២​. ​(​ក​) តើ​អ្វី​ជា​គោលដៅ​របស់​អ្នក​ត្រួស​ត្រាយ? (​ខ​) តើ​តាម​របៀប​ណា​អ្នក​ត្រួស​ត្រាយ​បង្កើត​ក្រុម​ជំនុំ​ថ្មី?

១១ នៅ​ឆ្នាំ​១៨៨៥ និស្សិត​គម្ពីរ​ប្រហែលជា​៣០០​នាក់ បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ទាំង​នោះ​មាន​គោលដៅ​ដូច​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពោល​គឺ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ប៉ុន្តែ វិធីសាស្ត្រ​របស់​ពួក​គេ​គឺ​ខុស​គ្នា​ពី​យើង។ សព្វ​ថ្ងៃ​នេះ ធម្មតា​យើង​បង្រៀន​សិស្ស​គម្ពីរ​ម្ដង​ម្នាក់​ៗ។ បន្ទាប់​មក យើង​អញ្ជើញ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​ប្រជុំ​ជា​មួយ​ក្រុម​ជំនុំ​ដែល​បាន​បង្កើត​រួច​ហើយ។ នៅ​សម័យ​មុន អ្នក​ត្រួស​ត្រាយ​បាន​ជូន​សៀវភៅ ហើយ​បន្ទាប់​មក​ពួក​គាត់​ប្រមូល​ពួក​អ្នក​ចាប់​អារម្មណ៍​ឲ្យ​រៀន​គម្ពីរ​ជា​ក្រុម។ ជា​ជាង​បង្រៀន​មនុស្ស​ម្នាក់​ៗ ពួក​គេ​បង្កើត​ជា​«​ក្រុម​»​ឬ​ក្រុម​ជំនុំ។

១២ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩០៧ អ្នក​ត្រួស​ត្រាយ​មួយ​ក្រុម​បាន​ទៅ​ក្រុង​មួយ​ដើម្បី​រក​ពួក​អ្នក​ដែល​បាន​ទទួល​សៀវភៅ​ទី​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ (​ដែល​គេ​ក៏​ហៅ​ថា​ការ​សិក្សា​នៅ​ក្នុង​បទ​គម្ពីរ​) ជា​ភាសា​អង់គ្លេស។ បន្ទាប់​មក អ្នក​ត្រួស​ត្រាយ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​ប្រជុំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ចាប់​អារម្មណ៍​ម្នាក់​នៅ​ថ្ងៃ​អាទិត្យ។ នៅ​ថ្ងៃ​អាទិត្យ​នោះ អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​មាន​មូលដ្ឋាន​លើ​សៀវភៅ​គម្រោង​ការណ៍​របស់​ព្រះ​នៃ​សម័យ ជា​ភាសា​អង់គ្លេស អស់​ពេញ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​អាទិត្យ​នា​សប្ដាហ៍​បន្ទាប់ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាន​ចូល​រួម​ប្រជុំ​ឲ្យ​បន្ត​ប្រជុំ​គ្នា​ជា​ទៀង​ទាត់។ នៅ​ឆ្នាំ​១៩១១ បង​ប្អូន​យើង​បាន​ផ្លាស់​ប្ដូរ​របៀប​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ បង​ប្រុស​៥៨​នាក់​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេង​ៗ​នៅ​សហរដ្ឋអាម៉េរិក​និង​ប្រទេស​កាណាដា​ដើម្បី​ថ្លែង​សុន្ទរកថា​សាធារណៈ។ បង​ប្អូន​ទាំង​នោះ​បាន​សុំ​ឈ្មោះ​និង​អាសយដ្ឋាន​របស់​អ្នក​ចាប់​អារម្មណ៍​ដែល​បាន​មក​ស្ដាប់​សុន្ទរកថា ហើយ​រៀបចំ​ឲ្យ​ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​អ្នក​ចាប់​អារម្មណ៍​ម្នាក់​ដើម្បី​បង្កើត​«​ក្រុម​»​ថ្មី។ នៅ​ឆ្នាំ​១៩១៤ នៅ​ទូ​ទាំង​ពិភព​លោក​មាន​១.២០០​ក្រុម​ជំនុំ​នៃ​និស្សិត​គម្ពីរ។

១៣​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ចំពោះ​ការ​ផ្សព្វ​ផ្សាយ?

១៣ សព្វ​ថ្ងៃ​នេះ នៅ​ពាស​ពេញ​ពិភព​លោក​មាន​ក្រុម​ជំនុំ​ប្រហែលជា​១០៩.៤០០ ហើយ​បង​ប្អូន​ប្រុស​ស្រី​ប្រហែលជា​៨៩៥.៨០០​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ ឥឡូវ​នេះ មនុស្ស​ជិត​៨​លាន​នាក់​ទទួល​យក​«​ចំណេះ​[​ពិត​]​»​ដោយ​អនុវត្ត​ចំណេះ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ (​សូម​អាន អេសាយ ៦០:២២) * នេះ​ជា​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ដោយ​សារ​លោក​យេស៊ូ​បាន​ទាយ​ថា​៖ ​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​»​អ្នក​កាន់​តាម​លោក​ដោយ​សារ​ឈ្មោះ​របស់​លោក។ លោក​បាន​បន្ថែម​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​គេ​បៀតបៀន ចាប់​ដាក់​គុក ថែម​ទាំង​សម្លាប់​ពួក​គេ​ទៀត​ផង។ (​លូក. ២១:១២​-​១៧​) ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​សាថាន ពួក​វិញ្ញាណ​កំណាច​របស់​វា និង​អ្នក​ប្រឆាំង​ដែល​ជា​មនុស្ស​ជាតិ​ក៏​ដោយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ដែល​ជា​ភារកិច្ច​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​នៅ​«​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​ ពី​តំបន់​ព្រៃ​ស្តុក​នា​តំបន់​ត្រូពិច​ដល់​តំបន់​ភាគ​ខាង​ជើង​ដែល​ត្រជាក់​ខ្លាំង នៅ​ទី​រហោឋាន នៅ​តំបន់​ភ្នំ នៅ​ទី​ក្រុង​និង​នៅ​ជនបទ​ដាច់​ស្រយាល។ (​ម៉ាថ. ២៤:១៤​) កិច្ចការ​នេះ​មិន​អាច​សម្រេច​បាន​ឡើយ​បើ​គ្មាន​ការ​គាំទ្រ​ពី​ព្រះ​ទេ។

«​ចំណេះ​[​ពិត​]​»​កាន់​តែ​«​ចំរើន​ឡើង​»​

១៤​. តើ​តាម​របៀប​ណា​«​ចំណេះ​[​ពិត​]​»​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ​និង​ទស្សនាវដ្ដី?

១៤ ​«​ចំណេះ​[​ពិត​]​»​បាន​កាន់​តែ​ចម្រើន​ឡើង​តាម​រយៈ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ច្រើន​នាក់។ ចំណេះ​នេះ​ក៏​បាន​ចម្រើន​ឡើង​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ​និង​ទស្សនាវដ្ដី​ដែរ។ នៅ​ខែ​កក្កដា ឆ្នាំ​១៨៧៩ និស្សិត​គម្ពីរ​បាន​ចេញ​លេខ​ដំបូង​នៃ​ទស្សនាវដ្ដី​នេះ ដែល​មាន​ចំណង​ជើង​ថា​ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​គ្រិស្ត ជា​ភាសា​អង់គ្លេស។ និស្សិត​គម្ពីរ​បាន​ជួល​ក្រុមហ៊ុន​មួយ​បោះពុម្ព​លេខ​ដំបូង​នៃ​ទស្សនាវដ្ដី​នេះ​ចំនួន​៦.០០០​ច្បាប់​ជា​ភាសា​អង់គ្លេស។ បង​ប្រុស​ឆាល្ស​ថេហ្ស រ៉ាសិល​ដែល​មាន​អាយុ​២៧​ឆ្នាំ បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​បោះពុម្ព​ផ្សាយ ដោយ​មាន​និស្សិត​គម្ពីរ​ដែល​មាន​គំនិត​ចាស់​ទុំ​៥​នាក់​ទៀត​បម្រើ​ជា​អ្នក​សរសេរ​អត្ថបទ​ជា​ទៀង​ទាត់។ ឥឡូវ​ទស្សនាវដ្ដី​ប៉មយាម​នេះ​បាន​ត្រូវ​បោះពុម្ព​១៩៥​ភាសា។ ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ច្រើន​ជាង​គេ​លើ​ពិភព​លោក ក្នុង​មួយ​លេខ​ៗ​មាន​៤២.១៨២.០០០​ច្បាប់។ ទស្សនាវដ្ដី​បន្ទាប់​គឺ​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! ជា​ភាសា​អង់គ្លេស ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​៤១.០៤២.០០០​ច្បាប់ ក្នុង​៨៤​ភាសា។ ម្យ៉ាង​ទៀត សៀវភៅ​និង​គម្ពីរ​ប្រហែលជា​១០០​លាន​ក្បាល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​រាល់​ឆ្នាំ។

១៥​. តើ​កិច្ចការ​បោះពុម្ព​ផ្សាយ​របស់​យើង​បាន​ត្រូវ​គាំទ្រ​ដោយ​អ្វី?

១៥ កិច្ចការ​ដ៏​ធំ​សម្បើម​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត។ (​សូម​អាន ម៉ាថាយ ១០:៨) ពួក​អ្នក​ដែល​រក​ស៊ី​បោះពុម្ព​ស្ងើចសរសើរ​ចំពោះ​កិច្ចការ​ដែល​គាំទ្រ​ដោយ​វិភាគ​ទាន​នេះ ដោយ​សារ​ពួក​គេ​ដឹង​ថា​ម៉ាស៊ីន​បោះពុម្ព ក្រដាស ទឹក​ខ្មៅ​និង​ឧបករណ៍​ឯ​ទៀត​សម្រាប់​បោះពុម្ព​គឺ​ថ្លៃ​ណាស់។ បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ខាង​ការ​ទិញ​សម្ភា​របោះ​ពុម្ព​បាន​និយាយ​ថា​៖ ​«​ពួក​អ្នក​រក​ស៊ី​ដែល​បាន​មក​មើល​រោង​ពុម្ព​របស់​យើង​បាន​កោត​ស្ងើច​ថា ម៉ាស៊ីន​បោះពុម្ព​បែប​នេះ​ដែល​ប្រើ​បច្ចេកវិជ្ជា​ជឿន​លឿន​ហើយ​ដែល​ផលិត​សៀវភៅ​និង​ទស្សនាវដ្ដី​បាន​ច្រើន​អាច​ត្រូវ​គាំទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត។ ពួក​គេ​ក៏​កោត​ស្ងើច​ដែរ​ដោយ​ឃើញ​បង​ប្អូន​ដែល​បម្រើ​នៅ​បេតអែល​សុទ្ធ​តែ​ក្មេង​ៗ ហើយ​បម្រើ​ដោយ​សប្បាយ​រីករាយ​»។

ចំណេះ​របស់​ព្រះ​នឹង​មាន​ពេញ​ផែនដី

១៦​. តើ​អ្វី​ជា​គោល​បំណង​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​«​ចំណេះ​[​ពិត​]​»​?

១៦ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​«​ចំណេះ​[​ពិត​]​»​ចម្រើន​ឡើង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​គឺ​«​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៣, ៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ស្គាល់​សេចក្ដី​ពិត​ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ត្រឹម​ត្រូវ និង​ទទួល​ពរ​ពី​លោក។ តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​«​ចំណេះ​[​ពិត​]​»​ ព្រះ​យេហូវ៉ា​បាន​ប្រមូល​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​លោក​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ តាម​រយៈ​កិច្ចការ​នេះ​ដែរ លោក​បាន​ប្រមូល​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​មក​ពី​«​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​លើ​ផែនដី។—បប. ៧:៩

១៧​. តើ​ការ​រីក​ចម្រើន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​បង្ហាញ​អំពី​អ្វី?

១៧ ការ​រីក​ចម្រើន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​ក្នុង​រយៈ​ពេល​ជាង​១៣០​ឆ្នាំ​កន្លង​ទៅ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​ដែល​លោក​បាន​តែង​តាំង បាន​នៅ​ជា​មួយ​និង​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​លើ​ផែនដី ពោល​គឺ​ណែនាំ ការពារ រៀបចំ​និង​បង្ហាត់​បង្រៀន​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ថា​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​នៅ​សម័យ​យើង​នេះ ដូច្នេះ​យើង​អាច​ប្រាកដ​ថា​លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​នៅ​អនាគត។ មនុស្ស​«​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ​»។ (​អេ. ១១:៩​) ហេតុ​នេះ មនុស្ស​ជាតិ​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​មែន!

[​កំណត់​សម្គាល់​]

^ វគ្គ 6 អ្នក​នឹង​ទទួល​ប្រយោជន៍​ដោយ​មើល​ឌីវីឌី​ដែល​មាន​ចំណង​ជើង​ថា សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ជំនឿ ភាគ​ទី​១: ពេល​ចេញ​ពី​សេចក្ដី​ងងឹត និង​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ជំនឿ ភាគ​ទី​២: ចូរ​ឲ្យ​ពន្លឺ​ភ្លឺ​ឡើង ជា​ភាសា​អង់គ្លេស។

^ វគ្គ 13 សូម​មើល​សៀវភៅ​បទ​ទំនាយ​របស់​អេសាយ​គឺជា​ពន្លឺ​សម្រាប់​មនុស្ស​ជាតិ ភាគ​ទី​២ ទំព័រ​៣២០ ជា​ភាសា​អង់គ្លេស។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៦​]

និស្សិត​គម្ពីរ​នៅ​សម័យ​មុន​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ដែល​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ស្មោះ​ពី​ចិត្ត

[​រូបភាព​នៅ​ទំព័រ​៧​]

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ព្យាយាម​របស់​អ្នក​ក្នុង​ការ​ធ្វើ​ឲ្យ​«​ចំណេះ[​ពិត​]​»​របស់​ព្រះ​បាន​ឮ​សុសសាយ