លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរកាន់ជំហរមាំមួន ហើយជៀសពីអន្ទាក់របស់សាថាន!

ចូរកាន់ជំហរមាំមួន ហើយជៀសពីអន្ទាក់របស់សាថាន!

ចូរ​កាន់​ជំហរ​មាំ​មួន ហើយ​ជៀស​ពី​អន្ទាក់​របស់​សាថាន!

​«​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេកំណាច​»។—អេភ. ៦:១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​អាច​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ?

តើ​អ្វី​អាច​ជួយ​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​រៀប​ការ​ហើយ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែល​ប្រៀប​ដូច​ជា​ការ​ធ្លាក់​ក្នុង​រណ្ដៅ?

ហេតុ​អ្វី​អ្នក​ជឿជាក់​ថា​ការ​កាន់​ជំហរ​មាំ​មួន​ដើម្បី​ទប់​ទល់​នឹង​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ និង​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​មាន​ប្រយោជន៍?

១, ២​. ​(​ក​) ហេតុ​អ្វី​សាថាន​គ្មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​រើស​តាំង​និង​ចំពោះ​«​ចៀម​ឯ​ទៀត​»​? (​ខ​) តើ​អន្ទាក់​អ្វី​ខ្លះ​របស់​សាថាន​ដែល​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​នេះ?

មេកំណាច​សាថាន​គ្មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​មនុស្ស ជា​ពិសេស​ចំពោះ​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត សាថាន​ច្បាំង​នឹង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌។ (​បប. ១២:១៧​) គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​នាំ​មុខ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក។ មេកំណាច​ក៏​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​«​ចៀម​ឯ​ទៀត​»​ដែល​គាំទ្រ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ដែល​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​សេចក្ដី​សង្ឃឹម​មួយ​ដែល​សាថាន​លែង​មាន​ទៀត។ (​យ៉ូន. ១០:១៦​) ហេតុ​នេះ មិន​ចម្លែក​ទេ​ដែល​វា​ខឹង​ខ្លាំង​ណាស់! ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​រស់​នៅ​លើ​ផែនដី​ក្ដី សាថាន​ប្រាកដជា​មិន​ចង់​ឲ្យ​យើង​មាន​សុភមង្គល​ទេ។ គោលដៅ​របស់​វា​គឺ​យក​យើង​ធ្វើ​ជា​ចំណី​របស់​វា។—១ពេ. ៥:៨

ដើម្បី​សម្រេច​គោលដៅ​របស់​វា សាថាន​បាន​ដាក់​អន្ទាក់​ផ្សេង​ៗ។ ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត ពួក​គេ​មិន​ទទួល​យក​ដំណឹង​ល្អ ហើយ​មិន​អាច​ឃើញ​អន្ទាក់​ទាំង​នេះ​ទេ។ ប៉ុន្តែ មេកំណាច​ក៏​ចាប់​មនុស្ស​ខ្លះ​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដែរ។ (​២កូ. ៤:៣, ៤​) អត្ថបទ​មុន​បាន​បង្ហាញ​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​អន្ទាក់​បី​យ៉ាង​របស់​សាថាន​គឺ (​១​) ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី (​២​) ការ​ភ័យ​ខ្លាច​និង​ការ​បង្ខិត​បង្ខំ ហើយ (​៣​) ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក។ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​អន្ទាក់​ពីរ​ផ្សេង​ទៀត​របស់​សាថាន ពោល​គឺ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​គឺជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ថប់

៣, ៤​. តើ​តាម​របៀប​ណា​ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​អាច​នាំ​ឲ្យ​មនុស្ស​ចង់​បាន​ទ្រព្យ​សម្បត្ដិ?

នៅ​ក្នុង​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ឯ​ទៀត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ដី​ដែល​មាន​បន្លា។ លោក​បាន​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ប្រហែលជា​ឮ​បណ្ដាំ​ព្រះ​«​ប៉ុន្តែ​ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ ក៏​គ្រប​បាំង​បណ្ដាំ​នោះ​ជិត ហើយ​អ្នក​នោះ​មិន​បង្កើត​ផល​ឡើយ​»។ (​ម៉ាថ. ១៣:​២២​) ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​គឺជា​អន្ទាក់​មួយ​ដែល​សាថាន​ដែល​ជាស​ត្រូវ​របស់​យើង​ប្រើ។

មាន​កត្ដា​ពីរ​យ៉ាង​គួប​ផ្សំ​គ្នា​ដែល​គ្រប​បាំង​បណ្ដាំ​របស់​ព្រះ។ កត្ដា​ទី​១​គឺ ​«​ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​»។ នៅ​‹គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​លំបាក›​នេះ មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្វល់ខ្វាយ។ (​២ធី. ៣:១​) អ្នក​ប្រហែលជា​ពិបាក​បង់​ថ្លៃ​អ្វី​ដែល​អ្នក​ត្រូវ​ការ ពីព្រោះ​អីវ៉ាន់​គឺ​ថ្លៃ​ណាស់​ឬ​ពីព្រោះ​អ្នក​គ្មាន​ការងារ​ធ្វើ។ អ្នក​ក៏​ប្រហែលជា​បារម្ភ​អំពី​អនាគត​ដែរ ហើយ​ឆ្ងល់​ថា ‹តើ​ខ្ញុំ​នឹង​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់​ក្រោយ​ពី​ខ្ញុំ​ចូល​និវត្តន៍​ឬ​ទេ?›។ មនុស្ស​ខ្លះ​ខំ​រក​លុយ​ឲ្យ​បាន​ច្រើន ពីព្រោះ​ពួក​គេ​គិត​ថា​ប្រសិនបើ​មាន​លុយ​ច្រើន ពួក​គេ​នឹង​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ជា​និច្ច។

៥​. តើ​«​ទ្រព្យ​សម្បត្ដិ​»​ប្រហែលជា​ល្បួង​យើង​តាម​វិធី​ណា?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​កត្ដា​ផ្សេង​ទៀត​គឺ ​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»។ ការ​ល្បួង​នេះ​គួប​ផ្សំ​គ្នា​ជា​មួយ​ការ​ខ្វល់ខ្វាយ​អាច​គ្រប​បាំង​បណ្ដាំ​របស់​ព្រះ។ គម្ពីរ​ទទួល​ស្គាល់​ថា​៖ ​«​ប្រាក់ . . . ជា​គ្រឿង​ការពារ​ខ្លួន​»។ (​សាស្ដ. ៧:១២​) ប៉ុន្តែ ការ​ខំ​ស្វែងរក​ទ្រព្យ​សម្បត្ដិ​គឺ​មិន​មែន​ជា​អ្វី​ដ៏​ឈ្លាស​វៃ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​បាន​ដឹង​ថា​ពេល​ដែល​ពួក​គេ​កាន់​តែ​ខំ​ស្វែងរក​ទ្រព្យ​សម្បត្ដិ ពួក​គេ​កាន់​តែ​ជាប់​អន្ទាក់​នៃ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ។ មនុស្ស​ខ្លះ​បាន​ក្លាយ​ជា​ខ្ញុំ​បម្រើ​នៃ​ទ្រព្យ​សម្បត្ដិ។—ម៉ាថ. ៦:២៤

៦, ៧​. ​(​ក​) នៅ​កន្លែង​ធ្វើ​ការ តើ​តាម​របៀប​ណា​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​អាច​ជា​គ្រោះ​ថ្នាក់​មួយ? (​ខ​) តើ​គ្រិស្ត​សាសនិក​ម្នាក់​គួរ​ពិចារណា​អំពី​អ្វី​ខ្លះ ពេល​គេ​ស្នើ​គាត់​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង?

ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ប្រហែលជា​ចាប់​ផ្ដើម​ដោយ​មិន​ដឹង​ខ្លួន។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​រឿង​នេះ។ និយោជក​របស់​អ្នក​ចូល​មក​ជិត​អ្នក ហើយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ! ក្រុមហ៊ុន​ទទួល​បាន​កិច្ច​សន្យា​ដ៏​ធំ​មួយ។ នេះ​មាន​ន័យ​ថា​ចាប់​ពី​ពីរ​បី​ខែ​ក្រោយ អ្នក​នឹង​ធ្វើ​ការ​ថែម​ម៉ោង​ជា​ញឹក​ញាប់។ ប៉ុន្តែ ខ្ញុំ​ធានា​ថា​អ្នក​នឹង​ទទួល​បាន​ប្រាក់​ខែ​ច្រើន​សម​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​»។ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សំណើ​បែប​នេះ? មែន​ហើយ ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ខាង​សម្ភារ​គឺជា​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​នេះ​មិន​មែន​ជា​ភារកិច្ច​តែ​មួយ​ដែល​អ្នក​មាន​នោះ​ទេ។ (​១ធី. ៥:៨​) មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​តែ​ពិចារណា។ តើ​អ្នក​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ប៉ុណ្ណា? តើ​ការងារ​របស់​អ្នក​នឹង​រំខាន​ដល់​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែល​រួម​បញ្ចូល​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​ទេ?

ពេល​អ្នក​គិត​ថ្លឹង​ថ្លែង​មុន​សម្រេច​ចិត្ត តើ​អ្នក​គិត​ថា​អ្វី​សំខាន់​បំផុត​សម្រាប់​អ្នក? លុយ​បន្ថែម​ឬ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា? តើ​ការ​ចង់​បាន​លុយ​ថែម​នឹង​នាំ​ឲ្យ​អ្នក​លែង​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​ឃើញ​ថា​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក ប្រសិនបើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណង​មិត្តភាព​របស់​អ្នក​និង​ក្រុម​គ្រួសារ​អ្នក​ជា​មួយ​ព្រះ? បើ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក​នៅ​ពេល​ឥឡូវ​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​កាន់​ជំហរ​មាំ​មួន ហើយ​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ដែល​រារាំង​ការ​គោរព​ប្រណិប័តន៍​ព្រះ?—សូម​អាន ធីម៉ូថេទី១ ៦:៩, ១០

៨​. តើ​ការ​ពិចារណា​គំរូ​ណាខ្លះ​ក្នុង​បទ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ពិចារណា ហើយ​កែប្រែ​របៀប​រស់​នៅ​របស់​យើង?

ដើម្បី​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ដែល​រារាំង​ការ​គោរព​ប្រណិប័តន៍​ព្រះ ម្ដង​ម្កាល សូម​ពិចារណា ហើយ​កែប្រែ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​នឹង​មិន​ចង់​ធ្វើ​ដូច​អេសាវ ដែល​ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​មើល​ងាយ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា! (​លោ. ២៥:៣៤; ហេ. ១២:១៦​) អ្នក​ប្រាកដជា​មិន​គួរ​ធ្វើ​ដូច​បុរស​អ្នក​មាន​ដែល​លោក​យេស៊ូ​បាន​អញ្ជើញ​ឲ្យ​លក់​អ្វី​ដែល​គាត់​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ រួច​ទៅ​តាម​លោក​យេស៊ូ​នោះ​ទេ។ ជា​ជាង​ធ្វើ​តាម​ការ​អញ្ជើញ​របស់​លោក​យេស៊ូ បុរស​នោះ​«​បាន​ចេញ​ទៅ​ដោយ​មាន​ក្ដី​ទុក្ខ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​»។ (​ម៉ាថ. ១៩:​២១, ២២​) ដោយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ បុរស​នោះ​បាន​បាត់បង់​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ គឺ​គាត់​អាច​ទៅ​ជា​អ្នក​កាន់​តាម​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ! សូម​ប្រយ័ត្ន​កុំ​ឲ្យ​យើង​បាត់បង់​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។

៩, ១០​. តាម​ដែល​អ្នក​យល់​តើ​គម្ពីរ​បញ្ជាក់​យ៉ាង​ណា​អំពី​ទ្រព្យ​សម្បត្ដិ?

ដើម្បី​ទប់​ទល់​នឹង​ការ​ខ្វល់ខ្វាយ​អំពី​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​ក៏​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?› ព្រោះ​របស់​ទាំង​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែងរក។ បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ​»។—ម៉ាថ. ៦:៣១, ៣២; លូក. ២១:៣៤, ៣៥

១០ ជា​ជាង​ធ្លាក់​ក្នុង​អន្ទាក់​ដែល​ជា​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ ចូរ​ខំ​ប្រឹង​ធ្វើ​តាម​ទស្សនៈ​របស់​អេគើរ​ដែល​ជា​អ្នក​សរសេរ​គម្ពីរ។ គាត់​បាន​ពោល​ថា​៖ ​«​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់តែ​ចិញ្ចឹម​ទូល​បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ​»។ (​សុភ. ៣០:៨​) អេគើរ​បាន​យល់​យ៉ាង​ច្បាស់​ថា​លុយ​អាច​ការពារ​គាត់ ហើយ​ក៏​យល់​អំពី​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​ដែរ។ សូម​ចាំ​ថា ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​អាច​បំផ្លាញ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ។ ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ទ្រព្យ​សម្បត្ដិ​អាច​ស៊ី​ពេល​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង ហើយ​នេះ​នាំ​ឲ្យ​អ្នក​មិន​សូវ​ចង់​ឬ​លែង​ចង់​ស្វែងរក​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ដែល​ជា​អ្វី​ដែល​សំខាន់​បំផុត។ ដូច្នេះ សូម​តាំង​ចិត្ត​មិន​ឲ្យ​ជាប់​អន្ទាក់​របស់​សាថាន ដែល​ជា​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ឡើយ!—សូម​អាន ហេប្រឺ ១៣:៥

អំពើ​ផិត​ក្បត់​គឺជា​រណ្ដៅ​មួយ​ដែល​បាន​ត្រូវ​លាក់​យ៉ាង​ប៉ិនប្រសប់

១១, ១២​. តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ម្នាក់​អាច​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់?

១១ ព្រាន​ដែល​ចង់​ចាប់​សត្វ​ដែល​មាន​កម្លាំង​ខ្លាំង ប្រហែលជា​ជីក​រណ្ដៅ​មួយ​នៅ​កន្លែង​ដែល​សត្វ​នោះ​ឆ្លង​កាត់​ជា​ញឹក​ញាប់។ តាម​ធម្មតា​រណ្ដៅ​នោះ​បាន​ត្រូវ​គ្រប​យ៉ាង​ស្តើង​ដោយ​មែក​ឈើ​និង​ដី។ ការ​ល្បួង​មួយ​ក្នុង​ចំណោម​ការ​ល្បួង​ដែល​សាថាន​ប្រើ​ដោយ​ជោគជ័យ​បំផុត​គឺ​ស្រដៀង​នឹង​អន្ទាក់​នេះ​ដែរ។ សេចក្ដី​ល្បួង​នេះ​គឺ​អំពើ​ប្រាសចាក​សីលធម៌​ដែល​ជា​អំពើ​ខុស​ឆ្គង។ (​សុភ. ២២:១៤; ២៣:២៧​) គ្រិស្ត​សាសនិក​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​នោះ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ងាយ​ចាញ់​សេចក្ដី​ល្បួង ហើយ​បោះបង់​ចោល​គោលការណ៍​គម្ពីរ​យ៉ាង​ងាយ​ស្រួល។ គ្រិស្ត​សាសនិក​ខ្លះ​ដែល​បាន​រៀប​ការ​ហើយ បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ក្រោយ​ពី​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

១២ ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន អាច​កកើត​ឡើង​នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក។ តាម​ការ​ពិត ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ជាង​ពាក់​កណ្ដាល​នៃ​ស្ត្រី​ដែល​ផិត​ប្ដី ហើយ​ជិត​បី​ភាគ​បួន​នៃ​បុរស​ដែល​ក្បត់​ប្រពន្ធ បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​អ្នក​រួម​ការងារ។ តើ​ការងារ​របស់​អ្នក​តម្រូវ​ឲ្យ​អ្នក​សេពគប់​ជា​មួយ​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​ពី​អ្នក​ឬ​ទេ? បើ​ដូច្នេះ​មែន តើ​អ្នក​មាន​ទំនាក់​ទំនង​បែប​ណា​ជា​មួយ​ពួក​គេ? តើ​អ្នក​បាន​ដាក់​កម្រិត​ថា​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​នោះ​តែ​ក្នុង​រឿង​ការងារ​ប៉ុណ្ណោះ និង​មិន​ឲ្យ​មាន​អ្វី​លើស​ពី​នេះ​ឬ​ទេ? ជា​ឧទាហរណ៍ ក្រោយ​ពី​និយាយ​គ្នា​លេង​ជា​ច្រើន​ដង​ជា​មួយ​បុរស​ម្នាក់​ដែល​ជា​អ្នក​រួម​ការងារ បង​ស្រី​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​ទុក​ចិត្ត​បុរស​នោះ ហើយ​ថែម​ទាំង​បាន​ប្រាប់​គាត់​អំពី​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​នាង​ទៀត​ផង។ ក្នុង​ស្ថានភាព​មួយ​ទៀត ក្រោយ​ពី​បាន​ស្និទ្ធ​ស្នា​ល​ជា​មួយ​ស្ត្រី​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ បង​ប្រុស​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​សន្និដ្ឋាន​ថា ​«​ស្ត្រី​នេះ​ឲ្យ​តម្លៃ​ទៅ​លើ​ទស្សនៈ​របស់​ខ្ញុំ នាង​ពិត​ជា​ស្ដាប់​ពេល​ខ្ញុំ​និយាយ​ទៅ​រក​នាង ហើយ​នាង​ពិត​ជា​គោរព​ខ្ញុំ​មែន! ខ្ញុំ​ចង់​ឲ្យ​ប្រពន្ធ​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ខ្ញុំ​ដែរ!​»។ តើ​អ្នក​អាច​ឃើញ​នូវ​របៀប​ដែល​គ្រិស្ត​សាសនិក​ទាំង​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ងាយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ឬ​ទេ?

១៣​. តើ​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន​អាច​កកើត​ឡើង​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ក្រុម​ជំនុំ?

១៣ ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន​អាច​កកើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ។ សូម​ពិចារណា​ឧទាហរណ៍​នេះ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​ពិត។ ដា​នី​យ៉ែល​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សារ៉ា *គឺជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ដា​នី​យ៉ែល​ប្រាប់​ថា​គាត់​ក៏​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ព្រម​ទទួល​ឯកសិទ្ធិ​ទាំង​អស់​ដែល​ក្រុម​ជំនុំ​សុំ​ឲ្យ​គាត់​ធ្វើ។ ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ដា​នី​យ៉ែល គាត់​បង្រៀន​សិស្ស​គម្ពីរ​ប្រាំ​នាក់​ដែល​ជា​យុវជន ហើយ​សិស្ស​បី​នាក់​ក្នុង​ចំណោម​នោះ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប្អូន​ប្រុស​ថ្មី​ទាំង​នេះ​ដែល​ទើប​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ការ​ជំនួយ​ជា​ច្រើន។ ពេល​ដា​នី​យ៉ែល​ជាប់​រវល់​យ៉ាង​ខ្លាំង​នឹង​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ ជា​រឿយ​ៗ​សារ៉ា​បាន​ជួយ​ពួក​គេ។ មិន​យូរ​ប៉ុន្មាន​រឿង​ដូច​ត​ទៅ​នេះ​បាន​កើត​ឡើង: សិស្ស​គម្ពីរ​ពី​មុន​របស់​ដានីយ៉ែល​ត្រូវ​ការ ការ​ជួយ​ជ្រោមជ្រែង​ខាង​ផ្លូវ​ចិត្ត ហើយ​ពួក​គេ​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​នេះ​ពី​សារ៉ា។ ពេល​សារ៉ា​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ នោះ​នាង​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សិស្ស​គម្ពីរ​របស់​ដានីយ៉ែល។ ស្ថានភាព​នោះ​គឺ​ដូច​ជា​អន្ទាក់​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ដា​នី​យ៉ែល​និយាយ​ថា​៖ ​«​ជា​ច្រើន​ខែ​ដែល​ប្រពន្ធ​របស់​ខ្ញុំ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត នេះ​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​ចុះ​ខ្សោយ ហើយ​ធ្វើ​ឲ្យ​នាង​អស់​កម្លាំង​ខាង​ផ្លូវ​ចិត្ត។ នេះ​គួប​ផ្សំ​នឹង​ការ​ដែល​ខ្ញុំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង បាន​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ខ្លោច​ផ្សា​កើត​ឡើង។ ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​អតីត​សិស្ស​គម្ពីរ​ម្នាក់​របស់​ខ្ញុំ។ ចំណង​មិត្តភាព​របស់​នាង​ជា​មួយ​ព្រះ​បាន​ចុះ​ខ្សោយ​នៅ​ខាង​មុខ​ខ្ញុំ តែ​ដោយ​សារ​ខ្ញុំ​គិត​ហួស​ហេតុ​ពេក​អំពី​ឯកសិទ្ធិ​ទាំង​អស់​របស់​ខ្ញុំ រហូត​ដល់​ខ្ញុំ​មិន​បាន​កត់​សម្គាល់​អំពី​រឿង​នេះ​ទេ​»។ តើ​អ្នក​អាច​ជៀស​វាង​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​នេះ​យ៉ាង​ដូច​ម្ដេច?

១៤, ១៥​. តើ​កត្ដា​អ្វី​ខ្លះ​ដែល​អាច​ជួយ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ហើយ​ជៀស​វាង​ពី​ការ​ផិត​ក្បត់?

១៤ ដើម្បី​ជៀស​វាង​ពី​អំពើ​ផិត​ក្បត់ អ្នក​ត្រូវ​យល់​អត្ថន័យ​នៃ​ការ​តាំង​ចិត្ត​នៅ​ស្មោះ​នឹង​គ្នា​ក្នុង​អាពាហ៍ពិពាហ៍។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថ. ១៩:៦​) សូម​កុំ​គិត​ថា​ឯកសិទ្ធិ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​សំខាន់​ជាង​គូ​របស់​អ្នក​ឡើយ។ ម្យ៉ាង​ទៀត ចូរ​ដឹង​ថា​ការ​ចំណាយ​ពេល​ជា​រឿយ​ៗ​ឆ្ងាយ​ពី​គូ​របស់​អ្នក​ដើម្បី​ធ្វើ​សកម្មភាព​ដែល​មិន​ចាំ​បាច់ ប្រហែល​ជា​អាច​នាំ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​មិន​រឹង​មាំ អាច​នាំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង ហើយ​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ។

១៥ ប៉ុន្តែ ប្រសិនបើ​អ្នក​ជា​អ្នក​ចាស់​ទុំ​ម្នាក់ តើ​អ្នក​អាច​ថែ​រក្សា​ហ្វូង​ចៀម​បាន​យ៉ាង​ណា? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់ពី​ចិត្ត​»។ (​១ពេ. ៥:២​) អ្នក​ប្រាកដជា​មិន​គួរ​ព្រងើយ​កន្តើយ​នឹង​សមាជិក​ក្នុង​ក្រុម​ជំនុំ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក។ ប៉ុន្តែ អ្នក​មិន​គួរ​បំពេញ​ភារកិច្ច​របស់​អ្នក​ជា​អ្នក​គង្វាល​ដោយ​មិន​បំពេញ​ភារកិច្ច​ជា​ប្ដី​នោះ​ទេ។ ការ​ដែល​អ្នក​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​អាហារ​ដល់​ក្រុម​ជំនុំ នៅ​ពេល​ដែល​គូ​របស់​អ្នក​នៅ​ផ្ទះ​កំពុង​«​អត់​ឃ្លាន​»​ឬ​កំពុង​ត្រូវ​ការ​ជំនួយ​នោះ គឺ​ឥត​ប្រយោជន៍ ហើយ​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​ចំណង​អាពាហ៍ពិពាហ៍។ ដា​នី​យ៉ែល (​ដែល​បាន​រៀប​រាប់​ខាង​លើ​) បាន​និយាយ​ថា​៖ ‹អ្នក​មិន​គួរ​ជាប់​រវល់​នឹង​ភារកិច្ច​របស់​អ្នក រហូត​ដល់​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រុម​គ្រួសារ​របស់​អ្នក​នោះ​ទេ›។

១៦, ១៧​. ​(​ក​) នៅ​កន្លែង​ធ្វើ​ការ តើ​គ្រិស្ត​សាសនិក​ដែល​រៀប​ការ​ហើយ​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​មិន​រក​គូ​ស្នេហា​ទៀត​ឡើយ? (​ខ​) សូម​ឲ្យ​ឧទាហរណ៍​មួយ​អំពី​អត្ថបទ​ដែល​បាន​បោះពុម្ព​ផ្សាយ​ដែល​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ជៀស​វាង​ពី​ការ​ផិត​ក្បត់។

១៦ ឱវាទ​ល្អ​ជា​ច្រើន​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​) អាច​ជួយ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ហើយ​ឲ្យ​ជៀស​វាង​អំពើ​ផិត​ក្បត់​ដែល​ប្រៀប​ដូច​ជា​អន្ទាក់។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៦ បាន​ជូន​យោបល់​ថា​៖ ​«​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ​ឬ​កន្លែង​ណា​ទៀត​ក្ដី ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ស្ថានភាព​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ធ្វើ​ការ​ឯ​ទៀត។ ជា​ឧទាហរណ៍ បើ​យើង​តែង​តែ​ធ្វើ​ការ​លើស​ម៉ោង​ជា​មួយ​មនុស្ស​ភេទ​ផ្សេង នេះ​អាច​បង្កើត​ឲ្យ​មាន​ស្ថានភាព​ដែល​ល្បួង​ចិត្ត។ បើ​អ្នក​មាន​គូ​អាពាហ៍ពិពាហ៍​ហើយ សម្ដី​និង​អាកប្បកិរិយា​របស់​អ្នក​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​មិន​រក​គូ​ស្នេហា​ទៀត​ឡើយ។ ហើយ​ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ អ្នក​ពិត​ជា​មិន​និយាយ​ចែចង់​ឬ​បញ្ចេញ​ឫ​ក​កាច់​រាង​ដោយ​ស្លៀក​ពាក់​សម្អិតសម្អាង​ខ្លួន​បែប​មិន​សមរម្យ​ទេ។ . . . បើ​ដាក់​រូប​ថត​គូ​អាពាហ៍ពិពាហ៍​និង​កូន​ៗ​នៅ​កន្លែង​ធ្វើ​ការ នេះ​ជួយ​រំលឹក​អ្នក ព្រម​ទាំង​ឲ្យ​មនុស្ស​ដទៃ​ដឹង​ថា អ្នក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្លួន​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ ចូរ​តាំង​ចិត្ត​មិន​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អាច​ទាញ​ចិត្ត​អ្នក​ដទៃ​ឲ្យ​មក​ស្រឡាញ់​យើង ហើយ​ចូរ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ចង់​យក​យើង​ធ្វើ​ជា​គូ​ស្នេហ៍​»។

១៧ អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​អ្នក តើ​តាម​ពិត​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា?​»​នៅ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! ខែ​មេ​សា ឆ្នាំ​២០០៩ ជា​ភាសា​អង់គ្លេស បាន​ព្រមាន​អំពី​ការ​ស្រមើ​ស្រមៃ​ចង់​រួម​ដំណេក​ជា​មួយ​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ អត្ថបទ​នេះ​បង្ហាញ​ថា​ការ​ស្រមើ​ស្រមៃ​ចង់​រួម​ដំណេក​នឹង​ផ្ដល់​លទ្ធភាព​កាន់​តែ​ច្រើន​ឡើង​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ (​យ៉ា. ១:១៤, ១៥​) ប្រសិនបើ​អ្នក​បាន​រៀប​ការ​ហើយ ជា​ការ​ល្អ​ដែល​អ្នក​និង​គូ​របស់​អ្នក​ពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌មាន​បែប​នេះ​ជា​មួយ​គ្នា​ម្ដង​ម្កាល។ អាពាហ៍ពិពាហ៍​គឺជា​របៀប​រៀបចំ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ដោយ​ផ្ទាល់ ហើយ​អាពាហ៍ពិពាហ៍​គឺ​ពិសិដ្ឋ។ ការ​លៃ​ទុក​ពេល​និយាយ​ជា​មួយ​គូ​របស់​អ្នក​អំពី​អាពាហ៍ពិពាហ៍​របស់​អ្នក គឺជា​វិធី​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ។—លោ. ២:​២១​-​២៤

១៨, ១៩​. ​(​ក​) តើ​ការ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នាំ​ឲ្យ​ទទួល​លទ្ធផល​អ្វី​ខ្លះ? (​ខ​) តើ​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​នាំ​ឲ្យ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៨ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ល្បួង​អ្នក​ឲ្យ​បង្កើត​ទំនាក់​ទំនង​ស្នេហា​ដែល​មិន​ត្រឹម​ត្រូវ សូម​រំពឹង​គិត​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​និង​អំពើ​ផិត​ក្បត់។ (​សុភ. ៧:​២២, ២៣; កាឡ. ៦:៧​) ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ធ្វើ​ឲ្យ​គូ​របស់​ពួក​គេ​និង​ខ្លួន​ពួក​គេ​ឈឺ​ចាប់។ (​សូម​អាន ម៉ាឡាគី ២:១៣, ១៤) ផ្ទុយ​ទៅ​វិញ ចូរ​ពិចារណា​អំពី​ប្រយោជន៍​ដែល​ពួក​អ្នក​ដែល​រក្សា​ការ​ប្រព្រឹត្ត​បរិសុទ្ធ​បាន​ទទួល។ ពួក​គេ​មិន​ត្រឹម​តែ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​មាន​ជីវិត​រស់​នៅ​ដ៏​ល្អ​បំផុត​នៅ​ឥឡូវ​នេះ រួម​ទាំង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​ផង​ដែរ។—សូម​អាន សុភាសិត ៣:១, ២

១៩ អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ​វិន័យ​[​របស់​ព្រះ​] នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ​»។ (​ទំនុក. ១១៩:១៦៥​) ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​«​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ដូច​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ​»​នៅ​សម័យ​ដ៏​អាក្រក់​នេះ។ (​អេភ. ៥:១៥, ១៦​) ផ្លូវ​ដែល​យើង​ដើរ​គឺ​ពោរ​ពេញ​ទៅ​ដោយ​អន្ទាក់​ដែល​សាថាន​បាន​ដាក់​ដើម្បី​ចាប់​អ្នក​គោរព​ប្រណិប័តន៍​ពិត។ ប៉ុន្តែ យើង​មាន​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​យើង​បាន។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​«​កាន់​ជំហរ​មាំ​មួន​»​ ហើយ​«​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេកំណាច​»។—អេភ. ៦:១១, ១៦

[​កំណត់​សម្គាល់​]

^ វគ្គ 13 ឈ្មោះ​បាន​ត្រូវ​ប្ដូរ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៦​]

ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​អាច​រារាំង​បុគ្គល​ម្នាក់​មិន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ។ សូម​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក​ឡើយ

[​រូបភាព​នៅ​ទំព័រ​២៩​]

ការ​ចែចង់ ឬ​ការ​បណ្ដោយ​ឲ្យ​គេ​ចែចង់​យើង​អាច​បណ្ដាល​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់