ចូរប្រព្រឹត្ដឲ្យសមជាពលរដ្ឋនៃរាជាណាចក្រព្រះ!
ចូរប្រព្រឹត្តឲ្យសមជាពលរដ្ឋនៃរាជាណាចក្រព្រះ!
«ចូរប្រព្រឹត្តឲ្យសមនឹងដំណឹងល្អ»។—ភី. ១:២៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើអ្នកណាអាចជាពលរដ្ឋនៃរាជាណាចក្រព្រះ?
តើយើងត្រូវធ្វើអ្វីស្តីអំពីភាសាប្រវត្ដិសាស្ត្រនិងច្បាប់របស់រាជាណាចក្រព្រះ?
តើតាមរបៀបណាដែលពលរដ្ឋនៃរាជាណាចក្រព្រះបង្ហាញថាពួកគេស្រឡាញ់ខ្នាតតម្រារបស់លោក?
១, ២. ហេតុអ្វីដំបូន្មានរបស់ប៉ូលចំពោះក្រុមជំនុំនៅក្រុងភីលីពមានអត្ថន័យពិសេស?
សាវ័កប៉ូលលើកទឹកចិត្តក្រុមជំនុំនៅក្រុងភីលីពថា៖ «ចូរប្រព្រឹត្តឲ្យសមនឹងដំណឹងល្អ»។ (សូមអាន ភីលីព ១:២៧) ពាក្យភាសាក្រិច«ប្រព្រឹត្ត»ដែលប៉ូលបានប្រើក៏ប្រហែលជាអាចបកប្រែថា«រួមចំណែកក្នុងសកម្មភាពរបស់ពលរដ្ឋ»។ ឃ្លានេះមានអត្ថន័យពិសេសសម្រាប់ក្រុមជំនុំនៅក្រុងភីលីព។ ហេតុអ្វី? គឺដោយសារក្រុងភីលីពជាក្រុងមួយក្នុងចំណោមក្រុងមួយចំនួនដែលបណ្ដាជនបានត្រូវអនុញ្ញាតឲ្យមានសញ្ជាតិរ៉ូម។ ពលរដ្ឋរ៉ូមនៅក្រុងភីលីពនិងនៅទូទាំងចក្រភពរ៉ូមមានមោទនភាពដោយសារសញ្ជាតិរបស់ពួកគេ ហើយពួកគេបានទទួលការការពារយ៉ាងពិសេសពីច្បាប់រ៉ូម។
២ សមាជិកក្រុមជំនុំនៅក្រុងភីលីពមានមូលហេតុប្រសើរជាងឲ្យពួកគេមានមោទនភាព។ ប៉ូលបានរំលឹកពួកគាត់ថាក្នុងនាមជាអ្នកដែលព្រះបានរើសតាំង ពួកគាត់ជាពលរដ្ឋនៅ«ស្ថានសួគ៌»។ (ភី. ៣:២០) ពួកគាត់មិនមែនជាពលរដ្ឋនៃចក្រភពរបស់មនុស្សនោះទេ តែជាពលរដ្ឋនៃរាជាណាចក្រព្រះ។ ហេតុនេះ ពួកគាត់ទទួលការការពារនិងប្រយោជន៍ដែលមិនអាចប្រៀបផ្ទឹមបាន។—អេភ. ២:១៩-២២
៣. (ក) តើអ្នកណានឹងមានឱកាសក្លាយជាពលរដ្ឋនៃរាជាណាចក្រព្រះ? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទនេះ?
៣ ការដាស់តឿនរបស់ប៉ូលឲ្យ«រួមចំណែកក្នុងសកម្មភាពរបស់ពលរដ្ឋ»ជាបឋមគឺសម្រាប់អស់អ្នកដែលនឹងគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌។ (ភី. ៣:២០) ប៉ុន្តែការដាស់តឿននេះក៏សម្រាប់ពលរដ្ឋនៃរាជាណាចក្រព្រះដែលនៅផែនដីផងដែរ។ ហេតុអ្វី? ពីព្រោះគ្រិស្តសាសនិកទាំងអស់ដែលបានប្រគល់ខ្លួនជូនព្រះ បម្រើស្តេចតែមួយគឺព្រះយេហូវ៉ា ហើយត្រូវរស់នៅស្របតាមខ្នាតតម្រាដូចគ្នាដែរ។ (អេភ. ៤:៤-៦) សព្វថ្ងៃនេះ មនុស្សខំប្រឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាពលរដ្ឋនៃប្រទេសជឿនលឿន។ យើងក៏ត្រូវឲ្យតម្លៃចំពោះឱកាសធ្វើជាពលរដ្ឋនៃរាណាចក្រព្រះខ្លាំងជាងនេះទៅទៀត! ដើម្បីបង្កើនចិត្តដឹងគុណចំពោះឯកសិទ្ធិនេះ សូមឲ្យយើងពិចារណានូវចំណុចខ្លះដែលស្រដៀងគ្នារវាងតម្រូវការដើម្បីធ្វើជាពលរដ្ឋនៃរដ្ឋាភិបាលរបស់មនុស្ស និងតម្រូវការដើម្បីធ្វើជាពលរដ្ឋនៃរាជាណាចក្រព្រះ។ ហេតុនេះ យើងនឹងពិចារណានូវចំណុចបីយ៉ាងដែលយើងត្រូវធ្វើ បើយើងចង់បន្តធ្វើជាពលរដ្ឋនៃរាជាណាចក្រព្រះ។
តម្រូវការដើម្បីធ្វើជាពលរដ្ឋ
៤. តើភាសាបរិសុទ្ធជាអ្វី ហើយតើតាមរបៀបណាយើងអាច«និយាយ»ភាសានេះ?
៤ រៀនភាសា។ រដ្ឋាភិបាលខ្លះរបស់មនុស្សតម្រូវឲ្យអ្នកដែលដាក់ពាក្យសុំចូលសញ្ជាតិ ចេះនិយាយភាសាដែលគេនិយាយច្រើនជាងគេនៅប្រទេសនោះ។ ទោះជាក្រោយពីពួកគេបានចូលសញ្ជាតិហើយក៏ដោយ ពួកគេប្រហែលជាព្យាយាមអស់ជាច្រើនឆ្នាំដើម្បីនិយាយភាសាថ្មីនោះឲ្យបានស្ទាត់។ ពួកគេប្រហែលជារៀនក្បួនវេយ្យាករណ៍យ៉ាងឆាប់រហ័ស ប៉ុន្តែពួកគេប្រហែលជាត្រូវការពេលដើម្បីរៀនអានពាក្យឲ្យបានត្រឹមត្រូវ។ ស្រដៀងគ្នាដែរ រាជាណាចក្រព្រះតម្រូវឲ្យពលរដ្ឋរៀនអ្វីដែលគម្ពីរហៅថា«បបូរមាត់ស្អាត»ឬភាសាបរិសុទ្ធ។ (សូមអាន សេផានា ៣:៩) តើភាសានេះជាអ្វី? គឺជាសេចក្ដីពិតអំពីព្រះនិងគោលបំណងរបស់លោកដែលមានក្នុងគម្ពីរ។ ពេលយើងប្រព្រឹត្តសមស្របតាមច្បាប់និងគោលការណ៍របស់ព្រះ គឺប្រៀបដូចជាយើង«និយាយ»ភាសាបរិសុទ្ធ។ ពលរដ្ឋនៃរាជាណាចក្រព្រះប្រហែលជារៀនសេចក្ដីបង្រៀនបឋមក្នុងគម្ពីរយ៉ាងឆាប់រហ័ស ហើយទទួលការជ្រមុជទឹក។ ប៉ុន្តែ សូម្បីតែក្រោយពេលពួកគេបានទទួលការជ្រមុជទឹកហើយក៏ដោយ ពួកគេត្រូវតែខំប្រឹង«និយាយ»ភាសាបរិសុទ្ធឲ្យបានកាន់តែប្រសើរឡើង។ តើតាមរបៀបណា? យើងម្នាក់ៗមិនត្រឹមតែដឹងអំពីគោលការណ៍គម្ពីរប៉ុណ្ណោះទេ តែយើងត្រូវព្យាយាមអនុវត្តគោលការណ៍ទាំងអស់នោះផងដែរ។
៥. ហេតុអ្វីយើងគួរខំរៀនអ្វីទាំងអស់ដែលយើងអាចរៀនបានអំពីប្រវត្ដិរបស់អង្គការព្រះយេហូវ៉ា?
៥ រៀនប្រវត្ដិសាស្ត្រ។ បុគ្គលម្នាក់ដែលមានបំណងចង់ក្លាយជាពលរដ្ឋនៃរដ្ឋាភិបាលមនុស្ស ប្រហែលជាត្រូវរៀនអំពីប្រវត្ដិសាស្ត្ររបស់រដ្ឋាភិបាលនោះ។ ស្រដៀងគ្នាដែរ អស់អ្នកដែលមានបំណងចង់ធ្វើជាពលរដ្ឋនៃរាជាណាចក្រព្រះគួរខំរៀនអ្វីទាំងអស់ដែលពួកគេអាចរៀនបានអំពីរាជាណាចក្រនោះ។ សូមពិចារណាអំពីគំរូនៃកូនប្រុសរបស់កូរ៉ា ដែលបានបម្រើនៅស្រុកអ៊ីស្រាអែលសម័យបុរាណ។ ពួកគេស្រឡាញ់ក្រុងយេរូសាឡិមនិងកន្លែងគោរពប្រណិប័តន៍នៅក្រុងនោះ ហើយសប្បាយនឹងរៀបរាប់អំពីប្រវត្ដិសាស្ត្រនៃក្រុងនោះណាស់។ ពួកគេមិនចាប់អារម្មណ៍អំពីថ្មនិងបាយអនោះទេ ប៉ុន្តែពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងអំពីអ្វីដែលក្រុងនិងកន្លែងគោរពប្រណិប័តន៍នោះជាតំណាងវិញ។ ក្រុងយេរូសាឡិមគឺជា«ក្រុងនៃមហាក្សត្រដ៏ធំ»ពោលគឺក្រុងនៃព្រះយេហូវ៉ា ពីព្រោះក្រុងនេះជាមជ្ឈមណ្ឌលនៃការគោរពប្រណិប័តន៍ពិត។ ច្បាប់របស់ព្រះយេហូវ៉ាបានត្រូវបង្រៀននៅទីនោះ។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសឬសេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះបណ្ដារាស្ត្រដែលគ្រប់គ្រងដោយស្តេចនៅក្រុងយេរូសាឡិម។ (សូមអាន ទំនុកតម្កើង ៤៨:១, ២, ៩, ១២, ១៣) ដូចកូនប្រុសរបស់កូរ៉ា តើអ្នកមានបំណងចង់រៀនប្រវត្ដិរបស់ផ្នែកនៃអង្គការព្រះយេហូវ៉ាដែលនៅផែនដី ហើយប្រាប់អ្នកឯទៀតអំពីរឿងនេះឬទេ? ពេលអ្នករៀនកាន់តែច្រើនអំពីអង្គការព្រះនិងអំពីរបៀបដែលលោកជួយរាស្ត្រលោក អ្នកនឹងកាន់តែជឿថារាជាណាចក្រព្រះគឺមានពិតប្រាកដ។ បំណងប្រាថ្នារបស់អ្នក ក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនេះនឹងមានកាន់តែខ្លាំងឡើង។—យេ. ៩:២៤; លូក. ៤:៤៣
៦. ហេតុអ្វីគឺសមហេតុផលដែលព្រះយេហូវ៉ាតម្រូវឲ្យយើងរៀន ហើយគោរពច្បាប់និងគោលការណ៍នៃរាជាណាចក្ររបស់លោក?
៦ ស្គាល់ច្បាប់។ រដ្ឋាភិបាលមនុស្សតម្រូវឲ្យពលរដ្ឋរៀននិងគោរពច្បាប់របស់ប្រទេសនោះ។ ដូច្នេះ តាមមើលទៅគឺសមហេតុសមផលណាស់ដែលព្រះយេហូវ៉ាតម្រូវឲ្យយើងរៀន ហើយគោរពច្បាប់និងគោលការណ៍ដែលដឹកនាំពលរដ្ឋទាំងអស់នៃរាជាណាចក្ររបស់លោក។ (អេ. ២:៣; យ៉ូន. ១៥:១០; ១យ៉ូន. ៥:៣) ជារឿយៗច្បាប់របស់មនុស្សគឺមិនត្រឹមត្រូវ ហើយប្រហែលជាលម្អៀង។ ផ្ទុយទៅវិញ«ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»។ (ទំនុក. ១៩:៧) តើយើងស្រឡាញ់ច្បាប់ព្រះហើយអានបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃឬទេ? (ទំនុក. ១:១, ២) របៀបតែមួយគត់ដែលយើងអាចរៀនអំពីច្បាប់របស់ព្រះគឺដោយសិក្សាដោយខ្លួនយើង។ គ្មាននរណាម្នាក់អាចធ្វើដូច្នេះជំនួសយើងបានទេ។
ពលរដ្ឋនៃរាជាណាចក្រព្រះស្រឡាញ់ខ្នាតតម្រារបស់លោក
៧. តើពលរដ្ឋនៃរាជាណាចក្រព្រះរស់នៅស្របតាមខ្នាតតម្រាអ្វីដែលខ្ពង់ខ្ពស់ជាង?
៧ ដើម្បីបន្តធ្វើជាពលរដ្ឋនៃរាជាណាចក្រព្រះ យើងមិនត្រឹមតែត្រូវស្គាល់ខ្នាតតម្រារបស់ព្រះប៉ុណ្ណោះទេ តែយើងត្រូវស្រឡាញ់ខ្នាតតម្រាទាំងនោះ។ ពលរដ្ឋនៃរដ្ឋាភិបាលមនុស្សនិយាយថាពួកគេយល់ស្របនឹងច្បាប់ព្រមទាំងខ្នាតតម្រារបស់ប្រទេសដែលពួកគេរស់នៅ។ ប៉ុន្តែពេលពួកគេឃើញថាច្បាប់ណាមួយគឺពិបាកធ្វើតាម ហើយគិតថាគ្មានអ្នកណាកំពុងមើលទេ ពួកគេបំពានច្បាប់នោះ។ ជារឿយៗមនុស្សទាំងនេះគឺជាអ្នកដែល«ចង់ផ្គាប់ចិត្តមនុស្ស»។ (កូឡ. ៣:២២) ពលរដ្ឋនៃរាជាណាចក្រព្រះរស់នៅស្របតាមខ្នាតតម្រាខ្ពង់ខ្ពស់ជាង។ យើងសប្បាយចិត្តធ្វើតាមច្បាប់របស់ព្រះ សូម្បីតែគ្មាននរណាកំពុងមើលយើងក៏ដោយ។ ហេតុអ្វី? ពីព្រោះយើងស្រឡាញ់ព្រះដែលជាអ្នកតែងច្បាប់។—អេ. ៣៣:២២; សូមអាន លូកា ១០:២៧
៨, ៩. តើតាមរបៀបណាអ្នកអាចដឹងថាអ្នកពិតជាស្រឡាញ់ច្បាប់របស់ព្រះឬមិនស្រឡាញ់?
៨ តើតាមរបៀបណាអ្នកដឹងថាអ្នកពិតជាស្រឡាញ់ច្បាប់របស់ព្រះឬមិនស្រឡាញ់? សូមពិនិត្យមើលអំពីប្រតិកម្មរបស់អ្នក ពេលអ្នកទទួលឱវាទស្តីអំពីអ្វីដែលអ្នកគិតថាជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាឧទាហរណ៍ស្តីអំពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួន។ មុនពេលអ្នកក្លាយជាពលរដ្ឋនៃរាជាណាចក្រព្រះ អ្នកប្រហែលជាចូលចិត្តស្លៀកពាក់ខ្ជីខ្ជាឬស្លៀកពាក់តាមរបៀបដែលធ្វើឲ្យគេស្រើបស្រាល។ ពេលដែលអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះកាន់តែខ្លាំងឡើង អ្នករៀនស្លៀកពាក់តាមរបៀបដែលនាំឲ្យគេសរសើរលោក។ (១ធី. ២:៩, ១០; ១ពេ. ៣:៣, ៤) ឥឡូវអ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនស្លៀកពាក់សមរម្យ។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកចាស់ទុំម្នាក់ត្រូវប្រាប់អ្នកថាសម្លៀកបំពាក់ដែលអ្នកចូលចិត្ត ធ្វើឲ្យអ្នកផ្សាយមួយចំនួនក្នុងក្រុមជំនុំទើសចិត្ត? តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? តើអ្នកនឹងខំដោះសា ខឹងឬក៏រឹងចចេសមិនព្រមកែប្រែឬ? ច្បាប់ដ៏សំខាន់បំផុតមួយនៃរាជាណាចក្រព្រះគឺឲ្យពលរដ្ឋយកតម្រាប់តាមគ្រិស្ត។ (១ពេ. ២:២១) ស្តីអំពីគំរូរបស់លោកយេស៊ូ សាវ័កប៉ូលបានសរសេរថា៖ «ចូរយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងដោយការល្អដែលពង្រឹងជំនឿរបស់គេ។ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកដែរ»។ (រ៉ូម ១៥:២, ៣) ដើម្បីនាំឲ្យមានសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ គ្រិស្តសាសនិកដែលមានភាពចាស់ទុំសុខចិត្តលះចោលចំណង់ចំណូលចិត្តរបស់ខ្លួនដោយមិនធ្វើឲ្យអ្នកឯទៀតទើសចិត្ត។—រ៉ូម ១៤:១៩-២១
៩ សូមពិចារណានូវចំណុចសំខាន់ពីរយ៉ាងទៀតគឺ ចិត្តគំនិតរបស់យើងចំពោះការរួមដំណេកនិងទស្សនៈរបស់យើងចំពោះអាពាហ៍ពិពាហ៍។ បុគ្គលដែលមិនទាន់ជាពលរដ្ឋនៃរាជាណាចក្រព្រះ ប្រហែលជាយល់ស្របនឹងការរួមដំណេកជាមួយមនុស្សភេទដូចគ្នា ចាត់ទុកការមើលរូបអាសអាភាសជាការកម្សាន្តសប្បាយដែលគ្មានគ្រោះថ្នាក់ ហើយគិតថាការផិតក្បត់និងការលែងលះគ្នាគឺជារឿងផ្ទាល់ខ្លួន។ ពលរដ្ឋនៃរាជាណាចក្រព្រះបានលះចោលការមិនចេះគិតវែងឆ្ងាយ និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ។ ទោះជាគ្រិស្តសាសនិកជាច្រើនធ្លាប់មានជីវិតរស់នៅដែលប្រាសចាកសីលធម៌ក៏ដោយ ឥឡូវនេះពួកគេចាត់ទុកការរួមដំណេកនិងអាពាហ៍ពិពាហ៍ជាអំណោយពីព្រះ។ ពួកគេឲ្យតម្លៃលើខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា ហើយយល់ស្របដោយស្មោះអស់ពីចិត្តថាពួកអ្នកដែលបន្តប្រព្រឹត្តអំពើខុសឆ្គងខាងផ្លូវភេទនឹងមិនសមជាពលរដ្ឋនៃរាជាណាចក្រព្រះនោះទេ។ (១កូ. ) ប៉ុន្តែ ពួកគេក៏ទទួលស្គាល់ថាចិត្តក៏បញ្ឆោតពួកគេដែរ។ ( ៦:៩-១១យេ. ១៧:៩) ដូច្នេះ ពួកគេសប្បាយនឹងទទួលការព្រមានជាក់លាក់ដែលអាចជួយពួកគេឲ្យរក្សាខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់។
ពលរដ្ឋនៃរាជាណាចក្រព្រះពេញចិត្តទទួលការព្រមាន
១០, ១១. តើរាជាណាចក្រព្រះចេញសេចក្ដីព្រមានសំខាន់អ្វី ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការព្រមានបែបនេះ?
១០ រដ្ឋាភិបាលមនុស្សប្រហែលជាផ្ដល់ការព្រមានស្តីអំពីម្ហូបអាហារនិងថ្នាំដែលនាំឲ្យខូចសុខភាព។ ប្រាកដហើយ មិនមែនម្ហូបអាហារនិងថ្នាំទាំងអស់គឺមិនល្អនោះទេ។ ប៉ុន្តែ ប្រសិនបើផលិតផលណាមួយអាចបង្កគ្រោះថ្នាក់ រដ្ឋាភិបាលប្រហែលជាចេញសេចក្ដីព្រមានដែលប្រកបដោយតុល្យភាពអំពីផលិតផលនោះដើម្បីការពារពលរដ្ឋ។ ប្រសិនបើរដ្ឋាភិបាលមិនធ្វើដូច្នេះទេ ពួកគេនឹងមានទោសស្តីអំពីការធ្វេសប្រហែស។ ស្រដៀងគ្នាដែរ រាជាណាចក្រព្រះចេញសេចក្ដីព្រមានដែលត្រូវពេល អំពីអ្វីមួយដែលបណ្ដាលឲ្យយើងបំពានច្បាប់ព្រះនិងដែលបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក។ ជាឧទាហរណ៍ ប្រព័ន្ធអ៊ីនធឺណិតមានប្រយោជន៍ក្នុងការទាក់ទងគ្នា ការអប់រំនិងការកម្សាន្ត។ អង្គការព្រះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើកិច្ចការជាច្រើនដែលមានប្រយោជន៍។ ប៉ុន្តែ គេហទំព័រជាច្រើនក្នុងប្រព័ន្ធអ៊ីនធឺណិតអាចនាំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកខាងសីលធម៌និងអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះ។ គេហទំព័រដែលផ្សាយរូបអាសអាភាសប្រាកដជាអាចបង្ខូចចំណងមិត្តភាពរបស់ពលរដ្ឋនៃរាជាណាចក្រជាមួយព្រះ។ អស់ជាច្រើនទសវត្សរ៍មកហើយ ក្រុមខ្ញុំបម្រើស្មោះត្រង់បានព្រមានយើងអំពីគេហទំព័រទាំងនេះ។ យើងពិតជាមានចិត្តដឹងគុណចំពោះការព្រមានទាំងនោះ!
១១ ក្នុងឆ្នាំថ្មីៗនេះ គេហទំព័រមួយប្រភេទទៀតកំពុងពេញនិយមខ្លាំងណាស់។ គេហទំព័រនេះអាចមានប្រយោជន៍ បើយើងប្រើវាដោយប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែ គេហទំព័រទាំងនេះដែលគេស្គាល់ថាជាបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា ក៏អាចនាំឲ្យអន្តរាយដែរ។ គេហទំព័រនេះអាចនាំឲ្យបុគ្គលម្នាក់មានការសេពគប់អាក្រក់។ (១កូ. ១៥:៣៣) ដូច្នេះ មិនមែនជាការចម្លែកទេដែលអង្គការព្រះចេញសេចក្ដីព្រមានអំពីការប្រើគេហទំព័រទាំងនេះ។ តើអ្នកបានអានព័ត៌មានថ្មីៗទាំងអស់ដែលបោះពុម្ពផ្សាយដោយខ្ញុំបម្រើស្មោះត្រង់ អំពីការប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាឬទេ? ការប្រើគេហទំព័របែបនេះដោយមិនបានអានព័ត៌មានទាំងនេះគឺមិនមែនជាគំនិតឈ្លាសវៃទេ! * នេះគឺដូចគ្នានឹងការពិសាឱសថខ្លាំងដោយមិនអានការព្រមានដែលនៅលើដបថ្នាំនោះ។
១២. ហេតុអ្វីការមិនអើពើនឹងសេចក្ដីព្រមានជាការល្ងង់ខ្លៅ?
១២ អ្នកដែលមិនអើពើនឹងសេចក្ដីព្រមានរបស់ខ្ញុំបម្រើស្មោះត្រង់ ប្រាកដជានាំឲ្យខ្លួនពួកគេនិងបុគ្គលដែលពួកគេស្រឡាញ់អន្តរាយ។ មនុស្សខ្លះបានទៅជាញៀនមើលរូបអាសអាភាសឬប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយបញ្ឆោតខ្លួនឲ្យគិតថាព្រះយេហូវ៉ាមិនអាចឃើញអ្វីដែលពួកគេកំពុងធ្វើនោះទេ។ ការជឿថាយើងអាចលាក់ការប្រព្រឹត្តរបស់យើងពីព្រះយេហូវ៉ា គឺជាគំនិតល្ងង់ខ្លៅមែន! (សុភ. ១៥:៣; សូមអាន ហេប្រឺ ៤:១៣) ព្រះចង់ជួយមនុស្សបែបនេះ ហើយលោកបានបណ្ដាលឲ្យអ្នកតំណាងរបស់លោកនៅផែនដីព្យាយាមជួយពួកគេ។ (កាឡ. ៦:១) ប៉ុន្តែ ដូចរដ្ឋាភិបាលមនុស្សដែលអាចដកសញ្ជាតិពីបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋ ព្រះយេហូវ៉ានឹងដកសិទ្ធិជាពលរដ្ឋពីពួកអ្នកដែលល្មើសខ្នាតតម្រារបស់លោកដោយមិនកែប្រែចិត្ត។ * (១កូ. ៥:១១-១៣) ក៏ប៉ុន្តែ ព្រះមានចិត្តមេត្ដាករុណា។ ពួកអ្នកដែលប្រែចិត្ត ហើយកែប្រែការប្រព្រឹត្តរបស់ពួកគេអាចមានចំណងមិត្តភាពល្អជាមួយព្រះឡើងវិញ ហើយអាចបន្តធ្វើជាពលរដ្ឋនៃរាជាណាចក្រព្រះ។ (២កូ. ២:៥-៨) ការបម្រើស្តេចបែបនេះដែលប្រកបដោយសេចក្ដីស្រឡាញ់ ពិតជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មែន!
ពលរដ្ឋនៃរាជាណាចក្រព្រះឲ្យតម្លៃចំពោះការអប់រំ
១៣. តើតាមរបៀបណាពលរដ្ឋនៃរាជាណាចក្រព្រះបង្ហាញថាពួកគេឲ្យតម្លៃចំពោះការអប់រំ?
១៣ រដ្ឋាភិបាលជាច្រើនរបស់មនុស្សបានព្យាយាមផ្ដល់ការអប់រំដល់ពលរដ្ឋរបស់ពួកគេ។ រដ្ឋាភិបាលទាំងនោះរៀបចំឲ្យមានសាលារៀនដែលបង្រៀនពលរដ្ឋឲ្យចេះអាននិងចេះសរសេរ ហើយបង្រៀនជំនាញផ្សេងៗដែលមានប្រយោជន៍ដល់ពួកគេ។ ពលរដ្ឋនៃរាជាណាចក្រព្រះដឹងគុណចំពោះរដ្ឋាភិបាលដែលបានផ្ដល់សាលាទាំងនេះ ហើយខំរៀនឲ្យចេះអាន ចេះសរសេរនិងចេះចិញ្ចឹមជីវិតខ្លួន។ ពួកគេឲ្យតម្លៃកាន់តែខ្លាំងជាងចំពោះការអប់រំដែលពួកគេបានទទួលក្នុងនាមជាពលរដ្ឋនៃរាជាណាចក្រព្រះ។ ព្រះយេហូវ៉ាបង្រៀនមនុស្សឲ្យចេះអាន ចេះសរសេរតាមរយៈក្រុមជំនុំ។ ឪពុកម្ដាយបានត្រូវលើកទឹកចិត្តឲ្យអានសៀវភៅឲ្យកូនរបស់ពួកគេស្ដាប់។ ជារៀងរាល់ខែ ខ្ញុំបម្រើស្មោះត្រង់បានបោះពុម្ពព័ត៌មានជាច្រើនដែលមានមូលដ្ឋានលើគម្ពីរក្នុងទស្សនាវដ្ដីប៉មយាមដែលជាវិធីសំខាន់ដែលរាជាណាចក្រព្រះផ្ដល់ការអប់រំដល់មនុស្ស។ បើអ្នកអានប្រហែលជាមួយឬពីរទំព័រជារៀងរាល់ថ្ងៃក្នុងមួយខែ អ្នកអាចតាមទាន់ព័ត៌មានទាំងនេះ។
១៤. (ក) តើយើងទទួលការបង្ហាត់បង្រៀនអ្វីខ្លះ? (ខ) តើអ្នកចូលចិត្តធ្វើតាមយោបល់មួយណាសម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
១៤ រៀងរាល់សប្ដាហ៍ ពលរដ្ឋនៃរាជាណាចក្រព្រះទទួលការបង្ហាត់បង្រៀនតាមរយៈកិច្ចប្រជុំនៃក្រុមជំនុំរបស់ពួកគេ។ ជាឧទាហរណ៍ សាលាកិច្ចបម្រើផ្សាយដែលមានជាង៦ទសវត្សរ៍មកហើយ បានជួយសិស្សឲ្យទៅជាអ្នកបង្រៀនបណ្ដាំរបស់ព្រះដែលមានប្រសិទ្ធភាព។ តើអ្នកបានចុះឈ្មោះចូលសាលានេះហើយឬនៅ? ក្នុងឆ្នាំថ្មីៗនេះ ខ្ញុំបម្រើស្មោះត្រង់បានរៀបចំជាពិសេសឲ្យមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ ការរៀបចំនេះពង្រឹងសាមគ្គីភាពក្នុងក្រុមគ្រួសារ។ តើអ្នកបានធ្វើតាមយោបល់នៅក្នុងសៀវភៅផ្សេងៗរបស់អង្គការយើងឬទេ? *
១៥. តើឯកសិទ្ធិដ៏ធំបំផុតមួយដែលយើងមានគឺជាអ្វី?
១៥ ពលរដ្ឋនៃរដ្ឋាភិបាលរបស់មនុស្សខំប្រមូលអ្នកឯទៀតឲ្យគាំទ្រគណៈបក្សនយោបាយណាមួយ។ ដើម្បីធ្វើដូច្នេះ អ្នកខ្លះថែមទាំងទៅពីផ្ទះមួយទៅផ្ទះមួយទៀតផង។ ក្នុងកម្រិតមួយធំជាងនោះទៅទៀត ពលរដ្ឋនៃរាជាណាចក្រព្រះគាំទ្ររាជាណាចក្រលោកយ៉ាងពេញទំហឹង ដោយផ្សព្វផ្សាយតាមផ្លូវផងនិងពីផ្ទះមួយទៅផ្ទះមួយផង។ តាមការពិត ដូចបានរៀបរាប់នៅអត្ថបទមុន ឥឡូវនេះទស្សនាវដ្ដីប៉មយាមដែលប្រកាសរាជាណាចក្រព្រះយេហូវ៉ាគឺជាទស្សនាវដ្ដីដែលបានត្រូវចែកចាយច្រើនជាងគេនៅលើផែនដី! ឯកសិទ្ធិដ៏ធំបំផុតមួយដែលយើងមានគឺប្រាប់អ្នកឯទៀតអំពីរាជាណាចក្រព្រះ។ តើអ្នកកំពុងចូលរួមដោយចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយឬទេ?—ម៉ាថ. ២៨:១៩, ២០
១៦. តើតាមរបៀបណាដែលអ្នកអាចបង្ហាញថាអ្នកជាពលរដ្ឋដ៏ល្អម្នាក់នៃរាជាណាចក្រព្រះ?
១៦ មិនយូរទៀត រាជាណាចក្រព្រះនឹងជារដ្ឋាភិបាលតែមួយប៉ុណ្ណោះដែលគ្រប់គ្រងលើផែនដី។ រាជាណាចក្រនោះនឹងមិនត្រឹមតែត្រួតពិនិត្យការគោរពប្រណិប័តន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែគ្រប់សកម្មភាពប្រចាំថ្ងៃរបស់យើងផងដែរ។ តើអ្នកនឹងក្លាយជាពលរដ្ឋដ៏ល្អនៃរាជាណាចក្រព្រះនៅពេលនោះឬទេ? ឥឡូវនេះជាពេលដែលអ្នកបង្ហាញថាអ្នកនឹងជាពលរដ្ឋដ៏ល្អម្នាក់។ ក្នុងគ្រប់ការសម្រេចចិត្តដែលអ្នកធ្វើរាល់ថ្ងៃ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង ហើយចូរបង្ហាញថាអ្នកកំពុងប្រព្រឹត្តសមជាពលរដ្ឋដ៏ល្អនៃរាជាណាចក្រព្រះ។—១កូ. ១០:៣១
[កំណត់សម្គាល់]
^ វគ្គ 11 ជាឧទាហរណ៍ សូមមើលទស្សនាវដ្ដីភ្ញាក់រលឹក! (Awake!) ខែកក្កដា ឆ្នាំ២០១១ ទំព័រ២៤-២៧; ខែសីហា ឆ្នាំ២០១១ ទំព័រ១០-១៣ និងខែកុម្ភៈ ឆ្នាំ២០១២ ទំព័រ៣-៩។
^ វគ្គ 14 សូមមើលកិច្ចបម្រើព្រះខែមករា ឆ្នាំ២០១១ ទំព័រ៣-៦។
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាអក្សរធំនៅទំព័រ១៤]
តើអ្នកធ្វើតាមសេចក្ដីព្រមានដែលមានមូលដ្ឋានលើគម្ពីរស្តីអំពីអ៊ីនធឺណិតឬទេ?
[រូបភាពនៅទំព័រ១២]
ដូចកូនប្រុសរបស់កូរ៉ា តើអ្នកស្រឡាញ់ការគោរពប្រណិប័តន៍បរិសុទ្ធនិងប្រវត្ដិនៃការគោរពប្រណិប័តន៍នោះឬទេ?
[រូបភាពនៅទំព័រ១៥]
ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារអាចជួយអ្នកនិងក្រុមគ្រួសាររបស់អ្នកឲ្យក្លាយជាពលរដ្ឋដ៏ល្អនៃរាជាណាចក្រព្រះ