លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រយ័ត្ននឹងអន្ទាក់របស់មេកំណាច!

ចូរប្រយ័ត្ននឹងអន្ទាក់របស់មេកំណាច!

ចូរ​ប្រយ័ត្ន​នឹង​អន្ទាក់​របស់​មេកំណាច!

​«​ចេញ​ពី​អន្ទាក់​របស់​មេកំណាច​»។—២​ធី​. ២:២៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

បើ​អ្នក​មាន​ទំនោរ​ចិត្ត​រិះ​គន់​អ្នក​ឯ​ទៀត​ដោយ​មិន​សម​ហេតុ​ផល តើ​អ្នក​គួរ​ពិនិត្យ​មើល​ខ្លួន​អ្នក​អំពី​អ្វី?

តាម​រយៈ​គំរូ​របស់​ពីឡាត​និង​ពេត្រុស តើ​អ្នក​អាច​រៀន​អ្វី​ស្តី​អំពី​ការ​មិន​ភ័យ​ខ្លាច​និង​ការ​មិន​ចាញ់​ការ​បង្ខិត​បង្ខំ?

តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ពី​ការ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក?

១, ២​. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អន្ទាក់​ណាខ្លះ​របស់​មេកំណាច?

មេកំណាច​លប​ចាប់​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ គោល​បំណង​របស់​វា​គឺ​មិន​ចាំ​បាច់​បំផ្លាញ​ពួក​គេ ដូច​អ្នក​បាញ់​សត្វ​ធំ​ៗ​ជា​ការ​កម្សាន្ត​ដែល​សម្លាប់​សត្វ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គោលដៅ​ធំ​ចម្បង​របស់​មេកំណាច​គឺ​ចាប់​អ្នក​ណា​ម្នាក់​ទាំង​រស់ ហើយ​ប្រើ​បុគ្គល​នោះ​តាម​អំពើ​ចិត្ត​របស់​វា។—សូម​អាន ធីម៉ូថេទី២ ២:២៤​-​២៦

ដើម្បី​ចាប់​សត្វ​ទាំង​រស់ អ្នក​ដាក់​អន្ទាក់​ប្រហែលជា​ប្រើ​អន្ទាក់​ណា​មួយ។ គាត់​ប្រហែលជា​ព្យាយាម​ធ្វើ​ឲ្យ​សត្វ​ចេញ​ពី​កន្លែង​ដែល​វា​ពួន ចូល​មក​កន្លែង​ដែល​គាត់​អាច​ចាប់​វា​ដោយ​អន្ទាក់​រូត។ គាត់​ក៏​ប្រហែលជា​ប្រើ​អន្ទាក់​មាន​គន្លឹះ​ដែល​គាត់​លាក់ ហើយ​ចាប់​សត្វ​នោះ​ដោយ​មិន​ឲ្យ​វា​ដឹង​ខ្លួន។ មេកំណាច​ប្រើ​អន្ទាក់​ស្រដៀង​គ្នា​នេះ​ដើម្បី​ចាប់​អ្នក​បម្រើ​ព្រះ​ទាំង​រស់។ បើ​យើង​មិន​ចង់​ឲ្យ​វា​ចាប់​យើង​បាន យើង​ត្រូវ​ដឹង​ខ្លួន ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​សញ្ញា​សម្គាល់​ដែល​ព្រមាន​យើង​ថា​មាន​អន្ទាក់​មួយ​របស់​សាថាន​នៅ​ជិត​យើង។ អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ការពារ​ខ្លួន​ពី​អន្ទាក់​បី​យ៉ាង​ដែល​មេកំណាច​បាន​ប្រើ​ដោយ​បាន​ជោគជ័យ​មួយ​កម្រិត។ អន្ទាក់​ទាំង​នោះ​គឺ (​១​) ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី (​២​) ការ​ភ័យ​ខ្លាច​និង​ការ​បង្ខិត​បង្ខំ ហើយ (​៣​) ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​អន្ទាក់​ពីរ​ទៀត​របស់​សាថាន។

ចូរ​ពន្លត់​ភ្លើង​ដែល​បណ្ដាល​មក​ពី​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី

៣, ៤​. តើ​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? សូម​លើក​ឧទាហរណ៍។

ដើម្បី​ឲ្យ​សត្វ​ចេញ​ពី​កន្លែង​ដែល​វា​ពួន ព្រាន​ប្រហែលជា​ដុត​ព្រៃ​មួយ​កន្លែង​ដើម្បី​ចាប់​សត្វ​ពេល​វា​ខំ​រត់​គេច​ពី​ភ្លើង។ ក្នុង​ន័យ​ធៀប សាថាន​ចង់​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ។ បើ​វា​បាន​ជោគជ័យ វា​នឹង​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ជំនុំ​ចេញ​ពី​កន្លែង​មាន​សុវត្ថិភាព​ចូល​ក្នុង​កណ្ដាប់​ដៃ​វា។ តើ​យើង​ប្រហែលជា​សហការ​ជា​មួយ​វា​ដោយ​មិន​ដឹង​ខ្លួន ហើយ​ជាប់​អន្ទាក់​របស់​វា​តាម​របៀប​ណា?

សាវ័ក​យ៉ាកុប​បាន​ប្រៀប​ប្រដូច​អណ្ដាត​ទៅ​នឹង​ភ្លើង។ (​សូម​អាន យ៉ាកុប ៣:៦​-​៨) ប្រសិនបើ​យើង​មិន​អាច​គ្រប់​គ្រង​អណ្ដាត​របស់​យើង​ទេ យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ព្រៃ។ តើ​រឿង​នេះ​ប្រហែលជា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អំពី​ស្ថានភាព​មួយ: នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ជំនុំ មាន​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​ប្រកាស​ថា​បង​ស្រី​ម្នាក់​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ក្រោយ​កិច្ច​ប្រជុំ បង​ស្រី​ពីរ​នាក់​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ជូន​ដំណឹង​នេះ។ បង​ស្រី​ម្នាក់​បង្ហាញ​អំណរ ហើយ​ចង់​ឲ្យ​អ្នក​ត្រួស​ត្រាយ​នោះ​បាន​ជោគជ័យ។ បង​ស្រី​ម្នាក់​ទៀត​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​អ្នក​ត្រួស​ត្រាយ​នោះ ហើយ​និយាយ​បញ្ឆិត​បញ្ឆៀង​ថា​បង​ស្រី​នោះ​គ្រាន់តែ​ចង់​បាន​មុខ​មាត់​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ។ តើ​អ្នក​ផ្សព្វ​ផ្សាយ​មួយ​ណា​ក្នុង​ចំណោម​អ្នក​ផ្សាយ​ទាំង​ពីរ​នាក់​នោះ​ដែល​អ្នក​នឹង​ចង់​បាន​ធ្វើ​ជា​មិត្ត? គឺ​មិន​ពិបាក​ឲ្យ​យើង​ដឹង​ថា​បង​ស្រី​មួយ​ណា​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ក្នុង​ក្រុម​ជំនុំ​តាម​រយៈ​ពាក្យ​សំ​ដី​របស់​គាត់​នោះ​ទេ។

៥​. ដើម្បី​ទប់​ស្កាត់​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី តើ​យើង​គួរ​ពិនិត្យ​មើល​ខ្លួន​យើង​អំពី​អ្វី​ខ្លះ?

តើ​តាម​របៀប​ណា​យើង​អាច​ទប់​ស្កាត់​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។ (​ម៉ាថ. ១២:​៣៤​) ដូច្នេះ ជំហាន​ដំបូង​គឺ​ពិនិត្យ​មើល​ចិត្ត​របស់​យើង។ តើ​យើង​ជៀស​វាង​ពី​ការ​មាន​អារម្មណ៍​មិន​ល្អ​ដែល​នាំ​ឲ្យ​យើង​និយាយ​អ្វី​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ឬ​ទេ? ជា​ឧទាហរណ៍ ពេល​យើង​ឮ​ថា​បង​ប្រុស​ម្នាក់​ខំ​ប្រឹង​ឲ្យ​បាន​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ តើ​យើង​ជឿ​យ៉ាង​ស្មោះ​ថា​គាត់​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ឬ​តើ​យើង​សង្ស័យ​ថា​គាត់​ចង់​បាន​ឯកសិទ្ធិ​នេះ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន? បើ​យើង​មាន​ទំនោរ​ចិត្ត​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​អ្នក​ឯ​ទៀត ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​មេកំណាច​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ។ (​យ៉ូប ១:៩​-​១១​) ជា​ជាង​សង្ស័យ​បង​ប្អូន​របស់​យើង យើង​គួរ​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​រិះ​គន់​គាត់។ តើ​ពិត​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ឬ​ទេ? ឬ​តើ​ចិត្ត​គំនិត​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​ដែល​មាន​ជា​ទូទៅ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង​ទៅ​វិញ?—២ធី. ៣:១​-​៤

៦, ៧​. ​(​ក​) តើ​ប្រហែលជា​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​រិះ​គន់​អ្នក​ឯ​ទៀត? (​ខ​) តើ​យើង​គួរ​ឆ្លើយ​តប​យ៉ាង​ណា​បើ​យើង​ត្រូវ​គេ​ជេរ​ប្រមាថ?

សូម​ពិចារណា​នូវ​មូលហេតុ​ខ្លះ​ផ្សេង​ទៀត​ដែល​ប្រហែលជា​នាំ​ឲ្យ​យើង​រិះ​គន់​អ្នក​ឯ​ទៀត។ មូលហេតុ​មួយ​គឺ​ដោយ​សារ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​កត់​សម្គាល់​ច្រើន​ជាង​នូវ​អ្វី​ដែល​យើង​បាន​សម្រេច។ ដោយ​ធ្វើ​ដូច្នេះ យើង​ប្រហែលជា​ខំ​ប្រឹង​លើក​តម្កើង​ខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្នក​ឯ​ទៀត។ យើង​ប្រហែលជា​ខំ​ដោះ​សា​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​តែ​មិន​បាន​ធ្វើ។ ទោះ​ជា​យើង​រិះ​គន់​អ្នក​ឯ​ទៀត​ដោយ​សារ​អំណួត ការ​ច្រណែន ឬ​ដោយ​សារ​យើង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​យើង​ក៏​ដោយ ចិត្ត​គំនិត​ទាំង​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ខូច​បង់​យ៉ាង​ធ្ងន់ធ្ងរ។

ប្រហែលជា​យើង​អាច​មាន​អារម្មណ៍​ថា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​យើង​រិះ​គន់​អ្នក​ណា​ម្នាក់។ ប្រហែលជា​យើង​ធ្លាប់​ត្រូវ​គេ​និយាយ​ដោយ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី​មក​លើ​យើង។ បើ​ដូច្នេះ​មែន ការ​សង​សឹក​ឲ្យ​សម​នឹង​អ្វី​ដែល​គេ​ធ្វើ​មក​លើ​យើង​មិន​មែន​ជា​របៀប​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។ ធ្វើ​ដូច្នេះ​គឺ​ប្រៀប​ដូច​ជា​ចាក់​សាំង​លើ​ភ្លើង ហើយ​ធ្វើ​អ្វី​ដែល​សាថាន​ចង់​ឲ្យ​យើង​ធ្វើ មិន​មែន​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​នោះ​ទេ។ (​២ធី. ២:២៦​) យើង​គួរ​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​រឿង​នេះ។ ពេល​លោក​យេស៊ូ​ត្រូវ​គេ​ជេរ​ប្រមាថ​«​លោក​មិន​បាន​ជេរ​ប្រមាថ​គេ​វិញ​ទេ​»។ ផ្ទុយ​ទៅ​វិញ លោក​«​តែង​តែ​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្ដិធម៌​»។ (​១ពេ. ២:២១​-​២៣​) លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​បញ្ហា​តាម​របៀប​របស់​លោក​និង​តាម​ពេល​វេលា​របស់​លោក។ យើង​គួរ​ទុក​ចិត្ត​លើ​ព្រះ​ដូច​លោក​យេស៊ូ​ដែរ។ ពេល​យើង​ប្រើ​សម្ដី​ដែល​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ យើង​ជួយ​រក្សា​ឲ្យ​មាន​«​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​ក្នុង​ក្រុម​ជំនុំ​របស់​យើង។—សូម​អាន អេភេសូរ ៤:១​-​៣

ចូរ​ជៀស​ចេញ​ពី​អន្ទាក់​រូត​ពោល​គឺ ការ​ភ័យ​ខ្លាច​និង​ការ​បង្ខិត​បង្ខំ

៨, ៩​. ហេតុ​អ្វី​ពីឡាត​បាន​កាត់​ទោស​លោក​យេស៊ូ?

សត្វ​ដែល​ជាប់​អន្ទាក់​រូត​មិន​អាច​រើ​ខ្លួន​រួច​ឡើយ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ម្នាក់​ដែល​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ យ៉ាង​ហោច​ណាស់​បាត់បង់​ការ​គ្រប់​គ្រង​លើ​ជីវិត​របស់​គាត់​មួយ​កម្រិត។ (​សូម​អាន សុភាសិត ២៩:២៥) សូម​ឲ្យ​យើង​ពិចារណា​អំពី​គំរូ​របស់​បុរស​ពីរ​នាក់​ដែល​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ ហើយ​ភ័យ​ខ្លាច​មនុស្ស ព្រម​ទាំង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​ពួក​គាត់។

ប៉ុនទាស​ពីឡាត​ដែល​ជា​អភិបាល​រ៉ូម​បាន​ដឹង​ថា​លោក​យេស៊ូ​ជា​មនុស្ស​ដែល​គ្មាន​កំហុស ហើយ​តាម​មើល​ទៅ គាត់​មិន​ចង់​ធ្វើ​បាប​លោក​យេស៊ូ​ទេ។ តាម​ការ​ពិត ពីឡាត​បាន​និយាយ​ថា​លោក​យេស៊ូ​មិន​បាន​«​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​សោះ​»។ ក៏​ប៉ុន្តែ ពីឡាត​បាន​កាត់​ទោស​លោក​យេស៊ូ​ឲ្យ​ត្រូវ​ស្លាប់។ ហេតុ​អ្វី? ដោយ​សារ​ពីឡាត​ចាញ់​ការ​បង្ខិត​បង្ខំ​ពី​ហ្វូង​មនុស្ស។ (​លូក. ២៣:១៥, ២១​-​២៥​) ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​ព្យាយាម​បង្ខិត​បង្ខំ​ពីឡាត​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​បាន ដោយ​ស្រែក​ឡើង​ថា​៖ ​«​ប្រសិនបើ​លោក​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ​ទេ​»។ (​យ៉ូន. ១៩:១២​) ពីឡាត​ប្រហែលជា​បាន​ខ្លាច​ថា​គាត់​នឹង​បាត់បង់​ឋានៈ​ឬ​ប្រហែលជា​បាត់បង់​ជីវិត​របស់​គាត់ ប្រសិនបើ​គាត់​កាន់​ខាង​គ្រិស្ត។ ដូច្នេះ គាត់​បាន​អនុញ្ញាត​ឲ្យ​មេកំណាច​ដឹក​នាំ​គាត់​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​វា។

១០​. តើ​អ្វី​បាន​បណ្ដាល​ឲ្យ​ពេត្រុស​បដិសេធ​គ្រិស្ត?

១០ សាវ័ក​ពេត្រុស​គឺជា​មិត្ត​សម្លាញ់​ដ៏​ជិត​ស្និទ្ធ​បំផុត​ម្នាក់​របស់​លោក​យេស៊ូ។ គាត់​បាន​ប្រកាស​ជា​ចំហ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ (​ម៉ាថ. ១៦:​១៦​) ពេត្រុស​បាន​រក្សា​ភក្ដីភាព​ពេល​ដែល​អ្នក​កាន់​តាម​ឯ​ទៀត​មិន​បាន​យល់​អត្ថន័យ​នៃ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ ហើយ​បាន​បោះបង់​លោក។ (​យ៉ូន. ៦:៦៦​-​៦៩​) នៅ​ពេល​ដែល​សត្រូវ​បាន​មក​ចាប់​លោក​យេស៊ូ ពេត្រុស​បាន​ប្រើ​ដាវ​ដើម្បី​ការពារ​ម្ចាស់​របស់​គាត់។ (​យ៉ូន. ១៨:១០, ១១​) ក៏​ប៉ុន្តែ ក្រោយ​មក​ពេត្រុស​បាន​ភ័យ​ខ្លាច ហើយ​ថែម​ទាំង​បាន​បដិសេធ​ថា​មិន​ស្គាល់​លោក​យេស៊ូ​គ្រិស្ត​ទៀត​ផង។ អស់​មួយ​រយៈ​ពេល​ខ្លី សាវ័ក​នេះ​បាន​ភ័យ​ខ្លាច​មនុស្ស ហើយ​បាន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​នោះ​រារាំង​គាត់​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន។—ម៉ាថ. ២៦:៧៤, ៧៥

១១​. តើ​យើង​ប្រហែលជា​ត្រូវ​តយុទ្ធ​នឹង​ឥទ្ធិពល​អាក្រក់​អ្វី?

១១ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។ និយោជក​ឬ​អ្នក​ឯ​ទៀត​ប្រហែលជា​ព្យាយាម​បង្ខំ​យើង​ឲ្យ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់ ឬ​ប្រហែលជា​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ សិស្សសាលា​ប្រហែលជា​ត្រូវ​ប្រឈម​មុខ​នឹង​មិត្ត​ភក្ដិ​ដែល​ព្យាយាម​បង្ខំ​ពួក​គេ​ឲ្យ​លួច​ចម្លង​ពេល​ប្រឡង មើល​រូប​អាសអាភាស ជក់​បារី ប្រើ​គ្រឿង​ញៀន ផឹក​ស្រា​ហួស​ប្រមាណ ឬ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ខាង​ផ្លូវ​ភេទ។ ដូច្នេះ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ភ័យ​ខ្លាច និង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត?

១២​. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពីឡាត​និង​ពេត្រុស?

១២ សូម​ឲ្យ​យើង​ពិចារណា​ថា​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពីឡាត​និង​ពេត្រុស។ ពីឡាត​មិន​សូវ​មាន​ចំណេះ​អំពី​គ្រិស្ត​ទេ។ ប៉ុន្តែ គាត់​បាន​ដឹង​ថា​លោក​យេស៊ូ​គ្មាន​ទោស​កំហុស ហើយ​លោក​មិន​មែន​ជា​បុរស​ធម្មតា​ឡើយ។ ប៉ុន្តែ ពីឡាត​គ្មាន​ចិត្ត​រាប​ទាប ហើយ​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ពិត​ទេ។ ដូច្នេះ មេកំណាច​បាន​ចាប់​គាត់​ទាំង​រស់​យ៉ាង​ងាយ។ ពេត្រុស​មាន​ទាំង​ចំណេះ​ត្រឹម​ត្រូវ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ជួនកាល​ពេត្រុស​ខ្វះ​ចិត្ត​រាប​ទាប បាន​ភ័យ​ខ្លាច ហើយ​ចាញ់​ការ​បង្ខិត​បង្ខំ។ មុន​លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ខ្លួន ពេត្រុស​បាន​អួត​ថា​៖ ​«​សូម្បី​តែ​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ទេ​»។ (​ម៉ាក. ១៤:២៩​) ប្រសិនបើ​ពេត្រុស​ទុក​ចិត្ត​ព្រះ​ដូច​អ្នក​តែង​ទំនុកតម្កើង គាត់​នឹង​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​សម្រាប់​ការ​ល្បង​ល​ដែល​គាត់​នឹង​មាន​នៅ​ពេល​ក្រោយ​មក។ អ្នក​តែង​ទំនុកតម្កើង​នោះ​បាន​ច្រៀង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ​ៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​»។ (​ទំនុក. ១១៨:៦​) នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​នៅ​ផែនដី លោក​យេស៊ូ​បាន​យក​ពេត្រុស​និង​សាវ័ក​ពីរ​នាក់​ទៀត​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សួន​ហ្គេតសេម៉ានី​ជា​មួយ​លោក។ ក៏​ប៉ុន្តែ ជា​ជាង​នៅ​ចាំ​យាម ពេត្រុស​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​ដេក​លក់។ លោក​យេស៊ូ​បាន​ដាស់​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​»។ (​ម៉ាក. ១៤:៣៨​) ក៏​ប៉ុន្តែ ពេត្រុស​បាន​ដេក​លក់​ម្ដង​ទៀត ហើយ​ក្រោយ​មក​គាត់​បាន​ភ័យ​ខ្លាច ហើយ​ចាញ់​ការ​បង្ខិត​បង្ខំ។

១៣​. តើ​តាម​របៀប​ណា​យើង​អាច​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង?

១៣ គំរូ​របស់​ពីឡាត​និង​ពេត្រុស​អាច​បង្រៀន​យើង​មេរៀន​ដ៏​សំខាន់​មួយ​ទៀត​គឺ ដើម្បី​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ដោយ​ជោគជ័យ យើង​ត្រូវ​មាន​អ្វី​ទាំង​អស់​នេះ​ដូច​ជា ចំណេះ​ត្រឹម​ត្រូវ ចិត្ត​រាប​ទាប សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា មិន​មែន​ការ​ខ្លាច​មនុស្ស​ទេ។ ប្រសិនបើ​ជំនឿ​របស់​យើង​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ យើង​នឹង​មាន​ចិត្ត​ក្លាហាន​ដើម្បី​និយាយ​អំពី​ជំនឿ​របស់​យើង​ដោយ​មាន​ទំនុក​ចិត្ត។ នេះ​នឹង​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ហើយ​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស។ យើង​មិន​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​កម្លាំង​របស់​យើង​ហួស​ហេតុ​ពេក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​យើង​ត្រូវ​ការ​កម្លាំង​ពី​ព្រះ​ដើម្បី​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ។ យើង​ត្រូវ​អធិដ្ឋាន​សុំ​សកម្មពល​ពី​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ឲ្យ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ជំរុញ​យើង​ឲ្យ​លើក​តម្កើង​នាម​និង​ខ្នាត​តម្រា​របស់​លោក។ ម្យ៉ាង​ទៀត យើង​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន មុន​នឹង​យើង​ជួប​ការ​ល្បង​ល។ ជា​ឧទាហរណ៍ ការ​អធិដ្ឋាន​និង​ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន អាច​ជួយ​កូន​របស់​យើង​ឲ្យ​តប​ឆ្លើយ​ដោយ​មាន​ប្រសិទ្ធភាព ពេល​ដែល​មិត្ត​ភក្ដិ​របស់​ពួក​គេ​ព្យាយាម​ល្បួង​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង។—២កូ. ១៣:៧ *

ចូរ​ជៀស​វាង​អន្ទាក់​ដែល​សង្កត់​យ៉ាង​ធ្ងន់ ពោល​គឺ​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក

១៤​. តើ​សាថាន​ចង់​ឲ្យ​យើង​គិត​យ៉ាង​ណា​អំពី​កំហុស​របស់​យើង​នៅ​អតីតកាល?

១៤ ជួនកាល​អន្ទាក់​សម្រាប់​ចាប់​សត្វ​គឺជា​គល់​ឈើ​ឬ​ដុំ​ថ្ម​ធ្ងន់​ៗ​ដែល​គេច​ង​ព្យួរ​នៅ​លើ​ផ្លូវ​ដែល​សត្វ​ច្រើន​តែ​ឆ្លង​កាត់។ ពេល​ដែល​សត្វ​មួយ​មិន​ប្រយ័ត្ន​ដើរ​ទាក់​ខ្សែ​ដែល​ព្រាន​ចង នេះ​បណ្ដាល​ឲ្យ​គល់​ឈើ​ឬ​ដុំ​ថ្ម​នោះ​ធ្លាក់​មក​សង្កត់​វា។ ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​អាច​ប្រៀប​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​សង្កត់​លើ​យើង។ ពេល​ដែល​គិត​អំពី​កំហុស​នៅ​អតីតកាល យើង​ប្រហែលជា​មាន​អារម្មណ៍​ថា ​«​ត្រូវ​ជាំ​[​សង្កត់​]​ជា​ខ្លាំង​»។ (​សូម​អាន ទំនុកតម្កើង ៣៨:៣​-​៥, ) សាថាន​ចង់​ឲ្យ​យើង​គិត​ថា​យើង​មិន​សម​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា ហើយ​យើង​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​លោក​តម្រូវ​ឲ្យ​យើង​ធ្វើ​បាន​ទេ។

១៥, ១៦​. តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ពី​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក?

១៥ តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ពី​អន្ទាក់​ដែល​សង្កត់​យ៉ាង​ធ្ងន់? ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ សូម​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ល្អ​ឡើង​វិញ។ ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ ហើយ​សុំ​ជំនួយ​ពី​ពួក​គាត់។ (​យ៉ា. ៥:​១៤​-​១៦​) សូម​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​កែ​កំហុស​របស់​អ្នក។ (​២កូ. ៧:១១​) ប្រសិនបើ​អ្នក​ទទួល​ការ​ប្រដៅ​តម្រង់ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ការ​ប្រដៅ​តម្រង់​គឺជា​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ (​ហេ. ១២:៦​) សូម​តាំង​ចិត្ត​មិន​ដើរ​តាម​គន្លង​ចាស់​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្ដង​ទៀត ហើយ​ធ្វើ​តាម​ការ​តាំង​ចិត្ត​នោះ។ បន្ទាប់​ពី​អ្នក​បាន​ប្រែ​ចិត្ត ហើយ​វិល​មករ​ក​ព្រះ​វិញ សូម​មាន​ជំនឿ​ថា​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត​ពិត​ជា​អាច​គ្រប​បាំង​កំហុស​របស់​អ្នក​បាន។—១យ៉ូន. ៤:៩, ១៤

១៦ បុគ្គល​ខ្លះ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ដោយ​សារ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ ទោះ​ជា​តាម​ពិត​គាត់​បាន​ទទួល​ការ​អភ័យទោស​រួច​ហើយ​ក៏​ដោយ។ បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ដែល​បាន​បោះបង់​ចោល​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក នៅ​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​ការ​ពួក​គេ​ខ្លាំង​បំផុត។ ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​បុរស​ដែល​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ដោយ​សារបាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដោយ​ឥត​អៀន​ខ្មាស ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ប្រែ​ចិត្ត។ (​១កូ. ៥:១​-​៥; ២កូ. ២:៦​-​៨​) បណ្ដាំ​របស់​ព្រះ​រៀប​រាប់​អំពី​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ដែល​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អភ័យទោស​ពី​ព្រះ។—២រប. ៣៣:២, ១០​-​១៣; ១កូ. ៦:៩​-​១១

១៧​. តើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​នឹង​អភ័យទោស ហើយ​បំភ្លេច​កំហុស​របស់​អ្នក​នៅ​អតីតកាល ប្រសិនបើ​អ្នក​ពិត​ជា​ប្រែ​ចិត្ត ហើយ​ទទួល​យក​សេចក្ដី​មេត្ដា​ករុណា​របស់​លោក។ សូម​កុំ​មាន​អារម្មណ៍​ថា​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​មិន​អាច​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឡើយ។ បើ​អ្នក​គិត​ដូច្នេះ អ្នក​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​មួយ​របស់​សាថាន។ ទោះ​ជា​មេកំណាច​ចង់​ឲ្យ​អ្នក​ជឿ​ផ្សេង​ពី​នេះ​ក៏​ដោយ ថ្លៃ​លោះ​របស់​លោក​យេស៊ូ​អាច​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​បាន​ប្រែ​ចិត្ត។ (​សុភ. ២៤:១៦​) ជំនឿ​លើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​អាច​ជួយ​អ្នក​ឲ្យ​ឈប់​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក ដែល​ប្រៀប​ដូច​ជា​ដក​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ស្មា​របស់​អ្នក ហើយ​អាច​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​បម្រើ​ព្រះ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​សមត្ថភាព​រិះ​គិត​របស់​អ្នក។—ម៉ាថ. ២២:៣៧

មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន​នោះ​ទេ

១៨​. តើ​តាម​របៀប​ណា​យើង​អាច​ជៀស​ចេញ​ពី​អន្ទាក់​របស់​មេកំណាច?

១៨ សាថាន​មិន​ខ្វល់​ថា​យើង​ជាប់​អន្ទាក់​មួយ​ណា​របស់​វា​ទេ​ឲ្យ​តែ​វា​ចាប់​យើង​បាន។ ដោយ​សារ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន ដូច្នេះ​យើង​អាច​ជៀស​វាង​មិន​ឲ្យ​មេកំណាច​ចាប់​យើង​បាន។ (​២កូ. ២:១០, ១១​) យើង​នឹង​មិន​ជាប់​អន្ទាក់​របស់​វា​ទេ ប្រសិនបើ​យើង​អធិដ្ឋាន​សុំ​ប្រាជ្ញា​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​របស់​យើង។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តីបន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន​»។ (​យ៉ា. ១:៥​) យើង​ត្រូវ​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង ដោយ​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ទៀង​ទាត់​និង​ដោយ​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ។ សៀវភៅ​នានា​សម្រាប់​សិក្សា​គម្ពីរ​ដែល​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ផ្ដល់​ឲ្យ ជួយ​យើង​ឲ្យ​ស្គាល់​អន្ទាក់​របស់​មេកំណាច ហើយ​ជួយ​យើង​ឲ្យ​ជៀស​ចេញ​ពី​អន្ទាក់​ទាំង​នោះ។

១៩, ២០​. ហេតុ​អ្វី​យើង​គួរ​ស្អប់​អ្វី​ដែល​អាក្រក់?

១៩ សេចក្ដី​អធិដ្ឋាន​និង​ការ​សិក្សា​គម្ពីរ​ជួយ​ឲ្យ​យើង​ស្រឡាញ់​អ្វី​ដែល​ល្អ។ ប៉ុន្តែ ការ​រៀន​ឲ្យ​ចេះ​ស្អប់​អ្វី​ដែល​អាក្រក់​ក៏​សំខាន់​ដូច​គ្នា​ដែរ។ (​ទំនុក. ៩៧:១០​) ការ​សញ្ជឹង​គិត​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ស្វែងរក​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់។ (​យ៉ា. ១:១៤, ១៥​) ពេល​ដែល​យើង​រៀន​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ពិត​ជា​ស្រឡាញ់​អ្វី​ដែល​ល្អ នោះ​នុយ​ដែល​សាថាន​បាន​ដាក់​នៅ​ក្នុង​អន្ទាក់​របស់​វា​ធ្វើ​ឲ្យ​យើង​ខ្ពើម​រអើម។ ដូច្នេះ នុយ​នោះ​មិន​ទាក់​ទាញ​ចិត្ត​យើង​ទេ។

២០ ដោយ​សារ​ព្រះ​ជួយ​យើង​មិន​ឲ្យ​សាថាន​ចាប់​យើង​បាន នោះ​យើង​ពិត​ជា​អរគុណ​លោក​មែន! ព្រះ​យេហូវ៉ា​សង្គ្រោះ​យើង​«​ឲ្យ​រួច​ពី​មេកំណាច​»​តាម​រយៈ​សកម្មពល បណ្ដាំ​និង​អង្គការ​របស់​លោក។ (​ម៉ាថ. ៦:១៣​) នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ជៀស​ពី​អន្ទាក់​ពីរ​ទៀត​ដែល​មេកំណាច​យល់​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​អ្នក​បម្រើ​របស់​ព្រះ​ទាំង​រស់។

[​កំណត់​សម្គាល់​]

^ វគ្គ 13 ឪពុក​ម្ដាយ​អាច​ពិភាក្សា​ជា​មួយ​កូន​របស់​ពួក​គាត់​នូវ​ព័ត៌មាន​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ​១៦​-​១៨ វគ្គ​១១​-​១៥ និង​កិច្ច​បម្រើ​ព្រះ​ខែ​កក្កដា ឆ្នាំ​២០១១ ទំព័រ​២ វគ្គ​៣។ ឪពុក​ម្ដាយ​អាច​ប្រើ​ព័ត៌មាន​ទាំង​នេះ​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២១​]

ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី​អាច​នាំ​ឲ្យ​ក្រុម​ជំនុំ​មាន​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ

[​រូបភាព​នៅ​ទំព័រ​២៤​]

អ្នក​អាច​បំបាត់​ចោល​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​ដែល​ប្រៀប​ដូច​ជា​បន្ទុក​ធ្ងន់