លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សន្ដិភាពសម្រាប់មួយពាន់ឆ្នាំនិងក្រោយមួយពាន់ឆ្នាំ!

សន្ដិភាពសម្រាប់មួយពាន់ឆ្នាំនិងក្រោយមួយពាន់ឆ្នាំ!

សន្ដិភាព​សម្រាប់​មួយ​ពាន់​ឆ្នាំ​និង​ក្រោយ​មួយ​ពាន់​ឆ្នាំ!

«ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។—១កូ. ១៥:២៨

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

តើ​ការ​សម្រេច​នៃ​បទ​គម្ពីរ​ទាំង​នេះ​នឹង​មាន​សារៈសំខាន់​យ៉ាង​ណា​ចំពោះ​អ្នក?

មីកា ៤:៤

អេសាយ ១១:៦​-​៩

យ៉ូហាន ៥:២៨, ២៩

១​. តើ​សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល«មនុស្ស​មួយ​ក្រុម​ធំ»នឹង​ទទួល​គឺជា​អ្វី?

តើ​អ្នក​អាច​នឹក​គិត​អំពី​អ្វី​ដ៏​ល្អៗទាំង​អស់​ដែល​រដ្ឋាភិបាល​ដ៏​ខ្លាំងក្លា​មួយ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​គ្រប់​គ្រង​ម្នាក់​ដែល​យុត្ដិធម៌ ហើយ​ចេះ​អាណិត​អាសូរ​អាច​ផ្ដល់​ឲ្យ​បណ្ដា​រាស្ត្រ​របស់​លោក​ក្នុង​រយៈ​ពេល​១.០០០​ឆ្នាំ​ឬ​ទេ? «មនុស្ស​មួយ​ក្រុម​ធំ»ដែល​គ្មាន​ចំនួន​កំណត់ នឹង​ឃើញ​ព្រឹត្ដិការណ៍​អស្ចារ្យ​ជា​ច្រើន​នៅ​អនាគត។ ពួក​គេ​នឹង​រួច​ជីវិត​ពី«គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង»ដែល​នឹង​ធ្វើ​ឲ្យ​របៀប​របប​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ​លែង​មាន​ទៀត។—បប. ៧:៩, ១៤

២​. តើ​មនុស្ស​ជាតិ​រង​ផល​វិបាក​អ្វី​ខ្លះ​ក្នុង​អំឡុង​៦.០០០​ឆ្នាំ​កន្លង​ទៅ​នេះ?

ក្នុង​អំឡុង​៦.០០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​និង​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​រង​ទុក្ខវេទនា​និង​ការ​ឈឺ​ចាប់​ជា​ច្រើន​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា។ គម្ពីរ​បាន​ចែង​ជា​យូរ​យារ​មក​ហើយ​ថា៖ «មនុស្ស​ម្នាក់​មាន​អំណាច​លើ​មនុស្ស​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ (សាស្ដ. ៨:៩) តើ​យើង​ឃើញ​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ? ក្រៅ​ពី​សង្គ្រាម​និង​ការ​បះបោរ មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​ភាព​ក្រី​ក្រ ជំងឺ ការ​បំផ្លិចបំផ្លាញ​បរិស្ថាន បម្រែបម្រួល​ធាតុ​អាកាស និង​អ្វី​ផ្សេង​ទៀត។ ពួក​មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​ថា បើ​យើង​មិន​កែប្រែ​ចិត្ត​គំនិត​របស់​យើង​ទេ យើង​នឹង​ទទួល​លទ្ធផល​អាក្រក់​ក្រៃ​លែង។

៣​. តើ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​នឹង​សម្រេច​អ្វី?

ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​និង​ជា​មេស្ស៊ី​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក រាជាណាចក្រ​ព្រះ​នឹង​ចាត់​វិធានការ​ជា​បណ្ដើរៗដើម្បី​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​អស់​ដែល​មនុស្ស​ជាតិ​ជួប​ប្រទះ ហើយ​ធ្វើ​ឲ្យ​ភព​ផែនដី​នេះ​ដែល​ជា​ទី​អាស្រ័យ​នៅ​របស់​ពួក​គេ​បាន​ល្អ​ដូច​ដើម។ ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​នឹង​សម្រេច​សេចក្ដី​សន្យា​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា​ដែល​ថា៖ «[ខ្ញុំ]នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ»។ (អេ. ៦៥:១៧) តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​ដែល​នឹង​កើត​ឡើង​ទោះ​ជា​យើង​មិន​ទាន់​មើល​ឃើញ​ក៏​ដោយ? ដោយ​មាន​ជំនួយ​ពី​ទំនាយក្នុង​បណ្ដាំ​របស់​ព្រះ សូម​យើង​ពិចារណា​អំពី​អ្វីៗដ៏​អស្ចារ្យ​ដែល​យើង«មើល​មិន​ឃើញ»នៅ​ឡើយ។—២កូ. ៤:១៨

‹មនុស្ស​នឹង​សង់ផ្ទះ ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ›

៤​. តើ​មនុស្ស​ជា​ច្រើន​មាន​លំនៅ​ស្ថាន​បែប​ណា​សព្វ​ថ្ងៃ​នេះ?

មនុស្ស​គ្រប់​រូប​ចង់​មាន​ផ្ទះ​របស់​ខ្លួន ជា​កន្លែង​ដែល​គាត់​និង​ក្រុម​គ្រួសារ​គាត់​អាច​មាន​អារម្មណ៍​សុខសាន្ត​និង​មាន​សុវត្ថិភាព។ ប៉ុន្តែ នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ការ​មាន​លំនៅ​ស្ថាន​សមរម្យ​គឺជា​បញ្ហា​ដ៏​ធំ​មួយ។ បណ្ដា​ជន​រស់​នៅ​កក​កុញ​ក្នុង​ទី​ក្រុង​ដែល​មាន​មនុស្ស​កុះករ។ មនុស្ស​ច្រើន​នាក់​ត្រូវ​រស់​នៅ​ក្នុង​លំនៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​តំបន់​មនុស្ស​ក្រី​ក្រ​រស់​នៅ។ ចំពោះ​ពួក​គេ ការ​មាន​ផ្ទះ​របស់​ខ្លួន​គឺ​គ្រាន់តែ​ការ​ស្រមៃ​ប៉ុណ្ណោះ។

៥, ៦​. (ក) តើ​អេសាយ ៦៥:២១​និង​មីកា ៤:៤​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? (ខ) តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ពរ​នោះ?

ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ដែល​ចង់​មាន​ផ្ទះ​របស់​ខ្លួន​នឹង​បាន​សម្រេច ពីព្រោះ​អេសាយ​បាន​ទាយ​ថា៖ «មនុស្ស​នឹង​សង់ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ»។ (អេ. ៦៥:២១) ប៉ុន្តែ ការ​មាន​ផ្ទះ​មួយ​របស់​ខ្លួន​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ពួក​គេ​ទេ។ យ៉ាង​ណា​មិញ សព្វ​ថ្ងៃ​នេះ​មនុស្ស​ខ្លះ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តែ​អ្នក​ខ្លះ​ថែម​ទាំង​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ធំៗឬ​ក្នុង​លំនៅ​ដ៏​ល្អ​ប្រណីត​ទៀត​ផង។ ប៉ុន្តែ ពួក​គេ​តែង​តែ​បារម្ភ​ថា​ពួក​គេ​លែង​មាន​ផ្ទះ​ទៀត​ដោយ​សារ​ពួក​គេ​មាន​បញ្ហា​លុយ​កាក់ បារម្ភ​ថា​ចោរ​ឬ​មនុស្ស​អាក្រក់​ជាង​នោះ​ទៅ​ទៀត​លប​ចូល។ ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ ស្ថានភាព​ទាំង​អស់​ពិត​ជា​ខុស​ពី​នេះ​មែន! មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា៖ «គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។—មីកា ៤:៤

ដោយ​ចាំ​ជាប់​ជា​និច្ច​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នោះ តើ​យើង​គួរ​ធ្វើ​អ្វី? យើង​គ្រប់​រូប​ត្រូវ​ការ​ផ្ទះ​ដ៏​សមរម្យ។ ក៏​ប៉ុន្តែ ជា​ជាង​ព្យាយាម​ឲ្យ​បាន​ផ្ទះ​ដែល​យើង​ស្រមៃ​ចង់​បាន​ឥឡូវ​នេះ ដែល​ប្រហែលជា​នាំ​ឲ្យ​យើង​ជំពាក់​បំណុល​ច្រើន ជា​ការ​ល្អ​ដែល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​វិញ មែន​ទេ? សូម​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ថា៖ «កញ្ជ្រោង​មាន​រូង ហើយ​សត្វ​ស្លាប​លើ​មេឃ​មាន​ទ្រនំ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ»។ (លូក. ៩:៥៨) លោក​យេស៊ូ​មាន​សមត្ថភាព​និង​ឫទ្ធានុភាព​ដើម្បី​សង់ ឬ​មាន​ផ្ទះ​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​អាច​មាន។ ហេតុ​អ្វី​លោក​មិន​បាន​ធ្វើ​ដូច្នេះ? ច្បាស់​ណាស់ លោក​ចង់​ជៀស​វាង​ពី​អ្វី​ដែល​បំបែរ​អារម្មណ៍​និង​អ្វី​ដែល​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ ដែល​នឹង​រារាំង​លោក​មិន​ឲ្យ​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​សំខាន់​បំផុត។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក ហើយ​ឲ្យ​ភ្នែក​របស់​យើង​មើល​របស់​តែ​មួយ ពោល​គឺ​មិន​ឲ្យ​វត្ថុ​ទ្រព្យ​ធ្វើ​ឲ្យ​ជីវិត​យើង​ស្មុគ​ស្មាញ ហើយ​មិន​ឲ្យ​វា​ធ្វើ​ឲ្យ​យើង​ខ្វល់ខ្វាយ​ឬ​ទេ?—ម៉ាថ. ៦:៣៣, ៣៤

«ឆ្កែ​ព្រៃ​និង​កូន​ចៀម . . . នឹង​រក​ស៊ី​ជា​មួយ​គ្នា»

៧​. តើ​នៅ​ដើម​ដំបូង ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មនុស្ស​និង​សត្វ​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ជា​មួយ​គ្នា?

ពេល​ព្រះ​យេហូវ៉ា​បង្កើត​អ្វីៗនៅ​ផែនដី លោក​បាន​បង្កើត​មនុស្ស​ចុង​ក្រោយ​បង្អស់។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អំពី​គោលដៅ​ជាក់​លាក់​ដល់​បុត្រ​ច្បង​និង​ជា​មេ​ជាង​របស់​លោក​ថា៖ «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​ផែនដី​ផង»។ (លោ. ១:២៦) ដូច្នេះ អាដាម​និង​អេវ៉ា ហើយ​នៅ​ទី​បំផុត​មនុស្ស​ទាំង​អស់​បាន​ទទួល​បង្គាប់​ឲ្យ​គ្រប់​គ្រង​លើ​សត្វ​ដែល​ព្រះ​បាន​បង្កើត។

៨​. ជា​ទូទៅ តើ​សត្វ​មាន​ចរិត​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

តើ​មនុស្ស​ពិត​ជា​អាច​គ្រប់​គ្រង​លើ​សត្វ​ទាំង​អស់ ហើយ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​ពួក​វា​បាន​ឬ​ទេ? មនុស្ស​ជា​ច្រើន​ជិត​ស្និទ្ធ​ណាស់​ជា​មួយ​សត្វ​ដែល​ពួក​គេ​ចិញ្ចឹម​ដូច​ជា​ឆ្កែ​និង​ឆ្មា​ជា​ដើម។ ប៉ុន្តែ ចុះ​សត្វ​ព្រៃ​វិញ? របាយការណ៍​មួយ​ចែង​ថា៖ «អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​រស់​នៅ​ជិត​ស្និទ្ធ​នឹង​សត្វ​សាហាវ ហើយ​បាន​សិក្សា​ស្រាវ​ជាវ​អំពី​ពួក​វា បាន​រក​ឃើញ​ថា ថនិកសត្វ​ទាំង​អស់​មាន​អារម្មណ៍»។ យើង​ឃើញ​ថា​សត្វ​ទៅ​ជា​ខ្លាច​ឬ​កាច​សាហាវ ពេល​ពួក​វា​រង​ការ​គំរាម​កំហែង ប៉ុន្តែ​តើ​ពួក​វា​អាច​បង្ហាញ​នូវ​អ្វី​ដែល​អ្នក​ខ្លះ​ហៅ​ថា​ជា​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​បាន​ឬ​ទេ? របាយការណ៍​នោះ​បន្ត​ថា៖ «ពេល​ពួកវា​ចិញ្ចឹម​កូន ថនិកសត្វ​ទាំង​នោះ​បង្ហាញ​នូវ​លក្ខណៈ​ប្រសើរ​បំផុត​របស់​វា ពោល​គឺ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ»។

៩​. ស្តី​អំពី​សត្វ តើ​យើង​អាច​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ?

ហេតុ​នេះ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ពេល​គម្ពីរ​ចែង​ថា​នឹង​មាន​សេចក្ដី​សុខសាន្ត​រវាង​មនុស្ស​និង​សត្វ។ (សូម​អាន អេសាយ ១១:៦​-​៩; ៦៥:២៥) ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល? សូម​ចាំ​ថា ពេល​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចេញ​ពី​ទូក​ធំ​ក្រោយ​ទឹក​ជំនន់ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ​ថា៖«គ្រប់​ទាំង​សត្វ​នៅ​ផែនដី . . . នឹង​កោត​ខ្លាច ហើយ​ស្ញប់​ស្ញែង​ដល់​ឯង​រាល់​គ្នា»។ ឥឡូវ​នេះ សត្វ​ជា​ច្រើន​រត់​គេច​ពី​មនុស្ស​ដើម្បី​ការពារ​ខ្លួន។ (លោ. ៩:២, ៣) តើ​ព្រះ​យេហូវ៉ា​អាច​បំបាត់​ចោល​ការ​ភ័យ​ខ្លាច​នេះ​មួយ​កម្រិត ដើម្បី​ឲ្យ​បង្គាប់​ដើម​ដំបូង​របស់​លោក​បាន​សម្រេច​ឬ​ទេ? (ហូ. ២:១៨) ពេល​នោះ​ពិត​ជា​គ្រា​ដែល​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន​សម្រាប់​អស់​អ្នក​ដែល​នឹង​រួច​ជីវិត​ដើម្បី​រស់​នៅ​ផែនដី!

«លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក»

១០​. ហេតុ​អ្វី​មនុស្ស​ស្រក់​ទឹក​ភ្នែក?

១០ ពេល​សាឡូម៉ូន​បាន​ឃើញ«អស់​ទាំង​ការ​សង្កត់​សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ» គាត់​បាន​និយាយ​ទាំង​ទុក្ខ​សោក​ថា៖ «[មើល!] ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ឃើញ​ថា​គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ»។ (សាស្ដ. ៤:១) សព្វ​ថ្ងៃ​នេះ មាន​រឿង​ស្រដៀង​គ្នា​ដែរ​ឬ​អាក្រក់​ជាង​នោះ​ទៀត​ផង។ យើង​ទាំង​អស់​គ្នា​ធ្លាប់​ស្រក់​ទឹក​ភ្នែក​ដោយ​ហេតុ​ណា​មួយ។ ជួនកាល​យើង​ប្រហែលជា​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​យើង​អរ​សប្បាយ។ ប៉ុន្តែ​ភាគ​ច្រើន យើង​ស្រក់​ទឹក​ភ្នែក​គឺ​ដោយ​សារ​ចិត្ត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ។

១១​. តើ​កំណត់​ហេតុ​ណា​ក្នុង​គម្ពីរ​ដែល​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត​ខ្លាំង​បំផុត?

១១ សូម​នឹក​គិត​អំពី​រឿង​ដ៏​កម្សត់​និង​គួរ​ឲ្យ​រំជួល​ចិត្ត​ដែល​យើង​អាន​ក្នុង​គម្ពីរ។ ពេល​សារ៉ា​ស្លាប់​ក្នុង​អាយុ​១២៧​ឆ្នាំ «អ័ប្រាហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា»។ (លោ. ២៣:១, ២) ពេល​ន៉ាអូមី​លា​កូន​ប្រសា​ស្រី​មេម៉ាយ​ទាំង​ពីរ​នាក់​របស់​គាត់ ពួក«គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា» រួច​បន្ទាប់​មក​ពួក«គេ​ក៏​ឡើង​សំឡេង​យំ​ម្ដង​ទៀត»។ (រស់. ១:៩, ១៤) ពេល​ស្តេច​ហេសេគា​ឈឺ​ធ្ងន់​ហើយ​ដឹង​ថា​គាត់​នឹង​ស្លាប់ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ រួច«ទ្រង់​ព្រះ​កន្សែង​ជា​ខ្លាំង»ឬ​យំ​យ៉ាង​ខ្លាំង ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រំជួល​ចិត្ត។ (២ព. ២០:១​-​៥) ម្យ៉ាង​ទៀត កំណត់​ហេតុ​អំពី​សាវ័ក​ពេត្រុស​បដិសេធ​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​រំជួល​ចិត្ត។ ពេល​ឮ​មាន់​រងាវ ពេត្រុស«ចេញ​ទៅ​ក្រៅ​ហើយ​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង»។—ម៉ាថ. ២៦:៧៥

១២​. តើ​តាម​របៀប​ណា​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​ពិត​ប្រាកដ?

១២ ដោយ​សារ​មាន​រឿង​ខ្លោច​ផ្សា​ជា​ច្រើន​កើត​ឡើង​ដល់​មនុស្ស នោះ​ពួក​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​និង​ជំនួយ។ នេះ​ជា​អ្វី​ដែល​បណ្ដា​រាស្ត្រ​នៅ​ក្រោម​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​នឹង​ទទួល​គឺ «[ព្រះ]នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ»។ (បប. ២១:៤) គឺ​អស្ចារ្យ​ណាស់​ដែល​ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​នឹង​លែង​មាន​ទៀត ហើយ​ព្រះ​ថែម​ទាំង​បាន​សន្យា​ថា​នឹង​បំផ្លាញ​ចោល​សត្រូវ​ចុង​ក្រោយ​របស់​មនុស្ស​ជាតិ ពោល​គឺ​សេចក្ដី​ស្លាប់​ទៀត​ផង។ តើ​នោះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

«អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង . . . ចេញ​មក»

១៣​. តាំង​ពី​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​សេចក្ដី​ស្លាប់​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្ស?

១៣ តាំង​ពី​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្តេច​លើ​មនុស្ស​ជាតិ។ សេចក្ដី​ស្លាប់​ជា​សត្រូវ​ដែល​មិន​អាច​យក​ឈ្នះ​បាន វា​ជា​ចុង​បញ្ចប់​ដែល​មិន​អាច​គេច​ផុត​ចំពោះ​មនុស្ស​ជាតិ​ដែល​មាន​ភាព​ខុស​ឆ្គង និង​ជា​ប្រភព​នៃ​ទុក្ខ​សោក​ច្រើន​ឥត​គណនា។ (រ៉ូម ៥:១២, ១៤) តាម​ពិត​មនុស្ស​រាប់​លាន​នាក់«ជា​ខ្ញុំ​បម្រើ​អស់​មួយ​ជីវិត​ដោយ​សារ​ខ្លាច​សេចក្ដី​ស្លាប់»។—ហេ. ២:១៥

១៤​. តើ​នឹង​មាន​លទ្ធផល​អ្វី ពេល​ដែល​សេចក្ដី​ស្លាប់​បាន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ?

១៤ គម្ពីរ​ប្រាប់​ថា​មាន​គ្រា​ដែល«សត្រូវ​ចុង​ក្រោយ​ដែល​នឹង​ត្រូវបំផ្លាញ​ឲ្យ​សាប​សូន្យ​គឺ​សេចក្ដី​ស្លាប់»។ (១កូ. ១៥:២៦) មនុស្ស​ពីរ​ក្រុម​នឹង​ទទួល​ប្រយោជន៍​ពី​ការ​នោះ។ ចំពោះ«មនុស្ស​មួយ​ក្រុម​ធំ»ដែល​រស់​នៅ​ឥឡូវ​នេះ ពួក​គេ​នឹង​មាន​លទ្ធភាព​រួច​ជីវិត​ដើម្បី​រស់​នៅ​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ចំពោះ​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​សេចក្ដី​ស្លាប់​បាន​កញ្ឆក់​យក​ជីវិត​គេ​ទៅ ពួក​គេ​នឹង​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​អំណរ​និង​ការ​រំភើប​ចិត្ត ពេល​មនុស្ស​មួយ​ក្រុម​ធំ​ទទួល​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? ការ​ពិនិត្យ​មើល​កំណត់​ហេតុ​ខ្លះ​ស្តី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជួយ​យើង​ឲ្យ​ដឹង​ជា​មុន​នូវ​អ្វី​ដែល​ប្រហែលជា​នឹង​កើត​ឡើង។—សូម​អាន ម៉ាកុស ៥:៣៨​-​៤២; លូកា ៧:១១​-​១៧

១៥​. តើ​អ្នក​ទំនង​ជា​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​ជីវិត​ឡើង​វិញ?

១៥ សូម​គិត​អំពី​ឃ្លា​ដែល​ថា៖ «ពួក​គាត់​ត្រេក​អរ​ហួស​ប្រមាណ» ហើយ​ពួក​គាត់«ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ»។ បើ​អ្នក​មាន​វត្តមាន​ក្នុង​ពេល​ទាំង​នោះ ប្រហែលជា​អ្នក​នឹង​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ មែន​ហើយ ពេល​យើង​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​ជីវិត​ឡើង​វិញ​តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​នឹង​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ​និង​រំភើប​ចិត្ត​ក្រៃ​លែង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក»។ (យ៉ូន. ៥:២៨, ២៩) គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​យើង​ធ្លាប់​ឃើញ​អ្វី​បែប​នេះ​កើត​ឡើង​ទេ។ នេះ​ប្រាកដជា​អ្វី​មួយ​ដ៏​អស្ចារ្យ​បំផុត​នៃ«អ្វី​ដែល​យើង​មើល​មិន​ឃើញ»។

ព្រះ​នឹង​ធ្វើ​ជា«អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»

១៦​. (ក) ហេតុ​អ្វី​យើង​គួរ​និយាយ​ដោយ​ចិត្ត​រំភើប​អំពី​ពរ​ដែល​យើង​មើល​មិន​ទាន់​ឃើញ? (ខ) តើ​ប៉ូល​បាន​និយាយ​អ្វី ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស?

១៦ ពួក​អ្នក​ដែល​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​នេះ នឹង​មាន​អនាគត​ដ៏​រុងរឿង! ទោះ​ជា​យើង​មិន​ទាន់​បាន​ឃើញ​ពរ​ដ៏​វិសេស​ទាំង​នោះ​ក៏​ដោយ ការ​ចាំ​ជាប់​ជា​និច្ច​អំពី​ពរ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​អ្វីដែល​ពិត​ជា​សំខាន់ ហើយ​មិន​ឲ្យ​អ្វីៗដែល​មិន​ស្ថិតស្ថេរ​និង​ដែល​ទាក់​ទាញ​ចិត្ត​ក្នុង​របៀប​របប​ពិភព​លោក​នេះ​មក​បំបែរ​អារម្មណ៍​យើង​ឡើយ។ (លូក. ២១:៣៤; ១ធី. ៦:១៧​-​១៩) ក្នុង​អំឡុង​ការ​សិក្សា​និង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ក្នុង​ការ​សន្ទនា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ក្នុង​ការ​ពិភាក្សា​ជា​មួយ​សិស្ស​គម្ពីរ​និង​អ្នក​ចាប់​អារម្មណ៍ ចូរ​យើង​និយាយ​ដោយ​បង្ហាញ​ចិត្ត​រំភើប​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​យើង។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ច្បាស់​នូវ​សេចក្ដី​សង្ឃឹម​នោះ​ក្នុង​ចិត្ត​និង​ក្នុង​គំនិត​របស់​យើង។ សាវ័ក​ប៉ូល​បាន​ធ្វើ​ដូច្នេះ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក។ ពាក្យ​ទាំង​នេះ​របស់​គាត់​បាន​ជួយ​ពួក​គេ​ឲ្យ​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត។ ចូរ​ព្យាយាម​ស្រមៃ​គិត​អំពី​អត្ថន័យ​ពេញ​លេញ​នៃ​ពាក្យ​របស់​ប៉ូល​នៅ​កូរិនថូសទី១ ១៥:២៤, ២៥, ២៨សូម​អាន

១៧, ១៨​. (ក) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជា«អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»នៅ​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស? (ខ) តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​សាមគ្គី​ភាព​និង​ភាព​សុខដុមរមនា​ឡើង​វិញ?

១៧ គ្មាន​ការ​ពិពណ៌នា​ណា​ប្រសើរ​ជាង​ថា​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​ជាង​ពាក្យ​ទាំង​នេះ​ដែល​ថា៖ «ព្រះ​ធ្វើ​ជា​អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។ តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា? សូម​នឹក​ចាំ​អំពី​ពេល​ដែល​មនុស្ស​ល្អ​ឥត​ខ្ចោះ​គឺ​អាដាម​និង​អេវ៉ា​រស់​នៅ​សួន​ច្បារ​អេដែន ពួក​គាត់​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​សកលលោក​ដែល​មាន​សេចក្ដី​សុខសាន្ត​និង​ភាព​សុខដុមរមនា។ ព្រះ​យេហូវ៉ា​ដែល​ជា​មហា​ក្សត្រ​សកលលោក បាន​គ្រប់​គ្រង​ដោយ​ផ្ទាល់​លើ​អ្វីៗទាំង​អស់​ដែល​លោក​បាន​បង្កើត​គឺ​ទាំង​ទេវតា​និង​មនុស្ស។ ពួក​គេ​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​លោក​ដោយ​ផ្ទាល់ គោរព​ប្រណិប័តន៍​លោក ហើយ​ទទួល​ពរ​ពី​លោក។ លោក​ជា«អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។

១៨ ទំនាក់​ទំនង​ដ៏​សុខដុមរមនា​នោះ​បាន​ត្រូវ​បង្អាក់ ពេល​មនុស្ស​បាន​បះបោរ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​ពួក​គេ​ទទួល​ឥទ្ធិពល​ពី​សាថាន។ ប៉ុន្តែ តាំង​ពី​ឆ្នាំ​១៩១៤ រាជាណាចក្រ​មេស្ស៊ី​បាន​ចាត់​វិធានការ​ជា​បណ្ដើរៗដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​និង​ភាព​សុខដុមរមនា​ឡើង​វិញ។ (អេភ. ១:៩, ១០) ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ អ្វីៗដ៏​អស្ចារ្យ​ដែល​ឥឡូវ​នេះ​យើង«មើល​មិន​ឃើញ»នឹង​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​ការ​ពិត។ ក្រោយ​មក«ទី​បញ្ចប់»មក​ដល់ ពោល​គឺ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត។ បន្ទាប់​មក តើ​នឹង​មាន​អ្វី​កើត​ឡើង? ទោះ​ជា​លោក​យេស៊ូ​បាន​ទទួល«គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី»ក៏​ដោយ លោក​មិន​មាន​មហិច្ឆតា​ទេ។ លោក​មិន​មាន​បំណង​ដណ្ដើម​តំណែង​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ លោក«ប្រគល់​រាជាណាចក្រ​ជូន​ព្រះ​ជា​បិតា​របស់​លោក»ដោយ​ចិត្ត​រាប​ទាប។ លោក​នឹង​ប្រើ​ឋានៈ​និង​អំណាច​ពិសេស​របស់​លោក«ដើម្បី​សរសើរ​តម្កើង​ព្រះ»។—ម៉ាថ. ២៨:១៨; ភី. ២:៩​-​១១

១៩, ២០​. (ក) តើ​តាម​របៀប​ណា​បណ្ដា​រាស្ត្រ​ទាំង​អស់​នៃ​រាជាណាចក្រ​ព្រះ​នឹង​បង្ហាញ​ថា​ពួក​គេ​ទទួល​យក​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អ្វី?

១៩ នៅ​ពេល​នោះ បណ្ដា​រាស្ត្រ​នៃ​រាជាណាចក្រ​ព្រះ​ដែល​រស់​នៅ​ផែនដី​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។ ពួក​គេ​នឹង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​ទទួល​ស្គាល់​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប​និង​ដោយ​ស្ម័គ្រ​ចិត្ត។ ពួក​គេ​នឹង​មាន​ឱកាស​បង្ហាញ​ថា​ពួក​គេ​ចង់​ធ្វើ​ដូច្នេះ​ដោយ​ឆ្លង​កាត់​ការ​សាកល្បង​ចុង​ក្រោយ​ដោយ​ជោគជ័យ។ (បប. ២០:៧​-​១០) ក្រោយ​មក ពួក​អ្នក​ប្រឆាំង​ទាំង​អស់​ដែល​ជា​មនុស្ស​និង​បុគ្គល​វិញ្ញាណ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ គ្រា​នោះ​នឹង​ជា​គ្រា​ដ៏​សប្បាយ​រីករាយ​និង​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត! ក្រុម​គ្រួសារ​សកលលោក​ទាំង​មូល​នឹង​សប្បាយ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដែល​លោក​នឹង​ធ្វើ​ជា«អ្វីៗទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។—សូម​អាន ទំនុកតម្កើង ៩៩:១​-​៣

២០ តើ​រាជាណាចក្រ​ដ៏​រុងរឿង​ដែល​មាន​ពិត​ប្រាកដ ហើយ​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ ជំរុញ​ចិត្ត​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​នោះ​ឬ​ទេ? តើ​អ្នក​អាច​ជៀស​វាង​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​ដែល​ពិភព​លោក​របស់​សាថាន​ផ្ដល់​ឲ្យ មក​បំបែរ​អារម្មណ៍​អ្នក​បាន​ទេ? តើ​អ្នក​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ឲ្យ​ការ​ប្រព្រឹត្ត​របស់​អ្នក​បង្ហាញ​ថា​អ្នក​ចង់​ធ្វើ​ដូច្នេះ​ជា​រៀង​រហូត។ ក្រោយ​មក អ្នក​នឹង​មាន​ឯកសិទ្ធិ​សប្បាយ​នឹង​សន្ដិភាព​ព្រម​ទាំង​ភាព​ចម្រុងចម្រើន​អស់​១.០០០​ឆ្នាំ​និង​ក្រោយ​១.០០០​ឆ្នាំ!

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​នៅ​ទំព័រ​១១]

ពេល​លោក​យេស៊ូ​បញ្ចប់​ភារកិច្ច​របស់​លោក​ជា​ស្តេច លោក​នឹង​ប្រគល់​រាជាណាចក្រ​ទៅ​បិតា​របស់​លោក​វិញ