លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្ដាប់បង្គាប់ព្រះ ហើយទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់លោក

ចូរស្ដាប់បង្គាប់ព្រះ ហើយទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់លោក

ចូរ​ស្ដាប់​បង្គាប់​ព្រះ ហើយ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​លោក

«[ព្រះ]ធានា​សេចក្ដី​សន្យា​របស់​លោក​ដោយ​អាង​ជីវិត​ខ្លួន​លោក ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង​ដែល​លោក​អាច​អាង​ដើម្បី​ធានា​សេចក្ដី​សន្យា​នោះ​ឡើយ»។—ហេ. ៦:១៣

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

ហេតុ​អ្វី​អ្នក​អាច​ប្រាកដ​ថា​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច?

តើ​ព្រះ​បាន​សន្យា​អ្វី ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

តើ​យើង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អាប្រាហាំ​យ៉ាង​ដូច​ម្ដេច?

១​. តើ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ខុស​គ្នា​ពី​ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជា«ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុក. ៣១:៥) មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​តែង​តែ​អាច​ទុក​ចិត្ត​បាន​ទេ រីឯ«ព្រះ​មិន​អាច​កុហក​បាន»ឡើយ។ (ហេ. ៦:១៨; សូម​អាន ជនគណនា ២៣:១៩) ព្រះ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​សម្រាប់​មនុស្ស​ជាតិ។ ជា​ឧទាហរណ៍ អ្វីៗទាំង​អស់​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ​នៅ​ដើម​ដំបូង​នៃ​រយៈ​កាល​នីមួយៗនៃ​ការ​បង្កើត«ក៏​មាន​ដូច្នោះ»។ ដូច្នេះ នៅ​ទី​បញ្ចប់​នៃ​ថ្ងៃ​ទី​៦​នៃ​ការ​បង្កើត «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា​ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។—លោ. ១:៦, ៧, ៣០, ៣១

២​. តើ​ថ្ងៃ​សម្រាក​របស់​ព្រះ​ជា​អ្វី ហើយ​ហេតុ​អ្វី​លោក​បាន«ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ»?

ដោយ​ពិនិត្យ​មើល​ការ​បង្កើត​របស់​លោក ព្រះ​យេហូវ៉ា​បាន​ប្រកាស​ការ​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ទី​៧ មិន​មែន​ថ្ងៃ​ដែល​មាន​រយៈ​កាល​២៤​ម៉ោង​ទេ ប៉ុន្តែ​ជា​រយៈ​កាល​ដ៏​វែង។ ក្នុង​អំឡុង​គ្រា​នោះ លោក​បាន​សម្រាក​ពី​ការ​បង្កើត​អ្វីៗថែម​ទៀត​របស់​លោក​នៅ​លើ​ផែនដី។ (លោ. ២:២) ថ្ងៃ​សម្រាក​របស់​ព្រះ​នៅ​តែ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ (ហេ. ៤:៩, ១០) គម្ពីរ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ច្បាស់​ថា​ថ្ងៃ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា​ឡើយ។ ថ្ងៃ​នោះ​ចាប់​ផ្ដើម​មួយ​រយៈ​ពេល​ក្រោយ​ការ​បង្កើត​ប្រពន្ធ​របស់​អាដាម​គឺ​អេវ៉ា ប្រហែលជា​៦​.​០០០​ឆ្នាំ​មុន។ នៅ​ពេល​បន្ដិច​ទៀត​ការ​គ្រប់​គ្រង​១​.​០០០​ឆ្នាំ​របស់​លោក​យេស៊ូ​គ្រិស្ត​នឹង​ចាប់​ផ្ដើម ហើយ​ក្នុង​អំឡុង​គ្រា​នោះ គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច។ គោល​បំណង​នោះ​គឺ​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ដែល​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត ហើយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ជាតិ​ល្អ​ឥត​ខ្ចោះ។ (លោ. ១:២៧, ២៨; បប. ២០:៦) តើ​អ្នក​អាច​ប្រាកដ​ថា​អ្នក​នឹង​មាន​អនាគត​ដ៏​សប្បាយ​រីករាយ​បែប​នេះ​ឬ​ទេ? អ្នក​ពិត​ជា​អាច​មាន​មែន! ព្រោះ«ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ»។ នេះ​ជា​ការ​ធានា​មួយ​ថា ទោះ​ជា​មាន​បញ្ហាអ្វី​ដែល​ប្រហែលជា​កើត​ឡើង​ដែល​យើង​មិន​ដឹង​ទុក​ជា​មុន​ក៏​ដោយ ក៏​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​សម្រាក​របស់​លោក​ជាក់​ជា​មិន​ខាន។—លោ. ២:៣

៣​. (ក) ក្រោយ​ពី​ថ្ងៃ​សម្រាក​របស់​ព្រះ​បាន​ចាប់​ផ្ដើម តើ​ការ​បះបោរ​ប្រឆាំង​អ្វី​បាន​កើត​ឡើង? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​បំណង​របស់​លោក​ដើម្បី​បង្ក្រាប​ការ​បះបោរ​នោះ?

ក៏​ប៉ុន្តែ ក្រោយ​ពី​ថ្ងៃ​សម្រាក​របស់​ព្រះ​បាន​ចាប់​ផ្ដើម មាន​រឿង​អាក្រក់​មួយ​បាន​កើត​ឡើង។ សាថាន​ជា​ទេវតា​មួយ​រូប​ដែល​ជា​កូន​របស់​ព្រះ បាន​តាំង​ខ្លួន​ជា​ព្រះ​មួយ​រូប​ដែល​ប្រណាំងប្រជែង​ជា​មួយ​ព្រះ​យេហូវ៉ា។ វា​បាន​និយាយ​ពាក្យ​កុហក​ទី​១ ហើយ​បាន​បោក​បញ្ឆោត​នាង​អេវ៉ា​មិន​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (១ធី. ២:១៤) ជា​លទ្ធផល អេវ៉ា​បាន​នាំ​ប្ដី​របស់​នាង​ឲ្យ​ចូល​រួម​ក្នុង​ការ​បះបោរ​នោះ​ដែរ។ (លោ. ៣:១​-​៦) ពេល​ដែល​សាថាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​គឺ​មិន​មែន​ជា​សេចក្ដី​ពិត នោះ​ជា​គ្រា​ដ៏​អាប់​ឱន​ក្នុង​ប្រវត្ដិសាស្ត្រ​សកលលោក។ សូម្បី​តែ​នៅ​ក្នុង​គ្រា​នោះ​ក្ដី លោក​មិន​គិត​ថា​ត្រូវ​ស្បថ​ដើម្បី​បង្ហាញ​ថា​គោល​បំណង​របស់​លោក​ចំពោះ​ផែនដី​នឹង​ត្រូវ​សម្រេច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​ប្រើ​ពាក្យ​ដែល​គេ​នឹង​យល់​នៅ​ពេល​កំណត់​របស់​លោក ព្រះ​បាន​និយាយ​អំពី​របៀប​ដែល​ការ​បះបោរ​នឹង​ត្រូវ​បង្ក្រាប​ដោយ​មាន​ប្រសាសន៍​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង[សាថាន]ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង[ពូជ​ដែល​បាន​ត្រូវ​សន្យា]នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។—លោ. ៣:១៥; បប. ១២:៩

សម្បថ​ជា​វិធី​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​មាន​ប្រយោជន៍

៤, ៥​. តើ​ជួនកាល​អាប្រាហាំ​បាន​ប្រើ​វិធី​អ្វី ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់?

នៅ​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ ការ​ស្បថ​ថា​រឿង​មួយ​ជា​រឿង​ពិត ទំនង​ជា​មិន​មាន​ក្នុង​ភាសា​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​និង​អេវ៉ា​នោះ​ទេ។ មនុស្ស​និង​ទេវតា​ដែល​ល្អ​ឥត​ខ្ចោះ​ដែល​ស្រឡាញ់​ព្រះ ហើយ​យក​តម្រាប់​លោក​មិន​ចាំ​បាច់​ស្បថ​ឡើយ។ ពួក​គេ​តែង​តែ​និយាយ​ពាក្យ​ពិត​ហើយ​ទុក​ចិត្ត​គ្នា​ទាំង​ស្រុង។ ប៉ុន្តែ អ្វីៗបាន​ផ្លាស់​ប្ដូរ​ដោយ​សារ​ឥទ្ធិពល​នៃ​អំពើ​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្ស។ នៅ​ទី​បំផុត នៅ​ពេល​ដែល​ការ​ភូត​កុហក​និង​ការ​បោក​បញ្ឆោត​មាន​ជា​ទូទៅ​ក្នុង​ចំណោម​មនុស្ស ជា​ការ​ចាំ​បាច់​ដែល​មនុស្ស​ស្បថ​ស្តី​អំពី​រឿង​សំខាន់ៗ។

ការ​ស្បថ​ជា​វិធី​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​អាប្រាហាំ​ជា​បុព្វបុរស​បាន​ប្រើ​យ៉ាង​ហោច​ណាស់​បី​លើក​ដើម្បី​ឲ្យ​មាន​ផល​ប្រយោជន៍។ (លោ. ២១:២២​-​២៤; ២៤:២​-​៤,) ជា​ឧទាហរណ៍ នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​គាត់​ត្រឡប់​ពី​ច្បាំង​ឈ្នះ​ស្តេច​ស្រុក​អេឡាំ​និង​សម្ព័ន្ធមិត្ត​របស់​គាត់។ ស្តេច​ក្រុង​សាឡិម​និង​សូដុម​បាន​ចេញ​មក​ជួប​អាប្រាហាំ។ ម៉េលគីសេដិក​គឺជា​ស្តេច​នៃ​ក្រុង​សាឡិម​និង​ជា«សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត»។ អាស្រ័យ​ហេតុ​នេះ គាត់​បាន​ឲ្យ​ពរ​ដល់​អាប្រាហាំ ហើយ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​បាន​ជួយ​អាប្រាហាំ​ឲ្យ​មាន​ជ័យ​ជម្នះ​លើស​ត្រូវ​របស់​គាត់។ (លោ. ១៤:១៧​-​២០) បន្ទាប់​មក ពេល​ដែល​ស្តេច​ក្រុង​សូដុម​ចង់​ឲ្យ​រង្វាន់​ដល់​អាប្រាហាំ​ដែល​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​គាត់​ឲ្យ​រួច​ពី​កង​ទ័ព​ឈ្លានពាន​នោះ អាប្រាហាំ​បាន​ស្បថ​ថា៖ «ទូល​បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌​នឹង​ផែនដី​ថា ទូល​បង្គំ​នឹង​មិន​យក​អ្វី​សោះ​សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗរបស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា៖ ‹អញ​បាន​ធ្វើ​ឲ្យ​អាប់​រ៉ាម​ទៅ​ជា​អ្នក​មាន›»។—លោ. ១៤:២១​-​២៣

សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ

៦​. (ក) តើ​អាប្រាហាំ​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង? (ខ) តើ​យើង​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​បង្គាប់​របស់​អាប្រាហាំ​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ដែល​មាន​ភាព​ខុស​ឆ្គង ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​ការ​ស្បថ​ដោយ​ប្រើ​ពាក្យ​ដូច​ជា«ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា៖ ‹ដូច​ជា​អញ​រស់​នៅ›»។ (អេស. ១៧:១៦) គម្ពីរ​រៀប​រាប់​អំពី​ពេល​ផ្សេងៗជាង​៤០​លើក​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្បថ។ ឧទាហរណ៍​មួយ​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​ស្តី​អំពី​សម្បថ​គឺ​ប្រហែលជា​ពេល​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អាប្រាហាំ។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ឬ​សេចក្ដី​សន្យា​មួយ​ចំនួន​ជា​មួយ​អាប្រាហាំ ពេល​ដាក់​បញ្ចូល​គ្នា កិច្ច​ព្រមព្រៀង​ឬ​សេចក្ដី​សន្យា​ទាំង​នោះ​បង្ហាញ​ថា​ពូជ​ដែល​បាន​ត្រូវ​សន្យា​នឹង​ចេញ​មក​ពី​ពូជ​ពង្ស​អាប្រាហាំ​តាម​រយៈ​កូន​ប្រុស​របស់​គាត់​ឈ្មោះអ៊ីសាក។ (លោ. ១២:១​-​៣, ៧; ១៣:១៤​-​១៧; ១៥:៥, ១៨; ២១:១២) បន្ទាប់​មក ព្រះ​យេហូវ៉ា​ធ្វើ​ការ​សាកល្បង​ដ៏​ខ្លាំង​មួយ​ចំពោះ​អាប្រាហាំ ដោយ​បង្គាប់​គាត់​ឲ្យ​បូជា​អ៊ីសាក​ដែល​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់។ ដោយ​មិន​បង្អែ​បង្អង់ អាប្រាហាំ​បាន​ធ្វើ​តាម​ហើយ​បម្រុង​នឹង​បូជា​អ៊ីសាក ប៉ុន្តែ​មាន​ទេវតា​មួយ​បាន​ឃាត់​គាត់។ បន្ទាប់​មក​ព្រះ​បាន​ស្បថ​ថា៖ «អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់​គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង ពីព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។—លោ. ២២:១​-​៣, ៩​-​១២, ១៥​-​១៨

៧, ៨​. (ក) តើ​ព្រះ​បាន​ស្បថ​នឹង​អាប្រាហាំ​ក្នុង​គោល​បំណង​អ្វី? (ខ) តើ​ពួក«ចៀម​ឯ​ទៀត»របស់​លោក​យេស៊ូ​ទទួល​ប្រយោជន៍​ពី​សម្បថ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ព្រះ​បាន​ស្បថ​ជា​មួយ​អាប្រាហាំ​ថា​សេចក្ដី​សន្យា​របស់​លោក​នឹង​បាន​សម្រេច? នេះ​គឺ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​ពួក​អ្នក​ដែល​នឹង​ទទួល​មត៌ក​ជា​មួយ​គ្រិស្ត ដែល​ជា​ផ្នែក​ទី​២​នៃ«ពូជ»ដែល​បាន​ត្រូវ​សន្យា​និង​ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ (សូម​អាន ហេប្រឺ ៦:១៣​-​១៨; កាឡ. ៣:២៩) ដូច​សាវ័ក​ប៉ូល​បាន​ពន្យល់ ព្រះ​យេហូវ៉ា«បាន​បន្ថែម​សម្បថ​ជា​មួយ​នឹង​សេចក្ដី​សន្យា​នោះ ដើម្បី​តាម​រយៈ​ការ​ទាំង​ពីរ​នេះ[សេចក្ដី​សន្យា​និង​សម្បថ​របស់​លោក]ដែល​ពុំ​អាច​ប្រែ​ប្រួល ហើយ​ដែល​បង្ហាញ​ថា​ព្រះ​មិន​អាច​កុហក​បាន នោះ​យើង . . . អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ឲ្យ​ឈោង​ចាប់​សេចក្ដី​សង្ឃឹម​ដែល​បាន​ត្រូវ​ដាក់​មុខ​យើង»។

មិន​គ្រាន់តែ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ​ទេ ដែល​បាន​ទទួល​ប្រយោជន៍​ពី​សម្បថ​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​អាប្រាហាំ។ តាម​រយៈ«ពូជ»របស់​អាប្រាហាំ ព្រះ​យេហូវ៉ា​បាន​ស្បថ​ថា​មនុស្ស«គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង»។ (លោ. ២២:១៨) អ្នក​ដែល​ទទួល​ពរ​ទាំង​នេះ​ក៏​រួម​បញ្ចូល​ពួក«ចៀម​ឯ​ទៀត»ដែល​ស្ដាប់​បង្គាប់​គ្រិស្ត ដែល​មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ (យ៉ូន. ១០:១៦) ទោះ​ជា​សេចក្ដី​សង្ឃឹម​របស់​អ្នក​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី ចូរ«ឈោង​ចាប់»សេចក្ដី​សង្ឃឹម​នោះ​ដោយ​បន្ត​មាន​របៀប​រស់​នៅ​ដោយ​ស្ដាប់​បង្គាប់​ព្រះ។—សូម​អាន ហេប្រឺ ៦:១១, ១២

សម្បថ​ផ្សេង​ទៀត​របស់​ព្រះ

៩​. តើ​ព្រះ​បាន​ស្បថ​យ៉ាង​ណា ពេល​ដែល​កូន​ចៅ​របស់​អាប្រាហាំ​ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អេស៊ីប?

ច្រើន​សតវត្សរ៍​ក្រោយ​មក ស្តី​អំពី​សេចក្ដី​សន្យា​ដែល​បាន​រៀប​រាប់​ខាង​លើ ព្រះ​យេហូវ៉ា​បាន​ស្បថ​ម្ដង​ទៀត​ពេល​លោក​បាន​ចាត់​ម៉ូសេ​ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​របស់​អាប្រាហាំ ដែល​នៅ​ពេល​នោះ​ពួក​គេ​ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អេស៊ីប។ (និក្ខ. ៦:៦​-​៨) ដោយ​សំដៅ​ទៅ​គ្រា​នោះ ព្រះ​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ថ្ងៃ​ដែល​អញ​បាន​រើសអ៊ីស្រាអែល . . . អញ​បាន​ស្បថ​ដល់​គេ​ថា​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែងរក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរហៀរ»។—អេស. ២០:៥, ៦, យើង​កែ​ជា​អក្សរ​ទ្រេត

១០​. ក្រោយ​ពី​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​នឹង​ពួក​គេ?

១០ បន្ទាប់​មក ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​សង្គ្រោះ​ពី​ស្រុក​អេស៊ីប ព្រះ​យេហូវ៉ា​បាន​ស្បថ​ម្ដង​ទៀត​ចំពោះ​ពួក​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ»។ (និក្ខ. ១៩:៥, ៦) នេះ​ជា​ឯកសិទ្ធិ​ដ៏​ធំ​ធេង​ណាស់! ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​មាន​ន័យ​ថា បើ​បណ្ដា​ជន​នៃ​ប្រជាជាតិ​នោះ​ស្ដាប់​បង្គាប់​លោក នោះ​ពួក​គេ​អាច​មាន​សេចក្ដី​សង្ឃឹម​ថា​ក្នុង​នាម​ជា​រាជាណាចក្រ​មួយ​ដែល​សុទ្ធតែ​ជា​សង្ឃ ព្រះ​នឹង​ប្រើ​ពួក​គេ​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំង​ឡាយ។ ក្រោយ​មក ដូច​ដែល​លោក​បាន​រៀប​រាប់​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា៖ «អញ . . . បាន​ស្បថ​នឹង​ឯង ហើយ​តាំង​សញ្ញា​នឹង​ឯង​ផង»។—អេស. ១៦:៨, យើង​កែ​ជា​អក្សរ​ទ្រេត

១១​. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​តប​ឆ្លើយ​យ៉ាង​ណា នៅ​ពេល​ដែល​ព្រះ​អញ្ជើញ​ពួក​គេ​ឲ្យ​ធ្វើ​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ជា​មួយ​លោក ក្នុង​នាម​ជា​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស?

១១ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​មិន​បាន​បង្ខំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ស្បថ​ថា​ពួក​គេ​នឹង​ស្ដាប់​បង្គាប់​លោក​ឡើយ ហើយ​ក៏​មិន​បាន​បង្ខំ​ពួក​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នឹង​លោក​ដែរ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​និយាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។ (និក្ខ. ១៩:៨) បី​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​តម្រូវ​ពី​ប្រជាជាតិ​ដែល​លោក​បាន​ជ្រើស​រើស​នេះ។ មុន​ដំបូង​ពួក​គេ​បាន​ឮ​បញ្ញត្ដិ​ទាំង​១០ ហើយ​បន្ទាប់​មក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​នូវ​បង្គាប់​ថែម​ទៀត​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​និក្ខមនំ ២០:២២ ដល់​និក្ខមនំ ២៣:៣៣។ តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឆ្លើយ​យ៉ាង​ណា? «រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា៖ ‹យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក›»។ (និក្ខ. ២៤:៣) បន្ទាប់​មក ម៉ូសេ​បាន​កត់​ទុក​ច្បាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង«សៀវភៅ​សញ្ញា»ឬ​សៀវភៅ​នៃ​កិច្ច​ព្រមព្រៀង ហើយ​អាន​ឮៗឲ្យ​ពួក​គេ​ស្ដាប់​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​មូល​អាច​ឮ​ច្បាប់​ទាំង​នោះ​ម្ដង​ទៀត។ ក្រោយ​ពី​នោះ បណ្ដា​ជន​បាន​ស្បថ​ជា​លើក​ទី​៣​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្ដាប់​បង្គាប់​គ្រប់​ចំ​ពូក​ផង»។—និក្ខ. ២៤:៤, ៧, ៨

១២​. តើ​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស​បាន​ធ្វើ​អ្វី ក្រោយ​ពី​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា?

១២ ភ្លាមៗនោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា​នៅ​ក្នុង​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង ដោយ​រៀបចំ​ឲ្យ​មាន​ត្រ​សាល​សម្រាប់​គោរព​ប្រណិប័តន៍​និង​ឲ្យ​មាន​សង្ឃ​ដើម្បី​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ចូល​ទៅ​ជិត​លោក។ ផ្ទុយ​ទៅ​វិញ បណ្ដា​ជន​អ៊ីស្រាអែល​ឆាប់​ភ្លេច​ថា​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ«បិទ​ផ្លូវ[ឬ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត]ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល»។ (ទំនុក. ៧៨:៤១) ជា​ឧទាហរណ៍ ពេល​ម៉ូសេ​កំពុង​ជាប់​រវល់​ទទួល​ការ​ណែនាំ​ថែម​ទៀត​នៅ​ភ្នំ​ស៊ីណាយ ជន​ជាតិ​អ៊ីស្រាអែល​គ្មាន​ចិត្ត​អត់​ធ្មត់ ហើយ​ចាប់​ផ្ដើម​លែង​មាន​ជំនឿ​លើ​ព្រះ​ដោយ​គិត​ថា​ម៉ូសេ​បាន​បោះបង់​ចោល​ពួក​គេ។ ដូច្នេះ ពួក​គេ​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​បាន​និយាយ​ទៅ​បណ្ដា​ជន​ថា៖ «នែ​ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ (និក្ខ. ៣២:១,) បន្ទាប់​មក​ពួក​គេ​បាន​ធ្វើ​ពិធី​មួយ​ដែល​ពួក​គេ​ហៅ​ថា «បុណ្យ​ថ្វាយ​ព្រះ​យេហូវ៉ា» ហើយ​ក្រាប​គោរព​និង​ជូន​គ្រឿង​បូជា​ដល់​រូប​ព្រះ​ដែល​មនុស្ស​បាន​ធ្វើ។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ដូច្នេះ លោក​បាន​ប្រាប់​ម៉ូសេ​ថា៖ «[ពួក​គេ]រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ»។ (និក្ខ. ៣២:៥, ៦,) នៅ​ឆ្នាំ​ក្រោយៗមក ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​សម្បថ​ជា​ច្រើន​នឹង​ព្រះ​យេហូវ៉ា ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត ពួក​គេ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​ស្បថ​នោះ​ទេ។—ជន. ៣០:២

សម្បថ​ពីរ​ថែម​ទៀត

១៣​. តើ​សម្បថ​អ្វី ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​ស្តេច​ដាវីឌ ហើយ​តើ​សម្បថ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ពូជ​ដែល​បាន​ត្រូវ​សន្យា?

១៣ ក្នុង​អំឡុង​រជ្ជកាល​ស្តេច​ដាវីឌ ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្បថ​ពីរ​ទៀត​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក។ ទី​១ លោក​បាន​ស្បថ​នឹង​ដាវីឌ​ថា​បល្ល័ង្ក​របស់​គាត់​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ (ទំនុក. ៨៩:៣៥, ៣៦; ១៣២:១១, ១២) នេះ​មាន​ន័យ​ថា ពូជ​ដែល​ព្រះ​បាន​សន្យា​នឹង​ត្រូវ​ហៅ​ថា«បុត្រ​ដាវីឌ»។ (ម៉ាថ. ១:១; ២១:៩) ដោយ​ចិត្ត​រាប​ទាប ដាវីឌ​បាន​ហៅ​បុគ្គល​នេះ​ដែល​នឹង​កើត​ក្នុង​វង្ស​ត្រកូល​របស់​គាត់​ថា«ម្ចាស់» ពីព្រោះ​គ្រិស្ត​មាន​ឋានៈ​ខ្ពស់​ជាង​គាត់។—ម៉ាថ. ២២:៤២​-​៤៤

១៤​. តើ​ព្រះ​យេហូវ៉ា​បាន​ស្បថ​អំពី​អ្វី ស្តី​អំពី​ពូជ​ដែល​ត្រូវ​បាន​សន្យា ហើយ​តើ​យើង​ទទួល​ប្រយោជន៍​ពី​សម្បថ​នោះ​យ៉ាង​ដូច​ម្ដេច?

១៤ ទី​២ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ដាវីឌ​ឲ្យ​ទាយ​ថា ស្តេច​ដ៏​ពិសេស​នេះ​ក៏​នឹង​បម្រើ​ជា​សម្ដេច​សង្ឃ​សម្រាប់​មនុស្ស​ជាតិ​ផង​ដែរ។ នៅ​ស្រុក​អ៊ីស្រាអែល តំណែង​ជា​ស្តេច​និង​សង្ឃ​គឺ​ខុស​គ្នា​ទាំង​ស្រុង។ ពួក​សង្ឃ​មក​ពី​កុលសម្ព័ន្ធ​លេវី រីឯ​ស្តេច​មក​ពី​កុលសម្ព័ន្ធ​យូដា។ ប៉ុន្តែ ដាវីឌ​បាន​ទាយ​អំពី​បុគ្គល​ដ៏​ឧត្តម​ដែល​ទទួល​មត៌ក​របស់​គាត់​នៅ​អនាគត​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា៖ ‹ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង›។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ​ថា៖ ‹ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជា​និច្ច​តាម​របៀប​លោក​មិលគីស្សាដែក! ទ្រង់​នឹង​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ›»។ (ទំនុក. ១១០:១,) ដូច​ទំនាយ​នោះ​បាន​ទាយ ឥឡូវ​នេះ​លោក​យេស៊ូ​គ្រិស្ត​ជា​ពូជ​ដែល​បាន​ត្រូវ​សន្យា កំពុង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ លោក​ក៏​បម្រើ​ជា​សម្ដេច​សង្ឃ​សម្រាប់​មនុស្ស​ជាតិ ដោយ​ជួយ​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។—សូម​អាន ហេប្រឺ ៧:២១, ២៥, ២៦

អ៊ីស្រាអែល​ថ្មី​នៃ​ព្រះ

១៥, ១៦​. (ក) តើ​គម្ពីរ​បាន​រៀប​រាប់​អំពី​អ៊ីស្រាអែល​ពីរ​ប្រភេទ​ណាខ្លះ ហើយ​តើ​អ៊ីស្រាអែល​មួយ​ណា​ដែល​ព្រះ​កំពុង​ឲ្យ​ពរ​នៅ​សព្វ​ថ្ងៃ​នេះ? (ខ) តើ​បង្គាប់​អ្វី ដែល​លោក​យេស៊ូ​បាន​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម​លោក​ស្តី​អំពី​ការ​ស្បថ?

១៥ ដោយ​សារ​ប្រជាជាតិ​អ៊ីស្រាអែល​បាន​បដិសេធ​លោក​យេស៊ូ​គ្រិស្ត នៅ​ទី​បំផុត​ព្រះ​លែង​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​លទ្ធភាព​ធ្វើ​ជា«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»។ ដូច​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​ថា៖ «រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ»។ (ម៉ាថ. ២១:៤៣) ប្រជាជាតិ​ថ្មី​នោះ​បាន​កើត​មក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. នៅ​ពេល​ដែល​សកម្មពល​របស់​ព្រះ​បាន​ត្រូវ​ចាក់​ទៅ​លើ​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែលជា​១២០​នាក់ ដែល​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ ពួក​អ្នក​កាន់​តាម​ទាំង​នេះ​បាន​ត្រូវ​គេ​ស្គាល់​ជា«អ៊ីស្រាអែល​នៃ​ព្រះ» ហើយ​មិន​យូរ​ក្រោយ​មក ពួក​គេ​បាន​កើន​ឡើង​ដល់​រាប់​ពាន់​នាក់ ដែល​ជា​មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍​ក្នុង​ពិភព​លោក​ដែល​គេ​ស្គាល់​នៅ​សម័យ​នោះ។—កាឡ. ៦:១៦

១៦ មិន​ដូច​ប្រជាជាតិ​អ៊ីស្រាអែល ប្រជាជាតិ​ថ្មី​របស់​ព្រះ​ក្នុង​ន័យ​ធៀប​នេះ​បាន​បង្កើត​ផល​ល្អ​ដោយ​បន្ត​ស្ដាប់​បង្គាប់​ព្រះ។ បញ្ញត្ដិ​មួយ​ដែល​អ៊ីស្រាអែល​នៃ​ព្រះ​ធ្វើ​តាម គឺ​ជាប់​ទាក់​ទង​នឹង​ការ​ស្បថ។ ពេល​លោក​យេស៊ូ​នៅ​ផែនដី មនុស្ស​ស្បថ​តាម​របៀប​មិន​ត្រឹម​ត្រូវ ដោយ​ស្បថ​បំពាន​ឬ​ស្បថ​ក្នុង​រឿង​តូច​តាច។ (ម៉ាថ. ២៣:១៦​-​២២) លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «កុំ​ស្បថ​ឲ្យ​សោះ . . . ប៉ុន្តែ គ្រាន់តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន បើ​ថា‹ទេ› គឺ​ទេ ពីព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេកំណាច»។—ម៉ាថ. ៥:៣៤, ៣៧

១៧​. តើ​សំណួរ​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​ពិចារណា​នៅ​អត្ថបទ​បន្ទាប់?

១៧ តើ​នេះ​មាន​ន័យ​ថា​ការ​ស្បថ​ទាំង​អស់​សុទ្ធតែ​ខុស​ឬ? សំខាន់​ជាង​នោះ​ទៅ​ទៀត តើ​ការ​រក្សា​សម្ដី​ថា​មែន គឺ​មែន បង្កប់​អត្ថន័យ​យ៉ាង​ណា? សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​អត្ថបទ​បន្ទាប់។ ពេល​យើង​បន្ត​រំពឹង​គិត​លើ​បណ្ដាំ​របស់​ព្រះ សូម​ឲ្យ​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល លោក​នឹង​សប្បាយ​ផ្ដល់​ពរ​ឲ្យ​យើង​ជា​រៀង​រហូត ស្រប​តាម​សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ​របស់​លោក។

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​នៅ​ទំព័រ​២៤]

មិន​យូរ​ទៀត​អាប្រាហាំ​នឹង​ឃើញ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៦]

សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​បាន​សម្រេច