ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសប្រេស៊ីល
ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសប្រេស៊ីល
កាលពីប៉ុន្មានឆ្នាំមុន រូបៀ (១) ជាបងស្រីម្នាក់ដែលឥឡូវមានអាយុ៣០ឆ្នាំ បានធ្វើដំណើរទៅលេងបងស្រីម្នាក់ឈ្មោះសាន់ដ្រា (២) ជាអ្នកត្រួសត្រាយម្នាក់ដែលបានបម្រើនៅក្រុមជំនុំតូចមួយ នៅភាគខាងត្បូងប្រទេសប្រេស៊ីល។ ក្នុងអំឡុងពេលនោះ មានអ្វីមួយបានកើតឡើងដែលធ្វើឲ្យដក់ជាប់ក្នុងចិត្តរបស់រូបៀយ៉ាងខ្លាំង រហូតដល់បានផ្លាស់ប្ដូរគន្លងជីវិតរបស់នាង។ តើនោះជាអ្វី? សូមឲ្យយើងស្វែងយល់ថែមទៀតអំពីគាត់។
«ខ្ញុំសឹងតែមិនជឿអ្វីដែលខ្ញុំឮ»
«សាន់ដ្រាបាននាំខ្ញុំទៅលេងស្ត្រីម្នាក់ដែលកំពុងសិក្សាគម្ពីរជាមួយនាង។ ក្នុងអំឡុងការសិក្សានោះស្រាប់តែស្ត្រីនោះ បាននិយាយថា៖ ‹សាន់ដ្រា មាននារីបីនាក់នៅកន្លែងធ្វើការរបស់ខ្ញុំចង់រៀនគម្ពីរ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេថាពួកគេត្រូវតែចាំវេនរបស់ពួកគេសិន។ ខ្ញុំដឹងថាអ្នកគ្មានពេលបង្រៀនពួកគេទេក្នុងឆ្នាំនេះ›។ ខ្ញុំសឹងតែមិនជឿអ្វីដែលខ្ញុំឮ។ មនុស្សដែលចង់ស្គាល់ព្រះយេហូវ៉ាត្រូវតែចាំរហូតដល់អ្នកបង្រៀនគម្ពីរមានពេលបង្រៀនពួកគេ!
នៅក្រុមជំនុំរបស់ខ្ញុំ ខ្ញុំពិបាករកមនុស្សឲ្យរៀនគម្ពីរណាស់ សូម្បីតែម្នាក់ក៏រកមិនបានផង។ នៅពេលនោះ នៅផ្ទះរបស់សិស្សគម្ពីរនោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាចង់ជួយមនុស្សនៅក្រុងតូចរបស់គាត់។ មិនយូរក្រោយមក ខ្ញុំបានរើពីក្រុងធំដែលខ្ញុំរស់នៅ ហើយទៅនៅក្រុងដែលសាន់ដ្រាកំពុងត្រួសត្រាយ»។តើរូបៀទទួលបានលទ្ធផលអ្វី? នាងរៀបរាប់ថា៖ «មិនដល់ពីរខែផង ក្រោយពីខ្ញុំបានរើទៅនៅទីនោះ ខ្ញុំដឹកនាំការសិក្សាគម្ពីរ១៥នាក់ ហើយអ្នកដឹងទេថា មិនយូរក្រោយនោះ ខ្ញុំក៏មានមនុស្សជាច្រើនចាំវេនខ្លួនដើម្បីរៀនគម្ពីរជាមួយខ្ញុំដូចសាន់ដ្រាដែរ!»។
អ្វីដែលជំរុញគាត់ឲ្យពិចារណាអំពីកិច្ចបម្រើរបស់គាត់ឡើងវិញ
ឌីយេហ្គោ (៣) ជាប្អូនប្រុសម្នាក់ដែលឥឡូវមានអាយុជាង២០ឆ្នាំ បានទៅលេងប្ដីប្រពន្ធមួយគូដែលបម្រើជាអ្នកត្រួសត្រាយនៅប្រូដិនតូប៉ូលិស ដែលជាក្រុងតូចមួយនៅប្រទេសប្រេស៊ីលភាគខាងត្បូង។ ការទៅលេងនោះបានដិតជាប់ក្នុងចិត្តរបស់គាត់ តាមការពិត នេះបានធ្វើឲ្យគាត់ពិចារណាអំពីកិច្ចបម្រើរបស់គាត់ឡើងវិញ។ គាត់បានពន្យល់ថា៖ «ខ្ញុំមិនសូវមានសកម្មភាពអ្វីក្នុងក្រុមជំនុំទេ ខ្ញុំចំណាយពេលតែពីរបីម៉ោងប៉ុណ្ណោះក្នុងកិច្ចបម្រើផ្សាយ។ ប៉ុន្តែ ពេលខ្ញុំបានទៅលេងអ្នកត្រួសត្រាយទាំងនោះ ហើយស្ដាប់បទពិសោធន៍ដែលពួកគាត់បានរៀបរាប់ ខ្ញុំបានគិតអំពីអំណររបស់ពួកគាត់និងការមិនសូវយកចិត្តទុកដាក់របស់ខ្ញុំក្នុងកិច្ចបម្រើផ្សាយ។ ពេលដែលខ្ញុំឃើញពួកគាត់សប្បាយនិងរំភើបចិត្ត ខ្ញុំក៏មានបំណងចង់ធ្វើឲ្យជីវិតរបស់ខ្ញុំមានន័យខ្លឹមសារដូចពួកគាត់ដែរ»។ ក្រោយពេលនោះ ឌីយេហ្គោបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ។
ដូចឌីយេហ្គោ តើអ្នកជាអ្នកផ្សាយវ័យក្មេងម្នាក់ដែលបានចូលរួមក្នុងកិច្ចផ្សព្វផ្សាយហើយចូលរួមកិច្ចប្រជុំ ប៉ុន្តែនៅពេលដំណាលគ្នានោះ អ្នកមានអារម្មណ៍ថាកិច្ចបម្រើផ្សាយជាកិច្ចការច្រំដែល ហើយអ្នកមិនមានចិត្តរំភើបទេ មែនទេ? បើដូច្នេះ តើអ្នកអាចធ្វើការកែប្រែក្នុងជីវិតរបស់អ្នកដែលនឹងធ្វើឲ្យអ្នកទទួលបាននូវអំណរ ដែលមកពីការបម្រើនៅកន្លែងដែលត្រូវការច្រើនជាងនូវអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះឬទេ? យើងក៏យល់ដែរថា ការគិតអំពីការលះបង់របៀបរស់នៅស្រណុកសុខស្រួល ប្រហែលជាមើលទៅធ្វើឲ្យអ្នកភ័យខ្លាច។ ប៉ុន្តែ ប្អូនៗវ័យក្មេងជាច្រើននាក់បានសម្រេចចិត្តធ្វើដូច្នេះ។ ពួកគេមានចិត្តក្លាហានដើម្បីកែប្រែគោលដៅនិងចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាង។ សូមពិចារណាគំរូមួយទៀតគឺគំរូរបស់ប៊្រុយណូ។
អ្នកដឹកនាំវង់តន្ត្រីឬអ្នកផ្សព្វផ្សាយ?
ប៉ុន្មានឆ្នាំមុន ប៊្រុយណូ (៤) ដែលឥឡូវមានអាយុ២៨ឆ្នាំ បានរៀននៅសាលាតន្ត្រីដ៏ល្បីល្បាញមួយ ហើយគាត់មានគោលដៅក្លាយទៅជាអ្នក
ដឹកនាំវង់តន្ត្រីម្នាក់។ តាមការពិត គាត់បានរីកចម្រើនយ៉ាងខ្លាំងក្នុងការសិក្សារបស់គាត់ រហូតដល់គេអញ្ជើញគាត់បីបួនដងឲ្យដឹកនាំក្រុមតន្ត្រីដ៏ធំមួយដែលមានឧបករណ៍ភ្លេងចម្រុះ។ តាមមើលទៅគាត់ដូចជាកំពុងបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពរបស់គាត់។ ប៊្រុយណូរៀបរាប់ថា៖ «ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាខ្វះអ្វីមួយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានប្រគល់ខ្លួនខ្ញុំទៅព្រះយេហូវ៉ា ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំមិនបានប្រគល់អ្វីទាំងអស់ដែលខ្ញុំមានទៅលោកទេ ហើយនោះបានធ្វើឲ្យខ្ញុំខ្វល់ខ្វាយក្នុងចិត្ត។ ខ្ញុំបានប្រាប់ព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានអំពីអារម្មណ៍របស់ខ្ញុំ ហើយក៏បាននិយាយប្រាប់បងប្អូនដែលមានបទពិសោធន៍ក្នុងក្រុមជំនុំដែរ។ បន្ទាប់ពីពិចារណាយ៉ាងហ្មត់ចត់ ខ្ញុំបានសម្រេចចិត្តចាត់ទុកកិច្ចបម្រើព្រះថាសំខាន់ជាងតន្ត្រី ហើយក៏បានឈប់រៀននៅសាលាតន្ត្រី រួចចាប់ផ្ដើមបម្រើនៅតំបន់ដែលពិតជាត្រូវការអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រ»។ តើការសម្រេចចិត្តរបស់គាត់មានលទ្ធផលយ៉ាងណា?ប៊្រុយណូបានរើទៅទីក្រុងហ្គាពីអារ៉ា (មានបណ្ដាជន៧.០០០នាក់) ដែលមានចម្ងាយប្រហែលជា១៦០ម៉ៃល៍ (២៦០គីឡូម៉ែត្រ) ពីក្រុងសៅប៉ូឡូ។ នេះជាការផ្លាស់ប្ដូរដ៏ធំមួយ។ គាត់រៀបរាប់ថា៖ «ខ្ញុំបានរើទៅផ្ទះតូចមួយដែលគ្មានទូទឹកកក ទូរទស្សន៍ ឬប្រព័ន្ធអ៊ីនធឺណិតទេ។ ប៉ុន្តែ នៅផ្ទះនោះមានអ្វីខ្លះដែលខ្ញុំមិនធ្លាប់មានពីមុន គឺសួនបន្លែនិងដំណាំហូបផ្លែ!»។ ពេលប៊្រុយណូកំពុងបម្រើនៅទីនោះក្នុងក្រុមជំនុំតូចមួយ មួយសប្ដាហ៍ម្ដងគាត់ដាក់ម្ហូបអាហារ ទឹក និងសៀវភៅផ្សេងៗក្នុងកាតាបរបស់គាត់ ហើយជិះម៉ូតូទៅផ្សព្វផ្សាយនៅតំបន់ជនបទ។ មនុស្សជាច្រើននៅតំបន់នោះមិនធ្លាប់ឮអំពីដំណឹងល្អទេ។ គាត់រៀបរាប់ថា៖ «ខ្ញុំបានដឹកនាំការសិក្សារហូតដល់១៨នាក់។ ពេលឃើញសិស្សគម្ពីរទាំងនោះបានកែប្រែជីវិតរបស់ពួកគាត់ នេះបានធ្វើឲ្យខ្ញុំមានអំណរជាខ្លាំង!»។ គាត់បានបន្ថែមថា៖ «នៅពេលនោះ ខ្ញុំបានដឹងថាខ្ញុំបានរកឃើញអ្វីដែលខ្ញុំមិនមានក្នុងជីវិតរបស់ខ្ញុំ ពោលគឺអារម្មណ៍ស្កប់ចិត្តយ៉ាងខ្លាំងដែលមកពីការចាត់ទុករាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុត។ បើខ្ញុំខំបំពេញគោលដៅដែលនាំឲ្យមានទ្រព្យសម្បត្ដិច្រើននោះ ខ្ញុំនឹងមិនមានអំណរដូច្នេះទេ»។ តើប៊្រុយណូបានលុយពីណាដើម្បីផ្គត់ផ្គង់ខ្លួននៅក្រុងហ្គាពីអារ៉ា? គាត់និយាយទាំងញញឹមថា៖ «គឺដោយបង្រៀនហ្គីតា»។ តាមរបៀបនេះ គាត់នៅតែជាអ្នកដឹកនាំតន្ត្រីដដែល។
«ខ្ញុំច្បាស់ជាត្រូវរស់នៅទីនេះ»
ម៉ារៀអេណា (៥) ដែលឥឡូវនេះមានអាយុជិត៣០ឆ្នាំ បានឃើញថានាងមានស្ថានភាពស្រដៀងគ្នានឹងប៊្រុយណូដែរ។ នាងធ្វើការជាមេធាវីម្នាក់ ប៉ុន្តែទោះជាអាជីពរបស់នាងបានកម្រៃច្រើនក៏ដោយ នាងមិនមានអារម្មណ៍ស្កប់ចិត្តពិតប្រាកដទេ។ នាងនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាការនោះជា‹អសារឥតការ›»។ (សាស្ដ. ១:១៧) មានបងប្អូនប្រុសស្រីប៉ុន្មាននាក់បានលើកទឹកចិត្តនាងឲ្យគិតអំពីកិច្ចបម្រើជាអ្នកត្រួស ត្រាយ។ បន្ទាប់ពីពិចារណារឿងនោះហើយ នាងនិងមិត្តភក្ដិរបស់នាងឈ្មោះបេអាន់កា (៦) ការ៉ូលេន (៧) និងជូលេអាណា (៨) បានសម្រេចចិត្តថានឹងជួយក្រុមជំនុំមួយនៅបារ៉ាដឺប៊ូគ្រេស ដែលជាទីក្រុងឆ្ងាយដាច់ស្រយាលមួយនៅជិតប្រទេសបូលីវី ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់។ តើមានអ្វីកើតឡើងក្រោយមក?
ម៉ារៀអេណានិយាយថា៖ «គោលបំណងរបស់ខ្ញុំគឺស្នាក់នៅទីនោះតែបីខែប៉ុណ្ណោះ។ ប៉ុន្តែ នៅដំណាច់បីខែនោះ ខ្ញុំបានដឹកនាំការសិក្សាគម្ពីរ១៥នាក់! សិស្សគម្ពីរទាំងនោះត្រូវការជំនួយខ្លាំងណាស់ដើម្បីរីកចម្រើនក្នុងសេចក្ដីពិត។ ដូច្នេះ ខ្ញុំគ្មានចិត្តក្លាហានដើម្បីប្រាប់ពួកគេថា ខ្ញុំត្រូវចាកចេញទេ។ ខ្ញុំច្បាស់ជាត្រូវរស់នៅទីនេះតទៅទៀត»។ នេះជាអ្វីដែលបងប្អូនស្រីទាំងបួននាក់បានធ្វើ។ ដូច្នេះ ឥឡូវនេះម៉ារៀអេណាមានអារម្មណ៍ថាជីវិតរបស់នាងកាន់តែមានន័យខ្លឹមសារ។ នាងនិយាយថា៖ «ដោយសារព្រះយេហូវ៉ាប្រើខ្ញុំដើម្បីជួយមនុស្សកែប្រែជីវិតរបស់ពួកគេឲ្យកាន់តែប្រសើរឡើង នេះធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយមែន។ ការដឹងថាឥឡូវនេះខ្ញុំកំពុងប្រើពេលនិងកម្លាំងរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលពិតជាមានប្រយោជន៍ ហើយដែលនាំឲ្យខ្ញុំទទួលពរ»។ ការ៉ូលេនបានរៀបរាប់អំពីអារម្មណ៍របស់បងប្អូនស្រីទាំងបួននាក់យ៉ាងសង្ខេបថា៖ «ពេលខ្ញុំចូលគេងពេលយប់ ខ្ញុំមានអារម្មណ៍ស្កប់ចិត្តយ៉ាងខ្លាំង ដោយសារខ្ញុំបានលះបង់ប្រយោជន៍ខ្លួនដើម្បីបំពេញកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ ខ្ញុំផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការជួយសិស្សគម្ពីររបស់ខ្ញុំ។ គឺពិតជាអស្ចារ្យណាស់ពេលឃើញពួកគេកំពុងរីកចម្រើន។ ខ្ញុំដឹងថាពាក្យ៖ ‹សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ›ជាពាក្យពិតមែន»។—ទំនុក. ៣៤:៨
ព្រះយេហូវ៉ាពិតជាសប្បាយចិត្តណាស់! ពេលឃើញបងប្អូនប្រុសស្រីវ័យក្មេងទូទាំងពិភពលោកដែលមានចំនួនកាន់តែច្រើនឡើង កំពុង«ថ្វាយខ្លួនស្ម័គ្រពីចិត្ត»ដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោកនៅតំបន់ឆ្ងាយដាច់ស្រយាល។ (ទំនុក. ១១០:៣; សុភ. ២៧:១១) ជាលទ្ធផល ពួកអ្នកដែលធ្វើការដោយស្ម័គ្រចិត្តទាំងនេះបានទទួលពរដ៏វិសេសវិសាលពីព្រះយេហូវ៉ា។—សុភ. ១០:២២
[ប្រអប់/រូបភាពនៅទំព័រ៥]
«យើងគ្មានខ្វះអ្វីសោះ»
ពេលដែលស្វូនប៉ូឡូនិងប្រពន្ធរបស់គាត់ឈ្មោះណូអេមី បានប្រាប់អំពីបំណងចិត្តរបស់ពួកគាត់ទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ពួកគាត់បានទទួលយោបល់ ខ្លះដែលធ្វើឲ្យពួកគាត់ធ្លាក់ទឹកចិត្ត។ បងប្អូនខ្លះក្នុងក្រុម ជំនុំនិយាយថា៖ «អ្នកនឹងជួបការពិបាកក្នុងការចិញ្ចឹមជីវិតពេលរើទៅក្រុងតូច។ ហេតុអ្វីចាំបាច់រើទៅនៅទីនោះ? នៅក្នុងក្រុមជំនុំរបស់យើងនៅតែមានអ្វីៗជាច្រើនដែលត្រូវធ្វើ»។ ស្វូនប៉ូឡូនិយាយថា៖ «បងប្អូនឲ្យយោបល់យើងដោយមានបំណងចិត្តល្អ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ យោបល់ទាំងនោះនៅតែធ្វើឲ្យយើងធ្លាក់ទឹកចិត្តបន្ដិចបន្តួច»។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ បន្ទាប់ពីបម្រើអស់ជាច្រើនឆ្នាំនៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង ស្វូនប៉ូឡូនិងណូអេមីសប្បាយរីករាយដែលពួកគាត់បានធ្វើតាមការសម្រេចចិត្តរបស់ពួកគាត់ក្នុងការបង្កើនកិច្ចបម្រើផ្សាយ។ ស្វូនប៉ូឡូពន្យល់ថា៖ «ដរាបណាខ្ញុំនិងប្រពន្ធខ្ញុំនៅទីនេះ យើងគ្មានខ្វះអ្វីសោះ។ បើនិយាយអំពីអ្វីដែលពិតជាសំខាន់ យើងមានច្រើនជាងពីមុនទៅទៀត»។ ណូអេមីបន្ថែមថា៖ «នេះសមនឹងការខំប្រឹងប្រែងរបស់យើង»។
ការចិញ្ចឹមជីវិតក្នុងទីក្រុងតូចគឺជាការពិបាកមួយ។ តើតាមរបៀបណាពួកអ្នកដែលរើទៅតំបន់ដាច់ស្រយាលអាចរកលុយដើម្បីចិញ្ចឹមជីវិតខ្លួន? ដោយគិតរករបៀបផ្សេងៗដើម្បីប្រើជំនាញរបស់ពួកគាត់។ បងប្អូនខ្លះបង្រៀនភាសាអង់គ្លេសឬភាសាផ្សេងទៀត ជួយបង្រៀនក្មេងៗឲ្យចេះធ្វើលំហាត់ដែលសាលាដាក់ឲ្យពួកគេធ្វើ កាត់ដេរ លាបថ្នាំផ្ទះ ឬធ្វើអ្វីក៏ដោយដែលមិនមែនជាការងារពេញពេល។ តើពួកអ្នកដែលបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង មានអារម្មណ៍យ៉ាងណាចំពោះរបៀបរស់នៅរបស់ពួកគាត់? ពួកគាត់ទាំងអស់គ្នាមានអារម្មណ៍ថាពរដែលពួកគាត់បានទទួលគឺសមនឹងការខំប្រឹងប្រែងរបស់ពួកគាត់!
[ប្រអប់/រូបភាពនៅទំព័រ៦]
ការពិបាកដោយសារនឹកផ្ទះ
ធីអាហ្គោនិយាយថា៖ «មិនយូរប៉ុន្មាន បន្ទាប់ពីខ្ញុំមកដល់ក្រុមជំនុំថ្មី ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ នៅក្រុងនោះមានអ្នកផ្សព្វផ្សាយតិចណាស់ ហើយមិនសូវមានអ្វីដើម្បីកម្សាន្តសប្បាយទេ។ ខ្ញុំចាប់ផ្ដើមនឹកផ្ទះ។ ខ្ញុំយល់ថាខ្ញុំត្រូវធ្វើអ្វីមួយដើម្បីធ្វើឲ្យខ្ញុំសប្បាយរីករាយ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមខំប្រឹងស្គាល់បងប្អូនប្រុសស្រីក្នុងក្រុមជំនុំឲ្យកាន់តែច្បាស់ ហើយនេះបានជួយខ្ញុំមែន! ខ្ញុំមានមិត្តភក្ដិថ្មីជាច្រើននាក់ មិនយូរប៉ុន្មានខ្ញុំមានអារម្មណ៍សប្បាយ ហើយធ្វើឲ្យខ្ញុំលែងសូវនឹកផ្ទះទៀត»។
[រូបភាពនៅទំព័រ៣]
ណូអេមីនិងស្វូនប៉ូឡូនៅក្រុងអាឃ្យូរ៉ា រដ្ឋសាន់តា កាតារីណា