លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការអភ័យទោសរបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីដល់អ្នក?

តើការអភ័យទោសរបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីដល់អ្នក?

តើ​ការ​អភ័យទោស​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក?

​«​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ . . . ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប​»។—និក្ខ. ៣៤:៦, ៧

សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ពេល​ដាវីឌ​និង​ម៉ាណាសេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ហេតុ​អ្វី?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​អភ័យទោស​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល?

តើ​យើង​អាច​ទទួល​ការ​អភ័យទោស​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១, ២​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ថា​លោក​ជា​ព្រះ​បែប​ណា​ចំពោះ​ប្រជាជាតិ​អ៊ីស្រាអែល? (​ខ​) តើ​អត្ថបទ​នេះ​ឆ្លើយ​នឹង​សំណួរ​អ្វី?

នៅ​សម័យ​នេហេមា ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​សាធារណៈ លេវី​មួយ​ក្រុម​បាន​ទទួល​ស្គាល់​ថា​បុព្វបុរស​របស់​ពួក​គេ​«​មិន​ព្រម​ធ្វើ​តាម​បង្គាប់​»​របស់​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត។ ក៏​ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ថា​លោក​ជា​«​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្ដោស ហើយ​មេត្ដា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ​»។ ព្រះ​យេហូវ៉ា​បាន​បន្ត​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​និរទេស ហើយ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៅ​សម័យ​នេហេមា។—នេហ. ៩:១៦, ១៧

យើង​ម្នាក់​ៗ​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ?›។ ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ សូម​យើង​ពិនិត្យ​មើល​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​បុរស​ពីរ​នាក់​ដែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​អភ័យ​ទោស​របស់​លោក ពោល​គឺ​ស្តេច​ពីរ​អង្គ គឺ​ដាវីឌ​និង​ម៉ាណាសេ។

អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​ដាវីឌ

៣​-​៥​. តើ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​អ្វី​ខ្លះ?

ទោះ​ជា​ដាវីឌ​ជា​បុរស​ដែល​កោត​ខ្លាច​ព្រះ​ក៏​ដោយ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ។ អំពើ​ខុស​ឆ្គង​ពីរ​ក្នុង​ចំណោម​អំពើ​ខុស​ឆ្គង​ទាំង​នេះ​ជាប់​ទាក់​ទង​នឹង​អ៊ូរី និង​បាត​សេ​បា​ដែល​ជា​ប្ដី​ប្រពន្ធ។ អំពើ​ខុស​ឆ្គង​ទាំង​នេះ​នាំ​ឲ្យ​អ្នក​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​នេះ​មាន​ការ​ឈឺ​ចាប់។ ប៉ុន្តែ របៀប​ដែល​ព្រះ​យេហូវ៉ា​កែ​តម្រង់​ដាវីឌ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​អភ័យ​ទោស​របស់​លោក។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង។

ដាវីឌ​បញ្ជូន​កង​ទ័ព​ទៅ​ឡោម​ព័ទ្ធ​ក្រុង​រ៉ា​បាត​ដែល​ជា​រដ្ឋធានី​នៃ​ជន​ជាតិ​អាំ​ម៉ូន។ ក្រុង​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែលជា​៨០​គីឡូម៉ែត្រ (​៥០​ម៉ៃល៍​) ខាង​កើត​ក្រុង​យេរូសាឡិម ខាង​នាយ​ទន្លេ​យ៉ូដាន់។ នៅ​ពេល​នោះ ពី​លើ​ដំបូល​រាជវាំង​នៃ​ក្រុង​យេរូសាឡិម ដាវីឌ​បាន​ឃើញ​បាត​សេ​បា​ជា​ស្ត្រី​ដែល​បាន​រៀប​ការ​ហើយ កំពុង​ងូត​ទឹក។ ប្ដី​របស់​នាង​មិន​នៅ​ផ្ទះ​ទេ។ ដោយ​សារ​ដាវីឌ​បាន​សង្កេត​មើល​បាត​សេ​បា គាត់​មាន​អារម្មណ៍​ស្រើប​ស្រាល​ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​ឲ្យ​គេ​នាំ​នាង​មក​រាជវាំង​របស់​គាត់ នៅ​ទី​នោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង។—២សាំ. ១១:១​-​៤

ពេល​ដាវីឌ​បាន​ដឹង​ថា​បាត​សេ​បា​មាន​ផ្ទៃ​ពោះ គាត់​ឲ្យ​គេ​នាំ​អ៊ូរី​ដែល​ជា​ប្ដី​របស់​នាង​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ដោយ​សង្ឃឹម​ថា​អ៊ូរី​នឹង​រួម​ដំណេក​ជា​មួយ​នាង។ ប៉ុន្តែ អ៊ូរី​មិន​ទាំង​បាន​ចូល​ផ្ទះ​របស់​គាត់​ផង ទោះ​ជា​ដាវីឌ​ខំ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ដូច្នេះ ស្តេច​បាន​សរសេរ​សំបុត្រ​ដោយ​សម្ងាត់​ទៅ​មេ​បញ្ជាការ​កង​ទ័ព​របស់​គាត់​ឲ្យ​ដាក់​អ៊ូរី​នៅ​«​ត្រង់​កន្លែង​ដែល​កំពុង​តែ​ច្បាំង​គ្នា​ជា​ខ្លាំង​»​ ហើយ​ឲ្យ​ពួក​ទាហាន​ដក​ថយ​ចោល​គាត់។ ដូច្នេះ សត្រូវ​បាន​សម្លាប់​អ៊ូរី​យ៉ាង​ងាយ​ស្រួល ដូច​គម្រោង​ការ​របស់​ដាវីឌ។ (​២សាំ. ១១:១២​-​១៧​) ហេតុ​នេះ ស្តេច​នោះ​មិន​ត្រឹម​តែ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​អំពើ​ខុស​ឆ្គង​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ដោយ​បាន​សម្លាប់​បុរស​ដែល​គ្មាន​កំហុស។

ដាវីឌ​កែប្រែ​ចិត្ត​គំនិត

៦​. តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ដាវីឌ ហើយ​តើ​នេះ​បង្ហាញ​អ្វី​អំពី​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ប្រាកដជា​បាន​ឃើញ​អ្វី​ទាំង​អស់​ដែល​បាន​កើត​ឡើង។ គ្មាន​អ្វី​ដែល​លោក​មិន​ជ្រាប​នោះ​ទេ។ (​សុភ. ១៥:៣​) ទោះ​ជា​ក្រោយ​មក​ដាវីឌ​បាន​រៀប​ការ​ជា​មួយ​នឹង​បាត​សេ​បា​ក៏​ដោយ ​«​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ​ជា​ទី​ទាស់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​ណាស់​»។ (​២សាំ. ១១:២៧​) ដូច្នេះ តើ​ព្រះ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​ដាវីឌ? លោក​បាន​ចាត់​ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​ទៅ​ជួប​ដាវីឌ។ លោក​ចង់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ដាវីឌ ប៉ុន្តែ​លោក​ចង់​ដឹង​ថា​ដាវីឌ​ពិត​ជា​ប្រែ​ចិត្ត​មែន ឬ​មិន​មែន។ តើ​អ្នក​ឃើញ​ថា​របៀប​ដែល​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នក​កក់​ក្ដៅ​ក្នុង​ចិត្ត​ឬ​ទេ? លោក​មិន​បាន​បង្ខំ​ដាវីឌ​ឲ្យ​សារភាព​អំពើ​ខុស​ឆ្គង​នោះ​ទេ តែ​លោក​គ្រាន់តែ​ឲ្យ​ណាថាន់​និយាយ​រឿង​មួយ​ដែល​បញ្ជាក់​ថា​អំពើ​ខុស​ឆ្គង​របស់​ដាវីឌ​គឺ​អាក្រក់​យ៉ាង​ណា។ (​សូម​អាន សាំយូអែលទី២ ១២:១​-​៤) របៀប​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើ​ឧទាហរណ៍​បែប​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន!

៧​. តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ឧទាហរណ៍​របស់​ណាថាន់?

ឧទាហរណ៍​របស់​ណាថាន់​បណ្ដាល​ឲ្យ​ស្តេច​នេះ​ដឹង​ថា​មាន​អំពើ​អយុត្ដិធម៌​ក្នុង​រឿង​នោះ។ ដាវីឌ​បាន​ខឹង​នឹង​បុរស​អ្នក​មាន​ក្នុង​ឧទាហរណ៍​នោះ ហើយ​បាន​និយាយ​ទៅ​ណាថាន់​ថា​៖ ​«​យើង​ស្បថ​ដោយ​នូវ​ព្រះ​យេហូវ៉ា​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ​គួរ​ស្លាប់​ហើយ!​»។ ម្យ៉ាង​ទៀត ដាវីឌ​បាន​និយាយ​ថា​បុរស​អ្នក​មាន​គួរតែ​សង​បុរស​ដែល​រង​អំពើ​អយុត្ដិធម៌​នោះ​ចំពោះ​ការ​បាត់បង់​របស់​គាត់។ ប៉ុន្តែ​ក្រោយ​មក ណាថាន់​បាន​និយាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ដាវីឌ​ភ្ញាក់​ផ្អើល​ដោយ​ថា ​«​ឯ​មនុស្ស​នោះ គឺជា​អង្គ​ទ្រង់​នេះ​ហើយ!​»។ ដូច្នេះ ណាថាន់​បាន​ប្រាប់​ដាវីឌ​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ដាវីឌ​ថា​៖ ​«​ដាវ​»​មិន​ដែល​ឃ្លាត​ពី​គ្រួសារ​របស់​ដាវីឌ​ឡើយ ហើយ​ការ​អាក្រក់​នឹង​កើត​ឡើង​ដល់​គ្រួសារ​របស់​គាត់។ ដាវីឌ​ក៏​នឹង​អាប់​កិត្ដិយស​ជា​សាធារណៈ​ចំពោះ​កំហុស​របស់​គាត់។ គាត់​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺជា​រឿង​ធ្ងន់ធ្ងរ ហើយ​បាន​សារភាព​ដោយ​ស្ដាយ​ក្រោយ​ជា​ខ្លាំង​ថា​៖ ​«​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។—២សាំ. ១២:៥​-​១៤

ដាវីឌ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ហើយ​លោក​អភ័យទោស​ឲ្យ​គាត់

៨, ៩​. តើ​ទំនុកតម្កើង ទី​៥១​បង្ហាញ​អំពី​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​ដាវីឌ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ទំនុក​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

ក្រោយ​មក ពាក្យ​សម្ដី​ក្នុង​ចម្រៀង​ដែល​ដាវីឌ​បាន​តែង បង្ហាញ​អំពី​ការ​សោកស្ដាយ​ដ៏​ស្មោះ​អស់ពី​ចិត្ត​របស់​គាត់។ ទំនុកតម្កើង ទី ៥១​មាន​ពាក្យ​អង្វរករ​គួរ​ឲ្យ​រំជួល​ចិត្ត​របស់​ដាវីឌ​ទៅ​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​មិន​ត្រឹម​តែ​ទទួល​ស្គាល់​កំហុស​របស់​គាត់​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​គាត់​ដែរ។ គាត់​ខ្វល់ខ្វាយ​បំផុត​អំពី​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ។ គាត់​បាន​សារភាព​ថា​៖ ​«​ទូល​បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ​អង្គ​»។ គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង . . . សូម​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់​ទល់​ទូល​បង្គំ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់​»។ (​ទំនុក. ៥១:១​-​៤, ៧​-​១២​) ពេល​អ្នក​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​កំហុស​របស់​អ្នក តើ​អ្នក​និយាយ​ដោយ​ស្មោះ​ត្រង់​និង​ដោយ​ឥត​លាក់​លៀម​ឬ​ទេ?

ព្រះ​យេហូវ៉ា​មិន​បំបាត់​ចោល​នូវ​ផល​វិបាក​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​ដាវីឌ​ទេ។ អំពើ​ខុស​ឆ្គង​ទាំង​នោះ​នៅ​តែ​បង្ក​បញ្ហា​ដល់​ដាវីឌ​អស់​មួយ​ជីវិត​របស់​គាត់។ ប៉ុន្តែ ដោយ​ដឹង​ថា​ដាវីឌ​បាន​កែប្រែ​ចិត្ត ព្រម​ទាំង​មាន​«​ចិត្ត​ខ្ទេចខ្ទាំ ហើយ​ទន់​ទាប​»​ នោះ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (​សូម​អាន ទំនុកតម្កើង ៣២:៥; ទំនុក. ៥១:១៧​) ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​យល់​អំពី​ចិត្ត​គំនិត​និង​មូលហេតុ​ពិត​ប្រាកដ ដែល​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ជា​ជាង​ឲ្យ​ចៅ​ក្រម​ដែល​ជា​មនុស្ស ដាក់​ទោស​ដល់​ស្លាប់​តាម​ច្បាប់​របស់​ម៉ូសេ​ដល់​ដាវីឌ​និង​បាត​សេ​បា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ នោះ​ព្រះ​យេហូវ៉ា​បាន​វិនិច្ឆ័យ​ទោស​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់ ហើយ​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ពួក​គេ។ (​លេវី. ២០:១០​) ព្រះ​ថែម​ទាំង​បាន​តែង​តាំង​សាឡូម៉ូន​ដែល​ជា​បុត្រ​របស់​ពួក​គេ ឲ្យ​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល​នៅ​ពេល​អនាគត។—១រប. ២២:៩, ១០

១០​. ​(​ក​) តើ​ប្រហែលជា​ដោយ​សារ​មូលហេតុ​អ្វី បាន​ជា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ដាវីឌ? (​ខ​) តើ​កត្ដា​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស?

១០ កត្ដា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ដាវីឌ គឺ​ប្រហែល​ជា​ដោយ​សារ​គាត់​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​សូល។ (​១សាំ. ២៤:៤​-​៧​) ដូច​លោក​យេស៊ូ​បាន​ពន្យល់ ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​យើង​តាម​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​វាល់​ឲ្យ​គេ​ប៉ុណ្ណា នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ​»។ (​ម៉ាថ. ៧:១, ២​) ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង ទោះ​ជា​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដូច​ជា​អំពើ​ផិត​ក្បត់​ឬ​ឃាតកម្ម​ក៏​ដោយ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! លោក​នឹង​ធ្វើ​ដូច្នេះ ប្រសិនបើ​យើង​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត បើ​យើង​សារភាព​អំពើ​ខុស​ឆ្គង​របស់​យើង​ចំពោះ​លោក ហើយ​បើ​យើង​កែប្រែ​ចិត្ត​គំនិត​ពី​អំពើ​អាក្រក់​របស់​យើង។ ពេល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​នោះ​ពួក​គេ​«​ទទួល​ការ​ល្ហើយ​ចិត្ត​»​ពី​ព្រះ​យេហូវ៉ា។—សូម​អាន សកម្មភាព ៣:១៩

ម៉ាណាសេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ប៉ុន្តែ​បាន​ប្រែ​ចិត្ត

១១​. តើ​ស្តេច​ម៉ាណាសេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?

១១ សូម​ពិចារណា​កំណត់​ហេតុ​មួយ​ទៀត​ក្នុង​គម្ពីរ ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ព្រម​អភ័យ​ទោស។ ប្រហែលជា​៣៦០​ឆ្នាំ​ក្រោយ​ពី​ដាវីឌ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង ម៉ាណាសេ​បាន​ក្លាយ​ជា​ស្តេច​នៃ​ស្រុក​យូដា។ ការ​គ្រប់​គ្រង​អស់​រយៈ​ពេល​៥៥​ឆ្នាំ​របស់​គាត់​ល្បី​ឈ្មោះ​ខាង​អំពើ​អាក្រក់ ហើយ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​គាត់​បាន​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដាក់​ទោស​គាត់។ ក្នុង​ចំណោម​អំពើ​អាក្រក់​ដែល​ម៉ាណាសេ​បាន​ប្រព្រឹត្ត គឺ​គាត់​បាន​ស្អាង​ទី​បូជា​ជូន​ព្រះ​បាល បាន​គោរព​ប្រណិប័តន៍​«​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​»​ ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង ហើយ​លើក​ស្ទួយ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ មែន​ហើយ គាត់​បាន​«​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះនេត្រព្រះ​យេហូវ៉ា​»។—២រប. ៣៣:១​-​៦

១២​. តើ​ម៉ាណាសេ​បាន​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​យ៉ាង​ដូច​ម្ដេច?

១២ នៅ​ទី​បំផុត ម៉ាណាសេ​បាន​ត្រូវ​ចាប់​ពី​ស្រុក​កំណើត​របស់​គាត់ ហើយ​បាន​ត្រូវ​ដាក់​គុក​នៅ​ស្រុក​បាប៊ីឡូន។ នៅ​ទី​នោះ​គាត់​ប្រហែលជា​នឹក​ឃើញ​ពាក្យ​ទាំង​នេះ​ដែល​ម៉ូសេ​បាន​និយាយ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា​ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់​»។ (​ចោ. ៤:៣០​) ម៉ាណាសេ​បាន​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? គាត់​បាន​«​បន្ទាប​ព្រះ​ទ័យ​ចុះ​ជា​ខ្លាំង​»​ហើយ​«​ក៏​អធិស្ឋាន​»​ទៅ​ព្រះ (​ដូច​រូបភាព​នៅ​ទំព័រ​២១​)។ (​២រប. ៣៣:១២, ១៣​) យើង​មិន​មាន​កំណត់​ហេតុ​អំពី​ពាក្យ​ដែល​ម៉ាណាសេ​ប្រើ​ក្នុង​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ទេ ប៉ុន្តែ​យើង​អាច​ស្រមៃ​គិត​ថា​ពាក្យ​ទាំង​នោះ​ប្រហែល​ជា​ស្រដៀង​គ្នា​នឹង​ពាក្យ​របស់​ដាវីឌ​ដែល​បាន​កត់​ទុក​នៅ​ទំនុក​តម្កើង ទី ៥១។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាណាសេ​បាន​កែប្រែ​ចិត្ត​យ៉ាង​ស្មោះ។

១៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ម៉ាណាសេ?

១៣ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ម៉ាណាសេ? ​«​ព្រះ​ក៏​ទន់​ព្រះ​ហឫទ័យ​»​ ហើយ​«​ស្ដាប់​តាម​សេចក្ដី​ដែល​[​ម៉ាណាសេ​]​ទូល​អង្វរ​»។ ដូច​ដាវីឌ ម៉ាណាសេ​បាន​ទទួល​ស្គាល់​ថា​អំពើ​ខុស​ឆ្គង​របស់​គាត់​ធ្ងន់ធ្ងរ​យ៉ាង​ណា ហើយ​គាត់​ពិត​ជា​បាន​ប្រែ​ចិត្ត។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ម៉ាណាសេ ហើយ​បាន​ឲ្យ​គាត់​គ្រប់​គ្រង​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។ ជា​លទ្ធផល ​«​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​»។ (​២រប. ៣៣:១៣​) យើង​ពិត​ជា​សប្បាយ​រីករាយ​មែន! ដោយ​មាន​ទី​សំ​អាង​ថែម​ទៀត​ថា​ព្រះ​របស់​យើង​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ពិត​ជា​ប្រែ​ចិត្ត។

តើ​ព្រះ​យេហូវ៉ា​តែង​តែ​អភ័យទោស​ឬ?

១៤​. តើ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ផ្អែក​លើ​អ្វី?

១៤ ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ កម្រ​មាន​ណាស់​អ្នក​ដែល​ត្រូវ​ការ​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​ធ្ងន់ធ្ងរ​ដូច​ដាវីឌ​និង​ម៉ាណាសេ​បាន​ប្រព្រឹត្ត​នោះ។ ប៉ុន្តែ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ស្តេច​ទាំង​ពីរ​នេះ នេះ​ជួយ​យើង​ឲ្យ​ដឹង​ថា​ព្រះ​របស់​យើង​ព្រម​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ បើ​ពួក​គេ​ពិត​ជា​ប្រែ​ចិត្ត!

១៥​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​នោះ?

១៥ យើង​មិន​អាច​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ឡើយ។ ស្តី​អំពី​រឿង​នេះ សូម​យើង​ប្រៀប​ធៀប​ចិត្ត​គំនិត​របស់​ដាវីឌ​និង​ម៉ាណាសេ​ជា​មួយ​ចិត្ត​គំនិត​របស់​បណ្ដា​ជន​ដ៏​រឹង​ទទឹង​នៅ​ស្រុក​អ៊ីស្រាអែល​និង​ស្រុក​យូដា។ ព្រះ​បាន​បញ្ជូន​ណាថាន់​ឲ្យ​ទៅ​ជួប​ដាវីឌ ហើយ​ទុក​ឱកាស​ឲ្យ​គាត់​កែប្រែ​ចិត្ត​គំនិត។ ដាវីឌ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​ដែល​បាន​ទុក​ឱកាស​ឲ្យ​គាត់។ ពេល​ម៉ាណាសេ​រង​ទុក្ខ​លំបាក ចិត្ត​គាត់​បាន​ជំរុញ​គាត់​ឲ្យ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ ប៉ុន្តែ ច្រើន​ដង​បណ្ដា​ជន​អ៊ីស្រាអែល​និង​យូដា​មិន​បាន​ប្រែ​ចិត្ត​ឡើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ប្រាប់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ថា​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ការ​មិន​ស្ដាប់​បង្គាប់​របស់​ពួក​គេ។ (​សូម​អាន នេហេមា ៩:៣០) ទោះ​ជា​ក្រោយ​ពី​ពួក​អ្នក​ដែល​បាន​ត្រូវ​និរទេស​បាន​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​បាន​បន្ត​ចាត់​អ្នក​នាំ​ពាក្យ​ដ៏​ស្មោះ​ត្រង់​ដូច​ជា​អែសរ៉ា​ដែល​ជា​សង្ឃ​និង​អ្នក​ប្រកាស​ទំនាយ​ម៉ាឡាគី​ឲ្យ​ទៅ​ជួប​ពួក​គេ​ដែរ។ ពេល​ដែល​បណ្ដា​ជន​បាន​ប្រព្រឹត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ពួក​គេ​មាន​អំណរ​ជា​ខ្លាំង។—នេហ. ១២:៤៣​-​៤៧

១៦​. ​(​ក​) ដោយ​សារ​ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល​មិន​បាន​ប្រែ​ចិត្ត តើ​ពួក​គេ​ទទួល​ផល​វិបាក​អ្វី​ខ្លះ? (​ខ​) តើ​បុគ្គល​ម្នាក់​ៗ​ដែល​ជា​កូន​ចៅ​របស់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​អាច​មាន​ឱកាស​អ្វី?

១៦ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែនដី ហើយ​បាន​ផ្ដល់​គ្រឿង​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ជា​ថ្លៃ​លោះ នោះ​ព្រះ​យេហូវ៉ា​លែង​ទទួល​យក​គ្រឿង​បូជា​ជា​សត្វ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ទៀត។ (​១យ៉ូន. ៤:៩, ១០​) ជា​មនុស្ស លោក​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ​ទស្សនៈ​របស់​បិតា​លោក ពេល​ដែល​លោក​និយាយ​ពាក្យ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​ទាំង​នេះ​ថា​៖ ​«​ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! គឺ​នាង​ហើយ​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​ដែល​បាន​ត្រូវ​ចាត់​មក​ឯ​នាង! ច្រើន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​នាង​មក ដូច​មេ​មាន់​ក្រុង​កូន​ក្រោម​ស្លាប​វា។ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ព្រម​សោះ​»។ ដូច្នេះ លោក​យេស៊ូ​បាន​ប្រកាស​ថា​៖ ​«​មើល! វិហារ​នេះ​នឹង​ត្រូវ​បោះបង់​ចោល ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​»។ (​ម៉ាថ. ២៣:៣៧, ៣៨​) ដូច្នេះ ប្រជាជាតិ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​មិន​ប្រែ​ចិត្ត​នេះ បាន​ត្រូវ​ជំនួស​ដោយ​អ៊ីស្រាអែល​ក្នុង​ន័យ​ធៀប ឬ​អ៊ីស្រាអែល​នៃ​ព្រះ។ (​ម៉ាថ. ២១:​៤៣; កាឡ. ៦:១៦​) ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បុគ្គល​ម្នាក់​ៗ​ដែល​ជា​កូន​ចៅ​របស់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ? ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​ការ​អភ័យ​ទោស​និង​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​ជំនឿ​ទៅ​លើ​ព្រះ​និង​គ្រឿង​បូជា​របស់​លោក​យេស៊ូ​គ្រិស្ត។ នេះ​ក៏​បើក​ឱកាស​ដល់​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ ប៉ុន្តែ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​ដែល​បាន​ត្រូវ​សម្អាត។—យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥

ប្រយោជន៍​ដែល​មក​ពី​ការ​អភ័យទោស​របស់​ព្រះ​យេហូវ៉ា

១៧, ១៨​. តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

១៧ ដោយ​សារ​ព្រះ​យេហូវ៉ា​ព្រម​អភ័យ​ទោស​ឲ្យ​យើង តើ​យើង​គួរ​ធ្វើ​អ្វី? យើង​គួរ​ប្រព្រឹត្ត​ដូច​ដាវីឌ​និង​ម៉ាណាសេ។ យើង​គួរ​ទទួល​ស្គាល់​ភាព​ខុស​ឆ្គង​របស់​យើង ប្រែ​ចិត្ត​ពី​កំហុស​របស់​យើង សុំ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស ហើយ​សុំ​លោក​ជួយ​យើង​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ។ (​ទំនុក. ៥១:១០​) ប្រសិនបើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ យើង​ក៏​គួរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ (​យ៉ា. ៥:១៤, ១៥​) ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ យើង​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​បើ​យើង​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប​»។ ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​ឡើយ។—និក្ខ. ៣៤:៦, ៧

១៨ ដោយ​ប្រើ​ការ​ប្រៀប​ធៀប​មួយ ព្រះ​យេហូវ៉ា​បាន​សន្យា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត​ថា លោក​នឹង​ដក​ចេញ​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​ទាំង​ស្រុង ដោយ​ធ្វើ​ឲ្យ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ដែល​ប្រៀប​ដូច​ជា​ស្នាម​ប្រឡាក់​«​ក្រហម​ឆ្អៅ​»​ទៅ​ជាស​ដូច​«​ហិមៈ​»​វិញ។ (​សូម​អាន អេសាយ ១:១៨) ដូច្នេះ តើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង? យើង​ទទួល​ការ​អភ័យ​ទោស​ទាំង​ស្រុង​ចំពោះ​អំពើ​ខុស​ឆ្គង​និង​កំហុស​របស់​យើង ឲ្យ​តែ​យើង​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ ហើយ​កែប្រែ​ចិត្ត។

១៩​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ ដោយ​សារ​យើង​បាន​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា តើ​យើង​អាច​យក​តម្រាប់​លោក​យ៉ាង​ដូច​ម្ដេច ពេល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? ចំពោះ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ប៉ុន្តែ​បាន​បង្ហាញ​ថា​ពួក​គេ​ពិត​ជា​បាន​ប្រែ​ចិត្ត តើ​យើង​អាច​ជៀស​វាង​មិន​ឲ្យ​មាន​ចិត្ត​គំនិត​មិន​អភ័យ​ទោស​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​យើង​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង ដែល​«​ល្អ​»​ហើយ​«​បំរុង​តែ​នឹង​អត់​ទោស​»។—ទំនុក. ៨៦:៥

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២១​]

[​រូបភាព​នៅ​ទំព័រ​២៣​]

[​រូបភាព​នៅ​ទំព័រ​២៤​]

ដោយ​សារ​ព្រះ​អភ័យទោស​ឲ្យ​ម៉ាណាសេ គាត់​បាន​គ្រប់​គ្រង​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម