លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ព័ត៌មានល្អបំផុតដែលមិនធ្លាប់ឮ›

‹ព័ត៌មានល្អបំផុតដែលមិនធ្លាប់ឮ›

អនុស្សាវរីយ៍​ពី​សម័យ​មុន

‹​ព័ត៌មាន​ល្អ​បំផុត​ដែល​មិន​ធ្លាប់​ឮ​›

​បង​ចច ណា​ស​បាន​ចង្អុល​ទៅ​គំនរ​ឈើ​ដែល​មាន​កម្ពស់​១៨​ម៉ែត្រ (​៦០​ហ្វីត​) ដែល​នៅ​ក្នុង​ឃ្លាំង​សម្ភារ​មួយ​នៅ​ក្រុង​សាស្កាធូន នៅ​ខេត្ត​សាស្កាតឆេវ៉ាន នា​ប្រទេស​កាណាដា ហើយ​បាន​សួរ​ថា​៖ ​«​តើ​ឈើ​ទាំង​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?​»។ គេ​ប្រាប់​គាត់​ថា​ឈើ​ទាំង​នេះ​បាន​ត្រូវ​ប្រើ​សម្រាប់​សង់​អង់​តែន​វិទ្យុ​ទាក់ទង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។ ក្រោយ​មក បង​ណា​ស​រៀប​រាប់​ថា​៖ ​«​រំពេច​នោះ​ខ្ញុំ​គិត​ថា​យើង​អាច​ប្រើ​ឈើ​ទាំង​នោះ​ដើម្បី​សង់​អង់​តែន​វិទ្យុ។ ដូច្នេះ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​ចាប់​ផ្ដើម​មាន​គំនិត​ចង់​បង្កើត​ស្ថានីយវិទ្យុ​ដើម្បី​ផ្សព្វ​ផ្សាយ​»។ គ្រាន់តែ​មួយ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩២៤ ស្ថានីយវិទ្យុ​CHUC​បាន​ចាប់​ផ្ដើម​ផ្សាយ។ នេះ​ជា​ស្ថានីយវិទ្យុ​ដំបូង​បង្អស់​នៅ​ប្រទេស​កាណាដា​ដែល​ផ្សាយ​អំពី​សាសនា។

កាណាដា​ជា​ប្រទេស​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទ្វីប​អ៊ឺ​រ៉ុប ដូច្នេះ​ប្រទេស​នេះ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ។ បង​ផ្លរ៉ិន ចនសុន ដែល​បាន​ធ្វើ​ការ​នៅ​ស្ថានីយវិទ្យុ​ក្រុង​សាស្កាធូន​បាន​និយាយ​ថា​៖ ​«​តាម​រយៈ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​យើង សេចក្ដី​ពិត​បាន​ឮ​ដល់​មនុស្ស​ជា​ច្រើន​នាក់​ដែល​យើង​មិន​អាច​ទៅ​ជួប​ដោយ​ផ្ទាល់​បាន។ ដោយ​សារ​កាល​នោះ​ទើប​តែ​មាន​វិទ្យុ មនុស្ស​ពិត​ជា​ចង់​ស្ដាប់​កម្មវិធី​ទាំង​អស់​ដែល​បាន​ចាក់​ផ្សាយ​»។ នៅ​ឆ្នាំ​១៩២៦ និស្សិត​គម្ពីរ (​ឥឡូវ​គេ​ហៅ​ថា​សាក្សី​ព្រះ​យេហូវ៉ា​) បាន​ចាប់​ដំណើរ​ការ​ស្ថានីយវិទ្យុ​របស់​ពួក​គេ​ផ្ទាល់​នៅ​ក្រុង​បួន នា​ប្រទេស​កាណាដា។ *

ប្រសិនបើ​អ្នក​បាន​ស្ដាប់​កម្មវិធី​បែប​នេះ​តើ​អ្នក​នឹង​ឮ​អ្វី​ខ្លះ? បង​ប្អូន​ដែល​ចេះ​ច្រៀង​ដែល​មក​ពី​ក្រុម​ជំនុំ​ក្នុង​តំបន់​នោះ​ច្រើន​តែ​ច្រៀង​ដោយ​មាន​អ្នក​លេង​ភ្លេង ហើយ​ក៏​មាន​វង់​តន្ត្រី​តូច​ៗ​ផង​ដែរ។ បង​ប្រុស​ៗ​ក៏​បាន​ថ្លែង​សុន្ទរកថា ហើយ​ដឹក​នាំ​ការ​ពិភាក្សា​អំពី​គម្ពីរ​ដែរ។ អាមី ចូន ដែល​បាន​ចូល​រួម​ការ​ពិភាក្សា បាន​ចាំ​ថា​៖ ​«​ពេល​ផ្សព្វ​ផ្សាយ ខ្ញុំ​បាន​ណែនាំ​ខ្លួន​ឲ្យ​ម្ចាស់​ផ្ទះ​ស្គាល់ ហើយ​ជួនកាល​ម្ចាស់​ផ្ទះ​ធ្លាប់​និយាយ​ថា ‹អូ មែន​ហើយ​ខ្ញុំ​ធ្លាប់​ឮ​សំឡេង​របស់​អ្នក​តាម​វិទ្យុ›​»។

និស្សិត​គម្ពីរ​នៅ​ក្រុង​ហា​លី​ហ្វាក់ស៍ នា​ខេត្ត​ណូវ៉ាស្តុតស៊ីយ៉ា បាន​បង្កើត​កម្មវិធី​វិទ្យុ​ថ្មី​ដែល​អ្នក​ស្ដាប់​អាច​ទូរស័ព្ទ​ចូល​រួម ហើយ​អាច​សួរ​សំណួរ​អំពី​គម្ពីរ។ បង​ប្រុស​ម្នាក់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម​កម្មវិធី​ថ្មី។ យើង​មិន​អាច​ឆ្លើយ​ទូរស័ព្ទ​ទាំង​អស់​បាន​ទេ ដោយ​សារ​មាន​មនុស្ស​ច្រើន​ពេក​ទូរស័ព្ទ​មក​»។

ដូច​នៅ​សម័យ​សាវ័ក​ប៉ូល​ដែរ មនុស្ស​ខ្លះ​ចូល​ចិត្ត​ស្ដាប់​ព័ត៌មាន​ដែល​និស្សិត​គម្ពីរ​ផ្សាយ តែ​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ប្រតិកម្ម​ដូច​ៗ​គ្នា​នោះ​ទេ។ (​សកម្ម. ១៧:១​-​៥​) អ្នក​ស្ដាប់​ខ្លះ​ចូល​ចិត្ត​ដំណឹង​ដែល​បាន​ផ្សាយ។ ជា​ឧទាហរណ៍ ពេល​បង​ប្រុស​ហិចតឺ ម៉ាកហ្សល់​បាន​ឮ​និស្សិត​គម្ពីរ​និយាយ​អំពី​សៀវភៅ​ការ​សិក្សា​ក្នុង​បទ​គម្ពីរ (​Studies in the Scriptures​) តាម​វិទ្យុ គាត់​បាន​សុំ​ទិញ​សៀវភៅ​ទាំង​នេះ​ចំនួន​៦​លេខ។ ក្រោយ​មក​គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​គិត​ថា​សៀវភៅ​នេះ​នឹង​ជួយ​ខ្ញុំ​ដើម្បី​បង្រៀន​ក្មេង​ៗ​នៅ​វិហារ​រាល់​ថ្ងៃ​អាទិត្យ​»។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​អាន​សៀវភៅ​លេខ​ទី​១​ចប់ បង​ហិចតឺ​បាន​សម្រេច​ចិត្ត​ចេញ​ពី​វិហារ​របស់​គាត់។ គាត់​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ដ៏​ខ្នះខ្នែង​ម្នាក់ ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​គាត់​ស្លាប់​នៅ​ឆ្នាំ​១៩៩៨។ នៅ​ខេត្ត​ណូវ៉ា​ស្តុតស៊ីយ៉ា​ភាគ​ខាង​កើត នា​ថ្ងៃ​បន្ទាប់​ពី​សុន្ទរកថា​ដែល​មាន​ប្រធាន​ថា​៖ ​«​រាជាណាចក្រ​ព្រះ​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​ពិភព​លោក​»​បាន​ត្រូវ​ផ្សាយ​តាម​វិទ្យុ វរសេនីយ​ឯកចន ម៉េកដូណល​បាន​ប្រាប់​បង​ប្រុស​ម្នាក់​នៅ​តំបន់​នោះ​ថា​៖ ​«​បណ្ដា​ជន​នៅ​កោះ​ខេប​ប្រឺថុន​បាន​ឮ​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ ដែល​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​ដែល​ពួក​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក​ក្នុង​តំបន់​នេះ​»។

ផ្ទុយ​ទៅ​វិញ ពួក​បព្វជិត​បាន​ខឹង។ អ្នក​កាន់​សាសនា​កាតូលិក​ខ្លះ​បាន​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​គ្រាប់​បែក​ដើម្បី​បំផ្លាញ​ស្ថានីយ​ដែល​ទទួល​ផ្សាយ​កម្មវិធី​របស់​និស្សិត​គម្ពីរ។ នៅ​ឆ្នាំ​១៩២៨ ដោយ​សារ​មាន​ការ​ញុះញង់​ពី​អ្នក​ដឹក​នាំ​សាសនា រដ្ឋាភិបាល​បាន​ប្រកាស​ភ្លាម​មួយ​រំពេច​ថា​នឹង​មិន​បន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ផ្សាយ​ឲ្យ​ស្ថានីយវិទ្យុ​របស់​និស្សិត​គម្ពីរ​ទេ។ ដើម្បី​ឆ្លើយ​តប​នឹង​រឿង​នេះ បង​ប្រុស​និង​បង​ស្រី​យើង​ចែក​ចាយ​ខិត្តប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា តើ​អ្នក​ណា​ជា​ម្ចាស់​នៃ​រលក​ធាតុ​អាកាស? (​Who Owns the Air?​) ប្រឆាំង​នឹង​អំពើ​ដ៏​អយុត្ដិធម៌​បែប​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​មិន​ព្រម​បន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ផ្សាយ​ឲ្យ​និស្សិត​គម្ពីរ​ទេ។

តើ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មួយ​ក្រុម​តូច​នៅ​ប្រទេស​កាណាដា​ធ្លាក់​ទឹក​ចិត្ត​ឬ​ទេ? បង​ស្រី​អ៊ី​សា​បែ​ល វ៉េនរ៉ាយ​បាន​ទទួល​ស្គាល់​ថា​៖ ​«​មុន​ដំបូង ហាក់​ដូច​ជាស​ត្រូវ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​បើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ នោះ​លោក​មិន​អនុញ្ញាត​ឲ្យ​ពួក​អាជ្ញាធរ​បញ្ឈប់​យើង​ទេ។ ដូច្នេះ នេះ​ច្បាស់​ជា​មាន​ន័យ​ថា យើង​គួរ​ទម្លាប់​ខ្លួន​នឹង​របៀប​មួយ​ទៀត​ដែល​ល្អ​ជាង ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​»។ ជា​ជាង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិទ្យុ​ដើម្បី​ផ្សព្វ​ផ្សាយ និស្សិត​គម្ពីរ​នៅ​ប្រទេស​កាណាដា​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ទៅ​ជួប​មនុស្ស​ដោយ​ផ្ទាល់​នៅ​ផ្ទះ​របស់​ពួក​គេ។ ប៉ុន្តែ នៅ​សម័យ​នោះ​វិទ្យុ​ពិត​ជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​‹ព័ត៌មាន​ល្អ​បំផុត​ដែល​មិន​ធ្លាប់​ឮ​›។ (​ដក​ស្រង់​ចេញ​ពី​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​ប្រទេស​កាណាដា​)។

[​កំណត់​សម្គាល់​]

^ វគ្គ 4 ដើម្បី​ផ្សាយ​តាម​វិទ្យុ បង​ប្អូន​នៅ​កាណាដា​ក៏​បាន​ទិញ​ម៉ោង​ដើម្បី​ផ្សាយ​នៅ​ស្ថានីយវិទ្យុ​ឯកជន​ដែរ។

[​រូបភាព​នៅ​ទំព័រ​៣១​]

[​រូបភាព​នៅ​ទំព័រ​៣២​]

(​១​) ស្ថានីយវិទ្យុ​នៅ​ក្រុង​អេតម៉ុនតុន ខេត្ត​អាល់ប៊ើតា (​២​) បង​ប្រុស​ម្នាក់​កំពុង​កាន់​អំពូល​បង្កើន​កម្លាំង​ភ្លើង​នៃ​គ្រឿង​បញ្ជូន​សារ នៅ​ក្រុង​តូរ៉ុនតូ នា​ខេត្ត​អនតារីយ៉ូ

[​រូបភាព​នៅ​ទំព័រ​៣២​]

(​៣​) ស្ថានីយវិទ្យុ​CHUC​នៅ​ក្រុង​សាស្កាធូន នា​ខេត្ត​សាស្កាតឆេវ៉ាន

[​រូបភាព​នៅ​ទំព័រ​៣២​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

«​យើង​មិន​អាច​ឆ្លើយ​ទូរស័ព្ទ​ទាំង​អស់​បាន​ទេ ដោយ​សារ​មាន​មនុស្ស​ច្រើន​ពេក​ទូរស័ព្ទ​មក​»​