លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»

«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»

​​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់​»​

​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ​ពិត​»។—ទំនុក. ១៤៣:១០

ចំណុច​សំខាន់​ៗ​ដែល​គួរ​ចាំ

តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ដាវីឌ ដែល​បង្ហាញ​ថា​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ផ្សេង​ៗ​?

តើ​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​យល់​អំពី​ បំណង​ប្រាថ្នា​របស់​ព្រះ?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​នៅ​តែ​ទទួល​ ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា?

១, ២​. តើ​ការ​គិត​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​សង្ឃឹម​ថា​អាច​រៀន​អ្វី​ពី​ស្តេច​ដាវីឌ​ស្តី​អំពី​រឿង​នេះ?

ពេល​អ្នក​កំពុង​ដើរ​កាត់​ភ្នំ​ស្រាប់​តែ​អ្នក​មក​ដល់​ផ្លូវ​ដែល​បែក​ជា​ពីរ។ តើ​អ្នក​គួរ​ទៅ​តាម​ផ្លូវ​មួយ​ណា? អ្នក​ប្រហែលជា​ឡើង​លើ​ថ្ម​ខ្ពស់​មួយ​ដែល​នៅ​ជិត​នោះ ហើយ​មើល​ថា​ផ្លូវ​នីមួយ​ៗ​ទៅ​ដល់​ណា។ ការ​មើល​ពី​ទី​ខ្ពស់​បែប​នេះ​ប្រហែលជា​ជួយ​អ្នក​ឲ្យ​ដឹង​ថា​គួរ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ​ណា​ដែល​ល្អ​ជាង។ ការ​ធ្វើ​តាម​របៀប​ស្រដៀង​គ្នា​នេះ​អាច​ជួយ​យើង​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ។ ការ​ពិនិត្យ​មើល​តាម​ទស្សនៈ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត អាច​ជួយ​យើង​ឲ្យ​‹ដើរ​តាម​ផ្លូវ›​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—អេ. ៣០:២១

ស្ទើរតែ​អស់​មួយ​ជីវិត​របស់​ស្តេច​ដាវីឌ​នៃ​ស្រុក​អ៊ីស្រាអែល​នា​សម័យ​បុរាណ គាត់​បាន​ទុក​គំរូ​ដ៏​ប្រសើរ​ក្នុង​ការ​គិត​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ សូម​យើង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ដាវីឌ ដើម្បី​រៀន​ពី​ការ​ប្រព្រឹត្ត​របស់​គាត់​ដែល​ជា​បុរស​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។—១ព. ១១:៤

ដាវីឌ​គោរព​នាម​របស់​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ

៣, ៤​. ​(​ក​) តើ​អ្វី​បាន​ជំរុញ​ដាវីឌ​ឲ្យ​ប្រយុទ្ធ​នឹង​កូលីយ៉ាត? (​ខ​) តើ​ដាវីឌ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​នាម​របស់​ព្រះ?

សូម​ពិចារណា​អំពី​ពេល​ដែល​ដាវីឌ​ប្រយុទ្ធ​នឹង​កូលីយ៉ាត ដែល​ជា​បុរស​ខ្លាំង​ពូកែ​បំផុត​នៃ​ជន​ជាតិ​ភីលីស្ទីន។ តើ​អ្វី​បាន​ជំរុញ​យុវជន​ដាវីឌ​ឲ្យ​ប្រយុទ្ធ​ជា​មួយ​នឹង​បុរស​មាឌ​ធំ​សម្បើម​ដែល​មាន​កម្ពស់​ប្រហែលជា​២.៩​ម៉ែត្រ ប្រដាប់​ដោយ​អាវុធ​សព្វ​គ្រប់​បែប​នេះ? (​១សាំ. ១៧:៤​) គឺ​ចិត្ត​ក្លាហាន​របស់​ដាវីឌ​ឬ? ឬ​ក៏​ជំនឿ​របស់​គាត់​លើ​ព្រះ? គុណ​សម្បត្ដិ​ទាំង​ពីរ​មាន​តួនាទី​សំខាន់​ក្នុង​ទង្វើ​ដែល​ប្រកប​ដោយ​វីរភាព​របស់​គាត់។ ប៉ុន្តែ ជា​ពិសេស​គឺ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​និង​នាម​ដ៏​ឧត្តម​របស់​លោក​ដែល​បាន​ជំរុញ​ដាវីឌ​ឲ្យ​ប្រយុទ្ធ​នឹង​បុរស​មាឌ​ធំ​សម្បើម​នោះ។ ដោយ​មាន​ចិត្ត​ខឹង ដាវីឌ​បាន​សួរ​ថា​៖ ​«​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ដូច្នេះ?​»។—១សាំ. ១៧:២៦

ពេល​ប្រឈម​មុខ​នឹង​កូលីយ៉ាត យុវជន​ដាវីឌ​បាន​ប្រកាស​ថា​៖ ​«​ឯង​បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ​»។ (​១សាំ. ១៧:៤៥​) ដោយ​ពឹង​ផ្អែក​លើ​ព្រះ​ពិត ដាវីឌ​បាន​សម្លាប់​បុរស​ខ្លាំង​ពូកែ​បំផុត​នៃ​ជន​ជាតិ​ភីលីស្ទីន​ដោយ​ប្រើ​ថ្ម​រលីង​តែ​មួយ​ដុំ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​នៅ​ក្នុង​ឱកាស​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អស់​មួយ​ជីវិត​របស់​ដាវីឌ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​គោរព​នាម​របស់​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត។ ដាវីឌ​ពិត​ជា​បាន​ដាស់​តឿន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ជន​រួម​ជាតិ​ឲ្យ​‹មាន​ចិត្ត​រីករាយ[​ឬ​មាន​មោទនភាព​]ដោយ​នូវ​ព្រះ​នាម​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា›។—សូម​អាន របាក្សត្រទី១ ១៦:៨​-​១០

៥​. តើ​អ្នក​ប្រហែលជា​ប្រឈម​មុខ​នឹង​ស្ថានភាព​អ្វី ដែល​អាច​ប្រៀប​បាន​នឹង​ការ​ចំអក​របស់​កូលីយ៉ាត?

តើ​អ្នក​មាន​មោទនភាព​ដោយ​សារ​អ្នក​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឬ​ទេ? (​យេ. ៩:២៤​) តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អ្នក​ជិត​ខាង អ្នក​រួម​ការងារ សិស្ស​រួម​ថ្នាក់ ឬ​ញាតិ​សន្ដាន និយាយ​ដោយ​មិន​គោរព​ព្រះ​យេហូវ៉ា ហើយ​ចំអក​ឲ្យ​សាក្សី​របស់​លោក? ពេល​នាម​របស់​ព្រះ​បាន​ត្រូវ​គេ​តិះ​ដៀល តើ​អ្នក​ហ៊ាន​និយាយ​ដោយ​ទុក​ចិត្ត​លើ​ការ​គាំទ្រ​របស់​លោក​ឬ​ទេ? មែន​ហើយ មាន​«​ពេល​ដែល​គួរ​នៅ​ស្ងៀម​»​ ប៉ុន្តែ​យើង​មិន​ត្រូវ​ខ្មាស​គេ​ដោយ​សារ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា និង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នោះ​ឡើយ។ (​សាស្ដ. ៣:១, ៧; ម៉ាក. ៨:៣៨​) ទោះ​ជា​យើង​គួរ​ប្រើ​សម្ដី​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អាក់​អន់​ចិត្ត ហើយ​ចេះ​គួរ​សម​ពេល​យើង​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដែល​មិន​យល់​ស្រប​នឹង​យើង​ក៏​ដោយ សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​ដែល​«​ភ័យ​ខ្លាច​ជា​ខ្លាំង​»​ពេល​ឮ​ពាក្យ​ចំអក​របស់​កូលីយ៉ាត។ (​១សាំ. ១៧:១១​) ផ្ទុយ​ទៅ​វិញ យើង​គួរ​ឆាប់​និយាយ​ការពារ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ បំណង​ប្រាថ្នា​របស់​យើង​គឺ​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់។ ដើម្បី​សម្រេច​គោល​បំណង​នេះ យើង​ប្រើ​បណ្ដាំ​របស់​លោក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​សារៈសំខាន់​នៃ​ការ​ចូល​ទៅ​ជិត​ព្រះ។—យ៉ា. ៤:៨

៦​. តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​ដាវីឌ​ប្រយុទ្ធ​ជា​មួយ​នឹង​កូលីយ៉ាត ហើយ​តើ​អ្វី​គួរ​ជា​រឿង​សំខាន់​បំផុត​ចំពោះ​យើង?

យើង​អាច​ទាញ​មេរៀន​ដ៏​សំខាន់​មួយ​ទៀត​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ដាវីឌ​នឹង​កូលីយ៉ាត។ ពេល​ដាវីឌ​រត់​មក​ដល់​ជួរ​ទ័ព គាត់​បាន​សួរ​ថា​៖ ​«​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ [​តើ​អ្នក​]​នោះ​នឹង​បាន​ដូច​ម្ដេច​ខ្លះ?​»។ (​១សាំ. ១៧:២៥​-​២៧​) បណ្ដា​ជន​បាន​ឆ្លើយ​តប​ដោយ​និយាយ​ម្ដង​ទៀត​នូវ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ពី​មុន​ថា​៖ ​«​បើ​អ្នក​ណា​សំឡាប់​[​កូលីយ៉ាត​]​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះរាជ​បុត្រី​ទ្រង់​ផង​»។ (​១សាំ. ១៧:២៥​-​២៧​) ប៉ុន្តែ ការ​ទទួល​រង្វាន់​ជា​ទ្រព្យ​សម្បត្ដិ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ដាវីឌ​ទេ។ គាត់​មាន​គោលដៅ​ដែល​ខ្ពង់​ខ្ពស់​ជាង​នេះ។ ដាវីឌ​ចង់​លើក​តម្កើង​ព្រះ​ពិត។ (​សូម​អាន សាំយូអែលទី១ ១៧:៤៦, ៤៧) ចុះ​យើង​វិញ? តើ​ការ​ចង់​បាន​កេរ្ដិ៍​ឈ្មោះ​ដោយ​រក​ទ្រព្យ​សម្បត្ដិ​ឲ្យ​បាន​ច្រើន ហើយ​មាន​មុខ​មាត់​ក្នុង​ពិភព​លោក​ជា​រឿង​សំខាន់​បំផុត​ចំពោះ​យើង​ឬ? ច្បាស់​ណាស់ យើង​ចង់​ធ្វើ​ដូច​ដាវីឌ​ដែល​បាន​ច្រៀង​ថា​៖ ​«​ចូរ​ដំ​កើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង​»។ (​ទំនុក. ៣៤:៣​) ហេតុ​នេះ សូម​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ ដោយ​ចាត់​ទុក​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ថា​សំខាន់​ជាង​កេរ្ដិ៍​ឈ្មោះ​របស់​យើង។—ម៉ាថ. ៦:៩

៧​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​ជំនឿ​រឹង​មាំ​ដែល​យើង​ត្រូវ​ការ​ពេល​យើង​ជួប​មនុស្ស​ដែល​មិន​យល់​ស្រប​នឹង​យើង?

ដើម្បី​ឲ្យ​ដាវីឌ​មាន​ចិត្ត​ក្លាហាន គាត់​ត្រូវ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ យុវជន​ដាវីឌ​មាន​ជំនឿ​រឹង​មាំ។ វិធី​ម្យ៉ាង​ដែល​គាត់​ពង្រឹង​ជំនឿ​របស់​គាត់​គឺ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​ពេល​គាត់​ធ្វើ​ជា​គង្វាល​ចៀម។ (​១សាំ. ១៧:៣៤​-​៣៧​) យើង​ក៏​ត្រូវ​មាន​ជំនឿ​រឹង​មាំ​ទើប​អាច​បន្ត​បំពេញ​កិច្ច​បម្រើ​ផ្សាយ ជា​ពិសេស​ពេល​យើង​ជួប​មនុស្ស​ដែល​មិន​យល់​ស្រប​នឹង​យើង។ យើង​អាច​បណ្ដុះ​ជំនឿ​បែប​នេះ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ ជា​ឧទាហរណ៍ យើង​អាច​ព្យាយាម​ចាប់​ផ្ដើម​សន្ទនា​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជា​មួយ​អ្នក​ដែល​អង្គុយ​ក្បែរ​យើង ពេល​យើង​ជិះ​ឡាន​ក្រុង។ ម្យ៉ាង​ទៀត​យើង​មិន​គួរ​ស្ទាក់​ស្ទើរនឹង​និយាយ​ជា​មួយ​មនុស្ស​ដែល​យើង​ជួប​នៅ​តាម​ផ្លូវ និង​នៅ​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទេ។—សកម្ម. ២០:២០, ២១

ដាវីឌ​បាន​រង់​ចាំ​ព្រះ​យេហូវ៉ា

៨, ៩​. តើ​ដាវីឌ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ស្តេច​សូល ដែល​បង្ហាញ​ថា​គាត់​នៅ​តែ​គិត​ដល់​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា?

គំរូ​មួយ​ទៀត​របស់​ដាវីឌ​ស្តី​អំពី​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត គឺ​ជាប់​ទាក់​ទង​នឹង​សូល​ដែល​ជា​ស្តេច​ទី​១​នៃ​អ៊ីស្រាអែល។ ដោយ​សារ​មាន​ចិត្ត​ច្រណែន សូល​បាន​ព្យាម​ចាក់​ទម្លុះ​ដាវីឌ​ទៅ​នឹង​ជញ្ជាំង​បី​ដង​ដោយ​លំពែង ប៉ុន្តែ​ដាវីឌ​បាន​គេច​ផុត​រាល់​លើក ហើយ​គាត់​មិន​ព្រម​សង​សឹក​វិញ​ទេ។ នៅ​ទី​បំផុត​ដាវីឌ​បាន​រត់​គេច​ពី​សូល។ (​១សាំ. ១៨:៧​-​១១; ១៩:១០​) បន្ទាប់​មក សូល​បាន​នាំ​បុរស​ចំនួន​៣.០០០​នាក់​ដែល​គាត់​បាន​ជ្រើស​រើស​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​បាន​ចេញ​ទៅ​តាម​រក​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ (​១សាំ. ២៤:​២​) ថ្ងៃ​មួយ សូល​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ដោយ​មិន​ដឹង​ថា​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​លាក់​ខ្លួន​នៅ​ទី​នោះ​ឡើយ។ ដាវីឌ​អាច​ប្រើ​ឱកាស​នោះ​ដើម្បី​កម្ចាត់​ស្តេច​នោះ​ដែល​បាន​ពាធា​ជីវិត​របស់​គាត់។ យ៉ាង​ណា​មិញ ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​ដាវីឌ​គ្រប់​គ្រង​ជា​ស្តេច​អ៊ីស្រាអែល​ជំនួស​សូល។ (​១សាំ. ១៦:១, ១៣​) មែន​ហើយ ប្រសិនបើ​ដាវីឌ​បាន​ស្ដាប់​តាម​យោបល់​របស់​ពួក​បុរស​របស់​គាត់ ស្តេច​នោះ​ប្រហែលជា​បាន​ត្រូវ​ស្លាប់​ទៅ​ហើយ។ ប៉ុន្តែ ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​»។ (​សូម​អាន សាំយូអែលទី១ ២៤:៤​-​៧) សូល​នៅ​តែ​ជា​ស្តេច​ដែល​ព្រះ​បាន​រើស​តាំង។ ដាវីឌ​មិន​ចង់​ដណ្ដើម​រាជ្យ​សម្បត្ដិ​ពី​សូល​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ទាន់​បាន​ដក​គាត់​ចេញ​ទេ។ ដោយ​គ្រាន់តែ​កាត់​ជាយ​អាវ​វែង​ដែល​គ្មាន​ដៃ​របស់​សូល ដាវីឌ​បាន​បង្ហាញ​ថា​គាត់​គ្មាន​បំណង​ធ្វើ​បាប​សូល​ទេ។—១សាំ. ២៤:១១

ដាវីឌ​បាន​បង្ហាញ​ម្ដង​ទៀត​ថា​គាត់​គោរព​អ្នក​ដែល​ព្រះ​បាន​រើស​តាំង នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ស្តេច​នោះ​ជា​លើក​ចុង​ក្រោយ។ នៅ​ពេល​នោះ ដាវីឌ​និង​អ័ប៊ីសាយ​បាន​មក​ដល់​កន្លែង​ដែល​សូល​បោះជំរំ ហើយ​បាន​ឃើញ​គាត់​កំពុង​ដេក​លក់។ ទោះ​ជា​អ័ប៊ីសាយ​បាន​សន្និដ្ឋាន​ថា​ព្រះ​បាន​ប្រគល់​សត្រូវ​នេះ​ក្នុង​កណ្ដាប់​ដៃ​របស់​ដាវីឌ ហើយ​បាន​ស្នើ​សុំ​ចាក់​ទម្លុះ​សូល​ដោយ​លំពែង​ភ្ជាប់​នឹង​ដី​ក៏​ដោយ ដាវីឌ​មិន​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។ (​១សាំ. ២៦:៨​-​១១​) ដោយ​សារ​ដាវីឌ​បន្ត​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ គាត់​មិន​បាន​ផ្លាស់​ប្ដូរ​ការ​តាំង​ចិត្ត​របស់​គាត់​ដើម្បី​ប្រព្រឹត្ត​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​អ័ប៊ីសាយ​បាន​ជំរុញ​គាត់​ក៏​ដោយ។

១០​. តើ​យើង​ប្រហែលជា​ជួប​នឹង​ស្ថានភាព​ពិបាក​អ្វី ហើយ​តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំ​មួន?

១០ យើង​ក៏​ប្រហែលជា​ជួប​នឹង​ស្ថានភាព​ពិបាក​ដែរ ដោយ​សារ​មិត្ត​ភក្ដិ​របស់​យើង​ព្យាយាម​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​មនុស្ស ជា​ជាង​គាំទ្រ​យើង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ដូច​អ័ប៊ីសាយ អ្នក​ខ្លះ​ប្រហែលជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​យោបល់​របស់​គាត់​ដោយ​មិន​គិត​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ស្តី​អំពី​រឿង​ណា​មួយ​ទេ។ ដើម្បី​កាន់​ជំហរ​មាំ​មួន​យើង​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​រឿង​នោះ ហើយ​តាំង​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ។

១១​. តើ​អ្នក​បាន​រៀន​អ្វី​ពី​ដាវីឌ​ស្តី​អំពី​ការ​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?

១១ ដាវីឌ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។ (​សូម​អាន ទំនុកតម្កើង ១៤៣:៥, ៨, ១០) ជា​ជាង​ពឹង​ផ្អែក​លើ​គំនិត​របស់​គាត់​ផ្ទាល់ ឬ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​អ្នក​ឯ​ទៀត ដាវីឌ​ចង់​ឲ្យ​ព្រះ​បង្រៀន​គាត់។ គាត់​បាន​‹រំពឹង​គិត​ពី​អស់​ទាំង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់›។ យើង​អាច​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ស្វែង​យល់​អំពី​បទ​គម្ពីរ ហើយ​សញ្ជឹង​គិត​អំពី​កំណត់​ហេតុ​ជា​ច្រើន​ក្នុង​គម្ពីរ​ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ជាតិ។

ដាវីឌ​បាន​ឲ្យ​តម្លៃ​ចំពោះ​គោលការណ៍​ដែល​ជា មូលដ្ឋាន​នៃ​ច្បាប់​របស់​ព្រះ

១២, ១៣​. ហេតុ​អ្វី​ដាវីឌ​បាន​ចាក់​ទឹក​ដែល​បុរស​បី​នាក់​បាន​យក​មក​ឲ្យ​គាត់?

១២ ដាវីឌ​ឲ្យ​តម្លៃ​ចំពោះ​គោលការណ៍​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​ច្បាប់​របស់​ព្រះ ហើយ​គាត់​ក៏​ចង់​រស់​នៅ​សម​ស្រប​តាម​គោលការណ៍​ទាំង​នោះ​ផង​ដែរ។ ហេតុ​នេះ​យើង​គួរ​យក​តម្រាប់​គាត់។ សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង ពេល​ដាវីឌ​បាន​និយាយ​ថា​គាត់​ចង់​ផឹក​«​ទឹក​ពី​អណ្ដូង​ដែល​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេហិម​»​យ៉ាង​ខ្លាំង។ បុរស​បី​នាក់​របស់​ដាវីឌ​បាន​សម្រុក​ចូល​ក្នុង​ក្រុង​នោះ​ដែល​កាល​នោះ​បាន​ត្រូវ​កាន់​កាប់​ដោយ​ពួក​ភីលីស្ទីន ហើយ​បាន​យក​ទឹក​មក។ ក៏​ប៉ុន្តែ ដាវីឌ​«​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ​យេហូវ៉ា​វិញ​»។ ហេតុ​អ្វី? ដាវីឌ​បាន​ពន្យល់​ថា​៖ ​«​សូម​ឲ្យ​ព្រះ​នៃ​ទូល​បង្គំ​ឃាត់​មិន​ឲ្យ​ទូល​បង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូល​បង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​»។—១រប. ១១:១៥​-​១៩

១៣ ដាវីឌ​បាន​ដឹង​ពី​ច្បាប់​របស់​ព្រះ​ថា​ឈាម​គួរតែ​ចាក់​ច្រួច​ជូន​ព្រះ​យេហូវ៉ា ហើយ​មិន​គួរ​បរិភោគ​ឡើយ។ គាត់​ក៏​យល់​ពី​មូលហេតុ​ដែល​គាត់​គួរតែ​ធ្វើ​ដូច្នេះ​ដែរ។ ដាវីឌ​បាន​ដឹង​ថា​«​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម​»។ ក៏​ប៉ុន្តែ នេះ​គឺជា​ទឹក មិន​មែន​ជា​ឈាម​ទេ។ ចុះ​ហេតុ​អ្វី​ក៏​គាត់​មិន​ព្រម​ផឹក​ទឹក​នោះ? ពីព្រោះ​គាត់​ឲ្យ​តម្លៃ​ចំពោះ​គោលការណ៍​ដែល​មាន​មូលដ្ឋាន​លើ​តម្រូវ​ការ​នៃ​ច្បាប់។ ចំពោះ​ដាវីឌ ទឹក​នោះ​មាន​តម្លៃ​ដូច​ឈាម​របស់​បុរស​ទាំង​បី​នាក់​នោះ។ ដូច្នេះ គាត់​មិន​អាច​ផឹក​ទឹក​នោះ​ទេ។ ហេតុ​នេះ ជា​ជាង​ផឹក​ទឹក​នោះ​គាត់​បាន​សម្រេច​ចិត្ត​ថា​គាត់​គួរតែ​ចាក់​វា​ទៅ​ដី​វិញ។—លេវី. ១៧:១១; ចោ. ១២:​២៣, ២៤

១៤​. តើ​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ស្តី​អំពី​រឿង​ផ្សេង​ៗ​?

១៤ ដាវីឌ​បាន​ព្យាយាម​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យ៉ាង​ដិត​ដល់។ គាត់​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ ក្រឹត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ​»។ (​ទំនុក. ៤០:៨​) ដាវីឌ​បាន​សិក្សា​ច្បាប់​របស់​ព្រះ ហើយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​លើ​ច្បាប់​នោះ។ គាត់​បាន​ទុក​ចិត្ត​លើ​ប្រាជ្ញា​និង​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល គាត់​មិន​ត្រឹម​តែ​ចង់​ធ្វើ​តាម​ច្បាប់​ដែល​ចែង​ជា​លាយ​លក្ខណ៍​អក្សរ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ចង់​ធ្វើ​តាម​គោលការណ៍​នៃ​ច្បាប់​របស់​ម៉ូសេ​ដែរ។ នៅ​ពេល​យើង​សិក្សា​គម្ពីរ ជា​ការ​ល្អ​ដែល​យើង​ជញ្ជឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​ចាំ​ក្នុង​ចិត្ត​ដើម្បី​យើង​អាច​សម្រេច​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​ករណី​ណា​មួយ។

១៥​. តើ​តាម​របៀប​ណា​សាឡូម៉ូន​មិន​បាន​គោរព​ច្បាប់​របស់​ព្រះ?

១៥ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាឡូម៉ូន​ដែល​ជា​កូន​ប្រុស​របស់​ដាវីឌ។ ក៏​ប៉ុន្តែ ក្រោយ​មក​សាឡូម៉ូន​មិន​បាន​គោរព​ច្បាប់​របស់​ព្រះ​ទេ។ គាត់​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​ស្តេច​នៃ​អ៊ីស្រាអែល​មិន​ត្រូវ​«​យក​ភរិយា​ជា​ច្រើន​»​ឡើយ។ (​ចោ. ១៧:​១៧​) តាម​ការ​ពិត សាឡូម៉ូន​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​បរទេស​ជា​ច្រើន។ នៅ​ពេល​ដែល​គាត់​ចាស់​ហើយ​«​នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ​»។ ទោះ​ជា​សាឡូម៉ូន​ប្រហែលជា​ដោះ​សា​យ៉ាង​ណា​ក៏​ដោយ គាត់​«​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ​យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ​ជា​ព្រះ​បិតា​ទ្រង់​ទេ​»។ (​១ព. ១១:១​-​៦​) ជា​ការ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​ដែល​មាន​នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ! ជា​ឧទាហរណ៍ ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ចាំ​បាច់​នៅ​ពេល​ដែល​យើង​គិត​ចង់​រៀប​ការ។

១៦​. តើ​យើង​រៀន​អ្វី​ពី​ច្បាប់​របស់​ព្រះ​ដែល​ថា​ឲ្យ​រៀប​ការ​តែ​ជា​មួយ​អ្នក​«​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ?

១៦ ប្រសិនបើ​អ្នក​មិន​ជឿ​ណា​ម្នាក់​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​យើង តើ​យើង​តប​ឆ្លើយ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ទស្សនៈ​ដូច​ដាវីឌ​ឬ​ដូច​សាឡូម៉ូន? គម្ពីរ​បង្គាប់​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​រៀប​ការ​តែ​ជា​មួយ​អ្នក​«​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ។ (​១កូ. ៧:៣៩​) ប្រសិនបើ​គ្រិស្ត​សាសនិក​ម្នាក់​សម្រេច​ចិត្ត​រៀប​ការ គាត់​គួរតែ​រៀប​ការ​ជា​មួយ​អ្នក​ដែល​មាន​ជំនឿ​ដូច​គ្នា។ ប្រសិនបើ​យើង​ស្គាល់​គោលការណ៍​ដែល​មាន​ក្នុង​ខ​គម្ពីរ​នេះ យើង​មិន​ត្រឹម​តែ​មិន​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុគ្គល​បែប​នោះ​ដែរ។

១៧​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​ដែល​ប្រៀប​ដូច​ជា​អន្ទាក់?

១៧ សូម​ពិចារណា​ផង​ដែរ​ថា​គំរូ​របស់​ដាវីឌ​ដែល​ខំ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​ការ​ល្បួង​ឲ្យ​មើល​រូប​អាសអាភាស។ សូម​អាន​បទ​គម្ពីរ​ខាង​ក្រោម​នេះ រួច​គិត​អំពី​គោលការណ៍​នៅ​ក្នុង​បទ​គម្ពីរ​ទាំង​នោះ ហើយ​ខំ​ស្វែង​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ស្តី​អំពី​រឿង​នេះ។ (​សូម​អាន ទំនុកតម្កើង ១១៩:​៣៧; ម៉ាថាយ ៥:២៨, ២៩; កូឡុស ៣:៥) ការ​រំពឹង​គិត​អំពី​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​ដែល​ប្រៀប​ដូច​ជា​អន្ទាក់។

ចូរ​គិត​អំពី​ទស្សនៈ​របស់​ព្រះ​ គ្រប់​ពេល​វេលា

១៨, ១៩​. ​(​ក​) ទោះ​ជា​ដាវីឌ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​នៅ​តែ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ ទោះ​ជា​ដាវីឌ​ជា​គំរូ​ល្អ​ក្នុង​រឿង​ជា​ច្រើន​ក៏​ដោយ ក៏​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែរ។ (​២សាំ. ១១:២​-​៤, ១៤, ១៥, ២២​-​២៧; ១រប. ២១:១,​) ក៏​ប៉ុន្តែ ក្នុង​ជីវិត​របស់​ដាវីឌ គាត់​បាន​បង្ហាញ​ថា​គាត់​បាន​ប្រែ​ចិត្ត​ពេល​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ គាត់​បាន​ដើរ​នៅ​ចំពោះ​ព្រះ​«​ដោយ​ចិត្ត​ស្មោះ​»។ (​១ព. ៩:៤​) ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ពីព្រោះ​ដាវីឌ​បាន​ព្យាយាម​ប្រព្រឹត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

១៩ ទោះ​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ដើម្បី​សម្រេច​គោលដៅ​នេះ សូម​យើង​ព្យាយាម​សិក្សា​បណ្ដាំ​របស់​ព្រះ រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ ហើយ​អនុវត្ត​ដោយ​ឥត​ស្ទាក់​ស្ទើរ​នូវ​អ្វី​ដែល​យើង​បាន​ចាំ​ក្នុង​ចិត្ត។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​សុំ​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៣​]

[​រូបភាព​នៅ​ទំព័រ​៥​]

តើ​អ្វី​បាន​រារាំង​ដាវីឌ​មិន​ឲ្យ​សម្លាប់​សូល ពេល​គាត់​មាន​ឱកាស​ធ្វើ​ដូច្នេះ?

[​រូបភាព​នៅ​ទំព័រ​៦​]

តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ដែល​ដាវីឌ​មិន​ព្រម​ផឹក​ទឹក​ដែល​ពួក​បុរស​របស់​គាត់​បាន​យក​មក​ឲ្យ​គាត់?