លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលបានជោគជ័យពិតប្រាកដក្នុងជីវិត

ចូរទទួលបានជោគជ័យពិតប្រាកដក្នុងជីវិត

ចូរ​ទទួល​បាន​ជោគជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត

​«​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​»។—យ៉ូស. ១:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​សាឡូម៉ូន​ទទួល​ជោគជ័យ​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ប៉ូល​ទទួល​បាន​ជោគជ័យ​ពិត​ប្រាកដ?

តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ជោគជ័យ​ដែល​នៅ​ស្ថិតស្ថេរ?

១, ២​. ​(​ក​) តើ​មនុស្ស​ជា​ច្រើន​គិត​ថា​ជោគជ័យ​ក្នុង​ជីវិត​សំដៅ​ទៅ​លើ​អ្វី? (​ខ​) តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​អំពី​ទស្សនៈ​របស់​អ្នក​អំពី​ជោគជ័យ?

តើ​ការ​មាន​ជោគជ័យ​ក្នុង​ជីវិត​មាន​ន័យ​យ៉ាង​ណា? ប្រសិនបើ​អ្នក​សួរ​មនុស្ស​អំពី​សំណួរ​នេះ នោះ​អ្នក​នឹង​ទទួល​ចម្លើយ​ខុស​គ្នា​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​គិត​ថា មនុស្ស​ម្នាក់​មាន​ជោគជ័យ​ប្រសិនបើ​គាត់​មាន​លុយ​ច្រើន មាន​ការងារ​ល្អ ឬ​ក៏​មាន​កម្រិត​វប្បធម៌​ខ្ពង់​ខ្ពស់។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ដើម្បី​មាន​ជោគជ័យ ពួក​គេ​ក៏​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ក្រុម​គ្រួសារ មិត្ត​ភក្ដិ ឬ​អ្នក​រួម​ការងារ​ដែរ។ អ្នក​ខ្លះ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ប្រហែលជា​គិត​ថា​បុគ្គល​ម្នាក់​បាន​ជោគជ័យ បើ​គាត់​ទទួល​ភារកិច្ច​ខ្លះ​ក្នុង​ក្រុម​ជំនុំ ឬ​ក៏​បាន​លទ្ធផល​ល្អ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

ដើម្បី​ដឹង​នូវ​ទស្សនៈ​របស់​អ្នក​អំពី​ជោគជ័យ​ក្នុង​ជីវិត អ្នក​ប្រហែលជា​អាច​សរសេរ​ឈ្មោះ​មនុស្ស​ខ្លះ​ដែល​អ្នក​ចាត់​ទុក​ថា​ជា​អ្នក​ដែល​បាន​ជោគជ័យ ពោល​គឺ​មនុស្ស​ដែល​អ្នក​កោត​សរសើរ​និង​គោរព​ខ្លាំង​បំផុត។ តើ​ពួក​គេ​ជា​មនុស្ស​បែប​ណា? តើ​ពួក​គេ​ជា​អ្នក​មាន​ឬ​ជា​មនុស្ស​ល្បី​ឈ្មោះ​ឬ​ទេ? តើ​ពួក​គេ​ជា​អ្នក​មាន​មុខ​មាត់​ឬ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ប្រហែលជា​បង្ហាញ​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក ហើយ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ជ្រើស​រើស​និង​គោលដៅ​របស់​អ្នក។—លូក. ៦:៤៥

៣​. ​(​ក​) តើ​យ៉ូស្វេ​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​ជោគជ័យ? (​ខ​) តើ​ឥឡូវ​នេះ​យើង​នឹង​ពិចារណា​អំពី​អ្វី?

អ្វី​ដែល​សំខាន់​បំផុត​គឺ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​យើង​មាន​ជោគជ័យ ពីព្រោះ​យើង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ បើ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ ពេល​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ឲ្យ​យ៉ូស្វេ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា លោក​បាន​ប្រាប់​គាត់​ឲ្យ​អាន​ច្បាប់​របស់​ម៉ូសេ​«​ទាំង​យប់​ទាំង​ថ្ងៃ​»​ ហើយ​ធ្វើ​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ច្បាប់​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ព្រះ​បាន​ធានា​ចំពោះ​គាត់​ថា​៖ ​«​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​»។ (​យ៉ូស. ១:៧, ៨​) ដូច្នេះ យ៉ូស្វេ​ពិត​ជា​បាន​ទទួល​ជោគជ័យ​មែន។ ចុះ​យើង​វិញ? តើ​យើង​អាច​ដឹង​ថា​ទស្សនៈ​របស់​យើង​ស្តី​អំពី​ជោគជ័យ​គឺ​ស្រប​គ្នា​នឹង​ទស្សនៈ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ដើម្បី​ដឹង​អំពី​រឿង​នេះ សូម​ពិចារណា​អំពី​ជីវិត​របស់​បុរស​ពីរ​នាក់​ដែល​គម្ពីរ​បាន​រៀប​រាប់។

តើ​សាឡូម៉ូន​មាន​ជោគជ័យ​ក្នុង​ជីវិត​ឬ​ទេ?

៤​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សាឡូម៉ូន​ទទួល​បាន​ជោគជ័យ?

សាឡូម៉ូន​បាន​ទទួល​ជោគជ័យ​ខ្លាំង​ណាស់ តាម​របៀប​ជា​ច្រើន។ ហេតុ​អ្វី? ពីព្រោះ​គាត់​បាន​កោត​ខ្លាច ហើយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​លោក​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​គាត់។ សូម​ចាំ​ថា ពេល​ព្រះ​យេហូវ៉ា​ឲ្យ​សាឡូម៉ូន​សុំ​អ្វី​ដែល​គាត់​ចង់​បាន នោះ​គាត់​បាន​សុំ​ឲ្យ​មាន​ប្រាជ្ញា​ដើម្បី​ដឹក​នាំ​បណ្ដា​ជន។ ហេតុ​នេះ​ព្រះ​បាន​ឲ្យ​ពរ​គាត់ ដោយ​ឲ្យ​គាត់​មាន​ទាំង​ប្រាជ្ញា​ទាំង​ទ្រព្យ​សម្បត្ដិ។ (​សូម​អាន ពង្សាវតារក្សត្រទី១ ៣:១០​-​១៤) ប្រាជ្ញា​របស់​សាឡូម៉ូន​គឺ​«​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​»។ កេរ្ដិ៍​ឈ្មោះ​របស់​សាឡូម៉ូន​បាន​ល្បី​ដល់​«​គ្រប់​ទាំង​នគរ​នៅ​ជុំ​វិញ​»។ (​១ព. ៤:៣០, ៣១​) ស្តី​អំពី​ទ្រព្យ​សម្បត្ដិ ចំណូល​របស់​សាឡូម៉ូន​ជា​មាស​ប៉ុណ្ណោះ​មាន​ទម្ងន់​ប្រហែលជា​២៥​តោន​ក្នុង​មួយ​ឆ្នាំ! (​២រប. ៩:១៣​) គាត់​ប៉ិនប្រសប់​ខាង​ការទូត ខាង​ការ​សាងសង់ និង​ខាង​មុខ​ជំនួញ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ នោះ​គាត់​ទទួល​បាន​ជោគជ័យ។—២រប. ៩:២២​-​២៤

៥​. តើ​សាឡូម៉ូន​បាន​សន្និដ្ឋាន​យ៉ាង​ណា​ស្តី​អំពី​ពួក​អ្នក​ដែល​ព្រះ​ចាត់​ទុក​ថា​មាន​ជោគជ័យ?

អ្វី​ដែល​សាឡូម៉ូន​បាន​សរសេរ​ក្នុង​សៀវភៅ​សាស្ដា​បង្ហាញ​ថា​គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ជោគជ័យ។ គាត់​មិន​បាន​គិត​ថា​មាន​តែ​អ្នក​មាន ឬ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ទេ​ដែល​អាច​មាន​ជោគជ័យ​និង​មាន​អំណរ។ គាត់​បាន​សរសេរ​ថា ​«​យើង​ដឹង​ហើយ​ថា​គ្មាន​អ្វី​សំ​រាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ​»។ (​សាស្ដ. ៣:១២, ១៣​) គាត់​បាន​ដឹង​ថា​អំណរ​បែប​នេះ​ពិត​ជា​សំខាន់​ចំពោះ​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត និង​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​លោក។ សាឡូម៉ូន​បាន​ពោល​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំ​ដែង​ទុក​ហើយ ដូច្នេះ​ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។—សាស្ដ. ១២:១៣

៦​. តើ​តាម​របៀប​ណា​គំរូ​របស់​សាឡូម៉ូន​ជួយ​យើង​ឲ្យ​យល់​ថា​អ្វី​ជា​ជោគជ័យ​ពិត​ប្រាកដ?

អស់​ជា​ច្រើន​ឆ្នាំ សាឡូម៉ូន​បាន​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ។ គម្ពីរ​ចែង​ថា​គាត់​បន្ត​«​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះ​វរបិតា​ទ្រង់​»។ (​១ព. ៣:៣​) តើ​អ្នក​អាច​ចាត់​ទុក​នេះ​ជា​ជោគជ័យ​ពិត​ប្រាកដ​ឬ​ទេ? ក្រោម​ការ​ណែនាំ​ពី​ព្រះ សាឡូម៉ូន​បាន​សង់​វិហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​បាន​សរសេរ​សៀវភៅ​បី​នៃ​គម្ពីរ​បរិសុទ្ធ។ យើង​មិន​អាច​ធ្វើ​ដូច​សាឡូម៉ូន​បាន​ទេ ប៉ុន្តែ​គំរូ​របស់​គាត់​ពេល​ដែល​គាត់​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ អាច​ជួយ​យើង​ឲ្យ​យល់​ថា​អ្វី​ជា​ជោគជ័យ​ពិត​ប្រាកដ និង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជោគជ័យ។ ស្តី​អំពី​រឿង​នេះ សូម​ចាំ​ថា​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាឡូម៉ូន​បាន​សរសេរ​ថា​ទ្រព្យ​សម្បត្ដិ ប្រាជ្ញា កេរ្ដិ៍​ឈ្មោះ​និង​អំណាច​ដែល​មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ថា​ជា​ជោគជ័យ នោះ​គឺ​ឥត​ប្រយោជន៍​ទេ។ អ្វី​ៗ​ទាំង​នេះ​ពិត​ជា​«​អសារ​ឥត​ការ​ទទេ​»។ មនុស្ស​ជា​ច្រើន​ដែល​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ថែម​ទៀត ហើយ​ពួក​គេ​ច្រើន​តែ​បារម្ភ​អំពី​អ្វី​ដែល​ពួក​គេ​មាន។ ម្យ៉ាង​ទៀត ថ្ងៃ​ណា​មួយ​ទ្រព្យ​សម្បត្ដិ​ទាំង​នេះ​នឹង​បាន​ទៅ​អ្នក​ផ្សេង​វិញ។—សូម​អាន សាស្ដា ២:៨​-​១១, ១៧; ៥:១០​-​១២

៧, ៨​. តើ​តាម​របៀប​ណា​សាឡូម៉ូន​លែង​ស្មោះ​ត្រង់​នឹង​ព្រះ ហើយ​តើ​គាត់​ទទួល​លទ្ធផល​អ្វី?

អ្នក​ក៏​បាន​ដឹង​ហើយ​ថា នៅ​ទី​បំផុត​សាឡូម៉ូន​មិន​បាន​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​ទេ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ដ្បិត​កាល​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ​ទ័យ​ទ្រង់​មិន​បាន​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​ដូច​ជា​ព្រះ​ទ័យ​របស់​ដាវីឌ​ជា​បិតា​ទ្រង់​ទេ . . . សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​»។—១ព. ១១:៤​-​៦

ព្រះ​យេហូវ៉ា​ប្រាកដជា​មិន​ពេញ​ចិត្ត​នឹង​សាឡូម៉ូន​ឡើយ ហើយ​លោក​បាន​ប្រាប់​គាត់​ថា​៖ ​«​ដោយ​ព្រោះ​ឯង . . . មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ដ្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ​»។ (​១ព. ១១:១១​) នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ណាស់! ទោះ​ជា​សាឡូម៉ូន​ធ្លាប់​បាន​ទទួល​ជោគជ័យ​តាម​របៀប​ជា​ច្រើន​ក៏​ដោយ ក្រោយ​មក​គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត។ សាឡូម៉ូន​មិន​បាន​ជោគជ័យ ដោយ​សារ​គាត់​មិន​បាន​បន្ត​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់ ពោល​គឺ​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ យើង​ម្នាក់​ៗ​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ខ្ញុំ​តាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​ជីវិត​របស់​សាឡូម៉ូន នឹង​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ជោគជ័យ​ឬ​ទេ?›។

ជោគជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត

៩​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​គិត​ថា​ប៉ូល​មិន​បាន​ទទួល​ជោគជ័យ?

ជីវិត​របស់​សាវ័ក​ប៉ូល​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​នឹង​ជីវិត​របស់​ស្តេច​សាឡូម៉ូន។ ប៉ូល​គ្មាន​បល្ល័ង្ក​ដែល​ធ្វើ​ពី​ភ្លុក ហើយ​ក៏​មិន​ធ្លាប់​បាន​ជប់​លៀង​ជា​មួយ​នឹង​ស្តេច​ដែរ។ ផ្ទុយ​ទៅ​វិញ មាន​ពេល​ខ្លះ​គាត់​ធ្លាប់​ស្រេក​ឃ្លាន រងា និង​គ្មាន​សម្លៀក​បំពាក់។ (​២កូ. ១១:២៤​-​២៧​) នៅ​ពេល​ដែល​គាត់​បាន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី ប៉ូល​គ្មាន​ឋានៈ​ធំ​ដុំ​ក្នុង​សាសនាយូដា​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដឹក​នាំ​សាសនាយូដា​បាន​ស្អប់​គាត់។ ប៉ូល​បាន​ជាប់​គុក ត្រូវ​គេ​វាយ ត្រូវ​គេ​វាយ​នឹង​ដំបង ហើយ​ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម។ ប៉ូល​បាន​ទទួល​ស្គាល់​ថា​គាត់​និង​បង​ប្អូន​គ្រិស្ត​សាសនិក​ឯ​ទៀត​បាន​ត្រូវ​គេ​ជេរ​ប្រមាថ បៀតបៀន ហើយ​ត្រូវ​គេ​បង្កាច់​បង្ខូច។ គាត់​បាន​បន្ថែម​ថា​៖ ​«​យើង​បាន​ក្លាយ​ទៅ​ជា​សំរាម​របស់​ពិភព​លោក និង​កម្អែល​នៃ​អ្វី​ៗ​ទាំង​អស់ រហូត​ដល់​ឥឡូវ​នេះ​»។—១កូ. ៤:១១​-​១៣

១០​. ហេតុ​អ្វី​មនុស្ស​ប្រហែលជា​គិត​ថា​ប៉ូល​បាន​បោះបង់​ឱកាស​ដើម្បី​ទទួល​ជោគជ័យ?

១០ នៅ​ពេល​ដែល​សាវ័ក​ប៉ូល​នៅ​ក្មេង​នៅ​ឡើយ គាត់​មាន​ឈ្មោះ​ថា​សូល។ ប៉ូល​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​គាត់​មាន​អនាគត​ល្អ។ ដោយ​សារ​ប៉ូល​ប្រហែលជា​បាន​កើត​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​មុខ​មាត់ នោះ​គាត់​បាន​រៀន​ជា​មួយ​នឹង​កាម៉ាលាល​ដែល​ជា​គ្រូ​បង្រៀន​ដ៏​ល្បី​ឈ្មោះ ហើយ​ក្រោយ​មក​គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​កាន់​តាម​សាសនាយូដា​បាន​ប្រសើរ​ជាង​មនុស្ស​ជា​ច្រើន​ដែល​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​និង​អ្នក​ដែល​ស្រករ​ខ្ញុំ​»។ (​កាឡ. ១:១៤​) សូល​និយាយ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​យ៉ាង​ស្ទាត់ ហើយ​គាត់​មាន​សញ្ជាតិ​រ៉ូម ដែល​អនុញ្ញាត​ឲ្យ​គាត់​មាន​សិទ្ធិ​ពិសេស​និង​សិទ្ធិ​ផ្សេង​ៗ​ទៀត​ដែល​មនុស្ស​ជា​ច្រើន​ចង់​បាន​យ៉ាង​ខ្លាំង។ បើ​គាត់​សម្រេច​ចិត្ត​បន្ត​ស្វែងរក​ជោគជ័យ​ក្នុង​ពិភព​លោក​នេះ គាត់​ទំនង​ជា​អាច​មាន​មុខ​មាន​មាត់ ហើយ​ក៏​មាន​លុយ​ច្រើន​ជាង​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​ជ្រើស​រើស​យក​គន្លង​ជីវិត​ដែល​អ្នក​ឯ​ទៀត ឬ​ប្រហែលជា​សូម្បី​តែ​សាច់​ញាតិ​ខ្លះ​របស់​គាត់​ចាត់​ទុក​ថា​ជា​ការ​ល្ងង់​ខ្លៅ​សុទ្ធសាធ។ ហេតុ​អ្វី​គាត់​ធ្វើ​ដូច្នេះ?

១១​. តើ​ប៉ូល​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី តើ​អ្វី​ជា​គោលដៅ​របស់​គាត់ ហើយ​ហេតុ​អ្វី?

១១ ប៉ូល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​គាត់​ចង់​បាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​ជាង​ទ្រព្យ​សម្បត្ដិ​និង​ការ​មាន​មុខ​មាត់​ក្នុង​ចំណោម​មនុស្ស។ ដោយ​សារ​ប៉ូល​បាន​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត គាត់​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត និង​កិច្ច​បម្រើ​ជា​គ្រិស្ត​សាសនិក ព្រម​ទាំង​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ស្ថាន​សួគ៌ ពោល​គឺ​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​ចាប់​អារម្មណ៍។ ប៉ូល​បាន​ដឹង​ថា​មាន​បញ្ហា​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ។ សាថាន​បាន​ចោទ​ថា វា​អាច​ធ្វើ​ឲ្យ​មនុស្ស​លែង​បម្រើ​ព្រះ។ (​យ៉ូប ១:៩​-​១១; ២:៣​-​៥​) ដូច្នេះ គោលដៅ​របស់​ប៉ូល​គឺ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​ពិត​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​គាត់​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ នេះ​ជា​គោលដៅ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ ដែល​ចង់​ទទួល​ជោគជ័យ​មិន​មាន។

១២​. តើ​គ្រិស្ត​សាសនិក​សង្ឃឹម​ទៅ​លើ​អ្នក​ណា?

១២ តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​ដូច​ប៉ូល​ឬ​ទេ? ទោះ​ជា​ការ​រស់​នៅ​ដោយ​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ស្មោះ​ត្រង់​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ក៏​ដោយ យើង​ដឹង​ថា​នេះ​នាំ​ឲ្យ​យើង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ជោគជ័យ​ពិត​ក្នុង​ជីវិត។ (​សុភ. ១០:​២២​) ដោយ​ធ្វើ​ដូច្នេះ​យើង​អាច​ទទួល​ប្រយោជន៍​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ប្រាកដជា​អាច​ទទួល​ពរ​នា​ពេល​អនាគត។ (​សូម​អាន ម៉ាកុស ១០:២៩, ៣០) ដូច្នេះ មាន​មូលហេតុ​គ្រប់​គ្រាន់​ដែល​យើង​សង្ឃឹម​«​លើ​ព្រះ ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​»​ ​«​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង​»​នោះ​ឡើយ។ យើង​‹រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​របស់​យើង ទុក​ជា​ទ្រព្យ​សម្បត្ដិ។ ធ្វើ​ដូច្នេះ យើង​នឹង​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ›។ (​១ធី. ៦:១៧​-​១៩​) យើង​អាច​ប្រាកដ​ថា ចាប់​ពី​ឥឡូវ​នេះ​រហូត​ដល់​មួយ​រយ​ឆ្នាំ សូម្បី​តែ​មួយ​ពាន់​ឆ្នាំ​ទៀត ឬ​ច្រើន​ជាង​នេះ យើង​អាច​គិត ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​ច្បាស់​ជា​បាន​ជ្រើស​រើស​យក​គន្លង​ជីវិត​ដែល​មាន​ជោគជ័យ​ពិត​ប្រាកដ​មែន!​»។

តើ​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា?

១៣​. តើ​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្វី​ស្តី​អំពី​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក?

១៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ទ្រព្យ​សម្បត្ដិ​ថា​៖ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ និង​ចោរ​ចូល​លួច។ ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​មិន​ស៊ី​បំផ្លាញ ហើយ​ចោរ​មិន​អាច​ចូល​លួច​ឡើយ។ ព្រោះ​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ​»។—ម៉ាថ. ៦:១៩​-​២១

១៤​. ហេតុ​អ្វី​ការ​ស្វែងរក​ទ្រព្យ​សម្បត្ដិ​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ជា​គំនិត​ឈ្លាស​វៃ?

១៤ ទ្រព្យ​សម្បត្ដិ​របស់​មនុស្ស​នៅ​ផែនដី​គឺ​ប្រហែលជា​មិន​ត្រឹម​តែ​ជា​លុយ​ប៉ុណ្ណោះ​ទេ។ ក្នុង​ន័យ​ម្យ៉ាង នេះ​អាច​រួម​បញ្ចូល​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​សាឡូម៉ូន​បាន​សរសេរ ដែល​មនុស្ស​ចាត់​ទុក​ថា​ជា​ជោគជ័យ ពោល​គឺ​ការ​មាន​មុខ​មាត់ ភាព​ល្បីល្បាញ ឬ​អំណាច។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​សាឡូម៉ូន​បាន​សរសេរ​នៅ​សៀវភៅ​សាស្ដា ពោល​គឺ​ទ្រព្យ​សម្បត្ដិ​នៅ​ក្នុង​ពិភព​លោក​នេះ​មិន​ស្ថិតស្ថេរ​ទេ។ ដូច​អ្វី​ដែល​អ្នក​ទំនង​ជា​បាន​ឃើញ​នៅ​ជុំ​វិញ​អ្នក ទ្រព្យ​សម្បត្ដិ​បែប​នេះ​គឺ​អាច​ខូច ហើយ​អាច​ងាយ​បាត់បង់។ សាស្ដ្រាចារ្យ​ម្នាក់​ឈ្មោះ​អេហ្វ ដេល ប៊្រូណឺ​បាន​សរសេរ​អំពី​ទ្រព្យ​សម្បត្ដិ​បែប​នេះ​ថា​៖ ​«​គេ​ដឹង​ជា​ទូទៅ​ថា​ភាព​ល្បីល្បាញ​គឺ​មិន​ជាប់​លាប់​នោះ​ទេ។ បុគ្គល​ដែល​ល្បី​ឈ្មោះ​នៅ​សព្វ​ថ្ងៃ​នេះ ប្រហែលជា​នឹង​ត្រូវ​គេ​ភ្លេច​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ដែល​រក​លុយ​បាន​ច្រើន​នៅ​ឆ្នាំ​នេះ អាច​បាត់បង់​ទៅ​វិញ​នៅ​ឆ្នាំ​ក្រោយ។ ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​មនុស្ស​ជាតិ លោក​បាន​ព្រមាន​ពួក​គេ​ថា​ភាព​ល្បីល្បាញ​អាច​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ហើយ​ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម។ លោក​យេស៊ូ​មិន​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ខក​ចិត្ត​ឡើយ។ ‹ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ដែល​គិត​ថា​ពួក​គេ​បាន​ពិភព​លោក​នេះ តែ​ពិភព​លោក​បែរ​ជា​ក្រឡាប់ចាក់​ទៅ​វិញ›​»។ មនុស្ស​ភាគ​ច្រើន​នឹង​យល់​ស្រប​នឹង​ពាក្យ​របស់​សាស្ដ្រាចារ្យ​នេះ។ ប៉ុន្តែ តើ​មនុស្ស​ប៉ុន្មាន​នាក់​ឲ្យ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​ពួក​គេ? ចុះ​អ្នក​វិញ?

១៥​. តើ​យើង​គួរ​ខំ​ប្រឹង​ឲ្យ​បាន​ជោគជ័យ​បែប​ណា?

១៥ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​បាន​ផ្សាយ​ថា ការ​ខំ​ប្រឹង​ឲ្យ​បាន​ជោគជ័យ​គឺជា​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ហើយ​ថា​មនុស្ស​គួរ​ឈប់​ព្យាយាម​ធ្វើ​ដូច្នេះ។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា លោក​យេស៊ូ​មិន​បាន​ផ្ដន្ទា​ទោស​ការ​ខំ​ព្យាយាម​បែប​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក ឲ្យ​ខំ​ព្យាយាម​ក្នុង​រឿង​ផ្សេង​ទៀត ហើយ​លោក​បាន​ដាស់​តឿន​ពួក​គេ​ឲ្យ​ប្រមូល​អ្វី​ដែល​មិន​ចេះ​ខូច ពោល​គឺ​«​ទ្រព្យ​សម្បត្ដិ . . . នៅ​ឯ​ស្ថាន​សួគ៌​»។ អ្វី​ដែល​យើង​ចង់​បាន​ខ្លាំង​បំផុត គឺ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​យើង​បាន​ជោគជ័យ។ ប្រសាសន៍​របស់​លោក​យេស៊ូ​រំលឹក​យើង​ថា យើង​អាច​ជ្រើស​រើស​អ្វី​ដែល​យើង​នឹង​ផ្ចង់​អារម្មណ៍​ទៅ​លើ។ ប៉ុន្តែ តាម​ការ​ពិត​យើង​នឹង​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង និង​អ្វី​ដែល​យើង​ចាត់​ទុក​ថា​មាន​តម្លៃ។

១៦​. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្វី?

១៦ ប្រសិនបើ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​អាច​ទុក​ចិត្ត​ថា​លោក​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។ ដូច​សាវ័ក​ប៉ូល​ដែរ ជួនកាល​យើង​ប្រហែលជា​គ្មាន​អ្វី​បរិភោគ​ឬ​ផឹក​សោះ។ (​១កូ. ៤:១១​) ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​ក៏​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?› ព្រោះ​របស់​ទាំង​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែងរក។ បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ។ ដូច្នេះ ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។—ម៉ាថ. ៦:៣១​-​៣៣

ចូរ​ទទួល​បាន​ជោគជ័យ​តាម​ទស្សនៈ​របស់​ព្រះ

១៧, ១៨​. ​(​ក​) តើ​ជោគជ័យ​ពិត​ប្រាកដ​អាស្រ័យ​ទៅ​លើ​អ្វី? (​ខ​) តើ​ជោគជ័យ​ពិត​ប្រាកដ​មិន​អាស្រ័យ​ទៅ​លើ​អ្វី?

១៧ ចំណុច​សំខាន់​ក្នុង​ខ​នេះ​គឺ ជោគជ័យ​ពិត​ប្រាកដ​របស់​យើង​មិន​អាស្រ័យ​លើ​ការ​សម្រេច​កិច្ចការ​ដ៏​ធំ​ឬ​អាស្រ័យ​លើ​ឋានៈ​ដែល​យើង​មាន​ក្នុង​ពិភព​លោក​នេះ​ទេ។ ម្យ៉ាង​ទៀត ជោគជ័យ​ពិត​ប្រាកដ​ក៏​មិន​អាស្រ័យ​លើ​ការ​មាន​ភារកិច្ច​ច្រើន​ក្នុង​ក្រុម​ជំនុំ​ដែរ។ ប៉ុន្តែ​យើង​បាន​ពរ​បែប​នេះ គឺ​ដោយ​សារ​យើង​ស្ដាប់​បង្គាប់ ហើយ​ស្មោះ​ត្រង់​នឹង​ព្រះ។ លោក​ធានា​ចំពោះ​យើង​ថា​៖ ​«​អ្នក​បម្រើ​ដែល​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​នោះ ត្រូវ​តែ​ជា​អ្នក​ស្មោះ​ត្រង់​»។ (​១កូ. ៤:២​) យើង​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។ (​ម៉ាថ. ១០:២២​) អ្នក​ក៏​យល់​ស្រប​ដែរ​ថា ការ​ទទួល​សេចក្ដី​សង្គ្រោះ​គឺជា​ភ័ស្តុតាង​ជាក់​ស្តែង​នៃ​ការ​មាន​ជោគជ័យ​ពិត​ប្រាកដ។

១៨ ពេល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ អ្នក​អាច​ឃើញ​ថា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​មិន​អាស្រ័យ​ទៅ​លើ​ការ​មាន​មុខ​មាត់ ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ មាន​លុយ​ច្រើន​ឬ​មាន​ឋានៈ​ក្នុង​សង្គម​នោះ​ទេ ហើយ​ក៏​មិន​អាស្រ័យ​ទៅ​លើ​ប្រាជ្ញា ការ​ប៉ិនប្រសប់ ឬ​ក៏​សមត្ថភាព​ដែរ។ ទោះ​ជា​យើង​ប្រហែលជា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ។ ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សតវត្សរ៍​ទី​១ អ្នក​ខ្លះ​ជា​អ្នក​មាន ហើយ​អ្នក​ខ្លះ​ទៀត​ជា​អ្នក​ក្រ។ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​មាន​ថា ពួក​គេ​ក៏​ត្រូវ​«​ព្យាយាម​ធ្វើ​អំពើ​ល្អ ហើយ​ធ្វើ​ជា​អ្នក​ការ​ល្អ​ប្រសើរ ដោយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច​»​ដែរ។ ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ អាច​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។ (​១ធី. ៦:១៧​-​១៩​) សព្វ​ថ្ងៃ​នេះ​ក៏​ដូច្នោះ​ដែរ។ យើង​ទាំង​អស់​គ្នា​មាន​ឱកាស​និង​ភារកិច្ច​ដូច​គ្នា។ យើង​ត្រូវ​នៅ​ស្មោះ​ត្រង់ ហើយ​«​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ​»។ បើ​យើង​ធ្វើ​ដូច្នោះ ព្រះ​ដែល​ជា​អ្នក​បង្កើត​នឹង​ចាត់​ទុក​ថា​យើង​ទទួល​ជោគជ័យ ហើយ​យើង​នឹង​មាន​អំណរ​ដោយ​ដឹង​ថា​យើង​កំពុង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—សុភ. ២៧:១១

១៩​. ដើម្បី​ទទួល​ជោគជ័យ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ អ្នក​ប្រហែលជា​មិន​អាច​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​អ្នក​ទាំង​ស្រុង​បាន​ទេ តែ​អ្នក​អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​នោះ។ សូម​ខំ​ព្យាយាម​នៅ​ស្មោះ​ត្រង់​ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ អ្នក​នឹង​ទទួល​លទ្ធផល​ល្អ​បើ​អ្នក​ខំ​ព្យាយាម។ សូម​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដ៏​វិសេស​វិសាល​ដល់​អ្នក​នៅ​ឥឡូវ​នេះ និង​ជា​រៀង​រហូត។ សូម​កុំ​ភ្លេច​ពាក្យ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​៖ ​«​ចូរ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ ហើយ​ខ្ញុំ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​»។ (​បប. ២:១០​) នេះ​ជា​ជោគជ័យ​ពិត​ប្រាកដ​មែន!

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៦​]

មនុស្ស​ជា​ច្រើន​គិត​ថា​សូល​អាច​ទទួល​ជោគជ័យ​ក្នុង​ពិភព​លោក

[​រូបភាព​នៅ​ទំព័រ​៧​]

ប៉ូល​បាន​បង្ហាញ​ថា​គាត់​ទទួល​ជោគជ័យ​ពិត​ប្រាកដ