ចូរប្រយ័ត្ននឹងការប្រើគម្ពីរជាវត្ថុស័ក្ដិសិទ្ធិ
ចូរប្រយ័ត្ននឹងការប្រើគម្ពីរជាវត្ថុស័ក្ដិសិទ្ធិ
«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ (ហេ. ៤:១២) ដោយមានប្រសាសន៍ដូច្នេះ សាវ័កប៉ូលលើកបញ្ជាក់អំពីឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះដែលមានឥទ្ធិពលជំរុញចិត្តមនុស្ស ហើយអាចកែប្រែជីវិតរបស់មនុស្ស។
ប៉ុន្តែពេលដែលមានការក្បត់ជំនឿដូចដែលបានទាយទុកបានកើតឡើងពេលដែលពួកសាវ័កបានស្លាប់អស់ទៅ នោះមនុស្សចាប់ផ្ដើមយល់ច្រឡំអំពីឫទ្ធានុភាពនៃសារក្នុងគម្ពីរ។ (២ពេ. ២:១-៣) ក្រោយមក អ្នកដឹកនាំពិភពគ្រិស្តសាសនាបានចាប់ផ្ដើមគិតថាបណ្ដាំរបស់ព្រះជាវត្ថុស័ក្ដិសិទ្ធិ។ សាស្ដ្រាចារ្យម្នាក់ឈ្មោះហារី ហ្គេមបឺលបានសរសេរអំពី«ការប្រើបទគម្ពីរគ្រិស្តសាសនិកជាវត្ថុស័ក្ដិសិទ្ធិ»។ គាត់បានកត់សម្គាល់ថា នៅសតវត្សរ៍ទី៣ អ្នកដឹកនាំសាសនាគ្រិស្តម្នាក់ឈ្មោះអូរីហ្គេនបាននិយាយថា៖ «គ្រាន់តែឮពាក្យពិសិដ្ឋមួយគឺមានប្រយោជន៍: បើពាក្យរបស់ពាហិរជនគឺស័ក្ដិសិទ្ធិ នោះពាក្យរបស់ព្រះនៅក្នុងគម្ពីរគឺស័ក្ដិសិទ្ធិជាងនេះទៅទៀត»។ ចន គ្រីសូស្ថមនៅចុងសតវត្សរ៍ទី៤បានសរសេរថា៖ «មេកំណាចនឹងមិនហ៊ានចូលផ្ទះដែលមានសៀវភៅដំណឹងល្អនៅទីនោះទេ»។ គាត់ក៏បានរៀបរាប់ថា មនុស្សខ្លះបានចម្លងពាក្យពីសៀវភៅដំណឹងល្អ រួចពាក់លើ ករបស់ពួកគេទុកជាវត្ថុស័ក្ដិសិទ្ធិ។ យោងទៅតាមសាស្ដ្រាចារ្យហ្គេមបឺល អាហ្គូស្ទីនដែលជាសាសនវិទូកាតូលិកបានបង្រៀនថា ជាការល្អដែលអ្នកណាម្នាក់ដេកដោយដាក់សៀវភៅដំណឹងល្អរបស់យ៉ូហាននៅក្រោមខ្នើយរបស់ខ្លួនដើម្បីព្យាបាលជំងឺឈឺក្បាល។ ដូច្នេះ បទគម្ពីរបានត្រូវប្រើជាវត្ថុស័ក្ដិសិទ្ធិ។ តើអ្នកចាត់ទុកគម្ពីរជាវត្ថុស័ក្ដិសិទ្ធិដែលអាចការពារអ្នកពីពួកវិញ្ញាណកំណាចឬទេ?
មនុស្សជាច្រើនប្រើគម្ពីរតាមរបៀបមិនត្រឹមត្រូវផ្សេងទៀត។ ពួកគេជឿថា បើពួកគេបើកគម្ពីរទៅទំព័រណាមួយ ខគម្ពីរទី១ដែលគេបើកឃើញនឹងប្រាប់ពួកគេអំពីអ្វីដែលពួកគេត្រូវធ្វើ។ ជាឧទាហរណ៍ យោងទៅតាមសាស្ដ្រាចារ្យហ្គេមបឺល មានគ្រាមួយ ពេលដែលអាហ្គូស្ទីនឮសំឡេងកូនក្មេងម្នាក់នៅផ្ទះមួយដែលនៅជិតគាត់និយាយថា៖ «បើកហើយអាន បើកហើយអាន»។ អាហ្គូស្ទីនចាត់ទុកថានេះជាបង្គាប់របស់ព្រះឲ្យបើកគម្ពីរអាននៅខដំបូងដែលគាត់បានឃើញ។
តើអ្នកធ្លាប់ឮអំពីមនុស្សដែលបានអធិដ្ឋានទៅព្រះពេលជួបនឹងស្ថានភាពដ៏ពិបាកណាមួយ ហើយបន្ទាប់មកបិទភ្នែកបើកគម្ពីរ ដោយជឿថាខដំបូងដែលពួកគេឃើញអាចជួយពួកគេឲ្យស៊ូទ្រាំនឹងបញ្ហាឬទេ? ទោះជាពួកគេប្រហែលជាមានបំណងល្អក៏ដោយ នេះមិនមែនជារបៀបដែលគ្រិស្តសាសនិកគួរស្វែងរកការណែនាំពីព្រះតាមរយៈបទគម្ពីរនោះទេ។
លោកយេស៊ូធានាអ្នកកាន់តាមលោកថាលោកនឹងចាត់«អ្នកជួយដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ»ឲ្យជួយពួកគេ។ លោកបានបន្តថា៖ «[សកម្មពលបរិសុទ្ធ]នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ ហើយធ្វើឲ្យអ្នករាល់គ្នានឹកឃើញអ្វីៗដែលខ្ញុំបានប្រាប់»។ (យ៉ូន. ១៤:២៦) ដូច្នេះ យើងទទួលជំនួយពីគម្ពីរដោយប្រើអ្វីដែលយើងបានរៀនពីគម្ពីរ មិនមែនបើកទំព័រណាក៏ដោយនោះទេ។
មនុស្សជាច្រើនប្រើគម្ពីរជាវត្ថុស័ក្ដិសិទ្ធិ ហើយសង្ឃឹមថាអាចទទួលការការពារពីគ្រោះថ្នាក់ ដោះស្រាយបញ្ហារបស់ពួកគេ ឬដើម្បីដឹងអំពីអនាគត។ ប៉ុន្តែ បណ្ដាំរបស់ព្រះផ្ដន្ទាទោសការគន់មើលប្រផ្នូល។ (លេវី. ១៩:២៦; ចោ. ១៨:៩-១២; សកម្ម. ១៩:១៩) «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព» ប៉ុន្តែយើងត្រូវចេះប្រើបណ្ដាំនេះឲ្យបានស្ទាត់ជំនាញ។ ដោយមិនប្រើគម្ពីរទុកដូចជាវត្ថុស័ក្ដិសិទ្ធិ នោះចំណេះដ៏ត្រឹមត្រូវដែលមានក្នុងគម្ពីរអាចជួយមនុស្សឲ្យមានជីវិតកាន់តែប្រសើរឡើង។ ចំណេះដ៏ត្រឹមត្រូវនេះបានជួយមនុស្សជាច្រើនឲ្យមានសីលធម៌ល្អ បោះបង់ចោលរបៀបរស់នៅដែលនាំឲ្យអន្តរាយ ពង្រឹងចំណងអាពាហ៍ពិពាហ៍ ហើយឲ្យមានចំណងមិត្តភាពជាមួយព្រះដែលជាអ្នកនិពន្ធគម្ពីរ។