លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាជំហររបស់យើងជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»

ចូររក្សាជំហររបស់យើងជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»

ចូរ​រក្សា​ជំហរ​របស់​យើង​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​

​«​ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ដែល​ជា​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ពិភព​លោក​នេះ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»។—១ពេ. ២:១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​អាច​ហៅ​ថា​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន?

តើ​«​ចៀម​ឯ​ទៀត​»​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ន័យ​យ៉ាង​ណា?

តើ​អ្នក​កំពុង​ទន្ទឹង​រង់​ចាំ​អ្វី?

១, ២​. ដោយ​ប្រើ​ពាក្យ​«​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»​ តើ​ពេត្រុស​សំដៅ​ទៅ​អ្នក​ណា ហើយ​ហេតុ​អ្វី​គាត់​ហៅ​ពួក​គាត់​ថា​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​?

ប្រហែល​ជា​៣០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​មួយ​ជូន​ចំពោះ​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែល​នៅ​បែកខ្ញែក​នា​តំបន់​ប៉ុនតុស ខេត្ត​កាឡាទី តំបន់​កាប៉ាដូគា តំបន់​អាស៊ី និង​ខេត្ត​ប៊ីធូនា ពោល​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»។ (​១ពេ. ១:១​) ច្បាស់​ណាស់ ដោយ​ប្រើ​ពាក្យ​«​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»​ ពេត្រុស​សំដៅ​ទៅ​ពួក​អ្នក​ដែល​ដូច​គាត់ ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ និង​ដែល​បាន​ធ្វើ​ឲ្យ​«​កើត​ជា​ថ្មី​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​»​ ដើម្បី​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ (​សូម​អាន ពេត្រុសទី១ ១:៣, ៤) ប៉ុន្តែ​ក្រោយ​មក ហេតុ​អ្វី​គាត់​ហៅ​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ថា​ជា​«​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​? (​១ពេ. ២:១១​) ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​គួរ​ចាប់​អារម្មណ៍​អំពី​រឿង​នេះ ពីព្រោះ​ទូ​ទាំង​ពិភព​លោក​មាន​តែ​សាក្សី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អះអាង​ថា​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ឬ​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស?

គឺជា​ការ​ត្រឹម​ត្រូវ​ដែល​ពាក្យ​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ សំដៅ​ទៅ​លើ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី​១។ ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ក្រុម​នេះ​ដែល​សព្វ​ថ្ងៃ​នៅ​ផែនដី​នៅ​ឡើយ មិន​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត​ទេ។ សាវ័ក​ប៉ូល​ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​«​ហ្វូង​តូច​»​ដែល​បាន​ត្រូវ​រើស​តាំង បាន​ពន្យល់​ថា​៖ ​«​ចំណែក​យើង​វិញ យើង​ជា​ពល​រដ្ឋ​ស្ថាន​សួគ៌ ហើយ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​អ្នក​សង្គ្រោះ​ដែល​នៅ​ស្ថាន​នោះ ពោល​គឺ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​»។ (​លូក. ១២:៣២; ភី. ៣:២០​) ដោយ​សារ​ពួក​គាត់​«​ជា​ពល​រដ្ឋ​ស្ថាន​សួគ៌​»​ ក្រោយ​ពី​ស្លាប់ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ចាក​ចេញ​ពី​ផែនដី​ដើម្បី​ទទួល​អ្វី​ដែល​ពិត​ជា​ល្អ​ជាង​ឆ្ងាយ​ណាស់ ពោល​គឺ​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌។ (​សូម​អាន ភីលីព ១:២១​-​២៣) ដូច្នេះ គេ​អាច​ហៅ​ពួក​គាត់​ថា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ នៅ​ផែនដី​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន។

៣​. តើ​មាន​សំណួរ​អ្វី​ស្តី​អំពី​«​ចៀម​ឯ​ទៀត​»​?

ប៉ុន្តែ ចុះ​ចំណែក​«​ចៀម​ឯ​ទៀត​»​? (​យ៉ូន. ១០:១៦​) តើ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​តាម​បទ​គម្ពីរ ដើម្បី​ក្លាយ​ជា​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ផែនដី​ឬ​ទេ? ពួក​គេ​ប្រាកដជា​នឹង​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត​មែន! ប៉ុន្តែ​ក្នុង​ន័យ​ម្យ៉ាង នៅ​សព្វ​ថ្ងៃ​នេះ​ពួក​គេ​ក៏​អាច​ត្រូវ​ចាត់​ទុក​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែរ។ តើ​ក្នុង​ន័យ​ដូច​ម្ដេច?

‹អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​ឥត​ឈប់›

៤​. តើ​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​មិន​អាច​បំបាត់​ចោល​អ្វី?

ដរាប​ណា​ព្រះ​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន មនុស្ស​គ្រប់​រូប រួម​ទាំង​គ្រិស្ត​សាសនិក​នឹង​បន្ត​ជួប​នឹង​ទុក្ខ​លំបាក​ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​របស់​សាថាន​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ រ៉ូម ៨:២២​ចែង​ថា​៖ ​«​យើង​ដឹង​ថា អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ​»។ ទោះ​ជា​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ដែល​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​មាន​បំណង​ល្អ​ក៏​ដោយ ពួក​គេ​មិន​អាច​បំបាត់​ចោល​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទេ។

៥​. តាំង​ពី​ឆ្នាំ​១៩១៤​មក តើ​មនុស្ស​រាប់​លាន​នាក់​សម្រេច​ចិត្ត​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

៥​ហេតុ​នេះ​តាំង​ពី​ឆ្នាំ​១៩១៤​មក មនុស្ស​រាប់​លាន​នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​រាស្ត្រ​នៅ​ក្រោម​អំណាច​របស់​លោក​យេស៊ូ​ដែល​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង។ ពួក​គេ​មិន​ចង់​រួម​ចំណែក​ក្នុង​របៀប​របប​ពិភព​លោក​របស់​សាថាន​ទេ។ ពួក​គេ​មិន​ព្រម​គាំទ្រ​ពិភព​លោក​របស់​សាថាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រើ​ជីវិត​និង​ធនធាន​របស់​ខ្លួន​ដើម្បី​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ ហើយ​ផ្ដល់​ប្រយោជន៍​ដល់​រាជាណាចក្រ​នោះ។—រ៉ូម ១៤:៧, ៨

៦​. តើ​សាក្សី​ព្រះ​យេហូវ៉ា​អាច​ហៅ​ថា​ជា​ជន​បរទេស​ក្នុង​ន័យ​យ៉ាង​ណា?

នៅ​ជាង​២០០​ប្រទេស សាក្សី​ព្រះ​យេហូវ៉ា​ជា​ពល​រដ្ឋ​ដែល​គោរព​ច្បាប់ ទោះ​ជា​ពួក​គេ​រស់​នៅ​ទី​ណា​ក៏​ដោយ ពួក​គេ​ចាត់​ទុក​ខ្លួន​គេ​ជា​ជន​បរទេស។ ពួក​គេ​ប្រកាន់​ជំហរ​អព្យាក្រឹត​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​រឿង​នយោបាយ និង​បញ្ហា​ក្នុង​សង្គម​នា​ពេល​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ពួក​គេ​ចាត់​ទុក​ខ្លួន​ជា​ពល​រដ្ឋ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា។ ពួក​គេ​សប្បាយ​ដោយ​ដឹង​ថា​ជីវិត​របស់​ពួក​គេ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​របៀប​របប​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ គឺ​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ។

៧​. តើ​អ្នក​បម្រើ​ព្រះ​នឹង​ក្លាយ​ជា​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​យ៉ាង​ដូច​ម្ដេច ហើយ​នៅ​កន្លែង​ណា?

មិន​យូរ​ទៀត​លោក​យេស៊ូ​នឹង​ប្រើ​អំណាច​របស់​លោក​ដើម្បី​បំផ្លាញ​របៀប​របប​អាក្រក់​របស់​សាថាន។ រដ្ឋាភិបាល​ដែល​ល្អ​ឥត​ខ្ចោះ​របស់​គ្រិស្ត​នឹង​បំបាត់​ចោល​នូវ​ភាព​ខុស​ឆ្គង​និង​ទុក្ខ​ព្រួយ​ចេញ​ពី​ផែនដី។ រដ្ឋាភិបាល​នេះ​ក៏​នឹង​បំផ្លាញ​ចោល​ពួក​អ្នក​ដែល​បះបោរ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដែរ។ អ្នក​បម្រើ​ដែល​មាន​ភក្ដីភាព​របស់​ព្រះ​នឹង​អាច​ក្លាយ​ជា​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ (​សូម​អាន ការ​បើក​បង្ហាញ ២១:១​-​៥) ក្រោយ​មក អ្វី​ដែល​ព្រះ​បង្កើត​នឹង​ត្រូវ​«​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»។—រ៉ូម ៨:២១

តើ​គ្រិស្ត​សាសនិក​ពិត​ត្រូវ​មាន​ការ​ប្រព្រឹត្ត​បែប​ណា?

៨, ៩​. ពេល​ពេត្រុស​និយាយ​ថា​«​កុំ​ឲ្យ​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? សូម​ពន្យល់។

ពេត្រុស​ពន្យល់​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ ពេល​ដែល​គាត់​បន្ត​និយាយ​ថា​៖ ​«​បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ដែល​ជា​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ពិភព​លោក​នេះ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ចេះ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​»។ (​១ពេ. ២:១១​) មុន​ដំបូង​ការ​ណែនាំ​នេះ​គឺ​សម្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ប៉ុន្តែ​ការ​ណែនាំ​នេះ​ក៏​សម្រាប់​ចៀម​ឯ​ទៀត​របស់​លោក​យេស៊ូ​ដែរ។

សេចក្ដី​ប៉ង​ប្រាថ្នា​ខ្លះ​គឺ​មិន​តែង​តែ​ខុស​ទេ ដរាប​ណា​យើង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​តាម​របៀប​ដែល​ព្រះ​ចង់​ឲ្យ​យើង​បំពេញ។ សេចក្ដី​ប៉ង​ប្រាថ្នា​នេះ​ពិត​ជា​នាំ​ឲ្យ​ជីវិត​កាន់​តែ​សប្បាយ​រីករាយ​មែន។ ឧទាហរណ៍ ជា​ធម្មតា​មនុស្ស​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​ទទួល​ទាន​ម្ហូប​អាហារ​និង​ភេស​ជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ចង់​ធ្វើ​កិច្ចការ​ដែល​នាំ​ឲ្យ​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​សប្បាយ​នឹង​សេពគប់​មិត្ត​ភក្ដិ​ល្អ។ ជា​ការ​ធម្មតា​ដែល​មនុស្ស​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​ការ​រួម​ដំណេក​ជា​មួយ​គូ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ (​១កូ. ៧:៣​-​៥​) ប៉ុន្តែ ពេត្រុស​និយាយ​យ៉ាង​ច្បាស់​អំពី​«​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​ ដែល​«​ចេះ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​»​ ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មិន​ត្រឹម​ត្រូវ​នៃ​រូប​កាយ។ ច្បាស់​ណាស់ យើង​ត្រូវ​គ្រប់​គ្រង​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​និង​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​ល្អ​រវាង​យើង​នឹង​លោក។ បើ​យើង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​តាម​របៀប​មិន​ត្រឹម​ត្រូវ នេះ​អាច​បណ្ដាល​ឲ្យ​យើង​ស្លាប់។

១០​. តើ​សាថាន​ប្រើ​វិធី​អ្វី​ខ្លះ​ដើម្បី​នាំ​ឲ្យ​គ្រិស្ត​សាសនិក​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​វា?

១០ សាថាន​មាន​គោល​បំណង​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ពិត​ឈប់​ចាត់​ទុក​ខ្លួន​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ក្នុង​របៀប​របប​ពិភព​លោក​នេះ។ វា​ចង់​ឲ្យ​យើង​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ បណ្ដោយ​ខ្លួន​ឲ្យ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទាក់​ទាញ ចង់​លេច​មុខ​លេច​មាត់ ចង់​ធ្វើ​ជា​អ្នក​ដែល​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ហើយ​មាន​មោទនភាព​ចំពោះ​ជាតិ​របស់​យើង។ ប៉ុន្តែ យើង​ត្រូវ​ទទួល​ស្គាល់​ថា​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​អស់​នេះ​ជា​អន្ទាក់​របស់​សាថាន។ ដោយ​តាំង​ចិត្ត​មិន​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ល្អ​ទាំង​នេះ​នៃ​រូប​កាយ យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​មិន​ចង់​រួម​ចំណែក​ក្នុង​របៀប​របប​ពិភព​លោក​អាក្រក់​របស់​សាថាន​ទេ។ ដោយ​ធ្វើ​ដូច្នេះ យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​គ្រាន់តែ​ស្នាក់​នៅ​ក្នុង​ពិភព​លោក​នេះ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ អ្វី​ដែល​យើង​ពិត​ជា​ចង់​បាន​គឺ ធ្វើ​ជា​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ ហើយ​យើង​ខំ​ប្រឹង​ដើម្បី​សម្រេច​គោលដៅ​នេះ។

ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ

១១, ១២​. តើ​ជួនកាល​មនុស្ស​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជន​បរទេស ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា?

១១ ពេត្រុស​បាន​បន្ត​ពន្យល់​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​ដែល​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ត្រូវ​ធ្វើ​នៅ​ខ​១២​ថា​៖ ​«​ចូរ​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច​ក្នុង​ចំណោម​មនុស្ស​ខាង​ពិភព​លោក​នេះ។ យ៉ាង​នោះ ទោះ​ជា​ពួក​គេ​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​ថា​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ក៏​ដោយ ក៏​ពួក​គេ​នឹង​បែរ​ជា​សរសើរ​ព្រះ​នៅ​ថ្ងៃ​ដែល​លោក​ធ្វើ​ការ​ត្រួត​ពិនិត្យ ដោយ​សារ​ពួក​គេ​ជា​សាក្សី​អំពី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​របស់​អ្នក​រាល់​គ្នា​»។ ជួនកាល​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​មួយ​ដែល​មិន​មែន​ជា​ប្រទេស​របស់​គាត់ បាន​ត្រូវ​គេ​រិះ​គន់។ ដោយ​សារ​ពួក​គេ​ខុស​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន ពួក​គេ​ប្រហែលជា​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់។ ពាក្យ​សម្ដី ការ​ប្រព្រឹត្ត សម្លៀក​បំពាក់ និង​អាការ​ក្រៅ​របស់​ពួក​គេ​ប្រហែលជា​ខុស​គ្នា​ពី​មនុស្ស​ឯ​ទៀត​ដែល​រស់​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​ពួក​គេ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​ពួក​គេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ។

១២ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ពិត​គឺ​ខុស​គ្នា​ពី​អ្នក​ជិត​ខាង​ជា​ច្រើន​របស់​ពួក​គេ​ក្នុង​រឿង​មួយ​ចំនួន​ដូច​ជា​ក្នុង​ការ​សន្ទនា ឬ​ក្នុង​ការ​ជ្រើស​រើស​ការ​កម្សាន្ត។ សម្លៀក​បំពាក់​និង​ការ​សម្អិតសម្អាង​ខ្លួន​របស់​ពួក​គេ​ច្រើន​តែ​បង្ហាញ​ឲ្យ​ដឹង​ថា​ពួក​គេ​ខុស​គ្នា​ពី​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​សហគមន៍។ ជួនកាល​ភាព​ខុស​គ្នា​នេះ​បាន​នាំ​ឲ្យ​បុគ្គល​ដែល​ឮ​ព័ត៌មាន​មិន​ពិត​ចោទ​ប្រកាន់​ពួក​គេ​ថា​ជា​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់។ ប៉ុន្តែ មនុស្ស​ឯ​ទៀត​ប្រហែលជា​សរសើរ​ពួក​គេ​ដោយ​សារ​របៀប​រស់​នៅ​របស់​ពួក​គេ។

១៣, ១៤​. តើ​ពាក្យ​«​អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ​»​ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​មាន​ន័យ​យ៉ាង​ណា? សូម​លើក​ឧទាហរណ៍។

១៣ ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​អាច​ជួយ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​ពួក​គេ​គ្មាន​មូលហេតុ​«​ចោទ​ប្រកាន់​»​អំពី​យើង​ឡើយ។ សូម្បី​តែ​លោក​យេស៊ូ​ដែល​ជា​បុរស​តែ​ម្នាក់​គត់​ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់​ដ៏​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​ក៏​ដោយ ក៏​គេ​បាន​ចោទ​ប្រកាន់​មិន​ពិត​ចំពោះ​លោក​ដែរ។ មនុស្ស​ខ្លះ​បាន​ហៅ​លោក​ថា​៖ ​«​បុរស​នេះ​ល្មោភ​ស៊ី ក៏​ជា​អ្នក​ផឹក​ស្រា ហើយ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​ថា​លោក​មិន​មែន​ជា​មនុស្ស​បែប​នេះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។ (​ម៉ាថ. ១១:១៩​) សព្វ​ថ្ងៃ​នេះ​ក៏​ដូច្នេះ​ដែរ។ ឧទាហរណ៍​មួយ អ្នក​ជិត​ខាង​ខ្លះ​ចាត់​ទុក​បង​ប្អូន​ប្រុស​ស្រី​ដែល​បម្រើ​នៅ​បេតអែល​នៅ​ក្រុង​សែលតឺស៍ នា​ប្រទេស​អាឡឺម៉ង់ ថា​មាន​របៀប​រស់​នៅ​ចម្លែក។ ប៉ុន្តែ​អភិបាល​ក្រុង​សែលតឺស៍​បាន​និយាយ​ការពារ​បង​ប្អូន​ដែល​បម្រើ​នៅ​បេតអែល​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បម្រើ​នៅ​ទី​នោះ មាន​របៀប​រស់​នៅ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ពួក​គេ​មិន​រំខាន​ដល់​ការ​រស់​នៅ​របស់​អ្នក​ឯ​ទៀត​ក្នុង​សហគមន៍​នោះ​ទេ​»។

១៤ ឧទាហរណ៍​មួយ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ដែល​រស់​នៅ​ក្រុង​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ចំនួន។ បន្ទាប់​មក នៅ​ខែ​មិថុនា ឆ្នាំ​២០១០ តុលាការ​ខាង​សិទ្ធិ​មនុស្ស​ទ្វីប​អឺរ៉ុប នៅ​ក្រុង​ត្រាស់​បួរ ប្រទេស​បារាំង​បាន​កាត់​ក្ដី​ថា​៖ ​«​តុលាការ​យល់​ឃើញ​ថា ការ​រារាំង​របស់​[​ក្រុង​មូស្គូ​]​មិន​ឲ្យ​ដើម​បណ្ដឹង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​សាសនា​និង​ក្នុង​ការ​ប្រជុំ​គ្នា​គឺ​មិន​សម​ហេតុ​សម​ផល​ទេ។ តុលាការ​ក្នុង​ប្រទេស​មិន​បាន​លើក​បញ្ជាក់​នូវ​មូលហេតុ​‹ត្រឹម​ត្រូវ​និង​គ្រប់​គ្រាន់› ដើម្បី​បង្ហាញ​ថា​សហគមន៍​នៃ​ដើម​បណ្ដឹង​»​មាន​កំហុស ជា​ឧទាហរណ៍ ដោយ​សារ​បំបែកបំបាក់​ក្រុម​គ្រួសារ ញុះញង់​ឲ្យ​ធ្វើ​អត្តឃាត ឬ​បដិសេធ​ការ​ថែ​ទាំ​សុខភាព។ ហេតុ​នេះ ​«​កំហិត​ដែល​តុលាការ​ក្នុង​ស្រុក​ដាក់​មក​លើ​ពួក​គេ​គឺ​ជ្រុល​ហួស​ហេតុ​ពេក ដោយ​សារ​កំហិត​នោះ​គឺ​តឹង​តែង ហើយ​លើស​ពី​អ្វី​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​ត្រឹម​ត្រូវ​របស់​តុលាការ​»។

យើង​គួរ​ចុះ​ចូល​នឹង​រដ្ឋាភិបាល

១៥​. តើ​គ្រិស្ត​សាសនិក​ពិត​ទូ​ទាំង​ពិភព​លោក​ធ្វើ​តាម​គោលការណ៍​អ្វី​ក្នុង​គម្ពីរ?

១៥ តាម​ការ​ពិត​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មូស្គូ​ក៏​ដូច​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​ដែរ ពួក​គេ​ធ្វើ​តាម​តម្រូវ​ការ​ផ្សេង​ទៀត​សម្រាប់​គ្រិស្ត​សាសនិក ដែល​ពេត្រុស​បាន​ពន្យល់។ គាត់​បាន​សរសេរ​ថា​៖ ​«​ដើម្បី​លោក​ម្ចាស់ ចូរ​ចុះ​ចូល​នឹង​ស្ថាប័ន​ទាំង​អស់​ដែល​មនុស្ស​បាន​បង្កើត​៖ ទោះ​បី​ជា​ចុះ​ចូល​នឹង​ស្តេច ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ឬ​អភិបាល​»។ (​១ពេ. ២:១៣, ១៤​) ទោះ​ជា​គ្រិស្ត​សាសនិក​ពិត​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ​ក៏​ដោយ ពួក​គេ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​នឹង​អ្នក​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​«​តាម​ថ្នាក់​របស់​ពួក​គេ​រៀង​ខ្លួន​»​ដូច​ប៉ូល​បាន​បង្គាប់​ពួក​គេ។—សូម​អាន រ៉ូម ១៣:១, ៥​-​៧

១៦, ១៧​. ​(​ក​) តើ​អ្វី​បង្ហាញ​ថា​យើង​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល? (​ខ​) តើ​អ្នក​ដឹក​នាំ​នយោបាយ​ខ្លះ​បាន​ទទួល​ស្គាល់​អំពី​អ្វី?

១៦ សាក្សី​ព្រះ​យេហូវ៉ា​រស់​នៅ​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ក្នុង​របៀប​របប​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​នេះ​មិន​មែន​ដោយ​សារ​ពួក​គេ​ចង់​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​រិះ​គន់​អ្នក​ឯ​ទៀត​ទេ។ ពួក​គេ​ដឹង​ថា​អ្នក​ឯ​ទៀត​មាន​គំនិត​ផ្ទាល់​ខ្លួន​អំពី​រឿង​នយោបាយ ឬ​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​ជាតិ។ មិន​ដូច​ក្រុម​សាសនា​ខ្លះ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ​ទេ។ ពួក​គេ​មិន​ខំ​ប្រឹង​បង្គាប់​អ្នក​កាន់​អំណាច​អំពី​រឿង​នយោបាយ​ឡើយ។ សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​គ្មាន​គំនិត​ចង់​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​បះបោរ​ទាល់​តែ​សោះ។

១៧ ដោយ​គោរព​មន្ត្រី​រាជការ​ស្រប​តាម​ការ​ណែនាំ​របស់​ពេត្រុស​ដែល​ឲ្យ​«​គោរព​ស្តេច​»​ គ្រិស្ត​សាសនិក​បង្ហាញ​ការ​គោរព ហើយ​ឲ្យ​កិត្ដិយស​ស្រប​តាម​ឋានៈ​របស់​មន្ត្រី​ទាំង​នោះ។ (​១ពេ. ២:១៧​) ជួនកាល មន្ត្រី​រាជការ​ទទួល​ស្គាល់​ថា​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​នោះ​ទេ។ ជា​ឧទាហរណ៍ អ្នក​នយោបាយ​ជន​ជាតិ​អាឡឺម៉ង់​ម្នាក់​ឈ្មោះ​ស្តេហ្វិន រ៉ាយ​ដែល​ជា​អតីត​នាយខុទ្ទកាល័យ​រដ្ឋ​មន្ត្រី នៅ​រដ្ឋ​ប្រាន់ដឹនបឺក ដែល​ក្រោយ​មក​ជា​សមាជិក​រដ្ឋសភា​អាឡឺម៉ង់​បាន​និយាយ​ថា សាក្សី​ព្រះ​យេហូវ៉ា​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​បាន​ត្រូវ​ពួក​ណាត្ស៊ី​បៀតបៀន។ សូម្បី​តែ​ពេល​ពួក​សាក្សី​បាន​ទទួល​ការ​បៀតបៀន​ក៏​ដោយ ពួក​គេ​មិន​ផ្លាស់​ប្ដូរ​ជំនឿ​សាសនា​របស់​ពួក​គេ​ទេ ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​អ្នក​ជាប់​គុក​ដូច​គ្នា។ គាត់​បាន​និយាយ​ថា គុណ​សម្បត្ដិ​ទាំង​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ដូច​ប្រទេស​អាឡឺម៉ង់ ជា​ពិសេស​ដោយ​សារ​មនុស្ស​ខ្លះ​កាន់​តែ​មាន​ចិត្ត​អាក្រក់​ទៅ​ៗ​ចំពោះ​ពួក​អ្នក​ដែល​មក​ពី​ប្រទេស​ផ្សេង ឬ​ពួក​អ្នក​ដែល​មាន​ជំនឿ​និង​ទស្សនៈ​នយោបាយ​ខុស​ពី​ខ្លួន។

ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

១៨​. ​(​ក​) ហេតុ​អ្វី​ជា​ការ​ធម្មតា​ដែល​យើង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់? (​ខ​) តើ​មនុស្ស​ខ្លះ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​អំពី​អ្វី?

១៨ សាវ័ក​ពេត្រុស​ក៏​បាន​សរសេរ​ថា​៖ ​«​ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា ចូរ​កោត​ខ្លាច​ព្រះ​»។ (​១ពេ. ២:១៧​) សាក្សី​ព្រះ​យេហូវ៉ា​កោត​ខ្លាច​ព្រះ​ដោយ​មិន​ធ្វើ​ឲ្យ​លោក​ទាស់​ចិត្ត ហើយ​នេះ​ជំរុញ​ចិត្ត​ពួក​គេ​ថែម​ទៀត​ឲ្យ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ពួក​គេ​សប្បាយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​ពួក​គេ​«​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»។ សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​បែប​នេះ ដែល​កម្រ​មាន​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ជួនកាល​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ភ្ញាក់​ផ្អើល។ ជា​ឧទាហរណ៍ អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ទេស​ចរណ៍​របស់​អាម៉េរិក​មួយ បាន​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​មហា​សន្និបាត​អន្តរជាតិ​ឆ្នាំ​២០០៩​នៅ​ប្រទេស​អាឡឺម៉ង់ បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ពី​ប្រទេស​នានា ហើយ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ។ គាត់​បាន​និយាយ​ថា តាំង​ពី​គាត់​ធ្វើ​ការ​ជា​អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍​អស់​ជា​ច្រើន​ឆ្នាំ​មក គាត់​មិន​ដែល​ឃើញ​ដូច្នេះ​ឡើយ។ ក្រោយ​មក សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ឯ​ទៀត​និយាយ​ថា​៖ ​«​អ្វី​ទាំង​អស់​ដែល​គាត់​បាន​និយាយ​អំពី​យើង គឺ​គាត់​និយាយ​ដោយ​កោត​ស្ងើច​និង​ចិត្ត​រំភើប​»។ នៅ​មហាសន្និបាត​ដែល​អ្នក​ធ្លាប់​ចូល​រួម តើ​អ្នក​ធ្លាប់​ឮ​មនុស្ស​ដែល​សង្កេត​មើល​សាក្សី​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ឬ​ទេ?

១៩​. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៩ តាម​របៀប​ដូច​ខាង​លើ​និង​តាម​របៀប​ផ្សេង​ទៀត សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ពួក​គេ​ជា​«​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​»​ក្នុង​របៀប​របប​សព្វ​ថ្ងៃ​នេះ​របស់​សាថាន។ ពួក​គេ​តាំង​ចិត្ត​បន្ត​ធ្វើ​ដូច្នេះ​យ៉ាង​សប្បាយ​រីករាយ។ ពួក​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​សង្ឃឹម​យ៉ាង​ខ្លាំង​ថា មិន​យូរ​ទៀត​ពួក​គេ​នឹង​ក្លាយ​ជា​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។ តើ​អ្នក​កំពុង​ទន្ទឹង​រង់​ចាំ​ពិភព​លោក​ថ្មី​ឬ​ទេ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២០​]

យើង​មិន​ខំ​ព្យាយាម​សង្គ្រោះ​ពិភព​លោក​របស់​សាថាន​ទេ

[​រូបភាព​នៅ​ទំព័រ​២០​]

យើង​កំពុង​គាំទ្រ​ពិភព​លោក​ថ្មី​របស់​ព្រះ

[​រូបភាព​នៅ​ទំព័រ​២២​]

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ ជួយ​ក្រុម​គ្រួសារ​ជន​ជាតិ​រុស្ស៊ី​នេះ​ឲ្យ​មាន​សាមគ្គី​ភាព