សំណួរពីអ្នកអាន
សំណួរពីអ្នកអាន
មុនពេលស្គាល់សេចក្ដីពិត ខ្ញុំនិងប្រពន្ធខ្ញុំបានប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន (in vitro fertilization) ដោយសារយើងចង់បានកូន។ គេមិនបានប្រើស៊ុតបង្កកំណើតទាំងអស់របស់យើងដែលបានត្រូវបង្កាត់ហើយនោះទេ ស៊ុតខ្លះបានត្រូវធ្វើឲ្យកកហើយរក្សាទុក។ តើយើងត្រូវរក្សាទុកស៊ុតបង្កកំណើតទាំងនេះឬក៏អាចចាក់វាចោល?
▪ នេះជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយទាក់ទងនឹងរឿងសីលធម៌និងរឿងផ្សេងទៀត ដែលប្ដីប្រពន្ធនោះត្រូវធ្វើ ប្រសិនបើពួកគេសម្រេចចិត្តប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន។ ប្ដីប្រពន្ធនីមួយៗទទួលខុសត្រូវចំពោះព្រះយេហូវ៉ា លើការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែ ការពិនិត្យមើលត្រួសៗអំពីបច្ចេកវិទ្យាដែលជួយមនុស្សឲ្យបន្តពូជនេះ ប្រហែលជាអាចជួយពួកគេបាន។
នៅឆ្នាំ១៩៧៨ ស្ត្រីម្នាក់នៅប្រទេសអង់គ្លេសបានក្លាយជាស្ត្រីទី១ដែលមានកូនតាមបច្ចេកវិទ្យានេះ។ ស្ត្រីម្នាក់នេះមិនអាចពរពោះបានទេ ដោយសារដៃស្បូនរបស់គាត់ស្ទះ ហេតុនេះមេជីវិតរបស់ប្ដីគាត់មិនអាចជួបនឹងមេជីវិតរបស់គាត់ឡើយ។ គ្រូពេទ្យបានវះកាត់យកមេជីវិតទុំពីគាត់ រួចដាក់ក្នុងចានកែវមួយ ហើយបង្កាត់គ្នាជាមួយមេជីវិតរបស់ប្ដីគាត់។ អំប៊្រីយ៉ុងឬស៊ុតបង្កកំណើតដែលកើតចេញពីការបង្កាត់គ្នានេះ បានត្រូវទុកឲ្យធំលូតលាស់ក្នុងជាតិអាហារ ហើយក្រោយមកគេចាក់ស៊ុតនេះចូលទៅក្នុងស្បូនរបស់ស្ត្រី ដូច្នេះស៊ុតនេះភ្ជាប់ខ្លួនទៅនឹងស្បូន។ ក្រោយមក ស្ត្រីនេះសម្រាលបានកូនស្រីម្នាក់។ បច្ចេកទេសខាងលើនេះនិងបច្ចេកទេសដែលស្រដៀងនឹងនេះបានត្រូវហៅថា បច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន។
ព័ត៌មានល្អិតល្អន់អំពីបច្ចេកវិទ្យានេះប្រហែលជាខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ ប៉ុន្តែ ជាទូទៅបច្ចេកទេសបង្កាត់មេជីវិតស្ត្រីក្រៅស្បូនរួមមានដូចតទៅនេះ: គ្រូពេទ្យឲ្យថ្នាំខ្លាំងអស់ជាច្រើនសប្ដាហ៍ដើម្បីជួយជំរុញដៃស្បូនរបស់ស្ត្រីបង្កើតឲ្យមានមេជីវិតជាច្រើន ហើយប្រហែលជាសុំឲ្យប្ដីផ្ដល់មេជីវិតស្រស់ៗដោយត្រដុសអង្អែលអវយវៈបន្តពូជ។ មេជីវិតបុរសដែលបានត្រូវលាងសម្អាតនិងមេជីវិតស្ត្រី បានត្រូវដាក់បញ្ចូលគ្នានៅក្នុងមន្ទីរពិសោធន៍។ មេជីវិតជាច្រើនរបស់ស្ត្រីប្រហែលជាបានត្រូវបង្កាត់ ហើយចាប់ផ្ដើមបំបែកខ្លួន ដោយក្លាយជាស៊ុតបង្កកំណើត។ ប្រហែលជាមួយថ្ងៃក្រោយមក គេពិនិត្យយ៉ាងប្រុងប្រយ័ត្ននូវស៊ុតបង្កកំណើតនេះដែលទើបនឹងកើត ដើម្បីបែងចែកស៊ុតណាដែលខូចចេញពីស៊ុតដែលមើលទៅមានសុខភាពល្អ ដែលទំនងជាអាចភ្ជាប់ខ្លួនទៅនឹងស្បូនរបស់ស្ត្រី និងអាចលូតលាស់បាន។ ប្រហែលជានៅថ្ងៃទី៣ ជាធម្មតាគេចាក់បញ្ចូលស៊ុតដែលល្អបំផុត មិនមែនមួយប៉ុណ្ណោះទេ ប៉ុន្តែពីរឬបីទៅក្នុងស្បូនរបស់ស្ត្រី ដើម្បីបង្កើនលទ្ធភាពក្នុងការមានផ្ទៃពោះ។ ប្រសិនបើស៊ុតមួយឬច្រើនជាងភ្ជាប់ខ្លួនទៅនឹងស្បូន នោះនាងមានផ្ទៃពោះ ហើយគេរំពឹងថានាងនឹងសម្រាលកូននៅពេលក្រោយមក។
ចុះយ៉ាងណាស៊ុតដែលមិនបានបញ្ចូលទៅក្នុងស្បូន រួមទាំងស៊ុតខ្លះដែលមើលទៅមិនសូវមានសុខភាពល្អឬខូច? ប្រសិនបើគេទុកវាចោល មិនយូរប៉ុន្មានស៊ុតដែលនៅសល់នឹងមិនអាចរស់ក្រៅស្បូនរបស់ស្ត្រីទេ។ មុននឹងស៊ុតនេះខូច គេប្រហែលជាដាក់ស៊ុតនៅសល់ទាំងនេះឲ្យកកក្នុងអាហ្សូតរាវ។ ហេតុអ្វី? * ការស្លាប់ឬការរៀបការម្ដងទៀតរបស់គូម្នាក់ឬទាំងពីរនាក់ ប្រហែលជានាំឲ្យមានរឿងស្មុគស្មាញ។ ដោយសារមានការព្រួយបារម្ភច្រើន ជាលទ្ធផលគូអាពាហ៍ពិពាហ៍ខ្លះបន្តបង់លុយដើម្បីរក្សាទុកស៊ុតជាច្រើនឆ្នាំ។
ប្រសិនបើការបង្កាត់មេជីវិតក្រៅស្បូនជាលើកទី១មិនបានសម្រេច គេអាចប្រើស៊ុតដែលរក្សាទុកទាំងនេះដើម្បីបញ្ចូលទៅក្នុងស្បូនម្ដាយដោយតម្លៃថោកជាង។ ប៉ុន្តែ នេះនាំឲ្យមានបញ្ហាផ្សេងៗដែលទាក់ទងនឹងរឿងសីលធម៌។ ដូចប្ដីប្រពន្ធដែលបានសួរសំណួរនៅខាងលើ មនុស្សជាច្រើនពិបាកសម្រេចចិត្តថាពួកគេត្រូវធ្វើយ៉ាងណាចំពោះស៊ុតរបស់ពួកគេដែលទុកឲ្យកក។ ប្រហែលជាពួកគេមិនចង់បានកូនថែមទៀតទេ។ ឪពុកម្ដាយប្រហែលជាពិបាកក្នុងការមានកូនថែមទៀត ដោយសារពួកគេចាស់ ឬដោយសារគ្មានលុយដើម្បីមានកូនតាមបច្ចេកវិទ្យានេះ ឬគ្មានលុយដើម្បីចិញ្ចឹមកូនថែមទៀត។ ម្យ៉ាងទៀត ពួកគេប្រហែលជាភ័យខ្លាចនឹងគ្រោះថ្នាក់ដែលមកពីការមានកូនច្រើនក្នុងផ្ទៃ។នៅឆ្នាំ២០០៨ នាយកម្នាក់ខាងការស្រាវជ្រាវអំពីទារកនៅក្នុងផ្ទៃ បានសរសេរក្នុងកាសែតញូវយ៉កថែម្ស ជាភាសាអង់គ្លេសថា ឪពុកម្ដាយជាច្រើននាក់ពិបាកសម្រេចចិត្តស្តីអំពីអ្វីដែលពួកគាត់ត្រូវធ្វើចំពោះស៊ុតបង្កកំណើតដែលនៅសល់។ អត្ថបទនោះបានសរសេរថា៖ «យ៉ាងហោចណាស់ស៊ុតបង្កកំណើត៤០០.០០០ បានត្រូវគេធ្វើឲ្យកក ហើយទុកនៅគ្លីនិកទូទាំងប្រទេស ហើយមានស៊ុតបង្កកំណើតថែមទៀតបានត្រូវរក្សាទុកជារៀងរាល់ថ្ងៃ . . . ស៊ុតបង្កកំណើតអាចនៅរស់បានមួយទសវត្សរ៍ឬច្រើនជាងនេះ ប្រសិនបើគេធ្វើឲ្យវាកកយ៉ាងត្រឹមត្រូវ ប៉ុន្តែមិនមែនស៊ុតបង្កកំណើតទាំងអស់នៅរស់ទេ ពេលដែលវារលាយ»។ (យើងកែជាអក្សរទ្រេត) ហេតុការណ៍ពិតនេះផ្ដល់មូលហេតុឲ្យគ្រិស្តសាសនិកខ្លះចំណាយពេលគិតឲ្យបានវែងឆ្ងាយអំពីរឿងនេះ។ ហេតុអ្វី?
ប្ដីប្រពន្ធដែលជាគ្រិស្តសាសនិកដែលមានបញ្ហាដែលបណ្ដាលមកពីការប្រើបច្ចេកវិទ្យាខាងលើនេះ ប្រហែលជាការល្អដែលពួកគាត់គិតអំពីស្ថានភាពផ្សេងទៀតដែលអាចជួយពួកគាត់។ គ្រិស្តសាសនិកម្នាក់ប្រហែលជាត្រូវសម្រេចចិត្តថាគាត់នឹងធ្វើយ៉ាងណាចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគាត់ដែលមុខជានឹងស្លាប់ ហើយបានត្រូវទ្រទ្រង់ជីវិតដោយសារម៉ាស៊ីនដកដង្ហើមដែលជួយគាត់ឲ្យបន្តដកដង្ហើម។ គ្រិស្តសាសនិកពិតប្រឆាំងនឹងការធ្វេសប្រហែសក្នុងការព្យាបាល។ ស្របតាមនិក្ខមនំ ២០:១៣និងទំនុកតម្កើង ៣៦:៩ ពួកគេចាត់ទុកជីវិតថាមានតម្លៃខ្លាំងណាស់។ ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ចេញថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៧៤បានចែងថា៖ «ដោយសារពួកគេគោរពទស្សនៈរបស់ព្រះអំពីភាពពិសិដ្ឋនៃជីវិត ដោយគិតដល់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេ ផ្ទាល់និងដោយធ្វើតាមច្បាប់របស់រដ្ឋាភិបាល ពួកអ្នកដែលប្រាថ្នារស់នៅសមស្របតាមគោលការណ៍គម្ពីរនឹងមិនប្រើវិធីបញ្ចប់ជីវិតរបស់អ្នកដែលមានជំងឺធ្ងន់ ដោយចេតនា ដើម្បីបញ្ចប់ការឈឺចាប់»។ ប៉ុន្តែក្នុងករណីខ្លះ បច្ចេកវិទ្យាទ្រទ្រង់ជីវិតគឺជាអ្វីតែមួយគត់ដែលទ្រទ្រង់ជីវិតរបស់បុគ្គលជាទីស្រឡាញ់របស់យើង។ សមាជិកក្រុមគ្រួសារត្រូវសម្រេចចិត្តថាពួកគាត់បន្តឬឈប់ប្រើម៉ាស៊ីនសម្រាប់ទ្រទ្រង់ជីវិតនោះ។
មែនហើយ ស្ថានភាពនេះមិនដូចនឹងស្ថានភាពរបស់ប្ដីប្រពន្ធដែលប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន និងរក្សាទុកស៊ុតបង្កកំណើតនោះទេ។ ប៉ុន្តែ ជម្រើសមួយដែលគ្រូពេទ្យប្រហែលជាស្នើគឺ ការដកយកស៊ុតបង្កកំណើតចេញពីប្រដាប់ដែលធ្វើឲ្យកកដោយអាហ្សូត ដើម្បីឲ្យស៊ុតទាំងនេះរលាយ។ ដោយគ្មានប្រដាប់ធ្វើឲ្យកកនេះ មិនយូរប៉ុន្មានស៊ុតបង្កកំណើតនឹងខូចបន្ដិចម្ដងៗរហូតដល់មិនអាចប្រើការបាន។ ប្ដីប្រពន្ធត្រូវធ្វើការសម្រេចចិត្តថាពួកគាត់នឹងអនុញ្ញាតឲ្យគេធ្វើដូច្នេះឬមិនអនុញ្ញាត។—កាឡ. ៦:៧
ដោយសារគូអាពាហ៍ពិពាហ៍ប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូនដើម្បីមានផ្ទៃពោះ ហើយសង្ឃឹមថាមានកូន ពួកគេប្រហែលជាសម្រេចចិត្តបង់ថ្លៃសម្រាប់ការរក្សាទុកស៊ុតបង្កកំណើតរបស់ពួកគេ ឬពួកគេប្រហែលជាសម្រេចចិត្តប្រើស៊ុតនេះនៅពេលអនាគត ដោយប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូនដើម្បីមានកូន។ ប៉ុន្តែ គូឯទៀតប្រហែលជាសម្រេចចិត្តថាពួកគេឈប់ចិញ្ចឹមស៊ុតបង្កកំណើតដែលកក ដោយចាត់ទុកថាស៊ុតបង្កកំណើតនេះ រស់ដោយសារតែប្រដាប់ធ្វើឲ្យកកប៉ុណ្ណោះ។ គ្រិស្តសាសនិកដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ ទទួលខុសត្រូវចំពោះព្រះ ដោយផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដែលបានត្រូវអប់រំដោយគម្ពីរ។ ពួកគេគួរចង់មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយក៏គិតដល់សមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតដែរ។—១ធី. ១:១៩
គ្រូពេទ្យជំនាញម្នាក់ខាងវិស័យបន្តពូជបានឃើញថាគូអាពាហ៍ពិពាហ៍ភាគច្រើន«នៅតែច្របូកច្របល់ក្នុងចិត្ត ហើយដំណាលគ្នានោះពួកគេព្រួយបារម្ភយ៉ាងខ្លាំង ដោយមិនដឹងថាពួកគេត្រូវសម្រេចចិត្តយ៉ាងណាចំពោះស៊ុតបង្កកំណើតដែលកក»។ គាត់បានសន្និដ្ឋានថា៖ «ចំពោះប្ដីប្រពន្ធជាច្រើន មើលទៅដូចជាគ្មានការសម្រេចចិត្តណាដែលល្អទេអំពីរឿងនេះ»។
គ្រិស្តសាសនិកពិតដែលចង់ប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន គួរពិចារណាអំពីផលវិបាកធ្ងន់ធ្ងរទាំងអស់ដែលមកពីបច្ចេកវិទ្យានេះ។ គម្ពីរដាស់តឿនថា៖ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។—សុភ. ២២:៣
គូដែលមិនបានរៀបការកំពុងសិក្សាគម្ពីរ ហើយចង់ទទួលការជ្រមុជទឹក ប៉ុន្តែពួកគេមិនអាច ធ្វើសំបុត្រអាពាហ៍ពិពាហ៍បានទេ ដោយសារបុរសដែលជាគូរបស់គាត់រស់នៅក្នុងប្រទេសនោះដោយមិនស្របច្បាប់។ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យជនអន្ដោប្រវេសន៍ខុសច្បាប់រៀបអាពាហ៍ពិពាហ៍ឡើយ។ ក្នុងករណីនេះ តើពួកគេអាចចុះហត្ថលេខាលើលិខិតបញ្ជាក់ភាពស្មោះត្រង់ (Declaration Pledging Faithfulness) ហើយទទួលការជ្រមុជទឹកបានឬទេ?
▪ ការធ្វើដូច្នេះមើលទៅដូចជាដំណោះស្រាយមួយ ប៉ុន្តែនេះមិនមែនជារបៀបត្រឹមត្រូវស្របតាមបទគម្ពីរ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេទេ។ ដើម្បីយល់អំពីមូលហេតុ មុនដំបូងសូមយើងពិចារណាអំពីគោលដៅរបស់លិខិតបញ្ជាក់ភាពស្មោះត្រង់ មូលហេតុដែលបង្កើតឲ្យមានលិខិតនេះ ហើយរបៀបនិងកន្លែងដែលគេអាចប្រើលិខិតនេះ។
លិខិតនេះគឺជាការបញ្ជាក់ជាលាយលក្ខណ៍អក្សរដែលបានត្រូវចុះហត្ថលេខានៅខាងមុខសាក្សី ដោយប្ដីប្រពន្ធដែលមិនអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បានដោយសារមូលហេតុដែលបានត្រូវរៀបរាប់ដូចខាងក្រោម។ នៅក្នុងលិខិតនេះ ពួកគេសន្យាថាស្មោះត្រង់នឹងគ្នា ហើយពួកគេនឹងធ្វើសំបុត្រអាពាហ៍ពិពាហ៍ប្រសិនបើពួកគេអាចធ្វើបាន។ ក្រុមជំនុំអាចចាត់ទុកថាពួកគេបានសន្យានៅចំពោះមុខព្រះនិងមនុស្សថាពួកគេស្មោះត្រង់នឹងគ្នា។ ដូច្នេះក្រុមជំនុំចាត់ទុកថាពួកគេបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។
តើតាមរបៀបណានិងនៅកន្លែងណាដែលលិខិតបញ្ជាក់ភាពស្មោះត្រង់អាចប្រើប្រាស់បាន? ព្រះយេហូវ៉ារៀបចំឲ្យមានអាពាហ៍ពិពាហ៍ ហើយលោកឲ្យតម្លៃយ៉ាងខ្លាំងទៅលើអាពាហ៍ពិពាហ៍។ បុត្ររបស់លោកបានមានប្រសាសន៍ថា៖ «កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថ. ១៩:៥, ៦; លោ. ២:២២-២៤) លោកយេស៊ូបានបន្ថែមថា៖ «អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះជាអ្នកផិតក្បត់»។ (ម៉ាថ. ១៩:៩) ដូច្នេះ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»គឺជាមូលហេតុតែមួយគត់ដែលគូ អាពាហ៍ពិពាហ៍អាចលែងលះគ្នាស្របតាមបទគម្ពីរ។ ជាឧទាហរណ៍ បើបុរសម្នាក់បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងស្ត្រីដែលមិនមែនជាគូរបស់គាត់ ប្រពន្ធរបស់គាត់ដែលគ្មានកំហុសអាចសម្រេចចិត្តថាលែងលះគាត់ឬមិនលែងលះ។ ប្រសិនបើនាងសម្រេចចិត្តលែងលះប្ដី នោះនាងអាចរៀបការជាមួយនឹងបុគ្គលផ្សេងទៀតបាន។
ប៉ុន្តែនៅប្រទេសខ្លះ ជាពិសេសនៅអតីតកាល និកាយគ្រិស្តសាសនាដែលមានអំណាចខ្លាំងនៅប្រទេសនោះ មិនព្រមធ្វើតាមអ្វីដែលគម្ពីរបានរៀបរាប់យ៉ាងច្បាស់ទេ។ ផ្ទុយទៅវិញ សាសនានោះបានបង្រៀនថា គូអាពាហ៍ពិពាហ៍មិនអាចលែងលះគ្នាបានទេ ទោះជាមានមូលហេតុណាក៏ដោយ។ ដូច្នេះ នៅប្រទេសខ្លះដែលគ្រិស្តសាសនាមានអំណាចយ៉ាងខ្លាំង ច្បាប់របស់ប្រទេសនោះមិនបានចែងអំពីការលែងលះគ្នាទេ ទោះជាការលែងលះនោះមានមូលហេតុត្រឹមត្រូវលើអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ក៏ដោយ។ នៅប្រទេសខ្លះទៀត គេអាចលែងលះគ្នាបាន ប៉ុន្តែនីតិវិធីនៃការលែងលះគ្នាត្រូវការរយៈពេលយូរ ស្មុគស្មាញ ហើយមានការពិបាក។ គឺប្រហែលជាត្រូវការពេលជាច្រើនឆ្នាំទើបអាចលែងលះគ្នាបាន។ នេះគឺហាក់ដូចជានិកាយគ្រិស្តសាសនានិងរដ្ឋាភិបាលហាម«ឃាត់»មិនឲ្យធ្វើអ្វីដែលព្រះអនុញ្ញាតឲ្យធ្វើ។—សកម្ម. ១១:១៧
ជាឧទាហរណ៍ ប្ដីប្រពន្ធមួយគូប្រហែលជារស់នៅក្នុងប្រទេសមួយដែលមិនអាចលែងលះគ្នាឬពិបាកយ៉ាងខ្លាំងដើម្បីទទួលបានការលែងលះគ្នា ហើយប្រហែលជាត្រូវការពេលជាច្រើនឆ្នាំដើម្បីអាចធ្វើដូច្នេះស្របតាមច្បាប់។ បើពួកគេបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចប់អាពាហ៍ពិពាហ៍មុនរបស់ខ្លួនតាមផ្លូវច្បាប់ ហើយពួកគេមានលក្ខណៈគ្រប់គ្រាន់តាមទស្សនៈរបស់ព្រះដើម្បីរៀបការម្ដងទៀត ពួកគេអាចចុះហត្ថលេខាលើលិខិតបញ្ជាក់ភាពស្មោះត្រង់បាន។ ការអនុញ្ញាតនោះគឺជាការរៀបចំមួយរបស់ក្រុមជំនុំគ្រិស្តសាសនិកដែលបង្ហាញសេចក្ដីមេត្ដាករុណានៅប្រទេសបែបនេះ។ ប៉ុន្តែការរៀបចំនេះមិនប្រើនៅប្រទេសភាគច្រើនដែលគេអាចលែងលះគ្នាបានទេ ទោះជាដំណើរការនៃការលែងលះគ្នានេះថ្លៃបន្ដិចឬក៏ស្មុគស្មាញក៏ដោយ។
មនុស្សខ្លះដែលមិនយល់អំពីលិខិតបញ្ជាក់ភាពស្មោះត្រង់ និងដែលរស់នៅប្រទេសដែលអាចលែងលះគ្នាបាន បានសុំចុះហត្ថលេខាលើលិខិតបែបនេះ ជាជាងប្រឈមមុខនឹងការស្មុគស្មាញឬការពិបាកទាំងឡាយ។
ក្នុងករណីខាងលើ បុរសនិងស្ត្រីដែលកំពុងរស់នៅជាមួយគ្នាដោយមិនបានរៀបការ ចង់រៀបការ។ ដោយសារពួកគាត់គ្មានគូអាពាហ៍ពិពាហ៍ពីមុន នោះពួកគាត់ម្នាក់ៗអាចរៀបការបានស្របតាមបទគម្ពីរ។ ប៉ុន្តែ បុរសដែលជាគូរបស់គាត់រស់នៅក្នុងប្រទេសនោះដោយមិនស្របច្បាប់ ហើយរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យបុគ្គលដែលជាជនអន្ដោប្រវេសន៍ខុសច្បាប់រៀបការទេ (នៅប្រទេសជាច្រើន ពួកអាជ្ញាធរនឹងអនុញ្ញាតឲ្យរៀបការ ទោះជាបុគ្គលម្នាក់ឬបុគ្គលទាំងពីរនាក់រស់នៅប្រទេសនោះដោយមិនស្របច្បាប់ក៏ដោយ)។ ក្នុងករណីដូចដែលបានរៀបរាប់ខាងលើ ប្រទេសនេះមានការរៀបចំសម្រាប់ការលែងលះគ្នា។ ហេតុនេះ ពួកគេមិនអាចចុះហត្ថលេខាលើលិខិតបញ្ជាក់ភាពស្មោះត្រង់បានទេ។ សូមកត់សម្គាល់ថា បុរសនិងស្ត្រីនេះមិនធ្លាប់មានគូពីមុនទេ ដូច្នេះពួកគេមិនចាំចាច់លែងលះពីគូមុនឡើយ ហើយប្រទេសដែលពួកគេកំពុងរស់នៅអនុញ្ញាតឲ្យលែងលះគ្នាបាន ដូច្នេះគ្មានអ្វីរារាំងមិនឲ្យពួកគេរៀបការឡើយ។ ពួកគេទាំងពីរនាក់អាចរៀបការបាន។ ប៉ុន្តែ ដោយសារបុរសនោះរស់នៅក្នុងប្រទេសនោះដោយមិនស្របច្បាប់ តើតាមរបៀបណាពួកគេអាចរៀបអាពាហ៍ពិពាហ៍បាន? ពួកគេប្រហែលជាត្រូវទៅប្រទេសផ្សេងដែលអនុញ្ញាតឲ្យពួកគេរៀបការស្របច្បាប់បាន ឬពួកគេប្រហែលជាអាចរៀបការនៅប្រទេសដែលពួកគេកំពុងរស់នៅ ប្រសិនបើបុរសនោះបំពេញតម្រូវការផ្សេងៗដើម្បីធ្វើជាអ្នករស់នៅស្របច្បាប់នៅប្រទេសនោះ។
គូនោះអាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះនិងច្បាប់របស់សេសារ។ (ម៉ាក. ១២:១៧; រ៉ូម ១៣:១) យើងសង្ឃឹមថាពួកគេនឹងធ្វើដូច្នេះ។ ក្រោយមក ពួកគេអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។—ហេ. ១៣:៤
[កំណត់សម្គាល់]
^ វគ្គ 6 ចុះយ៉ាងណាបើស៊ុតដែលកំពុងលូតលាស់មើលទៅដូចជាមានលក្ខណៈខុសពីធម្មតា ឬមានស៊ុតជាច្រើនភ្ជាប់ខ្លួនទៅនឹងស្បូន? បើសម្រេចចិត្តបញ្ចប់ការមានផ្ទៃពោះដោយចេតនា នោះគឺជាការពន្លូតកូន។ ស្ទើរតែជារឿងធម្មតា ការប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន អាចនាំឲ្យមានកូនច្រើនក្នុងផ្ទៃ (កូនភ្លោះ កូនបីនាក់ ឬច្រើនជាង) ដែលអាចនាំឲ្យមានគ្រោះថ្នាក់កាន់តែច្រើន ដូចជាការសម្រាលកូនមុនកំណត់ និងម្ដាយធ្លាក់ឈាមច្រើន។ ស្ត្រីម្នាក់ដែលមានកូនច្រើនក្នុងផ្ទៃ ប្រហែលជាបានត្រូវជំរុញឲ្យ«ជ្រើសរើសថាទុកកូនប៉ុន្មាននាក់» ដោយឲ្យគេសម្លាប់កូនមួយឬច្រើនជាង។ នេះគឺជាការពន្លូតកូនដោយចេតនា ដែលដូចជាការសម្លាប់មនុស្ស។—និក្ខ. ២១:២២, ២៣; ទំនុក. ១៣៩:១៦
[ប្រអប់នៅទំព័រ១៥]
បច្ចេកទេសឯទៀតក្នុងការបង្កាត់មេជីវិតក្រៅស្បូន
ការរីកចម្រើននៃបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន បានផ្ដល់លទ្ធភាពឲ្យបង្កាត់មេជីវិតតាមវិធីផ្សេងទៀតដែលប្រាកដជាមិនស្របតាមទស្សនៈរបស់ព្រះដែលបានបញ្ជាក់ក្នុងបទគម្ពីរទេ។ ជាឧទាហរណ៍ មេជីវិតរបស់ស្ត្រីម្នាក់ប្រហែលជាបានត្រូវបង្កាត់ជាមួយនឹងមេជីវិតរបស់បុរសម្នាក់ដែលមិនមែនជាប្ដីរបស់នាង។ ក្រោយមក នាងប្រហែលជាអនុញ្ញាតឲ្យគេដាក់ស៊ុតបង្កកំណើតដែលបានត្រូវបង្កាត់នេះទៅក្នុងស្បូនរបស់នាង (ជួនកាលស្ត្រីដែលស្រឡាញ់ភេទដូចគ្នាប្រើវិធីនេះ) ឬក៏មេជីវិតរបស់ប្ដីរបស់ស្ត្រីនោះប្រហែលជាត្រូវប្រើដើម្បីបង្កាត់ជាមួយនឹងមេជីវិតរបស់ស្ត្រីដែលមិនមែនជាប្រពន្ធរបស់គាត់។ ក្រោយមកប្រពន្ធរបស់គាត់ប្រហែលជាអនុញ្ញាតឲ្យគ្រូពេទ្យដាក់ស៊ុតបង្កកំណើតដែលបានបង្កាត់នោះទៅក្នុងស្បូនរបស់នាង។
តាមវិធីមួយទៀតដែលអ្នកខ្លះហៅថាការ«យកស៊ុតបង្កកំណើតអ្នកឯទៀតមកចិញ្ចឹម» គេដាក់ស៊ុតបង្កកំណើតទៅក្នុងស្បូនរបស់ស្ត្រីម្នាក់ ហើយស៊ុតនេះមិនមែនជាមេជីវិតរបស់គាត់និងប្ដីរបស់គាត់ទេ។ ប៉ុន្តែតាមវិធីផ្សេងទៀត មេជីវិតរបស់ប្ដីនិងមេជីវិតរបស់ប្រពន្ធបានត្រូវបង្កាត់គ្នានៅក្រៅស្បូន ដោយប្រើបច្ចេកទេសបង្កាត់មេជីវិតក្រៅស្បូន។ ក្រោយមក ស៊ុតបង្កកំណើតដែលបានបង្កាត់ បានត្រូវដាក់ទៅក្នុងស្បូនរបស់ស្ត្រីម្នាក់ ដែលជាអ្នកពពោះ និងជាអ្នកសម្រាលកូនឲ្យពួកគេ។ *
អ្នកបម្រើព្រះមិនព្រមទទួលវិធីទាំងនោះទេ ដោយសារពួកគេធ្វើតាមការណែនាំរបស់លោកដែលថា៖ «កុំឲ្យសហាយស្មន់នឹង[ឬ«ឲ្យមេជីវិតទៅ»]ប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ»។ (លេវី. ១៨:២០, ២៩, ព.ថ.; សុភ. ៦:២៩) កាលណាមេជីវិតរបស់បុរសនិងស្ត្រីដែលមិនមែនជាប្ដីប្រពន្ធបានត្រូវបង្កាត់ទៅជាស៊ុតបង្កកំណើត នោះគឺជាអ្វីដែលគម្ពីរហៅថាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាភាសាក្រិចផូនៀ។ វិធីទាំងនោះជាការប្រើសរីរាង្គបន្តពូជតាមផ្លូវខុសយ៉ាងខ្លាំង។—ម៉ាថ. ៥:៣២; ១កូ. ៥:១១; ៦:៩, ១៨; ហេ. ១៣:៤
[កំណត់សម្គាល់]
^ វគ្គ 27 ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៣ ទំព័រ២៦-២៧ ពិភាក្សាយ៉ាងល្អិតល្អន់អំពីការពពោះជំនួសអ្នកឯទៀត។
[ឃ្លាអក្សរធំនៅទំព័រ១៤]
គ្រិស្តសាសនិកដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ ទទួលខុសត្រូវចំពោះព្រះ ដោយផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដែលបានត្រូវអប់រំដោយគម្ពីរ