អ្នកជាអ្នកបម្រើដែលព្រះទុកចិត្ដ!
អ្នកជាអ្នកបម្រើដែលព្រះទុកចិត្ត!
«អ្នករាល់គ្នាមិនមែនជាម្ចាស់លើខ្លួនអ្នកទេ»។—១កូ. ៦:១៩
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើអ្នកបម្រើនៅសម័យបុរាណមានភារកិច្ចអ្វី?
តើអ្នកបម្រើរបស់ព្រះទាំងអស់មានភារកិច្ចអ្វី?
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះភារកិច្ចជាអ្នកបម្រើដែលយើងបានទទួល?
១. តើពាក្យខ្ញុំបម្រើនាំឲ្យមនុស្សនឹកឃើញដល់អ្វី?
ប្រហែលជា២.៥០០ឆ្នាំមុន អ្នកនិពន្ធរឿងល្ខោនជនជាតិក្រិចម្នាក់បានសរសេរថា៖ «គ្មាននរណាម្នាក់សុខចិត្តធ្វើជាខ្ញុំបម្រើទេ»។ មនុស្សជាច្រើននៅសព្វថ្ងៃនេះយល់ស្របនឹងពាក្យនោះ។ ពាក្យខ្ញុំបម្រើនាំឲ្យគេនឹកឃើញដល់មនុស្សដែលត្រូវគេសង្កត់សង្កិន គ្មានសេរីភាព ហើយធ្វើការងារដែលផ្ដល់ប្រយោជន៍ដល់អ្នកដែលជាម្ចាស់និងដែលមានអំណាចលើពួកគេ មិនមែនដល់ខ្លួនគេទេ។
២, ៣. (ក) តើខ្ញុំបម្រើឬអ្នកបម្រើស្ម័គ្រចិត្តរបស់គ្រិស្តបានទទួលអ្វីខ្លះ? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះស្តីអំពីភារកិច្ចនៃខ្ញុំបម្រើ?
២ លោកយេស៊ូបានបញ្ជាក់ថាអ្នកកាន់តាមលោកគួរជាអ្នកបម្រើឬជាខ្ញុំបម្រើដែលមានចិត្តរាបទាប។ ប៉ុន្តែក្នុងឋានៈជាខ្ញុំបម្រើ គ្រិស្តសាសនិកពិតនឹងមិនត្រូវគេបន្ទាបបន្ថោក ឬប្រព្រឹត្តដោយឥតមេត្ដាឡើយ។ ខ្ញុំបម្រើទាំងនេះបានទទួលកិត្ដិយស ការទុកចិត្ត និងការគោរព។ ជាឧទាហរណ៍ សូមពិចារណាអំពីប្រសាសន៍របស់លោកយេស៊ូស្តីអំពី«ខ្ញុំបម្រើ»ម្នាក់ មុនពេលលោកទទួលមរណភាព។ លោកយេស៊ូបានទាយថាលោកនឹងប្រគល់ភារកិច្ចទៅ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។—ម៉ាថ. ២៤:៤៥-៤៧
៣ សូមកត់សម្គាល់ថាក្នុងកំណត់ហេតុនៅសៀវភៅលូកា លោកយេស៊ូបានប្រើពាក្យ«អ្នកបម្រើ»ជាជាង«ខ្ញុំបម្រើ»។ (សូមអាន លូកា ១២:៤២-៤៤) គ្រិស្តសាសនិកដ៏ស្មោះត្រង់ភាគច្រើនដែលកំពុងរស់នៅសព្វថ្ងៃនេះ មិនមែនជាសមាជិកនៃក្រុមអ្នកបម្រើស្មោះត្រង់ទេ។ ទោះជាយ៉ាងនេះក្ដី បទគម្ពីរបង្ហាញថាអស់អ្នកដែលបម្រើព្រះមានភារកិច្ច។ តើពួកគាត់មានភារកិច្ចអ្វីខ្លះ? តើយើងគួរមានទស្សនៈយ៉ាងណាចំពោះភារកិច្ចទាំងនោះ? ដើម្បីដឹងចម្លើយ សូមយើងពិចារណាអំពីភារកិច្ចរបស់អ្នកបម្រើនៅសម័យបុរាណ។
ភារកិច្ចរបស់អ្នកបម្រើ
៤, ៥. តើអ្នកបម្រើនៅសម័យបុរាណមានភារកិច្ចអ្វីខ្លះ? សូមលើកឧទាហរណ៍។
៤ នៅសម័យបុរាណ អ្នកបម្រើច្រើនតែជាខ្ញុំបម្រើដែលម្ចាស់ទុកចិត្ត ហើយបានលោ. ១៣:២; ១៥:២; ២៤:២-៤
ត្រូវចាត់ឲ្យត្រួតពិនិត្យពួកអ្នកផ្ទះឬមុខជំនួញរបស់ម្ចាស់គាត់។ ធម្មតាអ្នកបម្រើមានអំណាចជាច្រើន ហើយគាត់បានត្រូវចាត់ឲ្យគ្រប់គ្រងលើទ្រព្យសម្បត្ដិ ប្រាក់និងអ្នកបម្រើឯទៀត។ យើងអាចដឹងអំពីរឿងនេះក្នុងករណីរបស់អេលាស៊ើរដែលបានទទួលភារកិច្ចថែរក្សាទ្រព្យសម្បត្ដិជាច្រើនរបស់អាប្រាហាំ។ អាប្រាហាំប្រហែលជាបានចាត់អេលាស៊ើឲ្យទៅតំបន់មេសូប៉ូតាមៀ ដើម្បីជ្រើសរើសប្រពន្ធឲ្យអ៊ីសាកជាកូនរបស់គាត់។ នេះពិតជាភារកិច្ចដ៏សំខាន់និងដែលអាចជះឥទ្ធិពលទៅលើអ្នកឯទៀតមែន!—៥ យ៉ូសែបដែលជាចៅទួតរបស់អាប្រាហាំបានទទួលខុសត្រូវលើពួកអ្នកផ្ទះរបស់ប៉ូទីផារ និងកិច្ចការផ្សេងៗរបស់គាត់។ (លោ. ៣៩:១, ២) ក្រោយមក យ៉ូសែបក៏មានអ្នកបម្រើរបស់គាត់ផ្ទាល់ដែរ។ អ្នកបម្រើនោះបានត្រូវតែងតាំងឲ្យ«ត្រួតលើផ្ទះយ៉ូសែប»។ អ្នកបម្រើនោះបានរៀបចំទទួល ហើយបំពេញសេចក្ដីត្រូវការរបស់បងប្អូន១០នាក់របស់យ៉ូសែប។ ម្យ៉ាងទៀត យ៉ូសែបបង្គាប់គាត់ឲ្យចាត់ចែងគម្រោងមួយដើម្បីឲ្យមើលទៅហាក់ដូចជាពែងប្រាក់របស់យ៉ូសែបបានត្រូវគេលួច។ នេះបង្ហាញថាម្ចាស់ទុកចិត្តអ្នកបម្រើរបស់គាត់ខ្លាំងណាស់។—លោ. ៤៣:១៩-២៥; ៤៤:១-១២
៦. តើគ្រិស្តសាសនិកជាអ្នកចាស់ទុំមានភារកិច្ចអ្វីខ្លះ?
៦ ប៉ុន្មានសតវត្សរ៍ក្រោយមក សាវ័កប៉ូលបានសរសេរថាគ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យគឺជា«អ្នកចាត់ចែងដែលព្រះបានតែងតាំង»។ (ទីត. ១:៧) អ្នកត្រួតពិនិត្យដែលបានត្រូវតែងតាំងឲ្យឃ្វាល«ហ្វូងចៀមរបស់ព្រះ» ផ្ដល់ការណែនាំ ហើយនាំមុខក្នុងក្រុមជំនុំ។ (១ពេ. ៥:១, ២) ភារកិច្ចដែលអ្នកត្រួតពិនិត្យមានក្នុងអង្គការរបស់ព្រះគឺខុសពីគ្នា។ ជាឧទាហរណ៍ សព្វថ្ងៃនេះអ្នកត្រួតពិនិត្យជាគ្រិស្តសាសនិកភាគច្រើនបម្រើក្រុមជំនុំមួយ។ អ្នកធ្វើដំណើរត្រួតពិនិត្យបម្រើក្រុមជំនុំជាច្រើន។ សមាជិកគណៈកម្មាធិការការិយាល័យសាខាថែរក្សាក្រុមជំនុំទាំងអស់នៅទូទាំងប្រទេស។ ប៉ុន្តែ អ្នកត្រួតពិនិត្យទាំងអស់ត្រូវបំពេញភារកិច្ចរបស់ពួកគាត់យ៉ាងស្មោះត្រង់ ពួកគាត់ទាំងអស់គ្នាត្រូវ«ទទួលខុសត្រូវ»ចំពោះព្រះ។—ហេ. ១៣:១៧
៧. តើតាមរបៀបណាយើងដឹងថាគ្រិស្តសាសនិកទាំងអស់គឺជាអ្នកបម្រើ?
៧ ប៉ុន្តែ ចុះយ៉ាងណាគ្រិស្តសាសនិកស្មោះភក្ដីជាច្រើននាក់ដែលមិនមែនជាអ្នកត្រួតពិនិត្យ? សាវ័កពេត្រុសបានសរសេរសំបុត្រជូនគ្រិស្តសាសនិកទាំងអស់ថា៖ «ក្នុងនាមជាអ្នកបម្រើល្អប្រសើរដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ នោះចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល»។ (១ពេ. ១:១; ៤:១០) ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ លោកបានឲ្យយើងទាំងអស់គ្នានូវអំណោយ ធនធាន សមត្ថភាព ឬការប៉ិនប្រសប់ដែលយើងអាចប្រើជាប្រយោជន៍ដល់បងប្អូនរួមជំនឿ។ ដូច្នេះ អស់អ្នកដែលបម្រើព្រះគឺជាអ្នកបម្រើ។ លោកទុកចិត្តយើង គោរពយើង ហើយសង្ឃឹមថាយើងប្រើអ្វីដែលលោកបានផ្ដល់ឲ្យយើង ឲ្យមានប្រយោជន៍ច្រើនបំផុត។
យើងជារបស់ព្រះ
៨. ក្នុងនាមជាអ្នកបម្រើ តើយើងត្រូវចាំអំពីអ្វី?
៨ ចូរយើងពិចារណាអំពីសេចក្ដីពិតបីយ៉ាងដែលជាមូលដ្ឋាន ដែលគ្រិស្តសាសនិកទាំងអស់ជាអ្នកបម្រើត្រូវចាំ។ ទី១គឺ យើងទាំងអស់គ្នាជារបស់ព្រះ ហើយទទួលខុសត្រូវចំពោះលោក។ ប៉ូលបានសរសេរថា៖ «អ្នករាល់គ្នាមិនមែនជាម្ចាស់លើខ្លួនអ្នកទេ ព្រោះអ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់» ពោលគឺឈាមរបស់គ្រិស្តដែលជាគ្រឿងបូជា។ (១កូ. ៦:១៩, ២០) ដោយហេតុថាយើងជារបស់ព្រះយេហូវ៉ា យើងមានកាតព្វកិច្ចកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិនោះមិនមែនជាបន្ទុកធ្ងន់ទេ។ (រ៉ូម ១៤:៨; ១យ៉ូន. ៥:៣) យើងក៏បានក្លាយជាខ្ញុំបម្រើរបស់គ្រិស្តដែរ។ ដូចអ្នកបម្រើនៅសម័យបុរាណ យើងមានសេរីភាពជាច្រើន ប៉ុន្តែសេរីភាពរបស់យើងមានកម្រិត។ យើងត្រូវបំពេញភារកិច្ចរបស់យើងស្របតាមការណែនាំ។ ទោះជាយើងមានឯកសិទ្ធិណាក៏ដោយក្នុងកិច្ចបម្រើ យើងនៅតែជាអ្នកបម្រើរបស់ព្រះនិងរបស់គ្រិស្ត។
៩. តើលោកយេស៊ូបានពន្យល់យ៉ាងណា ស្តីអំពីអ្វីដែលម្ចាស់ចង់ឲ្យខ្ញុំបម្រើធ្វើ?
៩ លោកយេស៊ូជួយយើងឲ្យយល់អំពីទំនាក់ទំនងរវាងម្ចាស់និងខ្ញុំបម្រើ។ មានម្ដងនោះលោកបាននិយាយទៅអ្នកកាន់តាមលោកអំពីខ្ញុំបម្រើម្នាក់ដែលត្រឡប់មកផ្ទះវិញក្រោយពីបានធ្វើការពេញមួយថ្ងៃ។ តើម្ចាស់គាត់ប្រាប់គាត់ថា៖ «ចូរមកអង្គុយនៅតុភ្លាម»ឬទេ? មិនមែនទេ។ ម្ចាស់និយាយថា៖ «ចូររៀបចំអាហារល្ងាចឲ្យខ្ញុំ រួចពាក់លូក. ១៧:៧-១០
អាវអៀមហើយបម្រើខ្ញុំរហូតដល់ខ្ញុំបានផឹកនិងបរិភោគហើយ បន្ទាប់មកអ្នកអាចផឹកនិងបរិភោគបាន»។ តើលោកយេស៊ូពន្យល់យ៉ាងណាអំពីឧទាហរណ៍នេះ? លោកបានពន្យល់ថា៖ «ដូចគ្នាដែរ ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងខ្ញុំជាខ្ញុំបម្រើឥតប្រយោជន៍។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។—១០. តើអ្វីបង្ហាញថាព្រះយេហូវ៉ាឲ្យតម្លៃទៅលើការខំប្រឹងប្រែងរបស់យើងដើម្បីបម្រើលោក?
១០ ព្រះយេហូវ៉ាប្រាកដជាឲ្យតម្លៃទៅលើការខំប្រឹងប្រែងរបស់យើងដើម្បីបម្រើលោក។ គម្ពីរពង្រឹងទំនុកចិត្តយើងថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក»។ (ហេ. ៦:១០) ព្រះយេហូវ៉ាមិនដែលឲ្យយើងធ្វើអ្វីហួសពីសមត្ថភាពរបស់យើងទេ។ ម្យ៉ាងទៀត អ្វីដែលលោកសុំឲ្យយើងធ្វើគឺដើម្បីឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត ហើយអ្វីទាំងនេះមិនមែនជាបន្ទុកធ្ងន់ហួសហេតុពេកឡើយ។ ស្របតាមឧទាហរណ៍របស់លោកយេស៊ូ ខ្ញុំបម្រើមិនបានធ្វើអ្វីដើម្បីបំពេញចិត្តខ្លួន ដោយចាត់ទុកការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនជាអ្វីដែលសំខាន់បំផុតនោះទេ។ ចំណុចសំខាន់គឺ ពេលយើងបានប្រគល់ខ្លួនជូនព្រះ យើងបានសម្រេចចិត្តថាយើងចាត់ទុកកិច្ចបម្រើលោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ តើអ្នកយល់ស្របនឹងរឿងនេះឬទេ?
អ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នាធ្វើ
១១, ១២. ក្នុងនាមជាអ្នកបម្រើ តើយើងត្រូវបង្ហាញគុណសម្បត្ដិអ្វី ហើយតើយើងត្រូវជៀសវាងពីអ្វី?
១១ សេចក្ដីពិតទី២គឺ ក្នុងនាមជាអ្នកបម្រើ យើងទាំងអស់គ្នាប្រកាន់ខ្ជាប់តាមខ្នាតតម្រាដូចគ្នា។ តាមការពិត ភារកិច្ចខ្លះបានត្រូវប្រគល់ឲ្យបងប្អូនខ្លះក្នុងក្រុមជំនុំ។ ប៉ុន្តែ ភារកិច្ចភាគច្រើនគឺសម្រាប់គ្រិស្តសាសនិកទាំងអស់។ ជាឧទាហរណ៍ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ហើយជាសាក្សីព្រះយេហូវ៉ា យើងបានទទួលបង្គាប់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។ លោកយេស៊ូបានមានប្រសាសន៍ថា សេចក្ដីស្រឡាញ់ជាសញ្ញាសម្គាល់នៃគ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៥) ប៉ុន្តែ យើងមិនមែនបង្ហាញស្រឡាញ់តែចំពោះបងប្អូនរួមជំនឿរបស់យើងប៉ុណ្ណោះទេ។ យើងព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលមិនមានជំនឿដូចយើង។ នេះជាអ្វីដែលយើងទាំងអស់គ្នាអាចធ្វើ និងគួរធ្វើ។
១២ យើងក៏ត្រូវមានការប្រព្រឹត្តដ៏ល្អប្រសើរដែរ។ យើងចង់ជៀសវាងពីការប្រព្រឹត្ត និងរបៀបរស់នៅដែលបណ្ដាំរបស់ព្រះផ្ដន្ទាទោស។ ប៉ូលបានសរសេរថា៖ «អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកដែលគោរពបូជារូបព្រះ អ្នកផិតក្បត់ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត ពួកចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (១កូ. ៦:៩, ១០) ពិតមែនតែយើងត្រូវខំប្រឹងទើបអាចធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ ប៉ុន្តែការខំប្រឹងបែបនេះនាំឲ្យយើងទទួលប្រយោជន៍ជាច្រើន រួមទាំងមានរបៀបរស់នៅដែលជួយយើងឲ្យមានសុខភាពល្អ មានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត ព្រមទាំងមានចំណងមិត្តភាពជាមួយព្រះ។—សូមអាន អេសាយ ៤៨:១៧, ១៨
១៣, ១៤. តើគ្រិស្តសាសនិកទាំងអស់បានទទួលភារកិច្ចអ្វី ហើយតើយើងគួរមានទស្សនៈយ៉ាងណាចំពោះភារកិច្ចទាំងនេះ?
១៣ សូមចាំដែរថា អ្នកបម្រើមានការងារដែលគាត់ត្រូវធ្វើ។ ចំពោះយើងក៏ដូច្នេះដែរ។ យើងបានទទួលនូវអំណោយមួយដែលមានតម្លៃ ពោលគឺចំណេះត្រឹមត្រូវ។ ព្រះចង់ឲ្យយើងប្រាប់ចំណេះនេះដល់អ្នកឯទៀត។ (ម៉ាថ. ២៨:១៩, ២០) ប៉ូលបានសរសេរថា៖ «មនុស្សត្រូវរាប់យើងជាអ្នកដែលនៅក្រោមបង្គាប់គ្រិស្ត និងជាអ្នកបម្រើដែលបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ»។ (១កូ. ៤:១) ប៉ូលបានទទួលស្គាល់ថា ក្នុងនាមជាអ្នកបម្រើមានន័យថាគាត់ត្រូវយកចិត្តទុកដាក់យ៉ាងដិតដល់អំពី«អាថ៌កំបាំងដ៏ពិសិដ្ឋ» ហើយប្រាប់អ្នកឯទៀតអំពីអាថ៌កំបាំងនេះ ដែលបានត្រូវណែនាំដោយលោកម្ចាស់ ពោលគឺលោកយេស៊ូគ្រិស្ត។—១កូ. ៩:១៦
១៤ យ៉ាងណាមិញ ការផ្សព្វផ្សាយអំពីសេចក្ដីពិតជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់។ គ្រិស្តសាសនិកម្នាក់ៗមានស្ថានភាពខុសគ្នា។ យើងទាំងអស់គ្នាមិនអាចធ្វើបានដូចគ្នាក្នុងកិច្ចបម្រើផ្សាយទេ។ ព្រះយេហូវ៉ាយល់អំពីរឿងនេះ។ អ្វីដែលសំខាន់គឺយើងធ្វើអស់ពីសមត្ថភាពរបស់យើង។ ដោយធ្វើដូច្នេះ យើងបង្ហាញសេចក្ដី
ស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនចំពោះព្រះ និងចំពោះអ្នកជិតខាងរបស់យើង។សារៈសំខាន់នៃការបង្ហាញចិត្តស្មោះត្រង់
១៥-១៧. (ក) ហេតុអ្វីជាការសំខាន់ចាំបាច់ដែលអ្នកបម្រើត្រូវស្មោះត្រង់នឹងម្ចាស់របស់ខ្លួន? (ខ) តើលោកយេស៊ូបានលើកបញ្ជាក់អ្វីស្តីអំពីលទ្ធផលដែលមកពីការមិនស្មោះត្រង់?
១៥ សេចក្ដីពិតទី៣ដែលជាប់ទាក់ទងយ៉ាងខ្លាំងនឹងសេចក្ដីពិតទី២គឺ យើងត្រូវស្មោះត្រង់ និងអាចទុកចិត្តបាន។ អ្នកបម្រើម្នាក់ប្រហែលជាមានសមត្ថភាពនិងគុណសម្បត្ដិល្អៗជាច្រើន ក៏ប៉ុន្តែអ្វីៗទាំងនោះនឹងគ្មានប្រយោជន៍ទេ បើគាត់មិនទទួលខុសត្រូវឬមិនស្មោះត្រង់នឹងម្ចាស់របស់គាត់។ ភាពស្មោះត្រង់គឺសំខាន់ចាំបាច់ដើម្បីធ្វើជាអ្នកបម្រើដែលមានប្រសិទ្ធភាព និងមានជោគជ័យ។ សូមចាំអំពីអ្វីដែលប៉ូលបានសរសេរថា៖ «អ្នកបម្រើដែលទទួលការតែងតាំងឲ្យមើលការខុសត្រូវនោះ ត្រូវតែជាអ្នកស្មោះត្រង់»។—១កូ. ៤:២
១៦ បើយើងស្មោះត្រង់ យើងប្រាកដជានឹងទទួលរង្វាន់។ បើយើងមិនស្មោះត្រង់ទេ នោះយើងនឹងខាតបង់។ យើងឃើញសេចក្ដីពិតនេះក្នុងឧទាហរណ៍របស់លោកយេស៊ូស្តីអំពីប្រាក់ថាលិន។ ខ្ញុំបម្រើដែលបានយកប្រាក់របស់ម្ចាស់គាត់«ទៅធ្វើដើមទុនរកស៊ី»យ៉ាងស្មោះត្រង់ បានទទួលការសរសើរនិងពរដ៏វិសេស។ រីឯខ្ញុំបម្រើដែលបានប្រព្រឹត្តដោយមិនទទួលខុសត្រូវលើអ្វីដែលម្ចាស់គាត់បានប្រគល់ឲ្យគាត់ បានទទួលការវិនិច្ឆ័យថា «ទុច្ចរិត» «ខ្ជិលច្រអូស» និង«ឥតបានការ»។ គេបានយកប្រាក់ថាលិនពីគាត់ ហើយបោះគាត់ទៅខាងក្រៅ។—សូមអាន ម៉ាថាយ ២៥:១៤-១៨, ២៣, ២៦, ២៨-៣០
១៧ នៅពេលមួយទៀត លោកយេស៊ូបានលើកបញ្ជាក់អំពីលទ្ធផលដែលមកពីការមិនស្មោះត្រង់។ លោកបានមានប្រសាសន៍ថា៖ «បុរសអ្នកមានម្នាក់ មានអ្នកបម្រើម្នាក់។ មានគេចោទប្រកាន់អ្នកបម្រើនោះថាកំពុងបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់គាត់។ ដូច្នេះ ម្ចាស់ហៅអ្នកបម្រើនោះមក ក៏ប្រាប់ថា៖ ‹តើដឹងថាខ្ញុំបានឮគេនិយាយអ្វីពីអ្នកទេ? ចូរប្រគល់បញ្ជីគណនីមកខ្ញុំវិញ ពីព្រោះខ្ញុំលែងឲ្យអ្នកចាត់ចែងទៀតហើយ›»។ (លូក. ១៦:១, ២) ដោយសារអ្នកបម្រើនេះបានបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់គាត់ ម្ចាស់គាត់បានបណ្ដេញគាត់ ចោល។ នេះពិតជាមេរៀនដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើងមែន! យើងប្រាកដជាចង់ស្មោះត្រង់នឹងព្រះដោយធ្វើអ្វីដែលលោកសុំឲ្យយើងធ្វើ។
តើការប្រៀបធៀបខ្លួនយើងជាមួយអ្នកឯទៀត គឺជាគំនិតឈ្លាសវៃឬទេ?
១៨. ហេតុអ្វីយើងមិនគួរប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត?
១៨ យើងម្នាក់ៗអាចសួរខ្លួនយើងថា ‹តើខ្ញុំមានទស្សនៈយ៉ាងណា ចំពោះភារកិច្ចរបស់ខ្ញុំជាអ្នកបម្រើ?›។ យើងនឹងមានបញ្ហា បើយើងប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត។ គម្ពីរដាស់តឿនយើងថា៖ «ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។ (កាឡ. ៦:៤) ជាជាងប្រៀបធៀបអ្វីដែលយើងធ្វើជាមួយនឹងអ្វីដែលអ្នកឯទៀតធ្វើ យើងគួរផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន។ នេះនឹងមិនត្រឹមតែការពារយើងមិនឲ្យក្រអឺតក្រអោងប៉ុណ្ណោះទេ ប៉ុន្តែក៏ការពារយើងពីការធ្លាក់ទឹកចិត្តផងដែរ។ ពេលពិចារណាអំពីខ្លួនយើង យើងគួរទទួលស្គាល់ថាស្ថានភាពអាចផ្លាស់ប្ដូរ។ ប្រហែលជាដោយសារមានសុខភាពមិនល្អ មានអាយុច្រើន ឬមានភារកិច្ចផ្សេងៗ យើងមិនអាចធ្វើអ្វីទាំងអស់ដែលយើងធ្លាប់ធ្វើនោះទេ។ ប៉ុន្តែ ប្រហែលជាយើងអាចធ្វើច្រើនជាងអ្វីដែលយើងកំពុងធ្វើនៅពេលឥឡូវនេះ។ បើដូច្នេះមែន សូមខំបង្កើនសកម្មភាពរបស់យើង។
១៩. ប្រសិនបើយើងមិនបានទទួលឯកសិទ្ធិណាមួយ ហេតុអ្វីយើងមិនគួរធ្លាក់ទឹកចិត្ត?
១៩ កត្ដាផ្សេងទៀតដែលយើងគួរពិចារណាគឺ តើយើងមានភារកិច្ចអ្វីខ្លះ ឬតើយើងចង់បានភារកិច្ចអ្វីខ្លះ? ជាឧទាហរណ៍ បងប្រុសម្នាក់ប្រហែលជាចង់បម្រើជាអ្នកចាស់ទុំក្នុងក្រុមជំនុំ ឬចង់ថ្លែងសុន្ទរកថានៅសន្និបាត និងនៅមហាសន្និបាត។ ជាការល្អដែលយើងខំប្រឹងដើម្បីមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចបែបនេះ ប៉ុន្តែយើងមិនគួរធ្លាក់ទឹកចិត្តទេ ប្រសិនបើយើងមិនអាចទទួលភារកិច្ចនេះដូចដែលយើងបានសង្ឃឹមទុក។ ឯកសិទ្ធិយើងប្រហែលជាត្រូវចាំយូរជាងយើងបានសង្ឃឹមទុក ហើយយើងប្រហែលជាមិនយល់អំពីមូលហេតុដែលយើងត្រូវចាំយូរនោះទេ។ សូមចាំថាម៉ូសេហាក់ដូចជាត្រៀមខ្លួនដើម្បីដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ប៉ុន្តែគាត់ត្រូវចាំអស់រយៈពេល៤០ឆ្នាំមុននឹងគាត់អាចធ្វើដូច្នេះបាន។ នេះទុកពេលគ្រប់គ្រាន់ឲ្យគាត់ អប់រំខ្លួនឲ្យមានគុណសម្បត្ដិដែលគាត់ត្រូវការដើម្បីដឹកនាំបណ្ដាជនដែលមានក្បាលរឹង ហើយបះបោរនេះ។—សកម្ម. ៧:២២-២៥, ៣០-៣៤
២០. តើយើងអាចទាញមេរៀនអ្វីពីបទពិសោធន៍របស់យ៉ូណាថាន?
២០ ជួនកាលយើងប្រហែលជានឹងមិនទទួលឯកសិទ្ធិខ្លះទាល់តែសោះ។ រឿងនេះបានកើតចំពោះយ៉ូណាថាន។ ដោយសារគាត់ជាកូនប្រុសរបស់សូល នោះគាត់អាចក្លាយជាស្តេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលទាំងអស់។ ប៉ុន្តែ ព្រះបានជ្រើសរើសយកដាវីឌ ដែលក្មេងជាងគាត់ឆ្ងាយណាស់ដើម្បីឲ្យធ្វើជាស្តេច។ តើយ៉ូណាថានមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះ? គាត់ព្រមទទួលយកការសម្រេចចិត្តនេះ ហើយបានគាំទ្រដាវីឌទោះជាគាត់ត្រូវប្រថុយជីវិតក៏ដោយ។ គាត់បាននិយាយទៅកាន់ដាវីឌថា៖ «អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងបានជាបន្ទាប់របស់អ្នក»។ (១សាំ. ២៣:១៧) តើអ្នកអាចរៀនអ្វីពីគំរូរបស់យ៉ូណាថាន? យ៉ូណាថានព្រមទទួលយកស្ថានភាពរបស់គាត់ ហើយខុសពីសូល គាត់មិនច្រណែននឹងដាវីឌទេ។ ជាជាងច្រណែននឹងឯកសិទ្ធិដែលប្រហែលជាអ្នកឯទៀតបានទទួល យើងទាំងអស់គ្នាអាចផ្ចង់អារម្មណ៍ទៅលើភារកិច្ចដែលយើងមាន។ ដោយធ្វើដូច្នេះ យើងអាចប្រាកដថានៅក្នុងពិភពលោកថ្មី ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាដែលសមត្រឹមត្រូវរបស់អ្នកបម្រើទាំងអស់របស់លោក។
២១. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះភារកិច្ចរបស់យើងជាអ្នកបម្រើ?
២១ សូមយើងចាំថាក្នុងនាមជាអ្នកបម្រើដែលព្រះទុកចិត្ត យើងមិនមែនជាខ្ញុំបម្រើដែលបានត្រូវបង្ខំឲ្យបម្រើម្ចាស់ដែលឥតមេត្ដានោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាទុកចិត្តយើង ហើយលើកកិត្ដិយសយើងយ៉ាងខ្លាំងដោយឲ្យយើងធ្វើកិច្ចការដ៏សំខាន់ ដូចជាកិច្ចការផ្សព្វផ្សាយដំណឹងល្អក្នុងគ្រាចុងក្រោយបង្អស់ ជាកិច្ចការដែលនឹងមិនមានទៀតទេ។ ពេលដែលយើងធ្វើដូច្នេះ យើងមានសេរីភាពជាច្រើនដើម្បីជ្រើសរើសរបៀបដែលយើងនឹងបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យយើង។ ហេតុនេះ ចូរយើងធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់។ សូមឲ្យយើងឲ្យតម្លៃទៅលើឯកសិទ្ធិដែលយើងមានដើម្បីបម្រើព្រះដ៏ខ្ពង់ខ្ពស់បំផុតលើសកលលោកទាំងមូល។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១២]
ចូរខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដែលយើងបានទទួល