ចូរប្រយ័ត្ននឹងបំណងចិត្ដរបស់យើង
ចូរប្រយ័ត្ននឹងបំណងចិត្តរបស់យើង
គម្ពីរចែងថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ (យេ. ១៧:៩) ពេលដែលចិត្តរបស់យើងចង់ធ្វើអ្វីមួយយ៉ាងខ្លាំង យើងអាចរកលេសដើម្បីធ្វើតាមចិត្តរបស់យើង។
បទគម្ពីរព្រមានយើងថា៖ «គំនិតអាក្រក់ ឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើជាសាក្សីក្លែងក្លាយ និងពាក្យប្រមាថ សុទ្ធតែចេញពីក្នុងចិត្តមក»។ (ម៉ាថ. ១៥:១៩) ចិត្តរបស់យើងអាចបញ្ឆោតយើង ហើយអាចនាំយើងឲ្យរកលេសដើម្បីប្រព្រឹត្តអំពើអ្វីដែលផ្ទុយនឹងបំណងប្រាថ្នារបស់ព្រះ។ យើងប្រហែលជាមិនដឹងថាចិត្តរបស់យើងបញ្ឆោតយើងទេ រហូតដល់ក្រោយពេលដែលយើងធ្វើខុស។ តើអ្វីអាចជួយយើងឲ្យដឹងអំពីបំណងចិត្តរបស់យើងមុនពេលយើងធ្វើខុស?
របៀបដែលយើងអាចដឹងអំពីបំណងចិត្តរបស់យើង
សូមអានគម្ពីរជារៀងរាល់ថ្ងៃនិងរំពឹងគិតលើអ្វីដែលបានចែងក្នុងគម្ពីរ។ ប៉ូលបានសរសេរថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព ក៏មុតជាងដាវដែលមានមុខពីរ ហើយទម្លុះរហូតដល់ញែកលក្ខណៈខាងក្រៅចេញពីធាតុពិត»។ ព័ត៌មានដែលមានក្នុងគម្ពីរ«អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត»។ (ហេ. ៤:១២) ពេលយើងសិក្សាគម្ពីរ យើងគួរពិចារណាអំពីគំនិតនិងការប្រព្រឹត្តរបស់យើង។ នេះនឹងជួយយើងឲ្យដឹងអំពីបំណងចិត្តរបស់យើង។ ដូច្នេះ ជាការសំខាន់ចាំបាច់ដែលយើងអានបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ ហើយរំពឹងគិតអំពីអ្វីដែលគម្ពីរបានចែង។ នេះនឹងជួយយើងឲ្យមានគំនិតនិងមានទស្សនៈដូចព្រះយេហូវ៉ា។
ប្រសិនបើយើងយកចិត្តទុកដាក់ទៅលើអ្វីដែលគម្ពីរចែង នោះយើងនឹងបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ សមត្ថភាពវិនិច្ឆ័យរបស់យើងគឺដូចជាសំឡេងមួយដែលនៅក្នុងខ្លួនយើង។ សំឡេងនេះប្រាប់យើងអំពីអ្វីដែលខុស ហើយបញ្ឈប់យើងមិនឲ្យរកលេសដើម្បីធ្វើអ្វីដែលអាក្រក់។ (រ៉ូម ៩:១) ក្នុងគម្ពីរមានគំរូជា ច្រើនដែលជា«ការព្រមានដល់យើង»។ (១កូ. ១០:១១) ការរៀនពីគំរូទាំងនេះអាចរារាំងយើងកុំឲ្យដើរតាមផ្លូវខុស។ តើយើងម្នាក់ៗគួរធ្វើអ្វី?
សូមអធិដ្ឋានសុំព្រះជួយអ្នកឲ្យដឹងអំពីបំណងចិត្តរបស់អ្នក។ ព្រះយេហូវ៉ា«ល្បងលចិត្ត»របស់យើង។ (១រប. ២៩:១៧) លោក«ធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់»។ (១យ៉ូន. ៣:២០) ព្រះដឹងអ្វីៗទាំងអស់អំពីយើង។ ប្រសិនបើយើងជម្រាបលោកដោយឥតលាក់លៀមនូវកង្វល់ អារម្មណ៍និងបំណងចិត្តរបស់យើងតាមរយៈសេចក្ដីអធិដ្ឋាន នោះព្រះយេហូវ៉ាអាចជួយយើងឲ្យដឹងអំពីបំណងចិត្តរបស់យើង។ យើងថែមទាំងអាចសុំព្រះឲ្យ‹បង្កើតចិត្តបរិសុទ្ធនៅក្នុងយើង›។ (ទំនុក. ៥១:១០) ដូច្នេះ សេចក្ដីអធិដ្ឋានគឺជាវិធីដ៏សំខាន់បំផុតដើម្បីទទួលជំនួយពីព្រះយេហូវ៉ា។
សូមយកចិត្តទុកដាក់ស្ដាប់ក្នុងអំឡុងកិច្ចប្រជុំ។ ការយកចិត្តទុកដាក់នឹងកម្មវិធីកិច្ចប្រជុំអាចជួយយើងឲ្យពិចារណាយ៉ាងស្មោះត្រង់អំពីធាតុពិតរបស់យើង ពោលគឺចិត្តរបស់យើង។ ទោះជាយើងប្រហែលជាមិនទទួលព័ត៌មានថ្មីនៅកិច្ចប្រជុំទាំងអស់ក៏ដោយ ការមកប្រជុំជួយយើងឲ្យយល់អំពីគោលការណ៍គម្ពីរច្បាស់ជាង ហើយទទួលការរំលឹកដ៏មានតម្លៃដែលជួយយើងឲ្យវិភាគមើលអំពីបំណងចិត្តរបស់យើង។ ចម្លើយរបស់បងប្អូនក្នុងកិច្ចប្រជុំក៏អាចជួយយើងយ៉ាងច្រើនផងដែរ។ (សុភ. ២៧:១៧) ការញែកខ្លួនចេញពីគ្រិស្តសាសនិកឯទៀតជាជាងសេពគប់យ៉ាងទៀងទាត់ជាមួយពួកគាត់នៅកិច្ចប្រជុំអាចធ្វើឲ្យយើងមានបញ្ហា។ នេះអាចនាំឲ្យយើង«រកបំពេញតែចិត្តខ្លួន»យើង។ (សុភ. ១៨:១) ដូច្នេះ ជាការល្អឲ្យយើងសួរខ្លួនយើងថា ‹តើខ្ញុំមានទម្លាប់ចូលរួមប្រជុំទាំងអស់ ហើយទទួលប្រយោជន៍ពីកិច្ចប្រជុំទាំងនោះឬទេ?›។—ហេ. ១០:២៤, ២៥
តើចិត្តអាចបញ្ឆោតយើងតាមរបៀបណា?
ចិត្តអាចបញ្ឆោតយើងតាមរបៀបជាច្រើន។ សូមយើងពិចារណាអំពីរបៀប៤យ៉ាងគឺ ការស្វែងរកទ្រព្យសម្បត្ដិ ការពិសាស្រា ជម្រើសរបស់យើងអំពីមិត្តភក្ដិ និងអ្វីដែលយើងធ្វើសម្រាប់ការកម្សាន្ត។
ការស្វែងរកទ្រព្យសម្បត្ដិ។ ជាការធម្មតាទេដែលយើងចង់បំពេញសេចក្ដីត្រូវការរបស់រូបកាយ។ ប៉ុន្តែលោកយេស៊ូបានលើកឧទាហរណ៍មួយដែលទុកជាការព្រមានដល់យើងស្តីអំពីការចាត់ទុកទ្រព្យសម្បត្ដិថាសំខាន់ហួសហេតុពេក។ ក្នុងឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ឯទៀត លោកយេស៊ូប្រាប់យើងឲ្យពិចារណាឧទាហរណ៍អំពីបុរសអ្នកមានម្នាក់ដែលមានឃ្លាំងពេញដោយផលដំណាំ។ ដូច្នេះ គាត់គ្មានកន្លែងសម្រាប់ទុកផលដំណាំរបស់គាត់នៅឆ្នាំក្រោយទេ។ បុរសនេះចង់រុះឃ្លាំងទាំងអស់របស់គាត់ ហើយធ្វើឃ្លាំងធំៗជាង។ គាត់បានត្រិះរិះថា៖ «ខ្ញុំនឹងទុកស្រូវសាលីនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅទីនោះ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា ‹ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយផឹកនិងបរិភោគឲ្យសប្បាយទៅ›»។ ប៉ុន្តែ បុរសអ្នកមាននេះបានភ្លេចនូវហេតុការណ៍ពិតដ៏សំខាន់មួយគឺ ប្រសិនបើគាត់ស្លាប់នៅពេលយប់នោះ អ្វីៗទាំងអស់ដែលគាត់បានធ្វើនឹងគ្មានប្រយោជន៍ទាល់តែសោះ។—លូក. ១២:១៦-២០
កាលដែលយើងកាន់តែចាស់ទៅ យើងប្រហែលជាចាប់ផ្ដើមខ្វល់ខ្វាយថាយើងនឹងមានលុយគ្រប់គ្រាន់សម្រាប់ពេលដែលយើងចាស់ឬមិនមាន។ ដូច្នេះ យើងប្រហែលជាចាប់ផ្ដើមរកលេសដើម្បីធ្វើការច្រើនម៉ោងជាងមុន ខានមកប្រជុំ ផ្សព្វផ្សាយតិចជាងមុន ហើយមិនយកចិត្តទុកដាក់នឹងភារកិច្ចរបស់យើងជាគ្រិស្តសាសនិក។ យើងគួរប្រុងប្រយ័ត្ននឹងទំនោរចិត្តបែបនេះ មែនទេ? ឬយើងប្រហែលជាស្ថិតនៅក្នុងយុវវ័យ ហើយយើងដឹងថាគ្មានអាជីពណា
ប្រសើរជាងកិច្ចបម្រើពេញពេលទេ។ ប៉ុន្តែ យើងប្រហែលជាគិតថាយើងគួរធ្វើការ ហើយសន្សំលុយខ្លះ មុននឹងយើងចាប់ផ្ដើមផ្សព្វផ្សាយពេញពេល។ ប្រសិនបើយើងគិតដូច្នេះ សូមចាំថា ឥឡូវនេះជាពេលដែលយើងគួរខំឲ្យអស់ពីសមត្ថភាពក្នុងកិច្ចបម្រើព្រះ។ យ៉ាងណាមិញ គ្មានអ្នកណាម្នាក់ក្នុងចំណោមយើងដឹងថាយើងនឹងមានជីវិតនៅថ្ងៃស្អែកឬមិនមានឡើយ។ការពិសាស្រា។ សុភាសិត ២៣:២០ចែងថា៖ «កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា»។ ប្រសិនបើបុគ្គលម្នាក់ចង់ផឹកស្រាយ៉ាងខ្លាំង នោះគាត់ប្រហែលជារកលេសដើម្បីផឹកស្រាជាទៀងទាត់។ គាត់ប្រហែលជានិយាយថា គាត់ផឹកស្រាដើម្បីមានចិត្តស្ងប់មិនមែនផឹកឲ្យស្រវឹងទេ។ ប្រសិនបើយើងត្រូវការផឹកស្រាដើម្បីឲ្យមានចិត្តស្ងប់ យើងប្រហែលជាត្រូវពិចារណាយ៉ាងស្មោះត្រង់អំពីបំណងចិត្តរបស់យើង។
ជម្រើសរបស់យើងអំពីមិត្តភក្ដិ។ ការទាក់ទងជាមួយនឹងអ្នកមិនជឿ ដូចជានៅសាលា នៅកន្លែងធ្វើការ និងនៅពេលយើងផ្សព្វផ្សាយគឺជារឿងដែលជៀសមិនផុត។ ប៉ុន្តែការសេពគប់ជាមួយពួកគេ ថែមទាំងចងមិត្តភាពជិតស្និទ្ធជាមួយនឹងពួកគេគឺជារឿងផ្សេងវិញ។ តើយើងរកលេសដើម្បីសេពគប់ជាមួយនឹងពួកគេ ដោយនិយាយថា ពួកគេមានគុណសម្បត្ដិល្អៗជាច្រើនឬ? គម្ពីរព្រមានយើងថា៖ «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។ (១កូ. ១៥:៣៣) ដូចសារធាតុពុលតែបន្ដិចអាចធ្វើឲ្យទឹកស្អាតទៅជាកខ្វក់ នោះមិត្តភាពជាមួយនឹងពួកអ្នកដែលគ្មានភក្ដីភាពចំពោះព្រះអាចបង្ខូចចំណងមិត្តភាពរវាងយើងនឹងព្រះ ហើយនាំឲ្យយើងគិត ស្លៀកពាក់ និយាយនិងប្រព្រឹត្តដូចមនុស្សក្នុងពិភពលោកដែរ។
អ្វីដែលយើងធ្វើសម្រាប់ការកម្សាន្ត។ តាមរយៈបច្ចេកវិជ្ជាទំនើប គេអាចរកបានការកម្សាន្តគ្រប់ប្រភេទ។ ប៉ុន្តែការកម្សាន្តទាំងនេះភាគច្រើនគឺមិនល្អសម្រាប់គ្រិស្តសាសនិកទេ។ ប៉ូលបានសរសេរថា៖ ‹ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវទាំងនិយាយអំពីអំពើស្មោកគ្រោកឡើយ›។ (អេភ. ៥:៣) ចុះយ៉ាងណាបើចិត្តរបស់យើងបានត្រូវទាក់ទាញឲ្យមើលឬស្ដាប់អ្វីដែលស្មោកគ្រោក? យើងប្រហែលជារកលេសហើយនិយាយថា យើងទាំងអស់គ្នាត្រូវការការសប្បាយខ្លះ ហើយថាអ្វីដែលយើងធ្វើសម្រាប់ការកម្សាន្តគឺជារឿងផ្ទាល់ខ្លួន។ ប៉ុន្តែ ចូរយើងធ្វើតាមឱវាទរបស់ប៉ូល ហើយមិនអនុញ្ញាតឲ្យភ្នែកឬត្រចៀករបស់យើងមើលឬស្ដាប់អ្វីដែលស្មោកគ្រោកឡើយ។
យើងអាចកែប្រែបាន
ប្រសិនបើចិត្តរបស់យើងបញ្ឆោតយើង ហើយយើងរកលេសដើម្បីធ្វើអំពើអាក្រក់ គឺមិនទាន់ហួសពេលដើម្បីធ្វើការកែប្រែទេ។ (អេភ. ៤:២២-២៤) សូមពិចារណាអំពីគំរូពីរនៅសម័យយើងនេះ។
មីហ្គែល *បានកែប្រែរបៀបគិតគូររបស់គាត់អំពីវត្ថុទ្រព្យ។ គាត់និយាយថា៖ «ប្រពន្ធខ្ញុំ កូនប្រុសខ្ញុំនិងខ្ញុំរស់នៅប្រទេសដែលមនុស្សចាត់ទុកការមានរបស់ដែលប្រើបច្ចេកវិជ្ជាថ្មីបំផុតនិងល្អបំផុត ហើយស្រួលប្រើបំផុត ថាសំខាន់ណាស់។ នៅពេលមួយ ខ្ញុំបានចំណាយពេលនិងកម្លាំងដើម្បីមានអ្វីទាំងអស់ដែលខ្ញុំអាចមានក្នុងពិភពលោកនេះ ដោយគិតថាខ្ញុំអាចធ្វើដូច្នេះដោយមិនក្លាយទៅជាមនុស្សសម្ភារនិយមទេ។ មិនយូរប៉ុន្មាន ខ្ញុំបានដឹងថា ការដេញតាមវត្ថុទ្រព្យគឺមិនចេះចប់ឡើយ។ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីទស្សនៈនិងបំណងចិត្តរបស់ខ្ញុំ។ ខ្ញុំបានជម្រាបលោកថា យើងចង់បម្រើលោកយ៉ាងពេញលេញជាក្រុមគ្រួសារ។ ក្រោយមកយើងអាចធ្វើការសម្រេចចិត្តធ្វើឲ្យជីវិតរបស់យើងសាមញ្ញ ហើយរើទៅនៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ មិនយូរប៉ុន្មាន យើងអាចបម្រើជាអ្នកត្រួសត្រាយ។ យើងបានដឹងថា យើងមិនត្រូវការរបស់ច្រើនទើបមានជីវិតដែលមានន័យខ្លឹមសារនិងមានសុភមង្គលឡើយ»។
បទពិសោធន៍របស់បងប្រុសលីបង្ហាញថា ការពិនិត្យមើលខ្លួនគាត់យ៉ាងស្មោះត្រង់បានជួយគាត់ឲ្យលះចោលការសេពគប់អាក្រក់។ បងប្រុសលីនិយាយថា ដោយសារការងាររបស់ខ្ញុំ ខ្ញុំបានសេពគប់ជាទៀងទាត់ជាមួយនឹងដៃគូពាណិជ្ជកម្មដែលមកពីបរទេស។ ខ្ញុំបានដឹងថា នឹងមានការផឹកស្រាហួសប្រមាណនៅការប្រជុំគ្នាទាំងនោះ ប៉ុន្តែការចូលរួមការប្រជុំគ្នាទាំងនោះធ្វើឲ្យខ្ញុំរំភើបចិត្ត។ ជាច្រើនដង ខ្ញុំជិតស្រវឹងស្រា ប៉ុន្តែក្រោយមកខ្ញុំបានស្ដាយក្រោយ។ ខ្ញុំត្រូវគិតពិចារណាអំពីចិត្តរបស់ខ្ញុំយ៉ាងស្មោះត្រង់។ ឱវាទក្នុងបណ្ដាំរបស់ព្រះ និងការណែនាំរបស់អ្នកចាស់ទុំបានជួយខ្ញុំឲ្យដឹងថា អ្វីដែលខ្ញុំពិតជាស្វែងរក គឺការសេពគប់ជាមួយនឹងមនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ាទេ។ ឥឡូវនេះ ជាជាងជួបមនុស្សទាំងនោះ បងប្រុសលីព្យាយាមធ្វើការរកស៊ីភាគច្រើនតាមរយៈទូរស័ព្ទ។
យើងត្រូវស្មោះត្រង់នឹងខ្លួនយើង ហើយស្គាល់បំណងចិត្តរបស់យើង។ កាលដែលយើងធ្វើដូច្នេះ យើងគួរស្វែងរកជំនួយពីព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋាន ដោយចាំថា លោក«ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង»។ (ទំនុក. ៤៤:២១) ព្រះក៏បានផ្ដល់ឲ្យយើងនូវបណ្ដាំរបស់លោក ដែលជាកញ្ចក់សម្រាប់យើង។ (យ៉ា. ១:២២-២៥) ការរំលឹកនិងឱវាទដែលយើងទទួលតាមរយៈសៀវភៅនិងកិច្ចប្រជុំក៏មានប្រយោជន៍ដែរ! ដោយមានការរៀបចំបែបនេះ យើងអាចការពារចិត្តរបស់យើង ហើយបន្តដើរក្នុងផ្លូវសុចរិត។
[កំណត់សម្គាល់]
^ វគ្គ 18 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
[រូបភាពនៅទំព័រ២២]
[រូបភាពនៅទំព័រ២៣]
តើការអានគម្ពីរជារៀងរាល់ថ្ងៃមានឥទ្ធិពលយ៉ាងណាទៅលើចិត្តរបស់យើង?
[រូបភាពនៅទំព័រ២៣]
សេចក្ដីអធិដ្ឋានរបស់យើងជួយយើងឲ្យស្គាល់ធាតុពិតរបស់យើង
[រូបភាពនៅទំព័រ២៣]
កិច្ចប្រជុំជួយយើងឲ្យដឹងអំពីបំណងចិត្តរបស់យើង