លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ល្ខោនដែល«មិនអាចបំភ្លេចបាន»បានមកទាន់ពេល

ល្ខោនដែល«មិនអាចបំភ្លេចបាន»បានមកទាន់ពេល

អនុស្សាវរីយ៍​ពី​សម័យ​មុន

ល្ខោន​ដែល​«​មិន​អាច​បំភ្លេច​បាន​»​បាន​មក​ទាន់​ពេល

មនុស្ស​ជា​ច្រើន​បាន​រៀប​រាប់​អំពី​«​ល្ខោន​នៃ​ការ​បង្កើត​»​ថា ល្ខោន​នេះ​គឺ​ល្អ​មើល​«​មិន​អាច​បំភ្លេច​បាន​»​ឡើយ! ល្ខោន​នេះ​គឺ​បាន​មក​ទាន់​ពេល ហើយ​មនុស្ស​មិន​អាច​បំភ្លេច​បាន​ទេ​ក្រោយ​ពី​ពួក​គេ​បាន​មើល​ល្ខោន​នេះ។ ​«​ល្ខោន​នៃ​ការ​បង្កើត​»​ពិត​ជា​បាន​ជួយ​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង មុន​នឹង​របប​គ្រប់​គ្រង​របស់​ហ៊ី​ត្លែ បាន​ចាប់​ផ្ដើម​បៀតបៀន​រាស្ត្រ​របស់​ព្រះ​នៅ​ទ្វីប​អឺរ៉ុប​យ៉ាង​សាហាវ។ ប៉ុន្តែ​តើ​«​ល្ខោន​នៃ​ការ​បង្កើត​»​ជា​អ្វី?

នៅ​ឆ្នាំ​១៩១៤ មន្ទីរ​ចាត់​ការ​ពិភព​លោក​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវ​យ៉ក សហរដ្ឋអាម៉េរិក បាន​ចេញ​បញ្ចាំង​«​ល្ខោន​រូបភាព​នៃ​ការ​បង្កើត​»។ គឺជា​ការ​បញ្ចាំង​រូបភាព​និង​ខ្សែ​ភាពយន្ត​ដែល​មាន​ពណ៌​និង​សំឡេង​អស់​រយៈ​ពេញ​៨​ម៉ោង។ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភព​លោក​បាន​មើល​«​ល្ខោន​រូបភាព​»​នេះ។ ល្ខោន​រូបភាព​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង ដែល​មាន​ចំណង​ជើង​ថា ​«​ល្ខោន​យូរីកា​»​ ក៏​បាន​ត្រូវ​ចេញ​បញ្ចាំង​នៅ​ឆ្នាំ​១៩១៤​ដែរ។ ប៉ុន្តែ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩២០ ហ្វីល​រូបភាព ហ្វីល​កុន​និង​ឧបករណ៍​សម្រាប់​បញ្ចាំង​ល្ខោន​បាន​ចាស់​រេចរឹល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ចង់​មើល​«​ល្ខោន​រូបភាព​»។ ជា​ឧទាហរណ៍​បណ្ដា​ជន​នៅ​ក្រុង​លូដវិចស្បឺក ប្រទេស​អាឡឺម៉ង់ បាន​សួរ​ថា​៖ ​«​តើ​ពេល​ណា​គេ​បញ្ចាំង​‹ល្ខោន​រូបភាព›​ម្ដង​ទៀត?​»។ តើ​អង្គការ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា?

ដើម្បី​បំពេញ​តម្រូវ​ការ​ឲ្យ​មាន​ការ​បញ្ចាំង​ល្ខោន​នេះ​ថែម​ទៀត នៅ​ទសវត្សរ៍​ឆ្នាំ​១៩២០ អ្នក​តំណាង​ម្នាក់​របស់​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ម៉ាកដឺបឺក ប្រទេស​អាឡឺម៉ង់​បាន​ទិញ​ហ្វីល​ពី​ក្រុមហ៊ុន​ខាង​ព័ត៌មាន​មួយ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​បាន​ទិញ​ហ្វីល​រូបភាព​ពី​ក្រុមហ៊ុន​ខាង​គូរ​រូបភាព​នៅ​ក្រុង​ឡែបស៊ីក​និង​ក្រុង​ដ្រេសដេន។ ហ្វីល​ទាំង​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​គ្នា​នឹង​ហ្វីល​«​ល្ខោន​រូបភាព​»​ចាស់​ដែល​នៅ​តែ​អាច​ប្រើ​ការ​បាន។

បង​ប្រុស​អេរិច ហ្វ្រូស​ដែល​ជា​តន្ត្រីករ​ដែល​មាន​ទេព​កោសល្យ បាន​តែង​បទ​ភ្លេង​ដើម្បី​លេង​អម​នឹង​ការ​បញ្ចាំង​ភាពយន្ត​និង​ការ​បញ្ចាំង​រូបភាព។ សេចក្ដី​អធិប្បាយ​ក្នុង​ភាពយន្ត​នោះ​បាន​ត្រូវ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​របស់​យើង​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​បង្កើត​»​ (​Creation​)។ នេះ​ជា​មូលហេតុ​ដែល​«​ល្ខោន​រូបភាព​»​បាន​ត្រូវ​ដាក់​ចំណង​ជើង​ថ្មី​ថា ​«​ល្ខោន​នៃ​ការ​បង្កើត​»​ (​Creation Drama​)។

ល្ខោន​ថ្មី​នេះ​មាន​រយៈ​ពេល​ដូច​គ្នា​នឹង​«​ល្ខោន​រូបភាព​»​ដែរ ពោល​គឺ​៨​ម៉ោង ហើយ​បាន​ត្រូវ​បញ្ចាំង​មួយ​ល្ងាច​មួយ​ភាគ ជា​បន្ត​បន្ទាប់​គ្នា។ ល្ខោន​នេះ​បាន​បង្ហាញ​យ៉ាង​ល្អិត​ល្អន់​អំពី​ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត បាន​ពិចារណា​ប្រវត្ដិសាស្ត្រ​គម្ពីរ​និង​ប្រវត្ដិសាស្ត្រ​ដែល​មិន​ទាក់​ទង​នឹង​សាសនា ហើយ​បញ្ជាក់​ថា សាសនា​មិន​ពិត​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​ខក​ចិត្ត។ ​«​ល្ខោន​នៃ​ការ​បង្កើត​»​បាន​ត្រូវ​បញ្ចាំង​នៅ​ប្រទេស​អូទ្រីស អាឡឺម៉ង់ លុចសំបួ ស្វីស ហើយ​បាន​បញ្ចាំង​សម្រាប់​អ្នក​ទស្សនា​ដែល​និយាយ​ភាសា​អាឡឺម៉ង់​នៅ​កន្លែង​ឯ​ទៀត។

បង​អេរិច ហ្វ្រូស​បាន​ពន្យល់​ថា​៖ ​«​នៅ​ពេល​បញ្ចាំង​ល្ខោន​នេះ ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​អ្នក​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ ជា​ពិសេស​អ្នក​ប្រគំ​តន្ត្រី​ឲ្យ​ប្រើ​ពេល​ផ្អាក​បញ្ចាំង​ដើម្បី​ទៅ​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ​ដើម្បី​ស្នើ​ផ្ដល់​សៀវភៅ​និង​កូន​សៀវភៅ​ដ៏​ល្អ​អស្ចារ្យ​របស់​យើង​ដល់​ទស្សនិកជន។ ដោយ​ធ្វើ​ដូច្នេះ យើង​បាន​ជូន​សៀវភៅ​ច្រើន​ជាង​ពេល​យើង​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៅ​ទៀត​»។ បង​ប្រុស​យ៉ូហានឺស រ៉តឺ ដែល​បាន​រៀបចំ​ការ​បញ្ចាំង​ល្ខោន​នៅ​ប្រទេស​ប៉ូឡូញ​និង​នៅ​ប្រទេស​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​សាធារណរដ្ឋឆេកូ ចាំ​ថា មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ចូល​រួម​ទស្សនា​បាន​ឲ្យ​យើង​នូវ​អាសយដ្ឋាន​របស់​ពួក​គេ​ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​ជួប​ពួក​គេ​វិញ។ អាសយដ្ឋាន​ទាំង​នោះ​បាន​ជួយ​យើង​ឲ្យ​មាន​ការ​ត្រឡប់​ទៅ​ជួប​ដែល​បាន​លទ្ធផល​ល្អ។

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០ រាល់​ការ​បញ្ចាំង​«​ល្ខោន​នៃ​ការ​បង្កើត​»​តែង​តែ​មាន​អ្នក​ទស្សនា​ពេញ​រោង​ល្ខោន ហើយ​មនុស្ស​គ្រប់​រូប​នៅ​ក្រុង​នោះ​បាន​និយាយ​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៣៣ មនុស្ស​ជិត​មួយ​លាន​នាក់​បាន​មក​ចូល​រួម​ទស្សនាការ​បញ្ចាំង​ដែល​បាន​រៀបចំ​ឡើង​ដោយ​ការិយាល័យ​សាខា​របស់​យើង​នៅ​ប្រទេស​អាឡឺម៉ង់។ ខាទឺ ក្រោសនឹក​ចាំ​ថា​៖ ​«​ដើម្បី​មក​មើល​ល្ខោន​នេះ​ដែល​បញ្ចាំង​ប្រាំ​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ទាំង​ទៅ​ទាំង​មក​យើង​បាន​ដើរ​អស់​២០​គីឡូម៉ែត្រ (​១២​ម៉ៃល៍​) ឆ្លង​កាត់​ព្រៃ ឡើង​ចុះ​ភ្នំ​និង​ជ្រលង​ភ្នំ​ជា​ច្រើន​»។ អេលហ្សឺ បៀលហាស​និយាយ​ថា​៖ ​«​‹ល្ខោន​នៃ​ការ​បង្កើត›​បាន​នាំ​ឲ្យ​ខ្ញុំ​ស្រឡាញ់​សេចក្ដី​ពិត​»។

អាលហ្វ្រេត អាលម៉េនឌិនងឺ​រៀប​រាប់​ថា ពេល​ដែល​ម្ដាយ​របស់​គាត់​បាន​មើល​ការ​បញ្ចាំង​ល្ខោន​នេះ គាត់​«​បាន​រំភើប​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​ទិញ​គម្ពីរ​មួយ ហើយ​បើក​រក​មើល​ពាក្យ​‹ស្ថាន​មួយ​ដែល​មិន​មែន​ជា​ស្ថាន​សួគ៌ ហើយ​ក៏​មិន​មែន​ជា​ស្ថាន​នរក›​»។ ដោយ​សារ​គាត់​មិន​អាច​រក​ពាក្យ​នោះ​ឃើញ​ក្នុង​គម្ពីរ គាត់​បាន​ឈប់​ទៅ​វិហារ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ បង​អេរិច ហ្វ្រូស​បាន​នឹក​ចាំ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​បាន​ចូល​មក​ក្នុង​សេចក្ដី​ពិត​តាម​រយៈ​‹ល្ខោន​នៃ​ការ​បង្កើត›​»។—៣យ៉ូន. ១​-​៣

ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​បាន​មើល​«​ល្ខោន​នៃ​ការ​បង្កើត​»​ ដំណាល​គ្នា​នោះ​គណបក្ស​ណាត្ស៊ី​បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​នៅ​ទ្វីប​អឺរ៉ុប ហើយ​បាន​បង្ក​ឲ្យ​មាន​បញ្ហា។ នៅ​ដើម​ឆ្នាំ​១៩៣៣ សកម្មភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាឡឺម៉ង់​បាន​ត្រូវ​ហាមឃាត់។ តាំង​ពី​ពេល​នោះ​រហូត​ដល់​សង្គ្រាម​លោក​លើក​ទី​២​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៤៥ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ទ្វីប​អឺរ៉ុប​បាន​ទទួល​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង។ បង​អេរិច ហ្វ្រូស​បាន​ជាប់​គុក​ប្រហែលជា​៨​ឆ្នាំ។ ប៉ុន្តែ​គាត់​អាច​រួច​ជីវិត ហើយ​ក្រោយ​មក​បម្រើ​នៅ​បេតអែល​នៅ​ក្រុង​វីសបាដិន ប្រទេស​អាឡឺម៉ង់។ ជា​ការ​ល្អ​ប្រសើរ​ណាស់​ដែល​«​ល្ខោន​នៃ​ការ​បង្កើត​»​បាន​មក​ទាន់​ពេល​ដើម្បី​ពង្រឹង​ចិត្ត​ក្លាហាន​របស់​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់ ពេល​ដែល​ជំនឿ​របស់​ពួក​គេ​ហៀបនឹង​ត្រូវ​ល្បង​ល​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២! (​ដក​ស្រង់​ចេញ​ពី​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​ប្រទេស​អាឡឺម៉ង់​)។

[​រូបភាព​នៅ​ទំព័រ​៣១​]

រូប​នេះ​ផ្សាយ​អំពី​«​ល្ខោន​នៃ​ការ​បង្កើត​»​នៅ​ឆ្នាំ​១៩៣២

[​រូបភាព​នៅ​ទំព័រ​៣១​]

ល្ខោន​ថ្មី​នេះ​យក​ឈ្មោះ​តាម​សៀវភៅ​ការ​បង្កើត (​Schöpfung​)

[​រូបភាព​នៅ​ទំព័រ​៣២​]

បង​អេរិច ហ្វ្រូស​និង​អក្សរ​ភ្លេង​របស់​គាត់​សម្រាប់​«​ល្ខោន​នៃ​ការ​បង្កើត​»​

[​រូបភាព​នៅ​ទំព័រ​៣២​]