ដោយបាន«ស្គាល់ព្រះ» តើអ្នកត្រូវធ្វើអ្វីបន្ដទៀត?
ដោយបាន«ស្គាល់ព្រះ» តើអ្នកត្រូវធ្វើអ្វីបន្តទៀត?
«អ្នករាល់គ្នាស្គាល់ព្រះហើយ»។—កាឡ. ៤:៩
តើអ្នកឆ្លើយយ៉ាងណា?
ហេតុអ្វីម្ដងម្កាលយើងគួរពិនិត្យឡើងវិញអំពីជំហានផ្សេងៗដែលយើងបានធ្វើដើម្បីទទួលការជ្រមុជទឹក?
ហេតុអ្វីគ្រិស្តសាសនិកដែលមានភាពចាស់ទុំគួរបន្តរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ?
ហេតុអ្វីយើងគួររំពឹងគិតអំពីជំនឿនិងការប្រគល់ខ្លួនរបស់យើងជូនព្រះយេហូវ៉ា?
១. ហេតុអ្វីអ្នកបើកយន្តហោះត្រួតពិនិត្យបញ្ជីមុននឹងហោះហើរ?
រាល់ដងដែលអ្នកបើកយន្តហោះត្រៀមដើម្បីហោះហើរ គាត់ពិនិត្យមើលយន្តហោះយ៉ាងប្រុងប្រយ័ត្ន។ ពេលត្រួតពិនិត្យ គាត់ប្រើបញ្ជីមួយដើម្បីឲ្យប្រាកដថាគាត់បានត្រួតពិនិត្យអ្វីៗទាំងអស់។ ប្រសិនបើគាត់មិនបានត្រួតពិនិត្យតាមបញ្ជីរាល់លើកមុនពេលយន្តហោះឡើង អ្នកបើកយន្តហោះអាចប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែច្រើន។ តើអ្នកដឹងថាអ្នកបើកបរបែបណាដែលបានត្រូវដាស់តឿនឲ្យត្រួតពិនិត្យមើលបញ្ជីឲ្យសព្វគ្រប់រាល់លើក? គឺអ្នកបើកយន្តហោះដែលមានបទពិសោធន៍ច្រើន! សូម្បីតែអ្នកបើកយន្តហោះដែលមានបទពិសោធន៍ច្រើនឆ្នាំ ក៏ត្រូវពិនិត្យមើលបញ្ជីឲ្យបានសព្វគ្រប់ដែរ។
២. តើគ្រិស្តសាសនិកទាំងឡាយបានត្រូវជូនយោបល់ឲ្យពិនិត្យមើលបញ្ជីអ្វី?
២ ដូចបញ្ជីដែលអ្នកបើកយន្តហោះប្រើ មានបញ្ជីមួយអំពីអ្វីដែលអ្នកអាចត្រួតពិនិត្យដើម្បីប្រាកដថាជំនឿរបស់អ្នកនៅតែរឹងមាំ សូម្បីតែក្នុងអំឡុងគ្រាដ៏លំបាកក៏ដោយ។ ទោះជាអ្នកទើបតែទទួលការជ្រមុជទឹកថ្មីៗនេះ ឬបានបម្រើព្រះយូរឆ្នាំហើយក្ដី ការពិនិត្យមើលជំនឿនិងភក្ដីភាពរបស់អ្នកចំពោះព្រះយេហូវ៉ាជាទៀងទាត់ជាអ្វីដែលសំខាន់ចាំបាច់។ ការខកខានមិនបានពិនិត្យអ្វីទាំងនេះជាទៀងទាត់និងដោយប្រុងប្រយ័ត្ន អាចបង្ខូចចំណងមិត្តភាពរវាងអ្នកនិងព្រះ។ គម្ពីរព្រមានយើងថា៖ «ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។—១កូ. ១០:១២
៣. តើគ្រិស្តសាសនិកនៅក្រុងកាឡាទីត្រូវធ្វើអ្វី?
៣ គ្រិស្តសាសនិកនៅក្រុងកាឡាទីត្រូវពិនិត្យជំនឿរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ និងឲ្យតម្លៃចំពោះសេរីភាពខាងជំនឿ។ តាមរយៈគ្រឿងបូជារបស់លោកយេស៊ូ លោកបានបើកផ្លូវឲ្យពួកអ្នកដែលបង្ហាញជំនឿលើលោកបានស្គាល់ព្រះតាមរបៀបដ៏វិសេសបំផុត ពោលគឺពួកគេអាចក្លាយជាកូនរបស់ព្រះ! (កាឡ. ៤:៩) ដើម្បីរក្សាចំណងមិត្តភាពដ៏ជិតស្និទ្ធបំផុតជាមួយព្រះ បងប្អូនគ្រិស្តសាសនិកនៅក្រុងកាឡាទីត្រូវបដិសេធសេចក្ដីបង្រៀនរបស់ពួកអ្នកកាន់សាសនាយូដា ដែលបង្ខំឲ្យធ្វើតាមច្បាប់ម៉ូសេ។ ប៉ុន្តែព្រះឈប់ប្រើច្បាប់នោះ ហើយជនជាតិដទៃដែលមិនកាត់ចុងស្បែកក្នុងចំណោមពួកគេមិនដែលនៅក្រោមច្បាប់នោះទេ! ទាំងជនជាតិយូដាទាំងជនជាតិដទៃត្រូវជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ នេះជាប់ទាក់ទងនឹងការទទួលស្គាល់ថា ពួកគេមិនបានត្រូវចាត់ទុកថាសុចរិតតាមរយៈច្បាប់ម៉ូសេទេ។
ជំហានដំបូងដើម្បីស្គាល់ព្រះ
៤, ៥. តើឱវាទអ្វីដែលប៉ូលបានជូនបងប្អូននៅក្រុងកាឡាទី ហើយហេតុអ្វីនេះជាប់ទាក់ទងនឹងយើងដែរ?
៤ ឱវាទដែលសាវ័កប៉ូលបានជូនបងប្អូននៅក្រុងកាឡាទីបានត្រូវកត់ទុកដើម្បីគោលបំណងមួយ គឺដើម្បីការពារគ្រិស្តសាសនិកពិតគ្រប់សម័យកាលមិនឲ្យបោះបង់ចោលសេចក្ដីពិតពីគម្ពីរ ហើយត្រឡប់ទៅរកអ្វីដែលនៅខាងក្រោយវិញ។ ព្រះយេហូវ៉ាបានដឹកនាំសាវ័កប៉ូលឲ្យលើកទឹកចិត្ត មិនគ្រាន់តែពួកអ្នកដែលនៅក្នុងក្រុមជំនុំនៅខេត្តកាឡាទីប៉ុណ្ណោះទេ ប៉ុន្តែអ្នកគោរពប្រណិប័តន៍លោកទាំងអស់ឲ្យរក្សាជំនឿរឹងមាំ។
៥ យើងទាំងអស់គ្នាគួរចាំអំពីរបៀបដែលយើងរួចផុតពីជំនឿមិនពិត ហើយបានក្លាយជាសាក្សីព្រះយេហូវ៉ាម្នាក់។ ដើម្បីធ្វើដូច្នេះ សូមពិចារណាសំណួរទាំងពីរនេះគឺ តើអ្នកចាំជំហានមួយចំនួនដែលអ្នកបានធ្វើដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលការជ្រមុជទឹកដែលជាការប្រគល់ខ្លួនជូនព្រះឬទេ? តើអ្នកចាំអំពីរបៀបដែលអ្នកបានស្គាល់ព្រះ របៀបដែលព្រះបានស្គាល់អ្នក ហើយរបៀបដដែលនេះធ្វើឲ្យអ្នកមានអារម្មណ៍ថាបានរួចពីជំនឿមិនពិតឬទេ?
៦. តើយើងនឹងពិនិត្យមើលបញ្ជីអ្វី?
៦ ជាទូទៅយើងទាំងអស់គ្នាធ្វើតាមជំហាន៩យ៉ាង។ ជំហានទាំងនោះគឺដូចជាបញ្ជីក្នុងន័យធៀប ដែលបានរៀបរាប់ក្នុងប្រអប់ «ជំហានផ្សេងៗដើម្បីទទួលការជ្រមុជទឹកនិងបន្តរីកចម្រើន»។ ការរំលឹកខ្លួនយើងជាទៀងទាត់អំពីជំហានទាំង៩នេះ នឹងពង្រឹងកម្លាំងយើងមិនឲ្យត្រឡប់ទៅរកអ្វីដែលនៅក្នុងពិភពលោក។ ដូចអ្នកបើកយន្តហោះដែលតែងតែពិនិត្យមើលបញ្ជីរបស់គាត់មុននឹងគាត់បើកយន្តហោះ យើងក៏ពិនិត្យឡើងវិញជានិច្ចអំពីបញ្ជីរបស់យើងដែរ។
ពួកអ្នកដែលបានស្គាល់ព្រះហើយ ត្រូវបន្តរីកចម្រើន
៧. តើយើងត្រូវធ្វើតាមគំរូអ្វី ហើយហេតុអ្វី?
៧ បញ្ជីរបស់អ្នកបើកយន្តហោះរំលឹកគាត់ថានេះជាទម្លាប់មួយដែលគាត់ត្រូវធ្វើតាមយ៉ាងប្រុងប្រយ័ត្នមុនហោះហើរម្ដងៗ។ យើងក៏អាចពិនិត្យមើលខ្លួនយើងនិងទម្លាប់របស់យើងជាទៀងទាត់ដែរ តាំងពីយើងទទួលការជ្រមុជទឹក។ ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «ចូរកាន់ខ្ជាប់គំរូនៃពាក្យដែលមានប្រយោជន៍ដែលអ្នកបានឮពីខ្ញុំដោយមានជំនឿនិងសេចក្ដីស្រឡាញ់ដែលទាក់ទងនឹងគ្រិស្តយេស៊ូ»។ (២ធី. ១:១៣) «ពាក្យដែលមានប្រយោជន៍»ទាំងនោះមាននៅក្នុងបណ្ដាំរបស់ព្រះ។ (១ធី. ៦:៣) ដូចគំនូរព្រាងរបស់វិចិត្រករដែលអាចឲ្យយើងឃើញថាជារូបភាពអ្វី នោះ‹គំរូនៃសេចក្ដីពិត›ជួយយើងឲ្យយល់អំពីចំណុចសំខាន់ៗ ហើយធ្វើតាមអ្វីដែលព្រះតម្រូវឲ្យយើងធ្វើ។ ដូច្នេះសូមឲ្យយើងពិនិត្យមើលឥឡូវនេះនូវជំហានផ្សេងៗដែលយើងបានធ្វើដើម្បីទទួលការជ្រមុជទឹក ដើម្បីដឹងថា យើងកំពុងធ្វើតាមគំរូនៃសេចក្ដីពិតយ៉ាងដិតដល់ឬយ៉ាងណា។
៨, ៩. (ក) ហេតុអ្វីយើងគួរបន្តរីកចម្រើនខាងចំណេះនិងជំនឿ? (ខ) សូមលើកឧទាហរណ៍អំពីសារៈសំខាន់នៃការរីកចម្រើនខាងចំណេះនិងជំនឿ និងអំពីមូលហេតុដែលការរីកចម្រើននេះបន្តរហូត។
៨ ជំហានដំបូងរបស់យើងគឺក្រេបយកចំណេះ។ បន្ទាប់មក យើងអាចធ្វើឲ្យជំនឿរបស់យើងកាន់តែរឹងមាំឡើង។ ប៉ុន្តែយើងគួរបន្តរីកចម្រើនទាំងខាងជំនឿនិងខាងចំណេះ។ (២ថែ. ១:៣) ការរីកចម្រើនជាប់ទាក់ទងនឹងការកែប្រែជីវិតរបស់យើងជាបណ្ដើរៗនិងជាបន្តបន្ទាប់។ ការ«រីកចម្រើន»មានន័យថាបង្កើន ពង្រីក។ ដូច្នេះបន្ទាប់ពីទទួលការជ្រមុជទឹក យើងត្រូវបន្តព្យាយាមបង្កើនចំណេះនិងពង្រឹងជំនឿរបស់យើង ដើម្បីកុំឲ្យនៅដដែល។
៩ យើងអាចប្រៀបធៀបការរីកចម្រើនខាងចំណេះនិងជំនឿជាមួយនឹងការធំលូតលាស់នៃដើមឈើមួយដើម។ ដើមឈើមួយដើមប្រហែលជាលូតលាស់រហូតដល់មានទំហំធំសម្បើម ជាពិសេសពេលឫសរបស់វាចាក់កាន់តែជ្រៅឬកាន់តែវែង។ ជាឧទាហរណ៍ ដើមតាត្រៅធំៗខ្លះអាចមានកម្ពស់ស្មើនឹងអាគារ១២ជាន់ ហើយមានឫសរឹងមាំ ចាក់ជ្រៅទៅក្នុងដី ហើយរង្វង់នៃដើមរបស់វាគឺរហូតដល់ទៅ១២ម៉ែត្រ (៤០ហ្វីត)។ (បទ. ៥:១៥) នៅដើមដំបូង ដើមឈើលូតលាស់យ៉ាងលឿន។ កាលដែលដើមឈើចាក់ឫសកាន់តែជ្រៅទៅ ហើយចាក់ទៅកាន់តែឆ្ងាយ នោះដើមវាកាន់តែធំ ហើយខ្ពស់ទៅ។ ក្រោយមក ពិបាកដឹងថាដើមឈើនោះធំលូតលាស់ណាស់។ នេះស្រដៀងគ្នានឹងការរីកចម្រើនរបស់គ្រិស្តសាសនិកម្នាក់។ យើងប្រហែលជារីកចម្រើនយ៉ាងលឿនក្នុងរយៈពេលដំបូងដែលយើងសិក្សាគម្ពីរ ហើយបន្ទាប់មកទទួលការជ្រមុជទឹក។ បងប្អូននៅក្នុងក្រុមជំនុំរីករាយដោយកត់សម្គាល់ឃើញការរីកចម្រើនរបស់យើង។ យើងអេភ. ៤:១៣) ដូច្នេះ យើងរីកចម្រើនរហូតដល់ក្លាយជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ដូចជាដើមឈើលូតលាស់ពីពន្លកតូចមួយរហូតដល់ក្លាយជាដើមឈើដ៏រឹងមាំមួយ។
ប្រហែលជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកត្រួសត្រាយម្នាក់ឬមានឯកសិទ្ធិឯទៀត។ នៅឆ្នាំក្រោយៗមក អ្នកឯទៀតប្រហែលជាពិបាកកត់សម្គាល់ការរីកចម្រើនរបស់យើងនៅក្នុងសេចក្ដីពិត។ ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែត្រូវរីកចម្រើនខាងជំនឿនិងចំណេះ«រហូតដល់មានភាពជាបុរសពេញវ័យ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត»។ (១០. ហេតុអ្វីការរីកចម្រើនគឺសំខាន់ចាំបាច់សូម្បីតែចំពោះគ្រិស្តសាសនិកដែលមានភាពចាស់ទុំក៏ដោយ?
១០ ប៉ុន្តែការរីកចម្រើនរបស់យើងមិនគួរឈប់ត្រឹមហ្នឹងទេ។ ចំណេះរបស់យើងត្រូវកើនឡើង ហើយជំនឿរបស់យើងត្រូវរឹងមាំ។ ដូច្នេះយើងនឹងចាក់ឫសកាន់តែជ្រៅក្នុងបណ្ដាំរបស់ព្រះដែលប្រៀបដូចជាដី។ (សុភ. ១២:៣) ក្នុងក្រុមជំនុំគ្រិស្តសាសនិកមានបងប្អូនប្រុសស្រីជាច្រើនដែលបានធ្វើដូច្នេះ។ ជាឧទាហរណ៍ បងប្រុសម្នាក់ដែលធ្វើជាអ្នកចាស់ទុំជាង៣០ឆ្នាំបានកត់សម្គាល់ថា គាត់នៅតែត្រូវរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ។ គាត់និយាយថា៖ «ខ្ញុំឲ្យតម្លៃចំពោះគម្ពីរកាន់តែខ្លាំងឡើង។ ខ្ញុំតែងតែរកឱកាសដើម្បីធ្វើតាមគោលការណ៍និងច្បាប់ក្នុងគម្ពីរតាមរបៀបផ្សេងៗ។ ខ្ញុំក៏មានចិត្តអបអរចំពោះកិច្ចបម្រើផ្សាយកាន់តែខ្លាំងដែរ»។
ចូរពង្រឹងចំណងមិត្តភាពរវាងអ្នកនឹងព្រះ
១១. តើតាមរបៀបណាយើងអាចស្គាល់ព្រះយេហូវ៉ាច្បាស់ជាងកាលដែលពេលវេលាកន្លងទៅ?
១១ ការរីកចម្រើនរបស់យើងក៏រួមបញ្ចូលការចូលទៅកាន់តែជិតព្រះយេហូវ៉ាជាមិត្តសម្លាញ់និងជាបិតារបស់យើងដែរ។ លោកចង់ឲ្យយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាព ហើយថាលោកស្រឡាញ់យើង។ នេះគឺដូចអារម្មណ៍របស់កូនក្មេងម្នាក់ ពេលវានៅជាមួយនឹងឪពុកម្ដាយដែលស្រឡាញ់វា ឬដូចអារម្មណ៍របស់យើង ពេលយើងនៅជាមួយមិត្តសម្លាញ់របស់យើង។ អ្នកប្រាកដជាទទួលស្គាល់ថា ភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា មិនមែនកើតឡើងក្នុងរយៈពេលដ៏ខ្លីឡើយ។ យើងត្រូវការពេលវេលាដើម្បីស្គាល់និងស្រឡាញ់លោក។ ដូច្នេះដើម្បីស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់ជាង សូមតាំងចិត្តលៃទុកពេលដើម្បីអានបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃ។ ហើយអានរាល់អត្ថបទទស្សនាវដ្ដីប៉មយាម រួមទាំងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។
១២. តើអ្វីគឺសំខាន់ចាំបាច់ដើម្បីឲ្យព្រះយេហូវ៉ាស្គាល់យើង?
១២ មិត្តសម្លាញ់របស់ព្រះមានចំណងមិត្តភាពកាន់តែរឹងមាំជាមួយនឹងលោក តាមរយៈការអធិដ្ឋានដ៏ស្មោះនិងការសេពគប់ដ៏ល្អ។ (សូមអាន ម៉ាឡាគី ៣:១៦) ព្រះយេហូវ៉ាផ្ទៀង«ត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ»។ (១ពេ. ៣:១២) ដូចឪពុកម្ដាយដែលមានសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាយកចិត្តទុកដាក់ស្ដាប់ពេលយើងអធិដ្ឋានអង្វរសុំជំនួយពីលោក។ ដូច្នេះយើងត្រូវ«តស៊ូក្នុងការអធិដ្ឋាន»។ (រ៉ូម ១២:១២) យើងមិនអាចពេញវ័យជាគ្រិស្តសាសនិកបានទេបើយើងមិនមានជំនួយពីព្រះ។ យើងមិនអាចតស៊ូ យកឈ្នះការបង្ខិតបង្ខំពីពិភពលោកនេះ ដោយពឹងលើកម្លាំងរបស់យើងផ្ទាល់បានទេ។ ប្រសិនបើយើងឈប់តស៊ូក្នុងការអធិដ្ឋាន យើងមិនអាចទទួលកម្លាំងដែលយើងត្រូវការបានទេ។ យើងអាចធ្លាក់ទឹកចិត្តដោយសាររបៀបរបបពិភពលោកនេះ ឬត្រូវល្បួងឲ្យធ្វើអ្វីដែលខុសឆ្គង។ ប៉ុន្តែលោកសុខចិត្តផ្ដល់ឲ្យយើងនូវជំនួយគ្រប់បែបយ៉ាងដែលយើងត្រូវការ ប្រសិនបើយើងសុំលោកឲ្យជួយ។ តើអ្នកអធិដ្ឋានទៅព្រះយេហូវ៉ាដូចរបៀបដែលអ្នកនិយាយទៅមិត្តសម្លាញ់ដ៏គួរឲ្យទុកចិត្តរបស់អ្នកឬទេ? តើមានរបៀបណាខ្លះដែលអ្នកអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់អ្នកកាន់តែប្រសើរឡើង?—យេ. ១៦:១៩
១៣. ហេតុអ្វីការសេពគប់ជាមួយបងប្អូនរួមជំនឿគឺសំខាន់ចាំបាច់ដើម្បីឲ្យចំណងមិត្តភាពយើងជាមួយព្រះរីកចម្រើន?
១៣ ព្រះយេហូវ៉ាពេញចិត្តចំពោះអស់អ្នកដែល«យកទ្រង់ជាទីពឹងផ្អែក»។ ដូច្នេះទោះជាក្រោយពីយើងបានស្គាល់ព្រះហើយក៏ដោយ យើងចង់បន្តសេពគប់ជាទៀងទាត់ជាពួកអ្នកដែលស្គាល់លោក ដោយបន្តចូលរួមកិច្ចប្រជុំ។ (ណា. ១:៧) នៅក្នុងពិភពលោកដែលពោរពេញទៅដោយការធ្លាក់ទឹកចិត្ត ជាការឈ្លាសវៃដែលយើងនៅក្នុងចំណោមបងប្អូនប្រុសស្រីដែលលើកទឹកចិត្តយើង។ តើនេះនាំឲ្យមានប្រយោជន៍អ្វីខ្លះ? បងប្អូនម្នាក់ៗនៅក្នុងក្រុមជំនុំនឹងលើកទឹកចិត្តអ្នកឲ្យ«មានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»។ (ហេ. ១០:២៤, ២៥) ដើម្បីស្រឡាញ់គ្នាទៅវិញទៅមកដូចប៉ូលបានសរសេរទៅបងប្អូនជនជាតិហេប្រឺ នោះត្រូវមានភាតរភាព ត្រូវមានក្រុមជំនុំ ត្រូវមានសហគមមួយដែលជាអ្នកគោរពប្រណិប័តន៍ដែលមានចិត្តគំនិតតែមួយ។ ការបង្ហាញសេចក្ដីស្រឡាញ់បែបនេះជាប់ទាក់ទងនឹងការចំណាយពេលជាមួយបងប្អូនគ្រិស្តសាសនិកឯទៀត។ ហេតុនេះ សូមកុំភ្លេចទៅកិច្ចប្រជុំជាទៀងទាត់ ហើយចូលរួមឆ្លើយសំណួរ។
១៤. ហេតុអ្វីយើងត្រៀមខ្លួនជានិច្ចដើម្បីប្រែចិត្ត ហើយធ្វើការកែប្រែក្នុងជីវិតរបស់យើង?
១៤ យើងក្លាយជាគ្រិស្តសាសនិកម្នាក់ ដោយសារយើងបានប្រែចិត្តហើយបានវិលមកវិញឬឈប់ធ្វើអំពើខុសឆ្គង។ ប៉ុន្តែយើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រែចិត្ត ហើយកែប្រែជីវិតរបស់យើង។ ជាមនុស្សជាតិដែលមិនល្អឥតខ្ចោះ យើងមានភាពខុសឆ្គងដែលប្រៀបដូចជាពស់វែកបម្រុងតែនឹងចឹកយើង។ (រ៉ូម ៣:៩, ១០; ៦:១២-១៤) ដូច្នេះយើងមិនធ្វើហាក់ដូចជាយើងមិនមានភាពទន់ខ្សោយនោះទេ។ ប៉ុន្តែព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ចំពោះយើង បើយើងពិតជាខំប្រឹងតស៊ូដើម្បីយកឈ្នះភាពទន់ខ្សោយរបស់យើង ហើយចាត់វិធានការដើម្បីធ្វើការកែប្រែ។ (ភី. ២:១២; ២ពេ. ៣:៩) ចូរប្រើពេលវេលានិងកម្លាំងរបស់អ្នកដើម្បីបម្រើព្រះយេហូវ៉ា ជាជាងដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ បងស្រីម្នាក់ដែលបានធំឡើងនៅក្នុងក្រុមគ្រួសារសាក្សីព្រះយេហូវ៉ា បានគិតថា នាងត្រូវភ័យខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយមានអារម្មណ៍ថានាងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តបានទេ។ នាងមិនមានអារម្មណ៍ជិតស្និទ្ធនឹងលោកទេ ហើយបានធ្វើខុសឆ្គងក្នុងជីវិតរបស់នាង។ នាងបាននិយាយថា៖ «នេះមិនមែនដោយសារខ្ញុំគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាទេ ប៉ុន្តែដោយសារខ្ញុំមិនបានស្គាល់លោកច្បាស់»។ ដូច្នេះនាងបានអធិដ្ឋានសុំជំនួយពីព្រះ ហើយបានចាប់ផ្ដើមធ្វើការកែប្រែខ្លះ។ នាងបាននិយាយថា៖ «ខ្ញុំបានដឹងថាព្រះយេហូវ៉ាដឹកដៃខ្ញុំដូចដឹកដៃកូនក្មេងម្នាក់ ជួយខ្ញុំឲ្យយកឈ្នះឧបសគ្គម្ដងមួយៗ បង្ហាញខ្ញុំអំពីអ្វីដែលខ្ញុំត្រូវធ្វើដោយចិត្តសប្បុរស»។
១៥. តើលោកយេស៊ូនិងបិតារបស់លោកកត់សម្គាល់អ្វី?
១៥ «ចូរបន្តប្រាប់បណ្ដាជន»អំពីដំណឹងល្អ។ ទេវតារបស់ព្រះបានប្រាប់ពេត្រុសនិងសាវ័កឯទៀតនូវពាក្យទាំងនេះ បន្ទាប់ពីពួកគាត់បានត្រូវដោះលែងពីគុកតាមរយៈការអស្ចារ្យ។ (សកម្ម. ៥:១៩-២១) ការចូលរួមក្នុងកិច្ចបម្រើផ្សាយរៀងរាល់សប្ដាហ៍ គឺជាអ្វីមួយទៀតដែលយើងត្រូវពិនិត្យមើលក្នុងបញ្ជីរបស់យើង។ លោកយេស៊ូនិងបិតារបស់លោកកត់សម្គាល់ទាំងជំនឿទាំងកិច្ចបម្រើផ្សាយរបស់យើង។ (បប. ២:១៩) អ្នកចាស់ទុំដែលបានត្រូវរៀបរាប់នៅវគ្គមុនបានបញ្ជាក់ថា៖ «កិច្ចផ្សព្វផ្សាយគឺជាកិច្ចការសំខាន់ក្នុងជីវិតរបស់យើង»។
១៦. ហេតុអ្វីជាការល្អដែលយើងរំពឹងគិតអំពីការប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ា?
១៦ សូមរំពឹងគិតអំពីការប្រគល់ខ្លួនរបស់អ្នកជូនព្រះ។ ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាគឺជាទ្រព្យសម្បត្ដិដែលមានតម្លៃបំផុត។ លោកស្គាល់ពួកអ្នកដែលជារបស់លោក។ (សូមអាន អេសាយ ៤៤:៥) សូមរំពឹងគិតអំពីចំណងមិត្តភាពរបស់អ្នកជាមួយ នឹងព្រះយេហូវ៉ាថារឹងមាំយ៉ាងណា។ ស្តីអំពីរឿងនេះ សូមចាំអំពីថ្ងៃខែដ៏សំខាន់ពេលអ្នកទទួលការជ្រមុជទឹក។ នេះក៏នឹងជួយរំលឹកអ្នកដែរថា ការជ្រមុជទឹកដែលជាតំណាងការប្រគល់ខ្លួនជូនព្រះរបស់អ្នកគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតដែលអ្នកបានធ្វើ។
ចូរនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាដោយចេះស៊ូទ្រាំ
១៧. ហេតុអ្វីយើងត្រូវចេះស៊ូទ្រាំដើម្បីនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា?
១៧ ក្នុងសំបុត្រដែលប៉ូលសរសេរទៅបងប្អូននៅខេត្តកាឡាទី គាត់បានលើកបញ្ជាក់អំពីការចេះស៊ូទ្រាំ។ (កាឡ. ៦:៩) នេះក៏សំខាន់ចាំបាច់សម្រាប់គ្រិស្តសាសនិកនៅសព្វថ្ងៃនេះដែរ។ អ្នកនឹងជួបទុក្ខលំបាកផ្សេងៗ ប៉ុន្តែព្រះយេហូវ៉ានឹងជួយអ្នក។ សូមបន្តអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយលោកនឹងជួយអ្នកឲ្យមានអំណរនិងសេចក្ដីសុខសាន្ត ទោះជាអ្នកនៅតែមានបញ្ហាក៏ដោយ។ (ម៉ាថ. ៧:៧-១១) សូមគិតអំពីរឿងនេះ។ ប្រសិនបើព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះសត្វស្លាបទាំងឡាយ ចុះទម្រាំអ្នកដែលស្រឡាញ់លោក ហើយបានប្រគល់ខ្លួនជូនលោក នោះលោកច្បាស់ជាយកចិត្តទុកដាក់ចំពោះអ្នក ខ្លាំងជាងនោះទៅទៀត មែនទេ? (ម៉ាថ. ១០:២៩-៣១) ទោះជាអ្នកប្រឈមមុខនឹងការបង្ខិតបង្ខំបែបណាក៏ដោយ ចូរកុំរាថយឬចុះចាញ់ឡើយ។ យើងមានពរដ៏អស្ចារ្យដោយសារព្រះយេហូវ៉ាបានស្គាល់យើង!
១៨. ដោយសារអ្នកបាន«ស្គាល់ព្រះ» តើអ្នកចង់ធ្វើអ្វីនៅឥឡូវនេះ?
១៨ ដូច្នេះប្រសិនបើអ្នកទើបតែស្គាល់ព្រះ ហើយបានទទួលការជ្រមុជទឹក តើអ្នកនឹងធ្វើអ្វីនៅឥឡូវនេះ? ចូរបន្តស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់ថែមទៀត និងបន្តរីកចម្រើនរហូតដល់មានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ។ ប្រសិនបើអ្នកបានទទួលការជ្រមុជទឹកច្រើនឆ្នាំហើយ តើអ្នកនឹងធ្វើអ្វីនៅឥឡូវនេះ? អ្នកក៏ត្រូវបន្តបង្កើនចំណេះអំពីព្រះយេហូវ៉ាដែរ។ សូមកុំឲ្យយើងគិតថា យើងមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដល់កម្រិតនេះគឺគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញ ម្ដងម្កាលសូមពិនិត្យឡើងវិញអំពីអ្វីៗដែលយើងបានពិភាក្សានៅក្នុងអត្ថបទនេះ ដើម្បីយើងនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាដែលជាបិតា មិត្តសម្លាញ់និងជាព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។—សូមអាន កូរិនថូសទី២ ១៣:៥, ៦
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៣]
[រូបភាពនៅទំព័រ១៥]
ដើមឈើបន្តលូតលាស់។ គ្រិស្តសាសនិកក៏គួរធ្វើដូចគ្នាដែរ
[ប្រអប់នៅទំព័រ១៧]
ជំហានផ្សេងៗដើម្បីទទួល ការជ្រមុជទឹកនិងបន្តរីកចម្រើន
១ យើងចាប់ផ្ដើម«ស្គាល់»ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។—យ៉ូន. ១៧:៣
២ យើងមានជំនឿកាន់តែរឹងមាំកាលដែលចំណេះរបស់យើងមានកាន់តែច្រើនឡើង។—យ៉ូន. ៣:១៦
៣ យើងអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់។—សកម្ម. ២:២១
៤ យើងចាប់ផ្ដើមសេពគប់ជាមួយបងប្អូនក្នុងក្រុមជំនុំ។—ហេ. ១០:២៤, ២៥
៥ យើងប្រែចិត្តពីអំពើខុសឆ្គងរបស់យើង។—សកម្ម. ១៧:៣០
៦ យើងវិលមកវិញឬលែងធ្វើអំពើអាក្រក់។—សកម្ម. ៣:១៩
៧ យើងចាប់ផ្ដើមនិយាយប្រាប់អ្នកឯទៀតអំពីសេចក្ដីពិត។—២កូ. ៤:១៣
៨ យើងប្រគល់ខ្លួនជូនព្រះយេហូវ៉ាដើម្បីធ្វើតាមលោកយេស៊ូយ៉ាងខ្ជាប់ខ្ជួន។—១ពេ. ៤:២
៩ យើងទទួលការជ្រមុជទឹកដែលជាតំណាងការប្រគល់ខ្លួនជូនព្រះ។—១ពេ. ៣:២១