លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា«គ្មានហេតុនឹងចំពប់ដួលឡើយ»

ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា«គ្មានហេតុនឹងចំពប់ដួលឡើយ»

ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​«​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ​»​

​«​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ​»។—ទំនុក. ១១៩:១៦៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​គ្រិស្ត​សាសនិក​រត់​ប្រណាំង​បែប​ណា? តើ​យើង​អាច​ទទួល​រង្វាន់​អ្វី បើ​យើង​រត់​ដល់​ទី​ដៅ?

តើ​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ជំពប់​ដួល?

ហេតុ​អ្វី​ពួក​អ្នក​ដែល​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា​គ្មាន​ហេតុ​នឹង​ជំពប់​ដួល?

១​. តើ​តាម​របៀប​ណា​អ្នក​រត់​ប្រណាំង​ម្នាក់​បង្ហាញ​ថា នាង​មិន​បោះបង់​ចោល​ការ​រត់​ប្រណាំង​របស់​នាង?

តាំង​ពី​វ័យ​ជំទង់ ម៉ារី ដិកគ័រ​មាន​ឈ្មោះ​ល្បីល្បាញ​ជា​អ្នក​រត់​ប្រណាំង​ចំណាត់​ថ្នាក់​ពិភព​លោក។ គេ​រំពឹង​ថា​នាង​នឹង​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ការ​រត់​ប្រណាំង​ផ្ដាច់​ព្រ័ត្រ​ចម្ងាយ​៣.០០០​ម៉ែត្រ​នៅ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​១៩៨៤។ ប៉ុន្តែ​នាង​មិន​អាច​រត់​ទៅ​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​បាន​ទេ។ នាង​បាន​ជំពប់​ជើង​ជា​មួយ​នឹង​អ្នក​រត់​ម្នាក់​ទៀត ហើយ​ដួល​ទៅ​លើ​ដី។ នាង​មាន​របួស ហើយ​យំ រួច​បាន​ត្រូវ​គេ​សែង​ចេញ​ពី​ផ្លូវ​រត់​ប្រណាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ម៉ា​រី​មិន​បាន​បោះបង់​ចោល​ការ​រត់​ប្រណាំង​ទេ។ មិន​ដល់​មួយ​ឆ្នាំ​ផង នាង​បាន​រត់​ប្រណាំង​ម្ដង​ទៀត ហើយ​នាង​បាន​បង្កើត​ឯតទគ្គកម្ម​ពិភព​លោក​សម្រាប់​ការ​រត់​ចម្ងាយ​មួយ​ម៉ៃល៍​នៃ​ស្ត្រី នៅ​ឆ្នាំ​១៩៨៥។

២​. តើ​ការ​រត់​ប្រណាំង​បែប​ណា​ដែល​គ្រិស្ត​សាសនិក​រត់ ហើយ​តើ​យើង​គួរ​រត់​តាម​របៀប​ណា?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​យើង​កំពុង​រត់​ប្រណាំង​ក្នុង​ន័យ​ធៀប។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង គឺ​រត់​ដើម្បី​ឈ្នះ។ ការ​រត់​ប្រណាំង​របស់​យើង​មិន​មែន​ជា​ការ​រត់​ក្នុង​ចម្ងាយ​ខ្លី​ដែល​អ្នក​រត់​ត្រូវ​រត់​លឿន​បំផុត​ទើប​អាច​ឈ្នះ​នោះ​ទេ។ ការ​រត់​ប្រណាំង​របស់​យើង​ក៏​មិន​មែន​ជា​ការ​រត់​យឺត​ៗ ហើយ​រត់​ឈប់​ៗ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​រត់​ប្រណាំង​របស់​យើង​អាច​ប្រៀប​ទៅ​នឹង​ការ​រត់​ចម្ងាយ​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង ដែល​ចាំ​បាច់​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​ទទួល​ជ័យ​ជម្នះ។ សាវ័ក​ប៉ូល​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​អំពី​អ្នក​រត់​ប្រណាំង​ម្នាក់​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​កូរិនថូស ជា​ក្រុង​មួយ​ដែល​គេ​ស្គាល់​ថា​មាន​ការ​ប្រកួត​ខាង​អត្តពលកម្ម។ គាត់​បាន​សរសេរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា អ្នក​ដែល​រត់​ប្រណាំង រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទទួល​រង្វាន់? ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់​»។—១កូ. ៩:២៤

៣​. តើ​អ្នក​ណា​អាច​បាន​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

គម្ពីរ​ប្រាប់​យើង​ឲ្យ​រត់​ប្រណាំង​ក្នុង​ន័យ​ធៀប។ (​សូម​អាន កូរិនថូសទី១ ៩:២៥​-​២៧) រង្វាន់​គឺជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​សម្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​សម្រាប់​អ្នក​ចូល​រួម​ឯ​ទៀត​ទាំង​អស់។ មិន​ដូច​ការ​ប្រកួត​អត្តពលកម្ម​ភាគ​ច្រើន ការ​ប្រកួត​នេះ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ចូល​រួម​ហើយ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ឈ្នះ​រង្វាន់។ (​ម៉ាថ. ២៤:១៣​) ពួក​អ្នក​ចូល​រួម​ប្រកួត​ត្រូវ​ចាញ់​បើ​ពួក​គេ​មិន​រត់​ស្រប​តាម​វិន័យ ឬ​មិន​បាន​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ។ បន្ថែម​ទៅ​ទៀត នេះ​ជា​ការ​រត់​ប្រណាំង​តែ​មួយ​គត់​ដែល​ផ្ដល់​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៤​. ហេតុ​អ្វី​ការ​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​មិន​មែន​ជា​ការ​ងាយ​ស្រួល?

ការ​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ នេះ​តម្រូវ​ឲ្យ​បង្ខំ​ខ្លួន និង​ឲ្យ​មាន​គោលដៅ​ច្បាស់​លាស់។ មាន​តែ​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ដោយ​មិន​បាន​ជំពប់​ដួល​សូម្បី​តែ​ម្ដង​ក៏​ដោយ បុគ្គល​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ ប៉ុន្តែ​យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​បាន​សរសេរ​ថា ពួក​អ្នក​កាន់​តាម​គ្រិស្ត​«​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។ (​យ៉ា. ៣:២​) នេះ​ជា​ការ​ពិត​ណាស់! យើង​ទាំង​អស់​គ្នា​ទទួល​ឥទ្ធិពល​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​និង​របស់​អ្នក​ឯ​ទៀត។ ដូច្នេះ ពេល​ខ្លះ​យើង​ប្រហែលជា​ជំពប់​ជើង បន្ទាប់​មក​រក​កល់​នឹង​ដួល ហើយ​ល្បឿន​ឬ​សន្ទុះ​របស់​យើង​ចុះ​ខ្សោយ។ យើង​ប្រហែលជា​ដួល​ទៀត​ផង ប៉ុន្តែ​យើង​ក្រោក​ឡើង ហើយ​បន្ត​រត់​ត​ទៅ​ទៀត។ អ្នក​ខ្លះ​បាន​ដួល​យ៉ាង​ខ្លាំង​រហូត​ដល់​ត្រូវ​ការ​ជំនួយ​ដើម្បី​ក្រោក​ឡើង​វិញ ហើយ​ដើម្បី​ចាប់​ផ្ដើម​រត់​ទៅ​ដល់​ទី​ផ្ដាច់​ព្រ័ត្រ។ ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ជំពប់​ដួល​ម្ដង​ម្កាល។—១ព. ៨:៤៦

ចូរ​បន្ត​រត់​ទោះ​បី​អ្នក​ជំពប់​ដួល

៥, ៦​. ​(​ក​) តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ម្នាក់​«​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​»​ ហើយ​តើ​អ្វី​នឹង​ជួយ​គាត់​ឲ្យ​«​ក្រោក​ឡើង​វិញ​»​? (​ខ​) ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ព្រម​ក្រោក​ឡើង​វិញ​បន្ទាប់​ពី​ដួល?

ប្រហែលជា​អ្នក​ធ្លាប់​ប្រើ​ពាក្យ​«​ជំពប់​ដួល​»​ឬ​«​ដួល​»​ផ្លាស់​ប្ដូរ​គ្នា ដើម្បី​រៀប​រាប់​អំពី​បញ្ហា​មួយ​ដែល​ទាក់​ទង​នឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ ក្នុង​គម្ពីរ​ពាក្យ​«​ជំពប់​ដួល​»​ឬ​«​ដួល​»​អាច​មាន​ន័យ​ដូច​គ្នា ប៉ុន្តែ​មិន​តែង​តែ​មាន​ន័យ​ដូច​គ្នា​រហូត​ទេ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ពាក្យ​ដែល​មាន​ក្នុង​សុភាសិត ២៤:១៦​ដែល​ចែង​ថា​៖ ​«​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំ​លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ​»។

ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​ទុក​ចិត្ត​លើ​លោក​ជួប​នឹង​ឧបសគ្គ​ដែល​រារាំង​មិន​ឲ្យ​គោរព​ប្រណិប័តន៍​លោក ឬ​ជំពប់​ដួល​រហូត​ដល់​ពួក​គេ​មិន​អាច​ក្រោក​ឡើង​វិញ​នោះ​ទេ។ យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​«​ក្រោក​ឡើង​វិញ​»​ដើម្បី​យើង​អាច​បន្ត​បម្រើ​លោក​ដោយ​បង្ហាញ​ភក្ដីភាព​របស់​យើង​ទាំង​ស្រុង។ នេះ​ពិត​ជា​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត​មែន! មនុស្ស​អាក្រក់​មិន​ចង់​ក្រោក​ឡើង​វិញ​ទេ។ ពួក​គេ​មិន​ស្វែងរក​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​និង​ពី​រាស្ត្រ​របស់​លោក ឬ​ពួក​គេ​មិន​ព្រម​ទទួល​ជំនួយ​នោះ​ទេ។ គម្ពីរ​ចែង​ថា ពួក​អ្នក​ដែល​ស្រឡាញ់​‹ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា›​គ្មាន​ហេតុ​នឹង​ជំពប់​ដួល​ឡើយ។ នេះ​មាន​ន័យ​ថា យើង​អាច​ក្រោក​ឡើង​វិញ​ដើម្បី​បន្ត​រត់​ប្រណាំង ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន ទំនុកតម្កើង ១១៩:១៦៥

៧, ៨​. ហេតុ​អ្វី​មនុស្ស​ម្នាក់​នៅ​តែ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ទោះ​ជា​គាត់​«​ដួល​»​?

អ្នក​ខ្លះ​បាន​ភ្លាត់​ធ្វើ​អំពើ​ខុស​ឆ្គង​តូច​តាច​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​សារភាព​ទន់​ខ្សោយ​របស់​ខ្លួន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នៅ​តែ​ចាត់​ទុក​ពួក​គេ​ថា​សុចរិត​ប្រសិនបើ​ពួក​គេ​«​ក្រោក​ឡើង​វិញ​»​ ពោល​គឺ​បើ​ពួក​គេ​កែប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ខំ​បន្ត​បម្រើ​ព្រះ​ដោយ​ចិត្ត​ស្មោះ​ភក្ដី​ម្ដង​ទៀត។ យើង​អាច​យល់​អំពី​រឿង​នោះ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ព្រះ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ (​អេ. ៤១:៩, ១០​) សុភាសិត ២៤:១៦​មិន​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កំហុស​ដែល​យើង​ធ្វើ​ទេ ផ្ទុយ​ទៅ​វិញ​សុភាសិត​នេះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​«​ក្រោក​ឡើង​វិញ​»។ (​សូម​អាន អេសាយ ៥៥:៧) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​មាន​ទំនុក​ចិត្ត​លើ​យើង ហើយ​លោក​ទាំង​ពីរ​លើក​ទឹក​ចិត្ត​យើង​ដោយ​ចិត្ត​សប្បុរស ឲ្យ​«​ក្រោក​ឡើង​វិញ​»។—ទំនុក. ៨៦:​៥; យ៉ូន. ៥:១៩

សូម្បី​តែ​អ្នក​រត់​ប្រណាំង​ដែល​ជំពប់​ដួល​ឬ​ដួល​ពេល​រត់​ប្រណាំង​ម៉ា​រ៉ា​តុង គាត់​ប្រហែលជា​មាន​ឱកាស​ដើម្បី​ក្រោក​ឡើង​វិញ ហើយ​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ ប្រសិនបើ​គាត់​ធ្វើ​ដូច្នេះ​យ៉ាង​ប្រញាប់។ យើង​មិន​ដឹង​ថា​ការ​រត់​ប្រណាំង​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នឹង​ចប់​នៅ​«​ថ្ងៃ​និង​ម៉ោង​»​ណា​ទេ។ (​ម៉ាថ. ២៤:៣៦​) ប៉ុន្តែ​បើ​យើង​ខំ​ប្រឹង​មិន​ឲ្យ​ដួល នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​រត់​ប្រណាំង រក្សា​ល្បឿន ហើយ​បញ្ចប់​ការ​រត់​ប្រណាំង​ដោយ​ជោគជ័យ។ ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​មិន​ឲ្យ​ជំពប់​ដួល?

អ្វី​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ជំពប់​ដួល

៩​. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល?

សូម​យើង​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ជំពប់​ដួល ពោល​គឺ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​រង​អំពើ​អយុត្ដិធម៌​ពី​សំណាក់​បង​ប្អូន​រួម​ជំនឿ ទុក្ខ​លំបាក​ឬ​ការ​បៀតបៀន និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ សូម​ចាំ​ថា ទោះ​ជា​យើង​ជំពប់​ដួល​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​ណាស់។ លោក​មិន​ឆាប់​សន្និដ្ឋាន​ថា យើង​មិន​មាន​ចិត្ត​ស្មោះ​នឹង​លោក​នោះ​ទេ។

១០, ១១​. តើ​ដាវីឌ​បាន​តស៊ូ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណាខ្លះ​របស់​គាត់?

១០ ភាព​ទន់​ខ្សោយ​របស់​ខ្លួន​យើង​អាច​ប្រៀប​បាន​ទៅ​នឹង​ដុំ​ថ្ម​ដែល​របេះ​ធ្លាក់​មក​លើ​ផ្លូវ​រត់​ប្រណាំង។ ពេល​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ស្តេច​ដាវីឌ​និង​សាវ័ក​ពេត្រុស យើង​អាច​ឃើញ​ភាព​ទន់​ខ្សោយ​ពីរ​យ៉ាង ពោល​គឺ​ការ​មិន​ចេះ​ទប់​ចិត្ត​និង​ការ​ខ្លាច​មនុស្ស។

១១ ស្តេច​ដាវីឌ​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ទប់​ចិត្ត ជាក់​ស្តែង​ពេល​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​មួយ​នឹង​បាត​សេ​បា។ ម្យ៉ាង​ទៀត ពេល​ដែល​ណា​បាល​បាន​ជេរ​ប្រមាថ​គាត់ ដាវីឌ​ហៀបនឹង​ប្រព្រឹត្ត​ដោយ​មិន​បាន​គិត​មុខ​គិត​ក្រោយ។ មែន​ហើយ ជួនកាល​ដាវីឌ​មិន​បាន​ទប់​ចិត្ត​ទេ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឡើយ។ ដោយ​មាន​ជំនួយ​ពី​អ្នក​ឯ​ទៀត គាត់​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ។—១សាំ. ២៥:៥​-​១៣, ៣២, ៣៣; ២សាំ. ១២:១​-​១៣

១២​. តើ​តាម​របៀប​ណា​ពេត្រុស​នៅ​តែ​បន្ត​រត់​ប្រណាំង​ទោះ​ជា​គាត់​ជំពប់​ដួល?

១២ ពេត្រុស​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស ជួនកាល​ការ​ភ័យ​ខ្លាច​បណ្ដាល​ឲ្យ​គាត់​ធ្វើ​ខុស ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​ភក្ដីភាព​ចំពោះ​លោក​យេស៊ូ​និង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ គាត់​បាន​បដិសេធ​លោក​ម្ចាស់​របស់​គាត់​ជា​សាធារណៈ​មិន​គ្រាន់តែ​មួយ​ដង​ទេ ប៉ុន្តែ​ដល់​ទៅ​បី​ដង។ (​លូក. ២២:៥៤​-​៦២​) ក្រោយ​មក គាត់​មិន​បាន​ប្រព្រឹត្ត​ឲ្យ​សម​ជា​គ្រិស្ត​សាសនិក។ គាត់​ហាក់​ដូច​ជា​បាន​ចាត់​ទុក​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ជន​ជាតិ​ដទៃ​ថា អន់​ជាង​គ្រិស្ត​សាសនិក​ជា​ជន​ជាតិ​យូដា​ដែល​បាន​កាត់​ចុង​ស្បែក។ ប៉ុន្តែ សាវ័ក​ប៉ូល​បាន​យល់​អំពី​បញ្ហា​នោះ​យ៉ាង​ច្បាស់ ពោល​គឺ​មិន​ត្រូវ​ឲ្យ​មាន​ការ​បែងចែក​វណ្ណៈ​នៅ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ចិត្ត​គំនិត​របស់​ពេត្រុស​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ មុន​នឹង​ការ​ប្រព្រឹត្ត​របស់​ពេត្រុស​ធ្វើ​ឲ្យ​ខូច​ចំណង​មិត្តភាព​ជា​បង​ប្អូន ប៉ូល​បាន​ជូន​ឱវាទ​ដល់​គាត់​ដោយ​ផ្ទាល់។ (​កាឡ. ២:១១​-​១៤​) តើ​ពេត្រុស​បាន​បាក់មុខ​រហូត​ដល់​បោះបង់​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត​ឬ​ទេ? មិន​មែន​ទេ។ គាត់​បាន​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ឱវាទ​របស់​ប៉ូល បាន​ធ្វើ​តាម​ឱវាទ​នោះ ហើយ​បាន​បន្ត​រត់​ប្រណាំង។

១៣​. តើ​តាម​របៀប​ណា​ភាព​ទន់​ខ្សោយ​ខាង​រូប​កាយ​បណ្ដាល​ឲ្យ​ជំពប់​ដួល?

១៣ ជួនកាល​បញ្ហា​សុខភាព​ក៏​ជា​អ្វី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​ដែរ។ វា​ប្រហែលជា​បង្អាក់​ល្បឿន​របស់​យើង​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​យើង​រក​កល់​នឹង​ដួល​និង​ល្វើយ។ ជា​ឧទាហរណ៍ បង​ស្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​មាន​បញ្ហា​សុខភាព​អស់​១៧​ឆ្នាំ ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ខ្វល់ខ្វាយ​នឹង​បញ្ហា​សុខភាព​របស់​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​គាត់​ចុះ​ខ្សោយ។ ក្រោយ​មក គាត់​ទៅ​ជា​អសកម្ម។ អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​ទៅ​លេង​គាត់។ ដោយ​សារ​អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ដោយ​សម្ដី​សប្បុរស គាត់​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ម្ដង​ទៀត។ គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​បង​ប្អូន​បាន​សួរ​សុខ​ទុក្ខ​ខ្ញុំ​យ៉ាង​កក់​ក្ដៅ​»។ ឥឡូវ​នេះ​បង​ស្រី​យើង​បាន​ត្រឡប់​មក​រត់​ប្រណាំង​វិញ។

១៤, ១៥​. តើ​យើង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​អ្វី ពេល​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​កើត​ឡើង? សូម​លើក​ឧទាហរណ៍។

១៤ សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ធ្វើ​ឲ្យ​បង​ប្អូន​ជា​ច្រើន​នាក់​ជំពប់​ដួល។ ពេល​ដែល​យើង​ត្រូវ​ល្បួង​ឲ្យ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង យើង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​រក្សា​ចិត្ត​គំនិត សីលធម៌ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ឲ្យ​នៅ​ស្អាត​ស្អំ​ជា​និច្ច។ សូម​ចាំ​អំពី​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​«​បោះចោល​»​ក្នុង​ន័យ​ធៀប នូវ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល ទោះ​ជា​ភ្នែក​ឬ​ដៃ​របស់​យើង​ក៏​ដោយ។ នេះ​ក៏​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​និង​ការ​គិត​អំពី​អំពើ​ប្រាសចាក​សីលធម៌​ដែល​បាន​បណ្ដាល​ឲ្យ​បង​ប្អូន​ខ្លះ​បោះបង់​ចោល​ការ​រត់​ប្រណាំង។—សូម​អាន ម៉ាថាយ ៥:២៩, ៣០

១៥ បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​ចិញ្ចឹម​ក្នុង​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​បាន​សរសេរ​ថា តាំង​ពី​យូរ​មក​ហើយ គាត់​ត្រូវ​ខំ​ប្រឹង​យក​ឈ្នះ​អារម្មណ៍​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​មិន​ស្រួល ហើយ​គិត​ថា​ខ្ញុំ​ចូល​គេ​មិន​ចុះ​»។ ពេល​គាត់​មាន​អាយុ​២០​ឆ្នាំ គាត់​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​និង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម​ជំនុំ។ ក្រោយ​មក​គាត់​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់ធ្ងរ បាន​ទទួល​ការ​ប្រដៅ​តម្រង់​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ ហើយ​បាន​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ តាម​រយៈ​ការ​អធិដ្ឋាន ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​អ្នក​ឯ​ទៀត គាត់​បាន​ក្រោក​ឡើង​វិញ ហើយ​បាន​ចាប់​ផ្ដើម​បន្ត​រត់​ប្រណាំង​ម្ដង​ទៀត​ដើម្បី​ឲ្យ​បាន​ជីវិត។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​សារភាព​ថា​៖ ​«​ពេល​ខ្លះ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​បែប​នោះ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ឲ្យ​អារម្មណ៍​បែប​នោះ​ឈ្នះ​ខ្ញុំ​ទេ។ ខ្ញុំ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ការ​ល្បួង​ហួស​ពី​សមត្ថភាព​របស់​អ្នក​ឡើយ។ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​ចាត់​ទុក​ថា​ខ្ញុំ​ឈ្នះ​អារម្មណ៍​បែប​នេះ​»។ បង​ប្រុស​នេះ​មិន​ចង់​ឲ្យ​អ្វី​ណា​មួយ​បណ្ដាល​ឲ្យ​គាត់​ឈប់​រត់​ប្រណាំង​ទេ។ គាត់​ដឹង​ថា ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​គឺ​សម​ឲ្យ​គាត់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​នៅ​ពេល​ឥឡូវ​នេះ។ គាត់​និយាយ​ថា​៖ ​«​ទម្រាំ​ដល់​ពេល​នោះ ខ្ញុំ​ត្រូវ​តែ​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត​»។

១៦, ១៧​. ​(​ក​) តើ​អ្វី​បាន​ជួយ​បង​ប្រុស​ម្នាក់​ដែល​គិត​ថា​គាត់​បាន​រង​អំពើ​អយុត្ដិធម៌? (​ខ​) ដើម្បី​កុំ​ឲ្យ​ជំពប់​ដួល តើ​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី?

១៦ ការ​រង​អំពើ​អយុត្ដិធម៌​ពី​សំណាក់​បង​ប្អូន​រួម​ជំនឿ​អាច​ធ្វើ​ឲ្យ​ជំពប់​ដួល។ នៅ​ប្រទេស​បារាំង បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​ជា​អ្នក​ចាស់​ទុំ បាន​ជឿ​ថា​គាត់​រង​គ្រោះ​ដោយ​សារ​អំពើ​អយុត្ដិធម៌​មួយ ហើយ​គាត់​បាន​ខឹង។ ជា​លទ្ធផល គាត់​បាន​ឈប់​សេពគប់​ជា​មួយ​នឹង​ក្រុម​ជំនុំ ហើយ​ទៅ​ជា​អសកម្ម។ អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​មក​លេង​គាត់ ហើយ​បាន​បង្ហាញ​ចិត្ត​សប្បុរស​ដោយ​ស្ដាប់​គាត់ ពេល​គាត់​ពន្យល់​អំពី​អ្វី​ដែល​គាត់​ជឿ​ថា​បាន​កើត​ឡើង។ អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ផ្ទេរ​បន្ទុក​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត​គឺ​ធ្វើ​អ្វី​ៗ​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត។ បង​ប្រុស​នេះ​ព្រម​ធ្វើ​តាម​ឱវាទ ហើយ​មិន​យូរ​ក្រោយ​មក​គាត់​បាន​ត្រឡប់​មក​រត់​ប្រណាំង​វិញ ដោយ​មាន​សកម្មភាព​ក្នុង​ក្រុម​ជំនុំ​ម្ដង​ទៀត។

១៧ គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត ជា​ប្រមុខ​ក្រុម​ជំនុំ​ដែល​ព្រះ​បាន​តែង​តាំង មិន​មែន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្ស​ទេ។ លោក​យេស៊ូ​ដែល​មាន​ភ្នែក​«​ភ្លឺ​ដូច​អណ្ដាត​ភ្លើង​»​ យល់​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង ហើយ​លោក​អាច​មើល​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ឃើញ។ (​បប. ១:១៣​-​១៦​) ជា​ឧទាហរណ៍ លោក​ទទួល​ស្គាល់​ថា អ្វី​ដែល​មើល​ទៅ​ដូច​ជា​អយុត្ដិធម៌​សម្រាប់​យើង​ប្រហែលជា​ដោយ​សារ​យើង​យល់​ច្រឡំ។ លោក​យេស៊ូ​នឹង​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ក្រុម​ជំនុំ​តាម​របៀប​ដ៏​ល្អ​ឥត​ខ្ចោះ​និង​នៅ​ពេល​ត្រឹម​ត្រូវ។ ដូច្នេះ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការ​ប្រព្រឹត្ត ឬ​ការ​សម្រេច​ចិត្ត​របស់​បង​ប្អូន​រួម​ជំនឿ ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​ទេ។

១៨​. តើ​តាម​របៀប​ណា​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ក្នុង​អំឡុង​ពេល​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀតបៀន?

១៨ អ្វី​ពីរ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​គឺ ទុក្ខ​លំបាក​ឬ​ការ​បៀត​បៀន​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បង​ប្អូន​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ។ នៅ​ក្នុង​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា បុគ្គល​ខ្លះ​នឹង​ជំពប់​ដួល​ដោយ​សារ​ពួក​គេ​ជួប​នឹង​«​ទុក្ខ​លំបាក​ឬ​ការ​បៀត​បៀន​»​ដែល​មក​ពី​ពិភព​លោក​នេះ។ ការ​បៀតបៀន​អាចម​ក​ពី ក្រុម​គ្រួសារ អ្នក​ជិត​ខាង​ឬ​ពី​ពួក​អាជ្ញាធរ នេះ​អាច​មាន​ឥទ្ធិពល​ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​«​គ្មាន​ឫស​»​ ពោល​គឺ​អ្នក​ដែល​គ្មាន​ជំនឿ​រឹង​មាំ។ (​ម៉ាថ. ១៣:២១​) ប៉ុន្តែ បើ​យើង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា គ្រាប់​ពូជ​នៃ​រាជាណាចក្រ​នឹង​ជួយ​យើង​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ចូរ​អធិដ្ឋាន ហើយ​ខំ​ប្រឹង​រំពឹង​គិត​ទៅ​លើ​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ (​សូម​អាន ភីលីព ៤:៦​-​៩) ដោយ​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​មិន​ឲ្យ​ស្ថានភាព​ពិបាក​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​ឡើយ។

១៩​. តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​កុំ​ឲ្យ​ជំពប់​ដួល​ពេល​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អន់​ចិត្ត?

១៩ គួរ​ឲ្យ​ស្ដាយ​ណាស់ ច្រើន​ឆ្នាំ​មក​ហើយ​បង​ប្អូន​ខ្លះ​បាន​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត​រារាំង​ពួក​គេ​មិន​ឲ្យ​រត់​ប្រណាំង។ បុគ្គល​ម្នាក់​ប្រហែលជា​ជំពប់​ដួល​ដោយ​សារ​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ដែល​សមត្ថភាព​វិនិច្ឆ័យ​របស់​បុគ្គល​នោះ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ។ (​១កូ. ៨:១២, ១៣​) ប្រសិនបើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អន់​ចិត្ត តើ​យើង​នឹង​ចាត់​ទុក​នេះ​ជា​បញ្ហា​សំខាន់​បំផុត​ឬ​ទេ? គម្ពីរ​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​ឈប់​វិនិច្ឆ័យ ឲ្យ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត ហើយ​មិន​គិតតែ​ពី​សិទ្ធិ​របស់​ខ្លួន​ប៉ុណ្ណោះ។ (​លូក. ៦:៣៧​) ពេល​អ្នក​អន់​ចិត្ត សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​ខ្ញុំ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ដោយ​ផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឬ? ដោយ​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​គឺ​មិន​ល្អ​ឥត​ខ្ចោះ តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បង​ប្អូន​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត​ឬ​ទេ?›។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​មិន​ឲ្យ​អ្វី​ៗ​ដែល​អ្នក​ឯ​ទៀត​ធ្វើ មករា​រាំង​យើង​មិន​ឲ្យ​រត់​ទៅ​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ឡើយ។

ចូរ​រត់​ដោយ​ស៊ូ​ទ្រាំ ហើយ​កុំ​ឲ្យ​ជំពប់​ដួល

២០, ២១​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត?

២០ តើ​អ្នក​បាន​តាំង​ចិត្ត​ដើម្បី​«​រត់​ប្រណាំង​ដល់​ទី​ដៅ​»​ឬ​ទេ? (​២ធី. ៤:៧, ៨​) ដូច្នេះ ការ​សិក្សា​ផ្ទាល់​ខ្លួន​គឺ​សំខាន់​ចាំ​បាច់។ សូម​ប្រើ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដើម្បី​ជួយ​អ្នក​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​សូម​រំពឹង​គិត ដើម្បី​អ្នក​ដឹង​អំពី​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល។ សូម​អង្វរ​សុំ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បំពេញ​កិច្ច​បម្រើ​ព្រះ។ សូម​ចាំ​ថា គ្មាន​អ្នក​រត់​ប្រណាំង​ណា​ម្នាក់​ពិត​ជា​នឹង​បរាជ័យ​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ទទួល​ជីវិត ដោយ​សារ​តែ​គាត់​ជំពប់​ដួល​ឬ​ដួល​ម្ដង​ម្កាល​នោះ​ទេ។ គាត់​អាច​ក្រោក​ឡើង ហើយ​បន្ត​រត់​ប្រណាំង​ម្ដង​ទៀត។ គាត់​ប្រហែលជា​អាច​រៀន​ពី​កំហុស​របស់​គាត់​ដើម្បី​គាត់​អាច​រត់​ក្នុង​ទី​ប្រណាំង​ឲ្យ​បាន​ប្រសើរ​ជាង។

២១ គម្ពីរ​បង្ហាញ​ថា​យើង​ត្រូវ​រត់​រហូត​ដល់​ទី​ដៅ បើ​យើង​ចង់​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ កាល​ណា​យើង​រត់​ប្រណាំង ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​ដ៏​លើស​លប់​»។ (​ទំនុក. ១១៩:​១៦៥​) យើង​អាច​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​បន្ត​ជួយ​យើង​នៅ​ពេល​ឥឡូវ​នេះ ហើយ​ផ្ដល់​ពរ​ដល់​យើង​ជា​រៀង​រហូត បើ​យើង​រត់​ប្រណាំង​ដល់​ទី​ដៅ។—យ៉ា. ១:១២

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៣​]

[​រូបភាព​នៅ​ទំព័រ​៤​]

ប្រសិនបើ​អ្នក​ដួល ចូរ​ទទួល​យក​ជំនួយ ហើយ​ក្រោក​ឡើង!

[​រូបភាព​នៅ​ទំព័រ​៧​]

ចូរ​កុំ​ឲ្យ​អ្វី​បញ្ឈប់​អ្នក​មិន​ឲ្យ​រត់​ប្រណាំង​ឲ្យ​ដល់​ទី​ដៅ!