សូមទទួលការសម្រាលទុក្ខ ហើយសម្រាលទុក្ខអ្នកឯទៀត
សូមទទួលការសម្រាលទុក្ខ ហើយសម្រាលទុក្ខអ្នកឯទៀត
ជាមនុស្សដែលមានភាពមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាធ្លាប់ឈឺ ហើយបងប្អូនខ្លះធ្លាប់ឈឺធ្ងន់ទៀតផង។ ពេលយើងប្រឈមមុខនឹងបញ្ហាបែបនេះ តើអ្វីអាចជួយយើងមិនឲ្យអស់សង្ឃឹម?
ជំនួយដ៏ប្រសើរបំផុតដើម្បីស៊ូទ្រាំគឺការសម្រាលទុក្ខដែលយើងទទួលពីក្រុមគ្រួសារ មិត្តភក្ដិនិងពីបងប្អូនរួមជំនឿ។
សម្ដីសប្បុរសនិងប្រកបដោយសេចក្ដីស្រឡាញ់របស់មិត្តភក្ដិយើង អាចប្រៀបដូចជាប្រេងលាបដែលធ្វើឲ្យជាសះស្បើយនិងដែលធ្វើឲ្យមានកម្លាំងឡើងវិញ។ (សុភ. ១៦:២៤; ១៨:២៤; ២៥:១១) ប៉ុន្តែគ្រិស្តសាសនិកពិតមិនគិតអំពីការចង់បានការសម្រាលទុក្ខសម្រាប់ខ្លួនគាត់ប៉ុណ្ណោះទេ។ ពួកគាត់ទៅ«សម្រាលទុក្ខពួកអ្នកដែលមានសេចក្ដីវេទនា ទោះជាបែបណាក៏ដោយ តាមរយៈការសម្រាលទុក្ខដែល[ពួកគាត់ផ្ទាល់]កំពុងទទួលពីព្រះ»។ (២កូ. ១:៤; លូក. ៦:៣១) អានតូនយ៉ូដែលជាអ្នកត្រួតពិនិត្យតំបន់នៅប្រទេសម៉ិចស៊ិចបានពិសោធអំពីរឿងនេះ។
ពេលដែលគាត់ដឹងថាគាត់មានជំងឺមហារីកឈាមម្យ៉ាង អានតូនយ៉ូបានកើតទុក្ខយ៉ាងខ្លាំង។ ប៉ុន្តែទោះជាគាត់កើតទុក្ខយ៉ាងខ្លាំងក៏ដោយ គាត់ព្យាយាមទប់ចិត្តកុំឲ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ តើតាមរបៀបណា? គាត់បានព្យាយាមនឹកចាំចម្រៀងរាជាណាចក្រ ហើយច្រៀងចម្រៀងទាំងនោះដើម្បីឲ្យគាត់អាចឮហើយរំពឹងគិតអំពីពាក្យក្នុងចម្រៀងនោះ។ ការអធិដ្ឋានឮៗនិងការអានគម្ពីរឮៗក៏បានជួយសម្រាលទុក្ខគាត់យ៉ាងច្រើនដែរ។
ប៉ុន្តែឥឡូវអានតូនយ៉ូដឹងថា ជំនួយដ៏ធំបំផុតរបស់គាត់គឺបានមកពីបងប្អូនរួមជំនឿ។ គាត់និយាយថា៖ «ពេលប្រពន្ធខ្ញុំនិងខ្ញុំខ្វល់ខ្វាយចិត្ត យើងបានសុំសាច់ញាតិម្នាក់ដែលជាអ្នកចាស់ទុំក្នុងក្រុមជំនុំយើងឲ្យមកលេង ហើយអធិដ្ឋានឲ្យយើង។ នេះបានជួយសម្រាលទុក្ខយើង ហើយបានជួយយើងឲ្យមានចិត្តស្ងប់»។ គាត់បន្ថែមថា៖ «តាមការពិត ដោយមានការគាំទ្រពីក្រុមគ្រួសាររបស់យើងនិងពីបងប្អូនរួមជំនឿ តែមួយរយៈពេលខ្លីប៉ុណ្ណោះយើងអាចយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្ត»។ គាត់ពិតជាដឹងគុណមែនដែលគាត់មានមិត្តភក្ដិដែលពិតជាស្រឡាញ់ ហើយយកចិត្តទុកដាក់ចំពោះគាត់!
ជំនួយមួយទៀតនៅពេលមានទុក្ខលំបាក គឺសកម្មពលបរិសុទ្ធដែលព្រះបានសន្យាឲ្យយើង។ សាវ័កពេត្រុសបាននិយាយថា សកម្មពលបរិសុទ្ធរបស់ព្រះគឺជា«អំណោយទាន»មួយ។ (សកម្ម. ២:៣៨) នោះបានកើតឡើងពេលដែលគ្រិស្តសាសនិកជាច្រើននាក់បានត្រូវរើសតាំងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ប៉ុន្តែយើងទាំងអស់គ្នាអាចទទួលសកម្មពលបរិសុទ្ធបាន។ ដោយសារអំណោយជាសកម្មពលបរិសុទ្ធគឺមិនចេះអស់ ដូច្នេះយើងគួរបន្តសុំអំណោយនោះ។—អេ. ៤០:២៨-៣១
សូមបង្ហាញការយកចិត្តទុកដាក់ចំពោះពួកអ្នកដែលរងទុក្ខ
សាវ័កប៉ូលបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន ហើយជួនកាលគាត់ថែមទាំងជួបនឹងគ្រោះថ្នាក់ដល់ជីវិតទៀតផង។ (២កូ. ១:៨-១០) ប៉ុន្តែប៉ូលមិនខ្លាចស្លាប់ឡើយ។ គាត់ទទួលការសម្រាលទុក្ខពេលដឹងថា ព្រះបានគាំទ្រគាត់។ គាត់បានសរសេរថា៖ «សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ជាបិតានៃសេចក្ដីមេត្ដាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។ (២កូ. ១:៣, ៤) ប៉ូលមិនឲ្យបញ្ហារបស់គាត់គ្របសង្កត់ចិត្តគាត់ឡើយ។ ផ្ទុយទៅវិញ ទុក្ខលំបាកដែលគាត់បានស៊ូទ្រាំបានជួយគាត់ឲ្យចេះយល់អារម្មណ៍អ្នកឯទៀត ដើម្បីឲ្យគាត់មានសមត្ថភាពកាន់តែច្រើនឡើងក្នុងការសម្រាលទុក្ខអ្នកឯទៀតពេលពួកគេត្រូវការជំនួយ។
ក្រោយពីបានជាពីជំងឺ អានតូនយ៉ូអាចធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យម្ដងទៀត។ មុនដែលគាត់ឈឺ គាត់ធ្លាប់បង្ហាញការយកចិត្តទុកដាក់ជាទៀងទាត់ចំពោះបងប្អូនរួមជំនឿទាំងអស់។ ប៉ុន្តែក្រោយពីបានជាឡើងវិញ គាត់និងប្រពន្ធរបស់គាត់ខំព្យាយាមជាពិសេសដើម្បីទៅសួរសុខទុក្ខ ហើយលើកទឹកចិត្តបងប្អូនដែលឈឺ។ ជាឧទាហរណ៍ ក្រោយពីបានទៅសួរសុខទុក្ខគ្រិស្តសាសនិកម្នាក់ដែលបានស៊ូទ្រាំនឹងជំងឺដ៏ធ្ងន់ធ្ងរមួយ អានតូនយ៉ូបានដឹងថាបងប្រុសនេះមិនចង់ទៅប្រជុំទេ។ អានតូនយ៉ូពន្យល់ថា៖ «នេះមិនមែនដោយសារគាត់មិនស្រឡាញ់ព្រះយេហូវ៉ាឬមិនស្រឡាញ់បងប្អូនទេ ប៉ុន្តែជំងឺនេះធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់គ្មានតម្លៃ»។
អ្វីមួយដែលអានតូនយ៉ូបានធ្វើដើម្បីលើកទឹកចិត្តបងប្រុសដែលកំពុងឈឺនេះ គឺសុំឲ្យគាត់អធិដ្ឋានពេលមានពិធីជប់លៀងមួយ។ ទោះជាបងប្រុសនេះមានអារម្មណ៍ថាគាត់មិនអាចអធិដ្ឋានបានក៏ដោយ គាត់បានយល់ព្រមអធិដ្ឋាន។ អានតូនយ៉ូនិយាយថា៖ «គាត់បានអធិដ្ឋានយ៉ាងល្អ ហើយក្រោយមកគាត់ហាក់ដូចជាមនុស្សផ្សេង។ គាត់មានអារម្មណ៍ថា គាត់មានប្រយោជន៍ម្ដងទៀត»។
មែនហើយ ទោះជាតិចឬច្រើនក្ដី យើងទាំងអស់គ្នាធ្លាប់ស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ។ ប៉ុន្តែដូចប៉ូលបាននិយាយថា ទុក្ខលំបាកទាំងនេះជួយយើងឲ្យចេះសម្រាលទុក្ខអ្នកឯទៀតពេលដែលពួកគេត្រូវការជំនួយ។ ដូច្នេះសូមយើងទាំងអស់គ្នាយល់អារម្មណ៍បងប្អូនរួមជំនឿពេលពួកគាត់រងទុក្ខ ហើយយកតម្រាប់តាមព្រះយេហូវ៉ាដែលជាព្រះរបស់យើង ដោយចេះសម្រាលទុក្ខអ្នកឯទៀត។