លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រើបណ្ដាំរបស់ព្រះដើម្បីជួយខ្លួនអ្នកនិងអ្នកឯទៀត

ចូរប្រើបណ្ដាំរបស់ព្រះដើម្បីជួយខ្លួនអ្នកនិងអ្នកឯទៀត

​«​ទូល​បង្គំ​រាប់​អស់​ទាំង​បញ្ញត្ដ​ទ្រង់​ថា​ជា​ត្រឹម​ត្រូវ​គ្រប់​ប្រការ​»។—ទំនុក. ១១៩:១២៨

. ហេតុ​អ្វី​យើង​ត្រូវ​ទុក​ចិត្ដ​ទាំង​ស្រុង​លើ​បណ្ដាំ​របស់​ព្រះ?

ពេល​ពួក​អ្នក​ចាស់​ទុំ​ពិចារណា​ថា​សិស្ស​គម្ពីរ​ម្នាក់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​មិន​មាន ពួក​គាត់​សួរ​ខ្លួន​គាត់​ថា ‹តើ​ចម្លើយ​របស់​បុគ្គល​នេះ​បង្ហាញ​ថា​គាត់​ជឿ​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ​ឬ​មិន​ជឿ?›។ * អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ ពោល​គឺ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ ត្រូវ​តែ​ជឿ​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ ហេតុ​អ្វី? កាល​ណា​យើង​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ទៅ​លើ​គម្ពីរ ហើយ​ចេះ​ប្រើ​គម្ពីរ​យ៉ាង​ប៉ិនប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា និង​ឲ្យ​រក​ឃើញ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

. ហេតុ​អ្វី​យើង​គួរ​‹បន្ដ​ប្រព្រឹត្ដ​តាម​អ្វី​ៗ​ដែល​យើង​បាន​រៀន›?

សាវ័ក​ប៉ូល​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​បណ្ដាំ​របស់​ព្រះ ពេល​គាត់​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ថា​៖ ​«​ចូរ​បន្ដ​ប្រព្រឹត្ដ​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»។ ​«​អ្វី​ៗ​»​ដែល​ប៉ូល​លើក​បញ្ជាក់​នោះ​គឺ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​ជំរុញ​ឲ្យ​ធីម៉ូថេ​ជឿ​លើ​ដំណឹង​ល្អ។ សេចក្ដី​ពិត​ទាំង​នេះ​ក៏​មាន​ឥទ្ធិពល​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ហើយ​បន្ដ​ជួយ​យើង​ឲ្យ​រក្សា​«​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។ (​២ធី. ៣:១៤, ១៥​) ជា​រឿយ​ៗ​យើង​ប្រើ​ពាក្យ​បន្ទាប់​របស់​ប៉ូល​ដើម្បី​បង្ហាញ​អ្នក​ឯ​ទៀត​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ ប៉ុន្ដែ​យើង​ប្រហែលជា​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ពាក្យ​ទាំង​នេះ​នៅ​ធីម៉ូថេទី២ ៣:១៦។ (សូមអាន) សូម​យើង​ពិចារណា​អំពី​ខ​នេះ​ឲ្យ​ដិត​ដល់​ថែម​ទៀត។ ការ​ធ្វើ​ដូច្នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ដ​យើង​ថា សេចក្ដី​បង្រៀន​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​គឺ​«​ត្រឹម​ត្រូវ​»។—ទំនុក. ១១៩:១២៨

​«​មាន​ប្រយោជន៍​សម្រាប់​បង្រៀន​»​

-. ​(​ក​) តើ​បណ្ដា​ជន​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​សុន្ទរកថា​របស់​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ហើយ​ហេតុ​អ្វី? (​ខ​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្រុង​ថែស្សាឡូនិច​ព្រម​ទទួល​សេចក្ដី​ពិត? (​គ​) តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

លោក​យេស៊ូ​បាន​ប្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ខ្ញុំ​កំពុង​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​បង្រៀន​មក​ឯ​អ្នក​រាល់​គ្នា​»។ (​ម៉ាថ. ២៣:៣៤​)  លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​អ្នក​កាន់​តាម​លោក ដែល​លោក​បាន​បង្រៀន​ឲ្យ​ប្រើ​គម្ពីរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សាវ័ក​ពេត្រុស​ដែល​ជា​«​គ្រូ​បង្រៀន​»​ម្នាក់​ក្នុង​ចំណោម​ពួក​គ្រូ​បង្រៀន​ទាំង​នោះ បាន​ថ្លែង​សុន្ទរកថា​មួយ​ចំពោះ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​នៅ​ក្រុង​យេរូសាឡិម ក្នុង​សុន្ទរកថា​នោះ​គាត់​បាន​ដក​ស្រង់​បទ​គម្ពីរ​មួយ​ចំនួន​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ពេល​ឮ​ពេត្រុស​បក​ស្រាយ​ពាក្យ​ទាំង​នេះ អ្នក​ស្ដាប់​ជា​ច្រើន​នាក់​បាន​«​ស្ដាយ​ជា​ខ្លាំង​»។ ពួក​គេ​បាន​ប្រែ​ចិត្ដ​ពី​អំពើ​ខុស​ឆ្គង​នៅ​អតីតកាល។ មនុស្ស​ប្រហែលជា​បី​ពាន់​នាក់​ពី​ចំណោម​ពួក​គេ​បាន​សុំ​ការ​អភ័យទោស​ពី​ព្រះ ហើយ​បាន​ក្លាយ​ជា​គ្រិស្ដ​សាសនិក។—សកម្ម. ២:៣៧​-​៤១

គ្រូ​បង្រៀន​ម្នាក់​ទៀត​គឺ​សាវ័ក​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​កន្លែង​ឆ្ងាយ​ៗ​ពី​ក្រុង​យេរូសាឡិម។ ជា​ឧទាហរណ៍ នៅ​ក្រុង​ថែស្សាឡូនិច​ក្នុង​ស្រុក​ម៉ាសេដូន​គាត់​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ដែល​កំពុង​គោរព​ប្រណិប័តន៍​នៅ​ក្នុង​សាលា​ប្រជុំ​មួយ។ អស់​បី​ថ្ងៃ​ឈប់​សម្រាក ប៉ូល​បាន​«​យក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ . . . [​ហើយ​]​ថែម​ទាំង​ពន្យល់​និង​បញ្ជាក់​ភ័ស្ដុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​យល់​ថា​គ្រិស្ដ​ត្រូវ​រង​ទុក្ខ ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? ​«​ពួក​ក្រិច​ច្រើន​សន្ធឹក​»​ព្រម​ទាំង​«​[​ជន​ជាតិ​យូដា​]​ខ្លះ​បាន​ទៅ​ជា​អ្នក​ជឿ​»​ដែរ។—សកម្ម. ១៧:១​-​៤

របៀប​ដែល​អ្នក​បម្រើ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ប្រើ​បទ​គម្ពីរ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។ ក្រោយ​ពី​ម្ចាស់​ផ្ទះ​ម្នាក់​នៅ​ប្រទេស​ស្វីស​បាន​ស្ដាប់​បង​ស្រី​របស់​យើង​ម្នាក់​អាន​បទ​គម្ពីរ​មួយ គាត់​បាន​សួរ​នាង​ថា​៖ ​«​តើ​អ្នក​ជា​តំណាង​អ្នក​ណា?​»។ នាង​បាន​ឆ្លើយ​ថា​៖ ​«​មិត្ដ​ភក្ដិ​ខ្ញុំ​និង​ខ្ញុំ​គឺជា​សាក្សី​ព្រះ​យេហូវ៉ា​»។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គួរ​ដឹង​តាំង​ពី​ដំបូង។ ក្រៅ​ពី​សាក្សី​ព្រះ​យេហូវ៉ា​គ្មាន​អ្នក​ណា​មក​ផ្ទះ​របស់​ខ្ញុំ​ដើម្បី​អាន​គម្ពីរ​នោះ​ទេ​»។

៦, ៧. ​(​ក​) ហេតុ​អ្វី​ពួក​អ្នក​ដែល​បង្រៀន​ក្រុម​ជំនុំ​ប្រើ​គម្ពីរ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត? (​ខ​) ហេតុ​អ្វី​ការ​ប្រើ​បទ​គម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព​គឺ​សំខាន់​ម៉្លេះ​សម្រាប់​ការ​បង្រៀន​គម្ពីរ?

តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​គម្ពីរ​តាម​របៀប​ប្រសើរ​បំផុត ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត? ប្រសិនបើ​អ្នក​មាន​ឯកសិទ្ធិ​បង្រៀន​ក្រុម​ជំនុំ​ពី​លើ​វេទិកា ចូរ​ប្រើ​បទ​គម្ពីរ​ជាក់​លាក់។ ជា​ជាង​ប្រាប់​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​បទ​គម្ពីរ​ចែង ឬ​អាន​បទ​គម្ពីរ​ពី​ក្រដាស ចូរអាននោះពីគម្ពីររបស់អ្នក។ ចូរ​សុំ​ឲ្យ​អ្នក​ស្ដាប់​ប្រើ​គម្ពីរ​របស់​ពួក​គេ​ដែរ។ ចូរ​ពន្យល់​ថា​បទ​គម្ពីរ​នោះ​មាន​ន័យ​យ៉ាង​ណា ហើយ​ពន្យល់​អំពី​របៀប​ដែល​បទ​គម្ពីរ​នោះ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្ដភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ជា​ជាង​ប្រើ​ឧទាហរណ៍​ដែល​ស្មុគ​ស្មាញ​និង​បទ​ពិសោធន៍​ដែល​គ្រាន់តែ​ដើម្បី​ឲ្យ​បង​ប្អូន​សើច ចូរ​ប្រើ​ពេល​នោះ​ដើម្បី​ពន្យល់​បណ្ដាំ​របស់​ព្រះ។

តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី​ពេល​ដឹក​នាំ​ការ​សិក្សា? ពេល​យើង​ប្រើ​សៀវភៅ​របស់​យើង យើង​ត្រូវ​ប្រយ័ត្ន​កុំ​រំលង​បទ​គម្ពីរ​យោង​ក្នុង​សៀវភៅ​នោះ។ យើង​គួរ​លើក​ទឹក​ចិត្ដ​សិស្ស​គម្ពីរ​ឲ្យ​អាន​បទ​គម្ពីរ​ដែល​មិន​បាន​ត្រូវ​ដក​ស្រង់ ហើយ​ជួយ​គាត់​ឲ្យ​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​ទាំង​នោះ។ តើ​តាម​របៀប​ណា? យើង​មិន​គួរ​ពន្យល់​យ៉ាង​វែង​ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​គម្ពីរ​នោះ​ក្លាយ​ទៅ​ជា​ការ​ថ្លែង​សុន្ទរកថា​ឡើយ ប៉ុន្ដែ​យើង​គួរ​លើក​ទឹក​ចិត្ដ​សិស្ស​ឲ្យ​ប្រាប់​អំពី​គំនិត​របស់​គាត់។ ជា​ជាង​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​គួរ​ជឿ​ឬ​អ្វី​ដែល​គាត់​គួរ​ធ្វើ យើង​អាច​សួរ​សំណួរ​យ៉ាង​ល្អ​ដែល​នឹង​ជួយ​គាត់​ឲ្យ​យល់​នូវ​អ្វី​ដែល​គម្ពីរ​បង្រៀន។ *

​«​មាន​ប្រយោជន៍​សម្រាប់ . . . កែ​តម្រង់​»​

. តើ​ប៉ូល​មាន​ការ​ប្រទាញប្រទង់​ក្នុង​ចិត្ដ​យ៉ាង​ដូច​ម្ដេច?

អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មាន​ភារកិច្ច​កែ​តម្រង់ ឬ​ប្រដៅ​ពួក​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង។ (​១ធី. ៥:២០; ទីត. ១:១៣​) ប៉ុន្ដែ​ការ​កែ​តម្រង់​ខ្លួនយើង​ក៏​ជា​ការ​សំខាន់​ដែរ។ ប៉ូល​គឺជា​គ្រិស្ដ​សាសនិក​ម្នាក់​ដែល​ជា​គំរូ​ល្អ​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ (​២ធី. ១:៣​) ទោះ​ជា​ដូច្នេះ​ក៏​ដោយ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ច្បាប់​មួយ​ទៀត​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង​»។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ប៉ូល​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គាត់​អាច​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​គាត់។—សូមអាន រ៉ូម ៧:២១-២៥

៩, ១០. ​(​ក​) តើ​ប៉ូល​បាន​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​អ្វី ដែល​គាត់​ប្រហែល​ជា​មាន? (​ខ​) តើ​ប៉ូល​ទំនង​ជា​បាន​បន្ដ​តយុទ្ធ​នឹង​ភាព​ខុស​ឆ្គង​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

 តើ​ប៉ូល​បាន​ខំ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​អ្វី​ខ្លះ? ទោះ​ជា​គាត់​មិន​បាន​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ភាព​ទន់​ខ្សោយ​របស់​គាត់​ក៏​ដោយ គាត់​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា​គាត់​ជា​«​មនុស្ស​ព្រហើន​»។ (​១ធី. ១:​១៣​) មុន​ប៉ូល​ក្លាយ​ជា​គ្រិស្ដ​សាសនិក គាត់​ធ្លាប់​ប្រព្រឹត្ដ​យ៉ាង​សាហាវ​ឃោរឃៅ​ទៅ​លើ​គ្រិស្ដ​សាសនិក។ គាត់​បាន​និយាយ​ថា គាត់​«​ខឹង​ពួក​គាត់​ក្រៃ​លែង​»។ (​សកម្ម. ២៦:១១​) ប៉ូល​បាន​រៀន​ទប់​កំហឹង ប៉ុន្ដែ​ជួនកាល​គាត់​ច្បាស់​ជា​ត្រូវ​ខំ​ព្យាយាម​ទប់​អារម្មណ៍​និង​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​គាត់។ (​សកម្ម. ១៥:៣៦​-​៣៩​) តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ?

១០ ក្នុង​សំបុត្រ​ទី​១​របស់​គាត់​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស ប៉ូល​បាន​ពន្យល់​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​កែ​តម្រង់​ខ្លួន​គាត់។ (សូមអាន កូរិនថូសទី១ ៩:២៦, ២៧) គាត់​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​គាត់។ គាត់​ទំនង​ជា​បាន​រក​ចំណុច​ផ្សេង​ៗ​ក្នុង​ឱវាទ​គម្ពីរ អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​ឱវាទ​ទាំង​នោះ ហើយ​ខំ​ព្យាយាម​ដើម្បី​កែ​លម្អ។ * យើង​អាច​រៀន​ពី​គំរូ​របស់​គាត់ ដោយ​សារ​ស្រដៀង​នឹង​គាត់​ដែរ យើង​មាន​ការ​តយុទ្ធ​ប្រឆាំង​នឹង​ទំនោរ​ចិត្ដ​ដែល​មិន​ល្អ​ឥត​ខ្ចោះ។

១១. តើ​យើង​អាច​«​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់​»​ដើម្បី​ដឹង​ថា​យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១១ យើង​មិន​គួរ​គិត​សោះ​ថា យើង​អាច​ឈប់​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​«​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់​»​ ដើម្បី​ប្រាកដ​ថា​យើង​ពិត​ជា​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​ពិត។ (​២កូ. ១៣:៥​) ពេល​អាន​បទ​គម្ពីរ​ដូច​នៅ​កូឡុស ៣:៥​-​១០ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ខ្ញុំ​ខំ​ព្យាយាម​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ឬ​ទេ? ពេល​ប្រើ​អ៊ីនធឺណិត ពេល​ដែល​មាន​គេហទំព័រ​ដែល​មាន​អំពើ​ប្រាសចាក​សីលធម៌​ចេញ​មក តើ​ខ្ញុំ​បិទ​គេហទំព័រ​នោះ ឬ​តើ​ខ្ញុំ​ស្វែងរក​គេហទំព័រ​ដែល​មិន​ល្អ?›។ បើ​យើង​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ឱវាទ​ពី​បណ្ដាំ​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង យើង​អាច​«​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។—១ថែ. ៥:៦​-​៨

​«​មាន​ប្រយោជន៍​សម្រាប់ . . . ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​

១២, ១៣. ​(​ក​) តើ​យើង​គួរ​មាន​គោលដៅ​អ្វី​ពេល​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​ ហើយ​តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​ខ​) ពេល​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​ជា​មួយ​នឹង​អ្នក​ឯ​ទៀត តើ​យើង​ត្រូវ​ជៀស​វាង​ពាក្យ​សម្ដី​បែប​ណា?

១២ ពាក្យ​ជា​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​មាន​ន័យ​ថា ​«​ធ្វើ​ឲ្យ​ល្អ កែ​តម្រូវ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ ឲ្យ​ល្អ​ដូច​ដើម​»។ ជួនកាល យើង​ត្រូវ​ចាត់​វិធានការ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​យល់​ច្រឡំ​អំពី​យើង​ឬ​អំពី​ទង្វើ​របស់​យើង។ ជា​ឧទាហរណ៍ ពួក​មេ​ដឹក​នាំ​សាសនាយូដា​បាន​ត្អូញត្អែរ​ថា លោក​យេស៊ូ​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​«​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​»។ លោក​យេស៊ូ​បាន​ឆ្លើយ​តប​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ដូច្នេះ ចូរ​ទៅ​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ដែល​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្ដា​ករុណា មិន​មែន​គ្រឿង​បូជា​ទេ›​»។ (​ម៉ាថ. ៩:១១​-​១៣​) លោក​យេស៊ូ​បាន​ពន្យល់​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ដ​អត់​ធ្មត់​និង​សប្បុរស​ដល់​មនុស្ស​ទាំង​អស់។ ដូច្នេះ មនុស្ស​ដែល​មាន​ចិត្ដ​រាប​ទាប​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ​»។ (​និក្ខ. ៣៤:៦​) ជា​លទ្ធផល មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ដ​រាប​ទាប​បាន​ជឿ​លើ​ដំណឹង​ល្អ។

១៣ គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​គួរ​ជួយ​អ្នក​ឯ​ទៀត។ មនុស្ស​ម្នាក់​ដែល​អន់​ចិត្ដ​ប្រហែលជា​និយាយ​ដោយ​កំបុត​ថា ‹ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ជា​មួយ​នឹង​អ្នក›។ ប៉ុន្ដែ​ការ​និយាយ​បែប​នេះ​គឺ​មិន​មែន​ជា​អ្វី​ដែល​ធីម៉ូថេទី២ ៣:១៦​ចង់​ប្រាប់​នោះ​ទេ។ ​«​គ្រប់​ទាំង​បទ​គម្ពីរ​»​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​យើង​ស្ដីបន្ទោស​អ្នក​ឯ​ទៀត​ឡើយ។ បើ​យើង​រិះ​គន់​អ្នក​ណា​ម្នាក់​ដោយ​ឥត​មេត្ដា ពាក្យ​សម្ដី​របស់​យើង​អាច​ដូច​ជា​«​ចាក់​ដោយ​ដាវ​»។ យើង​នឹង​បណ្ដាល​ឲ្យ​គាត់​ឈឺ​ចាប់ ហើយ​ទំនង​ជា​នឹង​មិន​ជួយ​គាត់​ទាល់​តែ​សោះ។—សុភ. ១២:១៨

១៤-១៦. ​(​ក​) តើ​អ្នក​ចាស់​ទុំ​អាច​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​តាម​របៀប​ដែល​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​ការ​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​តាម​គម្ពីរ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន?

 ១៤ ដូច្នេះ​តើ​តាម​របៀប​ណា​យើង​អាច​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដោយ​ចិត្ដ​អត់​ធ្មត់​និង​ដោយ​សប្បុរស? ឧបមា​ថា ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់ បាន​សុំ​អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​ជួយ​ពួក​គាត់​ឲ្យ​ឈប់​ឈ្លោះ​គ្នា។ តើ​អ្នក​ចាស់​ទុំ​នោះ​នឹង​ធ្វើ​អ្វី? ដោយ​មិន​កាន់​ជើង​ខាង​ណា គាត់​អាច​វែក​ញែក​ជា​មួយ​នឹង​ប្ដី​ប្រពន្ធ​នោះ​អំពី​គោលការណ៍​គម្ពីរ ប្រហែលជា​ដោយ​ប្រើ​បទ​គម្ពីរ​ដែល​មាន​ក្នុង​សៀវភៅ​គន្លឹះនៃសុភមង្គលគ្រួសារ ជំពូក​ទី​៣។ ពេល​ពួក​គេ​ពិភាក្សា​គោលការណ៍​ទាំង​នេះ ប្ដី​ប្រពន្ធ​នោះ​ប្រហែលជា​ដឹង​ថា​ពួក​គេ​ត្រូវ​ធ្វើ​ការ​កែប្រែ​ខ្លះ។ ក្រោយ​មក​អ្នក​ចាស់​ទុំ​នឹង​សួរ​ពួក​គេ​ថា ក្រោយ​ពី​ធ្វើ​តាម​គោលការណ៍​ទាំង​នេះ តើ​ពួក​គេ​មាន​ស្ថានភាព​ប្រសើរ​ជាង​ឬ​មិន​មាន ហើយ​ប្រសិនបើ​ចាំ​បាច់ គាត់​នឹង​ជួយ​ពួក​គេ​បន្ថែម​ទៀត។

 ១៥ តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ជា​មួយ​នឹង​កូន​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? សូម​ស្រមៃ​គិត​ថា កូន​ស្រី​វ័យ​ជំទង់​របស់​អ្នក មាន​មិត្ដ​ភក្ដិ​ថ្មី​ម្នាក់។ ប៉ុន្ដែ​អ្នក​គិត​ថា​មិត្ដ​ថ្មី​នេះ​មិន​មែន​ជា​មិត្ដ​ភក្ដិ​ល្អ​ទេ។ មុន​ដំបូង អ្នក​គួរ​ស្វែង​យល់​ថែម​ទៀត​អំពី​មិត្ដ​ភក្ដិ​នោះ។ បន្ទាប់​មក ប្រសិនបើ​អ្នក​នៅ​តែ​បារម្ភ​អំពី​កូន​ស្រី​របស់​អ្នក អ្នក​អាច​និយាយ​ជា​មួយ​នាង។ អ្នក​អាច​ប្រើ​គោលការណ៍​គម្ពីរ​ដែល​មាន​ក្នុង​សៀវភៅ​សំណួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ ចម្លើយ​ដែល​មាន​ប្រសិទ្ធភាព ភាគ​ទី​២ ជា​ភាសា​អង់គ្លេស។ នៅ​ថ្ងៃ​បន្ទាប់ អ្នក​អាច​ចំណាយ​ពេល​ថែម​ទៀត​ជា​មួយ​នាង។ អ្នក​ក៏​អាច​សង្កេត​មើល​ចិត្ដ​គំនិត​របស់​នាង ពេល​នាង​ទៅ​ផ្សព្វ​ផ្សាយ ឬ​ពេល​នាង​លេង​កម្សាន្ដ​ជា​មួយ​ក្រុម​គ្រួសារ។ ប្រសិនបើ​អ្នក​បង្ហាញ​ចិត្ដ​អត់​ធ្មត់​និង​ចិត្ដ​សប្បុរស កូន​ស្រី​របស់​អ្នក​នឹង​ដឹង​ថា​អ្នក​យក​ចិត្ដ​ទុក​ដាក់​នឹង​នាង​ដោយ​សេចក្ដី​ស្រឡាញ់។ ការ​ប្រព្រឹត្ដ​របស់​អ្នក​ទំនង​ជា​ជំរុញ​ឲ្យ​នាង​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក ហើយ​ជៀស​វាង​កុំ​ឲ្យ​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង​ក្នុង​ជីវិត​របស់​នាង។

ឪពុក​ម្ដាយ​ដែល​បង្ហាញ​ចិត្ដ​សប្បុរស ហើយ​ប្រើ​គម្ពីរ​ពេល​ប្រដៅ​កូន អាច​ជួយ​ពួក​គេ​ឲ្យ​ជៀស​ពី​បញ្ហា​ធំ​ៗ (​សូម​មើល​ វគ្គ​ទី​១៥​)

១៦ បើ​យើង​ប្រព្រឹត្ដ​ដោយ​អត់​ធ្មត់​និង​ដោយ​សប្បុរស​ស្រដៀង​គ្នា​នេះ យើង​អាច​លើក​ទឹក​ចិត្ដ​ពួក​អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ខ្លួន ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​បាត់បង់​ការងារ ឬ​ពួក​អ្នក​ ដែល​ពិបាក​ទទួល​សេចក្ដី​បង្រៀន​ខ្លះ​ក្នុង​គម្ពីរ។ ការ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​«​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​ នាំ​ឲ្យ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន។

​«​មាន​ប្រយោជន៍​សម្រាប់ . . . ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»​

១៧. ហេតុ​អ្វី​យើង​គួរ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ដោយ​ចិត្ដ​ដឹង​គុណ?

១៧ ​«​ពិត​មែន​តែ​គ្មាន​ការ​ប្រដៅ​ណា​ដែល​ធ្វើ​ឲ្យ​មាន​អំណរ ខណៈ​ដែល​ទទួល​ការ​ប្រដៅ​នោះ តែ​ធ្វើ​ឲ្យ​កើត​ទុក្ខ​វិញ ប៉ុន្ដែ​ក្រោយ​មក អ្នក​ដែល​បាន​ត្រូវ​អប់រំ​ដោយ​ការ​ប្រដៅ​នោះ​នឹង​ទទួល​ផល​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ ពោល​គឺ​របៀប​រស់​នៅ​ដ៏​សុចរិត​»។ (​ហេ. ១២:​១១​) គ្រិស្ដ​សាសនិក​ពេញ​វ័យ​ភាគ​ច្រើន​យល់​ស្រប​ថា ការ​ប្រៀន​ប្រដៅ​ដែល​ពួក​គេ​បាន​ទទួល​ពី​ឪពុក​ម្ដាយ​ដែល​ជឿ​ព្រះ​បាន​ជួយ​ពួក​គេ។ ការ​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​និង​ពី​អ្នក​ចាស់​ទុំ​ជួយ​យើង​ឲ្យ​បន្ដ​ដើរ​តាម​ផ្លូវ​ទៅ​រក​ជីវិត។—សុភ. ៤:១៣

១៨, ១៩. ​(​ក​) ហេតុ​អ្វី​ឱវាទ​នៅ​សុភាសិត ១៨:១៣ គឺ​សំខាន់​ណាស់​ពេល​«​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»​? (​ខ​) ពេល​ដែល​អ្នក​ចាស់​ទុំ​បង្ហាញ​ចិត្ដ​ស្លូតបូត​និង​សេចក្ដី​ស្រឡាញ់​ពេល​ពួក​គាត់​ប្រព្រឹត្ដ​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស តើ​ច្រើន​តែ​នាំ​ឲ្យ​ទទួល​លទ្ធផល​អ្វី?

១៨ តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​និង​ឪពុក​ម្ដាយ​អាច​រៀន​ឲ្យ​ចេះ​ប្រៀន​ប្រដៅ​យ៉ាង​ល្អ? ព្រះ​យេហូវ៉ា​បាន​ប្រាប់​គ្រិស្ដ​សាសនិក​ឲ្យ​ប្រៀន​ប្រដៅ​«​ក្នុង​ផ្លូវ​សុចរិត​»។ (​២ធី. ៣:១៦​) ដូច្នេះ​យើង​គួរ​ប្រើ​គោលការណ៍​គម្ពីរ​ដើម្បី​ជួយ​យើង។ គោលការណ៍​មួយ​ដែល​អាច​ជួយ​យើង​គឺ​នៅ​សុភាសិត ១៨:១៣​ដែល​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្ដាប់​រឿង នោះ​រាប់​ជា​ចំ​កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង​»។ ដូច្នេះ​ពេល​អ្នក​ចាស់​ទុំ​ត្រូវ​និយាយ​ជា​មួយ​បុគ្គល​ដែល​មាន​គេ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ពួក​គាត់​ត្រូវ​ស៊ើប​អំពី​រឿង​នោះ​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ដឹង​ហេតុ​ការណ៍​ពិត​ទាំង​អស់។ (​ចោ. ១៣:១៤​) ក្រោយ​មក​ពួក​គាត់​អាច​ប្រដៅ​«​ក្នុង​ផ្លូវ​សុចរិត​»។

១៩ ម្យ៉ាង​ទៀត បណ្ដាំ​របស់​ព្រះ​បង្រៀន​អ្នក​ចាស់​ទុំ​ឲ្យ​កែ​តម្រង់​អ្នក​ឯ​ទៀត​ដោយ​«​ចិត្ដ​ស្លូតបូត​»។ (សូមអាន ធីម៉ូថេទី២ ២:២៤-២៦) ពិត​មែន​តែ​កំហុស​របស់​បុគ្គល​ម្នាក់​ប្រហែលជា​នាំ​ឲ្យ​គេ​តិះ​ដៀល​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​កំហុស​ទទួល​ការ​ឈឺ​ចាប់ ប៉ុន្ដែ​អ្នក​ចាស់​ទុំ​ដែល​ខឹង​ពេល​ឲ្យ​ឱវាទ​ដល់​បុគ្គល​បែប​នេះ​នឹង​មិន​អាច​ជួយ​គាត់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពេល​អ្នក​ចាស់​ទុំ​យក​តម្រាប់​«​សេចក្ដី​សប្បុរស​របស់​ព្រះ​»​ ពួក​គាត់​ប្រហែលជា​អាច​ជួយ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​ឲ្យ​កែប្រែ​ចិត្ដ។—រ៉ូម ២:៤

២០. តើ​ឪពុក​ម្ដាយ​គួរ​ធ្វើ​តាម​គោលការណ៍​អ្វី ពេល​ប្រដៅ​កូន​របស់​ខ្លួន?

២០ ក្នុង​ការ​ចិញ្ចឹម​កូន ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​តាម​គោលការណ៍​គម្ពីរ ដែល​ចែង​ថា​៖ ​«​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា​»។ (​អេភ. ៦:៤​) ជា​ឧទាហរណ៍ តើ​ឪពុក​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ប្រសិនបើ​នរណា​ម្នាក់​ប្រាប់​គាត់​ថា​កូន​ប្រុស​របស់​គាត់​បាន​ធ្វើ​ខុស? ឪពុក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ដឹង​រឿង​ទាំង​អស់ មុន​នឹង​ដាក់​ទោស​កូន​របស់​គាត់។ ក្រុម​គ្រួសារ​គ្រិស្ដ​សាសនិក​មិន​គួរ​ប្រព្រឹត្ដ​ដោយ​ឃោរឃៅ​ឡើយ។ ដោយ​សារ​«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ហើយ​ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា​»​ នោះ​ឪពុក​ម្ដាយ​ត្រូវ​យក​តម្រាប់​លោក​ពេល​ពួក​គាត់​ប្រដៅ​កូន​របស់​ពួក​គាត់។—យ៉ា. ៥:១១

គម្ពីរ​គឺជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​ពី​ព្រះ​យេហូវ៉ា

២១, ២២. ពេល​ដែល​អ្នក​អាន​ទំនុកតម្កើង ១១៩:៩៧​-​១០៤ តើ​ពាក្យ​មួយ​ណា​ដែល​រៀប​រាប់​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា?

២១ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ម្នាក់​ធ្លាប់​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​គាត់​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១១៩:៩៧-១០៤) តាម​រយៈ​ការ​សិក្សា​គម្ពីរ គាត់​មាន​ប្រាជ្ញា ការ​យល់​ធ្លុះ​ជ្រៅ និង​ការ​យល់​ដឹង។ ការ​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ជួយ​គាត់​ឲ្យ​ជៀស​ពី​ការ​ដើរ​ផ្លូវ​ខុស​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ។ សម្រាប់​គាត់ ការ​សិក្សា​បទ​គម្ពីរ​នាំ​ឲ្យ​គាត់​មាន​អំណរ​និង​ស្កប់​ចិត្ដ។ គាត់​បាន​តាំង​ចិត្ដ​ស្ដាប់​បង្គាប់​ព្រះ​ដែល​ណែនាំ​ឲ្យ​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ជីវិត។

២២ តើ​អ្នក​ចាត់​ទុក​គម្ពីរ​ជា​អ្វី​ដែល​មាន​តម្លៃ​ឬ​ទេ? គម្ពីរ​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក ថា​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក។ ឱវាទ​ក្នុង​គម្ពីរ​ការពារ​អ្នក​ពី​លទ្ធផល​ដែល​នាំ​ឲ្យ​ស្លាប់​ដោយ​សារ​ការ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ ដោយ​ចេះ​ពន្យល់​យ៉ាង​ប៉ិនប្រសប់ អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត ហើយ​នៅ​ជាប់​ក្នុង​ផ្លូវ​នោះ។ សូម​ឲ្យ​យើង​ប្រើ​«​គ្រប់​ទាំង​បទ​គម្ពីរ​»​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត កាល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់។

^ ???? 1 សូម​មើល​ក្នុង​កិច្ចបម្រើព្រះរាជាណាចក្រយើង ខែ​មីនា ឆ្នាំ​២០០៧ ទំព័រ​៥, ៦។

^ ???? 7 ពេល​បង្រៀន ជា​រឿយ​ៗ​លោក​យេស៊ូ​សួរ​អ្នក​ឯ​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?​»​ ក្រោយ​មក​លោក​ចាំ​ឲ្យ​ពួក​គេ​ឆ្លើយ។—ម៉ាថ. ១៨:១២; ២១:២៨; ២២:៤២

^ ???? 10 ក្នុង​សំបុត្រ​របស់​ប៉ូល​មាន​ការ​លើក​ទឹក​ចិត្ដ​ជា​ច្រើន​ដើម្បី​យក​ឈ្នះ​នឹង​ទំនោរ​ចិត្ដ​ទៅ​ធ្វើ​អ្វី​ដែល​ខុស។ (​រ៉ូម ៦:១២; កាឡ. ៥:១៦​-​១៨​) ហេតុ​នេះ​ជា​ការ​សម​ហេតុ​ផល​ដែល​យើង​សន្និដ្ឋាន​ថា គាត់​បាន​ធ្វើ​តាម​ឱវាទ​ដែល​គាត់​បាន​ឲ្យ​ចំពោះ​អ្នក​ឯ​ទៀត។—រ៉ូម ២:២១