លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ«ពិចារណាឲ្យដឹងប្រាកដថាការអ្វី ដែលសំខាន់ជាង»

ចូរ«ពិចារណាឲ្យដឹងប្រាកដថាការអ្វី ដែលសំខាន់ជាង»

​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភី. ១:១០

១, ២. តើ​ទំនាយ​អ្វី​ស្ដី​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​ដែល​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​ចង់​ដឹង ហើយ​ហេតុ​អ្វី?

អ្វី​ដែល​លោក​យេស៊ូ​ទើប​តែ​មាន​ប្រសាសន៍​ស្ដី​អំពី​ការ​បំផ្លាញ​វិហារ​ធ្វើ​ឲ្យ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ​ព្រួយ​ចិត្ដ។ (​ម៉ាក. ១៣:១​-​៤​) ទី​បំផុត​ពួក​គេ​នៅ​ជា​មួយ​លោក​ម្ចាស់​របស់​ពួក​គេ​ដោយ​ឡែក​ពី​អ្នក​ឯ​ទៀត ដូច្នេះ​ពួក​គេ​បាន​សួរ​លោក​ថា​៖ ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្ដមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ (​ម៉ាថ. ២៤:១​-​៣​) ពេល​លោក​យេស៊ូ​តប​ឆ្លើយ​នឹង​សំណួរ​របស់​ពួក​គេ លោក​មិន​ត្រឹម​តែ​បាន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​លោក​ក៏​ប្រាប់​ដែរ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​របស់​សាថាន។ លោក​យេស៊ូ​បាន​ទាយ​ថា​នឹង​មាន​ព្រឹត្ដិការណ៍​អាក្រក់​ដូច​ជា សង្គ្រាម ការ​អត់​ឃ្លាន និង​អំពើ​អាក្រក់​ជួជាតិ។ ប៉ុន្ដែ​លោក​យេស៊ូ​ក៏​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ល្អ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថ. ២៤:៧​-​១៤

អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​អំណរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ជា​មួយ​នឹង​លោក។ (​លូក. ៨:១; ៩:១, ២​) ពួក​គេ​ប្រហែលជា​នឹក​ចាំ​នូវ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ចការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​កិច្ចការ​របស់​លោក​»។ (​លូក. ១០:២​) ប៉ុន្ដែ​តើ​ពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​ និង​ដល់​«​ប្រជាជាតិ​ទាំង​ឡាយ​»​យ៉ាង​ដូច​ម្ដេច? តើ​កម្មករ​នឹង​មក​ពី​កន្លែង​ណា? អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​អាច​នឹក​ស្មាន​ដល់​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​ពាក្យ​ទាំង​នេះ​នៅ​ម៉ាថាយ ២៤:១៤​បាន​សម្រេច​នោះ​ទេ!

. តើ​ពាក្យ​នៅ​លូកា ២១:៣៤​កំពុង​សម្រេច​យ៉ាង​ណា​នា​ពេល​សព្វ​ថ្ងៃ​នេះ ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ?

 យើង​កំពុង​រស់​នៅ​គ្រា​នៃ​ការ​សម្រេច​បទ​ទំនាយ​របស់​លោក​យេស៊ូ។ មនុស្ស​រាប់​លាន​នាក់​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ពេញ​ផែនដី​ទាំង​មូល។ (​អេ. ៦០:២២​) ប៉ុន្ដែ​លោក​យេស៊ូ​បាន​បញ្ជាក់​ថា គ្រិស្ដ​សាសនិក​ខ្លះ​នឹង​ពិបាក​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ អ្វី​ផ្សេង​ៗ​នឹង​បំបែរ​អារម្មណ៍ ហើយ​«​ពង្វក់​ចិត្ដ​»​ពួក​គេ។ (សូមអាន លូកា ២១:៣៤) យើង​ក៏​កំពុង​ឃើញ​ការ​សម្រេច​នៃ​ទំនាយ​ទាំង​នោះ​ដែរ។ រាស្ដ្រ​ខ្លះ​របស់​ព្រះ​បាន​ត្រូវ​បំបែរ​អារម្មណ៍។ យើង​ប្រហែល​ជា​ឃើញ​អំពី​រឿង​នេះ​ពេល​ពួក​គេ​សម្រេច​ចិត្ដ​ជ្រើស​រើស​ការងារ ការ​រៀន​នៅ​សាកលវិទ្យាល័យ និង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ព្រម​ទាំង​ពេល​វេលា​ដែល​ពួក​គេ​ចំណាយ​ក្នុង​ការ​លេង​កីឡា​និង​ការ​កម្សាន្ដ។ អ្នក​ឯ​ទៀត​អស់​កម្លាំង​ដោយ​សារ​ការ​បង្ខិត​បង្ខំ​និង​កង្វល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​កំពុង​សម្រេច​ចិត្ដ​បែប​ណា? តើ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ក្នុង​ជីវិត?›។

. ​(​ក​) តើ​ប៉ូល​បាន​អធិដ្ឋាន​អំពី​អ្វី​ស្ដី​អំពី​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ភីលីព ហើយ​ហេតុ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ​និង​ក្នុង​អត្ថបទ​បន្ទាប់ ហើយ​តើ​អត្ថបទ​ទាំង​នេះ​មាន​គោលដៅ​អ្វី?

គ្រិស្ដ​សាសនិក​ដែល​រស់​នៅ​សតវត្សរ៍​ទី​១​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បន្ដ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត។ នេះ​ជា​មូលហេតុ​ដែល​សាវ័ក​ប៉ូល​អធិដ្ឋាន​សុំ​ឲ្យ​បង​ប្អូន​នៅ​ក្រុង​ភីលីព​អាច​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (សូមអាន ភីលីព ១:៩-១១) ដូច​សាវ័ក​ប៉ូល បង​ប្អូន​ភាគ​ច្រើន​នៅ​សម័យ​នោះ​«​មាន​ចិត្ដ​ក្លាហាន​ជាង​មុន ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ដ​អង់អាច​»។ (​ភី. ១:១២​-​១៤​) ស្រដៀង​គ្នា​ដែរ បង​ប្អូន​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ដ​ក្លាហាន។ ប៉ុន្ដែ​យើង​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ពេល​ពិភាក្សា​អត្ថបទ​នេះ អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​អង្គការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​របស់​លោក​នៅ​ម៉ាថាយ ២៤:១៤​បាន​សម្រេច។ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​ខ្នះខ្នែង​ថែម​ទៀត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ តើ​អង្គការ​របស់​លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ហើយ​តើ​តាម​របៀប​ណា​ការ​ដឹង​អំពី​រឿង​នេះ​អាច​ជំរុញ​ចិត្ដ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង? នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ហើយ​បន្ដ​តាម​ទាន់​អង្គការ​របស់​ព្រះ​យេហូវ៉ា។

ផ្នែក​នៅ​ស្ថាន​សួគ៌​នៃ​អង្គការ​របស់​ព្រះ​កំពុង​ឈាន​ទៅ​មុខ

៥, ៦. ​(​ក​) ហេតុ​អ្វី​ព្រះ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ផ្នែក​នៅ​ស្ថាន​សួគ៌​នៃ​អង្គការ​របស់​លោក? (​ខ​) តើ​អេសេគាល​បាន​ឃើញ​អ្វី​ក្នុង​គំនិត?

មាន​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ដ​មិន​ឲ្យ​គេ​កត់​ទុក​ក្នុង​បណ្ដាំ​របស់​លោក។ ជា​ឧទាហរណ៍ លោក​មិន​បាន​រៀប​រាប់​លម្អិត​អំពី​ដំណើរ​ការ​នៃ​ខួរ​ក្បាល ឬ​ដំណើរ​ការ​នៃ​សកលលោក​ឡើយ ទោះ​ជា​ព័ត៌មាន​បែប​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក៏​ដោយ! ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ ដើម្បី​យល់​អំពី​គោល​បំណង​របស់​លោក និង​ដើម្បី​រស់​នៅ​ស្រប​តាម​គោល​បំណង​នោះ។ (​២ធី. ៣:១៦, ១៧​) គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ដែល​គម្ពីរ​ជួយ​យើង​ឲ្យ​ដឹង​អំពី​ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា! យើង​រំភើប​ចិត្ដ​ពេល​អាន​ព័ត៌មាន​ទាំង​នេះ​ក្នុង​គម្ពីរ​នៅ​សៀវភៅ​អេសាយ អេសេគាល ដានីយ៉ែល និង​ការ​បើក​បង្ហាញ។ (​អេ. ៦:១​-​៤; អេស. ១:៤​-​១៤, ២២​-​២៤; ដាន. ៧:៩​-​១៤; បប. ៤:១​-​១១​) នេះ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​បើក​វាំងនន​ដើម្បី​ឲ្យ​យើង​អាច​ឃើញ​ស្ថាន​សួគ៌។ ហេតុ​អ្វី​បាន​ជា​លោក​បាន​ផ្ដល់​ព័ត៌មាន​នេះ?

ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ភ្លេច​ថា​យើង​រួម​ចំណែក​ក្នុង​អង្គការ​មួយ​ដែល​គ្រប់​គ្រង​សកលលោក។ ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​របស់​ព្រះ​កំពុង​ខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ជា​ឧទាហរណ៍ អេសេគាល​បាន​ឃើញ​រទេះ​ដ៏​ធំ​មួយ​នៅ​ស្ថាន​សួគ៌​ដែល​ជា​តំណាង​ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ រទេះ​នេះ​អាច​ធ្វើ​ដំណើរ​យ៉ាង​រហ័ស ហើយ​អាច​ប្ដូរ​ទិស​បាន​មួយ​រំពេច។ (​អេស. ១:១៥​-​២១​) គាត់​ ក៏​បាន​ឃើញ​អ្នក​ជិះ​រទេះ​នេះ​ដែរ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ដែល​មើល​ទៅ​ដូច​ជា​ភ្លើង . . . នៅ​ជុំ​វិញ . . . នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា​»។ (​អេស. ១:​២៥​-​២៨​) អេសេគាល​ច្បាស់​ជា​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​មែន​ដោយ​បាន​ឃើញ​អ្វី​ទាំង​នេះ​ក្នុង​គំនិត! គាត់​បាន​ឃើញ​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ទាំង​ស្រុង​លើ​អង្គការ​របស់​លោក ហើយ​បាន​ដឹក​នាំ​អង្គការ​នេះ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក។ រទេះ​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​អំពី​របៀប​ដំណើរ​ការ​នៃ​ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា!

. តើ​តាម​របៀប​ណា អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ?

ដានីយ៉ែល​ក៏​បាន​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​ដែល​ពង្រឹង​ទំនុក​ចិត្ដ​យើង។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ឃើញ​លោក​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​»​អង្គុយ​លើ​បល្ល័ង្ក​មួយ​ដែល​សុទ្ធតែ​ជា​អណ្ដាត​ភ្លើង។ បល្ល័ង្ក​នោះ​គឺ​នៅ​លើ​កង់។ (​ដាន. ៧:​៩​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ដានីយ៉ែល​ឃើញ​ថា​អង្គការ​របស់​លោក​កំពុង​មាន​សកម្មភាព ហើយ​កំពុង​សម្រេច​គោល​បំណង​របស់​លោក។ ដានីយ៉ែល​ក៏​បាន​ឃើញ​«​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ​»​ដែល​ជា​លោក​យេស៊ូ កំពុង​ត្រួត​ពិនិត្យ​ផ្នែក​នៅ​ផែនដី​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ការ​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គ្រិស្ដ​មិន​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​គ្រប់​គ្រង​នេះ​គឺ​«​ស្ថិតស្ថេរ​នៅ​អស់​កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង​»។ (​ដាន. ៧:១៣, ១៤​) យើង​បាន​ត្រូវ​ជំរុញ​ឲ្យ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​និង​ឲ្យ​ទទួល​ស្គាល់​អ្វី​ដែល​លោក​កំពុង​សម្រេច។ ដោយ​សារ​លោក​យេស៊ូ​បាន​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា ការ​ឃើញ​ក្នុង​គំនិត​នេះ​ក៏​បាន​ជំរុញ​យើង​ដែរ​ឲ្យ​ទុក​ចិត្ដ​លើ​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង។

. តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អេសេគាល និង​អេសាយ​ឃើញ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ពួក​គាត់ ហើយ​តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

 តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អំពី​ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​របស់​លោក គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? ពេល​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​សម្រេច នោះ​យើង​ប្រាកដជា​កោត​ស្ងើច​ហើយ​មាន​ចិត្ដ​រាប​ទាប​ដូច​អេសេគាល។ (​អេស. ១:២៨​) ការ​រំពឹង​គិត​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​អាច​ជំរុញ​យើង​ឲ្យ​មាន​ចិត្ដ​ខ្នះខ្នែង​ដូច​អេសាយ​ដែរ។ ពេល​អេសាយ​មាន​ឱកាស​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​លោក​កំពុង​ធ្វើ គាត់​បាន​ឆ្លៀត​ឱកាស​នោះ​ដើម្បី​ធ្វើ​ដូច្នេះ​ដោយ​ឥត​ស្ទាក់​ស្ទើរ។ (សូមអាន អេសាយ ៦:៥, ) អេសាយ​មាន​ទំនុក​ចិត្ដ​ថា ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា គាត់​អាចយ​ក​ឈ្នះ​ការ​ពិបាក​ទាំង​អស់​ដោយ​ជោគជ័យ។ ស្រដៀង​គ្នា​ដែរ ការ​ឃើញ​យ៉ាង​ខ្លី​នូវ​ផ្នែក​ដែល​យើង​មើល​មិន​ឃើញ​នៃ​អង្គការ​ព្រះ​យេហូវ៉ា​គួរ​ធ្វើ​ឲ្យ​យើង​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ ហើយ​ជំរុញ​យើង​ឲ្យ​មាន​សកម្មភាព។ យើង​ពិត​ជា​ទទួល​ការ​លើក​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង​ដោយ​ដឹង​ថា​យើង​រួម​ចំណែក​ក្នុង​អង្គការ​មួយ​ដែល​ជាប់​រវល់​ជា​និច្ច​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា!

ផ្នែក​នៅ​ផែនដី​នៃ​អង្គការ​របស់​ព្រះ

៩, ១០. ហេតុ​អ្វី​ត្រូវ​មាន​ផ្នែក​ដែល​យើង​មើល​ឃើញ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា?

តាម​រយៈ​បុត្រ​របស់​លោក ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផ្នែក​នៅ​ផែនដី​នៃ​អង្គការ​របស់​លោក​ដែល​សហការ​ជា​មួយ​នឹង​ផ្នែក​នៅ​ស្ថាន​សួគ៌។ ការ​រៀបចំ​នេះ​គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​កិច្ចការ​របស់​លោក​ដែល​បាន​ទាយ​ទុក​នៅ​ម៉ាថាយ ២៤:១៤​អាច​សម្រេច។ ហេតុ​អ្វី? សូម​ពិចារណា​អំពី​មូលហេតុ​បី​យ៉ាង។

១០ មូលហេតុ​ទី​១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្ម. ១:៨​) ទី​២ ពួក​អ្នក​ដែល​នឹង​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ការ​ការ​ណែនាំ និង​ការ​លើក​ទឹក​ចិត្ដ​ពី​គម្ពីរ។ (​យ៉ូន. ២១:​១៥​-​១៧​) ទី​៣ ពួក​គេ​នឹង​ត្រូវ​ការ​កិច្ច​ប្រជុំ​ដែល​ពួក​គេ​អាច​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​រៀន​របៀប​ផ្សព្វ​ផ្សាយ។ (​ហេ. ១០:២៤, ២៥​) គោលដៅ​ទាំង​នេះ​មិន​អាច​សម្រេច​បាន​ដោយ​ចៃដន្យ​ឡើយ។ ដើម្បី​ឲ្យ​អ្នក​កាន់​តាម​គ្រិស្ដ​អាច​ទទួល​បាន​ជោគជ័យ កិច្ចការ​នេះ​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​យ៉ាង​ល្អ។

១១. តើ​យើង​អាច​បង្ហាញ​ថា​យើង​គាំទ្រ​ការ​រៀបចំ​របស់​អង្គការ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ តើ​យើង​អាច​បង្ហាញ​ថា​យើង​គាំទ្រ​ការ​រៀបចំ​របស់​អង្គការ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? របៀប​ដ៏​សំខាន់​មួយ​គឺ​ការ​ទុក​ចិត្ដ​ជា​និច្ច​លើ​ពួក​បុរស​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​ចិត្ដ​ថា​នឹង​នាំ​មុខ​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ បង​ប្រុស​ៗ​ទាំង​នេះ​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​ពួក​គាត់​ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្ដែ​ពួក​គាត់​មិន​ធ្វើ​ដូច្នេះ​ឡើយ។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ផ្នែក​ដែល​យើង​អាច​មើល​ឃើញ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ។

ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»​

១២, ១៣. តើ​អ្នក​ចាស់​ទុំ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ដ?

១២ អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​ជុំ​វិញ​ពិភព​លោក​បាន​ត្រូវ​តែង​តាំង​ឲ្យ​ត្រួត​ពិនិត្យ និង​ឲ្យ​ជំរុញ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ប្រទេស​ដែល​ពួក​គាត់​បម្រើ។ ដូច្នេះ ពេល​បង​ប្រុស​ទាំង​នេះ​ធ្វើ​ការ​សម្រេច​ចិត្ដ ពួក​គាត់​ស្វែងរក​ការ​ណែនាំ​ពី​បណ្ដាំ​របស់​ព្រះ រួច​ឲ្យ​ការ​ណែនាំ​នោះ​ធ្វើ​ជា​‹​ចង្កៀង​ដល់​ជើង​ពួក​គាត់ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ពួក​គាត់​› ព្រម​ទាំង​អធិដ្ឋាន​អស់ពី​ចិត្ដ​សុំ​ការ​ដឹក​នាំ​ពី​ព្រះ​យេហូវ៉ា។—ទំនុក. ១១៩​:​១០៥; ម៉ាថ. ៧​:​៧, ៨

១៣ ដូច​ពួក​អ្នក​ដឹក​នាំ​នៅ​សតវត្សរ៍​ទី​១ អ្នក​ចាស់​ទុំ​ដែល​ត្រួត​ពិនិត្យ​កិច្ច​ផ្សព្វ​ផ្សាយ​សព្វ​ថ្ងៃ​នេះ​ព្យាយាម​«​ក្នុង​កិច្ច​បម្រើ​ដែល​ទាក់​ទង​នឹង​បណ្ដាំ​របស់​ព្រះ​»។ (​សកម្ម. ៦:៤​) ពួក​គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ពេល​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​របស់​គាត់​និង​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ជឿន​ទៅ​មុខ។ (​សកម្ម. ២១:១៩, ២០​) ពួក​គាត់​មិន​បង្កើត​ច្បាប់​និង​បែបបទ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។  ផ្ទុយ​ទៅ​វិញ ពួក​គាត់​ធ្វើ​តាម​បទ​គម្ពីរ ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ពេល​ពួក​គាត់​រៀបចំ​កិច្ចការ​ផ្សេង​ៗ​ដែល​ចាំ​បាច់​ដើម្បី​ជួយ​កិច្ច​ផ្សព្វ​ផ្សាយ​ឲ្យ​ជឿន​ទៅ​មុខ។ (សូមអាន សកម្មភាព ១៥:២៨) ដោយ​ធ្វើ​ដូច្នេះ បង​ប្រុស​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នេះ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។—អេភ. ៤:១១, ១២

១៤, ១៥. ​(​ក​) តើ​មាន​ការ​រៀបចំ​អ្វី​ខ្លះ​ដើម្បី​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ផែនដី? (​ខ​) កាល​ដែល​អ្នក​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១៤ បង​ប្រុស​ៗ​របស់​យើង​ជា​ច្រើន​នាក់​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​រៀបចំ​សៀវភៅ​ផ្សេង​ៗ កិច្ច​ប្រជុំ និង​មហាសន្និបាត។ បង​ប្អូន​រាប់​ពាន់​នាក់​ធ្វើ​ការ​ស្ម័គ្រ​ចិត្ដ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ដើម្បី​បក​ប្រែ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ប្រហែលជា​៦០០​ភាសា ដើម្បី​ឲ្យ​មនុស្ស​ច្រើន​បំផុត​អាច​រៀន​អំពី​«​ការ​ដ៏​រុងរឿង​របស់​ព្រះ​»​ក្នុង​ភាសា​របស់​ពួក​គេ។ (​សកម្ម. ២:៧​-​១១​) បង​ប្អូន​វ័យ​ក្មេង​ទាំង​ប្រុស​ទាំង​ស្រី​បោះពុម្ព​សៀវភៅ​របស់​យើង​ដោយ​ប្រើ​ម៉ាស៊ីន​ដែល​មាន​ល្បឿន​លឿន និង​សម្ភារ​សម្រាប់​បិត​ក្រប​សៀវភៅ។ ក្រោយ​មក​សៀវភៅ​ទាំង​នេះ​បាន​ត្រូវ​ចែក​ចាយ​ដល់​ក្រុម​ជំនុំ​ផ្សេង​ៗ សូម្បី​តែ​នៅ​តំបន់​ឆ្ងាយ​ជាង​គេ​នៅ​ផែនដី។

១៥ មាន​ការ​រៀបចំ​ជា​ច្រើន​ដើម្បី​ឲ្យ​យើង​អាច​ផ្ដោត​អារម្មណ៍​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ ជា​ឧទាហរណ៍ បង​ប្អូន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ដ​ជា​ច្រើន​នាក់​ជួយ​សង់​សាល​ប្រជុំ​និង​សាល​សន្និបាត ហើយ​ជួយ​ពួក​អ្នក​ដែល​ជួប​ប្រទះ​នឹង​មហន្ដរាយ​ធម្មជាតិ ឬ​ពួក​អ្នក​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់ ជួយ​រៀប​ចំ​សន្និបាត​និង​មហាសន្និបាត ហើយ​បង្រៀន​នៅ​សាលា​កិច្ច​បម្រើ​ព្រះ ទាំង​នេះ​ជាស​កម្ម​ភាព​ខ្លះ​ៗ​ដែល​បង​ប្អូន​បាន​ធ្វើ​ដែល​យើង​មិន​បាន​ឃើញ។ តើ​កិច្ចការ​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី? គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ជួយ​យើង​ឲ្យ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត ហើយ​ជួយ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ក្លាយ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ តើ​ផ្នែក​នៅ​ផែនដី​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​ប្រមូល​អារម្មណ៍​លើ​ការ​អ្វី​ដែល​សំខាន់​ជាង​ឬ​ទេ? ប្រាកដជា​ដូច្នេះ​មែន!

ចូរ​ធ្វើ​តាម​គំរូ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា

១៦. តើ​អ្នក​អាច​ស្រាវជ្រាវ​អ្វី​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន?

១៦ ជួនកាល​តើ​យើង​ចំណាយ​ពេល​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​អង្គការ​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ឬ​ទេ? បង​ប្អូន​ខ្លះ​បាន​សម្រេច​ចិត្ដ​ស្រាវជ្រាវ​ហើយ​រំពឹង​គិត​អំពី​រឿង​នេះ ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ និង​ពេល​ពួក​គាត់​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន។ យើង​នឹង​រំភើប​ចិត្ដ​ពេល​យើង​សិក្សា​អ្វី​ដែល​ព្រះ​បាន​បើក​ឲ្យ​អេសាយ អេសេគាល ដានីយ៉ែល​និង​យ៉ូហាន​ឃើញ។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ ជា​ភាសា​អង់គ្លេស និង​សៀវភៅ​ឯ​ទៀត ឬ​ឌីវីឌី​ជា​ភាសា​របស់​អ្នក ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អង្គការ​របស់​ព្រះ។

១៧, ១៨. ​(​ក​) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​អត្ថបទ​នេះ? (​ខ​) តើ​យើង​គួរ​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

១៧ ការ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​តាម​រយៈ​អង្គការ​របស់​លោក​គឺ​ល្អ​សម្រាប់​យើង។ សូម​ឲ្យ​យើង​រួប​រួម​ជា​មួយ​នឹង​អង្គការ​ដ៏​អស្ចារ្យ​នេះ ដោយ​តាំង​ចិត្ដ​បន្ដ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​សំខាន់​ជាង។ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ការ​តាំង​ចិត្ដ​ដូច​ប៉ូល ដែល​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​យើង​មាន​កិច្ច​បម្រើ​នេះ​ស្រប​ទៅ​តាម​សេចក្ដី​មេត្ដា​ករុណា​ដែល​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង នោះ​យើង​មិន​ឈប់​តស៊ូ​ទេ​»។ (​២កូ. ៤:១​) គាត់​ក៏​បាន​លើក​ទឹក​ចិត្ដ​អ្នក​រួម​ការងារ​ជា​មួយ​គាត់​ថា​៖ ​«​យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ដ​ទេ​»។—កាឡ. ៦:៩

១៨ តើ​យើង​ឬ​ក្រុម​គ្រួសារ​របស់​យើង​ត្រូវ​ធ្វើ​ការ​កែប្រែ​អ្វី​ខ្លះ​ដើម្បី​អាច​ចាត់​ទុក​ការ​អ្វី​ដែល​សំខាន់​ជាង​ជា​អាទិភាព​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ? តើ​យើង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ទៅ​ជា​សាមញ្ញ​ជាង​ឬ​កាត់​បន្ថយ​អ្វី​ៗ​ដែល​បំបែរ​អារម្មណ៍​យើង ដើម្បី​ឲ្យ​យើង​អាច​ប្រមូល​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ជា​កិច្ចការ​សំខាន់​បំផុត​ឬ​ទេ? នៅ​អត្ថបទ​បន្ទាប់​យើង​នឹង​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​នឹង​ជួយ​យើង​ឲ្យ​អាច​តាម​ទាន់​អង្គការ​របស់​ព្រះ​យេហូវ៉ា។