លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឪពុកម្ដាយនិងកូនទាំងឡាយប្រាស្រ័យទាក់ទងគ្នាដោយសេចក្ដីស្រឡាញ់

ចូរឪពុកម្ដាយនិងកូនទាំងឡាយប្រាស្រ័យទាក់ទងគ្នាដោយសេចក្ដីស្រឡាញ់

«មនុស្សម្នាក់ត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង»។—យ៉ា. ១:១៩

១, ២. តើធម្មតាឪពុកម្ដាយនិងកូនមានអារម្មណ៍យ៉ាងណាចំពោះគ្នា ប៉ុន្ដែជួនកាលតើពួកគេជួបការពិបាកអ្វី?

គេបានសួរកូនក្មេងជាច្រើននៅសហរដ្ឋអាម៉េរិកនូវសំណួរនេះ: «ប្រសិនបើតាមរបៀបណាមួយអ្នកដឹងថាឪពុកម្ដាយរបស់អ្នកនឹងស្លាប់នៅថ្ងៃស្អែក តើថ្ងៃនេះអ្នកនឹងចង់ប្រាប់ពួកគាត់អំពីអ្វីជាងគេបំផុត?»។ ក្មេងភាគច្រើននិយាយថាពួកគេនឹងមិនចង់និយាយអំពីបញ្ហា ឬការខ្វែងគំនិតគ្នាទេ ផ្ទុយទៅវិញពួកគេនឹងនិយាយប្រាប់ឪពុកម្ដាយរបស់ពួកគេថា«សូមអត់ទោសឲ្យកូនផង» ហើយ«កូនស្រឡាញ់ប៉ាម៉ាក់ខ្លាំងណាស់» (ដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា សម្រាប់ឪពុកម្ដាយប៉ុណ្ណោះ និពន្ធដោយហ្សនតឺ ហ្វេដហាននិងលីសា រ៉ាយ ជាភាសាអង់គ្លេស)។

ជាទូទៅកូនស្រឡាញ់ឪពុកម្ដាយរបស់ពួកគេ ហើយឪពុកម្ដាយក៏ស្រឡាញ់កូនរបស់ពួកគេដែរ។ ជាពិសេសសេចក្ដីស្រឡាញ់បែបនេះគឺមានក្នុងគ្រួសារគ្រិស្ដសាសនិក។ ទោះជាឪពុកម្ដាយនិងកូនចង់មានទំនាក់ទំនងស្និទ្ធស្នាជាមួយគ្នាក៏ដោយ ជួនកាលទំនាក់ទំនងរវាងពួកគេគឺមានការពិបាក។ ហេតុអ្វីរឿងនេះអាចកើតឡើង? តើអ្វីធ្វើឲ្យឪពុកម្ដាយនិងកូនមានការពិបាកនិយាយអំពីរឿងខ្លះ? តើឪពុកម្ដាយនិងកូនអាចធ្វើអ្វីដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់ពួកគេកាន់តែប្រសើរឡើង?

ចូរកុំឲ្យអ្វីដែលអាចបំបែរអារម្មណ៍និងការនៅដាច់តែឯងមករារាំងការប្រាស្រ័យទាក់ទងគ្នាក្នុងគ្រួសាររបស់អ្នក

ចូរលៃទុកពេលដើម្បីប្រាស្រ័យទាក់ទងគ្នា

. () ហេតុអ្វីចំពោះគ្រួសារជាច្រើន ការប្រាស្រ័យទាក់ទងគ្នាដ៏ល្អគឺជាការពិបាក? () ហេតុអ្វីការចំណាយពេលជាមួយគ្នាមិនមែនជាអ្វីដែលពិបាកសម្រាប់បណ្ដាជនអ៊ីស្រាអែលនៅសម័យបុរាណ?

គ្រួសារជាច្រើនពិបាកមានពេលគ្រប់គ្រាន់ដើម្បីប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ ប៉ុន្ដែនៅសម័យបុរាណមិនមែនដូច្នេះទេ។ ម៉ូសេបានណែនាំបណ្ដាជនអ៊ីស្រាអែលដែលជាឪពុកថា«ត្រូវឲ្យប្រិតប្រៀន[បណ្ដាំរបស់ព្រះ]ដល់កូនចៅឯងព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ (ចោ. ៦:៦, ៧) កូនក្មេងចំណាយពេលជាមួយម្ដាយរបស់ពួកគេនៅផ្ទះ ឬនៅជាមួយឪពុករបស់ពួកគេនៅស្រែចម្ការនៅកន្លែងធ្វើការ។ ពួកគេ មានពេលជាច្រើនដើម្បីនៅជាមួយគ្នានិងដើម្បីសន្ទនាគ្នា។ ជាលទ្ធផល ឪពុកម្ដាយអាចដឹងអំពីសេចក្ដីត្រូវការ សេចក្ដីប៉ងប្រាថ្នា និងបុគ្គលិកលក្ខណៈនៃកូនរបស់ពួកគេ។ ស្រដៀងគ្នាដែរ កូនអាចមានពេលគ្រប់គ្រាន់ដើម្បីស្គាល់ឪពុកម្ដាយរបស់ពួកគេឲ្យបានច្បាស់។

. តើអ្វីធ្វើឲ្យគ្រួសារជាច្រើនមានការពិបាកប្រាស្រ័យទាក់ទងគ្នានៅសព្វថ្ងៃនេះ?

សព្វថ្ងៃនេះ ជីវិតរស់នៅគឺខុសគ្នាពីសម័យបុរាណឆ្ងាយណាស់! នៅប្រទេសខ្លះកូនក្មេងចាប់ផ្ដើមចូលសាលាមត្ដេយ្យ ពេលពួកគេនៅក្មេងនៅឡើយ ជួនកាលមានអាយុត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ ឪពុកម្ដាយជាច្រើនធ្វើការឆ្ងាយពីផ្ទះ។ ពេលឪពុកម្ដាយនិងកូននៅជាមួយគ្នា ពួកគេចំណាយពេលដោយមើលទូរទស្សន៍ ប្រើកុំព្យូទ័រទូរស័ព្ទ។ ក្នុងក្រុមគ្រួសារជាច្រើន ឪពុកម្ដាយនិងកូនមិនសូវស្គាល់គ្នាច្បាស់ទេ។ ពួកគេស្ទើរតែមិនមានការប្រាស្រ័យទាក់ទងគ្នាទាល់តែសោះ។

៥, ៦. តើឪពុកម្ដាយខ្លះបានកែប្រែអ្វីខ្លះដើម្បីពួកគេអាចចំណាយពេលថែមទៀតជាមួយកូនរបស់ពួកគេ?

តើអ្នកអាចគិតរកវិធីដើម្បីចំណាយពេលច្រើនថែមទៀតជាមួយគ្រួសាររបស់អ្នកទេ? (សូមអាន អេភេសូរ ៥:១៥, ១៦) គ្រួសារខ្លះព្រមព្រៀងគ្នាដាក់កម្រិតទៅលើការមើលទូរទស្សន៍ប្រើកុំព្យូទ័រ។ គ្រួសារខ្លះទៀតព្យាយាមបរិភោគអាហារជាមួយគ្នាយ៉ាងហោចណាស់មួយពេលក្នុងមួយថ្ងៃ។ របៀបរៀបចំឲ្យមានការគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារជាឱកាសដ៏ល្អមែនដើម្បីឲ្យឪពុកម្ដាយនិងកូនកាន់តែស្និទ្ធស្នានឹងគ្នា និងដើម្បីពិភាក្សារឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះដោយចិត្ដស្ងប់! ការទុកពេលមួយម៉ោងមួយម៉ោងជាងក្នុងមួយសប្ដាហ៍ដើម្បីប្រាស្រ័យទាក់ទងគ្នាគឺជាដំណាក់កាលល្អមួយ ប៉ុន្ដែអ្នកត្រូវធ្វើអ្វីច្រើនជាងនេះ ដើម្បីមានការសន្ទនាដែលស៊ីជម្រៅ។ ដើម្បីធ្វើដូច្នេះ ការប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់និងជាញឹកញាប់គឺពិតជាសំខាន់ចាំបាច់។ មុននឹងកូនរបស់អ្នកចេញទៅសាលារៀន សូមនិយាយអ្វីមួយដែលលើកទឹកចិត្ដពួកគេ ពិភាក្សាបទគម្ពីរប្រចាំថ្ងៃជាមួយគ្នា ឬអធិដ្ឋានជាមួយកូនរបស់អ្នក។ នេះអាចជួយពួកគេយ៉ាងច្រើនក្នុងអំឡុងថ្ងៃនោះ។

ឪពុកម្ដាយខ្លះបានកែប្រែរបៀបរស់នៅរបស់ពួកគេដើម្បីចំណាយពេលថែមទៀតជាមួយកូនវ័យក្មេងរបស់ពួកគេ។ ជាឧទាហរណ៍ បងស្រីឡូរ៉ា *ដែលមានកូនតូចពីរនាក់បានឈប់ធ្វើការពេញពេលដើម្បីចំណាយពេលថែមទៀតជាមួយកូនរបស់គាត់។ នាងនិយាយថា«នៅពេលព្រឹកយើងទាំងអស់គ្នាប្រញាប់ចេញទៅធ្វើការ ទៅសាលារៀន។ ពេលខ្ញុំត្រឡប់មកផ្ទះវិញនៅពេលល្ងាច កូនរបស់ខ្ញុំបានដេកលក់អស់ហើយ អ្នកមើលក្មេងបានជួយពួកគេឲ្យចូលដេក។ ដោយសារខ្ញុំឈប់ធ្វើការ នេះមានន័យថាយើងត្រូវចេះរស់នៅដោយមានលុយតិចជាង ប៉ុន្ដែខ្ញុំមានអារម្មណ៍ថាខ្ញុំដឹងអំពីចិត្ដគំនិតនិងបញ្ហារបស់កូនៗ។ ខ្ញុំស្ដាប់អ្វីដែលពួកគេនិយាយក្នុងសេចក្ដីអធិដ្ឋាន ហើយខ្ញុំអាចណែនាំ លើកទឹកចិត្ដ និងបង្រៀនពួកគេ»។

ចូរ«រហ័សស្ដាប់»

. តើទាំងឪពុកម្ដាយទាំងកូនច្រើនតែត្អូញត្អែរអំពីអ្វី?

បន្ទាប់ពីបានសម្ភាសយុវជនជាច្រើននាក់ អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា សម្រាប់ឪពុកម្ដាយប៉ុណ្ណោះ បានកត់សម្គាល់ឃើញថាមានអ្វីផ្សេងទៀតដែលអាចរារាំងការប្រាស្រ័យទាក់ទងគ្នា។ ពួកគេនិយាយថា«អ្វីដែលក្មេងត្អូញត្អែរច្រើនជាងគេបំផុតអំពីឪពុកម្ដាយរបស់ពួកគេគឺ ‹ពួកគាត់មិនស្ដាប់យើងនិយាយទេ›»។ តែឪពុកម្ដាយក៏ត្អូញត្អែរថាកូនក៏មិនស្ដាប់ពួកគេដែរ។ ប្រសិនបើសមាជិកគ្រួសារចង់មានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ ពួកគេត្រូវស្ដាប់គ្នាទៅវិញទៅមកដោយយកចិត្ដទុកដាក់។—សូមអាន យ៉ាកុប ១:១៩

. តើតាមរបៀបណាឪពុកម្ដាយពិតជាស្ដាប់កូនរបស់ពួកគេ?

ឪពុកម្ដាយទាំងឡាយ តើអ្នកពិតជាស្ដាប់កូនរបស់អ្នកទេ? នេះអាចជាការពិបាកពេលដែលអ្នកអស់កម្លាំង ឬពេលដែលពួកគេចង់និយាយអំពីអ្វីមួយដែលមើលទៅដូចជាមិនសូវសំខាន់ចំពោះអ្នក។ ប៉ុន្ដែអ្វីដែលមើលទៅមិនសំខាន់ចំពោះអ្នក ប្រហែលជាសំខាន់ណាស់ចំពោះកូនរបស់អ្នក។ «រហ័សស្ដាប់»មានន័យថា យកចិត្ដទុកដាក់ស្ដាប់មិនត្រឹមតែអ្វីដែលកូនរបស់អ្នកនិយាយប៉ុណ្ណោះទេ ប៉ុន្ដែក៏យកចិត្ដទុកដាក់នឹងរបៀបដែលកូនរបស់អ្នកនិយាយរឿងនោះផងដែរ។ ទំហំសំឡេង កាយវិការនិងទឹកមុខរបស់កូនអ្នកអាចប្រាប់អ្នកយ៉ាងច្រើនថាគាត់មានអារម្មណ៍យ៉ាងណា។ ការសួរសំណួរក៏សំខាន់ដែរ។ គម្ពីរចែងថា«សេចក្ដីដំបូន្មាននៅក្នុងចិត្ដមនុស្ស នោះធៀបដូចជាអណ្ដូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន»។ (សុភ. ២០:៥) អ្នកត្រូវបង្ហាញថាអ្នកយល់អារម្មណ៍កូនរបស់អ្នក ពេលនិយាយជាមួយពួកគេ ពោលគឺអ្នកត្រូវស្វែងយល់ថា ពួកគេពិតជាមានអារម្មណ៍យ៉ាងណា។ នេះជាការសំខាន់ណាស់ ជាពិសេសពេលអ្នកពិភាក្សាអំពីអ្វីមួយដែលពួកគេមិនមានអារម្មណ៍ស្រួលដើម្បីនិយាយ។

. ហេតុអ្វីកូនគួរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ពួកគេ?

កូនទាំងឡាយ តើអ្នកស្ដាប់បង្គាប់ឪពុកម្ដាយរបស់អ្នកទេ? បណ្ដាំរបស់ព្រះចែងថា«កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុភ. ១:៨) សូមចាំថា ឪពុកម្ដាយរបស់ប្អូនស្រឡាញ់ប្អូន ហើយពួកគាត់ចង់ឲ្យប្អូនទទួលប្រយោជន៍ច្រើនបំផុត ដូច្នេះជាការល្អបើប្អូនស្ដាប់ ហើយធ្វើតាមពួកគាត់។ (អេភ. ៦:១) ប្រសិនបើប្អូនមានការប្រាស្រ័យទាក់ទងដ៏ល្អជាមួយឪពុកម្ដាយរបស់ប្អូន ហើយប្អូនចាំថាពួកគាត់ស្រឡាញ់ប្អូន នេះនឹងធ្វើឲ្យប្អូនងាយស្ដាប់បង្គាប់ពួកគាត់ជាង។ សូមប្រាប់ឪពុកម្ដាយរបស់ប្អូនអំពីអារម្មណ៍ដែលប្អូនមានចំពោះរឿងផ្សេងៗ។ នេះនឹងជួយពួកគាត់ឲ្យយល់អំពីប្អូន។ ប្អូនក៏គួរព្យាយាមយល់អំពីពួកគាត់វិញដែរ។

១០. តើយើងទាញមេរៀនអ្វីពីកំណត់ហេតុក្នុងគម្ពីរអំពីរេហូបោម?

១០ បើនិយាយអំពីការធ្វើតាមឱវាទរបស់យុវជនដែលមានអាយុស្រករប្អូន ប្អូនត្រូវប្រុងប្រយ័ត្ន។ ពួកគេប្រហែលជាប្រាប់ប្អូនរឿងណាដែលប្អូនចង់ស្ដាប់ ប៉ុន្ដែឱវាទរបស់ពួកគេប្រហែលជាមិនជួយប្អូនបានទាល់តែសោះ។ តាមការពិត ឱវាទរបស់ពួកគេប្រហែលជាថែមទាំងនាំឲ្យប្អូនមានគ្រោះថ្នាក់ទៀតផង។ យុវជនមិនមានប្រាជ្ញានិងបទពិសោធន៍ដូចមនុស្សចាស់ទេ។ ពួកគេភាគច្រើនមិនបានគិតថា ការសម្រេចចិត្ដដែលពួកគេធ្វើនៅឥឡូវនេះអាចនាំឲ្យមានផលវិបាកយ៉ាងណាដល់ខ្លួននៅអនាគតទេ។ សូមចាំពីគំរូរបស់រេហូបោមដែលជាបុត្ររបស់ស្ដេចសាឡូម៉ូន។ ពេលដែលគាត់បានក្លាយជាស្ដេចអ៊ីស្រាអែល គឺជាការល្អបើគាត់ស្ដាប់តាមគំនិតនៃពួកចាស់ទុំ។ ផ្ទុយទៅវិញគាត់បានធ្វើតាមឱវាទដ៏ល្ងង់ខ្លៅរបស់ពួកយុវជនដែលបានធំឡើងស្រករគាត់។ ហេតុនេះគាត់បានបាត់បង់ការគាំទ្រពីបណ្ដាជនភាគច្រើនក្នុងរាជាណាចក្ររបស់គាត់។ (១ព. ១២:១-១៧) ចូរកុំធ្វើដូចរេហូបោម។ ចូរប្រាប់ឪពុកម្ដាយរបស់ប្អូនអំពីចិត្ដគំនិតនិងអារម្មណ៍របស់ប្អូន។ ចូរធ្វើតាមឱវាទរបស់ពួកគាត់ ហើយរៀនពីពួកគាត់ដើម្បីមានប្រាជ្ញា។—សុភ. ១៣:២០

១១. តើអ្វីប្រហែលជាកើតឡើង បើឪពុកម្ដាយមិនមែនជាមនុស្សដែលស្រួលទាក់ទង?

១១ ឪពុកម្ដាយទាំងឡាយ បើអ្នកមិនចង់ឲ្យកូនរបស់អ្នកស្វែងរកឱវាទពីក្មេងស្រករពួកគេ សូមធ្វើជាឪពុកម្ដាយដែលស្រួលទាក់ ទង និងស្រួលនិយាយជាមួយ។ ប្អូនស្រីវ័យជំទង់ម្នាក់បានសរសេរថា«ពេលខ្ញុំគ្រាន់តែនិយាយឈ្មោះប្រុសម្នាក់ ឪពុកម្ដាយរបស់ខ្ញុំមានអារម្មណ៍មិនស្រួល។ នេះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួល ហើយខ្ញុំស្ទាក់ស្ទើរនឹងនិយាយទៅទៀត»។ ប្អូនស្រីវ័យក្មេងម្នាក់ទៀតបានសរសេរថា«ក្មេងជំទង់ជាច្រើនចង់បានឱវាទពីឪពុកម្ដាយ ប៉ុន្ដែបើឪពុកម្ដាយរបស់ពួកគេមិនយកចិត្ដទុកដាក់នឹងពួកគេ ពួកគេនឹងទៅរកអ្នកទៀតដែលយកចិត្ដទុកដាក់ចំពោះពួកគេ ទោះបីជាអ្នកទាំងនោះមិនសូវមានបទពិសោធន៍ក៏ដោយ»។ ប្រសិនបើអ្នកសុខចិត្ដស្ដាប់កូនរបស់អ្នកដោយចេះយល់អារម្មណ៍ ទោះជាកូននិយាយអំពីអ្វីក៏ដោយ អ្នកទំនងជានឹងឃើញថាពួកគេនឹងប្រាប់អំពីអារម្មណ៍របស់ខ្លួន ហើយពេញចិត្ដនឹងការណែនាំរបស់អ្នក។

កុំ«រហ័សនិយាយ»

១២. តើតាមរបៀបណាប្រតិកម្មរបស់ឪពុកម្ដាយអាចរារាំងការប្រាស្រ័យទាក់ទងជាមួយកូនរបស់ពួកគេ?

១២ អ្វីមួយដែលអាចរារាំងការប្រាស្រ័យទាក់ទងគ្នាគឺពេលឪពុកម្ដាយឆាប់មានប្រតិកម្មដោយបង្ហាញអារម្មណ៍ពេលកូននិយាយជាមួយពួកគេ ហើយគិតថាអ្វីដែលកូននិយាយគឺមិនត្រឹមត្រូវ។ យើងក៏យល់ដែរថា ឪពុកម្ដាយដែលជាគ្រិស្ដសាសនិកចង់ការពារកូនរបស់ពួកគេ។ នៅគ្រាចុងក្រោយបង្អស់ មានគ្រោះថ្នាក់ជាច្រើន ហើយឪពុកម្ដាយគ្រិស្ដសាសនិកចង់ការពារកូនរបស់ពួកគេ។ (២ធី. ៣:១-) ប៉ុន្ដែកូនប្រហែលមិនតែងតែគិតដូច្នេះទេ ហើយពួកគេប្រហែលជាមានអារម្មណ៍ថាឪពុកម្ដាយបំបិទសេរីភាពរបស់ពួកគេ។

១៣. ហេតុអ្វីឪពុកម្ដាយគួរប្រុងប្រយ័ត្នចំពោះការឆាប់ឲ្យយោបល់ពេក?

១៣ ជាការល្អបើឪពុកម្ដាយមិនឲ្យយោបល់កូនឆាប់រហ័សពេក។ ពិតមែនតែមិនតែងតែងាយស្រួលឲ្យអ្នកនៅស្ងៀម ពេលកូនរបស់អ្នកនិយាយអំពីអ្វីមួយដែលធ្វើឲ្យអ្នកព្រួយបារម្ភ ប៉ុន្ដែជាការសំខាន់ដែលអ្នកត្រូវស្ដាប់ដោយយកចិត្ដទុកដាក់មុននឹងឆ្លើយ។ សាឡូម៉ូនជាស្ដេចដែលមានប្រាជ្ញាបានសរសេរថា«អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿង នោះរាប់ជាចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង»។ (សុភ. ១៨:១៣) បើអ្នកមានចិត្ដស្ងប់ អ្នកនឹងរឿងថែមទៀត ហើយកូនរបស់អ្នកនឹងនិយាយទៅទៀត។ អ្នកត្រូវដឹងរឿងឲ្យបានសព្វគ្រប់ មុននឹងអ្នកអាចជួយកូនរបស់អ្នកបាន។ អ្វីដែលកូននិយាយ«ជ្រួសហួស»ប្រហែលជាដោយសារពួកគេពិបាកចិត្ដ។ (យ៉ូប ៦:១-) ក្នុងនាមជាឪពុកម្ដាយដែលមានសេចក្ដីស្រឡាញ់ ចូរស្ដាប់ ហើយខំយល់អំពីកូនរបស់អ្នកដើម្បីឲ្យអ្នកអាចនិយាយអ្វីដែលពិតជាជួយពួកគេ។

១៤. ហេតុអ្វីកូនគួរយឺតនឹងនិយាយ?

១៤ កូនទាំងឡាយ ប្អូនក៏«មិន[ត្រូវ]រហ័សនិយាយ»ដែរ កុំឆាប់ជំទាស់អ្វីដែលឪពុកម្ដាយរបស់ប្អូននិយាយ ពីព្រោះពួកគាត់បានទទួលភារកិច្ចដែលព្រះផ្ដល់ឲ្យដើម្បីអប់រំប្អូន។ (សុភ. ២២:៦) ពួកគាត់ប្រហែលជាធ្លាប់ជួបនឹងស្ថានភាពដូចគ្នានឹងស្ថានភាពដែលប្អូនកំពុងជួបប្រទះនៅឥឡូវនេះដែរ។ ម្យ៉ាងទៀត ពួកគាត់ស្ដាយកំហុសដែលពួកបានធ្វើពេលនៅក្មេង ហើយពួកគាត់ចង់ការពារប្អូនយ៉ាងស្មោះដើម្បីកុំឲ្យប្អូនធ្វើខុសដូចពួកគាត់ដែរ។ ដូច្នេះ ចូរចាត់ទុកឪពុកម្ដាយរបស់ប្អូនជាអ្នកគាំទ្រនិងជាអ្នកឲ្យយោបល់ មិនមែនជាសត្រូវនិងជាអ្នកប្រឆាំងប្អូនទេ។ (សូមអាន សុភាសិត ១:៥) ចូរ«គោរពឪពុកនិងម្ដាយរបស់អ្នក» ហើយបង្ហាញថាប្អូនស្រឡាញ់ពួកគាត់ដូចពួកគាត់ស្រឡាញ់ប្អូនដែរ។ បើប្អូនធ្វើដូច្នេះ នេះនឹងធ្វើឲ្យពួកគាត់ងាយស្រួលជាងដើម្បី‹អប់រំប្អូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា›។—អេភ. ៦:២,

កុំ«រហ័សខឹង»

១៥. តើអ្វីនឹងជួយយើងឲ្យមានចិត្ដស្ងប់ និងឲ្យមានចិត្ដអត់ធ្មត់នឹងមនុស្សដែលយើងស្រឡាញ់?

១៥ យើងមិនតែងតែមានចិត្ដអត់ធ្មត់នឹងមនុស្សដែលយើងស្រឡាញ់ទេ។ សាវ័កប៉ូលបានសរសេរថា«ជូនចំពោះពួកអ្នកបរិសុទ្ធនិងបងប្អូនស្មោះត្រង់ទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្ដនៅក្រុងកូឡុស ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជានិច្ច ហើយកុំក្រេវក្រោធនឹងនាង។ ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនខឹង ព្រោះធ្វើដូច្នេះនាំឲ្យកូនធ្លាក់ទឹកចិត្ដ»។ (កូឡ. ១:១, ២; ៣:១៩, ២១) ប៉ូលបានដាស់តឿនបងប្អូននៅក្រុងអេភេសូរថា«ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្ដក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ»។ (អេភ. ៤:៣១) ចូរអប់រំខ្លួនឲ្យមានចិត្ដធ្ងន់ ចិត្ដស្លូតបូត និងការចេះទប់ចិត្ដ គុណសម្បត្ដិទាំងនេះដែលជាផលដែលបង្កើតដោយសកម្មពលរបស់ព្រះនឹងជួយអ្នកឲ្យមានចិត្ដស្ងប់ ទោះជានៅ ពេលដែលអ្នកមានការតានតឹងចិត្ដក៏ដោយ។—កាឡ. ៥:២២, ២៣

១៦. តើតាមរបៀបណាលោកយេស៊ូបានកែតម្រង់ពួកសាវ័ក ហើយហេតុអ្វីនេះគួរឲ្យអស្ចារ្យម៉្លេះ?

១៦ សូមពិចារណាគំរូរបស់លោកយេស៊ូ។ សូមគិតថា លោកមានការតានតឹងចិត្ដយ៉ាងខ្លាំងនៅពេលលោកបរិភោគអាហារល្ងាចចុងក្រោយជាមួយសាវ័ករបស់លោក។ លោកយេស៊ូបានដឹងថា នៅតែប៉ុន្មានម៉ោងទៀតលោកនឹងឈឺចាប់យ៉ាងយូរមុននឹងស្លាប់។ ការធ្វើឲ្យនាមបិតាលោកបានបរិសុទ្ធនិងការសង្គ្រោះមនុស្សជាតិអាស្រ័យទៅលើភាពស្មោះត្រង់របស់លោក។ ប៉ុន្ដែនៅពេលដែលមានការបរិភោគអាហារនោះ «ពួកគាត់ក៏តាំងប្រកែកគ្នាយ៉ាងខ្លាំងអំពីរឿងថាអ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោម[ពួកសាវ័ក]»។ លោកយេស៊ូមិនបានស្រែកគំហកដាក់ពួកគាត់និយាយគំរោះគំរើយដាក់ពួកគាត់ទេ។ ផ្ទុយទៅវិញលោកវែកញែកជាមួយពួកគាត់ដោយមានចិត្ដស្ងប់។ លោកយេស៊ូបានរំលឹកពួកគាត់ថា ពួកគាត់ត្រូវនៅជាប់ជាមួយនឹងលោកក្នុងគ្រាលំបាក។ ទោះជាសាថានទាមទារចង់រែងពួកគាត់ដូចជារែងអង្ករក៏ដោយ លោកយេស៊ូបានបង្ហាញទំនុកចិត្ដថា ពួកគាត់នឹងបង្ហាញចិត្ដស្មោះ។ លោកថែមទាំងបានធ្វើកិច្ចព្រមព្រៀងមួយជាមួយពួកគាត់ទៀតផង។—លូក. ២២:២៤-៣២

តើអ្នកយកចិត្ដទុកដាក់ស្ដាប់កូនរបស់អ្នកទេ?

១៧. តើអ្វីនឹងជួយកូនឲ្យមានចិត្ដស្ងប់?

១៧ កូនក៏ត្រូវមានចិត្ដស្ងប់ដែរ។ ជាពិសេសពេលពួកគេចូលដល់វ័យជំទង់ ពួកគេប្រហែលជាមានអារម្មណ៍ថា ការណែនាំពីឪពុកម្ដាយបង្កប់អត្ថន័យថា ឪពុកម្ដាយមិនទុកចិត្ដពួកគេទេ។ ប៉ុន្ដែសូមចាំថា ឪពុកម្ដាយប្អូនព្រួយបារម្ភអំពីប្អូនដោយសារពួកគាត់ស្រឡាញ់ប្អូន។ បើប្អូនស្ដាប់ពួកគាត់ដោយចិត្ដស្ងប់ ហើយព្រមទទួលយកការណែនាំរបស់ពួកគាត់ ពួកគាត់នឹងគោរពប្អូនហើយទុកចិត្ដប្អូន។ ក្រោយមក ឪពុកម្ដាយរបស់ប្អូនប្រហែលជាផ្ដល់សេរីភាពឲ្យប្អូនដើម្បីធ្វើអ្វីខ្លះៗ។ គម្ពីរបង្ហាញថាបុគ្គលដែលមានចិត្ដស្ងប់គឺជាមនុស្សឈ្លាសវៃ ហើយចែងថា«ពួកល្ងីល្ងើសំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ដហើយរំងាប់ចេញវិញ»។—សុភ. ២៩:១១

១៨. តើតាមរបៀបណាសេចក្ដីស្រឡាញ់នាំឲ្យមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ?

១៨ ដូច្នេះឪពុកម្ដាយនិងកូនទាំងឡាយជាទីស្រឡាញ់ សូមកុំធ្លាក់ទឹកចិត្ដបើការប្រាស្រ័យទាក់ទងគ្នាក្នុងគ្រួសាររបស់អ្នកមិនអាចបានល្អដូចអ្នកចង់បាននោះទេ។ ចូរបន្ដព្យាយាមប្រាស្រ័យទាក់ទងគ្នា ហើយបន្ដកាន់ខ្ជាប់តាមសេចក្ដីពិត។ (៣យ៉ូន. ៤) ក្នុងពិភពលោកថ្មី យើងនឹងទៅជាល្អឥតខ្ចោះ ហើយនឹងមិនមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នាឡើយ។ ប៉ុន្ដែ នៅសព្វថ្ងៃនេះយើងទាំងអស់គ្នាធ្វើអ្វីដែលនាំឲ្យយើងនឹកស្ដាយនៅពេលក្រោយ។ ដូច្នេះ ចូរកុំស្ទាក់ស្ទើរក្នុងការសុំអភ័យទោស។ ចូរអភ័យទោសឲ្យអ្នកទៀតដោយគ្មានល័ក្ខខ័ណ្ឌ។ ចូរ«មានសាមគ្គីភាពប្រកបដោយសេចក្ដីស្រឡាញ់»។ (កូឡ. ២:២) សេចក្ដីស្រឡាញ់មានឫទ្ធានុភាពខ្លាំងណាស់។ ‹សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្ដនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ដ។ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីទាំងអស់ ជឿអ្វីទាំងអស់ សង្ឃឹមលើអ្វីទាំងអស់ ស៊ូទ្រាំនឹងអ្វីទាំងអស់›។ (១កូ. ១៣:៤-) ចូរបន្ដអប់រំខ្លួនឲ្យមានសេចក្ដីស្រឡាញ់ នោះអ្នកនឹងមានការប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរឡើង ហើយនាំឲ្យក្រុមគ្រួសាររបស់អ្នកមានអំណរនិងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។

^ ???? 6 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។