លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ

ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ

«ចូរស្អប់ខ្ពើមអ្វីដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីដែលល្អ»។—រ៉ូម ១២:៩

១, ២. () តើតាមរបៀបណាអ្នកបានសម្រេចចិត្ដបម្រើព្រះ? () តើយើងអាចសួរសំណួរអ្វីខ្លះស្ដីអំពីកេរដំណែលដែលមកពីព្រះ?

យើងរាប់លាននាក់បានធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃដោយបម្រើព្រះយេហូវ៉ានិងដើរតាមលំអានដានលោកយេស៊ូគ្រិស្ដយ៉ាងដិតដល់។ (ម៉ាថ. ១៦:២៤; ១ពេ. ២:២១) ការប្រគល់ខ្លួនជូនព្រះគឺជាការសម្រេចចិត្ដដ៏សំខាន់បំផុត។ ការសម្រេចចិត្ដរបស់យើងមិនមែនផ្អែកលើចំណេះសើអំពីបទគម្ពីរពីរបីប៉ុណ្ណោះទេ ប៉ុន្ដែគឺតាមរយៈការសិក្សាបណ្ដាំរបស់ព្រះដោយយកចិត្ដទុកដាក់។ ជាលទ្ធផល យើងបានរៀនយ៉ាងល្អិតល្អន់នូវចំណុចជាច្រើនដែលពង្រឹងជំនឿ ស្ដីអំពីកេរដំណែលដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកអ្នកដែល‹ស្គាល់លោកឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ដ ដែលលោកបានចាត់ឲ្យមក›។—យ៉ូន. ១៧:៣; រ៉ូម ១២:២

បើយើងចង់រក្សាចំណងមិត្ដភាពឲ្យបានល្អជាមួយនឹងព្រះយេហូវ៉ា យើងត្រូវធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃដែលធ្វើឲ្យលោកពេញចិត្ដ។ ដូច្នេះ ក្នុងអត្ថបទនេះយើងនឹងពិចារណាសំណួរសំខាន់ទាំងនេះគឺ តើកេរដំណែលរបស់យើងជាអ្វី? តើយើងគួរមានទស្សនៈយ៉ាងណាចំពោះកេរដំណែលនេះ? តើយើងអាចធ្វើយ៉ាងណាដើម្បីប្រាកដថា យើងទទួលកេរដំណែលរបស់យើង? តើអ្វីនឹងជួយយើងឲ្យចេះធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ?

តើកេរដំណែលរបស់យើងជាអ្វី?

. តើមានកេរដំណែលអ្វីសម្រាប់ () អ្នកដែលបានត្រូវរើសតាំង () «ចៀមទៀត»?

គ្រិស្ដសាសនិកមួយចំនួនតូចទន្ទឹងរង់ចាំទទួល«មត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្ដរ៍» ពោលគឺការគ្រប់គ្រងជាមួយគ្រិស្ដនៅស្ថានសួគ៌ ដែលជាឯកសិទ្ធិដែលប្រៀបផ្ទឹមពុំបាន។ (១ពេ. ១:៣, ៤) ដើម្បីទទួលមត៌កកេរដំណែលនោះ បុគ្គលទាំងនោះត្រូវ«កើតម្ដងទៀត»។ (យ៉ូន. ៣:១-) ចំពោះមនុស្សរាប់លាននាក់ជា«ចៀមទៀត»របស់លោកយេស៊ូ ដែលបានចូលរួមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រជាមួយពួកអ្នកដែលបានត្រូវរើសតាំង តើកេរដំណែលរបស់ពួកគេជាអ្វី? (យ៉ូន. ១០:១៦) ចៀមទៀតនឹងទទួលកេរដំណែលដែលអាដាមនិងអេវ៉ាដែលមានភាពខុសឆ្គងមិនបានទទួល គឺជីវិតគ្មានទីបញ្ចប់នៅលើ ផែនដី ដែលលែងមានការឈឺចាប់ សេចក្ដីស្លាប់ ឬទុក្ខព្រួយទៀត។ (បប. ២១:១-) ហេតុនេះ លោកយេស៊ូអាចសន្យាដល់ឧក្រិដ្ឋជនម្នាក់ដែលនឹងស្លាប់ជាមួយនឹងលោកថា«ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។—លូក. ២៣:៤៣

. តើយើងបានទទួលពរអ្វីខ្លះរួចមកហើយ?

ប៉ុន្ដែ កេរដំណែលរបស់យើងក៏រួមបញ្ចូលពរខ្លះដែលយើងទទួលសូម្បីតែឥឡូវនេះដែរ។ ដោយសារយើងបង្ហាញជំនឿលើ«ថ្លៃលោះដែលគ្រិស្ដយេស៊ូបានបង់» យើងមានសេចក្ដីសុខសាន្ដក្នុងចិត្ដ និងមានចំណងមិត្ដភាពជិតស្និទ្ធជាមួយព្រះ។ (រ៉ូម ៣:២៣-២៥) យើងយល់ច្បាស់នូវសេចក្ដីសន្យាដ៏មានតម្លៃ ដែលមាននៅក្នុងបណ្ដាំរបស់ព្រះ។ ម្យ៉ាងទៀត យើងមានអំណរពន់ពេកដែលបានរួមចំណែកជាមួយបងប្អូនរួមជំនឿជាទីស្រឡាញ់នៅទូទាំងពិភពលោក។ ការធ្វើជាសាក្សីព្រះយេហូវ៉ាម្នាក់ក្នុងចំណោមសាក្សីទៀតពិតជាឯកសិទ្ធិដ៏អស្ចារ្យណាស់។ ហេតុនេះគឺមិនមែនជាការចម្លែកឡើយ ដែលយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះកេរដំណែលរបស់យើង!

. តើសាថានព្យាយាមធ្វើអ្វីចំពោះរាស្ដ្ររបស់ព្រះ ហើយតើអ្វីអាចជួយយើងកាន់ជំហរមាំមួនប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់វា?

ប៉ុន្ដែដើម្បីកុំឲ្យយើងបាត់បង់កេរដំណែលដ៏អស្ចារ្យនេះ យើងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះឧបាយកលរបស់សាថាន។ វាតែងតែព្យាយាមមានឥទ្ធិពលទៅលើរាស្ដ្រព្រះដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្ដដែលនាំឲ្យពួកគេបាត់បង់កេរដំណែលរបស់ខ្លួន។ (ជន. ២៥:១-៣,) ដោយដឹងថាទីបញ្ចប់របស់វាកាន់តែជិតមកដល់ហើយ សាថានខំប្រឹងរឹតតែខ្លាំងថែមទៀតដើម្បីបំភាន់យើង។ (សូមអាន ការបើកបង្ហាញ ១២:១២, ១៧) ប្រសិនបើយើងចង់«កាន់ជំហរមាំមួនប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់មេកំណាច» យើងត្រូវបន្ដឲ្យតម្លៃកាន់តែខ្លាំងចំពោះកេរដំណែលរបស់យើង។ (អេភ. ៦:១១) ស្ដីអំពីរឿងនេះ គំរូដែលទុកជាការព្រមានរបស់អេសាវដែលជាកូនប្រុសរបស់អ៊ីសាក ផ្ដល់មេរៀនដែលយើងគួរចាំទុកក្នុងចិត្ដ។

កុំធ្វើដូចអេសាវ

៦, ៧. តើអេសាវជាអ្នកណា ហើយតើគាត់នឹងទទួលកេរដំណែលអ្វី?

ជិត៤.០០០ឆ្នាំមុន អ៊ីសាកនិងរេបិកាបានបង្កើតអេសាវនិងយ៉ាកុបដែលជាប្អូនប្រុសភ្លោះរបស់គាត់។ កាលដែលកូនភ្លោះមានវ័យធំឡើង ពួកគេមានអត្ដចរិតខុសគ្នា ហើយចូលចិត្ដធ្វើកិច្ចការខុសគ្នាដែរ។ «អេសាវបានទៅជាអ្នកចំណានខាងវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល» រីឯ«យ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ»។ (លោ. ២៥:២៧) អ្នកបកប្រែគម្ពីរឈ្មោះរ៉ូបឺត អាលថឺបានកត់សម្គាល់ថា ពាក្យភាសាហេប្រឺ«រមទមបង្កប់អត្ថន័យ ចិត្ដស្មោះគ្រប់លក្ខណៈ ឬស្លូតត្រង់»។

ពេលអេសាវនិងយ៉ាកុបមានអាយុ១៥ឆ្នាំ អាប្រាហាំដែលជាជីតារបស់ពួកគាត់បានស្លាប់។ ប៉ុន្ដែព្រះយេហូវ៉ាបាននឹកចាំសេចក្ដីសន្យាដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ។ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់អំពីសេចក្ដីសន្យានោះម្ដងទៀតដល់អ៊ីសាកថា គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជរបស់អាប្រាហាំ។ (សូមអាន លោកុប្បត្ដិ ២៦:៣-) សេចក្ដីសន្យានោះបានបើកបង្ហាញថា មេស្ស៊ី ពោលគឺ«ពូជ»ដ៏ស្មោះត្រង់នៅលោកុប្បត្ដិ ៣:១៥នឹងកើតមកពីកូនចៅរបស់អាប្រាហាំ។ ដោយសារអេសាវជាកូនប្រុសច្បងរបស់អ៊ីសាក គាត់មានសិទ្ធិត្រឹមត្រូវតាមច្បាប់ដើម្បីទទួលសេចក្ដីសន្យានោះ។ នេះពិតជាកេរដំណែលដ៏អស្ចារ្យណាស់សម្រាប់អេសាវ! តើគាត់បានយល់តម្លៃនៃកេរដំណែលនេះទេ?

ចូរកុំធ្វើអ្វីដែលនឹងធ្វើឲ្យអ្នកបាត់បង់កេរដំណែលរបស់អ្នក

៨, ៩. () ស្ដីអំពីកេរដំណែលរបស់គាត់ តើអេសាវបានធ្វើការសម្រេចចិត្ដអ្វី? () ច្រើនឆ្នាំក្រោយមក តើអេសាវបានដឹងយ៉ាងណាអំពីការសម្រេចចិត្ដរបស់គាត់ ហើយតើគាត់បានមានប្រតិកម្មយ៉ាងណា?

ថ្ងៃមួយ ពេលអេសាវមកពីវាល គាត់បានឃើញយ៉ាកុប«កំពុងតែស្លសំ» អេសាវបាននិយាយថា«សូមចែកសំក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់!»។ យ៉ាកុបតបឆ្លើយទៅអេសាវថា«សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន!»។ តើអេសាវសម្រេចចិត្ដយ៉ាងណា? មិនគួរឲ្យជឿសោះ គាត់បានឆ្លើយថា«តើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត?»។ មែនហើយ អេសាវបានសម្រេចយកសម្លក្រហមមួយចានជំនួសសិទ្ធិកូនច្បង! ដើម្បីឲ្យការផ្ទេរសិទ្ធិកូនច្បងស្របតាមច្បាប់ យ៉ាកុបបានទាមទារថា«ចូរស្បថឲ្យខ្ញុំឥឡូវចុះ!»។ ដោយឥតស្ទាក់ស្ទើរ អេសាវបានបោះបង់ចោលសិទ្ធិកូនច្បងរបស់គាត់។ រួចមក«យ៉ាកុបក៏ឲ្យនំប៉័ងនឹងសំសណ្ដែកបាយដល់អេសាវ គាត់ក៏បរិភោគ រួចក្រោកដើរ ចេញបាត់ទៅ អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួន ដោយអាការយ៉ាងដូច្នោះ»។—លោ. ២៥:២៩-៣៤

ច្រើនឆ្នាំក្រោយមក ពេលអ៊ីសាកគិតថាគាត់ជិតស្លាប់ រេបិកាបានរៀបចំគម្រោងការដើម្បីឲ្យប្រាកដថាយ៉ាកុបនឹងទទួលសិទ្ធិកូនច្បងដែលអេសាវបានបោះបង់។ ក្រោយមក ពេលអេសាវបានដឹងថា គាត់បានធ្វើការសម្រេចចិត្ដដ៏ល្ងង់ខ្លៅមួយ គាត់បានអង្វរអ៊ីសាកថា«លោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង . . . តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យខ្ញុំផងទេឬ?»។ ពេលអ៊ីសាកប្រាប់ថា គាត់មិនអាចប្ដូរពរដែលគាត់បានឲ្យដល់យ៉ាកុបរួចហើយឡើយ «អេសាវក៏ឡើងសំឡេងយំ»។—លោ. ២៧:៣០-៣៨

១០. តើព្រះយេហូវ៉ាបានមានទស្សនៈយ៉ាងណាចំពោះអេសាវនិងយ៉ាកុប ហើយហេតុអ្វី?

១០ យោងទៅតាមបទគម្ពីរ តើអេសាវមានចិត្ដគំនិតបែបណា? គាត់បានបង្ហាញថាការបំពេញសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់គាត់ គឺសំខាន់ជាងការទទួលពរពីកេរដំណែលរបស់គាត់នៅអនាគត។ អេសាវមិនបានឲ្យតម្លៃសោះចំពោះសិទ្ធិកូនច្បងរបស់គាត់ ហើយតាមមើលទៅគាត់មិនសូវស្រឡាញ់ព្រះទេ។ ម្យ៉ាងទៀត អេសាវមិនខ្វល់ថាការប្រព្រឹត្ដរបស់គាត់នឹងមានឥទ្ធិពលយ៉ាងណាទៅលើកូនចៅរបស់គាត់ទេ។ ផ្ទុយទៅវិញ យ៉ាកុបឲ្យតម្លៃយ៉ាងខ្លាំងទៅលើកេរដំណែលរបស់គាត់។ ជាឧទាហរណ៍ យ៉ាកុបបានធ្វើតាមការណែនាំរបស់ឪពុកម្ដាយគាត់ក្នុងការជ្រើសរើសប្រពន្ធ។ (លោ. ២៧:៤៦–២៨:៣) ដោយសារយ៉ាកុបបានធ្វើការសម្រេចចិត្ដដូច្នេះ ដែលតម្រូវឲ្យគាត់មានចិត្ដអត់ធ្មត់និងឲ្យគាត់លះបង់ប្រយោជន៍របស់ខ្លួន នោះគាត់បានក្លាយទៅជាបុព្វបុរសរបស់មេស្ស៊ី។ តើព្រះមានទស្សនៈយ៉ាងណាចំពោះអេសាវនិងយ៉ាកុប? តាមរយៈម៉ាឡាគីដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«អញបានស្រឡាញ់យ៉ាកុប តែចំណែកអេសាវនោះអញបានស្អប់»។—ម៉ាឡ. ១:២, ៣

១១. () ហេតុអ្វីគំរូរបស់អេសាវទាក់ទងនឹងយើងដែលជាគ្រិស្ដសាសនិក? () ពេលប៉ូលរៀបរាប់អំពីអ្វីដែលអេសាវបានធ្វើ ហេតុអ្វីគាត់ក៏និយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ?

១១ តើអ្វីដែលគម្ពីរចែងអំពីអេសាវទាក់ទងនឹងគ្រិស្ដសាសនិកសព្វថ្ងៃនេះទេ? គឺពិតជាទាក់ទងមែន។ សាវ័កប៉ូលបានព្រមានបងប្អូនរួមជំនឿថា«ដើម្បីកុំឲ្យមានអ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអ្នកណាដែលមិនឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដូចអេសាវដែលបានប្រគល់សិទ្ធិជាកូនច្បងដើម្បីប្ដូរយកអាហារតែមួយពេល»។ (ហេ. ១២:១៦) ការព្រមាននោះនៅតែសម្រាប់គ្រិស្ដសាសនិក។ យើងត្រូវតែបន្ដឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដើម្បីកុំឲ្យសេចក្ដីប៉ងប្រាថ្នាខាងរូបកាយដឹកនាំយើង ហើយនាំឲ្យយើងបាត់បង់កេរដំណែលដែលមកពីព្រះ។ ពេលប៉ូលរៀបរាប់អំពីអ្វីដែលអេសាវបានធ្វើ ហេតុអ្វីគាត់ក៏និយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ? ពីព្រោះបើយើងប្រព្រឹត្ដដូចអេសាវ ហើយឲ្យសេចក្ដីប៉ងប្រាថ្នារបស់យើងខាងរូបកាយគ្រប់គ្រងលើយើង នោះយើងនឹងងាយប្រព្រឹត្ដអំពើខុសឆ្គង ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាដើម ហើយជាលទ្ធផលយើងអាចបាត់បង់កេរដំណែលរបស់យើង។

 ចូរត្រៀមចិត្ដរបស់អ្នកពីឥឡូវ

១២. () តើតាមរបៀបណាសាថានឲ្យយើងជួបសេចក្ដីល្បួង? () សូមលើកឧទាហរណ៍ក្នុងគម្ពីរដែលអាចជួយយើង ពេលយើងត្រូវធ្វើការសម្រេចចិត្ដដ៏ពិបាក។

១២ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងខំអស់ពីសមត្ថភាពដើម្បីជៀសវាងពីស្ថានភាពណាដែលអាចល្បួងយើងឲ្យធ្វើអំពើប្រាសចាកសីលធម៌។ ប្រសិនបើអ្នកណាម្នាក់ល្បួងយើង នោះយើងអធិដ្ឋានសុំព្រះយេហូវ៉ាជួយយើងកុំឲ្យយើងចុះចាញ់សេចក្ដីល្បួងនោះ។ (ម៉ាថ. ៦:១៣) ប៉ុន្ដែសាថានព្យាយាមឥតឈប់ដើម្បីបំផ្លាញចំណងមិត្ដភាពរបស់យើងជាមួយព្រះ ពេលដែលយើងខំប្រឹងរក្សាចិត្ដស្មោះគ្រប់លក្ខណៈរបស់យើងក្នុងពិភពលោកដ៏អាក្រក់នេះ។ (អេភ. ៦:១២) ជាព្រះនៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ មេកំណាចដឹងនូវរបៀបទាញយកផលប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នាមិនល្អឥតខ្ចោះរបស់យើង ដោយឲ្យយើងជួបសេចក្ដីល្បួងដែលមនុស្សមិនល្អឥតខ្ចោះធ្លាប់ជួបប្រទះ។ (១កូ. ១០:៨, ១៣) ជាឧទាហរណ៍ សូមស្រមៃគិតថាយើងស្ថិតនៅក្នុងស្ថានភាពមួយដែលបើកឱកាសឲ្យយើងបំពេញសេចក្ដីប៉ងប្រាថ្នាណាមួយតាមរបៀបដែលប្រាសចាកសីលធម៌។ តើអ្នកនឹងសម្រេចចិត្ដធ្វើអ្វី? តើអ្នកនឹងធ្វើដូចអេសាវ ដែលឆាប់ចុះចាញ់ការល្បួងនោះទេ? ឬតើអ្នកនឹងមិនចុះចាញ់ការល្បួងនោះ ហើយរត់ចេញពីវា ដូចយ៉ូសែបជាកូនរបស់យ៉ាកុបបានធ្វើ ពេលដែលប្រពន្ធប៉ូទីផារបានល្បួងគាត់?សូម អាន លោកុប្បត្ដិ ៣៩:១០-១២

១៣. () នៅសព្វថ្ងៃនេះ តើតាមរបៀបណាបុគ្គលជាច្រើននាក់បានប្រព្រឹត្ដដូចយ៉ូសែប ប៉ុន្ដែតើតាមរបៀបណាអ្នកខ្លះបានប្រព្រឹត្ដដូចអេសាវ? () តើយើងត្រូវធ្វើអ្វី ដើម្បីកុំឲ្យយើងប្រព្រឹត្ដដូចអេសាវ?

១៣ បងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់ធ្លាប់ស្ថិតក្នុងស្ថានភាពដែលពួកគាត់ត្រូវសម្រេចចិត្ដថាពួកគាត់ត្រូវប្រព្រឹត្ដដូចអេសាវ ឬដូចយ៉ូសែប។ ពួកគាត់ភាគច្រើនបានប្រព្រឹត្ដដោយឈ្លាសវៃ ហើយបានធ្វើឲ្យចិត្ដព្រះយេហូវ៉ារីករាយ។ (សុភ. ២៧:១១) ប៉ុន្ដែ ពេលជួបនឹងសេចក្ដីល្បួង បងប្អូនរួមជំនឿខ្លះបានសម្រេចចិត្ដធ្វើដូចអេសាវ ដែលអាចធ្វើឲ្យពួកគាត់បាត់បង់កេរដំណែលដែលមកពីព្រះ។ ជារៀងរាល់ឆ្នាំ បុគ្គលជាច្រើននាក់ក្នុងចំណោមពួកអ្នកដែលបានត្រូវប្រដៅតម្រង់បណ្ដាច់មិត្ដភាព ដោយសារបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ជាការសំខាន់ណាស់ដែលយើងត្រៀមចិត្ដនៅពេលឥឡូវនេះ មុនយើងស្ថិតក្នុងស្ថានភាពដែលល្បងចិត្ដស្មោះគ្រប់លក្ខណៈរបស់យើង! (ទំនុក. ៧៨:៨) យើងនឹងពិចារណាអំពីអ្វីពីរយ៉ាងដែលយើងអាចធ្វើដើម្បីត្រៀមខ្លួនមិនឲ្យចុះចាញ់ការល្បួង និងដើម្បីធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃនៅពេលក្រោយ។

ចូរគិត ហើយត្រៀមខ្លួនជាមុន

ការសិក្សាបណ្ដាំរបស់ព្រះអាចជួយយើងមិនឲ្យចុះចាញ់សេចក្ដីល្បួង

១៤. តើការរំពឹងគិតអំពីសំណួរអ្វីខ្លះ ដែលអាចជួយយើងឲ្យ«ស្អប់ខ្ពើមអ្វីដែលទុច្ចរិត» ហើយ«កាន់ខ្ជាប់អ្វីដែលល្អ»?

១៤ ជំហានទីមួយគឺជាប់ទាក់ទងនឹងការរំពឹងគិតអំពីផលវិបាកនៃការប្រព្រឹត្ដរបស់យើង។ កាលណាយើងកាន់តែសេចក្ដីស្រឡាញ់ព្រះយេហូវ៉ា នោះយើងនឹងកាន់តែយល់តម្លៃនៃកេរដំណែលរបស់យើង។ យ៉ាងណាមិញ ប្រសិនបើយើងស្រឡាញ់អ្នកណាម្នាក់ យើងមិនចង់ធ្វើឲ្យបុគ្គលនោះឈឺចិត្ដទេ។ ផ្ទុយទៅវិញ យើងខំធ្វើឲ្យគាត់ពេញចិត្ដ។ បើដូច្នេះមែន យើងគួរឆ្លៀតពេលខ្លះដើម្បីគិតអំពីផលវិបាកដែលខ្លួនយើងនិងអ្នកទៀតនឹងទទួល បើយើងចុះចាញ់សេចក្ដីប៉ងប្រាថ្នាមិនស្អាតស្អំរបស់យើងខាងរូបកាយ។ យើងគួរសួរខ្លួនយើងថា៖ ‹តើការប្រព្រឹត្ដរបស់ខ្ញុំដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួន មានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្ដភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា? តើការប្រព្រឹត្ដខុសឆ្គងរបស់ខ្ញុំអាចជះឥទ្ធិពលយ៉ាងណាមកលើក្រុមគ្រួសារខ្ញុំ? តើការប្រព្រឹត្ដនេះអាចប៉ះពាល់យ៉ាងណាដល់បងប្អូនក្នុងក្រុមជំនុំ? តើខ្ញុំអាចធ្វើឲ្យអ្នកទៀតជំពប់ដួលទេ?›។ (ភី. ១:១០) យើងក៏អាចសួរខ្លួនយើងថែមទៀតថា៖ ‹តើការសប្បាយតែមួយភ្លែតដែលមកពីការធ្វើអ្វីមិនត្រឹមត្រូវ សមនឹងការឈឺចិត្ដដែលបណ្ដាលមកពីការសម្រេចចិត្ដរបស់ខ្ញុំទេ? តើខ្ញុំពិតជាចង់ធ្វើដូចអេសាវ ដែលយំយ៉ាងខ្លាំង ពេលគាត់ដឹងអំពីផលវិបាកនៃអំពើខុសឆ្គងរបស់គាត់ឬ?›។ (ហេ. ១២:១៧) ការរំពឹងគិតអំពីសំណួរបែបនេះនឹងជួយយើងឲ្យ«ស្អប់ខ្ពើមអ្វីដែលទុច្ចរិត» ហើយ«កាន់ខ្ជាប់អ្វីដែលល្អ»។ (រ៉ូម ១២:៩) កាលណាយើងពិតជាស្រឡាញ់ព្រះយេហូវ៉ា យើងនឹងខំប្រឹងយ៉ាងខ្លាំងដើម្បីរក្សាការពារកេរដំណែលរបស់យើង។—ទំនុក. ៧៣:២៨

១៥. តើអ្វីអាចជួយយើងត្រៀមខ្លួនដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង និងដើម្បីការពារចំណងមិត្ដភាពរវាងយើងនឹងព្រះ?

១៥ ជំហានទីពីរគឺ យើងត្រៀមខ្លួនយើងដើម្បីកុំឲ្យចុះចាញ់ការ ល្បួង។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវរបៀបជាច្រើនដើម្បីជួយយើងត្រៀមខ្លួនកុំឲ្យចុះចាញ់ការល្បួងដែលមកពីក្នុងពិភពលោកនេះ និងដើម្បីការពារចំណងមិត្ដភាពរបស់យើងជាមួយនឹងលោក។ របៀបរៀបចំរបស់លោករួមមាន ការសិក្សាគម្ពីរ កិច្ចប្រជុំ កិច្ចផ្សព្វផ្សាយ និងសេចក្ដីអធិដ្ឋាន។ (១កូ. ១៥:៥៨) រាល់ដងយើងអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ដ ហើយរាល់ពេលយើងខំចូលរួមកិច្ចបម្រើផ្សាយ យើងកំពុងពង្រឹងកម្លាំងរបស់យើងដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង។ (សូមអាន ធីម៉ូថេទី១ ៦:១២, ១៩) យើងត្រូវបន្ដព្យាយាមធ្វើអ្វីទាំងនេះ បើយើងចង់ត្រៀមខ្លួនដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង។ (កាឡ. ៦:៧) នេះបានត្រូវបញ្ជាក់ក្នុងសុភាសិតជំពូកទី២។

ចូរ«ខំរក»ប្រាជ្ញានិងសមត្ថភាពរិះគិត

១៦, ១៧. តើអ្វីអាចជួយយើងធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ?

១៦ សុភាសិតជំពូកទី២ លើកទឹកចិត្ដយើងឲ្យស្វែងរកប្រាជ្ញានិងសមត្ថភាពរិះគិត។ អំណោយទាំងនេះពីព្រះយេហូវ៉ានឹងជួយយើងឲ្យចេះជ្រើសរើសរវាងអ្វីដែលខុសនិងអ្វីដែលត្រូវ និងរវាងការចេះទប់ចិត្ដនិងការគិតតែពីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ប៉ុន្ដែយើងអាចធ្វើដូច្នេះបាន លុះត្រាតែយើងខំប្រឹង។ សេចក្ដីពិតដ៏សំខាន់នេះបានត្រូវបញ្ជាក់ក្នុងគម្ពីរដែលចែងថា«កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្ដឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។—សុភ. ២:១-, យើងកែជាអក្សរទ្រេត

១៧ ប្រសិនបើយើងធ្វើដូចអ្វីដែលបានរៀបរាប់ក្នុងទាំងនោះ យើងនឹងអាចធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។ បើយើងឲ្យបណ្ដាំរបស់ព្រះយេហូវ៉ាអប់រំចិត្ដគំនិតយើង បើយើងអធិដ្ឋានម្ដងហើយម្ដងទៀតសុំការណែនាំពីព្រះ ហើយបើយើងខំរកចំណេះរបស់ព្រះដូចជាស្វែងរកកំណប់ទ្រព្យ នោះយើងអាចកាន់ជំហរមាំមួននៅចំពោះមុខសេចក្ដីល្បួងបាន។

១៨. តើអ្នកតាំងចិត្ដបន្ដធ្វើអ្វី ហើយហេតុអ្វី?

១៨ ព្រះយេហូវ៉ាឲ្យចំណេះ ការយល់ដឹង សមត្ថភាពវែកញែក និងប្រាជ្ញាដល់ពួកអ្នកដែលខំប្រឹងស្វែងរកអំណោយទាំងនេះ។ ដរាបណាយើងកាន់តែស្វែងរកអំណោយទាំងនេះ ហើយប្រើវា ដរាបនោះយើងកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ាដែលជាអ្នកផ្ដល់អំណោយនោះ។ ជាលទ្ធផល ចំណងមិត្ដភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានឹងជួយការពារយើង ពេលយើងប្រឈមមុខនឹងសេចក្ដីល្បួង។ ការចូលទៅជិតព្រះយេហូវ៉ា ហើយកោតខ្លាចលោកនឹងជួយការពារយើងមិនឲ្យប្រព្រឹត្ដអំពើខុសឆ្គង។ (ទំនុក. ២៥:១៤; យ៉ា. ៤:៨) ចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាព្រមទាំងប្រាជ្ញាដែលលោកផ្ដល់ឲ្យយើង នឹងជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃដែលធ្វើឲ្យលោករីករាយ ហើយការពារកេរដំណែលរបស់យើង។