លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើជនជាតិអ៊ីស្រាអែលប្រហារជីវិតឧក្រិដ្ឋជនដោយព្យួរនៅបង្គោលទេ?

ប្រជាជាតិជាច្រើននៅសម័យបុរាណបានប្រហារជីវិតឧក្រិដ្ឋជនខ្លះដោយព្យួរនៅបង្គោលសសរ។ ជនជាតិរ៉ូមចងបោះដែកគោលបុគ្គលបែបនេះលើបង្គោល ហើយគាត់ប្រហែលជារស់ទៅទៀតអស់ប៉ុន្មានថ្ងៃរហូតដល់គាត់ស៊ូទ្រាំលែងបាននឹងការឈឺចាប់ ការស្រេកឃ្លាននិងការនៅហាលថ្ងៃហាលភ្លៀងហាលខ្យល់។ ជនជាតិរ៉ូមបានចាត់ទុកការព្យួរលើបង្គោលជារបៀបដាក់ទោសដែលគួរឲ្យអាម៉ាស់សម្រាប់ឧក្រិដ្ឋជនដែលអាក្រក់បំផុត។

ចុះយ៉ាងណាចំពោះជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ? តើពួកគេប្រហារជីវិតឧក្រិដ្ឋជនដោយព្យួរនៅបង្គោលទេ? ច្បាប់របស់ម៉ូសេបានចែងថា«បើមានអ្នកណាបានប្រព្រឹត្ដអំពើបាប ដែលគួរឲ្យគេស្លាប់ ហើយឯងសំឡាប់ទៅ ដោយព្យួរនៅលើឈើ នោះមិនត្រូវឲ្យខ្មោចគេជាប់នៅលើឈើរហូតដល់ភ្លឺឡើយ ត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកុំខាន»។ (ចោ. ២១:២២, ២៣) តាមមើលទៅ នៅសម័យបទគម្ពីរភាសាហេប្រឺ បុគ្គលម្នាក់ដែលសមនឹងស្លាប់ មុនដំបូងត្រូវគេសម្លាប់ រួចមកត្រូវគេព្យួរលើបង្គោលលើដើមឈើ។

ស្ដីអំពីរឿងនេះ លេវីវិន័យ ២០:២ចែងថា«បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យពួកបណ្ដាជននៅក្នុងស្រុកសំឡាប់អ្នកនោះចេញ ដោយចោលនឹងថ្មជាកុំខាន»។ ពួកអ្នក«ដែលធ្វើជាគ្រូខាប ឬជាគ្រូមន្ដគាថា»ក៏ត្រូវសម្លាប់ចោលដែរ។ តើតាមរបៀបណា? គឺដោយ‹ចោលពួកគេនឹងថ្ម›។—លេវី. ២០:២៧

ចោទិយកថា ២២:២៣, ២៤ចែងថា«បើមានស្រីក្រមុំណា ដែលមានគេដណ្ដឹងហើយស្រាប់តែមានប្រុសណាប្រទះឃើញនាង នៅក្នុងទីក្រុងហើយចាប់យកទៅរួមដំណេកនឹងនាង នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ ចេញទៅទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ»។ ដូច្នេះ ការគប់ដុំថ្មគឺជាវិធីសំខាន់បំផុតដែលជនជាតិអ៊ីស្រាអែលបានប្រើដើម្បីប្រហារជីវិតពួកអ្នកមានទោសដែលប្រព្រឹត្ដបទឧក្រិដ្ឋដ៏សាហាវព្រៃផ្សៃ។ *

តាមមើលទៅ បុគ្គលម្នាក់ដែលសមនឹងស្លាប់ មុនដំបូងបានត្រូវគេសម្លាប់ រួចមកបានត្រូវគេព្យួរលើបង្គោលលើដើមឈើ

ចោទិយកថា ២១:២៣ចែងថា«អ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្ដាសាហើយ»។ ការដាក់តាំងជាសាធារណៈនូវសាកសពជនថោកទាបម្នាក់«ដែលត្រូវព្រះដាក់បណ្ដាសា»ប្រាកដជានឹងមានឥទ្ធិពលលើជនជាតិអ៊ីស្រាអែល។ ការព្យួរលើបង្គោលលើដើមឈើនូវសាកសពរបស់បុគ្គលបែបនេះដែលបានត្រូវប្រហារជីវិត ពិតជាការព្រមានដល់អ្នកទៀតមែន។

^ ???? 6 បណ្ឌិតជាច្រើនយល់ស្របថា តាមច្បាប់ម៉ូសេ ឧក្រិដ្ឋជនបានត្រូវប្រហារជីវិតមុននឹងសាកសពរបស់គាត់បានត្រូវព្យួរនៅលើបង្គោល។ ប៉ុន្ដែមានភ័ស្ដុតាងដែលបញ្ជាក់ថា នៅសតវត្សរ៍ទី១ ជនជាតិយូដាព្យួរឧក្រិដ្ឋជនខ្លះទាំងរស់ ហើយឧក្រិដ្ឋជនទាំងនោះបានស្លាប់នៅលើបង្គោល។