លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរពិចារណាថាអ្នករាល់គ្នាគួរជាមនុស្សប្រភេទណា

ចូរពិចារណាថាអ្នករាល់គ្នាគួរជាមនុស្សប្រភេទណា

«ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្ដបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ!»។—២ពេ. ៣:១១

១, ២. ដើម្បីទទួលការពេញចិត្ដពីព្រះ ‹តើយើងគួរជាមនុស្សប្រភេទណា›?

ជារឿងធម្មតាទេដែលយើងយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកទៀតគិតអំពីយើង។ ប៉ុន្ដែជាគ្រិស្ដសាសនិក យើងគួរយកចិត្ដទុកដាក់ខ្លាំងជាងចំពោះទស្សនៈរបស់ព្រះយេហូវ៉ាអំពីយើង។ យ៉ាងណាមិញ លោកជាបុគ្គលដែលខ្ពង់ខ្ពស់បំផុតនៅក្នុងសកលលោក ហើយ«ជ្រោះ[«ប្រភព»]នៃជីវិត»នោះនៅជាមួយនឹងលោក។—ទំនុក. ៣៦:៩; .ស.

សាវ័កពេត្រុសបានពន្យល់ថា ដើម្បីទទួលការពេញចិត្ដពីព្រះយេហូវ៉ា យើងត្រូវមាន«ការប្រព្រឹត្ដបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះ»លោក។ (សូមអាន ពេត្រុសទី២ ៣:១១) «ការប្រព្រឹត្ដ»របស់យើងគឺបរិសុទ្ធ លុះត្រាតែយើងមានជីវិតស្អាតស្អំក្នុងគ្រប់ការទាំងអស់។ នេះរួមបញ្ចូលរបៀបដែលយើងគិត ប្រព្រឹត្ដ និងរបៀបដែលយើងគោរពប្រណិប័តន៍ព្រះ។ ម្យ៉ាងទៀត យើងក៏ត្រូវ«ធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ» ដោយគោរពលោក ហើយមានចិត្ដស្មោះភក្ដីចំពោះលោកដែរ។ ដូច្នេះ មិនត្រឹមតែការប្រព្រឹត្ដរបស់យើងប៉ុណ្ណោះទេដែលសំខាន់ចំពោះព្រះ ប៉ុន្ដែអារម្មណ៍របស់យើងចំពោះលោកក៏សំខាន់ដែរ។ ដោយសារព្រះយេហូវ៉ាជាអ្នក«ល្បងចិត្ដ»ស្ទង់មើលចិត្ដមនុស្ស លោកជ្រាបថាយើងប្រព្រឹត្ដបរិសុទ្ធ ហើយស្មោះភក្ដីនឹងលោកតែប៉ុណ្ណោះមិនមែន។—១រប. ២៩:១៧

. ស្ដីអំពីចំណងមិត្ដភាពរវាងយើងនិងព្រះ តើយើងគួរពិចារណាសំណួរអ្វីខ្លះ?

មេកំណាចសាថានមិនចង់ឲ្យយើងធ្វើអ្វីដើម្បីឲ្យព្រះពេញចិត្ដទេ។ តាមការពិត សាថានខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យយើងបោះបង់ចោលចំណងមិត្ដភាពរបស់យើងជាមួយព្រះយេហូវ៉ា។ សាថានតែងតែប្រើពាក្យកុហក ដើម្បីបញ្ឆោតយើងឲ្យឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (យ៉ូន. ៨:៤៤; ២កូ. ១១:១៣-១៥) ដូច្នេះ ជាការល្អដែលយើងសួរខ្លួនយើងថា៖ ‹តើសាថានបញ្ឆោតមនុស្សយ៉ាងដូចម្ដេច? តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីការពារចំណងមិត្ដភាពរវាងខ្ញុំនិងព្រះយេហូវ៉ា?›។

 តើសាថានបញ្ឆោតមនុស្សយ៉ាងដូចម្ដេច?

. ដើម្បីបំផ្លាញចំណងមិត្ដភាពរវាងយើងនិងព្រះ តើសាថានផ្ដោតអារម្មណ៍ទៅលើអ្វី ហើយហេតុអ្វី?

យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូសរសេរថា«មនុស្សទាំងអស់ត្រូវល្បងដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង កាលណាអំពើខុសឆ្គងបានសម្រេចហើយ នោះនាំឲ្យស្លាប់»។ (យ៉ា. ១:១៤, ១៥) ដើម្បីបំផ្លាញចំណងមិត្ដភាពរវាងយើងនិងព្រះ សាថានផ្ដោតអារម្មណ៍ទៅលើអ្វីដែលនាំឲ្យយើងកើតមានបំណងប្រាថ្នា ពោលគឺចិត្ដរបស់យើង។

៥, ៦. () តើតាមរបៀបណាសាថានខំប្រឹងមានឥទ្ធិពលលើចិត្ដរបស់យើង? () តើសាថានប្រើការល្បួងណាខ្លះដើម្បីបង្ខូចសេចក្ដីប៉ងប្រាថ្នាដែលមានក្នុងចិត្ដរបស់យើង ហើយតើវាស្ទាត់ជំនាញយ៉ាងណាក្នុងការប្រើការល្បួងទាំងនោះ?

តើតាមរបៀបណាសាថានខំប្រឹងមានឥទ្ធិពលលើចិត្ដរបស់យើង? គម្ពីរចែងថា«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (១យ៉ូន. ៥:១៩) កលល្បិចដ៏ប៉ិនប្រសប់របស់សាថានរួមបញ្ចូល«អ្វីក្នុងពិភពលោកនេះ»។ (សូមអាន យ៉ូហានទី១ ២:១៥, ១៦) អស់រាប់ពាន់ឆ្នាំមកហើយ សាថានបានរៀបចំពិភពលោកនេះដោយយកចិត្ដទុកដាក់ ដើម្បីបញ្ឆោតមនុស្ស។ ដោយសារយើងរស់នៅក្នុងពិភពលោកនេះ យើងត្រូវការពារខ្លួនពីកលល្បិចដែលមិនងាយសម្គាល់របស់វា។—យ៉ូន. ១៧:១៥

សាថានប្រើវិធីសាស្ដ្រផ្សេងដើម្បីបង្ខូចសេចក្ដីប៉ងប្រាថ្នាដែលមានក្នុងចិត្ដរបស់យើង។ សាវ័កយ៉ូហានបានប្រាប់អំពីការល្បួងបីយ៉ាងដែលសាថានប្រើគឺ () «សេចក្ដីប៉ងប្រាថ្នាខុសឆ្គង» («ការចង់បានអ្វីដែលទាក់ទាញភ្នែក» និង () «ការអួតសម្ញែងភាពមានបានរបស់ខ្លួន»។ សាថានបានប្រើអ្វីទាំងនេះដើម្បីល្បួងលោកយេស៊ូនៅតំបន់ស្ងាត់ជ្រងំ។ ដោយសារសាថានបានប្រើកលល្បិចទាំងនេះអស់ជាច្រើនឆ្នាំមកហើយ នោះវាស្ទាត់ជំនាញខ្លាំងណាស់ក្នុងការប្រើកលល្បិចទាំងនេះ ហើយវាដឹងថាវាត្រូវប្រើកលល្បិចមួយណាសម្រាប់បុគ្គលម្នាក់ៗ។ មុននឹងយើងដឹងរបៀបដែលយើងអាចការពារខ្លួនយើងពីកលល្បិចរបស់វា សូមយើងពិចារណាអំពីរបៀបដែលមេកំណាចអាចបញ្ឆោតនាងអេវ៉ា ប៉ុន្ដែវាមិនអាចបញ្ឆោតបុត្ររបស់ព្រះឡើយ។

«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង»

សាថានបានប្រើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង» ដើម្បីបញ្ឆោតនាងអេវ៉ា (សូមមើលវគ្គ)

. តើតាមរបៀបណាសាថានបានប្រើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង»ដើម្បីល្បួងនាងអេវ៉ា?

មនុស្សទាំងអស់ត្រូវការអាហារដើម្បីរស់។ ព្រះបានបង្កើតផែនដីដើម្បីឲ្យផលិតអាហារយ៉ាងបរិបូរ។ សាថានប្រហែលជាខំប្រឹងប្រើសេចក្ដីប៉ងប្រាថ្នាចង់បរិភោគអាហារ ដើម្បីល្បួងយើងឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ដ។ សូមពិចារណាអំពីរបៀបដែលវាបានធ្វើដូច្នេះចំពោះនាងអេវ៉ា។ (សូមអាន លោកុប្បត្ដិ ៣:១-) សាថានបានប្រាប់អេវ៉ាថានាងអាចបរិភោគផ្លែឈើពី«ដើមសំរាប់ដឹងខុសត្រូវ»ដោយមិនស្លាប់ទេ ហើយថានៅថ្ងៃណាដែលនាងបរិភោគពីដើមនោះ នាងនឹងបានដូចជាព្រះដែរ។ (លោ. ២:៩) ដូច្នេះ មេកំណាចបាននិយាយបញ្ឆិតបញ្ឆៀងថាអេវ៉ាមិនចាំបាច់ស្ដាប់បង្គាប់ព្រះដើម្បីរស់នៅឡើយ។ នេះពិតជាការភូតភរដោយឥតអៀនខ្មាសមែន! ពេល សាថានបានដាក់គំនិតបែបនេះទៅក្នុងចិត្ដគំនិតរបស់នាងអេវ៉ា នាងមានជម្រើសពីរយ៉ាង: នាងអាចបដិសេធគំនិតបែបនេះ ឬនាងអាចបន្ដគិតអំពីរឿងនេះ ហើយឲ្យសេចក្ដីប៉ងប្រាថ្នាចង់បរិភោគផ្លែឈើនោះមានកាន់តែខ្លាំងឡើង។ ទោះជានាងអាចបរិភោគផ្លែឈើពីដើមទៀតទាំងអស់ក៏ដោយ នាងបានសម្រេចចិត្ដបន្ដគិតអំពីដើមឈើដែលនៅកណ្ដាលសួនច្បារនោះ។ ជាលទ្ធផលនាងបានបរិភោគផ្លែឈើនោះ។ ដូច្នេះសាថានបានធ្វើឲ្យនាងមានសេចក្ដីប៉ងប្រាថ្នាចំពោះអ្វីមួយដែលព្រះដែលជាអ្នកបង្កើតរបស់នាងបានហាមឃាត់។

លោកយេស៊ូមិនដែលភ្លេចអ្វីដែលសំខាន់បំផុតឡើយ (សូមមើលវគ្គ)

. តើតាមរបៀបណាសាថានបានខំប្រឹងល្បួងលោកយេស៊ូដោយប្រើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង» ហើយហេតុអ្វីការល្បួងនេះបានបរាជ័យ?

សាថានបានប្រើកលល្បិចដូចគ្នានេះដើម្បីល្បួងលោកយេស៊ូនៅតំបន់ស្ងាត់ជ្រងំ។ ក្រោយពីលោកយេស៊ូបានតមអាហារអស់រយៈពេល៤០ថ្ងៃ និង៤០យប់ សាថានបានល្បួងលោកយេស៊ូដោយប្រើសេចក្ដីប៉ងប្រាថ្នាចង់ពិសាអាហារ។ សាថានបាននិយាយថា«ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ដុំថ្មនេះឲ្យក្លាយជានំប៉័ងទៅ»។ (លូក. ៤:១-) លោកយេស៊ូមានជម្រើសពីរ: លោកអាចសម្រេចចិត្ដមិនប្រើឫទ្ធានុភាពធ្វើការអស្ចារ្យដើម្បីបំពេញសេចក្ដីត្រូវការចង់បរិភោគអាហារ ឬលោកអាចសម្រេចចិត្ដប្រើឫទ្ធានុភាពនោះ។ លោកយេស៊ូបានដឹងថាលោកមិនគួរប្រើឫទ្ធានុភាពនោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ទោះជាលោកឃ្លានក៏ដោយ ការចម្អែតការស្រេកឃ្លានមិនមែនសំខាន់ជាងការរក្សាចំណងមិត្ដភាពរវាងលោកនិងព្រះយេហូវ៉ាឡើយ។ ដូច្នេះលោកបានតបឆ្លើយថា«បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ›»។—លូក. ៤:៤

«ការចង់បានអ្វីដែលទាក់ទាញភ្នែក»

. តើ«ការចង់បានអ្វីដែលទាក់ទាញភ្នែក»គឺជាអ្វី? តើតាមរបៀបណាសាថានបានប្រើកលល្បិចនេះចំពោះនាងអេវ៉ា?

ល្បិចមួយទៀតរបស់សាថានដែលយ៉ូហានបានប្រាប់គឺ «ការចង់បានអ្វីដែលទាក់ទាញភ្នែក»។ ពាក្យនេះបង្កប់អត្ថន័យថា មនុស្សអាចចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាចង់បានអ្វីមួយ ដោយគ្រាន់តែមើលអ្វីនោះប៉ុណ្ណោះ។ សាថានបានប្រើសេចក្ដីប៉ងប្រាថ្នានេះដើម្បីបញ្ឆោតនាងអេវ៉ា ហើយវាបាននិយាយថា«ភ្នែកអ្នកនឹងបានភ្លឺឡើង»។ ពេលនាងអេវ៉ាកាន់តែសម្លឹងមើលផ្លែឈើនោះ នាងកាន់តែចង់បរិភោគ។ អេវ៉ាបានឃើញថាដើមឈើនោះ«ជាទីគាប់ដល់ភ្នែក»។

១០. តើតាមរបៀបណាសាថានបានប្រើ«ការចង់បានអ្វីដែលទាក់ទាញភ្នែក»ដើម្បីល្បួងលោកយេស៊ូ ហើយតើលោកយេស៊ូបានតបឆ្លើយយ៉ាងណា?

១០ ចុះយ៉ាងណាចំពោះលោកយេស៊ូវិញ? សាថានបាន«បង្ហាញរាជាណាចក្រទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី ឲ្យលោក[យេស៊ូ]ឃើញក្នុងមួយរំពេច។ បន្ទាប់មក មេកំណាចនិយាយទៅលោកថា៖ ‹ខ្ញុំនឹងឲ្យអ្នកនូវអំណាចលើរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ›»។ (លូក. ៤:៥, ៦) លោកយេស៊ូមិនបានឃើញរាជាណាចក្រទាំងអស់នេះដោយផ្ទាល់ភ្នែកក្នុងមួយរំពេចឡើយ ប៉ុន្ដែសាថានច្បាស់ជាគិតថាភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ ដែលវាបានធ្វើឲ្យលោកឃើញក្នុងគំនិត នឹងទាក់ទាញចិត្ដលោក។ សាថានបាននិយាយដោយឥតអៀនខ្មាសថា«ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង អ្វីទាំងអស់នោះនឹងទៅជារបស់អ្នក»។ (លូក. ៤:៧) លោកយេស៊ូច្បាស់ជាមិនចង់ធ្វើជាមនុស្សដែលសាថានចង់ឲ្យលោកធ្វើឡើយ។ លោកបានតបឆ្លើយ ភ្លាមថា«បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។—លូក. ៤:៨

«ការអួតសម្ញែងភាពមានបានរបស់ខ្លួន»

១១. តើតាមរបៀបណានាងអេវ៉ាបានចាញ់បោកសាថាន?

១១ ពេលយ៉ូហាននិយាយអំពីអ្វីក្នុងពិភពលោកនេះ គាត់បាននិយាយអំពី«ការអួតសម្ញែងភាពមានបានរបស់ខ្លួន»។ ពេលអាដាមនិងនាងអេវ៉ាគឺជាមនុស្សតែពីរនាក់ប៉ុណ្ណោះនៅលើផែនដី នោះពួកគេប្រាកដជាមិនអាច‹អួតសម្ញែងភាពមានបានរបស់ពួកគេ›ចំពោះមនុស្សទៀតឡើយ។ ប៉ុន្ដែពួកគេពិតជាមានអំណួត។ ពេលសាថានល្បួងនាងអេវ៉ា វាបាននិយាយបញ្ឆិតបញ្ឆៀងថាព្រះបានលាក់អ្វីមួយដ៏អស្ចារ្យមិនឲ្យនាងដឹង។ មេកំណាចបានប្រាប់នាងថានៅថ្ងៃណាដែលនាងបរិភោគពី«ដើមដឹងខុសត្រូវ» នោះនាង«នឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោ. ២:១៧; ៣:៥) សាថានចង់ឲ្យនាងអេវ៉ាគិតថានាងអាចរស់នៅដោយគ្មានព្រះ។ តាមមើលទៅ អំណួតគឺជាដើមហេតុដែលបណ្ដាលឲ្យនាងជឿពាក្យកុហកនោះ។ នាងបានបរិភោគផ្លែឈើដែលព្រះបានហាមឃាត់ ដោយជឿថានាងនឹងមិនស្លាប់ឡើយ។ នាងពិតជាបានយល់ច្រឡំមែន!

១២. តើអ្វីជាវិធីមួយដែលសាថានបានខំល្បួងលោកយេស៊ូ ហើយតើលោកយេស៊ូបានតបឆ្លើយយ៉ាងណា?

១២ ផ្ទុយពីអេវ៉ា លោកយេស៊ូបានទុកគំរូដ៏ល្អអស្ចារ្យសម្រាប់យើងស្ដីអំពីចិត្ដរាបទាប! សាថានបានខំល្បួងលោកឲ្យធ្វើអ្វីដែលនឹងនាំឲ្យអ្នកទៀតកោតស្ងើច ហើយនឹងល្បងព្រះ។ ប៉ុន្ដែលោកយេស៊ូបានបដិសេធដាច់ខាតមិនធ្វើដូច្នេះឡើយ ដោយសារនេះជាការប្រព្រឹត្ដដោយអំណួត! ផ្ទុយទៅវិញលោកបានឆ្លើយតបយ៉ាងច្បាស់និងយ៉ាងចំទៅសាថានវិញថា«បទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវល្បងព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ›»។—សូមអាន លូកា ៤:៩-១២

តើតាមរបៀបណាយើងអាចការពារចំណងមិត្ដភាពរវាងយើងនិងព្រះ?

១៣, ១៤. សូមពន្យល់អំពីរបៀបដែលសាថានប្រើការល្បួងខ្លះនៅសព្វថ្ងៃនេះ។

១៣ សព្វថ្ងៃនេះសាថានប្រើការល្បួងស្រដៀងគ្នានឹងការល្បួងដែលវាបានប្រើចំពោះនាងអេវ៉ានិងលោកយេស៊ូ។ វាប្រើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង»ដើម្បីល្បួងមនុស្សឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ឲ្យបរិភោគនិងផឹកច្រើនពេក។ វាប្រើ«ការចង់បានអ្វីដែលទាក់ទាញភ្នែក»ដើម្បីល្បួងមនុស្សឲ្យមើលរូបអាសអាភាស ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ហើយវាប្រើការ«អួតសម្ញែងភាពមានបានរបស់ខ្លួន» ដើម្បីព្យាយាមឲ្យមនុស្សមានអំណួត ចង់បានអំណាច ចង់ល្បីឈ្មោះ និងចង់បានរបស់ផ្សេងមិនចេះចប់។

តើគោលការណ៍គម្ពីរណាខ្លះដែលយើងគួរចាំពេលប្រឈមមុខនឹងស្ថានភាពទាំងនេះ? (សូមមើលវគ្គ១៣, ១៤)

១៤ «អ្វីក្នុងពិភពលោកនេះ»គឺប្រៀបដូចជានុយរបស់អ្នកស្ទូចត្រីម្នាក់។ នុយទាំងនោះទាក់ទាញភ្នែក ប៉ុន្ដែមានផ្លែសន្ទូចជាប់នឹងនុយនីមួយៗ។ សាថានប្រើអ្វីដែលមនុស្សប្រហែលជាគិតថាជាសេចក្ដី ត្រូវការធម្មតាប្រចាំថ្ងៃ ដើម្បីនាំឲ្យពួកគេចង់ធ្វើអ្វីដែលផ្ទុយពីច្បាប់របស់ព្រះ។ ប៉ុន្ដែ ការល្បួងដែលពិបាកកត់សម្គាល់នេះ បានត្រូវរៀបចំឡើងដើម្បីមានឥទ្ធិពលទៅលើសេចក្ដីប៉ងប្រាថ្នារបស់យើង និងបង្ខូចចិត្ដគំនិតរបស់យើង។ សាថានចង់ឲ្យយើងជឿថាការផ្គត់ផ្គង់សេចក្ដីត្រូវការផ្ទាល់ខ្លួន និងការមានជីវភាពសុខស្រួលគឺសំខាន់ជាងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ តើការល្បួងបែបនេះនឹងទាក់ទាញចិត្ដយើងទេ?

១៥. តើតាមរបៀបណាយើងអាចយកតម្រាប់លោកយេស៊ូក្នុងការបដិសេធការល្បួងរបស់សាថាន?

១៥ ទោះជានាងអេវ៉ាបានចាញ់ការល្បួងរបស់សាថានក៏ដោយ លោកយេស៊ូបានបដិសេធការល្បួងទាំងនោះដោយជោគជ័យ។ រាល់លើក លោកបានផ្ដល់ចម្លើយពីបទគម្ពីរ ដោយមានប្រសាសន៍ថា«ពីព្រោះបទគម្ពីរចែងថា»។ ប្រសិនបើយើងខំប្រឹងសិក្សាគម្ពីរ នោះយើងនឹងស្គាល់បទគម្ពីរយ៉ាងច្បាស់ ហើយយើងនឹងអាចចាំបទគម្ពីរដែលអាចជួយយើងឲ្យបន្ដវែកញែកហេតុផល ពេលជួបនឹងការល្បួង។ (ទំនុក. ១:១, ២) ការចាំអំពីគំរូក្នុងបទគម្ពីរអំពីបុគ្គលដែលស្មោះត្រង់ចំពោះព្រះ នឹងជួយយើងឲ្យធ្វើតាមគំរូរបស់ពួកគាត់។ (រ៉ូម ១៥:៤) ការមានសេចក្ដីគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ពោលគឺស្រឡាញ់អ្វីដែលលោកស្រឡាញ់ ហើយស្អប់អ្វីដែលលោកស្អប់ នឹងការពារយើង។—ទំនុក. ៩៧:១០

១៦, ១៧. តើការ«ប្រើសមត្ថភាពរិះគិត»មានឥទ្ធិពលយ៉ាងណាទៅលើបុគ្គលិកលក្ខណៈរបស់យើង?

១៦ សាវ័កប៉ូលបានលើកទឹកចិត្ដយើងឲ្យ«ប្រើសមត្ថភាពរិះគិត» ដើម្បីក្លាយជាមនុស្សដែលបានត្រូវបំពាក់បំប៉នដោយរបៀបគិតគូររបស់ព្រះ មិនមែនរបស់ពិភពលោកនេះឡើយ។ (រ៉ូម ១២:១, ២) សាវ័កប៉ូលបានរំលឹកយើងថា យើងត្រូវកាន់កាប់ឲ្យបានដិតដល់នូវអ្វីដែលយើងគិត។ គាត់បាននិយាយថា«យើងកំពុងរំលំរំលើងការវែកញែក និងអ្វីទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ ហើយយើងកំពុងកាន់កាប់គំនិតទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ដ»។ (២កូ. ១០:៥) ការគិតគូររបស់យើងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុគ្គលិកលក្ខណៈរបស់យើង ដូច្នេះយើងត្រូវ«បន្ដពិចារណា»អំពីអ្វីដែលលើកទឹកចិត្ដយើង។—ភី. ៤:៨

១៧ បើយើងចង់ធ្វើជាមនុស្សបរិសុទ្ធ យើងត្រូវបដិសេធគំនិតសេចក្ដីប៉ងប្រាថ្នាដែលមិនត្រឹមត្រូវ។ យើងត្រូវស្រឡាញ់ព្រះយេហូវ៉ាដោយ«ចិត្ដបរិសុទ្ធ»។ (១ធី. ១:៥) ប៉ុន្ដែចិត្ដជាគ្រឿងបញ្ឆោត ហើយយើងប្រហែលជាមិនដឹងថា«អ្វីក្នុងពិភពលោកនេះ»កំពុងមានឥទ្ធិពលលើយើងដល់កម្រិតណាឡើយ។ (យេ. ១៧:៩) ហេតុនេះ យើងគួរ‹ពិនិត្យពិចារណាអំពីខ្លួនយើងឥតឈប់ ដើម្បីឲ្យដឹងថាយើងកំពុងកាន់ខ្ជាប់នូវជំនឿយ៉ាងណា ចូរឲ្យឃើញជានិច្ចថាយើងជាមនុស្សបែបណា› ដោយពិនិត្យមើលខ្លួនយើងដោយស្មោះត្រង់ ដោយផ្អែកលើអ្វីដែលយើងបានរៀនពីគម្ពីរ។—២កូ. ១៣:៥

១៨, ១៩. ហេតុអ្វីយើងគួរតាំងចិត្ដធ្វើជាមនុស្សដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ?

១៨ កត្ដាផ្សេងទៀតដែលអាចជួយយើងមិនឲ្យចុះចាញ់«អ្វីក្នុងពិភពលោកនេះ» គឺការចាំអំពីពាក្យដែលព្រះបានដឹកនាំឲ្យយ៉ូហានសរសេរថា«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។ (១យ៉ូន. ២:១៧) របៀបរបបរបស់សាថានហាក់ដូចជាស្ថិតស្ថេរជារៀងរហូត។ ប៉ុន្ដែ នៅថ្ងៃណាមួយរបៀបរបបនេះនឹងមកដល់ទីបញ្ចប់។ អ្វីដែលពិភពលោករបស់សាថានផ្ដល់ឲ្យ គឺបណ្ដោះអាសន្ន។ ការចាំអំពីហេតុការណ៍ពិតនេះនឹងជួយយើងមិនឲ្យចុះចាញ់ការល្បួងរបស់មេកំណាច។

១៩ សាវ័កពេត្រុសដាស់តឿនយើងឲ្យធ្វើជាមនុស្សដែលព្រះពេញចិត្ដ «ដោយទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា។ តាមរយៈថ្ងៃនោះ មេឃនឹងត្រូវភ្លើងឆេះរលាយសាបសូន្យ ឯធាតុនានានឹងក្ដៅក្រៃលែងហើយរលាយបាត់ទៅ!»។ (២ពេ. ៣:១២) ថ្ងៃនោះនឹងមកដល់នៅពេលឆាប់នេះ ហើយព្រះយេហូវ៉ានឹងបំផ្លាញគ្រប់ផ្នែកនៃពិភពលោករបស់សាថាន។ ទម្រាំដល់ពេលនោះ សាថាននឹងបន្ដប្រើ«អ្វីក្នុងពិភពលោកនេះ»ដើម្បីល្បួងយើង ដូចវាបានល្បួងនាងអេវ៉ានិងលោកយេស៊ូដែរ។ យើងមិនត្រូវធ្វើដូចនាងអេវ៉ា ដោយខំប្រឹងបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឡើយ។ ការធ្វើដូច្នេះគឺដូចជាយកសាថានជាព្រះរបស់យើង។ យើងត្រូវធ្វើដូចលោកយេស៊ូ ហើយមិនចុះចាញ់នឹងការល្បួងបែបនេះ ទោះជាមើលទៅការល្បួងនេះទាក់ទាញចិត្ដយ៉ាងណាក៏ដោយ។ សូមឲ្យយើងម្នាក់តាំងចិត្ដធ្វើជាមនុស្សដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។