លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 អនុស្សាវរីយ៍ពីសម័យមុន

ស្ដេចអង្គនោះរំភើបចិត្ដខ្លាំងណាស់!

ស្ដេចអង្គនោះរំភើបចិត្ដខ្លាំងណាស់!

រឿងនេះបានកើតឡើងនៅខែសីហា ឆ្នាំ១៩៣៦។ ទីកន្លែងគឺនៅដំណាក់ដែលហៅថារ៉ូយ៉ាលក្រាល នាប្រទេសស្វាហ្ស៊ីឡង់។ បងរ៉ូបឺតនិងបងចច នីបិត ទើបតែបានចាក់បទភ្លេងនិងសុន្ទរកថារបស់បងយ៉ូសែប រ៉ូធើហ្វឺតពីក្នុងឡានដែលមានប្រដាប់បំពងសំឡេង។ នេះធ្វើឲ្យស្ដេចសូប៊ូសាទី២ រំភើបចិត្ដខ្លាំងណាស់។ បងចចបានពន្យល់ថា«អ្វីដែលធ្វើឲ្យយើងពិបាកនោះ គឺស្ដេចអង្គនោះចង់ទិញម៉ាស៊ីនចាក់ថាស ថាសថតសំឡេងនិងប្រដាប់បំពងសំឡេងដែលប្រកាសដំណឹងរាជាណាចក្រ!»។

បងរ៉ូបឺតបាននិយាយសុំអភ័យទោសថា របស់ទាំងនេះមិនមែនសម្រាប់លក់ទេ។ ហេតុអ្វី? ដោយសារឧបករណ៍ទាំងនេះជារបស់អ្នកផ្សេង។ ស្ដេចអង្គនេះចង់ដឹងថាជារបស់អ្នកណា។

បងរ៉ូបឺតឆ្លើយថា«ឧបករណ៍ទាំងអស់នេះគឺជារបស់ស្ដេចមួយអង្គទៀត»។ បន្ទាប់មកស្ដេចសូប៊ូសាសួរថាស្ដេចអង្គនោះជាអ្នកណា។ បងរ៉ូបឺតបានឆ្លើយថា«គឺលោកយេស៊ូគ្រិស្ដដែលជាស្ដេចនៃរាជាណាចក្ររបស់ព្រះ»។

ស្ដេចសូប៊ូសាបានទទួលស្គាល់ដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅថា«អូ លោកជាស្ដេចដ៏ខ្ពង់ខ្ពស់មួយអង្គ។ ខ្ញុំមិនចង់យកអ្វីដែលជារបស់លោកទេ»។

បងរ៉ូបឺតបានសរសេរថា៖ ‹ខ្ញុំពិតជាចាប់អារម្មណ៍នឹងចរិតលក្ខណៈរបស់ស្ដេចសូប៊ូសាដែលជាអ្នកដឹកនាំសំខាន់បំផុតនេះ។ គាត់និយាយភាសាអង់គ្លេសបានល្អឥតខ្ចោះ តែមិនមានអំណួតឡើយ គាត់ជាមនុស្សនិយាយត្រង់ ហើយស្រួលទាក់ទង។ ខ្ញុំបានអង្គុយជាមួយគាត់នៅក្នុងការិយាល័យរបស់គាត់អស់ជិត៤៥នាទី ពេលដែលបងចចចាក់បទភ្លេងនៅខាងក្រៅ›។

បងរ៉ូបឺតបានបន្ដថា៖ ‹ក្រោយមកនៅថ្ងៃនោះ យើងបានទៅលេងសាលាជាតិស្វាហ្ស៊ី ដែលនៅទីនោះយើងមានបទពិសោធន៍ដែលគួរឲ្យចាប់អារម្មណ៍បំផុត។ យើងបានផ្សព្វផ្សាយដល់នាយកសាលា ហើយគាត់បានស្ដាប់ដោយចិត្ដរំភើប។ ពេលដែលយើងនិយាយដល់ម៉ាស៊ីនចាក់សំឡេង ហើយសុំឲ្យសិស្សទាំងអស់ស្ដាប់ថាសថតសំឡេង គាត់រំភើបចិត្ដខ្លាំងណាស់ ហើយបានប្រមូលសិស្សជិត១០០នាក់ឲ្យអង្គុយលើស្មៅដើម្បីស្ដាប់។ គេប្រាប់យើងថាសាលានេះគឺជាវិទ្យាល័យមួយដែលបង្រៀនខាងកសិកម្ម ការថែទាំសួន កិច្ចការជាងឈើ ការសាងសង់ ភាសាអង់គ្លេស និងលេខគណិតដល់ក្មេងប្រុស ហើយបង្រៀនក្មេងស្រីខាងការព្យាបាលអ្នកជំងឺ របៀបធ្វើកិច្ចការផ្ទះ និងបង្រៀនមុខវិជ្ជាទៀតដែលមានប្រយោជន៍។ ជីដូនរបស់អ្នកដឹកនាំសំខាន់បំផុតនោះជាអ្នកបង្កើតឲ្យមានសាលានេះ›។

សិស្សវិទ្យាល័យនៅប្រទេសស្វាហ្ស៊ីឡង់ដែលបានមកស្ដាប់សុន្ទរកថាសាធារណៈ នៅឆ្នាំ១៩៣៦

នៅដើមឆ្នាំ១៩៣៣ ដោយចិត្ដរីករាយស្ដេចសូប៊ូសាបានស្ដាប់អ្នកត្រួសត្រាយដែលបានមកលេងដំណាក់រ៉ូយ៉ាលក្រាល។ នៅពេលមួយ គាត់ថែមទាំងបានប្រមូលអង្គរក្សរបស់គាត់ដែលជាអ្នកចម្បាំង១០០នាក់ ឲ្យមកស្ដាប់ថាសថតសំឡេងអំពីដំណឹងរាជាណាចក្រ។ ស្ដេចនេះបានជាវទស្សនាវដ្ដីរបស់យើង ហើយបានព្រមទទួលសៀវភៅផ្សេងរបស់យើង។ មិនយូរប៉ុន្មាន ស្ដេចអង្គនោះមានសៀវភៅរបស់អង្គការយើងស្ទើរតែទាំងអស់! ម្យ៉ាងទៀត គាត់បាន រក្សាទុកសៀវភៅរបស់អង្គការយើងឲ្យនៅគង់វង្ស ទោះជានៅសង្គ្រាមលោកលើកទីរដ្ឋាភិបាលរបស់ពួកអាណានិគមនិយមអង់គ្លេសបានដាក់បម្រាមលើសៀវភៅរបស់យើងក៏ដោយ។

ស្ដេចសូប៊ូសាទីបានបន្ដទទួលស្វាគមន៍សាក្សីព្រះយេហូវ៉ាឲ្យមកដំណាក់រ៉ូយ៉ាលក្រាលនៅក្រុងឡូបាមបា ហើយថែមទាំងបានហៅពួកបព្វជិតឲ្យមកស្ដាប់សុន្ទរកថារបស់ពួកគាត់ដែលមានមូលដ្ឋានលើបទគម្ពីរទៀតផង។ ពេលដែលសាក្សីម្នាក់ឈ្មោះហែលវេ ម៉ាសាហ្ស៊ីដែលជាជនជាតិនោះ កំពុងពិភាក្សាអំពីម៉ាថាយជំពូកទី២៣ បព្វជិតមួយក្រុមបានស្ទុះក្រោកឡើងទាំងកំហឹង ហើយខំបង្ខំឲ្យបងប្រុសយើងអង្គុយចុះ។ ប៉ុន្ដែស្ដេចអង្គនោះបានធ្វើអន្ដរាគមន៍ ហើយសុំឲ្យបងប្រុសម៉ាសាហ្ស៊ីថ្លែងទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ស្ដេចអង្គនោះបានបង្គាប់អ្នកស្ដាប់ឲ្យកត់គម្ពីរទាំងអស់ដែលបានលើកឡើងក្នុងសុន្ទរកថា!

មានពេលមួយទៀត ក្រោយពីបានស្ដាប់សុន្ទរកថារបស់បងប្រុសម្នាក់ដែលជាអ្នកត្រួសត្រាយ បព្វជិតបួននាក់ដែលនៅទីនោះ បានលាក់ទ្រនាប់ដែលនៅអាវរបស់ពួកគេ ហើយបានប្រកាសថា«យើងលែងជាបព្វជិតទៀតហើយ ប៉ុន្ដែឥឡូវនេះយើងជាសាក្សីព្រះយេហូវ៉ាវិញ»។ បន្ទាប់មក ពួកគេសួរអ្នកត្រួសត្រាយដើម្បីសុំសៀវភៅទាំងប៉ុន្មានដូចដែលអ្នកដឹកនាំសំខាន់បំផុតនោះមាន។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០រហូតមកដល់ពេលគាត់ទទួលមរណភាពនៅឆ្នាំ១៩៨២ អ្នកដឹកនាំសំខាន់បំផុតនេះបានបង្ហាញការគោរពចំពោះសាក្សីព្រះយេហូវ៉ា ហើយមិនឲ្យគេបៀតបៀនសាក្សីព្រះយេហូវ៉ាដែលមិនចូលរួមពិធីប្រពៃណីរបស់ជនជាតិស្វាហ្ស៊ីនោះទេ។ ហេតុនេះ មានមូលហេតុត្រឹមត្រូវដែលសាក្សីព្រះយេហូវ៉ាដឹងគុណស្ដេចនេះ ហើយពួកគាត់បានសម្ដែងការក្រៀមក្រំចិត្ដយ៉ាងស្មោះពេលដែលស្ដេចអង្គនោះបានទទួលមរណភាព។

នៅដើមឆ្នាំ២០១៣ មានអ្នកប្រកាសដំណឹងអំពីរាជាណាចក្រប្រហែលជា.០០០នាក់ នៅប្រទេសស្វាហ្ស៊ីឡង់។ ប្រទេសនេះមានបណ្ដាជនតែជាងមួយលាននាក់ប៉ុណ្ណោះ តែមានអ្នកផ្សព្វផ្សាយម្នាក់ក្នុងចំណោមបណ្ដាជន៣៨៤នាក់។ អ្នកត្រួសត្រាយជាង២៦០នាក់បម្រើនៅក្រុមជំនុំ៩០យ៉ាងមមាញឹក ហើយមានមនុស្ស.៤៩៦នាក់បានចូលរួមពិធីរំលឹកនៅឆ្នាំ២០១២។ នេះបង្ហាញយ៉ាងច្បាស់ថា អាចមានមនុស្សច្រើនថែមទៀតចូលក្នុងសេចក្ដីពិត។ បងប្អូនដែលបានទៅផ្សព្វផ្សាយនៅប្រទេសស្វាហ្ស៊ីឡង់នៅទសវត្សរ៍ឆ្នាំ១៩៣០ ពិតជាបានបើកផ្លូវឲ្យបងប្អូនផ្សព្វផ្សាយនៅប្រទេសនេះយ៉ាងងាយស្រួល (ដកស្រង់ពីឯកសារអនុស្សាវរីយ៍ពីសម័យមុននៅទ្វីបអាហ្វ្រិកខាងត្បូង)។