លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪពុកម្ដាយទាំងឡាយ ចូរបង្ហាត់បង្រៀនកូនតាំងពីពួកគេជាទារកនៅឡើយ

ឪពុកម្ដាយទាំងឡាយ ចូរបង្ហាត់បង្រៀនកូនតាំងពីពួកគេជាទារកនៅឡើយ

គម្ពីរចែងថា«មើល! កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ»។ (ទំនុក. ១២៧:៣) ដូច្នេះ គ្មានអ្វីចម្លែកទេដែលឪពុកម្ដាយអរសប្បាយយ៉ាងខ្លាំងពេលកូនកើតមក។

ក្រៅពីអំណរ ឪពុកម្ដាយដែលមានកូនដំបូងក៏មានភារកិច្ចធ្ងន់ធ្ងរដែរ។ ដើម្បីឲ្យកូនក្មេងម្នាក់ធំឡើងទៅជាមនុស្សពេញវ័យដែលមានសុខភាពល្អ គាត់ត្រូវការអាហារដែលមានជីវជាតិជាទៀងទាត់។ ប៉ុន្ដែដើម្បីឲ្យកូនមានចំណងមិត្ដភាពរឹងមាំជាមួយព្រះយេហូវ៉ា គាត់ក៏ត្រូវការការបង្ហាត់បង្រៀននិងការណែនាំពីឪពុកម្ដាយរបស់គាត់ដែរ។ ពួកគេត្រូវតែបង្រៀនកូនអំពីគោលការណ៍ពីបណ្ដាំរបស់ព្រះ។ (សុភ. ១:៨) តើឪពុកម្ដាយគួរបង្ហាត់បង្រៀនកូនអំពីរឿងនេះចាប់ពីពេលណា ហើយតើនេះរួមបញ្ចូលអ្វីខ្លះ?

 ឪពុកម្ដាយត្រូវការការណែនាំ

សូមពិចារណាអំពីគំរូរបស់បុរសម្នាក់ពីកុលសម្ព័ន្ធដាន់ឈ្មោះម៉ាណូអា ដែលរស់នៅក្រុងសូរ៉ាស់នៅអ៊ីស្រាអែលសម័យបុរាណ។ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់ប្រពន្ធរបស់ម៉ាណូអាដែលជាស្រីអារ ថានាងនឹងបង្កើតបានកូនប្រុសម្នាក់។ (ចៅ. ១៣:២, ៣) ម៉ាណូអាដែលជាបុរសស្មោះត្រង់និងប្រពន្ធរបស់គាត់ច្បាស់ជាត្រេកអរខ្លាំងណាស់ចំពោះរឿងនេះ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់ក៏ខ្វល់ខ្វាយយ៉ាងខ្លាំងដែរ។ ដូច្នេះម៉ាណូអាបានអធិដ្ឋានថា«ព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកយើងខ្ញុំនោះ បានមកម្ដងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្ដចំពោះកូនដែលត្រូវកើតមកនោះ»។ (ចៅ. ១៣:៨) ម៉ាណូអានិងប្រពន្ធរបស់គាត់បានខ្វល់ខ្វាយអំពីការអប់រំកូន។ ពួកគាត់ច្បាស់ជាបានបង្រៀនសាំសុនដែលជាកូនរបស់ពួកគាត់អំពីច្បាប់របស់ព្រះ ហើយតាមមើលទៅ ការខំប្រឹងប្រែងរបស់ពួកគាត់បានជោគជ័យ។ គម្ពីរចែងថា«ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្ដាល[សាំសុន]»។ ជាលទ្ធផល សាំសុនបានធ្វើកិច្ចការអស្ចារ្យជាច្រើនក្នុងនាមជាចៅហ្វាយនៃបណ្ដាជនអ៊ីស្រាអែល។—ចៅ. ១៣:២៥; ១៤:៥, ៦; ១៥:១៤, ១៥

ម៉ាណូអាបានអធិដ្ឋានសុំការ ណែនាំអំពីរបៀបដែលគាត់ អាចចិញ្ចឹមអប់រំកូនរបស់គាត់ ដែលនឹងកើតមក

តើឪពុកម្ដាយគួរចាប់ផ្ដើមបង្ហាត់បង្រៀនកូននៅពេលណា? ‹តាំងពីជាទារកនៅឡើយ› ធីម៉ូថេបានទទួលការបង្ហាត់បង្រៀនអំពី«ឯកសារបរិសុទ្ធនានា»ដោយម្ដាយរបស់គាត់ឈ្មោះអឺនីស និងយាយរបស់គាត់ឈ្មោះឡូអ៊ីស។ (២ធី. ១:៥; ៣:១៥) ធីម៉ូថេបានទទួលការបង្ហាត់បង្រៀនអំពីបទគម្ពីរតាំងពីគាត់នៅក្មេងខ្ចីនៅឡើយ។

ជាការល្អដែលឪពុកម្ដាយជាគ្រិស្ដសាសនិកអធិដ្ឋានដើម្បីសុំការណែនាំ ហើយរៀបចំគម្រោងទុកជាមុនដើម្បីពួកគាត់អាចចាប់ផ្ដើមបង្ហាត់បង្រៀនកូនរបស់ពួកគាត់‹តាំងពីជាទារកនៅឡើយ›។ សុភាសិត ២១:៥ចែងថា«គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង»។ ឪពុកម្ដាយច្បាស់ជានឹងរៀបចំដោយយកចិត្ដទុកដាក់មុនពេលកូនរបស់ពួកគាត់កើតមក។ ពួកគាត់ប្រហែលជាធ្វើបញ្ជីរបស់របរដែលទារកនឹងត្រូវការ។ គឺជាការសំខាន់ដែរ ដែលពួកគាត់ធ្វើគម្រោងអំពីរបៀបដែលពួកគាត់នឹងបង្រៀនកូនអំពីព្រះយេហូវ៉ា។ ពួកគាត់គួរមានគោលដៅចាប់ផ្ដើមបង្ហាត់បង្រៀនកូនបែបនេះ នៅពេលដែលកូននៅជាទារកនៅឡើយ។

សៀវភៅមួយដែលពន្យល់អំពីរបៀបដែលកូនក្មេងលូតលាស់ទៅជាមនុស្សពេញវ័យ រៀបរាប់ថា ប៉ុន្មានខែក្រោយទារកកើតមក នោះគឺជាពេលដែលខួរក្បាលរបស់គាត់ឆាប់ទទួលយកព័ត៌មានផ្សេងយ៉ាងឆាប់រហ័ស។ ដូច្នេះគឺជាការសំខាន់ណាស់ដែលឪពុកម្ដាយប្រើពេលនោះដើម្បីបង្រៀនកូនអំពីព្រះយេហូវ៉ានិងអំពីខ្នាតតម្រារបស់លោក!

ម្ដាយម្នាក់ដែលជាអ្នកត្រួសត្រាយពេញពេលបាននិយាយអំពីកូនស្រីវ័យក្មេងរបស់គាត់ថា«ខ្ញុំបានយកកូនស្រីខ្ញុំទៅផ្សព្វផ្សាយជាមួយតាំងពីនាងមានអាយុតែមួយខែម៉្លេះ។ ទោះជានាងមិនអាចយល់អំពីអ្វីដែលកំពុងកើតឡើងក៏ដោយ ខ្ញុំជឿថានាងបានទទួលប្រយោជន៍ពីបទពិសោធន៍បែបនេះតាំងពីនៅតូចនៅឡើយ។ ពេលដែលនាងមានអាយុពីរឆ្នាំ នាងបានស្នើផ្ដល់ខិត្ដប័ណ្ណដល់ពួកអ្នកដែលយើងជួបពេលផ្សព្វផ្សាយ ដោយមានទំនុកចិត្ដ»។

ការបង្ហាត់បង្រៀនកូនតាំងពីក្មេងអាចនាំឲ្យមានលទ្ធផលល្អ។ ប៉ុន្ដែ ឪពុកម្ដាយឃើញថាការណែនាំកូនក្នុងការគោរពប្រណិប័តន៍ព្រះគឺជាការពិបាក។

ចូរ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»

ដោយសារកូនក្មេងងាយបែកអារម្មណ៍ នោះជាការពិបាកឲ្យឪពុកម្ដាយបង្រៀនពួកគេ។ ពួកគេចង់ដឹងចង់ឮ ហើយខំរៀនអំពីមនុស្សដែលនៅជុំវិញពួកគេ។ តើឪពុកម្ដាយអាចធ្វើអ្វីខ្លះដើម្បីជួយកូនឲ្យប្រមូលអារម្មណ៍ទៅលើអ្វីដែលពួកគាត់កំពុងព្យាយាមបង្រៀន?

សូមពិចារណាអំពីអ្វីដែលម៉ូសេបាននិយាយ។ ចោទិយកថា ៦:៦, ៧ចែងថា«សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្ដឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាលក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ ពាក្យ«ប្រិតប្រៀន»បង្កប់អត្ថន័យថា បង្រៀនម្ដងហើយម្ដងទៀត។ កូនតូចគឺប្រៀបដូចជាកូនឈើដែលតម្រូវឲ្យស្រោចទឹកជាទៀងទាត់។ ដោយសារការនិយាយប្រាប់ម្ដងហើយម្ដងទៀតជួយមនុស្សពេញវ័យឲ្យចាំអំពីរឿងសំខាន់ៗ ការធ្វើដូច្នេះប្រាកដជានឹងជួយកូនក្មេងឲ្យចាំ!

ឪពុកម្ដាយត្រូវចំណាយពេលជាមួយកូនដើម្បីបង្រៀនពួកគេនូវសេចក្ដីពិតអំពីព្រះ។ នេះអាចជាការពិបាកដោយសារឪពុកម្ដាយច្រើនតែជាប់រវល់យ៉ាងខ្លាំង។ ប៉ុន្ដែ សាវ័កប៉ូលបានជូនយោបល់ឲ្យ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត» ដើម្បីធ្វើកិច្ចការដែលសំខាន់ចាំបាច់សម្រាប់គ្រិស្ដសាសនិក។ (អេភ. ៥:១៥, ១៦) តើឪពុកម្ដាយអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? បងប្រុសម្នាក់ដែលជាអ្នកចាស់ទុំ ហើយដែលប្រពន្ធរបស់គាត់ជាប់រវល់យ៉ាងខ្លាំងក្នុងកិច្ចការជាអ្នកត្រួសត្រាយពេញពេល ត្រូវតែរៀបចំគម្រោងដោយយកចិត្ដទុកដាក់ដើម្បីអាចចំណាយពេលគ្រប់គ្រាន់ក្នុងការបង្ហាត់បង្រៀនកូនរបស់ពួកគាត់ ហើយចំណាយពេលគ្រប់គ្រាន់ ដើម្បីគាំទ្រក្រុមជំនុំ និងធ្វើការងារ។ តើតាមរបៀបណាពួកគាត់អាចលៃពេលដើម្បីបង្រៀនកូនស្រីរបស់ពួកគាត់? ឪពុករបស់ក្មេងស្រីនេះនិយាយថា«រាល់ព្រឹកមុននឹងខ្ញុំទៅធ្វើការ ខ្ញុំនិងប្រពន្ធខ្ញុំអានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ និងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឲ្យកូនស្ដាប់។ នៅពេលយប់ យើងមិនភ្លេចអានឲ្យកូនស្ដាប់មុននឹងកូនចូលគេងទេ ហើយពេលយើងទៅផ្សព្វផ្សាយ យើងយកកូនទៅជាមួយយើង។ យើងមិនចង់បាត់បង់ឱកាសបង្ហាត់បង្រៀនកូន ពេលកូននៅតូចឡើយ»។

‹កូនគឺធៀបដូចជាព្រួញ›

យើងពិតជាចង់ឲ្យកូនធំឡើងជាមនុស្សដែលទទួលខុសត្រូវ។ ប៉ុន្ដែមូលហេតុសំខាន់បំផុតដែលយើងបង្ហាត់បង្រៀនកូនគឺដើម្បីបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះនៅក្នុងចិត្ដរបស់ពួកគេ។—ម៉ាក. ១២:២៨-៣០

ទំនុកតម្កើង ១២៧:៤ចែងថា«កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ»។ ដូច្នេះកូនរបស់យើងគឺប្រៀបដូចជាព្រួញដែលយើងគួរតម្រង់ឲ្យចំគោលដៅ។ អ្នកបាញ់ព្រួញមានព្រួញតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយគាត់មិនអាចយកព្រួញមកវិញឡើយ ក្រោយពីគាត់បានបាញ់ចេញពីធ្នូ។ ស្រដៀងគ្នាដែរ ឪពុកម្ដាយមានកូននៅជាមួយតែមួយរយៈពេលខ្លីប៉ុណ្ណោះ មុននឹងពួកគេក្លាយទៅជាមនុស្សពេញវ័យ។ ឪពុកម្ដាយគួរប្រើរយៈពេលនោះដើម្បីធ្វើឲ្យគោលការណ៍របស់ព្រះជ្រាបចូលក្នុងចិត្ដគំនិតកូន។

សាវ័កយ៉ូហានបានសរសេរអំពីបុគ្គលដែលគាត់បានជួយឲ្យក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះ ថា«គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ»។ (៣យ៉ូន. ៤) ឪពុកម្ដាយដែលជាគ្រិស្ដសាសនិកអាចបង្ហាញចិត្ដដឹងគុណស្រដៀងគ្នានេះ ពេលពួកគាត់ឃើញថាកូនរបស់ពួកគាត់«កំពុងកាន់ខ្ជាប់តាមសេចក្ដីពិត»។