ការបម្រើព្រះជាថ្នាំរបស់គាត់! លេង ការបម្រើព្រះជាថ្នាំរបស់គាត់! នៅពេលដែលអ្នកត្រួសត្រាយពីរនាក់បានត្រូវអញ្ជើញឲ្យចូលក្នុងផ្ទះមួយនៅប្រទេសកេនយ៉ា ពួកគាត់ភ្ញាក់ផ្អើលដោយឃើញបុរសដ៏តូចម្នាក់កំពុងដេកលើគ្រែ។ បុរសនោះមានដងខ្លួនតូចនិងមានដៃខ្លី។ ពេលដែលអ្នកត្រួសត្រាយប្រាប់អំពីសេចក្ដីសន្យារបស់ព្រះដែលថា៖ «ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស» បុរសនោះបានញញឹមពព្រាយ។—អេ. ៣៥:៦ អ្នកត្រួសត្រាយទាំងនោះបានដឹងថា អូណេស្មឺសដែលឥឡូវនេះមានអាយុជិត៤០ឆ្នាំ មានជំងឺឆ្អឹងស្រួយម្យ៉ាង (osteogenesis imperfecta) តាំងពីពេលគាត់កើតមក។ ឆ្អឹងរបស់គាត់ងាយបាក់ខ្លាំងណាស់ សូម្បីតែសង្កត់តែបន្ដិចក៏អាចធ្វើឲ្យឆ្អឹងទាំងនោះបាក់ដែរ។ ដោយសារជំងឺនេះមិនអាចព្យាបាលឬគ្មានថ្នាំដែលអាចឲ្យជាបានទេ អូណេស្មឺសបានរំពឹងថាគាត់នឹងឈឺ ហើយមិនអាចចេញពីរទេះបានទេ អស់មួយជីវិតរបស់គាត់។ អូណេស្មឺសបានយល់ព្រមសិក្សាគម្ពីរ។ ប៉ុន្ដែម្ដាយរបស់គាត់បានជំទាស់មិនឲ្យគាត់ទៅប្រជុំទេ ដោយគិតថានេះអាចធ្វើឲ្យគាត់របួស ហើយឈឺកាន់តែខ្លាំង។ ដូច្នេះ បងប្អូនយើងបានថតកម្មវិធីប្រជុំ ហើយអូណេស្មឺសបានស្ដាប់កម្មវិធីទាំងនោះនៅផ្ទះ។ ក្រោយពីអូណេស្មឺសបានសិក្សាគម្ពីរអស់ប្រាំខែ គាត់បានសម្រេចចិត្ដថាគាត់ចង់ទៅប្រជុំ ទោះជានេះអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់ក៏ដោយ។ តើការចូលរួមកិច្ចប្រជុំបាននាំឲ្យអូណេស្មឺសឈឺចាប់ថែមទៀតឬ? មិនមែនទេ លទ្ធផលគឺផ្ទុយទៅវិញ។ អូណេស្មឺសនឹកចាំថា «ការឈឺចាប់ដែលខ្ញុំមានគ្រប់ពេល ហាក់ដូចជាបានអន់ថយទៅក្នុងអំឡុងកិច្ចប្រជុំ»។ គាត់បានគិតថាសេចក្ដីសង្ឃឹមថ្មីដែលគាត់មាន គឺជាមូលហេតុដែលគាត់មានអារម្មណ៍ស្រួលជាង។ ម្ដាយរបស់អូណេស្មឺសបានឃើញថាកូនមានអារម្មណ៍ល្អជាងមុន ហើយគាត់សប្បាយចិត្ដខ្លាំងដល់ម៉្លេះបានជាគាត់ក៏យល់ព្រមសិក្សាគម្ពីរដែរ។ គាត់ធ្លាប់និយាយថា៖ «ការបម្រើព្រះជាថ្នាំរបស់កូនខ្ញុំ»។ មិនយូរប៉ុន្មាន អូណេស្មឺសបានក្លាយទៅជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ក្រោយមក គាត់បានទទួលការជ្រមុជទឹក ហើយឥឡូវនេះគាត់បម្រើជាជំនួយការខាងកិច្ចបម្រើ។ ទោះជាអូណេស្មឺសមិនអាចប្រើដៃម្ខាងនិងជើងរបស់គាត់ក្ដី គាត់ចង់ខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ គាត់ចង់ត្រួសត្រាយជំនួយ ប៉ុន្ដែគាត់បានស្ទាក់ស្ទើរក្នុងការដាក់ពាក្យសុំ។ ហេតុអ្វី? ពីព្រោះគាត់បានដឹងថាគាត់នឹងត្រូវពឹងផ្អែកទៅលើអ្នកឯទៀតដើម្បីរុញរទេះរបស់គាត់។ ពេលដែលគាត់បានប្រាប់ពីកង្វល់របស់គាត់ដល់បងប្អូនរួមជំនឿ ពួកគាត់បានសន្យាថានឹងជួយគាត់។ បងប្អូនបានធ្វើដូច្នេះមែន ហើយពួកគាត់បានជួយអូណេស្មឺសឲ្យធ្វើជាអ្នកត្រួសត្រាយជំនួយ។ អូណេស្មឺសបានខ្វល់ខ្វាយដូចគ្នានេះ ពេលគាត់ចង់ធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្ដែនៅពេលមួយ បទគម្ពីរប្រចាំថ្ងៃបានផ្ដល់ការលើកទឹកចិត្ដដែលគាត់ត្រូវការ។ បទគម្ពីរប្រចាំថ្ងៃនោះបានត្រូវដកស្រង់ពីទំនុកតម្កើង ៣៤:៨ដែលចែងថា៖ «ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ»។ ក្រោយពីគាត់រំពឹងគិតអំពីបទគម្ពីរនោះ អូណេស្មឺសបានសម្រេចចិត្ដធ្វើជាអ្នកត្រួសត្រាយពេញពេល។ សព្វថ្ងៃនេះគាត់ផ្សព្វផ្សាយបួនថ្ងៃក្នុងមួយសប្ដាហ៍ ហើយមានសិស្សគម្ពីរខ្លះៗដែលកំពុងជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ នៅឆ្នាំ២០១០គាត់បានចូលសាលាសម្រាប់អ្នកត្រួសត្រាយ។ អូណេស្មឺសពិតជាសប្បាយយ៉ាងខ្លាំង ដោយសារបងប្រុសដែលជាអ្នកបង្រៀនសាលានោះ ជាបងប្រុសម្នាក់ក្នុងចំណោមបងប្រុសពីរនាក់ដែលបានមកផ្ទះគាត់ជាលើកដំបូង! សព្វថ្ងៃនេះ ឪពុកម្ដាយរបស់អូណេស្មឺសបានស្លាប់អស់ហើយ ប៉ុន្ដែបងប្អូនក្នុងក្រុមជំនុំផ្គត់ផ្គង់អ្វីដែលគាត់ត្រូវការជារៀងរាល់ថ្ងៃ។ គាត់មានចិត្ដដឹងគុណចំពោះពរទាំងអស់ដែលគាត់កំពុងទទួល ហើយគាត់រង់ចាំថ្ងៃដែល«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។—អេ. ៣៣:២៤ ថយ បន្ទាប់ ប្រធានបទឯទៀតអំពីរឿងនេះ ការស៊ូទ្រាំនឹងទុក្ខលំបាក បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា សុខភាពផ្លូវកាយនិងផ្លូវចិត្ត សេចក្ដីសុខនិងសុភមង្គល Print ចែក ចែក ការបម្រើព្រះជាថ្នាំរបស់គាត់! ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា ការបម្រើព្រះជាថ្នាំរបស់គាត់! ខ្មែរ ការបម្រើព្រះជាថ្នាំរបស់គាត់! https://cms-imgp.jw-cdn.org/img/p/2013845/univ/art/2013845_univ_sqr_xl.jpg