លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលយើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត

របៀបដែលយើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត

បងប្រុសឈ្មោះហ្វ្រង់ស្វាជាអ្នកចាស់ទុំនៅប្រទេសមួយដែលកំពុងអភិវឌ្ឍ គាត់បានរៀបរាប់ថា«អំពើឃោរឃៅបានផ្ទុះឡើងបន្ទាប់ពីការបោះឆ្នោតដោយសារគណៈបក្សដែលចាញ់មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ។ នេះបានតម្រូវឲ្យសាក្សីព្រះយេហូវ៉ារាប់ពាន់នាក់រត់ចេញពីផ្ទះរបស់ខ្លួន។ ម្ហូបអាហារនិងថ្នាំគឺពិបាករក ហើយបើនៅមានគឺឡើងថ្លៃជាខ្លាំងណាស់។ ធនាគារបានបិទ ហើយម៉ាស៊ីនអេធីអ៊ឹមម៉ាស៊ីនដកលុយពីធនាគារ អស់លុយលែងដំណើរការ»។

ភ្លាមនោះបងប្រុសពីការិយាល័យសាខាបានផ្ញើលុយនិងអ្វីដែលត្រូវការជាចាំបាច់ក្នុងគ្រាអាសន្នដល់សាក្សីព្រះយេហូវ៉ាដែលត្រូវរត់ចេញពីផ្ទះ ហើយបានជួបជុំគ្នានៅសាលប្រជុំផ្សេងនៅប្រទេសនោះ។ ក្រុមអ្នកប្រឆាំងបានបិទផ្លូវ ប៉ុន្ដែដោយសារទាំងអ្នកឈ្នះទាំងអ្នកចាញ់ ទទួលស្គាល់ថាសាក្សីព្រះយេហូវ៉ាកាន់ជំហរអព្យាក្រឹតយ៉ាងម៉ឺងម៉ាត់ ជាធម្មតាឡានការិយាល័យសាខាអាចជិះឆ្លងកាត់បាន។

ហ្វ្រង់ស្វានិយាយថា«នៅពេលយើងជិះទៅសាលប្រជុំមួយ អ្នកលបបាញ់ខ្លះបានចាប់ផ្ដើមបាញ់ឡានយើង។ ប៉ុន្ដែគ្រាប់កាំភ្លើងបានហោះនៅចន្លោះយើង។ ពេលយើងឃើញទាហានម្នាក់រត់មកជិតឡានយើងដោយកាន់កាំភ្លើង យើងបានដាក់លេខថយក្រោយ បត់ទៅក្រោយ ហើយត្រឡប់មកការិយាល័យសាខាវិញយ៉ាងលឿន។ យើងមានចិត្ដកតញ្ញូចំពោះព្រះយេហូវ៉ាដែលយើងនៅមានជីវិត។ នៅថ្ងៃបន្ទាប់ បងប្អូន១៣០នាក់ដែលនៅសាលប្រជុំនោះបានទៅដល់កន្លែងដែលមានសុវត្ថិភាព។ បងប្អូនខ្លះបានមកការិយាល័យសាខា ហើយយើងបានជួយផ្ដល់អ្វីដែលពួកគាត់ត្រូវការសម្រាប់ជីវិតប្រចាំថ្ងៃនិងក្នុងការគោរពប្រណិប័តន៍ រហូតដល់គ្រាអាសន្ននោះបានកន្លងទៅ»។

ហ្វ្រង់ស្វានិយាយថា«នៅពេលក្រោយមក ការិយាល័យសាខាបានទទួលសំបុត្រជាច្រើនពីបងប្អូននៅតំបន់ផ្សេងដែលបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ពួកគាត់។ ដោយសារពួកគាត់បានទទួលជំនួយដែលបងប្អូនទៀតបានផ្ដល់ឲ្យក្នុងគ្រាដែលពួកគាត់មានសេចក្ដីត្រូវការ នោះបានពង្រឹងទំនុកចិត្ដរបស់ពួកគាត់ទៅលើព្រះយេហូវ៉ា»។

នៅពេលដែលមានមហន្ដរាយធម្មជាតិមហន្ដរាយដែលកើតឡើងដោយសារមនុស្ស យើងមិនប្រាប់បងប្អូនថា«សូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ»ទេ។ (យ៉ា. ២:១៥, ១៦) ផ្ទុយទៅវិញ យើងខំផ្ដល់អ្វីដែលបងប្អូនត្រូវការជាចាំបាច់។ ស្រដៀងគ្នាដែរ នៅសតវត្សរ៍ទី១ បន្ទាប់ពីការព្រមានអំពីការអត់ឃ្លានដែលជិតមកដល់ «ពួកអ្នកកាន់តាមបានសម្រេចថា ពួកគាត់នឹងផ្ញើជំនួយទៅបងប្អូនដែលរស់នៅតំបន់យូឌា តាមលទ្ធភាពរបស់ពួកគាត់ម្នាក់»។—សកម្ម. ១១:២៨-៣០

ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា យើងចង់ជួយបំពេញសេចក្ដីត្រូវការខាងសម្ភាររបស់បុគ្គលដែលខ្វះខាត។ ប៉ុន្ដែ ពួកគេក៏ត្រូវការការ ណែនាំពីព្រះដែរ។ (ម៉ាថ. ៥:៣) ដើម្បីជួយពួកគេឲ្យទទួលស្គាល់សេចក្ដីត្រូវការនោះ ហើយចាត់វិធានការដើម្បីបំពេញសេចក្ដីត្រូវការនោះ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យបង្រៀនអ្នកទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកដែរ។ (ម៉ាថ. ២៨:១៩, ២០) យើងម្នាក់ចំណាយពេលវេលា កម្លាំង និងធនធានជាច្រើនដើម្បីធ្វើតាមបង្គាប់នេះ។ ជាអង្គការមួយ យើងប្រើវិភាគទានខ្លះដើម្បីផ្ដល់ជំនួយខាងសម្ភារ ប៉ុន្ដែជាធម្មតា វិភាគទានបានត្រូវប្រើដើម្បីគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះនិងជួយការផ្សព្វផ្សាយដំណឹងល្អ។ ដោយធ្វើដូច្នេះ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងអ្នកជិតខាងរបស់យើង។—ម៉ាថ. ២២:៣៧-៣៩

ពួកអ្នកដែលគាំទ្រកិច្ចការទូទាំងពិភពលោករបស់សាក្សីព្រះយេហូវ៉ា អាចប្រាកដថាវិភាគទានរបស់ពួកគាត់បានត្រូវប្រើដោយប្រសិទ្ធភាពនិងតាមរបៀបត្រឹមត្រូវ។ តើអ្នកអាចផ្ដល់ជំនួយដល់បងប្អូនរបស់អ្នកដែលមានសេចក្ដីត្រូវការបានទេ? តើអ្នកចង់គាំទ្រកិច្ចការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូទេ? បើដូច្នេះមែន «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណាដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។—សុភ. ៣:២៧