លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›

‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›

«[លោក]អរគុណព្រះ រួចកាច់នំប៉័ងនោះ ហើយមានប្រសាសន៍ថា៖ ‹នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ›»។—១កូ. ១១:២៤

១, ២. តើពួកសាវ័កប្រហែលជាបានគិតអំពីអ្វីមុនលោកយេស៊ូធ្វើដំណើរទៅក្រុងយេរូសាឡិមជាលើកចុងក្រោយ?

‹ពេលដែលពពករសាត់អស់ទៅ យើងអាចឃើញលោកខែមួយចំណិត។ យប់មិញ អ្នកយាមនៅក្រុងយេរូសាឡិមច្បាស់ជាបានឃើញលោកខែមួយចំណិតជាលើកដំបូង។ ពេលដែលក្រុមប្រឹក្សាជាន់ខ្ពស់បានដឹងអំពីរឿងនេះ ពួកគេប្រកាសថាខែថ្មីដែលជាខែណែសានបានចាប់ផ្ដើមហើយ។ បន្ទាប់មកគេដុតភ្លើងជាសញ្ញាអ្នកនាំសារចេញទៅផ្សាយដំណឹងនេះ ហើយដំណឹងនេះក៏បានដល់កន្លែងដែលយើងនៅផងដែរ។ លោកយេស៊ូច្បាស់ជាចង់ចេញទៅក្រុងយេរូសាឡិមដើម្បីអាចទៅដល់ទីនោះមុនបុណ្យរំលង›។

យើងអាចស្រមៃគិតថាសាវ័កខ្លះប្រហែលជាបានគិតដូចខាងលើនេះ ពេលពួកគាត់រួមដំណើរជាមួយលោកយេស៊ូពីស្រុកភេរៀ (ត្រើយម្ខាងនៃទន្លេយ៉ូដាន់) ទៅក្រុងយេរូសាឡិមជាលើកចុងក្រោយ។ (ម៉ាថ. ១៩:១; ២០:១៧, ២៩; ម៉ាក. ១០:១, ៣២, ៤៦) ពេលដែលថ្ងៃទីនៃខែណែសានដែលជាខែរបស់ជនជាតិយូដាបានត្រូវកំណត់ បុណ្យរំលងនឹងត្រូវធ្វើឡើងនៅ១៣ថ្ងៃក្រោយមក ក្រោយពេលថ្ងៃលិចនៅថ្ងៃទី១៤ ខែណែសាន។

. ហេតុអ្វីជាការត្រឹមត្រូវដែលគ្រិស្ដសាសនិកចាប់អារម្មណ៍នឹងថ្ងៃនៃបុណ្យរំលង?

ថ្ងៃនៃពិធីអាហារល្ងាចរបស់លោកម្ចាស់ ដែលត្រូវគ្នានឹងថ្ងៃនៃបុណ្យរំលង គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ក្រោយពេលថ្ងៃលិច។ ថ្ងៃនោះនឹងជាថ្ងៃពិសេសសម្រាប់គ្រិស្ដសាសនិកពិតនិងអ្នកចាប់អារម្មណ៍។ ហេតុអ្វី? ដោយសារកូរិនថូសទី១ ១១:២៣-២៥ចែងថា«នៅយប់ដែលលោកម្ចាស់យេស៊ូត្រូវគេក្បត់ លោកបានយកនំប៉័ងមួយដុំ អរគុណព្រះ រួចកាច់នំប៉័ងនោះ ហើយមានប្រសាសន៍ថា៖ ‹នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ›។ . . . លោកក៏យកពែងនោះធ្វើបែបដូច្នោះដែរ»។

. () ស្ដីអំពីពិធីរំលឹក តើមានសំណួរអ្វីខ្លះ? () តើថ្ងៃនៃពិធីរំលឹកបានត្រូវកំណត់ទុកយ៉ាងដូចម្ដេចជារៀងរាល់ឆ្នាំ? (សូមមើលប្រអប់ដែលមានចំណងជើងថា  «ពិធីរំលឹកឆ្នាំ២០១៤»)។

អ្នកច្បាស់ជានឹងមានវត្ដមាននៅពិធីតែមួយគត់ដែលលោកយេស៊ូបានមានប្រសាសន៍ថាអ្នកកាន់តាមលោកគួរធ្វើជារៀងរាល់ឆ្នាំ។ មុនពិធីនោះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីត្រៀមលក្ខណៈសម្រាប់ល្ងាចនោះ? តើវត្ថុអ្វីខ្លះនឹងត្រូវប្រើ? តើពិធីនោះនឹងដំណើរការយ៉ាងដូចម្ដេច ហើយតើពិធីនោះនិងវត្ថុតំណាងគួរមានអត្ថន័យយ៉ាងណាសម្រាប់ខ្ញុំ?›។

 វត្ថុតំណាង

. តើលោកយេស៊ូបានឲ្យពួកសាវ័ករៀបចំអ្វីខ្លះសម្រាប់បុណ្យរំលងជាលើកចុងក្រោយជាមួយពួកគាត់?

ពេលលោកយេស៊ូបានប្រាប់ពួកសាវ័កឲ្យរៀបចំបន្ទប់សម្រាប់ពិសាអាហារបុណ្យរំលង លោកមិនបានប្រាប់អំពីការតុបតែងយ៉ាងប្រណីតឡើយ។ ផ្ទុយទៅវិញ លោកទំនងជាចង់បានបន្ទប់មួយដែលសមរម្យ ស្អាត ដែលមានកន្លែងគ្រប់គ្រាន់សម្រាប់ភ្ញៀវដែលលោកបានអញ្ជើញ។ (សូមអាន ម៉ាកុស ១៤:១២-១៦) ពួកសាវ័កនឹងរៀបចំទុកជាស្រេចនូវអ្វីផ្សេងសម្រាប់អាហារនោះ រួមទាំងនំប៉័ងឥតដំបែនិងស្រាទំពាំងបាយជូរក្រហម។ ក្រោយពីពិសាអាហារបុណ្យរំលង លោកយេស៊ូបានប្រមូលអារម្មណ៍ទៅលើវត្ថុតំណាងទាំងពីរនោះ។

. () ក្រោយអាហារបុណ្យរំលង តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីនំប៉័ង? () តើយើងប្រើនំប៉័ងបែបណានៅពិធីរំលឹក?

សាវ័កម៉ាថាយបានមានវត្ដមាននៅពិធីនោះ ហើយក្រោយមកគាត់បានសរសេរថា«លោក[យេស៊ូ]យកនំប៉័ងមួយដុំ អធិដ្ឋាន រួចកាច់ ហើយឲ្យដល់ពួកគាត់ ដោយពោលថា៖ ‹ចូរយកពិសាចុះ›»។ (ម៉ាថ. ២៦:២៦) «នំប៉័ង»នោះជានំប៉័ងឥតដំបែ ដូចនំប៉័ងដែលគេប្រើសម្រាប់បុណ្យរំលងដែរ។ (និក្ខ. ១២:៨; ចោ. ១៦:៣) នំប៉័ងនោះបានធ្វើពីម្សៅស្រូវសាលីនិងទឹកដោយមិនដាក់ដំបែថែមគ្រឿងផ្សំ ដូចជាអំបិលឡើយ។ ដោយសារនំប៉័ងនេះគ្មានដំបែ នោះវាមិនឡើងទេ។ នំប៉័ងនេះសាប ស្ងួត ស្រួយ ហើយងាយកាច់។ នៅសព្វថ្ងៃនេះ មុនពិធីរំលឹក អ្នកចាស់ទុំប្រហែលជាសុំនរណាម្នាក់ឲ្យធ្វើនំប៉័ងបែបនេះពីម្សៅស្រូវសាលីនិងទឹក ហើយចម្អិនវាលើខ្ទះសំប៉ែតដោយដាក់ប្រេងបន្ដិច (ប្រសិនបើគ្មានម្សៅស្រូវសាលីទេ គេអាចប្រើម្សៅអង្ករ ម្សៅគ្រីធី ម្សៅពោតម្សៅធ្វើពីធញ្ញជាតិទៀតដែលស្រដៀងគ្នានេះ)។

. តើនៅក្នុងពែងដែលលោកយេស៊ូប្រើនៅពិធីអាហារល្ងាចរបស់លោកម្ចាស់មានស្រាប្រភេទណា? តើយើងអាចប្រើស្រាទំពាំងបាយជូរប្រភេទណានៅពិធីរំលឹក?

ម៉ាថាយបានបន្ដថា«លោក[យេស៊ូ]ក៏បានយកពែងមួយ អរគុណព្រះ រួចឲ្យដល់ពួកគាត់ ដោយពោលថា៖ ‹ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ›»។ (ម៉ាថ. ២៦:២៧, ២៨) អ្វីដែលលោកយេស៊ូបានកាន់នៅដៃគឺជាពែងមួយដែលមានស្រាទំពាំងបាយជូរក្រហម។ (ស្រានេះមិនមែនជាទឹកទំពាំងបាយជូរថ្មីទេ ដោយសារហួសរដូវប្រមូលផលទំពាំងបាយជូរជាយូរមកហើយ) ពេលនៅស្រុកអេស៊ីប ជនជាតិអ៊ីស្រាអែលមិនពិសាស្រានៅអាហារបុណ្យរំលងលើកដំបូងឡើយ ប៉ុន្ដែលោកយេស៊ូមិនបានជំទាស់មិនឲ្យពិសាស្រានៅពិធីនោះឡើយ។ លោកថែមទាំងបានប្រើស្រាខ្លះក្នុងអំឡុងពិធីអាហារល្ងាចរបស់លោកម្ចាស់។ ដូច្នេះគ្រិស្ដសាសនិកប្រើស្រាទំពាំងបាយជូរសម្រាប់ពិធីរំលឹក។ តើគួរប្រើស្រាប្រភេទណា? ស្រាដែលប្រើនៅពិធីរំលឹកមិនគួរមានអ្វី បន្ថែមឡើយ ដូចជាជាតិស្រាប្រេនឌីនិងគ្រឿងផ្សំផ្សេងទៀត។ មិនត្រូវបន្ថែមអ្វីទៅលើឈាមរបស់លោកយេស៊ូដើម្បីធ្វើឲ្យឈាមនោះមានតម្លៃជាងឡើយ។ ដូច្នេះ យើងគួរប្រើស្រាទំពាំងបាយជូរក្រហមសុទ្ធ ដែលធ្វើនៅផ្ទះ ឬស្រាដែលលក់នៅផ្សារដូចជាស្រាបូសូឡេ (Beaujolais) ស្រាបូហ្គិនឌី (Burgundy) និងស្រាគីអានធី (Chianti)។

វត្ថុតំណាងដែលមានអត្ថន័យ

. ហេតុអ្វីគ្រិស្ដសាសនិកចង់ដឹងអត្ថន័យនៃនំប៉័ងនិងស្រាទំពាំងបាយជូរ?

សាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រៅពីពួកសាវ័ក គ្រិស្ដសាសនិកទៀត ក៏ត្រូវបន្ដធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ដែរ។ គាត់បានសរសេរទៅបងប្អូនរួមជំនឿនៅក្រុងកូរិនថូសថា«សេចក្ដីដែលខ្ញុំបានទទួលពីលោកម្ចាស់ ខ្ញុំបានបង្រៀនអ្នករាល់គ្នា គឺថា . . . លោក[យេស៊ូ]បានយកនំប៉័ងមួយដុំ អរគុណព្រះ រួចកាច់នំប៉័ងនោះ ហើយមានប្រសាសន៍ថា៖ ‹នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ›»។ (១កូ. ១១:២៣, ២៤) ដូច្នេះ តាំងពីពេលនោះរហូតដល់សព្វថ្ងៃ គ្រិស្ដសាសនិកធ្វើពិធីពិសេសនេះជារៀងរាល់ឆ្នាំ ហើយពួកគាត់ចង់ដឹងអត្ថន័យនៃនំប៉័ងនិងស្រាទំពាំងបាយជូរ។

. តើមនុស្សខ្លះមានទស្សនៈខុសយ៉ាងណាអំពីនំប៉័ងដែលលោកយេស៊ូបានប្រើ?

សមាជិកខ្លះនៃវិហារលើកឡើងនូវអត្ថន័យត្រង់នៃពាក្យសម្ដីរបស់លោកយេស៊ូ ពោលគឺ ‹នេះជារូបកាយរបស់ខ្ញុំ›។ ដូច្នេះពួកគេជឿថា ដោយអព្ភូតហេតុ នំប៉័ងនោះបានក្លាយទៅជាសាច់មែនទែនរបស់លោកយេស៊ូ។ ប៉ុន្ដែ ចំណុចនេះគឺផ្ទុយពីការពិត។ * រូបកាយរបស់លោកយេស៊ូនៅខាងមុខពួកសាវ័កស្មោះត្រង់របស់លោក ហើយនំប៉័ងឥតដំបែដែលពួកគេនឹងបរិភោគ គឺនៅខាងមុខពួកគេដែរ។ ដូច្នេះ លោកយេស៊ូច្បាស់ជានិយាយក្នុងន័យធៀប ដូចលោកធ្លាប់និយាយជាច្រើនដង។—យ៉ូន. ២:១៩-២១; ៤:១៣, ១៤; ១០:៧; ១៥:១

១០. តើនំប៉័ងដែលយើងប្រើក្នុងពិធីអាហារល្ងាចរបស់លោកម្ចាស់ជាតំណាងអ្វី?

១០ នំប៉័ងដែលពួកសាវ័កអាចឃើញ ហើយនឹងបរិភោគនៅពេលបន្ដិចទៀត ជាតំណាងរូបកាយរបស់លោកយេស៊ូ។ តើរូបកាយ មួយណា? នៅពេលមួយ អ្នកបម្រើរបស់ព្រះបានគិតថា ដោយសារលោកយេស៊ូបានកាច់នំប៉័ង ប៉ុន្ដែគ្មានឆ្អឹងមួយណារបស់លោកបានត្រូវបំបាក់ទេ នោះនំប៉័ងជាតំណាង«រូបកាយរបស់គ្រិស្ដ» ពោលគឺក្រុមជំនុំរបស់ពួកអ្នកដែលបានត្រូវរើសតាំង។ (អេភ. ៤:១២; រ៉ូម ១២:៤, ៥; ១កូ. ១០:១៦, ១៧; ១២:២៧) ប៉ុន្ដែ ក្រោយមក ពួកគាត់បានយល់ថាគឺសមហេតុសមផលដែលនំប៉័ងជាតំណាងរូបកាយសាច់ឈាមរបស់លោកយេស៊ូ ដែលបានត្រូវរៀបចំឲ្យលោក ហើយនេះក៏សមស្របនឹងអ្វីដែលបទគម្ពីរចែងដែរ។ លោកយេស៊ូ«បានរងទុក្ខពេលដែលលោកជាមនុស្ស» ហើយគេថែមទាំងបានព្យួរលោក។ ដូច្នេះនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ នំប៉័ងជាតំណាងរូបកាយសាច់ឈាមរបស់លោកយេស៊ូដែល«បានផ្ទុកការខុសឆ្គងរបស់យើង»។—១ពេ. ២:២១-២៤; ៤:១; យ៉ូន. ១៩:៣៣-៣៦; ហេ. ១០:៥-

១១, ១២. () តើលោកយេស៊ូបាននិយាយអ្វីអំពីស្រាទំពាំងបាយជូរ? () តើស្រាទំពាំងបាយជូរដែលបានត្រូវប្រើក្នុងពិធីអាហារល្ងាចរបស់លោកម្ចាស់ជាតំណាងអ្វី?

១១ នេះជួយយើងឲ្យយល់នូវអ្វីដែលលោកយេស៊ូបាននិយាយបន្ទាប់មកអំពីស្រាទំពាំងបាយជូរ។ យើងអានថា«បន្ទាប់ពីបានពិសាអាហារល្ងាចហើយ លោកក៏យកពែងនោះធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ ‹ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មីដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ›»។ (១កូ. ១១:២៥) គម្ពីរជាច្រើនមានពាក្យស្រដៀងគ្នានឹងសេចក្ដីបកប្រែតាមន័យត្រង់ដោយរ៉ូបឺត ងដែលថា«ពែងនេះជាកិច្ចព្រមព្រៀងថ្មីដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ»។ (យើងកែជាអក្សរទ្រេត) តើពែងដែលលោកយេស៊ូបានកាន់ជាកិច្ចព្រមព្រៀងថ្មីឬ? មិនមែនទេ។ ពាក្យថា«ពែង»សំដៅលើអ្វីដែលនៅក្នុងពែងនោះ ពោលគឺស្រាទំពាំងបាយជូរ។ តើលោកយេស៊ូបានមានប្រសាសន៍ថាស្រាទំពាំងបាយជូរមានន័យយ៉ាងណាជាតំណាងអ្វី? ស្រានេះជាតំណាងឈាមរបស់លោកដែលបានត្រូវបង្ហូរចេញ។

១២ ក្នុងសៀវភៅដំណឹងល្អរបស់ម៉ាកុស យើងឃើញពាក្យរបស់លោកយេស៊ូដែលថា«ស្រានេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន»។ (ម៉ាក. ១៤:២៤) មែនហើយ ឈាមរបស់លោកយេស៊ូនឹងត្រូវ«បង្ហូរចេញសម្រាប់មនុស្សជាច្រើន ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន»។ (ម៉ាថ. ២៦:២៨) ដូច្នេះ ជាការសមរម្យដែលស្រាទំពាំងបាយជូរក្រហមជាតំណាងឈាមមែនទែនរបស់លោកយេស៊ូ។ ឈាមរបស់លោកយេស៊ូបានផ្ដល់ជាថ្លៃលោះដើម្បីឲ្យយើងអាច«ទទួលការអភ័យទោសចំពោះកំហុសរបស់យើង»។—សូមអាន អេភេសូរ ១:៧

ពួកសាវ័កបានពិសាស្រាទំពាំងបាយជូរដែលជាតំណាងឈាមរបស់លោកយេស៊ូដែលសម្រាប់កិច្ចព្រមព្រៀង (សូមមើលវគ្គ១១, ១២)

ការធ្វើពិធីរំលឹកមរណភាពរបស់គ្រិស្ដ

១៣. សូមរៀបរាប់អំពីដំណើរការនៃពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។

១៣ ប្រសិនបើអ្នកនឹងចូលរួមពិធីរំលឹកជាមួយសាក្សីព្រះយេហូវ៉ាជាលើកដំបូង តើអ្នកនឹងឃើញអ្វី? ការជួបជុំគ្នានោះទំនងជានឹងធ្វើឡើងនៅកន្លែងដែលមានការរៀបចំយ៉ាងល្អ ស្អាត ហើយអ្នកចូលរួមទាំងអស់អាចអង្គុយស្ដាប់យ៉ាងស្រួល។ នៅទីនោះប្រហែលជាមានដាក់ផ្កាខ្លះ ប៉ុន្ដែអ្នកនឹងមិនបានត្រូវបំបែរអារម្មណ៍ដោយគ្រឿងតុបតែងដែលមានព័ណ៌ភ្លឺចាំងទេ។ នៅទីនោះមិនមានបរិយាកាសដូចពិធីជប់លៀងឡើយ។ អ្នកចាស់ទុំម្នាក់ដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងថ្លែងសុន្ទរកថាមួយយ៉ាងច្បាស់ ហើយថ្លៃថ្នូរ តាមអ្វីដែលគម្ពីរចែងស្ដីអំពីពិធីនោះ។ គាត់នឹងជួយអ្នកស្ដាប់ទាំងអស់ឲ្យមានចិត្ដដឹងគុណចំពោះអ្វីដែលគ្រិស្ដបានធ្វើសម្រាប់យើង។ លោកបានលះបង់ជីវិតទុកជាថ្លៃលោះសម្រាប់យើង ដើម្បីឲ្យយើងអាចទទួលជីវិត។ (សូមអាន រ៉ូម ៥:៨-១០) អ្នកថ្លែងសុន្ទរកថានឹងពន្យល់អំពីសេចក្ដីសង្ឃឹមពីរយ៉ាងខុសគ្នាដែលបានត្រូវចែងក្នុងគម្ពីរ សម្រាប់គ្រិស្ដសាសនិក។

១៤. តើសេចក្ដីសង្ឃឹមអ្វីខ្លះនឹងត្រូវពិចារណាក្នុងសុន្ទរកថានៅពិធីរំលឹក?

១៤ សេចក្ដីសង្ឃឹមមួយគឺជាការគ្រប់គ្រងជាមួយគ្រិស្ដនៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នកកាន់តាមគ្រិស្ដមួយចំនួនតូចមាន ដូចជាពួកសាវ័កស្មោះត្រង់ជាដើម។ (លូក. ១២:៣២; ២២:១៩, ២០; បប. ១៤:១) សេចក្ដីសង្ឃឹមមួយទៀតគឺសម្រាប់គ្រិស្ដសាសនិកភាគច្រើនដែលបម្រើព្រះយ៉ាងស្មោះត្រង់នៅសម័យយើង។ ពួកគាត់មានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតនៅផែនដី ក្នុងសួនឧទ្យានដែលនឹងត្រូវរៀបចំឡើងវិញ។ ពេលនោះគោលបំណងរបស់ព្រះនឹងបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ នោះជាអ្វីដែលគ្រិស្ដសាសនិកបានអធិដ្ឋានសុំជាយូរយារមកហើយ។ (ម៉ាថ. ៦:១០) បទគម្ពីររៀបរាប់អំពីជីវិតដ៏អស្ចារ្យដែលពួកគេនឹងទទួលជារៀងរហូត។—អេ. ១១:៦-៩; ៣៥:៥, ៦; ៦៥:២១-២៣

១៥, ១៦. តើអ្វីនឹងត្រូវធ្វើចំពោះនំប៉័ងក្នុងអំឡុងអាហារល្ងាចរបស់លោកម្ចាស់?

 ១៥ នៅជិតចុងបញ្ចប់នៃសុន្ទរកថានោះ អ្នកថ្លែងនឹងប្រាប់ថា ដល់ពេលដែលយើងធ្វើតាមអ្វីដែលលោកយេស៊ូបានប្រាប់ពួកសាវ័កឲ្យធ្វើ។ ដូចបានរៀបរាប់ខាងលើ វត្ថុតំណាងពីរគឺនំប៉័ងឥតដំបែនិងស្រាទំពាំងបាយជូរក្រហមនឹងត្រូវប្រើ។ វត្ថុតំណាងទាំងពីរនេះប្រហែលជានៅលើតុដែលនៅជិតអ្នកថ្លែងសុន្ទរកថា។ គាត់នឹងទាញអារម្មណ៍អ្នកស្ដាប់ទៅលើកំណត់ហេតុក្នុងគម្ពីរដែលរៀបរាប់អំពីអ្វីដែលលោកយេស៊ូបាននិយាយ ហើយធ្វើ ពេលលោកចាប់ផ្ដើមពិធីនេះ។ ជាឧទាហរណ៍ ក្នុងកំណត់ហេតុរបស់ម៉ាថាយ យើងអានថា«លោក[យេស៊ូ]យកនំប៉័ងមួយដុំ អធិដ្ឋាន រួចកាច់ ហើយឲ្យដល់ពួកគាត់ ដោយពោលថា៖ ‹ចូរយកពិសាចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ›»។ (ម៉ាថ. ២៦:២៦) លោកយេស៊ូបានកាច់នំប៉័ងឥតដំបែ ដើម្បីអាចហុចឲ្យសាវ័កដែលអង្គុយសងខាងលោក។ អ្នកនឹងឃើញថានៅកិច្ចប្រជុំនោះ នាថ្ងៃទី១៤ ខែមេសា មាននំប៉័ងឥតដំបែដែលបានកាច់ជាដុំដាក់លើចាន។

១៦ ក្នុងពិធីនោះនឹងមានចានគ្រប់គ្រាន់សម្រាប់ប្រើ ដើម្បីអាចហុចឲ្យមនុស្សទាំងអស់ដែលនៅទីនោះ ក្នុងរយៈពេលសមរម្យ។ នេះនឹងមិនធ្វើឡើងតាមក្បួនច្បាប់ដ៏ស្មុគស្មាញខាងសាសនាឡើយ។ សេចក្ដីអធិដ្ឋានដ៏ខ្លីមួយនឹងត្រូវធ្វើឡើង បន្ទាប់មកយើងនឹងហុចចានតាមរបៀបរៀបរយ ហើយសមស្របនឹងកន្លែងនោះ។ បងប្អូនមួយចំនួនតូច (ប្រហែលជាគ្មាននរណាម្នាក់) នឹងពិសានំប៉័ងនោះ ដូចនៅក្រុមជំនុំភាគច្រើន ពេលដែលនំប៉័ងបានត្រូវហុចក្នុងពិធីនេះនៅឆ្នាំ២០១៣។

១៧. នៅពិធីរំលឹក តើតាមរបៀបណាយើងធ្វើតាមការណែនាំរបស់លោកយេស៊ូស្ដីអំពីស្រាទំពាំងបាយជូរ?

១៧ បន្ទាប់មកអ្នកថ្លែងសុន្ទរកថានឹងទាញអារម្មណ៍អ្នកស្ដាប់ទៅលើអ្វីដែលម៉ាថាយបានបន្ដរៀបរាប់ថា«លោក[យេស៊ូ]ក៏បានយកពែងមួយ អរគុណព្រះ រួចឲ្យដល់ពួកគាត់ ដោយពោលថា៖ ‹ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ ព្រោះនេះជាតំណាង«ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង»។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន›»។ (ម៉ាថ. ២៦:២៧, ២៨) ស្របតាមគំរូនោះ នឹងមានសេចក្ដីអធិដ្ឋានមួយទៀត ហើយបន្ទាប់មក«ពែង»ស្រាទំពាំងបាយជូរក្រហមនឹងត្រូវហុចឲ្យមនុស្សទាំងអស់ដែលនៅទីនោះ។

១៨. ទោះជាមានតែមនុស្សមួយចំនួនតូច ឬគ្មានអ្នកណាសោះបរិភោគវត្ថុតំណាងក៏ដោយ ហេតុអ្វីនៅតែសំខាន់ដែលយើងមានវត្ដមាននៅពិធីរំលឹក?

១៨ មានតែពួកអ្នកដែលនឹងគ្រប់គ្រងជាមួយគ្រិស្ដនៅស្ថានសួគ៌ប៉ុណ្ណោះ ដែលនឹងពិសានំប៉័ងនិងស្រាទំពាំងបាយជូរ។ ដូច្នេះមនុស្សភាគច្រើនដែលមានវត្ដមាននៅពិធីរំលឹកនឹងគ្រាន់តែហុចនំប៉័ងនិងស្រាទំពាំងបាយជូរទៅអ្នកដែលអង្គុយបន្ទាប់គាត់ប៉ុណ្ណោះ។ (សូមអាន លូកា ២២:២៨-៣០; ២ធី. ៤:១៨) ទោះជាគ្រិស្ដសាសនិកភាគច្រើនមិនពិសានំប៉័ងនិងស្រាទំពាំងបាយជូរក៏ដោយ គឺនៅតែសំខាន់ដែលពួកគាត់មានវត្ដមាននៅពិធីរំលឹក។ ហេតុអ្វី? ពីព្រោះការមានវត្ដមាននៅពិធីនេះបង្ហាញថាពួកគាត់ឲ្យតម្លៃយ៉ាងខ្លាំងទៅលើគ្រឿងបូជារបស់លោកយេស៊ូ។ ក្នុងអំឡុងពិធីរំលឹក ពួកគាត់អាចរំពឹងគិតអំពីពរដែលពួកគាត់អាចទទួលដោយផ្អែកលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ពួកគាត់មានសេចក្ដីសង្ឃឹមស្ថិតនៅក្នុងចំណោម«មនុស្សមួយក្រុមធំ» ដែលរួចជីវិតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង»ដែលជិតមកដល់។ ពួកគាត់ជាអ្នកគោរពប្រណិប័តន៍ព្រះដែលនឹង«បោកសម្អាតអាវវែងរបស់ពួកគេឲ្យក្នុងឈាមរបស់កូនចៀម»។—បប. ៧:៩, ១៤-១៧

១៩. តើអ្នកអាចធ្វើអ្វីដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីអាហារល្ងាចរបស់លោកម្ចាស់ ហើយតើអ្នកអាចធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីពិធីនេះ?

១៩ សាក្សីព្រះយេហូវ៉ាទូទាំងផែនដីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំដ៏ពិសេសនេះ។ ច្រើនសប្ដាហ៍មុនពិធីនេះ យើងនឹងចូលរួមក្នុងការអញ្ជើញមនុស្សឲ្យបានច្រើនបំផុតឲ្យមកពិធីនេះ។ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំពិសេសនេះ យើងអានកំណត់ហេតុក្នុងគម្ពីរស្ដីអំពីអ្វីដែលលោកយេស៊ូបានធ្វើ និងអំពីអ្វីដែលបានកើតឡើងនៅអំឡុងថ្ងៃទាំងនោះ មុនពិធីអាហារល្ងាចរបស់លោកម្ចាស់នៅឆ្នាំ៣៣។ យើងនឹងចាត់ចែងកិច្ចការផ្ទាល់ខ្លួនឲ្យបានរួចរាល់ដើម្បីអាចប្រាកដថាយើងអាចមានវត្ដមាននៅពិធីនោះ។ ជាការល្អដែលយើងមកមុនចម្រៀងបើកកម្មវិធីនិងសេចក្ដីអធិដ្ឋាន ដើម្បីឲ្យយើងអាចទទួលស្វាគមន៍ភ្ញៀវ ហើយបន្ទាប់មកផ្ចង់អារម្មណ៍លើកម្មវិធីទាំងអស់។ យើងទាំងអស់គ្នាដែលជាសមាជិកក្រុមជំនុំនិងភ្ញៀវ នឹងទទួលប្រយោជន៍ច្រើនបើយើងបើកបទគម្ពីរផ្ទៀងតាម ពេលដែលអ្នកថ្លែងលើកចំណុចផ្សេងពីបទគម្ពីរ។ សំខាន់បំផុត ពេលយើងមានវត្ដមាននៅពិធីរំលឹក នេះនឹងបង្ហាញនូវចិត្ដដឹងគុណដ៏ស្មោះអស់ពីចិត្ដរបស់យើងចំពោះគ្រឿងបូជារបស់លោកយេស៊ូ ហើយនឹងបង្ហាញថាយើងធ្វើតាមបង្គាប់របស់លោកដែលថា«ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។—១កូ. ១១:២៤

^ ???? 9 បណ្ឌិតជនជាតិអាឡឺម៉ង់ឈ្មោះហែនរិច ម៉ីយើបាននិយាយថា«ដោយសារ . . . រូបកាយរបស់លោកយេស៊ូនៅទាំងមូល (នៅមានជីវិត) ហើយឈាមរបស់លោកមិនបានត្រូវបង្ហូរនៅឡើយទេ គ្មានភ្ញៀវណាម្នាក់[ពួកសាវ័ក]គិតថា . . . ពួកគេបានបរិភោគសាច់មែនទែន ហើយពិសាឈាមមែនទែនរបស់លោកម្ចាស់ឡើយ។ [ដូច្នេះ]លោកយេស៊ូមិនចង់ឲ្យគេយល់ច្រឡំអំពីពាក្យសាមញ្ញរបស់លោកទេ»។