លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាមិត្ដសម្លាញ់ដ៏ល្អបំផុតរបស់យើង

ព្រះយេហូវ៉ាជាមិត្ដសម្លាញ់ដ៏ល្អបំផុតរបស់យើង

«[អាប្រាហាំ]បានត្រូវហៅថា‹សម្លាញ់របស់ព្រះយេហូវ៉ា›»។—យ៉ា. ២:២៣

. ដោយសារយើងបានត្រូវបង្កើតឲ្យមានលក្ខណៈដូចលោក តើយើងមានសមត្ថភាពអ្វីខ្លះ?

«ឪពុកយ៉ាងណា កូនយ៉ាងនោះ»គឺជាពាក្យដែលគេនិយាយម្ដងហើយម្ដងទៀត។ ពិតមែន កូនក្មេងជាច្រើនដូចឪពុកម្ដាយរបស់ពួកគេយ៉ាងខ្លាំង។ យ៉ាងណាមិញ កូនម្នាក់ទទួលលក្ខណៈពីឪពុកនិងម្ដាយរបស់គាត់។ ព្រះយេហូវ៉ាជាបិតារបស់យើងដែលនៅស្ថានសួគ៌គឺជាអ្នកផ្ដល់ជីវិត។ (ទំនុក. ៣៦:៩) មនុស្សដែលជាកូនរបស់លោកដែលរស់នៅផែនដី គឺដូចលោកមួយកម្រិត។ ដោយសារយើងបានត្រូវបង្កើតឲ្យមានលក្ខណៈដូចលោក យើងមានសមត្ថភាពត្រិះរិះ ចេះសន្និដ្ឋាន ចេះបង្កើតនិងរក្សាមិត្ដភាព។—លោ. ១:២៦

. តើមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាមានមូលដ្ឋានលើអ្វី?

ព្រះយេហូវ៉ាអាចជាមិត្ដដ៏ល្អបំផុតរបស់យើង។ មិត្ដភាពបែបនេះមានមូលដ្ឋានទៅលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងនិងជំនឿរបស់យើងលើលោកនិងបុត្ររបស់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា«ពីព្រោះព្រះស្រឡាញ់ពិភពលោកដល់ម៉្លេះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) មានគំរូជាច្រើនរបស់ពួកអ្នកដែលមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ យើងនឹងពិចារណាគំរូពីរក្នុងចំណោមគំរូទាំងនេះ។

 ‹អាប្រាហាំជាសម្លាញ់របស់អញ›

៣, ៤. តើអ្វីធ្វើឲ្យចំណងមិត្ដភាពរវាងអាប្រាហាំនិងព្រះយេហូវ៉ាខុសគ្នាពីចំណងមិត្ដភាពរវាងជនជាតិអ៊ីស្រាអែលនិងលោក?

ព្រះយេហូវ៉ាបាននិយាយអំពីបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលថា«អ័ប្រាហាំដ៏ជាសំឡាញ់របស់អញ»។ (អេ. ៤១:៨) របាក្សត្រទី២ ២០:៧ ក៏ហៅអាប្រាហាំថាជាមិត្ដរបស់ព្រះដែរ។ តើអ្វីធ្វើឲ្យអាប្រាហាំមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះដែលជាអ្នកបង្កើតគាត់? គឺជំនឿរបស់អាប្រាហាំ។—លោ. ១៥:៦; សូមអាន យ៉ាកុប ២:២១-២៣

ដើមឡើយ កូនចៅអាប្រាហាំដែលបានក្លាយទៅជាប្រជាជាតិអ៊ីស្រាអែលសម័យបុរាណមានព្រះយេហូវ៉ាជាបិតានិងមិត្ដរបស់ពួកគេ។ ប៉ុន្ដែគួរឲ្យស្ដាយណាស់ដែលពួកគេបានបាត់បង់មិត្ដភាពជាមួយនឹងព្រះ។ ហេតុអ្វី? ពីព្រោះពួកគេមិនបានបន្ដបង្ហាញជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាទេ។

៥, ៦. () តើតាមរបៀបណាព្រះយេហូវ៉ាបានក្លាយទៅជាមិត្ដរបស់អ្នក? () តើយើងគួរយកចិត្ដទុកដាក់ចំពោះសំណួរអ្វីខ្លះ?

កាលណាអ្នកកាន់តែរៀនអំពីព្រះយេហូវ៉ា ជំនឿរបស់អ្នកគឺកាន់តែមាំមួន ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះលោកគឺកាន់តែជ្រាលជ្រៅ។ សូមគិតអំពីពេលដែលអ្នកបានស្វែងយល់ថាព្រះជាបុគ្គលពិតប្រាកដមួយរូប ដែលអ្នកអាចបណ្ដុះចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ អ្នកក៏បានរៀនដែរថាយើងទាំងអស់គ្នាបានកើតមកដោយមានភាពខុសឆ្គង ដោយសារអាដាមមិនស្ដាប់បង្គាប់ព្រះ។ អ្នកបានយល់ថាមនុស្សជាតិទាំងមូលនៅដាច់ឆ្ងាយពីព្រះ។ (កូឡ. ១:២១) ក្រោយមក អ្នកបានយល់ថាបិតារបស់យើងដែលមានសេចក្ដីស្រឡាញ់ ដែលនៅស្ថានសួគ៌មិនមែនជាបុគ្គលដែលនៅឆ្ងាយពីយើង ដែលមិនយកចិត្ដទុកដាក់នឹងយើងនោះឡើយ។ ពេលយើងបានរៀនអំពីការរៀបចំឲ្យមានគ្រឿងបូជាលោះរបស់លោកយេស៊ូ ហើយបង្ហាញជំនឿលើការរៀបចំនោះ យើងបានចាប់ផ្ដើមបង្កើតឲ្យមានចំណងមិត្ដភាពជាមួយនឹងព្រះ។

ឥឡូវនេះកាលដែលយើងគិតអំពីអតីតកាល យើងគួរសួរខ្លួនយើងថា ‹តើមិត្ដភាពរវាងខ្ញុំនិងព្រះកំពុងជឿនទៅមុខទេ? តើខ្ញុំមានទំនុកចិត្ដលើលោកយ៉ាងខ្លាំង ហើយតើសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះយេហូវ៉ាជាមិត្ដរបស់ខ្ញុំកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃទេ?›។ បុគ្គលម្នាក់ទៀតនៅសម័យបុរាណដែលមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាគឺគេឌាន។ ចូរយើងពិចារណាអំពីគំរូដ៏ប្រសើររបស់គាត់ ហើយធ្វើតាមគំរូនោះ។

«ព្រះយេហូវ៉ាគឺជាសេចក្ដីសុខសាន្ដ»

-. () តើគេឌានមានបទពិសោធន៍ដ៏អស្ចារ្យអ្វី ហើយតើមានលទ្ធផលយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)។ () តើតាមរបៀបណាយើងអាចមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា?

គេឌានដែលជាចៅក្រមបានបម្រើព្រះយេហូវ៉ានៅគ្រាដ៏ច្របូកច្របល់មួយក្នុងប្រវត្ដិសាស្ដ្រអ៊ីស្រាអែលក្រោយពីប្រជាជាតិនោះបានចូលទៅក្នុងស្រុកដែលព្រះបានសន្យា។ សៀវភៅចៅហ្វាយ ជំពូកទីរៀបរាប់ថាទេវតារបស់ព្រះយេហូវ៉ាបានមកជួបគេឌាននៅអូប្រា។ នៅពេលនោះ ជនជាតិម៉ាឌានដែលជាជនជាតិជិតខាងពិតជាបានបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែលមែន។ អាស្រ័យហេតុនេះ គេឌានមិនបានបោកស្រូវសាលីនៅវាលទេ តែបោកនៅកន្លែងជាន់ផ្លែទំពាំងបាយជូរដើម្បីធ្វើស្រា ជាកន្លែងដែលគាត់អាចលាក់យ៉ាងលឿននូវគ្រាប់ស្រូវដ៏មានតម្លៃបាន។ គេឌានមានការភ្ញាក់ផ្អើលដែលទេវតានោះបានលេចមក ហើយបានហៅគាត់ថាជា«អ្នកពូកែក្លាហាន»។ ទោះជាព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបក៏ដោយ គេឌានមិនជឿថាលោកនឹងជួយពួកគេនៅពេលនេះទេ។ ដោយនិយាយតាងនាមនៃព្រះដែលជាអ្នកបង្កើត ទេវតានោះពង្រឹងទំនុកចិត្ដរបស់គេឌានថាព្រះយេហូវ៉ាពិតជាគាំទ្រគាត់។

គេឌានបានឆ្ងល់ថាគាត់នឹង«ជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកម៉ាឌាន»តាមរបៀបណា។ គាត់បានទទួលចម្លើយយ៉ាងចំគឺ ព្រះយេហូវ៉ាមានប្រសាសន៍ថា«អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់»។ (ចៅ. ៦:១១-១៦) ដោយសារគេឌានទំនងជាសង្ស័យអំពីរបៀបដែលនេះនឹងកើតឡើង នោះគាត់បានសុំសញ្ញាសម្គាល់មួយពីព្រះ។ សូមកត់សម្គាល់នៅក្នុងការសន្ទនានេះថា គេឌានច្បាស់ជាចាត់ទុកព្រះយេហូវ៉ាជាបុគ្គលពិតមួយរូប។

អ្វីដែលបានកើតឡើងបន្ទាប់មកបានពង្រឹងជំនឿរបស់គេឌាន ហើយបាននាំឲ្យគាត់កាន់តែជិតស្និទ្ធនឹងព្រះ។ គេឌានបានរៀបចំម្ហូបអាហារ ហើយជូនទេវតានោះពិសា។ បន្ទាប់មកទេវតានោះបានធ្វើឲ្យអាហារឆេះអស់រលីងដោយអព្ភូតហេតុ ដោយលូកចុងដំបងទៅប៉ះនឹងអាហារនោះ។ ពេលគេឌានយល់ថាទេវតានោះពិតជាតំណាងព្រះយេហូវ៉ាមែន គាត់ចាប់ផ្ដើមភិតភ័យ។ គេឌានបានបន្លឺសម្លេងថា«វរ ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ានៅប្រទល់មុខ!»។ (ចៅ. ៦:១៧-២២) តើបទពិសោធន៍នោះបានបង្ខូចចំណងមិត្ដភាពរវាងគេឌាននិងព្រះយេហូវ៉ាឬ? មិនមែនទាល់តែសោះ! គេឌានមានសេចក្ដីសុខសាន្ដជាមួយនឹងព្រះ។ យើងដឹងរឿងនេះដោយសារទីបូជាដែលគេឌានបានសង់នៅកន្លែងនោះមានឈ្មោះថា«យេហូវ៉ា-សាឡិម»។ ឈ្មោះនោះជាភាសាហេប្រឺមានន័យថា «ព្រះយេហូវ៉ាគឺជាសេចក្ដីសុខសាន្ដ»។ (សូមអាន ពួកចៅហ្វាយ ៦:២៣, ២៤) ពេលយើងរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាធ្វើដើម្បីយើងជារៀងរាល់ថ្ងៃ យើងដឹងថាលោកជាមិត្ដពិតប្រាកដ។ ការអធិដ្ឋានជាទៀងទាត់ទៅព្រះ ធ្វើឲ្យយើងកាន់តែមានអារម្មណ៍សុខសាន្ដ ហើយចំណងមិត្ដភាពរវាងយើងនិងលោកគឺកាន់តែមាំមួន។

‹តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា›?

១០. យោងទៅតាមទំនុកតម្កើង ១៥:៣, តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង បើយើងចង់ធ្វើជាមិត្ដរបស់លោក?

១០ ព្រះយេហូវ៉ាមានតម្រូវការជាក់លាក់ចំពោះអ្នកណាដែលចង់ធ្វើជាមិត្ដរបស់លោក។ ដូចបានកត់ទុកនៅទំនុកទី១៥ ដាវីឌបានច្រៀងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីយើងអាច‹នៅក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា› ដែលមានន័យថាយើងធ្វើជាមិត្ដរបស់ព្រះ។ (ទំនុក. ១៥:១) ឥឡូវចូរយើងផ្ដោតអារម្មណ៍ទៅលើតម្រូវការពីរយ៉ាង គឺការជៀសវាងបង្កាច់បង្ខូចនិងការប្រព្រឹត្ដទៀងត្រង់។ ស្ដីអំពីរឿងនេះ ដាវីឌបាននិយាយអំពីមនុស្សម្នាក់ដែលនៅក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ាថា«ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្ដាត . . . ក៏មិនទទួលសំណូកទាស់នឹងមនុស្សឥតមានទោស»។—ទំនុក. ១៥:៣,

១១. ហេតុអ្វីយើងត្រូវជៀសវាងបង្កាច់បង្ខូចអ្នកទៀត?

១១ នៅទំនុកមួយទៀត ដាវីឌបានព្រមានថា«ត្រូវឲ្យរក្សាអណ្ដាតខ្លួនឲ្យរួចពីសេចក្ដីអាក្រក់»។ (ទំនុក. ៣៤:១៣) ការមិនធ្វើតាមឱវាទនេះដែលព្រះបានដឹកនាំឲ្យសរសេរនឹងធ្វើឲ្យយើងនៅដាច់ឆ្ងាយពីបិតាដ៏សុចរិតរបស់យើងដែលនៅស្ថានសួគ៌។ តាមការពិត ការបង្កាច់បង្ខូចគឺជាលក្ខណៈសម្គាល់នៃសាថានដែលជាសត្រូវធំរបស់ព្រះយេហូវ៉ា។ ពាក្យថា«មេកំណាច»គឺមកពីពាក្យភាសាក្រិចដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។ កាលណាយើងគ្រប់គ្រងពាក្យសម្ដីរបស់យើងពេលយើងនិយាយទៅកាន់អ្នកទៀតនិងពេលយើងនិយាយអំពីពួកគេ នេះជួយយើងរក្សាភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ជាពិសេសយើងក៏ត្រូវគ្រប់គ្រងចិត្ដគំនិតរបស់យើងចំពោះបុរសដែលបានត្រូវតែងតាំងនៅក្នុងក្រុមជំនុំដែរ។—សូមអាន ហេប្រឺ ១៣:១៧; យូដាស ៨

១២, ១៣. () ហេតុអ្វីយើងគួរប្រព្រឹត្ដដោយទៀងត្រង់ក្នុងគ្រប់ការទាំងអស់? () តើការប្រព្រឹត្ដទៀងត្រង់របស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកទៀត?

១២ អ្នកបម្រើព្រះយេហូវ៉ាបានត្រូវគេស្គាល់ថាជាមនុស្សដែលប្រព្រឹត្ដទៀងត្រង់។ សាវ័កប៉ូលបានសរសេរថា«ចូរបន្ដអធិដ្ឋានឲ្យយើង ព្រោះយើងជឿជាក់ថាចិត្ដរបស់យើងនឹងវិនិច្ឆ័យយើងថាគ្មានទោស ព្រោះយើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។ (ហេ. ១៣:១៨) ដោយសារយើងតាំងចិត្ដ«ធ្វើការទាំងអស់ដោយទៀងត្រង់» យើងជៀសវាងទាញយកប្រយោជន៍ពីបងប្អូនគ្រិស្ដសាសនិក។ ជាឧទាហរណ៍ ប្រសិនបើពួកគាត់ធ្វើការងារឲ្យយើង យើងធ្វើយ៉ាងណាដើម្បីប្រាកដថាយើងប្រព្រឹត្ដទៅលើពួកគាត់ដោយយុត្ដិធម៌ ហើយបានបើកប្រាក់ឲ្យពួកគាត់ស្របតាមកិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយនឹងពួកគាត់។ ជាគ្រិស្ដសាសនិក យើងប្រព្រឹត្ដដោយទៀងត្រង់ទៅលើនិយោជិតរបស់យើងនិងទៅលើអ្នកទៀត។ បើយើងធ្វើការឲ្យបងប្អូនរួមជំនឿណាម្នាក់ យើងប្រុងប្រយ័ត្នមិនទាញយកប្រយោជន៍ពីគាត់ដោយសុំឯកសិទ្ធិពិសេសឡើយ។

១៣ មនុស្សក្នុងពិភពលោកច្រើនតែសរសើរសាក្សីព្រះយេហូវ៉ាចំពោះការប្រព្រឹត្ដទៀងត្រង់របស់ពួកគេ។ ជាឧទាហរណ៍ នាយកក្រុមហ៊ុនដ៏ធំមួយខាងកិច្ចការសាងសង់បានកត់សម្គាល់ថាសាក្សីព្រះយេហូវ៉ារក្សាពាក្យសម្ដីរបស់ពួកគេ។ គាត់បាននិយាយថា«សាក្សីព្រះយេហូវ៉ាតែងតែធ្វើតាមអ្វីដែលពួកគេបានព្រមព្រៀងធ្វើ»។ (ទំនុក. ១៥:៤) ការប្រព្រឹត្ដបែបនេះជួយយើងរក្សាចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា។ ម្យ៉ាងទៀត នេះនាំឲ្យបិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលនៅស្ថានសួគ៌ទទួលការសរសើរ។

ចូរជួយអ្នកទៀតឲ្យក្លាយទៅជាមិត្ដរបស់ព្រះយេហូវ៉ា

១៤, ១៥. ក្នុងកិច្ចបម្រើផ្សាយរបស់យើង តើតាមរបៀបណាយើងអាចជួយអ្នកទៀតក្លាយទៅជាមិត្ដរបស់ព្រះយេហូវ៉ា?

១៤ ទោះជាមនុស្សជាច្រើនដែលយើងជួបនៅកិច្ចបម្រើផ្សាយ ប្រហែលជាជឿថាមានព្រះក៏ដោយ ពួកគេមិនចាត់ទុកលោកជាមិត្ដដ៏ប្រសើរបំផុតរបស់ពួកគេឡើយ។ តើយើងអាចជួយពួកគេយ៉ាងដូច ម្ដេច? សូមពិចារណាការណែនាំដែលលោកយេស៊ូបានឲ្យដល់អ្នកកាន់តាមលោក៧០នាក់ ពេលលោកចាត់ពួកគេជាគូដើម្បីផ្សព្វផ្សាយថា«ពេលដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរជូនពរជាមុនថា៖ ‹សូមឲ្យផ្ទះនេះបានប្រកបដោយសេចក្ដីសុខ›។ ប្រសិនបើគ្មានអ្នកណាដែលចង់បានសេចក្ដីសុខនៅទីនោះទេ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងវិលមកអ្នកវិញ។ ប៉ុន្ដែបើអ្នកដែលចង់បានសេចក្ដីសុខនៅទីនោះ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងកើតមានដល់អ្នកនោះ»។ (លូក. ១០:៥, ៦) យើងអាចទាក់ទាញមនុស្សឲ្យមកសេចក្ដីពិត ដោយនិយាយរាក់ទាក់។ បើយើងនិយាយបែបនេះចំពោះពួកអ្នកដែលប្រឆាំងនឹងយើងដោយមានចិត្ដខឹង នេះប្រហែលជាធ្វើឲ្យពួកគេមានចិត្ដស្ងប់ ហើយពួកគេប្រហែលជាសុខចិត្ដស្ដាប់សេចក្ដីពិតនៅលើកក្រោយ។

១៥ ពេលយើងជួបមនុស្សដែលមានជំនឿយ៉ាងខ្លាំងលើសាសនាមិនពិត ឬដែលធ្វើតាមទំនៀមទម្លាប់ដែលមិនស្របតាមបទគម្ពីរ យើងបន្ដបង្ហាញចិត្ដសប្បុរសនិងចិត្ដស្ងប់។ យើងអញ្ជើញមនុស្សទាំងអស់យ៉ាងកក់ក្ដៅឲ្យមកកិច្ចប្រជុំរបស់យើង ជាពិសេសមនុស្សដែលខកចិត្ដនឹងពិភពលោកនេះ ហើយដែលចង់រៀនថែមទៀតអំពីព្រះដែលយើងគោរពប្រណិប័តន៍។ អត្ថបទដែលមានជាបន្ដបន្ទាប់ដែលមានចំណងជើងថា «គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»ផ្ដល់ឲ្យយើងនូវគំរូដ៏ល្អជាច្រើន។

សហការជាមួយមិត្ដដ៏ល្អបំផុតរបស់យើង

១៦. តើតាមរបៀបណាយើងអាចធ្វើជាមិត្ដរបស់ព្រះយេហូវ៉ាផងនិងធ្វើជា«អ្នករួមការងារ»ជាមួយនឹងលោកផងដែរ?

១៦ មនុស្សដែលសហការគ្នាច្រើនតែបណ្ដុះចំណងមិត្ដភាពជិតស្និទ្ធ។ អស់អ្នកដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាមានឯកសិទ្ធិធ្វើជាមិត្ដរបស់លោកផងនិងធ្វើជា«អ្នករួមការងារ»ជាមួយនឹងលោកផងដែរ។ (សូមអាន កូរិនថូសទី១ ៣:៩) កាលដែលយើងផ្សព្វផ្សាយ ហើយជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ យើងមានការយល់ធ្លុះជ្រៅច្រើនជាងអំពីគុណសម្បត្ដិដ៏អស្ចារ្យនៃបិតារបស់យើងដែលនៅស្ថានសួគ៌។ យើងឃើញរបៀបដែលសកម្មពលបរិសុទ្ធរបស់លោកជួយយើងក្នុងការផ្សព្វផ្សាយដំណឹងល្អ។

១៧. តើតាមរបៀបណាសន្និបាតនិងមហាសន្និបាតរបស់យើងបង្ហាញយើងថាព្រះយេហូវ៉ាជាមិត្ដរបស់យើង?

១៧ កាលណាយើងកាន់តែចូលរួមកិច្ចការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ នោះយើងកាន់តែមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ យើងសង្កេតឃើញរបៀបដែលព្រះយេហូវ៉ារារាំងពួកអ្នកប្រឆាំងមិនឲ្យបញ្ឈប់កិច្ចការផ្សព្វផ្សាយ។ លោកច្បាស់ជាណែនាំយើង ហើយយើងនឹកអស្ចារ្យក្នុងចិត្ដចំពោះរបៀបដែលលោកបន្ដបង្រៀនយើងតាមរយៈកិច្ចប្រជុំនិងសៀវភៅរបស់យើង។ នៅមហាសន្និបាតនិងសន្និបាត យើងឃើញថា ព្រះយេហូវ៉ាយល់អំពីបញ្ហានិងសេចក្ដីត្រូវការរបស់យើង។ ក្នុងសំបុត្រដែលសម្ដែងអំណរគុណចំពោះមហាសន្និបាតមួយ ក្រុមគ្រួសារមួយបានសរសេរថា«កម្មវិធីនោះពិតជាមានឥទ្ធិពលមកលើចិត្ដរបស់យើងមែន។ យើងមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់យើងម្នាក់ខ្លាំងណាស់ ហើយចង់ឲ្យយើងមានជោគជ័យ»។ ក្រោយពីបានចូលរួមមហាសន្និបាតពិសេសនៅប្រទេសអៀឡង់ ប្ដីប្រពន្ធមួយគូដែលមកពីប្រទេសអាឡឺម៉ង់បានសម្ដែងចិត្ដកតញ្ញូចំពោះរបៀបដែលបងប្អូនទទួលស្វាគមន៍ពួកគាត់យ៉ាងកក់ក្ដៅ និងថែរក្សាពួកគាត់ ហើយបានបន្ថែមថា«ប៉ុន្ដែ យើងដឹងគុណខ្លាំងបំផុតចំពោះព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់លោក។ លោកទាំងពីរបានអញ្ជើញយើងឲ្យធ្វើជាសមាជិកនៃប្រជាជាតិដែលមានសាមគ្គីភាពពិតប្រាកដ។ យើងមិនត្រឹមតែនិយាយ អំពីសាមគ្គីភាពប៉ុណ្ណោះទេ តែយើងមានសាមគ្គីភាពជារៀងរាល់ថ្ងៃ។ បទពិសោធន៍របស់យើងស្ដីអំពីមហាសន្និបាតពិសេសនៅក្រុងដាប្លិននឹងរំលឹកយើងជានិច្ចអំពីឯកសិទ្ធិដ៏មានតម្លៃដែលយើងមានក្នុងការបម្រើព្រះដ៏ឧត្ដមរបស់យើងជាមួយនឹងបងប្អូនទាំងអស់គ្នា»។

មិត្ដភក្ដិប្រាស្រ័យទាក់ទងគ្នា

១៨. ស្ដីអំពីការប្រាស្រ័យទាក់ទងរវាងយើងនិងព្រះយេហូវ៉ា តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វី?

១៨ មិត្ដភក្ដិកាន់តែជិតស្និទ្ធនឹងគ្នា ពេលពួកគេប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ បណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នានិងការផ្ញើសារតាមទូរស័ព្ទកំពុងពេញនិយមនៅសម័យអ៊ីនធឺណិតនិងបច្ចេកវិជ្ជាទូរគមនាគមន៍។ ប៉ុន្ដែ បើប្រៀបធៀបអ្វីនោះទៅនឹងការប្រាស្រ័យទាក់ទងរវាងយើងនិងព្រះយេហូវ៉ាដែលជាមិត្ដដ៏ប្រសើរបំផុត តើយ៉ាងណាដែរ? ពិតមែន លោកជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុក. ៦៥:២) ប៉ុន្ដែ តើយើងចំណាយពេលនិយាយទៅលោកញឹកញាប់យ៉ាងណា?

១៩. បើយើងពិបាកនិយាយអំពីអារម្មណ៍របស់យើងក្នុងសេចក្ដីអធិដ្ឋានទៅព្រះយេហូវ៉ា តើអ្វីអាចជួយយើង?

១៩ អ្នកបម្រើខ្លះរបស់ព្រះមានការពិបាកក្នុងការបើកចិត្ដរបស់ពួកគេនិងក្នុងការបង្ហាញអារម្មណ៍ជ្រាលជ្រៅរបស់ខ្លួន។ ប៉ុន្ដែ នេះជាអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ ពេលយើងអធិដ្ឋាន។ (ទំនុក. ១១៩:១៤៥; បរិ. ៣:៤១) បើយើងពិបាករកពាក្យដើម្បីរៀបរាប់អំពីអារម្មណ៍របស់យើង នោះយើងមានជំនួយ។ ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកនៅក្រុងរ៉ូមថា«ពេលដែលយើងត្រូវអធិដ្ឋាន យើងមិនដឹងថាគួរអធិដ្ឋានអំពីអ្វីទេ ប៉ុន្ដែសកម្មពលអង្វរឲ្យយើងដែលថ្ងូរក្នុងចិត្ដ។ តែលោកដែលស្ទង់មើលចិត្ដ ជ្រាបយល់អំពីអត្ថន័យនៃសកម្មពល ពីព្រោះសកម្មពលនោះអង្វរស្របតាមបំណងប្រាថ្នារបស់លោក ដើម្បីពួកអ្នកបរិសុទ្ធ»។ (រ៉ូម ៨:២៦, ២៧) ការរំពឹងគិតអំពីពាក្យដែលបានកត់ទុកនៅសៀវភៅគម្ពីរដូចជាសៀវភៅយ៉ូប ទំនុកតម្កើងនិងសុភាសិតជាដើម នឹងជួយយើងឲ្យប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍ជ្រៅក្នុងចិត្ដរបស់យើង។

២០, ២១. តើពាក្យរបស់ប៉ូលនៅភីលីព ៤:៦, ៧ផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខអ្វី?

២០ ពេលយើងប្រឈមមុខនឹងបញ្ហាពិបាក ចូរយើងនឹកចាំពាក្យរបស់ប៉ូលទៅគ្រិស្ដសាសនិកនៅក្រុងភីលីពថា«កុំខ្វល់ចិត្ដអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ ការប្រាស្រ័យទាក់ទងបែបនេះជាមួយនឹងព្រះដែលជាមិត្ដដ៏ប្រសើរបំផុតរបស់យើង ប្រាកដជានាំឲ្យយើងទទួលនូវការសម្រាលទុក្ខ ពីព្រោះប៉ូលបន្ថែមថា«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ដនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្ដយេស៊ូ»។ (ភី. ៤:៦, ៧) យើងគួរដឹងគុណជានិច្ចចំពោះ«សេចក្ដីសុខសាន្ដរបស់ព្រះ»ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ដែលពិតជាការពារចិត្ដនិងសមត្ថភាពរិះគិតរបស់យើង។

២១ សេចក្ដីអធិដ្ឋានជួយយើងបណ្ដុះចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា។ ហេតុនេះ ចូរយើង«អធិដ្ឋានឥតឈប់»។ (១ថែ. ៥:១៧) សូមឲ្យការសិក្សានេះពង្រឹងចំណងមិត្ដភាពដ៏មានតម្លៃរវាងយើងនិងព្រះ និងការតាំងចិត្ដរបស់យើងដើម្បីធ្វើតាមតម្រូវការដ៏សុចរិតរបស់លោក។ ចូរយើងចំណាយពេលរំពឹងគិតអំពីពរដែលយើងទទួល ដោយសារព្រះយេហូវ៉ាពិតជាបិតា ជាព្រះនិងជាមិត្ដរបស់យើងមែន។