ចូរគោរពមនុស្សវ័យចាស់ក្នុងចំណោមអ្នក
«ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។—លេវី. ១៩:៣២
១. តើមនុស្សជាតិស្ថិតក្នុងស្ថានភាពអាក្រក់អ្វី?
ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យមនុស្សរងផលវិបាកដែលមកពីវ័យចាស់ដែលបណ្ដាលឲ្យខ្សោយបន្ដិចម្ដងៗឡើយ។ ផ្ទុយទៅវិញ លោកមានគោលបំណងឲ្យបុរសនិងស្ដ្រីមានសុខភាពល្អឥតខ្ចោះនៅសួនឧទ្យាន។ ប៉ុន្ដែឥឡូវនេះ «អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់»។ (រ៉ូម ៨:២២) តើអ្នកគិតថាព្រះមានអារម្មណ៍យ៉ាងណា ពេលលោកឃើញផលវិបាកដែលបណ្ដាលមកពីភាពខុសឆ្គងរបស់មនុស្ស? ម្យ៉ាងទៀត ចំពោះមនុស្សវ័យចាស់ជាច្រើននាក់ គ្មានអ្នកណាថែរក្សាពួកគាត់នៅពេលដែលពួកគាត់ត្រូវការជំនួយកាន់តែខ្លាំងទេ។—ទំនុក. ៣៩:៥; ២ធី. ៣:៣
២. ហេតុអ្វីគ្រិស្ដសាសនិកគោរពបងប្អូនវ័យចាស់?
២ រាស្ដ្ររបស់ព្រះយេហូវ៉ាមានចិត្ដដឹងគុណដោយសារមានបងប្អូនវ័យចាស់នៅក្នុងក្រុមជំនុំ។ យើងទទួលប្រយោជន៍ពីប្រាជ្ញារបស់ពួកគាត់ ហើយទទួលឥទ្ធិពលពីគំរូល្អរបស់ពួកគាត់ស្ដីអំពីជំនឿ។ យើងជាច្រើននាក់ជាសាច់ញាតិនឹងបងប្អូនវ័យចាស់ជាទីស្រឡាញ់ទាំងនេះ។ ប៉ុន្ដែ ទោះជាយើងជាសាច់ញាតិនឹងបងប្រុសឬបងស្រីវ័យចាស់ ឬមិនមែនក៏ដោយ យើងយកចិត្ដទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។ (កាឡ. ៦:១០; ១ពេ. ១:២២) ពេលយើងទាំងអស់គ្នាពិនិត្យមើលទស្សនៈរបស់ព្រះចំពោះមនុស្សវ័យចាស់ នេះនឹងមានប្រយោជន៍ចំពោះយើង។ យើងក៏នឹងពិចារណាដែរអំពីភារកិច្ចរបស់សមាជិកក្រុមគ្រួសារនិងក្រុមជំនុំចំពោះបងប្អូនវ័យចាស់ជាទីស្រឡាញ់។
«សូមកុំបោះបង់ចោលទូលបង្គំ»
៣, ៤. (ក) តើអ្នកសរសេរទំនុកទី៧១បានធ្វើសំណូមពរដ៏សំខាន់អ្វីទៅព្រះយេហូវ៉ា? (ខ) តើសមាជិកវ័យចាស់នៃក្រុមជំនុំអាចសុំព្រះអំពីអ្វី?
៣ អ្នកសរសេរទំនុកតម្កើង ៧១:៩ បានអង្វរព្រះថា៖ «សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ»។ តាមមើលទៅទំនុកនេះគឺតមកពីទំនុកទី៧០ដែលមានសេចក្ដីផ្ដើមថា‹ទំនុកស្ដេចដាវីឌ›។ ដូច្នេះ ដាវីឌទំនងជាបានធ្វើសំណូមពរដែលបានចែងនៅទំនុកតម្កើង ៧១:៩។ គាត់បានបម្រើព្រះអស់មួយជីវិតរបស់គាត់ ហើយព្រះយេហូវ៉ាបានប្រើគាត់ឲ្យធ្វើអ្វីៗដ៏អស្ចារ្យ។ (១សាំ. ១៧:៣៣-៣៧, ៥០; ១ព. ២:១-៣, ១០) ទោះជាគាត់បានធ្វើអ្វីជាច្រើនដើម្បីព្រះយេហូវ៉ាក៏ដោយ ដាវីឌបានចាស់ ហើយមានអារម្មណ៍ថាគាត់ត្រូវសុំព្រះយេហូវ៉ាថែរក្សាគាត់។—សូមអាន ទំនុកតម្កើង ៧១:១៧, ១៨
៤ បងប្អូនជាច្រើននាក់សព្វថ្ងៃនេះគឺដូចដាវីឌ។ ទោះជាពួកគាត់មានវ័យចាស់ ហើយប្រឈមមុខនឹង«អស់ទាំងថ្ងៃអាក្រក់»ក៏ដោយ ពួកគាត់បន្ដសរសើរព្រះអស់ពីសមត្ថភាព។ (សាស្ដ. ១២:១-៧) ពួកគាត់ជាច្រើននាក់ប្រហែលជាមិនអាចធ្វើបានច្រើនដូចពួកគាត់ធ្លាប់ធ្វើពីមុនទេ សូម្បីតែក្នុងកិច្ចបម្រើផ្សាយក៏ដោយ។ ប៉ុន្ដែ ពួកគាត់ក៏អាចអង្វរព្រះយេហូវ៉ាឲ្យបន្ដឲ្យពរនិងថែរក្សាពួកគាត់ដែរ។ បងប្អូនស្មោះត្រង់វ័យចាស់បែបនេះអាចប្រាកដថាព្រះនឹងឆ្លើយតបសេចក្ដីអធិដ្ឋានរបស់ពួកគាត់។ យើងដឹងចំណុចនេះ ដោយសារព្រះយេហូវ៉ាបានដឹកនាំដាវីឌឲ្យអធិដ្ឋានអំពីអារម្មណ៍ដ៏សមហេតុសមផលដូចគ្នានោះ។
៥. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះបងប្អូនស្មោះត្រង់វ័យចាស់?
៥ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាចាត់ទុកបងប្អូនវ័យចាស់ដ៏ស្មោះត្រង់ថាមានតម្លៃខ្លាំង ហើយលោកតម្រូវឲ្យអ្នកបម្រើរបស់លោកគោរពពួកគាត់។ (ទំនុក. ២២:២៤-២៦; សុភ. ១៦:៣១; ២០:២៩) លេវីវិន័យ ១៩:៣២ ចែងថា៖ «ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា»។ មែនហើយ នៅពេលដែលពាក្យទាំងនេះបានត្រូវសរសេរ និងរហូតដល់សព្វថ្ងៃនេះ ការគោរពបងប្អូនវ័យចាស់នៅក្នុងក្រុមជំនុំគឺជាភារកិច្ចធ្ងន់ធ្ងរមួយ។ ប៉ុន្ដែ ចុះយ៉ាងណាការថែទាំពួកគាត់? តើនោះជាភារកិច្ចរបស់អ្នកណា?
ភារកិច្ចរបស់ក្រុមគ្រួសារ
៦. តើលោកយេស៊ូបានទុកគំរូអ្វីក្នុងការថែរក្សាម្ដាយរបស់លោក?
៦ បណ្ដាំរបស់ព្រះប្រាប់យើងថា៖ «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។ (និក្ខ. ២០:១២; អេភ. ៦:២) លោកយេស៊ូបានបញ្ជាក់បញ្ញត្ដិនេះដោយផ្ដន្ទាទោសពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ដែលមិនព្រមផ្គត់ផ្គង់ឪពុកម្ដាយរបស់ពួកគេ។ (ម៉ាក. ៧:៥, ១០-១៣) លោកយេស៊ូផ្ទាល់បានទុកគំរូដ៏ល្អមួយ។ ជាឧទាហរណ៍ ពេលលោកយេស៊ូហៀបនឹងស្លាប់នៅលើបង្គោល លោកបានផ្ដាំផ្ញើយ៉ូហានដែលជាអ្នកកាន់តាមជាទីស្រឡាញ់របស់លោកឲ្យថែរក្សាម្ដាយរបស់លោក ដែលតាមមើលទៅនៅពេលនោះគាត់ជាស្ដ្រីមេម៉ាយ។—យ៉ូន. ១៩:២៦, ២៧
៧. (ក) តើសាវ័កប៉ូលបានពន្យល់គោលការណ៍អ្វីស្ដីអំពីការផ្គត់ផ្គង់ឪពុកម្ដាយ? (ខ) តើប៉ូលបាននិយាយអំពីអ្វីទៀត?
៧ សាវ័កប៉ូលបានត្រូវដឹកនាំឲ្យសរសេរថាអ្នកជឿគួរផ្គត់ផ្គង់អ្នកផ្ទះរបស់ខ្លួន។ (សូមអាន ធីម៉ូថេទី១ ៥:៤, ៨, ១៦) សូមពិចារណាខមុននឹងខក្រោយនៃអ្វីដែលប៉ូលបានសរសេរទៅធីម៉ូថេ។ ប៉ូលបាននិយាយថាអ្នកណាអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការគាំទ្រខាងលុយកាក់ពីក្រុមជំនុំ ហើយអ្នកណាមិនអាច។ គាត់បានបញ្ជាក់យ៉ាងច្បាស់ថាអ្នកជឿដែលជាកូន ជាចៅនិងជាសាច់ញាតិឯទៀតរបស់ស្ដ្រីមេម៉ាយវ័យចាស់ត្រូវធ្វើជាអ្នកផ្គត់ផ្គង់សំខាន់បំផុត។ ដោយធ្វើដូច្នេះ ក្រុមជំនុំនឹងមិនចំណាយដោយមិនចាំបាច់។ ស្រដៀងគ្នាដែរសព្វថ្ងៃនេះ របៀបមួយដែលគ្រិស្ដសាសនិកបង្ហាញ«ភក្ដីភាពចំពោះព្រះ»គឺដោយផ្គត់ផ្គង់ខាងសម្ភារដល់ញាតិសន្ដានដែលខ្វះខាត។
៨. ហេតុអ្វីគម្ពីរមិនផ្ដល់ការណែនាំជាក់លាក់ស្ដីអំពីការថែរក្សាឪពុកម្ដាយវ័យចាស់?
៨ បើនិយាយឲ្យចំទៅ កូនពេញវ័យមានកាតព្វកិច្ចធ្វើឲ្យប្រាកដថាសេចក្ដីត្រូវការខាងសម្ភាររបស់ឪពុកម្ដាយខ្លួនបានត្រូវបំពេញ។ ប៉ូល បាននិយាយអំពីសាច់ញាតិដែលជាអ្នកជឿ ប៉ុន្ដែឪពុកម្ដាយដែលមិនមែនជាសមាជិកនៃក្រុមជំនុំគ្រិស្ដសាសនិកគួរតែទទួលបាននូវការយកចិត្ដទុកដាក់។ ស្ថានភាពក្រុមគ្រួសារមិនមែនដូចគ្នាទាំងអស់ទេ ដូច្នេះក្រុមគ្រួសារនីមួយៗត្រូវធ្វើការសម្រេចចិត្ដផ្ទាល់ខ្លួនស្ដីអំពីរបៀបថែរក្សា។ សុខភាព សេចក្ដីត្រូវការនិងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗគឺខុសគ្នា។ មនុស្សវ័យចាស់ខ្លះមានកូនច្រើន ប៉ុន្ដែមនុស្សវ័យចាស់ខ្លះទៀតមានកូនតែមួយ។ មនុស្សវ័យចាស់ខ្លះអាចទទួលការគាំទ្រពីរដ្ឋាភិបាល រីឯអ្នកឯទៀតមិនអាចទទួលបានទេ។ ចំណង់ចំណូលចិត្ដរបស់ពួកអ្នកដែលត្រូវការការថែទាំក៏ខុសគ្នាដែរ។ ហេតុនេះ មិនមែនជាការល្អឬជាការបង្ហាញសេចក្ដីស្រឡាញ់ទេបើយើងរិះគន់របៀបដែលបុគ្គលម្នាក់ខំព្យាយាមថែរក្សាសាច់ញាតិវ័យចាស់។ ព្រះយេហូវ៉ាអាចឲ្យពរដល់ការសម្រេចចិត្ដទាំងអស់ដែលមានមូលដ្ឋានលើគម្ពីរ។ លោកអាចធ្វើឲ្យការសម្រេចចិត្ដរបស់យើងបានសម្រេច ដូចលោកបានធ្វើដើម្បីរាស្ដ្ររបស់លោកតាំងពីសម័យបុរាណ។—ជន. ១១:២៣
៩-១១. (ក) តើបងប្អូនខ្លះប្រហែលជាប្រឈមមុខនឹងស្ថានភាពពិបាកអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) ហេតុអ្វីកូនពេញវ័យមិនគួរប្រញាប់បោះបង់កិច្ចបម្រើពេញពេល? សូមលើកឧទាហរណ៍។
៩ ពេលឪពុកម្ដាយនិងកូនរស់នៅឆ្ងាយពីគ្នា គឺអាចពិបាកផ្ដល់ជំនួយដែលចាំបាច់ដល់ឪពុកម្ដាយវ័យចាស់។ កូនៗប្រហែលជាត្រូវទៅលេងឪពុកឬម្ដាយភ្លាមៗដោយសារគាត់ដួល គាត់បាក់ឆ្អឹងឬដោយសារគាត់មានបញ្ហាធ្ងន់ធ្ងរឯទៀត។ ក្រោយពីនោះ ឪពុកម្ដាយប្រហែលជាត្រូវការជំនួយសម្រាប់មួយរយៈពេល ឬក៏សម្រាប់រយៈពេលយូរ។ *
១០ អ្នកបម្រើពេញពេលដែលបានត្រូវចាត់ឲ្យទៅបម្រើនៅឆ្ងាយពីផ្ទះ ប្រហែលជាត្រូវប្រឈមមុខនឹងការសម្រេចចិត្ដដ៏ពិបាក។ ពួកអ្នកដែលបម្រើជាសមាជិកបេតអែល សាសនទូតនិងអ្នកធ្វើដំណើរត្រួតពិនិត្យ ទាំងអស់គ្នាចាត់ទុកភារកិច្ចរបស់ពួកគាត់ថាមានតម្លៃ ថាជាពរមួយមកពីព្រះយេហូវ៉ា។ ប៉ុន្ដែ បើឪពុកម្ដាយរបស់ពួកគាត់ឈឺ ប្រតិកម្មដំបូងប្រហែលជា‹យើងត្រូវបោះបង់ភារកិច្ចរបស់យើង ហើយត្រឡប់ទៅផ្ទះដើម្បីមើលថែរក្សាឪពុកម្ដាយរបស់យើង›។ ប៉ុន្ដែ ជាការល្អបើយើងអធិដ្ឋាន ហើយពិចារណាអំពីអ្វីដែលឪពុកម្ដាយពិតជាត្រូវការ ឬចង់ឲ្យយើងធ្វើ។ យើងមិនគួរប្រញាប់បោះបង់ឯកសិទ្ធិក្នុងកិច្ចបម្រើទេ ហើយនេះប្រហែលជាមិនតែងតែចាំបាច់ឡើយ។ តើបញ្ហាសុខភាពអាចមានតែមួយរយៈពេលឬ? តើបងប្អូនខ្លះនៅក្នុងក្រុមជំនុំរបស់ឪពុកម្ដាយសប្បាយចិត្ដនឹងជួយពួកគាត់ឬទេ?—សុភ. ២១:៥
១១ ជាឧទាហរណ៍ សូមពិចារណាករណីនៃបងប្អូនបង្កើតពីរនាក់ដែលបានបម្រើឆ្ងាយពីផ្ទះ។ ម្នាក់ជាសាសនទូតនៅទ្វីបអាម៉េរិកខាងត្បូង រីឯម្នាក់ទៀតធ្វើការនៅមន្ទីរចាត់ការពិភពលោកនៅក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក។ ពេលឪពុកម្ដាយរបស់ពួកគេត្រូវការជំនួយ កូនប្រុសទាំងពីរនាក់និងប្រពន្ធរបស់ពួកគេបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដឹងថាពួកគេអាចធ្វើអ្វីដើម្បីជួយ។ ក្រោយមក ប្ដីប្រពន្ធដែលបម្រើនៅទ្វីបអាម៉េរិកខាងត្បូងបានគិតបោះបង់ភារកិច្ចរបស់ពួកគេ ហើយត្រឡប់មកស្រុកកំណើតវិញ។ ពេលនោះ អ្នកចាត់ចែងកិច្ចការរបស់ក្រុមអ្នកចាស់ទុំនៅក្នុងក្រុមជំនុំរបស់ឪពុកម្ដាយពួកគេបានហៅទូរស័ព្ទមកពួកគេ។ អ្នកចាស់ទុំទាំងនោះបានពិភាក្សាអំពីស្ថានភាពនោះ ហើយចង់ឲ្យសាសនទូតទាំងនោះបន្ដបំពេញភារកិច្ចរបស់ពួកគេឲ្យបានយូរបំផុត បើអាចធ្វើបាន។ ពួកអ្នកចាស់ទុំបានឲ្យតម្លៃចំពោះកិច្ចបម្រើរបស់ប្ដីប្រពន្ធមួយគូនេះ ហើយបានតាំងចិត្ដធ្វើអ្វីៗទាំងអស់ដែលពួកគាត់អាចធ្វើបានដើម្បីជួយថែរក្សាឪពុកម្ដាយពួកគេ។ សមាជិកទាំងអស់នៃក្រុមគ្រួសារនោះពិតជាដឹងគុណមែនចំពោះការយកចិត្ដទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់នោះ!
១២. តើក្រុមគ្រួសារគ្រិស្ដសាសនិកគួរយកចិត្ដទុកដាក់នឹងអ្វីស្ដីអំពីការសម្រេចចិត្ដរបស់ពួកគាត់ដើម្បីថែទាំឪពុកម្ដាយ?
១២ អ្វីក៏ដោយដែលក្រុមគ្រួសារគ្រិស្ដសាសនិកសម្រេចចិត្ដធ្វើ ដើម្បីថែទាំឪពុកម្ដាយវ័យចាស់ ទាំងអស់គ្នាគួរតែប្រាកដថាការសម្រេចចិត្ដរបស់ពួកគេលើកតម្កើងនាមរបស់ព្រះ។ យើងនឹងមិនចង់ធ្វើដូចអ្នកដឹកនាំសាសនានៅសម័យលោកយេស៊ូឡើយ។ (ម៉ាថ. ១៥:៣-៦) យើងចង់ឲ្យការសម្រេចចិត្ដរបស់យើងលើកកិត្ដិយសព្រះនិងក្រុមជំនុំ។—២កូ. ៦:៣
ភារកិច្ចរបស់ក្រុមជំនុំ
១៣, ១៤. តើគម្ពីរបង្ហាញយ៉ាងណាថាក្រុមជំនុំគួរជួយថែទាំសមាជិកវ័យចាស់?
១៣ មិនមែនទាំងអស់គ្នាអាចជួយអ្នកបម្រើពេញពេលតាមរបៀបដែលបានរៀបរាប់ខាងលើឡើយ។ ប៉ុន្ដែ គម្ពីរបង្ហាញថា ក្រុមជំនុំគួរធ្វើអ្វីទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីអាចជួយបងប្អូនវ័យចាស់ដ៏ស្មោះត្រង់។ គម្ពីរចែងអំពីក្រុមជំនុំនៅក្រុងយេរូសាឡិមនាសតវត្សរ៍ទី១ថា«គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគាត់ខ្វះខាតឡើយ»។ នេះមិនមានន័យថាពួកគេទាំងអស់គ្នាជាអ្នកមានទេ។ តាមមើលទៅ អ្នកខ្លះមិនសូវមានទ្រព្យសម្បត្ដិទេ ប៉ុន្ដែគេ«ក៏ចែកដល់ពួកគាត់ម្នាក់ៗ តាមដែលមានសេចក្ដីត្រូវការ»។ (សកម្ម. ៤:៣៤, ៣៥) ប៉ុន្ដែ ក្រោយមកមានបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងក្រុមជំនុំនោះ។ មានសេចក្ដីរាយការណ៍ថា«រាល់ថ្ងៃ ពេលធ្វើការចែកចាយអាហារ ពួកគេមិនយកចិត្ដទុកដាក់ចំពោះពួកស្ដ្រីមេម៉ាយ»ខ្លះទេ។ ដូច្នេះ ពួកសាវ័កបានតែងតាំងបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ ដែលបន្ទាប់មកបានធ្វើការរៀបចំដើម្បីឲ្យប្រាកដថាពួកគេបំពេញសេចក្ដីត្រូវការរបស់ស្ដ្រីមេម៉ាយឲ្យបានគ្រប់គ្រាន់និងដោយមិនរើសមុខ។ (សកម្ម. ៦:១-៥) គឺពិតមែនហើយដែលការចែកអាហាររាល់ថ្ងៃគឺជាការរៀបចំបណ្ដោះអាសន្នដែលបានត្រូវធ្វើឡើងដើម្បីបំពេញសេចក្ដីត្រូវការរបស់ពួកអ្នកដែលបានទៅជាគ្រិស្ដសាសនិកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយដែលបានស្នាក់នៅក្រុងយេរូសាឡិមមួយរយៈពេលដើម្បីពង្រឹងជំនឿ។ ទោះជាយ៉ាងនោះក្ដី ការសម្រេចចិត្ដរបស់ពួកសាវ័កបង្ហាញថាក្រុមជំនុំអាចជួយថែទាំសមាជិកក្រីក្រ។
១៤ ដូចបានកត់សម្គាល់ខាងលើ ប៉ូលបានឲ្យការណែនាំដល់ធីម៉ូថេអំពីស្ថានភាពដែលស្ដ្រីមេម៉ាយជាគ្រិស្ដសាសនិកនឹងអាចទទួលជំនួយខាងសម្ភារពីក្រុមជំនុំ។ (១ធី. ៥:៣-១៦) យ៉ាកុបដែលជាអ្នកសរសេរគម្ពីរក្រោមការដឹកនាំរបស់ព្រះ ទំនងជាទទួលស្គាល់កាតព្វកិច្ចរបស់គ្រិស្ដសាសនិកក្នុងការថែទាំកូនកំព្រា ស្ដ្រីមេម៉ាយនិងអ្នកឯទៀតពេលមានទុក្ខលំបាកឬមានការខ្វះខាត។ (យ៉ា. ១:២៧; ២:១៥-១៧) សាវ័កយ៉ូហានក៏បានសន្និដ្ឋានដែរថា៖ «ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនព្រមអាណិតមេត្ដាទៅវិញ តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន?»។ (១យ៉ូន. ៣:១៧) ដូច្នេះ បើគ្រិស្ដសាសនិកម្នាក់ៗមានភារកិច្ចថែទាំពួកអ្នកដែលខ្វះខាត នោះក្រុមជំនុំក៏មានភារកិច្ចនេះដែរ។
១៥. ពេលជួយបងប្អូនវ័យចាស់ តើយើងត្រូវគិតអំពីកត្ដាអ្វីខ្លះ?
១៥ នៅប្រទេសខ្លះ រដ្ឋាភិបាលអាចជួយមនុស្សវ័យចាស់ដោយផ្ដល់ប្រាក់ចូលនិវត្ដន៍និងជំនួយឯទៀត។ (រ៉ូម ១៣:៦) នៅប្រទេសឯទៀត គ្មានជំនួយបែបនេះទេ។ ដូច្នេះ សាច់ញាតិនិងក្រុមជំនុំត្រូវផ្ដល់ជំនួយខាងសម្ភារឲ្យបងប្អូនប្រុសស្រីវ័យចាស់ច្រើនយ៉ាងណា គឺខុសគ្នាពីស្ថានភាពមួយទៅស្ថានភាពមួយ។ បើកូនដែលជា អ្នកជឿរស់នៅឆ្ងាយពីឪពុកម្ដាយ នេះអាចមានឥទ្ធិពលទៅលើជំនួយដែលកូនអាចផ្ដល់ឲ្យ។ កូនគួរប្រាស្រ័យទាក់ទងដោយឥតទើសទាល់ជាមួយនឹងអ្នកចាស់ទុំនៃក្រុមជំនុំរបស់ឪពុកម្ដាយពួកគេ ដើម្បីប្រាកដថាទាំងអស់គ្នាយល់អំពីស្ថានភាពក្រុមគ្រួសារនោះ។ ជាឧទាហរណ៍ អ្នកចាស់ទុំប្រហែលជាអាចជួយឪពុកម្ដាយដឹងថារដ្ឋាភិបាលអាចផ្ដល់ជំនួយអ្វីខ្លះដល់មនុស្សវ័យចាស់។ ពួកគាត់ក៏ប្រហែលជាកត់សម្គាល់អ្វីដែលកូនត្រូវដឹង ដូចជាសំបុត្រសំខាន់ៗដែលមិនបានបើកមើល ឬថ្នាំដែលឪពុកម្ដាយមិនបានពិសា។ បើកូននឹងអ្នកចាស់ទុំប្រាស្រ័យទាក់ទងគ្នាយ៉ាងច្បាស់លាស់និងដោយឥតលាក់លៀម នោះពួកគាត់ប្រហែលជាអាចរកឃើញដំណោះស្រាយ។ បើមានអ្នកជួយនិងអ្នកឲ្យយោបល់ដែលនៅជិត ដែលប្រៀបដូចជាភ្នែករបស់កូន នេះអាចធ្វើឲ្យក្រុមគ្រួសារមិនសូវព្រួយបារម្ភ។
១៦. តើតាមរបៀបណាគ្រិស្ដសាសនិកខ្លះជួយសមាជិកវ័យចាស់ក្នុងក្រុមជំនុំ?
១៦ ដោយសារពួកគាត់មានសេចក្ដីស្រឡាញ់ចំពោះបងប្អូនវ័យចាស់ គ្រិស្ដសាសនិកខ្លះបានស្ម័គ្រចិត្ដលះបង់ពេលវេលានិងកម្លាំងដើម្បីជួយតាមរបៀបដែលពួកគាត់អាចធ្វើទៅបាន។ ពួកគាត់ខំបង្ហាញការយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនវ័យចាស់ក្នុងក្រុមជំនុំ។ បងប្អូនខ្លះចែកភារកិច្ចជាមួយនឹងសមាជិកឯទៀតនៅក្នុងក្រុមជំនុំ ហើយដាក់វេនគ្នាថែទាំបងប្អូនវ័យចាស់។ ដោយដឹងថាស្ថានភាពរបស់ពួកគាត់មិនអនុញ្ញាតឲ្យបម្រើពេញពេល នោះពួកគាត់សប្បាយជួយកូនៗរបស់បងប្អូនវ័យចាស់បន្ដក្នុងកិច្ចបម្រើពេញពេលដែលពួកគេបានជ្រើសរើសឲ្យបានយូរបំផុត បើអាចធ្វើទៅបាន។ បងប្អូនទាំងនេះបង្ហាញនូវចិត្ដគំនិតដ៏ល្អប្រសើរមែន! ទោះជាបងប្អូនឯទៀតជួយច្រើនយ៉ាងណាក៏ដោយ កូនៗនៅតែមានភារកិច្ចធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយឪពុកម្ដាយរបស់ពួកគេ។
ចូរលើកកិត្ដិយសមនុស្សវ័យចាស់ ដោយពាក្យសម្ដីដែលពង្រឹងកម្លាំងចិត្ដ
១៧, ១៨. តើចិត្ដគំនិតបែបណាគឺសំខាន់ក្នុងការថែទាំបងប្អូនវ័យចាស់?
១៧ បងប្អូនវ័យចាស់និងពួកអ្នកដែលថែទាំពួកគាត់អាចធ្វើឲ្យស្ថានភាពពិបាកទៅជាស្រួលជាង ពេលពួកគាត់រក្សាចិត្ដគំនិតត្រឹមត្រូវ។ បើអ្នកមានតួនាទីក្នុងរឿងនេះ ចូរខំអស់ពីសមត្ថភាពដើម្បីរក្សាចិត្ដគំនិតត្រឹមត្រូវ។ នៅក្នុងករណីខ្លះ ជរាភាពបណ្ដាលឲ្យអស់កម្លាំងចិត្ដ ថែមទាំងធ្លាក់ទឹកចិត្ដទៀតផង។ ដូច្នេះ អ្នកប្រហែលជាត្រូវខំព្យាយាមលើកកិត្ដិយស ហើយលើកទឹកចិត្ដបងប្អូនប្រុសស្រីវ័យចាស់ដោយរក្សាការសន្ទនាដែលពង្រឹងកម្លាំងចិត្ដជាមួយនឹងពួកគាត់។ បងប្អូនជាទីស្រឡាញ់ទាំងនោះបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយគួរតែទទួលការសរសើរ។ ព្រះយេហូវ៉ាមិនភ្លេចអ្វីដែលពួកគាត់បានធ្វើដើម្បីបម្រើលោកឡើយ ហើយគ្រិស្ដសាសនិករួមជំនឿក៏មិនភ្លេចអ្វីនោះដែរ។—សូមអាន ម៉ាឡាគី ៣:១៦; ហេប្រឺ ៦:១០
១៨ ភារកិច្ចប្រចាំថ្ងៃនឹងងាយស្រួលបំពេញជាង ពេលទាំងអស់គ្នាចេះសើចសប្បាយ។ (សាស្ដ. ៣:១, ៤) បងប្អូនវ័យចាស់ជាច្រើននាក់ព្យាយាមមិនទាមទារហួសហេតុពេកឡើយ។ ពួកគាត់យល់ថាបងប្អូនប្រហែលជាយកចិត្ដទុកដាក់នឹងពួកគាត់ ហើយមកលេងពួកគាត់កាន់តែច្រើន បើពួកគាត់ស្លូត។ មិនមែនជាការចម្លែកទេដែលអ្នកមកលេងនិយាយថា «ខ្ញុំបានទៅលើកទឹកចិត្ដមិត្ដភក្ដិវ័យចាស់ម្នាក់ ប៉ុន្ដែគឺខ្ញុំទេដែលបានទទួលការលើកទឹកចិត្ដ»។—សុភ. ១៥:១៣; ១៧:២២
១៩. តើបងប្អូនទាំងក្មេងទាំងចាស់អាចមានសេចក្ដីសង្ឃឹមអ្វីស្ដីអំពីពេលអនាគត?
១៩ យើងទន្ទឹងរង់ចាំគ្រាដែលលែងមានការឈឺចាប់និងផលវិបាកដែលមកពីភាពមិនល្អឥតខ្ចោះទៀត។ ទម្រាំដល់ពេលនោះ អ្នកបម្រើព្រះត្រូវសង្ឃឹមជានិច្ចលើអ្វីដែលនៅស្ថិតស្ថេរជារៀងរហូត។ យើងដឹងថាជំនឿទៅលើសេចក្ដីសន្យារបស់ព្រះគឺជាយុថ្កាមួយនៅគ្រាដែលមានទុក្ខកង្វល់ ឬសេចក្ដីវេទនា។ ដោយសារជំនឿនោះ «យើងមិនឈប់តស៊ូឡើយ ទោះជារូបកាយរបស់យើងកំពុងខូចទៅក៏ដោយ ក៏ចិត្ដរបស់យើងទទួលកម្លាំងជាថ្មីរាល់ថ្ងៃជានិច្ច»។ (២កូ. ៤:១៦-១៨; ហេ. ៦:១៨, ១៩) ប៉ុន្ដែ តើអ្វីក្រៅពីការរក្សាជំនឿមាំមួនលើសេចក្ដីសន្យារបស់ព្រះ អាចជួយអ្នកឲ្យបំពេញភារកិច្ចជាអ្នកថែទាំ? យោបល់ល្អៗខ្លះនឹងត្រូវពិចារណានៅអត្ថបទបន្ទាប់។
^ ???? 9 អត្ថបទបន្ទាប់នឹងពិចារណាជម្រើសខ្លះសម្រាប់ការថែទាំដែលមនុស្សវ័យចាស់និងកូនរបស់ពួកគាត់ប្រហែលជាមាន។