លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យសម្ដីរបស់អ្នក តើ«មែនរួចទេវិញ»ឬ?

ពាក្យសម្ដីរបស់អ្នក តើ«មែនរួចទេវិញ»ឬ?

សូម​ពិចារណា​ឧទាហរណ៍​នេះ: អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ បាន​រៀបចំ​ផ្សព្វ​ផ្សាយ​ជា​មួយ​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​នៅ​ថ្ងៃ​អាទិត្យ​ពេល​ព្រឹក។ នៅ​ព្រឹក​នោះ បង​ប្រុស​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​អ្នក​ចាស់​ទុំ​នេះ​ជា​បន្ទាន់ ដោយ​សារ​ប្រពន្ធ​របស់​បង​ប្រុស​នោះ​ទើប​តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​បាន​ត្រូវ​គេ​យក​ទៅ​មន្ទីរ​ពេទ្យ​យ៉ាង​ប្រញាប់។ បង​ប្រុស​នេះ​សុំ​អ្នក​ចាស់​ទុំ​ជួយ​គាត់​រក​គ្រូ​ពេទ្យ​ដែល​នឹង​ធ្វើ​តាម​បំណង​របស់​ពួក​គាត់​ស្ដី​អំពី​ឈាម។ ដូច្នេះ​អ្នក​ចាស់​ទុំ​លុប​ចោល​ការ​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ប្អូន​ប្រុស​វ័យ​ក្មេង​នោះ ដើម្បី​គាត់​អាច​ជួយ​ក្រុម​គ្រួសារ​មួយ​ដែល​ប្រឈម​មុខ​នឹង​រឿង​បន្ទាន់។

សូម​ពិចារណា​ឧទាហរណ៍​មួយ​ទៀត: ម្ដាយ​គ្មាន​គូ​ម្នាក់​ដែល​មាន​កូន​ពីរ​នាក់ បាន​ទទួល​សេចក្ដី​អញ្ជើញ​ពី​ប្ដី​ប្រពន្ធ​មួយ​គូ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់ ឲ្យ​ទៅ​លេង​ផ្ទះ​ពួក​គេ​នៅ​ល្ងាច​មួយ។ ពេល​ដែល​ម្ដាយ​ប្រាប់​កូន​អំពី​រឿង​នេះ កូន​មាន​ទឹក​មុខ​សប្បាយ។ ពួក​គេ​រង់​ចាំ​ល្ងាច​នោះ​ដោយ​ចិត្ដ​រំភើប។ ប៉ុន្ដែ មួយ​ថ្ងៃ​មុន​ពួក​គេ​ទៅ​លេង ប្ដី​ប្រពន្ធ​នោះ​បាន​ទូរស័ព្ទ​ថា​មាន​អ្វី​មួយ​កើត​ឡើង​ដែល​ពួក​គេ​មិន​បាន​ដឹង​ទុក​ជា​មុន ហើយ​ពួក​គេ​ត្រូវ​លុប​ចោល​សេចក្ដី​អញ្ជើញ​នោះ។ នៅ​ពេល​ក្រោយ​មក ម្ដាយ​នោះ​បាន​ឮ​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​លុប​ចោល​សេចក្ដី​អញ្ជើញ គឺ​ដោយ​សារ​ក្រោយ​ពី​ពួក​គេ​បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​លេង ពួក​គេ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ពី​មិត្ដ​ភក្ដិ​ឲ្យ​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ​នៅ​ល្ងាច​ដដែល​នោះ ហើយ​ពួក​គេ​បាន​ទទួល​សេចក្ដី​អញ្ជើញ​នោះ។

ជា​គ្រិស្ដ​សាសនិក យើង​គួរ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​យើង។ យើង​មិន​គួរ​និយាយ​ថា​៖ ​«​មែន រួច​ទេ​វិញ​ឡើយ​»។ (​២កូ. ១:១៨​) ប៉ុន្ដែ ដូច​ឧទាហរណ៍​ទាំង​ពីរ​នេះ​បាន​បញ្ជាក់ ស្ថានភាព​ទាំង​អស់​មិន​មែន​ដូច​គ្នា​ទេ។ ប្រហែល​ជា​មាន​ពេល​ខ្លះ​ដែល​យើង​គិត​ថា​យើង​ត្រូវ​តែ​លុប​ចោល​ការ​រៀបចំ​មួយ​ដែល​យើង​បាន​ធ្វើ។ សាវ័ក​ប៉ូល​ធ្លាប់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ។

គេ​ចោទ​ថា​ប៉ូល​មិន​ធ្វើ​តាម​ពាក្យ​សម្ដី

ពេល​ប៉ូល​នៅ​ក្រុង​អេភេសូរ នៅ​ឆ្នាំ​៥៥ គ.ស. ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត​លើក​ទី​បី​របស់​គាត់ គាត់​មាន​គម្រោង​ឆ្លង​សមុទ្រ​អេជាន​ទៅ​ក្រុង​កូរិនថូស ហើយ​ក្រោយ​មក​ធ្វើ​ដំណើរ​ពី​ទី​នោះ​ទៅ​ស្រុក​ម៉ាសេដូន។ ពេល​ដែល​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​វិញ គាត់​ចង់​ទៅ​លេង​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ជា​លើក​ទី​ពីរ ដើម្បី​ទទួល​អំណោយ​ដ៏​សប្បុរស​របស់​ពួក​គេ​សម្រាប់​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​យេរូសាឡិម។ (​១កូ. ១៦:៣​) យើង​ឃើញ​គម្រោង​របស់​គាត់​យ៉ាង​ច្បាស់​នៅ​កូរិនថូសទី២ ១:១៥, ១៦​ដែល​ថា​៖ ​«​ម៉្លោះ​ហើយ ដោយ​មាន​ទំនុក​ចិត្ដ​ដូច្នេះ ពី​មុន ខ្ញុំ​មាន​បំណង​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​អរ​សប្បាយ​ជា​លើក​ទី​ពីរ ហើយ​ក្រោយ​ពី​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​មួយ​រយៈ ខ្ញុំ​មាន​បំណង​ទៅ​តំបន់​ម៉ាសេដូន រួច​មក​ឯ​អ្នក​រាល់​គ្នា​ពេល​ត្រឡប់​មក​ពី​តំបន់​ម៉ាសេដូន​វិញ ហើយ​បន្ទាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ដំណើរ​ខ្ញុំ​មួយ​កំណាត់​ផ្លូវ​ទៅ​តំបន់​យូឌា​»។

តាម​មើល​ទៅ​ក្នុង​សំបុត្រ​មួយ​ដែល​ប៉ូល​បាន​សរសេរ​នៅ​ពេល​មុន គាត់​បាន​ជម្រាប​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​អំពី​គម្រោង​របស់​គាត់។ (​១កូ. ៥:៩​) មិន​យូរ​ក្រោយ​ពី​គាត់​សរសេរ​សំបុត្រ នោះ ប៉ូល​បាន​ឮ​ពី​ក្រុម​គ្រួសារ​ខ្លូអេ​ថា​មាន​ការ​ទាស់​ទែង​គ្នា​ក្នុង​ក្រុម​ជំនុំ​នោះ។ (​១កូ. ១:១០, ១១​) ប៉ូល​បាន​សម្រេច​ចិត្ដ​ផ្លាស់​ប្ដូរ​គម្រោង​ដំបូង​របស់​គាត់ ហើយ​គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​ទៅ​ពួក​គេ​ដែល​សព្វ​ថ្ងៃ​នេះ​យើង​ហៅ​ថា​កូរិនថូសទី១។ ក្នុង​សំបុត្រ​នេះ ប៉ូល​បាន​ផ្ដល់​ឱវាទ​និង​ការ​កែ​តម្រង់​ដោយ​សេចក្ដី​ស្រឡាញ់។ គាត់​ក៏​ប្រាប់​ពួក​គេ​ដែរ​ថា​គាត់​បាន​ផ្លាស់​ប្ដូរ​គម្រោង ហើយ​គាត់​នឹង​ទៅ​ស្រុក​ម៉ាសេដូន​មុន រួច​មក​ទៅ​ក្រុង​កូរិនថូស។—១កូ. ១៦:៥, ៦ *

តាម​មើល​ទៅ ពេល​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​បាន​ទទួល​សំបុត្រ​របស់​ប៉ូល អ្នក​ខ្លះ​ពី​ចំណោម​«​ពួក​មហា​សាវ័ក​»​ក្នុង​ក្រុម​ជំនុំ​នោះ បាន​ចោទ​ថា​ប៉ូល​មិន​ធ្វើ​តាម​ពាក្យ​សម្ដី​និង​មិន​រក្សា​ពាក្យ​សន្យា​របស់​គាត់​ឡើយ។ ក្នុង​បំណង​និយាយ​ការពារ​ខ្លួន ប៉ូល​បាន​សួរ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ ខ្ញុំ​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​តូច​តាច​ទេ មែន​ទេ? ឬ​អ្វី​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ តើ​ខ្ញុំ​មាន​បំណង​នោះ​ដោយ​សារ​ខំ​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​ជា​ខ្ញុំ​ត្រូវ​និយាយ​ថា‹មែន​ៗ​› រួច​ថា‹ទេ​ៗ​›ឬ?​»។—២កូ. ១:១៧; ១១:៥

យើង​ប្រហែល​ជា​អាច​សួរ​ថា ក្នុង​ស្ថានភាព​នេះ​តើ​សាវ័ក​ប៉ូល​ពិត​ជា​«​ចាត់​ទុក​ថា​ជា​រឿង​តូច​តាច​»​ឬ? ច្បាស់​ជា​មិន​មែន​ដូច្នេះ​ទេ! ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​តូច​តាច​»​ មាន​អត្ថ​ន័យ​ថា​មិន​ធ្វើ​តាម​ពាក្យ​សម្ដី គឺ​ដូច​បុគ្គល​ដែល​មិន​គួរ​ទុក​ចិត្ដ ដែល​មិន​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន។ សំណួរ​របស់​ប៉ូល​ដែល​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ តើ​ខ្ញុំ​មាន​បំណង​នោះ​ដោយ​សារ​ខំ​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន?​»​ គួរ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា ការ​ដែល​ប៉ូល​សម្រេច​ចិត្ដ​ផ្លាស់​ប្ដូរ​គម្រោង​របស់​គាត់​គឺ​មិន​មែន​ដោយ​សារ​គាត់​ជា​មនុស្ស​ដែល​មិន​ធ្វើ​តាម​ពាក្យ​សម្ដី​នោះ​ទេ។

ប៉ូល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​យ៉ាង​ច្បាស់​ដោយ​សរសេរ​ថា​៖ ​«​ប៉ុន្ដែ​យើង​អាច​ទុក​ចិត្ដ​ព្រះ ថា​សម្ដី​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា មិន​មែន​ថា មែន រួច​ទេ​វិញ​ឡើយ​»។ (​២កូ. ១:១៨​) ប៉ូល​ពិត​ជា​ចង់​ឲ្យ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ទទួល​ប្រយោជន៍​ច្រើន​បំផុត ដូច្នេះ​គាត់​បាន​ផ្លាស់​ប្ដូរ​គម្រោង​របស់​គាត់។ យើង​អាន​នៅ​កូរិនថូសទី២ ១:២៣​ថា​៖ ‹ដើម្បី​មិន​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ដ​ខ្លាំង​ជាង›គាត់​បាន​ផ្លាស់​ប្ដូរ​គម្រោង​ដំបូង​ទៅ​ក្រុង​កូរិនថូស។ គាត់​បាន​ឲ្យ​ពួក​គេ​មាន​ឱកាស​កែ​ប្រែ​មុន​គាត់​ទៅ​លេង​ពួក​គេ។ ពេល​ដែល​គាត់​នៅ​ស្រុក​ម៉ាសេដូន ប៉ូល​បាន​ឮ​ពី​ទីតុស​ថា សំបុត្រ​នោះ​បាន​ជួយ​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ឲ្យ​យល់​ថា​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​គឺ​ខុស ហើយ​ពួក​គេ​បាន​កែ​ប្រែ​ចិត្ដ។ នេះ​បាន​ធ្វើ​ឲ្យ​ប៉ូល​មាន​អំណរ​យ៉ាង​ខ្លាំង។—២កូ. ៦:១១; ៧:៥​-​៧

និយាយ​«​អាមេន​»​ទៅ​កាន់​ព្រះ

កាល​ដែល​«​ពួក​មហា​សាវ័ក​»​បាន​ចោទ​ថា​ប៉ូល​មិន​ធ្វើ​តាម​ពាក្យ​សន្យា ពួក​គេ​ប្រហែល​ជា​ចង់​និយាយ​ថា គេ​ក៏​មិន​អាច​ទុក​ចិត្ដ​គាត់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់​ដែរ។ ប៉ុន្ដែ ប៉ូល​បាន​រំលឹក​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា​គាត់​បាន​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​គ្រិស្ដ​ដល់​ពួក​គេ។ ​«​គ្រិស្ដ​យេស៊ូ​ដែល​ជា​បុត្រ​ព្រះ និង​ដែល​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តាម​រយៈ​យើង ពោល​គឺ​ខ្ញុំ ស៊ីលវេនុស និង​ធីម៉ូថេ មិន​បាន​ទៅ​ជា មែន​ផង ទេ​ផង​ឡើយ ប៉ុន្ដែ​ក្នុង​ករណី​របស់​លោក មែន គឺ​មែន​»។ (​២កូ. ១:១៩​) តើ​លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​ប៉ូល ជា​អ្នក​ដែល​គេ​មិន​អាច​ទុក​ចិត្ដ​បាន​ទេ​ឬ? មិន​មែន​ទេ! ក្នុង​ជីវិត​និង​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក លោក​យេស៊ូ​តែង​តែ​និយាយ​សេចក្ដី​ពិត។ (​យ៉ូន. ១៤:៦; ១៨:៣៧​) បើ​អ្វី​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​គឺ​ជា​សេចក្ដី​ពិត​ទាំង​ស្រុង​និង​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ នោះ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​សាវ័ក​ប៉ូល​ក៏​គួរ​ឲ្យ​ទុក​ចិត្ដ​ដែរ។

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក. ៣១:៥​) អ្វី​ដែល​ប៉ូល​សរសេរ​បន្ទាប់​មក​បញ្ជាក់​ចំណុច​នេះ​ថា​៖ ​«​ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សេចក្ដី​សន្យា​ទាំង​អស់​នោះ​បាន​ទៅ​ជា​មែន តាម​រយៈ​លោក​»​គឺ​តាម​រយៈ​គ្រិស្ដ។ ដោយ​សារ​លោក​យេស៊ូ​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​ពេល​លោក​នៅ​ផែន​ដី នោះ​យើង​អាច​ប្រាកដ​ថា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​គឺ​គួរ​ឲ្យ​ទុក​ចិត្ដ។ ប៉ូល​បន្ដ​ថា​៖ ​«​ដូច្នេះ តាម​រយៈ​លោក[​យេស៊ូ​] យើង​និយាយ‹អាមេន›ទៅ​កាន់​ព្រះ ដើម្បី​យើង​អាច​លើក​តម្កើង​ព្រះ​»។ (​២កូ. ១:២០​) លោក​យេស៊ូ​ជា​«​អាមេន​»​ឬ​ជា​ការ​ធានា​ថា​អស់​ទាំង​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច!

ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​តែង​តែ​និយាយ​សេចក្ដី​ពិត នោះ​ប៉ូល​តែង​តែ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​គាត់។ (​២កូ. ១:១៩​) គាត់​មិន​មែន​ជា​បុគ្គល​ដែល​មិន​ធ្វើ​តាម​ពាក្យ​សម្ដី ដូច​បុគ្គល​ដែល សន្យា​ដោយ​«​ខំ​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​នោះ​ទេ។ (​២កូ. ១:១៧​) ផ្ទុយ​ទៅ​វិញ ប៉ូល‹ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ›គាត់។ (​កាឡ. ៥:១៦​) ក្នុង​ការ​ទាក់​ទង​របស់​គាត់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ប៉ូល​គិត​អំពី​ប្រយោជន៍​ពួក​គេ។ ពាក្យ​ថា​មែន​របស់​គាត់​គឺ​មែន!

តើ​ពាក្យ​ថា​មែន​របស់អ្នក​គឺ​មែន​ឬ?

សព្វ​ថ្ងៃ​នេះ សម្រាប់​មនុស្ស​ដែល​មិន​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ ជា​ធម្មតា​ពួក​គេ​សន្យា​អ្វី​មួយ ហើយ​ក្រោយ​មក​បើ​មាន​អ្វី​ល្អ​ជាង​ឬ​មាន​បញ្ហា​បន្ដិច​បន្ដួច​កើត​ឡើង ពួក​គេ​ក្បត់​ពាក្យ​សន្យា​ទាំង​នោះ។ ក្នុង​ការ​រក​ស៊ី ពាក្យ​ថា​«​មែន​»​មិន​តែង​តែ​មាន​ន័យ​ថា​«​មែន​»​ទេ ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​ធានា​ពាក្យ​សន្យា​នោះ​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​លែង​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​សេចក្ដី​សន្យា​ដែល​ពួក​គេ​ត្រូវ​រក្សា​អស់​មួយ​ជីវិត។ មនុស្ស​ដែល​លែង​លះ​គ្នា​មាន​កាន់​តែ​ច្រើន ហើយ​នេះ​បង្ហាញ​ថា​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ពាក្យ​សច្ចា​របស់​ពួក​គេ​នៅ​ថ្ងៃ​រៀប​ការ​ជា​ពាក្យ​សន្យា​មិន​សំខាន់​មួយ​ដែល​ពួក​គេ​អាច​ក្បត់​ពាក្យ​សន្យា​នោះ​បាន​យ៉ាង​ងាយ។—២ធី. ៣:១, ២

ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ? តើ​ពាក្យ​ថា​មែន​របស់អ្នក​គឺ​មែន​ឬ? ដូច​យើង​បាន​ឃើញ​នៅ​ដើម​អត្ថបទ​នេះ ប្រហែល​ជា​នៅ​ពេល​ខ្លះ​អ្នក​ត្រូវ​តែ​លុប​ចោល​ការ​រៀបចំ​ឬ​គម្រោង​ណា​មួយ នោះ​មិន​មែន​ដោយ​សារ​អ្នក​មិន​រក្សា​ពាក្យ​សម្ដី​ទេ តែ​គឺ​ដោយ​សារ​ស្ថានភាព​មួយ​ដែល​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​បាន។ ប៉ុន្ដែ បើ​អ្នក​សន្យា​អ្វី​មួយ អ្នក​គួរ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ពាក្យ​សន្យា​នោះ។ (​ទំនុក. ១៥:៤; ម៉ាថ. ៥:៣៧​) បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ត្រូវ​ឲ្យ​គេ​ស្គាល់​ថា​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ ដែល​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន ហើយ​ដែល​តែង​តែ​និយាយ​សេចក្ដី​ពិត។ (​អេភ. ៤:១៥, ២៥; យ៉ា. ៥:១២​) កាល​ដែល​មនុស្ស​ឃើញ​ថា​ពួក​គេ​អាច​ទុក​ចិត្ដ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ទាំង​អស់ ពួក​គេ​ប្រហែល​ជា​ចង់​ស្ដាប់​ជាង​នៅ​ពេល​អ្នក​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ​ដល់​ពួក​គេ។ ដូច្នេះ សូម​ឲ្យ​យើង​ប្រាកដ​ថា​ពាក្យ​ថា​មែន​របស់​យើង​ពិត​ជា​មែន!

^ ???? 7 មិន​យូរ​ក្រោយ​ពី​ប៉ូល​បាន​សរសេរ​កូរិនថូសទី១ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​ក្រុង​ត្រូអាស ហើយ​នៅ​ស្រុក​ម៉ាសេដូន​គាត់​បាន​សរសេរ​កូរិនថូសទី២។ (​២កូ. ២:១២; ៧:៥​) នៅ​ពេល​ក្រោយ​មក គាត់​បាន​ទៅ​ក្រុង​កូរិនថូស។