លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើតាមជំនឿរបស់ម៉ូសេ

ចូរធ្វើតាមជំនឿរបស់ម៉ូសេ

«ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ»។—ហេ. ១១:២៤

១, ២. () ពេលម៉ូសេមានអាយុ៤០ឆ្នាំ តើគាត់បានធ្វើការសម្រេចចិត្ដអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។ () ហេតុអ្វីម៉ូសេបានសម្រេចចិត្ដរងទុក្ខជាមួយនឹងជនជាតិអ៊ីស្រាអែល?

ម៉ូសេបានដឹងថាស្រុកអេស៊ីបអាចផ្ដល់ឲ្យគាត់នូវអនាគតបែបណា។ គាត់បានឃើញផ្ទះស្អាតធំរបស់អ្នកមានស្ដុកស្ដម្ភ។ គាត់ជាសមាជិកក្រុមគ្រួសារស្ដេច។ គាត់«បានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជារបស់ជនជាតិអេស៊ីប» ដែលទំនងជារួមបញ្ចូលសិល្បៈ តារាសាស្ដ្រ គណិតសាស្ដ្រ និងវិទ្យាសាស្ដ្រទៀត។ (សកម្ម. ៧:២២) គឺងាយស្រួលណាស់ដែលគាត់អាចមានទ្រព្យសម្បត្ដិ អំណាច និងឯកសិទ្ធិដែលជនជាតិអេស៊ីបធម្មតាមិនអាចមាន។

ប៉ុន្ដែ ពេលម៉ូសេមានអាយុ៤០ឆ្នាំ គាត់បានធ្វើការសម្រេចចិត្ដមួយដែលច្បាស់ជាបានធ្វើឲ្យក្រុមគ្រួសារស្ដេចស្រុកអេស៊ីបដែលបានចិញ្ចឹមគាត់ មិនអាចយល់បាន។ គាត់បានសម្រេចចិត្ដបោះបង់ចោលអនាគតរបស់គាត់នៅស្រុកអេស៊ីប។ តើគាត់ចង់បានជីវិតដូចជនជាតិអេស៊ីបធម្មតាឬ? ទេ សូម្បីតែជីវិតបែបនោះក៏គាត់មិនចង់បានដែរ! គាត់ចង់រស់នៅជាមួយនឹងពួកខ្ញុំបម្រើ។ ហេតុអ្វី? ពីព្រោះម៉ូសេមានជំនឿ។ (សូមអាន ហេប្រឺ ១១:២៤-២៦) ដោយសារជំនឿ ម៉ូសេបានមើលឃើញឆ្ងាយជាងអ្វីដែលនៅជុំវិញគាត់។ ជាមនុស្សដែលស្រឡាញ់ព្រះ ម៉ូសេមានជំនឿទៅលើ«លោកដែលមនុស្សមើលពុំឃើញ» ពោលគឺព្រះយេហូវ៉ា និងមានជំនឿទៅលើការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ។—ហេ. ១១:២៧

. តើសំណួរបីដែលនឹងត្រូវឆ្លើយនៅក្នុងអត្ថបទនេះគឺអ្វីខ្លះ?

ដូចម៉ូសេដែរ យើងត្រូវមានជំនឿដើម្បីមើលឃើញឆ្ងាយជាងអ្វីដែលពិភពលោកនេះផ្ដល់ឲ្យ ហើយមើលឃើញព្រះយេហូវ៉ា។ យើងត្រូវធ្វើជា«មនុស្សដែលមានជំនឿ»។ (ហេប្រឺ ១០:៣៨,  ៣៩) ដើម្បីជួយពង្រឹងជំនឿរបស់យើង ចូរយើងពិនិត្យមើលអ្វីដែលបានត្រូវសរសេរអំពីម៉ូសេនៅហេប្រឺ ១១:២៤-២៦។ កាលដែលយើងធ្វើដូច្នេះ សូមរកចម្លើយចំពោះសំណួរទាំងនេះ: តើតាមរបៀបណាជំនឿបានជំរុញម៉ូសេឲ្យលះចោលសេចក្ដីប៉ងប្រាថ្នានៃរូបកាយ? ពេលគេដៀលត្មះគាត់ តើជំនឿបានជួយគាត់ឲ្យយល់តម្លៃនៃឯកសិទ្ធិក្នុងកិច្ចបម្រើយ៉ាងដូចម្ដេច? ហើយហេតុអ្វីម៉ូសេបាន«សម្លឹងចំទៅរង្វាន់»?

គាត់បានលះចោលសេចក្ដីប៉ងប្រាថ្នានៃរូបកាយ

. តើម៉ូសេបានទទួលស្គាល់អ្វីស្ដីអំពីការ‹សប្បាយនឹងអំពើខុសឆ្គង›?

ដោយសារម៉ូសេមានជំនឿ គាត់បានទទួលស្គាល់ថាការ‹សប្បាយនឹងអំពើខុសឆ្គង› គឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកទៀតប្រហែលជាបានរិះគិតថាទោះជាស្រុកអេស៊ីបពោរពេញទៅដោយការគោរពបូជារូបព្រះនិងការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ក៏ដោយ ស្រុកនោះបានទៅជាមហាអំណាច កាលដែលរាស្ដ្ររបស់ព្រះយេហូវ៉ាបានរងទុក្ខជាខ្ញុំបម្រើ! ប៉ុន្ដែម៉ូសេបានដឹងថាព្រះអាចផ្លាស់ប្ដូរស្ថានភាពនោះ។ ទោះជាពួកអ្នកដែលផ្ដោតអារម្មណ៍ទៅលើការបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហាក់ដូចជាបានជោគជ័យក៏ដោយ ម៉ូសេមានជំនឿថាមនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល។ ជាលទ្ធផល គាត់មិនបានត្រូវទាក់ទាញដោយការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»ឡើយ។

. តើអ្វីនឹងជួយយើងឲ្យជៀសវាងការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»?

តើតាមរបៀបណាអ្នកអាចជៀសវាងការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»? សូមកុំភ្លេចថាការសប្បាយនឹងអំពើខុសឆ្គង គឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ជំនឿនឹងជួយអ្នកឃើញថា«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ»។ (១យ៉ូន. ២:១៥-១៧) សូមរំពឹងគិតអំពីអនាគតរបស់អ្នកប្រព្រឹត្ដអំពើខុសឆ្គងដែលមិនប្រែចិត្ដ។ «គេឈរនៅកន្លែងដ៏រឥល . . . គេត្រូវសាបសូន្យទៅដោយហេតុគួរស្ញែងខ្លាច!»។ (ទំនុក. ៧៣:១៨, ១៩) ពេលអ្នកបានត្រូវល្បួងឲ្យប្រព្រឹត្ដអំពើខុសឆ្គង សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចង់បានអនាគតបែបណា?›។

. () ហេតុអ្វីបានជាម៉ូសេមិនព្រមឲ្យ«គេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូ»ឡើយ? () ហេតុអ្វីអ្នកគិតថាម៉ូសេបានធ្វើការសម្រេចចិត្ដត្រឹមត្រូវ?

ជំនឿរបស់ម៉ូសេក៏បានមានឥទ្ធិពលទៅលើការជ្រើសរើសអាជីពរបស់គាត់ដែរ។ «ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ»។ (ហេ. ១១:២៤) ម៉ូសេមិនបានរិះគិតថាគាត់អាចបម្រើព្រះក្នុងនាមជាសមាជិកក្រុមគ្រួសាររបស់ស្ដេច ហើយក្រោយមកប្រើទ្រព្យសម្បត្ដិនិងឯកសិទ្ធិរបស់គាត់ដើម្បីជួយបងប្អូនរបស់គាត់ដែលជាជនជាតិអ៊ីស្រាអែលឡើយ។ ផ្ទុយទៅវិញ ម៉ូសេបានតាំងចិត្ដស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ដ អស់ពីព្រលឹងនិងអស់ពីកម្លាំងរបស់គាត់។ (ចោ. ៦:៥) ការសម្រេចចិត្ដរបស់ម៉ូសេបានជួយគាត់ឲ្យរួចផុតពីការឈឺចិត្ដជាច្រើន។ ទ្រព្យសម្បត្ដិជាច្រើននៅស្រុកអេស៊ីបដែលគាត់បានលះបង់ មិនយូរប៉ុន្មានក្រោយមកបានត្រូវជនជាតិអ៊ីស្រាអែលយក! (និក្ខ. ១២:៣៥, ៣៦) ផារ៉ូបានត្រូវបំបាក់មុខនិងត្រូវប្រហារជីវិត។ (ទំនុក. ១៣៦:១៥) ផ្ទុយទៅវិញ ម៉ូសេបានត្រូវសង្គ្រោះ ហើយព្រះបានប្រើគាត់ឲ្យនាំប្រជាជាតិទាំងមូលទៅកន្លែងដែលមានសុវត្ថិភាព។ ជីវិតរបស់គាត់មានន័យខ្លឹមសារពិតប្រាកដ។

. () យោងទៅតាមម៉ាថាយ ៦:១៩-២១ ហេតុអ្វីយើងគួរមើលហួសពីអនាគតដែលស្ថិតនៅតែមួយភ្លែត? () ស្ដីអំពីភាពខុសគ្នារវាងការធ្វើគម្រោងសម្រាប់អនាគតដែលមានតែមួយរយៈពេលខ្លីនិងអនាគតជាយូរអង្វែង តើមានបទពិសោធន៍អ្វី?

បើអ្នកជាអ្នកបម្រើវ័យក្មេងរបស់ព្រះយេហូវ៉ា តើតាមរបៀបណាជំនឿអាចជួយអ្នកឲ្យជ្រើសរើសអាជីពមួយ? ជាការល្អបើអ្នកធ្វើគម្រោងសម្រាប់អនាគត។ ប៉ុន្ដែ តើជំនឿទៅលើសេចក្ដីសន្យារបស់ព្រះនឹងជំរុញអ្នកឲ្យប្រមូលទ្រព្យសម្បត្ដិសម្រាប់អនាគតដែលមានរយៈពេលខ្លីអនាគតជាយូរអង្វែង? (សូមអាន ម៉ាថាយ ៦:១៩-២១) នោះជាសំណួរដែលអ្នករាំរបាំបាល់ឡេដ៏ប៉ិនប្រសប់ម្នាក់ឈ្មោះសូហ្វីបានឆ្ងល់។ នាងបានត្រូវក្រុមហ៊ុនរបាំបាល់ឡេជាច្រើននៅទូទាំងសហរដ្ឋអាម៉េរិកស្នើផ្ដល់អាហារូបករណ៍នឹងឋានៈដែលមនុស្សជាច្រើនចង់បាន។ នាងនិយាយថា«ពេលមនុស្សកោតស្ងើច ហើយស្រឡាញ់ខ្ញុំ នេះជាអ្វីដែលធ្វើឲ្យរំភើបចិត្ដ»។ នាងថែមទាំងសារភាពថានាងមានអារម្មណ៍ថានាងពូកែជាងអ្នករាំទៀត។ ប៉ុន្ដែនាងមិនសប្បាយទេ។ ក្រោយមកសូហ្វីបានមើលវីដេអូដែលមានចំណងជើងថា សំណួរដែលយុវវ័យសួរ តើខ្ញុំមានបំណងអ្វីចំពោះជីវិតរបស់ខ្ញុំ? នាងនិយាយថា«ខ្ញុំបានទទួលស្គាល់ថាពិភពលោកនេះបានឲ្យខ្ញុំនូវជោគជ័យនិងការកោតស្ងើចពីពួកអ្នកគាំទ្រដើម្បីប្ដូរយកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដ៏ស្មោះអស់ពីចិត្ដរបស់ខ្ញុំ។ ខ្ញុំបានអធិដ្ឋានអស់ពីចិត្ដទៅលោក។ ក្រោយមកខ្ញុំបានបោះបង់អាជីពជាអ្នករាំរបាំ»។ តើនាងមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្ដរបស់នាង? «ខ្ញុំមិននឹកនាដល់ជីវិតពីមុនរបស់ខ្ញុំ ទេ។ សព្វថ្ងៃនេះ ខ្ញុំសប្បាយ១០០ភាគរយ។ ខ្ញុំត្រួសត្រាយជាមួយនឹងប្ដីខ្ញុំ។ យើងមិនល្បីឈ្មោះទេ ហើយយើងមិនសូវមានទ្រព្យសម្បត្ដិឡើយ ប៉ុន្ដែយើងមានព្រះយេហូវ៉ា សិស្សគម្ពីរនិងគោលដៅក្នុងកិច្ចបម្រើ។ ខ្ញុំមិនស្ដាយក្រោយសោះឡើយ»។

. តើឱវាទអ្វីពីគម្ពីរអាចជួយបុគ្គលវ័យក្មេងម្នាក់សម្រេចចិត្ដថាគាត់មានបំណងយ៉ាងណាចំពោះជីវិតរបស់គាត់?

ព្រះយេហូវ៉ាដឹងអំពីអ្វីដែលប្រសើរបំផុតសម្រាប់អ្នក។ ម៉ូសេបាននិយាយថា«សេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ព្រមទាំងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ដ អស់ពីព្រលឹងឯងផង ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្ដផងព្រះយេហូវ៉ា នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង»។ (ចោ. ១០:១២, ១៣) កាលដែលអ្នកនៅក្មេង សូមជ្រើសរើសយកអាជីពដែលនឹងជួយអ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ានិងឲ្យបម្រើលោក«អស់ពីចិត្ដ អស់ពីព្រលឹង»របស់អ្នក។ អ្នកអាចមានទំនុកចិត្ដថាការធ្វើបែបនេះនឹង«ជាសេចក្ដីល្អ»ដល់អ្នក។

គាត់បានយល់តម្លៃនៃឯកសិទ្ធិរបស់គាត់ក្នុងកិច្ចបម្រើ

. សូមពន្យល់អំពីមូលហេតុដែលម៉ូសេប្រហែលជាពិបាកបំពេញភារកិច្ចរបស់គាត់។

ម៉ូសេបាន«ចាត់ទុកការរងការជេរប្រមាថក្នុងនាមជាគ្រិស្ដថាជាទ្រព្យវិសេសជាងទ្រព្យទាំងអស់ក្នុងស្រុកអេស៊ីប»។ (ហេ. ១១:២៦) ម៉ូសេបានត្រូវតែងតាំងជា«គ្រិស្ដ»«អ្នកដែលលោកបានរើសតាំង» ក្នុងន័យថា ព្រះយេហូវ៉ាបានជ្រើសរើសគាត់ឲ្យដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ ម៉ូសេបានដឹងថា ការធ្វើតាមបង្គាប់នេះនឹងជាការពិបាក ថែមទាំងជា«ការរងការជេរប្រមាថ»ទៀតផង។ មុននេះ ជនជាតិអ៊ីស្រាអែលម្នាក់បានចំអកឲ្យគាត់ថា«តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា?»។ (និក្ខ. ២:១៣, ១៤) ក្រោយមក ម៉ូសេផ្ទាល់បានសួរព្រះយេហូវ៉ាថា តើផារ៉ូ«ធ្វើដូចម្ដេចឲ្យស្ដាប់តាមទូលបង្គំបាន?»។ (និក្ខ. ៦:១២) ដើម្បីត្រៀមខ្លួននិងដើម្បីប្រឈមមុខនឹងការជេរប្រមាថ ម៉ូសេបានជម្រាបព្រះយេហូវ៉ាអំពីការភ័យខ្លាចនិងកង្វល់របស់គាត់។ តើព្រះយេហូវ៉ាបានជួយម៉ូសេយ៉ាងដូចម្ដេចឲ្យបំពេញភារកិច្ចដ៏ពិបាករបស់គាត់?

១០. តើព្រះយេហូវ៉ាបានជួយម៉ូសេយ៉ាងដូចម្ដេចឲ្យបំពេញភារកិច្ចរបស់គាត់?

១០ ទី១ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្ដម៉ូសេថា«អញនឹងនៅជាមួយនឹងឯងជាប្រាកដ»។ (និក្ខ. ៣:១២) ទី២ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់មានសេចក្ដីសង្ឃឹមនិងចិត្ដក្លាហានដោយពន្យល់ផ្នែកមួយនៃអត្ថន័យនៃនាមរបស់លោកថា«អញជាព្រះដ៏ជាព្រះ»ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំនឹងក្លាយទៅជា។ * (និក្ខ. ៣:១៤) ទី៣ លោកបានឲ្យម៉ូសេមានឫទ្ធានុភាពធ្វើការអស្ចារ្យដែលបញ្ជាក់ថាព្រះពិតជាបានចាត់ម៉ូសេឲ្យមកមែន។ (និក្ខ. ៤:២-) ទី៤ ព្រះយេហូវ៉ាបានជ្រើសរើសអេរ៉ុនឲ្យនិយាយជំនួសម៉ូសេនិងឲ្យជួយគាត់បំពេញភារកិច្ចរបស់គាត់។ (និក្ខ. ៤:១៤-១៦) នៅចុងបញ្ចប់នៃជីវិតរបស់ម៉ូសេ គាត់បានជឿជាក់យ៉ាងខ្លាំងថាព្រះជួយអ្នកបម្រើរបស់លោកឲ្យបំពេញភារកិច្ចណាក៏ដោយដែលលោកប្រគល់ឲ្យពួកគេ។ ហេតុនេះដោយមានទំនុកចិត្ដ គាត់អាចប្រាប់យ៉ូស្វេដែលជាអ្នកស្នងតំណែងគាត់ថា«គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្ដឲ្យសោះ»។—ចោ. ៣១:៨

១១. ហេតុអ្វីម៉ូសេបានចាត់ទុកភារកិច្ចរបស់គាត់ថាមានតម្លៃខ្លាំង?

១១ ដោយមានការគាំទ្រពីព្រះយេហូវ៉ា ម៉ូសេបានចាត់ទុកភារកិច្ចដ៏ពិបាករបស់គាត់ថាមានតម្លៃខ្លាំងជាង«ទ្រព្យទាំងអស់នៅស្រុកអេស៊ីប»ទៅទៀត។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងការបម្រើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ។ ការធ្វើជាអ្នកអង្គម្ចាស់នៅស្រុកអេស៊ីប គឺគ្មានតម្លៃសោះបើប្រៀបធៀបនឹងការធ្វើជា«គ្រិស្ដ»អ្នកដែលព្រះយេហូវ៉ាបានរើសតាំង។ ម៉ូសេបានទទួលរង្វាន់ដោយសារគាត់ចេះដឹងគុណ។ គាត់មានភាពជិតស្និទ្ធជាពិសេសជាមួយនឹងព្រះយេហូវ៉ាដែលបានជួយគាត់ឲ្យបង្ហាញ«ការស្ញែងខ្លាចយ៉ាងធំ»ឫទ្ធានុភាពដ៏គួរឲ្យស្ញែងខ្លាច កាលដែលគាត់នាំជនជាតិអ៊ីស្រាអែលទៅស្រុកដែលព្រះបានសន្យា។—ចោ. ៣៤:១០-១២

១២. តើយើងគួរដឹងគុណចំពោះឯកសិទ្ធិអ្វីខ្លះពីព្រះយេហូវ៉ា?

១២ យើងក៏មានភារកិច្ចមួយដែរ។ តាមរយៈបុត្ររបស់លោក ព្រះយេហូវ៉ាបានចាត់តាំងយើងឲ្យបំពេញកិច្ចបម្រើ ដូចលោកបានចាត់តាំងសាវ័កប៉ូលនិងអ្នកទៀត។ (សូមអាន ធីម៉ូថេទី១ ១:១២-១៤) យើងទាំងអស់គ្នាមានឯកសិទ្ធិប្រកាសដំណឹងល្អ។ (ម៉ាថ. ២៤:១៤;  ២៨:១៩, ២០) បងប្អូនខ្លះធ្វើជាអ្នកបម្រើពេញពេល។ បងប្រុសដែលបានទទួលការជ្រមុជទឹក ហើយមានភាពចាស់ទុំបម្រើអ្នកទៀតនៅក្នុងក្រុមជំនុំ ជាជំនួយការខាងកិច្ចបម្រើ និងជាអ្នកចាស់ទុំ។ ប៉ុន្ដែ ក្រុមគ្រួសាររបស់អ្នកដែលមិនមែនជាអ្នកជឿ និងអ្នកទៀតប្រហែលជាសង្ស័យថាឯកសិទ្ធិទាំងនេះគឺគ្មានតម្លៃទេ ឬថែមទាំងដៀលត្មះអ្នកចំពោះការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទៀតផង។ (ម៉ាថ. ១០:៣៤-៣៧) បើពួកគេមានជោគជ័យក្នុងការធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ដ នោះអ្នកអាចចាប់ផ្ដើមឆ្ងល់ថា ការលះបង់របស់អ្នក មានប្រយោជន៍មិនមាន ឬសង្ស័យថាអ្នកពិតជាអាចបំពេញភារកិច្ចរបស់អ្នក ឬមិនអាច។ បើនោះកើតឡើងដល់អ្នក តើតាមរបៀបណាជំនឿនឹងជួយអ្នកឲ្យស៊ូទ្រាំ?

១៣. តើតាមរបៀបណាព្រះយេហូវ៉ាជួយយើងឲ្យបំពេញភារកិច្ចដែលលោកផ្ដល់ឲ្យយើង?

១៣ ចូរអធិដ្ឋានសុំការគាំទ្រពីព្រះយេហូវ៉ា ដោយមានជំនឿថាលោកនឹងជួយអ្នក។ ចូរប្រាប់លោកអំពីការភ័យខ្លាចនិងកង្វល់របស់អ្នក។ ដោយសារព្រះយេហូវ៉ាប្រគល់ភារកិច្ចឲ្យអ្នក នោះលោកនឹងជួយអ្នកឲ្យមានជោគជ័យ។ តើតាមរបៀបណា? គឺតាមរបៀបដូចគ្នានឹងរបៀបដែលលោកបានជួយម៉ូសេ។ ទី១ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្ដអ្នកថា«អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ (អេ. ៤១:១០) ទី២ លោករំលឹកអ្នកថាអ្នកអាចទុកចិត្ដលើសេចក្ដីសន្យារបស់លោកដែលថា«អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង»។ (អេ. ៤៦:១១) ទី៣ ព្រះយេហូវ៉ាបានឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា» ដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើង។ (២កូ. ៤:៧) ទី៤ ដើម្បីជួយអ្នកឲ្យស៊ូទ្រាំក្នុងភារកិច្ចរបស់អ្នក បិតារបស់យើងដែលចេះយកចិត្ដទុកដាក់ ឲ្យអ្នកនូវបងប្អូនរួមជំនឿនៅទូទាំងពិភពលោកដែលជាអ្នកគោរពប្រណិប័តន៍ពិតដែល«បន្ដសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (១ថែ. ៥:១១) ពេលព្រះយេហូវ៉ាឲ្យអ្នកនូវអ្វីដែលអ្នកត្រូវការដើម្បីបំពេញភារកិច្ចរបស់អ្នកដោយជោគជ័យ នោះជំនឿរបស់អ្នកលើលោកនឹងកាន់តែមាំមួន។ ជាលទ្ធផល អ្នកនឹងឲ្យតម្លៃចំពោះឯកសិទ្ធិរបស់អ្នកក្នុងកិច្ចបម្រើលោក ខ្លាំងជាងទ្រព្យសម្បត្ដិទាំងអស់ក្នុងពិភពលោក។

«គាត់សម្លឹងចំទៅរង្វាន់»

១៤. ហេតុអ្វីម៉ូសេបានប្រាកដថាគាត់នឹងទទួលរង្វាន់?

១៤ ម៉ូសេបាន«សម្លឹងចំទៅរង្វាន់»។ (ហេ. ១១:២៦) ទោះជាមានអ្វីជាច្រើនស្ដីអំពីអនាគតដែលម៉ូសេមិនបានដឹងក៏ដោយ គាត់បានឲ្យអ្វីបន្ដិចបន្ដួចដែលគាត់បានដឹង ណែនាំការសម្រេចចិត្ដរបស់គាត់។ ដូចអាប្រាហាំដែលជាបុព្វបុរសរបស់គាត់ ម៉ូសេជឿជាក់ថាព្រះយេហូវ៉ាអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (លូក. ២០:៣៧, ៣៨; ហេ. ១១:១៧-១៩) សេចក្ដីសង្ឃឹមអំពីពរនៅពេលអនាគតបានជួយម៉ូសេមិនឲ្យចាត់ទុក៤០ឆ្នាំនៃជីវិតជាជនភៀសខ្លួន និង៤០ឆ្នាំនៃជីវិតនៅតំបន់ស្ងាត់ជ្រងំថាជាជីវិតអសារឥតការឡើយ។ ទោះជាម៉ូសេមិន ដឹងច្បាស់អំពីរបៀបដែលព្រះនឹងធ្វើតាមអ្វីដែលលោកបានសន្យាក៏ដោយ គាត់មានជំនឿខ្លាំងលើព្រះយេហូវ៉ារហូតដល់គាត់ហាក់ដូចជាអាចឃើញរង្វាន់របស់គាត់នាអនាគត។

១៥, ១៦. () ហេតុអ្វីយើងត្រូវផ្ដោតអារម្មណ៍ទៅលើរង្វាន់? () តើអ្នកកំពុងទន្ទឹងរង់ចាំពរអ្វីខ្លះក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ?

១៥ តើអ្នក«សម្លឹងចំទៅរង្វាន់»របស់អ្នកទេ? ដូចម៉ូសេ យើងនៅតែមិនដឹងច្បាស់អំពីរបៀបដែលសេចក្ដីសន្យារបស់ព្រះនឹងបានសម្រេច។ ជាឧទាហរណ៍ យើង«មិនដឹងថាពេលណាជាពេលកំណត់»សម្រាប់គ្រាទុក្ខវេទនាជាខ្លាំងឡើយ។ (ម៉ាក. ១៣:៣២, ៣៣) ប៉ុន្ដែ យើងដឹងអំពីសួនឧទ្យាននាអនាគតច្រើនជាងម៉ូសេឆ្ងាយណាស់។ ទោះជាគ្មានព័ត៌មានល្អិតល្អន់ទាំងអស់ក៏ដោយ យើងមានសេចក្ដីសន្យារបស់ព្រះអំពីជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ គ្រប់គ្រាន់ដើម្បី«សម្លឹងចំទៅ»ជីវិតនៅពេលនោះ។ ការឃើញរូបភាពនៃពិភពលោកថ្មីច្បាស់ក្នុងគំនិតនឹងជំរុញយើងឲ្យស្វែងរករាជាណាចក្រជាមុន។ តើតាមរបៀបណា? សូមពិចារណាថា តើអ្នកនឹងទិញផ្ទះមួយ បើអ្នកមិនសូវដឹងអំពីផ្ទះនោះឬ? អ្នកប្រាកដជាមិនទិញទេ! ស្រដៀងគ្នាដែរ យើងនឹងមិនប្រើជីវិតរបស់យើងដើម្បីព្យាយាមធ្វើឲ្យសេចក្ដីសង្ឃឹមមួយដែលស្រពេចស្រពិលបានសម្រេចឡើយ។ ជំនឿរបស់យើងគួរជួយយើងឲ្យឃើញរូបភាពច្បាស់អំពីជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។

១៦ ដើម្បីឃើញរូបភាពច្បាស់ក្នុងគំនិតរបស់អ្នកអំពីរាជាណាចក្រព្រះ សូម«សម្លឹងចំទៅ» ពោលគឺស្រមៃគិតអំពីជីវិតរបស់អ្នកនៅសួនឧទ្យាន។ ជាឧទាហរណ៍ ពេលអ្នកសិក្សាអំពីជីវិតរបស់បុគ្គលក្នុងគម្ពីរដែលរស់នៅមុនសម័យគ្រិស្ដសាសនិក សូមពិចារណាអំពីអ្វីដែលអ្នកប្រហែលជាសួរពួកគាត់ ពេលពួកគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ។ សូមស្រមៃគិតថាពួកគាត់ប្រហែលជានឹងសួរអ្នកអ្វីខ្លះអំពីជីវិតរបស់អ្នកក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ សូមស្រមៃគិតថាអ្នកនឹងរំភើបចិត្ដយ៉ាងណាពេលអ្នកជួបបុព្វបុរសរបស់អ្នកតាំងពីសតវត្សរ៍មុនៗ ហើយបង្រៀនពួកគាត់អំពីអ្វីទាំងអស់ដែលព្រះបានធ្វើដើម្បីពួកគាត់។ សូមស្រមៃគិតថាអ្នកអរសប្បាយយ៉ាងណាកាលដែលអ្នករៀនអំពីសត្វព្រៃជាច្រើនដោយសង្កេតមើលវានៅលើផែនដីដ៏សុខសាន្ដ។ សូមរំពឹងគិតថាអ្នកនឹងមានអារម្មណ៍ជិតស្និទ្ធជាងយ៉ាងណានឹងព្រះយេហូវ៉ាកាលដែលអ្នកក្លាយទៅជាល្អឥតខ្ចោះបន្ដិចម្ដងៗ។

១៧. តើការឃើញរូបភាពច្បាស់ក្នុងគំនិតអំពីរង្វាន់របស់យើងនៅអនាគតអាចជួយយើងយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

១៧ ការឃើញរូបភាពច្បាស់ក្នុងគំនិតរបស់យើងអំពីរង្វាន់នៅអនាគត ជួយយើងឲ្យស៊ូទ្រាំ ឲ្យមានអំណរនិងឲ្យធ្វើការសម្រេចចិត្ដដោយដឹងថាយើងនឹងរស់ជារៀងរហូត។ ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងថា«ប្រសិនបើយើងសង្ឃឹមឲ្យបានអ្វីដែលយើងមិនទាន់ទទួល នោះយើងបន្ដរង់ចាំទទួលដោយស៊ូទ្រាំទៀតផង»។ (រ៉ូម ៨:២៥) ប៉ុន្ដែនេះមិនគ្រាន់តែសំដៅលើពួកអ្នករើសតាំងប៉ុណ្ណោះទេ គឺសំដៅលើគ្រិស្ដសាសនិកទាំងអស់ដែលមានសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់។ ទោះជាយើងមិនទាន់បានទទួលរង្វាន់របស់យើងក៏ដោយ សេចក្ដីសង្ឃឹមរបស់យើងគឺខ្លាំងដល់ម៉្លេះបានជាយើងបន្ដរង់ចាំ«រង្វាន់»ដោយចិត្ដអត់ធ្មត់។ ដូចម៉ូសេ យើងមិនចាត់ទុកឆ្នាំដែលយើងចំណាយក្នុងកិច្ចបម្រើព្រះយេហូវ៉ាថាជាពេលដែលឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ យើងជឿជាក់ថា«អ្វីដែលយើងមើលឃើញ គឺគ្រាន់តែបណ្ដោះអាសន្ន តែអ្វីដែលយើងមើលមិនឃើញ នោះស្ថិតស្ថេរជារៀងរហូត»។—សូមអាន កូរិនថូសទី២ ៤:១៦-១៨

១៨, ១៩. () ហេតុអ្វីយើងត្រូវតយុទ្ធដើម្បីរក្សាជំនឿរបស់យើង? () តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?

១៨ ជំនឿជួយយើងឲ្យឃើញ«ភ័ស្ដុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។ (ហេ. ១១:១) មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតមិនឃើញតម្លៃពិសេសនៃការបម្រើព្រះយេហូវ៉ាទេ។ ចំពោះបុគ្គលបែបនេះ ឯកសិទ្ធិក្នុងការបម្រើព្រះយេហូវ៉ាគឺជា«រឿងផ្ដេសផ្ដាស»។ (១កូ. ២:១៤) ប៉ុន្ដែ យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ហើយឃើញការប្រោសឲ្យរស់ឡើងវិញ នេះជាអ្វីដែលពិភពលោកមិនអាចស្រមៃឃើញឡើយ។ ដូចពួកទស្សនវិទូនៅសម័យប៉ូលដែលបានហៅគាត់ថាជាមនុស្ស«ព្រោកប្រាជ្ញ»ដែលគ្មានចំណេះវិជ្ជា មនុស្សភាគច្រើនសព្វថ្ងៃនេះគិតថាសេចក្ដីសង្ឃឹមដែលយើងផ្សព្វផ្សាយគឺជារឿងផ្ដេសផ្ដាសទាំងស្រុង។—សកម្ម. ១៧:១៨

១៩ ដោយសារនៅជុំវិញយើងមានមនុស្សដែលគ្មានជំនឿ នោះយើងត្រូវតយុទ្ធដើម្បីរក្សាជំនឿរបស់យើង។ ចូរអធិដ្ឋានអង្វរព្រះយេហូវ៉ា«កុំឲ្យជំនឿរបស់អ្នកចុះខ្សោយ»។ (លូក. ២២:៣២) ដូចម៉ូសេ ចូរឃើញច្បាស់ក្នុងគំនិតនូវផលវិបាកដែលមកពីអំពើខុសឆ្គង ឯកសិទ្ធិដើម្បីបម្រើព្រះយេហូវ៉ានិងសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់។ តើនោះជាអ្វីទាំងអស់ដែលយើងរៀនពីគំរូរបស់ម៉ូសេឬ? មិនមែនទេ។ នៅអត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលរបៀបដែលជំនឿបានជួយម៉ូសេឲ្យឃើញ«លោកដែលមនុស្សមើលពុំឃើញ»។—ហេ. ១១:២៧

^ ???? 10 បណ្ឌិតម្នាក់ខាងគម្ពីរបានពន្យល់ពាក្យនៅនិក្ខមនំ ៣:១៤ ហើយបាននិយាយថា គ្មានអ្វីអាចរារាំងព្រះយេហូវ៉ាមិនឲ្យសម្រេចបំណងប្រាថ្នារបស់លោកឡើយ។ គាត់បានសរសេរថា«នាមនេះ[យេហូវ៉ា]នឹងជាបន្ទាយរបស់អ៊ីស្រាអែល»។ នាមនេះនឹងផ្ដល់ឲ្យពួកគេនូវសេចក្ដីសង្ឃឹមនិងការសម្រាលទុក្ខដែលពួកគេត្រូវការ។