លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?

តើអ្នកកំពុងជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?

«ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត»។—១ពេ. ៣:១២

. តើអង្គការណាបានជំនួសប្រជាជាតិអ៊ីស្រាអែល ជារាស្ដ្រដែលព្រះបានជ្រើសរើស? (សូមមើលរូបភាពនៅដើមអត្ថបទ)។

សព្វថ្ងៃនេះ រាស្ដ្ររបស់ព្រះយេហូវ៉ានៅផែនដីគោរពប្រណិប័តន៍លោកតាមរបៀបដែលធ្វើឲ្យលោកពេញចិត្ដ។ នៅអតីតកាល សមាជិកនៃប្រជាជាតិអ៊ីស្រាអែលគឺជារាស្ដ្រដែលព្រះបានជ្រើសរើស។ ប៉ុន្ដែពួកគេបានទៅជាអ្នកក្បត់ជំនឿ។ ហេតុនេះ ព្រះយេហូវ៉ាបានបង្កើតប្រជាជាតិថ្មីមួយដែលជាពួកអ្នកកាន់តាមគ្រិស្ដ។ ពួកគេបានក្លាយទៅជាអង្គការមួយដែលធ្វើជាតំណាងព្រះយេហូវ៉ា។ ទោះជាក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៧០ គ.ស.ក៏ដោយ អង្គការនោះមិនបានត្រូវបំផ្លាញចោលឡើយ។ (លូក. ២១:២០, ២១) នៅគ្រាចុងក្រោយបង្អស់នេះ ប្រជាជាតិថ្មីនោះបានត្រូវរៀបចំឡើងដើម្បីធ្វើជាតំណាងព្រះយេហូវ៉ា។ អង្គការនោះនឹងមិនត្រូវបំផ្លាញចោលឡើយ ពេលពិភពលោករបស់សាថាននឹងត្រូវបំបាត់ចោលជារៀងរហូត។ (២ធី. ៣:១) ហេតុអ្វីយើងអាចដឹងប្រាកដអំពីរឿងនោះ?

. តើលោកយេស៊ូបានរៀបរាប់យ៉ាងដូចម្ដេចអំពី«ទុក្ខវេទនាជាខ្លាំង»? តើទុក្ខវេទនានោះនឹងចាប់ផ្ដើមនៅពេលណា?

លោកយេស៊ូបានទាយអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ថា«នឹង មានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។ (ម៉ាថ. ២៤:៣, ២១) ទុក្ខវេទនានោះនឹងចាប់ផ្ដើមពេលព្រះយេហូវ៉ាបំផ្លាញចោល«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាសាសនាមិនពិតទាំងអស់។ លោកនឹងប្រើរដ្ឋាភិបាលរបស់មនុស្សដើម្បីធ្វើដូច្នេះ។ (បប. ១៧:៣-៥, ១៦) តើអ្វីនឹងកើតឡើងបន្ទាប់មក?

ការវាយប្រហាររបស់សាថាននាំឲ្យមានសង្គ្រាមហាម៉ាគេដូន

. ក្រោយពីសាសនាមិនពិតបានត្រូវបំផ្លាញចោល តើអ្វីនឹងកើតឡើងដល់រាស្ដ្ររបស់ព្រះយេហូវ៉ា?

ក្រោយពីសាសនាមិនពិតបានត្រូវបំផ្លាញចោល សាក្សីព្រះយេហូវ៉ាគឺជាអង្គការសាសនាតែមួយគត់ដែលនៅសល់លើផែនដី។ បន្ទាប់មក សាថាននិងពិភពលោករបស់វានឹងវាយប្រហារអ្នកបម្រើរបស់ព្រះ។ ពេលនោះ រាស្ដ្ររបស់ព្រះយេហូវ៉ានឹងហាក់ដូចជាគ្មានអ្វីការពារ។ គម្ពីរចែងអំពី«កុកនៃស្រុកម៉ាកុក»ថា«ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង នឹងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក»។ ប៉ុន្ដែការវាយប្រហារនោះគឺជាកំហុសដ៏ធំមួយ!—អេស. ៣៨:១, ២,-១២

៤, ៥. តើព្រះយេហូវ៉ានឹងធ្វើអ្វី ពេលរាស្ដ្ររបស់លោកទទួលការវាយប្រហារ?

ពេលសាថាននិងអ្នកកាន់តាមវាវាយប្រហាររាស្ដ្ររបស់ព្រះយេហូវ៉ា គឺហាក់ដូចជាពួកគេកំពុងវាយប្រហារលោក។ (សូមអាន សាការី ២:៨) តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណានៅពេលនោះ? ភ្លាមនោះ មហាក្សត្រនៃសកលលោកនឹងសង្គ្រោះរាស្ដ្ររបស់លោក។ លោកនឹងមិនអនុញ្ញាតឲ្យពួកគេត្រូវបំផ្លាញចោលឡើយ។ ក្រោយពីសង្គ្រោះរាស្ដ្ររបស់លោក ព្រះយេហូវ៉ានឹងចាប់ផ្ដើមសង្គ្រាមហាម៉ាគេដូន ហើយនឹងបំផ្លាញចោលពិភពលោករបស់សាថានទាំងស្រុង។—បប. ១៦:១៤, ១៦

យេរេមាបានទាយថាព្រះយេហូវ៉ានឹងតយុទ្ធប្រឆាំងប្រជាជាតិនានានៅសង្គ្រាមហាម៉ាគេដូន ដោយនិយាយថា«‹ទ្រង់នឹងកើតក្ដីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា៖ ‹មើល! សេចក្ដីអាក្រក់នឹងចេញពីនគរដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត។ នៅថ្ងៃនោះ សាកសពនៃមនុស្សដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្ដាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី›»។ (យេ. ២៥:៣១-៣៣) សង្គ្រាមហាម៉ាគេដូននឹងធ្វើឲ្យពិភពលោករបស់សាថានលែងមានទៀត។ ប៉ុន្ដែអង្គការរបស់ព្រះយេហូវ៉ានឹងនៅស្ថិតស្ថេរ។

ហេតុអ្វីអង្គការរបស់ព្រះយេហូវ៉ាបន្ដរីកចម្រើន?

៦, ៧. () តើ«មនុស្សមួយក្រុមធំ»មកពីណា? () តើមានការកើនឡើងអ្វីខ្លះក្នុងប៉ុន្មានឆ្នាំនេះ??

សព្វថ្ងៃនេះ ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះបន្ដរីកចម្រើន ដោយសារអង្គការនោះមានពេញទៅដោយមនុស្សសុចរិតដែលព្រះពេញចិត្ដ។ គម្ពីរចែងថា«ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ»។ (១ពេ. ៣:១២) មនុស្សសុចរិតទាំងនេះរួមមាន«មនុស្សមួយក្រុមធំ» ពោលគឺមនុស្សមួយចំនួនធំដែលនឹងរួចជីវិតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:៩, ១៤) សូមស្រមៃគិតថាអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលអ្នករួចជីវិតពីគ្រាទុក្ខវេទនាដ៏ខ្លាំងនេះ ហើយនៅក្នុងចំណោមមនុស្សមួយក្រុមធំ!

មនុស្សមួយក្រុមធំនេះមកពីគ្រប់ប្រជាជាតិ។ គឺកិច្ចការផ្សព្វផ្សាយដែលកំពុងប្រមូលពួកគេមក។ លោកយេស៊ូបានទាយថា«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:១៤) ហេតុនេះហើយបានជាកិច្ចការសំខាន់ចម្បងរបស់រាស្ដ្រព្រះ គឺ ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ជាលទ្ធផល មនុស្សរាប់លាននាក់កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូន. ៤:២៣, ២៤) ជាឧទាហរណ៍ រវាងឆ្នាំ២០០៣និងឆ្នាំ២០១២ មនុស្សជាង២.៧០៧.០០០នាក់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹក។ សព្វថ្ងៃនេះ មានសាក្សីព្រះយេហូវ៉ាជាង៧.៩០០.០០០នាក់ ហើយជារៀងរាល់ឆ្នាំមនុស្សរាប់លាននាក់ទៀតចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ដ។ យើងអរសប្បាយដែលចំនួនមនុស្សមួយក្រុមធំនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយយើងដឹងថាការកើនឡើងនេះគឺមកពីព្រះយេហូវ៉ា។—១កូ. ៣:៥-

. ហេតុអ្វីអង្គការព្រះយេហូវ៉ាកាន់តែធំឡើងដូច្នេះ?

ព្រះយេហូវ៉ាបានជ្រើសរើសអង្គការមួយដើម្បីជាតំណាងលោក។ អង្គការនោះធំឡើងយ៉ាងឆាប់រហ័ស។ (សូមអាន អេសាយ ៤៣:១០-១២) អេសាយបានទាយអំពីគ្រាចុងក្រោយបង្អស់ថា«អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេ. ៦០:២២) អ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ ពោលគឺ«អ៊ីស្រាអែលនៃព្រះ» ពីមុនជា«អ្នកតូចបំផុត» ប៉ុន្ដែព្រះយេហូវ៉ាបានឲ្យពរចំពោះកិច្ចការផ្សព្វផ្សាយរបស់ពួកគេ។ ចំនួនរបស់ពួកគេបានកើនឡើង កាលដែលអ្នករើសតាំងទៀតបានត្រូវនាំចូលអង្គការរបស់ព្រះ។ (កាឡ. ៦:១៦) ច្រើនឆ្នាំកន្លងមកនេះ មនុស្សរាប់លាននាក់ដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីក៏បានទទួលយកសេចក្ដីពិតដែរ។

អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង

. តើយើងត្រូវធ្វើអ្វី ដើម្បីទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់ព្រះស្ដីអំពីអនាគតដ៏អស្ចារ្យ?

ព្រះយេហូវ៉ាបានសន្យាថាយើងទាំងអស់គ្នានឹងមានអនាគតដ៏អស្ចារ្យ ទោះបីយើងជាអ្នករើសតាំង ឬនៅក្នុងចំណោមមនុស្សមួយហ្វូងធំក្ដី។ ដើម្បីទទួលប្រយោជន៍ពីសេចក្ដីសន្យានេះ យើងត្រូវធ្វើតាមបញ្ញត្ដិរបស់លោក។ (អេ. ៤៨:១៧, ១៨) ជាឧទាហរណ៍ ព្រះយេហូវ៉ាបានតម្រូវឲ្យជនជាតិអ៊ីស្រាអែលធ្វើតាមច្បាប់របស់លោក។ ច្បាប់នោះនឹងការពារពួកគេ ព្រមទាំងបង្រៀនពួកគេអំពីរបៀបដែលពួកគេអាចមានក្រុមគ្រួសារដែលមានសុភមង្គលនិងមិត្ដភក្ដិដ៏ល្អ និងបង្រៀនអំពីរបៀបរកស៊ីដោយទៀងត្រង់ និងរបៀបប្រព្រឹត្ដចំពោះអ្នកទៀតដោយសប្បុរស។ (និក្ខ. ២០:១៤; លេវី. ១៩:១៨, ៣៥-៣៧; ចោ. ៦:៦-) សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ បញ្ញត្ដិរបស់ព្រះការពារយើង ហើយមានប្រយោជន៍សម្រាប់យើង។ បញ្ញត្ដិទាំងនោះមិនពិបាកពេកឲ្យយើងធ្វើតាមនោះទេ។ (សូមអាន យ៉ូហានទី១ ៥:៣) ពេលយើងធ្វើតាមបញ្ញត្ដិទាំងនោះ ជីវិតរបស់យើងមានសុភមង្គលច្រើនជាង ហើយសំខាន់ជាងនេះ ជំនឿរបស់យើងលើព្រះយេហូវ៉ាក៏កាន់តែមាំមួនជាងដែរ។—ទីត. ១:១៣

១០. ហេតុអ្វីយើងគួរធ្វើឲ្យប្រាកដថាយើងសិក្សាគម្ពីរនិងគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងទៀងទាត់?

១០ ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះកំពុងជឿនទៅមុខតាមរបៀបជាច្រើន។ អង្គការនេះជួយយើងឲ្យយល់សេចក្ដីពិតពីគម្ពីរកាន់តែច្បាស់ជាង។ នោះគឺដូចអ្វីដែលបានត្រូវសន្យាក្នុងគម្ពីរ ដែលថា«ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ (សុភ. ៤:១៨) ប៉ុន្ដែយើងម្នាក់គួរសួរខ្លួនយើងថា ‹តើខ្ញុំដឹងអំពីការផ្លាស់ប្ដូរថ្មីស្ដីអំពីរបៀបដែលយើងយល់បទគម្ពីរខ្លះទេ? តើខ្ញុំអានគម្ពីរជារៀងរាល់ថ្ងៃទេ? តើខ្ញុំចង់អានសៀវភៅថ្មីនីមួយទេ? តើខ្ញុំលៃទុកពេលមួយល្ងាចជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារទេ?›។ អ្វីទាំងនេះមិនពិបាកធ្វើទេ ប៉ុន្ដែយើងត្រូវបែងចែកពេលសម្រាប់ធ្វើវា។ គឺសំខាន់ណាស់ដែលយើងបន្ដសិក្សាបណ្ដាំរបស់ព្រះ ធ្វើតាមបណ្ដាំនោះ ហើយជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះ។ យើងត្រូវធ្វើនេះជាពិសេសនៅពេលឥឡូវនេះ ពីព្រោះគ្រាទុក្ខវេទនាជាខ្លាំងគឺជិតណាស់ហើយ!

១១. ហេតុអ្វីរាស្ដ្ររបស់ព្រះយេហូវ៉ាទៅកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាត?

 ១១ អង្គការព្រះយេហូវ៉ាលើកទឹកចិត្ដយើងឲ្យធ្វើតាមឱវាទរបស់ប៉ូល ដែលថា«ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្ដែដោយលើកទឹកចិត្ដគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។ (ហេ. ១០:២៤, ២៥) ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាទៀងទាត់និងដើម្បីទទួលការបង្ហាត់បង្រៀនពីលោក។ ការធ្វើបុណ្យខ្ទមនៅសម័យនេហេមាគឺជាឱកាសដ៏សប្បាយរីករាយមួយក្នុងចំណោមឱកាសទាំងនេះ។ (និក្ខ. ២៣:១៥, ១៦; នេហ. ៨:៩-១៨) សព្វថ្ងៃនេះ យើងក៏មានកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាតដែរ។ យើងគួរព្យាយាមមានវត្ដមាននៅគ្រប់កិច្ចប្រជុំទាំងនេះ ពីព្រោះកិច្ចប្រជុំទាំងនេះជួយយើងឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាជានិច្ច ហើយសប្បាយរីករាយក្នុងកិច្ចបម្រើលោក។—ទីត. ២:២

១២. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះកិច្ចការផ្សព្វផ្សាយ?

១២ ក្នុងនាមជាសមាជិកនៃអង្គការព្រះយេហូវ៉ា យើងត្រូវផ្សព្វផ្សាយដំណឹងល្អ។ នេះជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយចំពោះយើង។ គម្ពីរហៅកិច្ចការនេះថា«បរិសុទ្ធ»ពិសិដ្ឋ។ (រ៉ូម ១៥:១៦) ពេលយើងផ្សព្វផ្សាយ យើងកំពុងធ្វើការជាមួយនឹងព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធ»។ (១ពេ. ១:១៥; ១កូ. ៣:៩) យើងក៏រួមចំណែកក្នុងការលើកតម្កើងនាមរបស់ព្រះយេហូវ៉ាដែរ។ នេះនាំឲ្យយើងមានអំណរដើម្បីផ្សព្វផ្សាយអំពី«ដំណឹងល្អដ៏រុងរឿងរបស់ព្រះដែលមានសេចក្ដីសប្បាយ»។—១ធី. ១:១១

១៣. តើជីវិតនិងចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាអាស្រ័យទៅលើអ្វី?

១៣ ព្រះយេហូវ៉ាចង់ឲ្យយើងទទួលប្រយោជន៍ល្អបំផុត។ ហេតុនេះហើយបានជាលោកចង់ឲ្យយើងនៅជិតស្និទ្ធនឹងលោក ព្រមទាំងអង្គការរបស់លោកជានិច្ច។ យើងមានជម្រើសដូចគ្នានឹងជម្រើសដែលជនជាតិអ៊ីស្រាអែលមាន ពេលម៉ូសេបានប្រាប់ពួកគេថា«អញបានដាក់សំញែងទាំងជីវិតនឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសានៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់ទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង»។ (ចោ. ៣០:១៩, ២០) ចូររើសយកជីវិត។ ចូរស្រឡាញ់ព្រះយេហូវ៉ា ហើយមានភក្ដីភាពចំពោះលោកនិងអង្គការរបស់លោកជានិច្ច។

១៤. តើបងប្រុសម្នាក់មានអារម្មណ៍យ៉ាងណាចំពោះអង្គការរបស់ព្រះ?

១៤ បងប្រុសប៉្រាយស៍ យូសដែលបានរៀនសេចក្ដីពិតមុនឆ្នាំ១៩១៤ បានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោកអស់មួយជីវិតរបស់គាត់។ ពេលគាត់រៀបរាប់អំពីជីវប្រវត្ដិរបស់គាត់ គាត់បាននិយាយថាមេរៀនសំខាន់បំផុតដែលគាត់បានរៀន គឺនៅជិតស្និទ្ធនឹងអង្គការរបស់ព្រះយេហូវ៉ាជានិច្ច ហើយមិនពឹងផ្អែកលើគំនិតរបស់មនុស្សទេ។ នេះបានជួយគាត់ឲ្យស៊ូទ្រាំនឹងការល្បងជំនឿ ពេញមួយជីវិតរបស់គាត់។ បងយូសបាននិយាយថាវិធីតែមួយគត់ដើម្បីទទួលការពេញចិត្ដពីព្រះយេហូវ៉ា គឺធ្វើតាមការណែនាំរបស់អង្គការលោកជានិច្ច។

ចូរបន្ដជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះ

១៥. តើគំរូអ្វីក្នុងគម្ពីរបង្រៀនយើងអំពីរបៀបដែលយើងគួរប្រព្រឹត្ដ ពេលមានការកែប្រែក្នុងការយល់ដឹងរបស់យើង?

១៥ ព្រះយេហូវ៉ាចង់ឲ្យយើងគាំទ្រអង្គការរបស់លោក ហើយទទួលយកការកែប្រែក្នុងការយល់ដឹងរបស់យើងអំពីសេចក្ដីពិតពីគម្ពីរនិងក្នុងរបៀបដែលយើងផ្សព្វផ្សាយ។ នៅសតវត្សរ៍ទី១ គ្រិស្ដសាសនិកខ្លះដែលជាជនជាតិយូដានៅតែចង់ធ្វើតាមច្បាប់។ (សកម្ម. ២១:១៧-២០) ប៉ុន្ដែប៉ូលបានកែតម្រង់ពួកគេ ហើយបានជួយពួកគេឲ្យឃើញថា គឺគ្រឿងបូជារបស់លោកយេស៊ូ មិនមែនគ្រឿងបូជាជាសត្វទេ ដែលធ្វើឲ្យមនុស្សអាចទទួលការអភ័យទោសចំពោះអំពើខុសឆ្គង។ (ហេ. ១០:៥-១០) គ្រិស្ដសាសនិកដែលជាជនជាតិយូដាទាំងនេះជាច្រើននាក់បានទទួលយកឱវាទរបស់ប៉ូល ហើយបានកែប្រែគំនិតរបស់ពួកគេ។ យើងអាចរៀនមេរៀនដ៏សំខាន់មួយពីគំរូរបស់ពួកគេ។ យើងត្រូវសិក្សាគម្ពីរនិងសៀវភៅរបស់យើងយ៉ាងយកចិត្ដទុកដាក់ ហើយពេលដែលអង្គការព្រះយេហូវ៉ាធ្វើការកែប្រែ នោះយើងត្រូវទទួលយកដោយចិត្ដរាបទាប។

១៦. () ហេតុអ្វីជីវិតនៅសួនឧទ្យានគឺអស្ចារ្យ? () តើអ្នកទន្ទឹងរង់ចាំអ្វីខ្លះនៅក្នុងពិភពលោកថ្មី?

១៦ អស់អ្នកដែលរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក នឹងទទួលពរ។ ពួកអ្នករើសតាំងនឹងបម្រើជាស្ដេចជាមួយនឹងលោកយេស៊ូគ្រិស្ដនៅស្ថានសួគ៌។ (រ៉ូម ៨:១៦, ១៧) ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីទន្ទឹងរង់ចាំទទួលជីវិតដែលគ្មានទីបញ្ចប់នៅសួនឧទ្យាន។ រាស្ដ្រទាំងឡាយរបស់ព្រះយេហូវ៉ានៅទូទាំងផែនដីមានឱកាសដ៏ប្រពៃដើម្បីប្រាប់មនុស្សទៀតអំពីសេចក្ដីសង្ឃឹមនេះ។ (២ពេ. ៣:១៣) «មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្ដរីករាយ ដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ (ទំនុក. ៣៧:១១) មនុស្សនឹងមានកិច្ចការដែលធ្វើឲ្យពួកគេគាប់ចិត្ដ។ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង»។ (អេ. ៦៥:២១, ២២) គ្មានអ្នកណានឹងប្រព្រឹត្ដអាក្រក់ចំពោះអ្នកទៀតឡើយ។ ពេលនោះ គ្មានអ្នកណាជាអ្នកក្រទេ ហើយមនុស្សគ្រប់រូបនឹងមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។ (ទំនុក. ៧២:១៣-១៦) សាសនាមិនពិតនឹងលែងបង្រៀនពាក្យកុហកអំពីព្រះទៀត ពីព្រោះវានឹងលែងមានទៀត។ (បប. ១៨:៨, ២១) មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមានឱកាសដើម្បីរស់ជារៀងរហូតនៅលើផែនដី។ (អេ. ២៥:៨; សកម្ម. ២៤:១៥) បើយើងពង្រឹងចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា ហើយបន្ដជឿនទៅមុខជាមួយនឹងអង្គការរបស់លោក សេចក្ដីសន្យាដ៏អស្ចារ្យទាំងនេះនឹងកើតឡើងចំពោះយើង។

១៧. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក?

១៧ បន្ដិចទៀត ពិភពលោករបស់សាថាននឹងលែងមានទៀតហើយ។ ដើម្បីរួចជីវិត យើងត្រូវរក្សាជំនឿរបស់យើងឲ្យបានមាំមួន ហើយគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងអង្គការរបស់លោកដោយស្មោះភក្ដី។ យើងមានអារម្មណ៍ដូចដាវីឌ ពេលគាត់បានច្រៀងថា«ខ្ញុំបានសូមសេចក្ដីតែពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់»។ (ទំនុក. ២៧:៤) សូមឲ្យយើងម្នាក់នៅជិតស្និទ្ធនឹងព្រះយេហូវ៉ាជានិច្ច ហើយជឿនទៅមុខជាមួយនឹងអង្គការរបស់លោក។