លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 ជីវប្រវត្ដិ

ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ

ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ

មិនយូរក្រោយពីខ្ញុំបានរៀបការជាមួយប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំឈ្មោះអេវលិន យើងបានមកដល់ក្រុងហ៊នផេន ជាក្រុងតូចមួយនៅកន្លែងដាច់ស្រយាលនៅខេត្ដអេនតារីយ៉ូភាគខាងជើង ប្រទេសកាណាដា។ ព្រឹកនោះត្រជាក់ខ្លាំងណាស់ ពេលដែលបងប្រុសមួយបានមកទទួលយើងនៅស្ថានីយរថភ្លើង។ ក្រោយពីយើងបានញ៉ាំអាហារពេលព្រឹកយ៉ាងច្រើនជាមួយគាត់ និងប្រពន្ធព្រមទាំងកូនប្រុសរបស់គាត់ យើងដើរកាត់ព្រឹលពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ពេលរសៀលថ្ងៃនោះ នៅឆ្នាំ១៩៥៧ ខ្ញុំបានថ្លែងសុន្ទរកថាដំបូងរបស់ខ្ញុំជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ប៉ុន្ដែនៅកិច្ចប្រជុំនោះ មានមនុស្សតែប្រាំនាក់ប៉ុណ្ណោះ។ គ្មានអ្នកណាទៀតបានមកទេ។

តាមពិត ខ្ញុំមិនខ្វល់ទេ ដែលមានមនុស្សតិចណាស់មកស្ដាប់សុន្ទរកថារបស់ខ្ញុំ។ តាំងពីខ្ញុំជាកុមារ ខ្ញុំជាមនុស្សអៀនខ្មាសច្រើន។ ខ្ញុំអៀនខ្មាសខ្លាំងដល់ម៉្លេះបានជាខ្ញុំពួនពីមនុស្សពេលពួកគេមកផ្ទះរបស់យើង សូម្បីតែខ្ញុំស្គាល់ពួកគេក៏ដោយ។

ដូច្នេះអ្នកប្រហែលជាភ្ញាក់ផ្អើលដោយដឹងថា ក្នុងភារកិច្ចភាគច្រើនរបស់ខ្ញុំក្នុងអង្គការព្រះយេហូវ៉ា ខ្ញុំត្រូវតែប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ទាំងមិត្ដភក្ដិទាំងមនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់។ តើតាមរបៀបណាដែលមនុស្សអៀនខ្មាសដែលមិនមានទំនុកចិត្ដលើខ្លួនឯង អាចធ្វើដូច្នេះបាន? គឺមិនមែនដោយសារកម្លាំងរបស់ខ្លួនទេ។ ព្រះយេហូវ៉ាតែងតែបានជួយខ្ញុំឲ្យបំពេញភារកិច្ចដែលខ្ញុំបានទទួល។ លោកបានធ្វើតាមពាក្យសន្យារបស់លោកដែលថា«អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ (អេ. ៤១:១០) ជំនួយនេះច្រើនតែមកពីគ្រិស្ដសាសនិកទៀត។ សូមឲ្យខ្ញុំប្រាប់អ្នកអំពីពួកគេខ្លះ ចាប់តាំងពីពេលខ្ញុំនៅជាកុមារ។

គាត់បានប្រើគម្ពីរនិងសៀវភៅតូចមួយព័ណ៌ខ្មៅ

គឺនៅថ្ងៃមួយដែលមានពន្លឺព្រះអាទិត្យក្នុងឆ្នាំ១៩៤០ ដែលបងស្រីអេលស៊ី ហិនធីងហ្វឹតបានមកកសិដ្ឋានរបស់ក្រុមគ្រួសារយើងនៅភាគខាងត្បូងឆៀងខាង លិចនៃខេត្ដអេនតារីយ៉ូ។ ដោយសារឪពុកខ្ញុំជាមនុស្សអៀនខ្មាសដូចខ្ញុំ ម្ដាយរបស់ខ្ញុំបានបើកទ្វារ។ ឪពុកខ្ញុំនិងខ្ញុំបានអង្គុយស្ដាប់ពីខាងក្នុងផ្ទះ។ ឪពុកខ្ញុំគិតស្មានថាបងហិនធីងហ្វឹតចង់លក់អ្វីមួយ ហើយចាប់ផ្ដើមបារម្ភថាម្ដាយខ្ញុំនឹងទិញវា។ ដូច្នេះគាត់បានទៅមាត់ទ្វារដើម្បីនិយាយថាយើងមិនចាប់អារម្មណ៍ទេ។ បងហិនធីងហ្វឹតបានសួរថា«តើអ្នកនៅទីនេះមិនចាប់អារម្មណ៍រៀនគម្ពីរទេឬ?»។ ឪពុកខ្ញុំបាននិយាយថា«យើងពិតជាចាប់អារម្មណ៍រៀនគម្ពីរ»។

ឪពុកម្ដាយខ្ញុំបានត្រៀមខ្លួនទទួលយកសេចក្ដីពិតនៅពេលដែលបងស្រីហិនធីងហ្វឹតបានមកលេងយើង។ ពួកគាត់ធ្លាប់ជាប់រវល់ជាខ្លាំងក្នុងវិហាររួបរួមនៃប្រទេសកាណាដា។ ប៉ុន្ដែ ពួកគាត់បានសម្រេចចិត្ដចាកចេញពីវិហារនោះ។ ហេតុអ្វី? ដោយសារអ្នកដឹកនាំវិហារបានដាក់បញ្ជីឈ្មោះរបស់ពួកអ្នកដែលផ្ដល់លុយទៅវិហារនោះ នៅកន្លែងដែលមនុស្សទាំងអស់អាចមើលឃើញបាន។ ឈ្មោះរបស់ឪពុកម្ដាយខ្ញុំនៅជិតចុងបញ្ជីនោះ ដូច្នេះមនុស្សទាំងអស់ដឹងថាពួកគាត់បានឲ្យលុយតិចជាងអ្នកទៀត។ ទោះជាឪពុកម្ដាយខ្ញុំមិនមានលុយច្រើនក៏ដោយ អ្នកចាស់ទុំក្នុងវិហារបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់ត្រូវឲ្យច្រើនជាង។ មូលហេតុមួយទៀតដែលពួកគាត់បានចាកចេញ គឺដោយសារអ្នកដឹកនាំវិហារម្នាក់បានសារភាពថាគាត់នឹងបាត់បង់ការងាររបស់គាត់ បើគាត់បង្រៀនអ្វីដែលគាត់ពិតជាជឿ។ ដូច្នេះ យើងបានចាកចេញពីវិហារនោះ ប៉ុន្ដែយើងនៅតែចង់គោរពប្រណិប័តន៍ព្រះ ហើយរៀនអំពីលោក។

នៅពេលនោះ គេបានដាក់បម្រាមលើសាក្សីព្រះយេហូវ៉ានៅប្រទេសកាណាដា ហើយពួកសាក្សីមិនអាចផ្សព្វផ្សាយដោយសេរីទេ។ ដំបូង បងហិនធីងហ្វឹតបានបង្រៀនយើងដោយប្រើតែគម្ពីរនិងសៀវភៅតូចមួយព័ណ៌ខ្មៅដែលមានកំណត់របស់គាត់ប៉ុណ្ណោះ។ ក្រោយមក កាលដែលគាត់ដឹងថាយើងនឹងមិនក្បត់គាត់ទេ គាត់បានឲ្យយើងនូវសៀវភៅផ្សេងទៀតដែលមានមូលដ្ឋានលើគម្ពីរ។ រាល់លើកក្រោយពីយើងសិក្សាគម្ពីរ យើងបានលាក់សៀវភៅទាំងនេះដោយប្រុងប្រយ័ត្ន។ *

បងហិនធីងហ្វឹតបានផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែង ទោះជាមានការប្រឆាំងនិងបញ្ហាផ្សេងទៀតក៏ដោយ។ ចិត្ដខ្នះខ្នែងរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងលើខ្ញុំ ហើយខ្ញុំសម្រេចចិត្ដបម្រើព្រះយេហូវ៉ា។ ឪពុកម្ដាយរបស់ខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៤៨។ នៅឆ្នាំបន្ទាប់ ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានទទួលការជ្រមុជទឹកនៅស្នូកទឹកមួយដែលធម្មតាគេប្រើសម្រាប់សត្វ។ ក្រោយពីខ្ញុំបានទទួលការជ្រមុជទឹក ខ្ញុំតាំងចិត្ដធ្វើជាអ្នកត្រួយត្រាយម្នាក់។

 ព្រះយេហូវ៉ាបានជួយខ្ញុំឲ្យមានចិត្ដក្លាហាន

ខ្ញុំបានស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមត្រួសត្រាយភ្លាមៗ ដោយសារខ្ញុំបានគិតថាខ្ញុំត្រូវរកលុយខ្លះជាមុនសិន។ ដូច្នេះខ្ញុំបានចាប់ផ្ដើមធ្វើការនៅកន្លែងពីរ មួយនៅធនាគារ ហើយមួយទៀតនៅការិយាល័យ។ ប៉ុន្ដែខ្ញុំនៅក្មេងនិងមិនសូវមានបទពិសោធន៍ទេ ដូច្នេះខ្ញុំចាយលុយទាំងអស់ដែលខ្ញុំរកបាន។ បងប្រុសម្នាក់ឈ្មោះ ថេត សាចិនបានដាស់តឿនខ្ញុំឲ្យមានចិត្ដក្លាហាននិងឲ្យទុកចិត្ដព្រះយេហូវ៉ា។ (១រប. ២៨:១០) ការលើកទឹកចិត្ដដ៏សប្បុរសនេះបានជួយខ្ញុំចាប់ផ្ដើមត្រួសត្រាយនៅឆ្នាំ១៩៥១។ ខ្ញុំមានតែ៤០ដុល្លារ កង់មួយដែលគេធ្លាប់ប្រើ និងកាតាបសៀវភៅថ្មីមួយប៉ុណ្ណោះ។ ប៉ុន្ដែព្រះយេហូវ៉ាតែងតែឲ្យខ្ញុំនូវអ្វីដែលខ្ញុំពិតជាត្រូវការ។ ខ្ញុំមានចិត្ដដឹងគុណដែលបងថេតបានលើកទឹកចិត្ដខ្ញុំឲ្យត្រួសត្រាយ។ មានអ្វីល្អជាច្រើនបានកើតឡើងដោយសារការសម្រេចចិត្ដនោះ។

នៅល្ងាចមួយក្នុងខែសីហា ឆ្នាំ១៩៥២ ខ្ញុំបានទទួលការហៅទូរស័ព្ទពីបេតអែលនៅក្រុងតូរ៉ុនតូ ប្រទេសកាណាដា។ ខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យចាប់ផ្ដើមធ្វើការនៅបេតអែលក្នុងខែកញ្ញា។ ទោះជាខ្ញុំជាមនុស្សអៀនខ្មាស ហើយមិនធ្លាប់ទៅបេតអែលក្ដី ខ្ញុំរំភើបចិត្ដធ្វើការនៅទីនោះដោយសារខ្ញុំបានព័ត៌មានល្អជាច្រើនអំពីបេតអែល។ ពេលដែលខ្ញុំបានមកដល់ ខ្ញុំស្រាប់តែមានអារម្មណ៍ស្រួល។

«ចូរបង្ហាញបងប្អូនថា ប្អូនយកចិត្ដទុកដាក់ចំពោះពួកគេ»

ពីរឆ្នាំក្រោយពីខ្ញុំបានមកដល់បេតអែល ខ្ញុំបានទៅជាអ្នកទទួលខុសត្រូវ (ដែលឥឡូវនេះហៅថាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ) ក្នុងក្រុមជំនុំមួយនៅក្រុងតូរ៉ុនតូ។ ខ្ញុំបានទទួលភារកិច្ចនេះជំនួសបងបៀល យេកុស បងប្រុសម្នាក់ដែលចាស់ជាងនិងមានបទពិសោធន៍ច្រើនជាងខ្ញុំ។ ខ្ញុំមានអាយុតែ២៣ឆ្នាំប៉ុណ្ណោះ ហើយមានអារម្មណ៍ថាខ្លួនគ្មានបទពិសោធន៍។ តាមរបៀបស្លូតបូតនិងដោយចិត្ដរាបទាប បងយេកុសបង្ហាញខ្ញុំអំពីអ្វីដែលខ្ញុំត្រូវធ្វើ។ ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ។

បងយេកុសមានមាឌក្រអាញ ហើយញញឹមរាក់ទាក់។ គាត់យកចិត្ដទុកដាក់ចំពោះអ្នកទៀតដោយចិត្ដស្មោះ។ គាត់ស្រឡាញ់បងប្អូន ហើយពួកគេក៏ស្រឡាញ់គាត់ដែរ។ បងយេកុសទៅលេងពួកគេនៅផ្ទះរបស់ពួកគេជាទៀងទាត់ មិនគ្រាន់តែនៅពេលដែលពួកគេមានបញ្ហាប៉ុណ្ណោះទេ។ គាត់បានលើកទឹកចិត្ដខ្ញុំឲ្យធ្វើដូច្នេះ ហើយផ្សព្វផ្សាយជាមួយពួកគេ។ គាត់បាននិយាយថា«ខេណ ចូរបង្ហាញឲ្យបងប្អូនឃើញថា ប្អូនយកចិត្ដទុកដាក់ចំពោះពួកគេ»។

ប្រពន្ធរបស់ខ្ញុំគឺស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងខ្ញុំ

ព្រះយេហូវ៉ាបានជួយខ្ញុំតាមវិធីពិសេសមួយតាំងពីខែមករា ឆ្នាំ១៩៥៧។ នៅខែនោះ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយអេវលិន ដែលជាអ្នកធ្លាប់រៀននៅសាលាគីលាតជំនាន់ទី១៤។ មុនយើងបានរៀបការ គាត់បានបម្រើនៅខេត្ដកេបិកដែលជាខេត្ដមួយដែលនិយាយភាសាបារាំង។ ដោយសារសាសនាកាតូលិកមានអំណាចខ្លាំងនៅតំបន់នោះ អេវលិនមានការពិបាកផ្សព្វផ្សាយនៅទីនោះ។ ប៉ុន្ដែគាត់ស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយមិនបានឈប់ផ្សព្វផ្សាយឡើយ។

អេវលិនក៏បានគាំទ្រខ្ញុំដោយចិត្ដស្មោះត្រង់ដែរ។ (អេភ. ៥:៣១) ជួនកាលនេះពិបាកធ្វើ។ ជាឧទាហរណ៍ គ្រាន់តែមួយថ្ងៃក្រោយពីយើងបានរៀបការ ការិយាល័យសាខាបានសុំខ្ញុំទៅបេតអែលនៅប្រទេសកាណាដាដើម្បីចូលរួមកិច្ចប្រជុំមួយដែលមានរយៈពេលមួយសប្ដាហ៍។ ប៉ុន្ដែយើងមានគម្រោងទៅរដ្ឋហ្ល័ររីដា សហរដ្ឋអាម៉េរិកដើម្បីក្រេបច័ន្ទទឹកឃ្មុំរបស់យើង។ ដោយសារអេវលិននិងខ្ញុំចង់ធ្វើអ្វីណាក៏ដោយដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើ យើងបានផ្លាស់ប្ដូរគម្រោងរបស់យើង។ ក្នុងអំឡុងសប្ដាហ៍នោះ អេវលិនបានផ្សព្វផ្សាយជិតការិយាល័យសាខា។ ទោះជា តំបន់ផ្សព្វផ្សាយនោះគឺខុសគ្នាឆ្ងាយពីខេត្ដកេបិកក៏ដោយ គាត់បានខំអស់ពីសមត្ថភាព។

នៅចុងសប្ដាហ៍នោះ មានអ្វីមួយដែលយើងមិនបានគិតស្មានបានកើតឡើង។ ខ្ញុំទទួលភារកិច្ចជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល នៅខេត្ដអេនតារីយ៉ូភាគខាងជើង។ ខ្ញុំមានអាយុតែ២៥ឆ្នាំ ជាប្ដីទើបនឹងរៀបការថ្មីៗ ហើយគ្មានបទពិសោធន៍។ ប៉ុន្ដែយើងមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងជួយយើង។ យើងបានជិះរទេះភ្លើងដែលធ្វើដំណើរនៅពេលយប់ នៅពេលត្រជាក់ជាងគេក្នុងរដូវធ្លាក់ទឹកកកនៅប្រទេសកាណាដា។ មានអ្នកធ្វើដំណើរត្រួតពិនិត្យខ្លះដែលមានបទពិសោធន៍ ដែលត្រឡប់ទៅកន្លែងដែលគាត់ធ្វើដំណើរត្រួតពិនិត្យ បានជិះរទេះភ្លើងជាមួយយើង។ ពួកគេបានលើកទឹកចិត្ដយើងយ៉ាងខ្លាំង! បងប្រុសម្នាក់មិនចង់ឲ្យយើងអង្គុយកៅអីមិនស្រួលពេញមួយយប់ទេ។ ដូច្នេះគាត់ទទូចឲ្យយើងយកបន្ទប់របស់គាត់ដែលមានគ្រែ។ នៅព្រឹកបន្ទាប់ យើងបានធ្វើទស្សនកិច្ចក្រុមតូចនៅក្រុងហ៊នផេន ដូចខ្ញុំបានរៀបរាប់នៅដើមអត្ថបទនេះ។ នេះជាភារកិច្ចដំបូងរបស់យើង ហើយយើងទើបនឹងបានរៀបការតែ១៥ថ្ងៃប៉ុណ្ណោះ។

ប៉ុន្មានឆ្នាំក្រោយមក ជីវិតរបស់យើងមានការផ្លាស់ប្ដូរម្ដងទៀត។ នៅចុងឆ្នាំ១៩៦០ ពេលខ្ញុំបម្រើជាអ្នកត្រួតពិនិត្យប្រចាំតំបន់ ខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យមកសាលាគីលាតជំនាន់ទី៣៦ ដែលចាប់ផ្ដើមក្នុងខែកុម្ភៈ ឆ្នាំ១៩៦១។ ខ្ញុំរំភើបចិត្ដមានឱកាសដើម្បីរៀនគម្ពីរអស់១០ខែ។ ប៉ុន្ដែខ្ញុំក៏ពិបាកចិត្ដដែរ ពីព្រោះអេវលិន ដូចប្រពន្ធភាគច្រើនទៀត មិនបានទទួលសេចក្ដីអញ្ជើញឲ្យចូលរួមទេ។ គាត់ត្រូវសរសេរសំបុត្រមួយដោយប្រាប់ថាគាត់សុខចិត្ដនៅប្រទេសកាណាដា នៅពេលដែលខ្ញុំចូលសាលានៅក្រុងប៊្រុគ្លីនរដ្ឋញូវយ៉ក។ ទោះបីជាគាត់យំពេលគិតថាត្រូវនៅបែកពីខ្ញុំអស់រយៈពេលយ៉ាងយូរក្ដី យើងបានយល់ស្របគ្នាថាខ្ញុំគួរទៅសាលាគីលាត។ អេវលិនសប្បាយដែលខ្ញុំនឹងទទួលការបង្ហាត់បង្រៀនដែលមានតម្លៃនេះ។

ពេលខ្ញុំនៅក្រុងប៊្រុគ្លីន អេវលិនបានធ្វើការនៅបេតអែលប្រទេសកាណាដា។ គាត់មានឯកសិទ្ធិនៅបន្ទប់ជាមួយបងស្រីដែលជាអ្នករើសតាំងឈ្មោះម៉ាគ្រិត ឡូវិល។ អេវលិននិងខ្ញុំពិតជានឹកគ្នាខ្លាំងណាស់។ ប៉ុន្ដែព្រះយេហូវ៉ាបានជួយយើងឲ្យមានអារម្មណ៍ស្រួលក្នុងភារកិច្ចរបស់យើង។ អេវលិនសុខចិត្ដលះបង់ដើម្បីព្រះយេហូវ៉ា ហើយនេះធ្វើឲ្យខ្ញុំស្ងើចសរសើរ។

កាលដែលខ្ញុំបាននៅសាលាគីលាតតែបីខែប៉ុណ្ណោះ ខ្ញុំបានទទួលសេចក្ដីអញ្ជើញពីបងប្រុសណេថិន ន័រ ដែលពេលនោះជាអ្នកនាំមុខកិច្ចផ្សព្វផ្សាយនៅទូទាំងពិភពលោក។ គាត់បានអញ្ជើញខ្ញុំឲ្យត្រឡប់ទៅប្រទេសកាណាដាវិញដើម្បីបង្រៀនសាលាកិច្ចបម្រើរាជាណាចក្រ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំទំនងជានឹងមិនទទួលសេចក្ដីអញ្ជើញមកសាលាគីលាតម្ដងទៀតទេ បន្ទាប់ពីខ្ញុំបង្រៀនចប់នៅសាលាកិច្ចបម្រើរាជាណាចក្រនោះនៅប្រទេសកាណាដា។ បងន័របានពន្យល់ថាខ្ញុំមិនចាំបាច់ទទួលភារកិច្ចនេះទេ។ ផ្ទុយទៅវិញ ខ្ញុំអាចសម្រេចចិត្ដរៀនឲ្យចប់នៅសាលាគីលាត ក្រោយមកខ្ញុំប្រហែលជានឹងទទួលភារកិច្ចនៅប្រទេសក្រៅជាសាសនទូត។ គាត់បាននិយាយថា ខ្ញុំអាចពិភាក្សាជាមួយប្រពន្ធខ្ញុំជាមុនសិន ហើយក្រោយមកធ្វើការសម្រេចចិត្ដ។

ដោយសារខ្ញុំស្គាល់អារម្មណ៍របស់អេវលិនរួចហើយ ខ្ញុំមិនចាំបាច់សួរគាត់ទេ។ យើងទាំងពីរមានគំនិតថាយើងគួរទៅកន្លែងណាដែលអង្គការរបស់ព្រះយេហូវ៉ាចាត់ឲ្យយើងទៅ សូម្បីតែនេះមិនមែនជាកន្លែងដែលយើងចង់ទៅជាងក៏ដោយ។ ដូច្នេះ ខ្ញុំបានប្រាប់បងន័រភ្លាមថា«អ្វីណាដែលអង្គការរបស់ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ យើងសប្បាយចិត្ដធ្វើ»។

នៅខែមេសា ឆ្នាំ១៩៦១ ខ្ញុំបានត្រឡប់ទៅប្រទេសកាណាដាវិញ  ដើម្បីបង្រៀនសាលាកិច្ចបម្រើរាជាណាចក្រ។ បន្ទាប់មក អេវលិននិងខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យទៅធ្វើការនៅបេតអែលប្រទេសកាណាដា។ ក្រោយមក យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលខ្ញុំទទួលសេចក្ដីអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី៤០ ដែលនឹងចាប់ផ្ដើមនៅឆ្នាំ១៩៦៥។ លើកនេះដែរ អេវលិនត្រូវសរសេរសំបុត្រថាគាត់សុខចិត្ដនៅប្រទេសកាណាដានៅពេលដែលខ្ញុំទៅសាលា។ ប៉ុន្ដែគ្រាន់តែប៉ុន្មានសប្ដាហ៍ក្រោយពីខ្ញុំបានទទួលសេចក្ដីអញ្ជើញនេះប៉ុណ្ណោះ អេវលិនក៏បានទទួលសេចក្ដីអញ្ជើញឲ្យមកសាលាគីលាតដែរ។ យើងសប្បាយចិត្ដជាខ្លាំង!

ក្រោយពីយើងមកដល់សាលាគីលាត បងន័របានប្រាប់យើងថា យើងនឹងទៅទ្វីបអាហ្វ្រិកជាមួយនឹងសិស្សទៀតដែលកំពុងរៀនភាសាបារាំង។ យើងភ្ញាក់ផ្អើលកាលដែលយើងបានត្រូវចាត់ឲ្យទៅប្រទេសកាណាដាវិញ។ ខ្ញុំមានអាយុតែ៣៤ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំទទួលភារកិច្ចធ្វើជាអ្នកត្រួតពិនិត្យការិយាល័យសាខា។ ពេលដែលខ្ញុំរំលឹកបងន័រថាខ្ញុំនៅក្មេងណាស់ គាត់បានជួយខ្ញុំមានទំនុកចិត្ដជាង។ តាំងពីដំបូង ខ្ញុំព្យាយាមនិយាយជាមួយបងប្អូនទៀតដែលមានបទពិសោធន៍ច្រើនជាងខ្ញុំ មុនខ្ញុំធ្វើការសម្រេចចិត្ដដែលសំខាន់។

បេតអែលជាកន្លែងសម្រាប់រៀននិងបង្រៀន

កាលដែលខ្ញុំបម្រើព្រះយេហូវ៉ានៅបេតអែល ខ្ញុំមានឱកាសដ៏ល្អដើម្បីរៀនពីបងប្អូនទៀត។ ខ្ញុំកោតស្ងើច ហើយគោរពសមាជិកទៀតនៃគណៈកម្មាធិការការិយាល័យសាខា។ ខ្ញុំក៏បានរៀនច្រើនដែរពីបងប្អូនដ៏ល្អរាប់រយនាក់ទាំងក្មេងទាំងចាស់ ដែលខ្ញុំបានជួបនៅការិយាល័យសាខានេះ និងនៅក្រុមជំនុំផ្សេងដែលយើងធ្លាប់បម្រើ។

នៅបេតអែល ខ្ញុំក៏មានឱកាសដើម្បីបង្រៀននិងជួយអ្នកទៀតពង្រឹងជំនឿលើព្រះយេហូវ៉ាដែរ។ សាវ័កប៉ូលបានប្រាប់ធីម៉ូថេថា«ចូរបន្ដប្រព្រឹត្ដតាមអ្វីដែលអ្នកបានរៀន»។ ប៉ូលក៏និយាយដែរថា«សេចក្ដីដែលអ្នកបានពីខ្ញុំដោយមានការបញ្ជាក់របស់សាក្សីជាច្រើន ចូរផ្ញើទុកនឹងបុរសស្មោះត្រង់ រួចពួកគាត់នឹងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀនសេចក្ដីនោះដល់អ្នកទៀត»។ (២ធី. ២:២; ៣:១៤) រហូតដល់ឥឡូវនេះ ខ្ញុំបាននៅបេតអែលអស់៥៧ឆ្នាំហើយ។ បងប្អូនខ្លះធ្លាប់បានសួរខ្ញុំថាតើខ្ញុំបានរៀនអ្វីខ្លះ? ចម្លើយរបស់ខ្ញុំគឺស្រួល: យើងតែងតែធ្វើអ្វីដែលអង្គការព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ ហើយមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងជួយយើង។

ខ្ញុំនៅចាំច្បាស់នៅពេលដែលខ្ញុំបានមកដល់បេតអែលដំបូង។ ខ្ញុំជាបុរសវ័យក្មេងអៀនខ្មាស ហើយគ្មានបទពិសោធន៍។ ក្នុងអំឡុងជាច្រើនឆ្នាំទាំងនេះ ព្រះយេហូវ៉ាបានជួយខ្ញុំ។ លោកច្រើនតែបានប្រើបងប្អូនជាទីស្រឡាញ់ដើម្បីជួយខ្ញុំកាលដែលខ្ញុំត្រូវការជំនួយខ្លាំងបំផុត។ តាមរបៀបនេះ ព្រះយេហូវ៉ាកំពុងប្រាប់ខ្ញុំថា«កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង»។—អេ. ៤១:១៣

^ ???? 10 នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលប្រទេសកាណាដា បានអនុញ្ញាតឲ្យសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយម្ដងទៀត។