លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ

ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ

«អ្នកចង់ឲ្យមនុស្សប្រព្រឹត្ដយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្ដយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថ. ៧:១២

. តើរបៀបដែលយើងប្រព្រឹត្ដចំពោះមនុស្សពេលយើងនិយាយជាមួយនឹងពួកគេគឺសំខាន់ទេ? សូមលើកឧទាហរណ៍មួយ។ (សូមមើលរូបភាពនៅដើមអត្ថបទ)។

ប្ដីប្រពន្ធមួយគូផ្សព្វផ្សាយនៅកោះហ្វីជី ដោយអញ្ជើញគេមកពិធីរំលឹកមរណភាពរបស់គ្រិស្ដ។ ពេលពួកគាត់កំពុងនិយាយជាមួយនឹងស្ដ្រីម្នាក់នៅក្រៅផ្ទះរបស់នាង ភ្លៀងបានចាប់ផ្ដើមធ្លាក់។ បងប្រុសនោះនិងប្រពន្ធរបស់គាត់បានឲ្យឆត្រមួយទៅស្ដ្រីនោះប្រើដើម្បីជ្រកភ្លៀង។ ស្ដ្រីនោះនឹកស្ងើចក្នុងចិត្ដដល់ម៉្លេះបានជានាងសម្រេចចិត្ដចូលរួមពិធីរំលឹក។ ក្រោយមកនាងបាននិយាយថានាងមិនចាំច្រើនអំពីអ្វីដែលប្ដីប្រពន្ធនោះបានប្រាប់នាងទេ ប៉ុន្ដែបានចាំអំពីរបៀបដែលពួកគាត់បានប្រព្រឹត្ដយ៉ាងសប្បុរសចំពោះនាង។ ប្ដីប្រពន្ធនោះបានធ្វើតាមអ្វីដែលគេច្រើនតែហៅថាគោលការណ៍ដ៏ល្បីល្បាញ។

. តើគោលការណ៍ដ៏ល្បីល្បាញគឺជាអ្វី ហើយតើយើងអាចធ្វើតាមគោលការណ៍នោះយ៉ាងដូចម្ដេច?

តើគោលការណ៍ដ៏ល្បីល្បាញគឺជាអ្វី? គឺជាឱវាទដែលលោកយេស៊ូបានឲ្យ ពេលលោកបានមានប្រសាសន៍ថា«អ្នកចង់ឲ្យមនុស្សប្រព្រឹត្ដយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្ដយ៉ាងនោះចំពោះពួកគេដែរ»។ (ម៉ាថ. ៧:១២) តើតាមរបៀបណាយើងអាចធ្វើដូច្នេះ? មុនដំបូង សូមសួរខ្លួនអ្នកថា ‹បើខ្ញុំជាបុគ្គលនោះ តើខ្ញុំនឹងចង់ឲ្យគេប្រព្រឹត្ដយ៉ាងណាចំពោះខ្ញុំ?›។ បន្ទាប់មក ចូរខំអស់ពីសមត្ថភាពដើម្បីប្រព្រឹត្ដចំពោះបុគ្គលនោះតាមរបៀបនេះ។—១កូ. ១០:២៤

៣, ៤. () សូមពន្យល់អំពីមូលហេតុដែលគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូជាប់ទាក់ទងនឹងរបៀបដែលយើងប្រព្រឹត្ដចំពោះមនុស្សគ្រប់រូប។ () តើយើងនឹងពិភាក្សាអំពីអ្វីក្នុងអត្ថបទនេះ?

 តើលោកយេស៊ូបានមានប្រសាសន៍ថាយើងគួរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញនោះតែជាមួយនឹងបងប្អូនទៀតនៅក្នុងក្រុមជំនុំប៉ុណ្ណោះឬ? មិនមែនទេ លោកបានមានប្រសាសន៍អំពីរបៀបដែលយើងគួរប្រព្រឹត្ដចំពោះមនុស្សគ្រប់រូប រួមទាំងសត្រូវរបស់យើងដែរ។ (សូមអាន លូកា ៦:២៧, ២៨, ៣១, ៣៥) ដូច្នេះគឺសំខាន់ណាស់ដែរ ដែលយើងធ្វើតាមគោលការណ៍នោះ ពេលយើងផ្សព្វផ្សាយដល់អ្នកទៀត ពីព្រោះពួកគេជាច្រើននាក់ប្រហែលជានឹងទទួលយកដំណឹងល្អ ហើយបាន«ជីវិតដែលគ្មានទីបញ្ចប់»!—សកម្ម. ១៣:៤៨

ឥឡូវយើងនឹងពិភាក្សាសំណួរបួនយ៉ាងដែលយើងគួរចាំពេលយើងផ្សព្វផ្សាយ។ តើបុគ្គលដែលខ្ញុំនិយាយជាមួយ ជាអ្នកណា? តើខ្ញុំនិយាយជាមួយនឹងមនុស្សនៅកន្លែងណា? តើពេលណាជាពេលល្អបំផុតដើម្បីនិយាយជាមួយនឹងពួកគេ? តើខ្ញុំគួរនិយាយជាមួយនឹងពួកគេតាមរបៀបណា? យើងនឹងឃើញថា សំណួរទាំងនេះអាចជួយយើងឲ្យយល់ថាមនុស្សចង់ឲ្យយើងប្រព្រឹត្ដយ៉ាងណាចំពោះពួកគេ។ ក្រោយមកយើងនឹងដឹងអំពីរបៀបល្អបំផុតដើម្បីនិយាយជាមួយនឹងបុគ្គលម្នាក់ៗ។—១កូ. ៩:១៩-២៣

តើបុគ្គលដែលខ្ញុំនិយាយជាមួយជាអ្នកណា?

. តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?

បុគ្គលម្នាក់ដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ មានប្រវត្ដិនិងបញ្ហាផ្សេងពីគ្នា។ (២រប. ៦:២៩) ពេលអ្នកនិយាយជាមួយនឹងបុគ្គលណាម្នាក់ សូមសួរខ្លួនអ្នកថា ‹បើខ្ញុំជាបុគ្គលនោះ តើខ្ញុំចង់ឲ្យគេប្រព្រឹត្ដយ៉ាងណាចំពោះខ្ញុំ? តើខ្ញុំចង់ឲ្យបុគ្គលណាម្នាក់ប្រញាប់សន្និដ្ឋានអំពីខ្ញុំ ឬវិនិច្ឆ័យខ្ញុំមុនគាត់បានស្គាល់ខ្ញុំទេ? ឬតើខ្ញុំចង់ឲ្យគាត់ស្គាល់ខ្ញុំច្បាស់ទេ?›។ សំណួរទាំងនេះអាចជួយយើងឲ្យធ្វើតាមគោលការណ៍ដ៏ល្បីល្បាញនោះ ហើយពិចារណាអំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ។

៦, ៧. តើយើងគួរធ្វើយ៉ាងណា បើអ្នកណាម្នាក់ដែលយើងជួបក្នុងកិច្ចផ្សព្វផ្សាយមើលទៅដូចជាខឹង ឬខ្វះការគួរសម?

ជាឧទាហរណ៍ គ្រិស្ដសាសនិកខំអស់ពីសមត្ថភាពដើម្បីអនុវត្ដឱវាទក្នុងគម្ពីរដែលឲ្យនិយាយដោយស្លូតបូតនិងដោយគួរសម។ (កូឡ. ៤:៦) ប៉ុន្ដែយើងជាមនុស្សមិនល្អឥតខ្ចោះ។ ប្រហែលជាអ្វីមិនល្អកើតឡើងដល់យើងនៅថ្ងៃនោះ ហើយយើងនិយាយអ្វីមួយដែលក្រោយមកយើងស្ដាយក្រោយ។ (យ៉ា. ៣:២) កាលណាអ្វីនោះកើតឡើង យើងសង្ឃឹមថាបុគ្គលនោះនឹងយល់ថាធម្មតាយើងមិនមែនដូច្នោះទេ។ យើងមិនចង់ឲ្យគាត់គិតថាយើងជាមនុស្សដែលខ្វះការគួរសមឡើយ។ ការចាំចំណុចនេះជួយយើងឲ្យយល់ថាមនុស្សដែលខ្វះការគួរសមចំពោះយើង ក៏ប្រហែលជាក្រោយមកស្ដាយក្រោយចំពោះអ្វីដែលពួកគេបាននិយាយមកយើងដែរ។

ក្នុងកិច្ចបម្រើផ្សាយ បើអ្នកណាម្នាក់ដែលអ្នកជួប មើលទៅដូចជាខឹង ឬខ្វះការគួរសមចំពោះអ្នក តើអ្នកអាចខំយល់អំពីមូលហេតុដែលគាត់ប្រព្រឹត្ដដូច្នោះទេ? តើប្រហែលជាគាត់មានអារម្មណ៍តានតឹងចិត្ដដោយសារការងារនៅកន្លែងធ្វើការ ឬកិច្ចការនៅសាលាទេ? តើគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរឬ? មនុស្សជាច្រើននាក់ដែលខឹងពេលសាក្សីព្រះយេហូវ៉ាបានជួបពួកគេលើកដំបូង បានព្រមស្ដាប់ពេលសាក្សីព្រះយេហូវ៉ាប្រព្រឹត្ដចំពោះពួកគេដោយស្លូតបូតនិងដោយការគោរព។—សុភ. ១៥:១; ១ពេ. ៣:១៥

. ហេតុអ្វីយើងគួរផ្សព្វផ្សាយដំណឹងអំពីរាណាចក្រដល់«មនុស្សគ្រប់ប្រភេទ»?

យើងផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ។ នៅប៉ុន្មានឆ្នាំកន្លងទៅ បទពិសោធន៍ជាង៦០បានត្រូវបោះពុម្ពផ្សាយនៅក្នុងអត្ថបទមួយចំនួននៃទស្សនាវដ្ដីប៉មយាម ក្រោមចំណងជើងថា «គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»។ អត្ថបទទាំងនេះនិយាយអំពីមនុស្សដែលធ្លាប់ជាចោរ ជាមនុស្សប្រមឹកស្រា សមាជិកក្រុមបងធំ ឬជាអ្នកញៀនគ្រឿងញៀន។ អ្នកខ្លះទៀតធ្លាប់ជាអ្នកនយោបាយ អ្នកដឹកនាំសាសនា ឬជាបុគ្គលដែលយកចិត្ដទុកដាក់តែអាជីពរបស់ខ្លួនប៉ុណ្ណោះ។ អ្នកខ្លះជាអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ប៉ុន្ដែពួកគេទាំងអស់គ្នាបានដំណឹងល្អ បានព្រមសិក្សាគម្ពីរ បានកែប្រែជីវិតរបស់ពួកគេ ហើយ បានចូលមកក្នុងសេចក្ដីពិត។ ដូច្នេះយើងមិនគួរគិតថាមនុស្សដូចនេះនឹងមិនទទួលយកដំណឹងអំពីរាជាណាចក្រសោះឡើយ។ (សូមអាន កូរិនថូសទី១ ៦:៩-១១) «មនុស្សគ្រប់ប្រភេទ»អាចចូលមកក្នុងសេចក្ដីពិត។—១កូ. ៩:២២

តើខ្ញុំនិយាយជាមួយនឹងមនុស្សនៅកន្លែងណា?

. ហេតុអ្វីយើងគួរគោរពសិទ្ធិរបស់អ្នកទៀតជាម្ចាស់ផ្ទះ?

យើងច្រើនតែផ្សព្វផ្សាយដល់មនុស្សពេលពួកគេនៅផ្ទះរបស់ពួកគេ។ (ម៉ាថ. ១០:១១-១៣) ផ្ទះរបស់យើងគឺសំខាន់សម្រាប់យើង ហេតុនេះយើងចង់ឲ្យអ្នកទៀតគោរពសិទ្ធិរបស់យើងជាម្ចាស់ផ្ទះនិងជាម្ចាស់ទ្រព្យសម្បត្ដិដោយមិនចង់ឲ្យពួកគេប្រព្រឹត្ដដូចជាផ្ទះ ឬទ្រព្យសម្បត្ដិរបស់ពួកគេ។ យើងចង់ឲ្យផ្ទះរបស់យើងជាកន្លែងដែលយើងអាចរស់នៅដោយមានសុវត្ថិភាព និងដោយអ្នកទៀតមិនដឹងថាយើងកំពុងធ្វើអ្វី ឬមានអ្វីនោះទេ។ ពេលយើងនិយាយជាមួយនឹងម្ចាស់ផ្ទះ យើងគួរប្រព្រឹត្ដដោយបង្ហាញការគោរពចំពោះសិទ្ធិរបស់គេជាម្ចាស់ផ្ទះដែរ។—សកម្ម. ៥:៤២

១០. ពេលយើងផ្សព្វផ្សាយ តើតាមរបៀបណាយើងអាចជៀសវាងមិនធ្វើឲ្យអ្នកទៀតខឹង?

១០ យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយឧក្រិដ្ឋកម្ម ហើយម្ចាស់ផ្ទះជាច្រើនមានមន្ទិលសង្ស័យលើជនចម្លែក។ (២ធី. ៣:១-) យើងមិនគួរធ្វើអ្វីដែលនាំឲ្យគេសង្ស័យយើងទេ។ ជាឧទាហរណ៍ អ្នកគោះទ្វារមុខនៃផ្ទះមួយ។ បើគ្មានអ្នកណាឆ្លើយ អ្នកប្រហែលជាចង់មើលតាមបង្អួច ឬដើរជុំវិញផ្ទះ ដោយខំរកម្ចាស់ផ្ទះ។ អ្នកប្រហែលជាធ្វើដូច្នេះ ដោយសារអ្នកចង់រកឃើញមនុស្សឲ្យបានច្រើនបំផុត ពេលអ្នកផ្សព្វផ្សាយ។ (សកម្ម. ១០:៤២) ដោយចិត្ដស្មោះ អ្នកចង់ជួយមនុស្សឲ្យរៀនសេចក្ដីពិតអំពីព្រះ។ (រ៉ូម ១:១៤, ១៥) ប៉ុន្ដែនៅតំបន់ផ្សាយរបស់អ្នក តើការមើលតាមបង្អួច ឬដើរជុំវិញផ្ទះនឹងធ្វើឲ្យម្ចាស់ផ្ទះខឹងទេ? តើអ្នកជិតខាងរបស់គាត់អាចគិតយ៉ាងណា? យើងត្រូវមានគំនិតឈ្លាសវៃ ហើយជៀសវាងមិនធ្វើអ្វីដែលប្រហែលជាធ្វើឲ្យមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងខឹងឡើយ។ សាវ័កប៉ូលបានសរសេរថា«យើងមិនធ្វើអ្វីសោះដែលបណ្ដាលឲ្យអ្នកទៀតជំពប់ដួល ដើម្បីកុំឲ្យគេរិះគន់កិច្ចបម្រើរបស់យើង»។ (២កូ. ៦:៣) ពេលយើងគោរពសិទ្ធិរបស់ពួកគេជាម្ចាស់ផ្ទះនិងម្ចាស់ទ្រព្យសម្បត្ដិ មនុស្សនៅតំបន់ផ្សាយរបស់យើងប្រហែលជាចង់ស្គាល់សេចក្ដីពិត។—សូមអាន ពេត្រុសទី១ ២:១២

តើពេលដ៏ល្អបំផុតសម្រាប់និយាយជាមួយនឹងម្ចាស់ផ្ទះគឺពេលណា?

១១. ហេតុអ្វីយើងចង់ឲ្យអ្នកទៀតចេះគិតដល់ពេលវេលារបស់យើង?

១១ យើងភាគច្រើនរវល់ខ្លាំងណាស់។ ដើម្បីអាចសម្រេចកិច្ចការទាំងអស់បាន យើងត្រូវគ្រោងទុកជាមុន ហើយចែកពេលរបស់យើងឲ្យបានដិតដល់។ (អេភ. ៥:១៦; ភី. ១:១០) បើមានអ្វីមួយដែលយើងមិនបានរំពឹងទុកកើតឡើង ដែលតម្រូវឲ្យយើងផ្លាស់ប្ដូរកាលវិភាគរបស់យើង នោះយើងប្រហែលជាខឹង។ ហេតុនេះ យើងចង់ឲ្យអ្នកទៀតចេះគិតដល់ពេលវេលារបស់យើង ហើយក៏យល់ថាយើងប្រហែលជាគ្មានពេលច្រើនដើម្បីនិយាយជាមួយនឹងពួកគេទេ។ តើតាមរបៀបណាគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូអាចជួយយើងចេះគិតដល់ពេលវេលារបស់អ្នកទៀត?

១២. នៅតំបន់ផ្សាយរបស់យើង តើតាមរបៀបណាយើងអាចសម្រេចចិត្ដថាពេលណាជាពេលល្អបំផុតសម្រាប់និយាយជាមួយនឹងម្ចាស់ផ្ទះ?

១២ តើពេលដ៏ល្អបំផុតសម្រាប់និយាយជាមួយនឹងម្ចាស់ផ្ទះគឺពេលណា? សូមសួរខ្លួនអ្នកថា ‹នៅតំបន់ផ្សាយរបស់ខ្ញុំ ធម្មតាមនុស្សនៅផ្ទះនៅពេលណា? តើពេលណាពួកគេនឹងមានពេលស្ដាប់?›។ ជាការល្អដែលយើងកែកាលវិភាគរបស់យើងដើម្បីនិយាយជាមួយនឹងពួកគេនៅពេលនោះ។ នៅតំបន់ខ្លះក្នុងពិភពលោក ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅពេលល្ងាច ឬក្បាលព្រលប់ គឺល្អបំផុត។ បើនៅតំបន់ដែលអ្នករស់នៅគឺដូច្នោះ តើអ្នកអាចរៀបចំនិយាយជាមួយម្ចាស់ផ្ទះក្នុងអំឡុងពេលនោះទេ? (សូមអាន កូរិនថូសទី១ ១០:២៤) ព្រះយេហូវ៉ានឹងឲ្យពរចំពោះការលះបង់ដែលយើងធ្វើដើម្បីយើងអាចផ្សព្វផ្សាយដល់ម្ចាស់ផ្ទះនៅពេលដែលល្អបំផុតសម្រាប់ពួកគេ។

១៣. តើតាមរបៀបណាយើងអាចបង្ហាញការគោរពចំពោះម្ចាស់ផ្ទះ?

 ១៣ តើតាមរបៀបណាទៀតដែលយើងអាចបង្ហាញថាយើងគោរពម្ចាស់ផ្ទះ? ពេលយើងរកឃើញបុគ្គលណាម្នាក់ដែលស្ដាប់អ្វីដែលយើងផ្សាយ យើងគួរផ្សព្វផ្សាយយ៉ាងហ្មត់ចត់ ប៉ុន្ដែយើងមិនគួរនិយាយជាមួយនឹងគាត់យូរពេកទេ។ ម្ចាស់ផ្ទះប្រហែលជាបានគ្រោងធ្វើអ្វីផ្សេងទៀតដែលសំខាន់ចំពោះគាត់។ បើគាត់និយាយថាគាត់រវល់ យើងអាចនិយាយថាយើងមិននៅយូរទេ។ បន្ទាប់មកយើងគួរធ្វើដូច្នេះ ហើយនិយាយយ៉ាងខ្លី។ (ម៉ាថ. ៥:៣៧) ពេលយើងបញ្ចប់ការសន្ទនា គឺជាការល្អដែលយើងសួរថាពេលណាជាពេលល្អបំផុតសម្រាប់គាត់ដើម្បីយើងត្រឡប់មកលេងម្ដងទៀត។ អ្នកផ្សាយខ្លះនិយាយថា«ខ្ញុំសប្បាយមកលេងលោកអ្នកម្ដងទៀត។ បើខ្ញុំទូរស័ព្ទ ឬផ្ញើសារមកលោកអ្នកមុនខ្ញុំមក តើនោះល្អទេ?»។ ពេលយើងយល់ថាម្ចាស់ផ្ទះរវល់ ហើយមានគម្រោងផ្ទាល់ខ្លួន នោះយើងធ្វើតាមគំរូរបស់ប៉ូល។ គាត់មិនធ្វើអ្វីដែលល្អបំផុតសម្រាប់គាត់ទេ ប៉ុន្ដែគាត់បានធ្វើអ្វីដែលល្អបំផុតសម្រាប់«មនុស្សជាច្រើន ដើម្បីឲ្យពួកគេបានសេចក្ដីសង្គ្រោះ»។—១កូ. ១០:៣៣

តើខ្ញុំគួរនិយាយជាមួយនឹងម្ចាស់ផ្ទះតាមរបៀបណា?

១៤-១៦. () ហេតុអ្វីយើងគួរប្រាប់ម្ចាស់ផ្ទះយ៉ាងច្បាស់អំពីមូលហេតុដែលយើងមកលេង? សូមលើកឧទាហរណ៍មួយ។ () តើវិធីផ្សព្វផ្សាយអ្វី ដែលអ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់បានយល់ឃើញថាមានប្រសិទ្ធភាព?

១៤ សូមស្រមៃគិតថាមានអ្នកណាម្នាក់ទូរស័ព្ទមកអ្នក ប៉ុន្ដែអ្នកមិនស្គាល់សំឡេងរបស់គាត់ទេ។ គាត់ជាមនុស្សចម្លែក ប៉ុន្ដែគាត់សួរអ្នកថាអ្នកចូលចិត្ដបរិភោគអាហារបែបណា។ អ្នកឆ្ងល់ថាអ្នកហៅទូរស័ព្ទនោះជាអ្នកណា ហើយតើគាត់មានបំណងអ្វី? អ្នកចង់និយាយដោយសមរម្យ ដូច្នេះអ្នកប្រហែលជានិយាយជាមួយនឹងគាត់យ៉ាងខ្លី ប៉ុន្ដែបន្ទាប់មកអ្នកទំនងជា នឹងបញ្ចប់ការសន្ទនា។ ឥឡូវនេះ សូមស្រមៃគិតអំពីការហៅទូរស័ព្ទដដែលនោះ ប៉ុន្ដែលើកនេះអ្នកហៅទូរស័ព្ទនោះប្រាប់អ្នកថាគាត់ជាអ្នកណា ហើយថាការងាររបស់គាត់គឺជួយមនុស្សឲ្យបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ។ គាត់ប្រាប់អ្នកដោយស្លូតបូតថាគាត់មានព័ត៌មានខ្លះដែលប្រហែលជាជួយអ្នក។ អ្នកនឹងទំនងជាចង់ស្ដាប់គាត់។ តាមពិត យើងចង់ឲ្យមនុស្សប្រាប់ថាពួកគេជាអ្នកណា ពេលពួកគេនិយាយជាមួយនឹងយើង។ តើតាមរបៀបណាយើងអាចបង្ហាញការគោរពបែបនេះចំពោះមនុស្សដែលយើងជួប?

១៥ នៅតំបន់ផ្សាយជាច្រើន យើងគួរប្រាប់ម្ចាស់ផ្ទះយ៉ាងច្បាស់អំពីមូលហេតុដែលយើងមកលេង។ ពិតមែនតែយើងមានព័ត៌មានដែលមានប្រយោជន៍ដែលម្ចាស់ផ្ទះត្រូវការ ប៉ុន្ដែសូមស្រមៃគិតថាយើងមិនប្រាប់ថាយើងជាអ្នកណា ហើយហេតុអ្វីយើងមកទីនោះ ប៉ុន្ដែគ្រាន់តែចាប់ផ្ដើមផ្សព្វផ្សាយដោយសួរសំណួរមួយដូចនេះថា«បើលោកអ្នកអាចដោះស្រាយបញ្ហាមួយនៅក្នុងពិភពលោកនេះបាន តើអ្នកនឹងដោះស្រាយបញ្ហាអ្វី?»។ យើងសួរសំណួរនេះដើម្បីដឹងអ្វីដែលបុគ្គលនោះគិតដើម្បីយើងអាចប្រើគម្ពីរក្នុងការសន្ទនារបស់យើង។ ប៉ុន្ដែ ម្ចាស់ផ្ទះអាចឆ្ងល់ថា ‹តើជនចម្លែកនេះជាអ្នកណា ហើយហេតុអ្វីគាត់សួរខ្ញុំសំណួរនេះ? តើគាត់ចង់និយាយអំពីរឿងអ្វី?›។ យើងចង់ឲ្យម្ចាស់ផ្ទះសប្បាយនិយាយជាមួយនឹងយើង។ (ភី. ២:៣, ៤) ដូច្នេះ តើយើងអាចធ្វើអ្វី?

១៦ អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ធ្វើដូចទៅនេះ: ក្រោយពីជម្រាបសួរម្ចាស់ផ្ទះ គាត់ឲ្យខិត្ដប័ណ្ណមួយសន្លឹកដែលមានចំណងជើងថាតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? រួចនិយាយថា«ថ្ងៃនេះយើងកំពុងចែកខិត្ដប័ណ្ណនេះឲ្យមនុស្សគ្រប់រូបនៅតំបន់នេះ។ ខិត្ដប័ណ្ណនេះនិយាយអំពីសំណួរយ៉ាងដែលមនុស្សជាច្រើនសួរ។ នេះជាខិត្ដប័ណ្ណសម្រាប់បង»។ បងប្រុសនោះនិយាយថាពេលពួកគេដឹងអំពីមូលហេតុដែលគាត់មកលេងពួកគេ មនុស្សភាគច្រើនហាក់ដូចជាមានអារម្មណ៍ស្រួល ហើយគាត់ក៏ងាយស្រួលបន្ដការសន្ទនាជាង។ បន្ទាប់មកបងប្រុសយើងសួរបុគ្គលនោះថា«តើលោកអ្នកធ្លាប់គិតអំពីសំណួរទាំងនេះទេ?»។ បើម្ចាស់ផ្ទះជ្រើសរើសសំណួរមួយ បងប្រុសយើងបើកខិត្ដប័ណ្ណ ហើយពិភាក្សាអ្វីដែលគម្ពីរចែងអំពីសំណួរនោះ។ បើម្ចាស់ផ្ទះមិនជ្រើសរើសសំណួរទេ បងប្រុសយើងជ្រើសរើសសំណួរមួយ ហើយបន្ដការសន្ទនាដោយមិនធ្វើឲ្យម្ចាស់ផ្ទះអៀនខ្មាស។ មានរបៀបច្រើនយ៉ាងដើម្បីចាប់ផ្ដើមការសន្ទនា។ នៅកន្លែងខ្លះ ពេលយើងសួរសុខទុក្ខម្ចាស់ផ្ទះ យើងត្រូវធ្វើតាមទម្លាប់ខ្លះ មុនយើងប្រាប់ពួកគេអំពីមូលហេតុដែលយើងមកទីនោះ។ យើងត្រូវយល់ថាគឺសំខាន់ដែលយើងកែពាក្យផ្សាយរបស់យើងដើម្បីឲ្យម្ចាស់ផ្ទះចង់ស្ដាប់អ្វីដែលយើងផ្សព្វផ្សាយ។

ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូពេលអ្នកផ្សព្វផ្សាយ

១៧. តើមានវិធីណាខ្លះដែលយើងអាចធ្វើតាមគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូ ពេលយើងផ្សព្វផ្សាយ?

១៧ តើយើងបានរៀនអ្វី ដែលអាចជួយយើងធ្វើតាមគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូ ពេលយើងផ្សព្វផ្សាយ? យើងពិចារណាអំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ។ យើងគោរពសិទ្ធិរបស់គេជាម្ចាស់ផ្ទះនិងជាម្ចាស់ទ្រព្យសម្បត្ដិ។ យើងខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយពេលមនុស្សនៅផ្ទះ ហើយពួកគេប្រហែលជាមានពេលខ្លះដើម្បីស្ដាប់យើង។ យើងប្រើពាក្យផ្សព្វផ្សាយដែលធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយរបស់យើងចង់ស្ដាប់។

១៨. ហេតុអ្វីជាការល្អដែលយើងប្រព្រឹត្ដចំពោះមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងដូចយើងចង់ឲ្យពួកគេប្រព្រឹត្ដចំពោះយើង?

១៨ ពេលយើងប្រព្រឹត្ដដោយសប្បុរសចំពោះពួកអ្នកនៅក្នុងតំបន់ផ្សាយរបស់យើង ហើយគិតអំពីអារម្មណ៍របស់ពួកគេ នោះយើងបង្ហាញថាយើងអនុវត្ដគោលការណ៍គម្ពីរ ដែលនាំឲ្យពួកគេសរសើរបិតារបស់យើងដែលនៅស្ថានសួគ៌។ (ម៉ាថ. ៥:១៦) មនុស្សកាន់តែច្រើនប្រហែលជាចង់រៀនសេចក្ដីពិត ពេលយើងប្រព្រឹត្ដចំពោះពួកគេដោយបង្ហាញការគោរព។ (១ធី. ៤:១៦) ទោះជាមនុស្សព្រមស្ដាប់ដំណឹងអំពីរាជាណាចក្រ ឬមិនព្រមស្ដាប់ក៏ដោយ យើងនឹងដឹងថាយើងបានខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយរបស់យើង។ (២ធី. ៤:៥) ចូរយើងយកតម្រាប់សាវ័កប៉ូលដែលបានសរសេរថា«ខ្ញុំធ្វើអ្វីទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកទៀត»។ (១កូ. ៩:២៣) សូមឲ្យយើងទាំងអស់គ្នាធ្វើតាមគោលការណ៍ដ៏ល្បីល្បាញរបស់លោកយេស៊ូ ពេលយើងនិយាយជាមួយនឹងអ្នកទៀត។