លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

បាត់បង់ឪពុក ហើយរកឃើញឪពុកម្នាក់ទៀត

បាត់បង់ឪពុក ហើយរកឃើញឪពុកម្នាក់ទៀត

ឪពុករបស់ខ្ញុំបានកើតនៅក្រុងហ្គ្រាស នាប្រទេសអូទ្រីស នៅឆ្នាំ១៨៩៩ ដូច្នេះគាត់ជាយុវជនក្នុងអំឡុងសង្គ្រាមលោកលើកទី១។ ពេលសង្គ្រាមលោកលើកទី២បានចាប់ផ្ដើមនៅឆ្នាំ១៩៣៩ គាត់បានត្រូវគេកែនឲ្យចូលកងទ័ពអាឡឺម៉ង់។ នៅឆ្នាំ១៩៤៣កាលដែលឪពុករបស់ខ្ញុំប្រយុទ្ធគ្នានៅប្រទេសរុស្ស៊ី គាត់បានស្លាប់។ គួរឲ្យស្ដាយណាស់ ខ្ញុំបានបាត់បង់ឪពុករបស់ខ្ញុំតាមរបៀបនេះកាលដែលខ្ញុំមានអាយុតែពីរឆ្នាំប៉ុណ្ណោះ ដូច្នេះខ្ញុំមិនបានស្គាល់គាត់ទេ។ ពេលដែលខ្ញុំបានទៅសាលា ខ្ញុំពិបាកចិត្ដណាស់ពេលឃើញក្មេងប្រុសៗឯទៀតមានឪពុក តែខ្ញុំកំព្រាឪពុក។ កាលខ្ញុំជាក្មេងជំទង់ ខ្ញុំបានទទួលការសម្រាលទុក្ខពេលខ្ញុំបានរៀនអំពីបិតារបស់យើងដែលនៅស្ថានសួគ៌ជាបុគ្គលដែលមិនអាចស្លាប់។

បទពិសោធន៍របស់ខ្ញុំជាមួយនឹងក្រុមក្មេងប្រុសកាយឫទ្ធិ

កាលខ្ញុំនៅក្មេង

កាលដែលខ្ញុំមានអាយុឆ្នាំ ខ្ញុំបានចូលក្រុមយុវជនកាយឫទ្ធិ។ នេះគឺជាអង្គការទូទាំងពិភពលោកមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩០៨នាប្រទេសអង់គ្លេសដោយឧត្ដមសេនីយ៍ឯកនៃកងទ័ពអង់គ្លេស ឈ្មោះរ៉ូបឺត ស្ដេហ្វឺតសុន ស្មាយ បាដិន ផូអិល។ នៅឆ្នាំ១៩១៦ គាត់បានបង្កើតកូនចចកកាយឫទ្ធិ (ឬកាយឫទ្ធិប្អូន) សម្រាប់កុមារដែលមានវ័យក្មេងជាង។

ខ្ញុំចូលចិត្ដធ្វើដំណើរបោះជំរំនៅជនបទនាចុងសប្ដាហ៍។ យើងបានគេងនៅក្នុងតង់ ពាក់ឯកសណ្ឋាន ហើយបានដើរហែក្បួនដោយមានសំឡេងស្គរ។ ខ្ញុំចូលចិត្ដចំណាយពេលជាមួយក្មេងប្រុសកាយឫទ្ធិទៀត។ យើងបានច្រៀងជុំវិញភ្នក់ភ្លើងនៅពេលល្ងាច ហើយបានលេងល្បែងផ្សេងៗនៅក្នុងព្រៃ។ យើងក៏បានរៀនយ៉ាងច្រើនដែរអំពីធម្មជាតិ នេះបានបង្រៀនខ្ញុំឲ្យស្រឡាញ់អ្វីៗដែលព្រះបានបង្កើត។

ក្មេងប្រុសកាយឫទ្ធិបានត្រូវបង្រៀនឲ្យធ្វើអំពើល្អរាល់ថ្ងៃ ហើយឲ្យទទួលស្វាគមន៍ក្មេងប្រុសកាយឫទ្ធិទៀតដោយប្រើពាក្យថា៖ «ត្រៀមខ្លួនជានិច្ច»។ ខ្ញុំចូលចិត្ដធ្វើបែបនេះជាខ្លាំង។ ក្នុងក្រុមរបស់យើងមានក្មេងប្រុសជាងមួយរយនាក់ ប្រហែលជាពាក់កណ្ដាលជាអ្នកកាន់សាសនាកាតូលិក ពាក់កណ្ដាលទៀតជាអ្នកកាន់សាសនាប្រូតេស្ដង់ ហើយមានម្នាក់កាន់ពុទ្ធសាសនា។

តាំងពីឆ្នាំ១៩២០ ពីរបីឆ្នាំម្ដងក្មេងប្រុសកាយឫទ្ធិបានធ្វើការជួបជុំគ្នាជាអន្ដរជាតិ។ ខ្ញុំបានចូលរួមការជួបជុំទាំងនេះខ្លះ។ ការជួបជុំគ្នាមួយបានធ្វើឡើងនៅទីក្រុងបាតអ៊ីសអឺល ប្រទេសអូទ្រីស នៅខែសីហា ឆ្នាំ១៩៥១ ហើយមួយទៀតនៅជិតក្រុងបឺមីងហេម ប្រទេសអង់គ្លេស នៅខែសីហា ឆ្នាំ១៩៥៧ ដែលមានកាយឫទ្ធិប្រហែលជា៣៣.០០០នាក់មកពី៨៥ប្រទេសបានចូលរួម។ មនុស្សប្រហែលជា៧៥០.០០០នាក់ ក៏បានចូលរួមការប្រជុំនេះដែរ។ បុគ្គលម្នាក់ក្នុងចំណោមមនុស្សទាំងនេះគឺជាមហាក្សត្រី អេលីសាបិតនៃប្រទេសអង់គ្លេស។ សម្រាប់ខ្ញុំ ការធ្វើជាក្មេងប្រុសកាយឫទ្ធិគឺដូចជាខ្ញុំជាសមាជិកនៃក្រុមដែលមានបងប្អូនទូទាំងពិភពលោក។ ខ្ញុំមិនបានដឹងថា មិនយូរទៀតខ្ញុំនឹងរកឃើញបងប្អូនដែលល្អជាង ដែលជាមនុស្សស្រឡាញ់ព្រះ។

ការជួបសាក្សីព្រះយេហូវ៉ាម្នាក់ជាលើកដំបូង

បងរូឌី ឈីកអឺល ជាមេចុងភៅខាងធ្វើនំ គឺជាមនុស្សដំបូងដែលបានផ្សព្វផ្សាយដល់ខ្ញុំ

នៅឆ្នាំ១៩៥៨ នានិទាឃរដូវ ខ្ញុំបានបញ្ចប់ការបណ្ដុះបណ្ដាលជាអ្នករត់តុនៅសណ្ឋាគារឈ្មោះហ្គ្រេនវីសឡឺ នៅក្រុងហ្គ្រាសដែលជាស្រុកកំណើតរបស់ខ្ញុំ នាប្រទេសអូទ្រីស។ អ្នករួមការងារជាមួយខ្ញុំម្នាក់ ដែលជាមេចុងភៅខាងធ្វើនំ ឈ្មោះរូដូហ្វ ឈីកអឺល បានផ្សព្វផ្សាយក្រៅផ្លូវការដល់ខ្ញុំ។ នេះគឺជាលើកដំបូងដែលខ្ញុំបានអំពីសេចក្ដីពិត។ គាត់បានប្រាប់ខ្ញុំថាសេចក្ដីបង្រៀននៃព្រះបីអង្គរួមជាព្រះតែមួយមិនមែនជាសេចក្ដីបង្រៀនដែលមកពីគម្ពីរទេ។ ខ្ញុំបាននិយាយតបទៅវិញថាសេចក្ដីបង្រៀននេះមកពីគម្ពីរ ហើយថាគាត់យល់ខុស។ ខ្ញុំចូលចិត្ដគាត់ ហើយចង់វែកញែកហេតុផលជាមួយគាត់ដើម្បីឲ្យគាត់ត្រឡប់មកសាសនាកាតូលិកវិញ។

បងរូដូហ្វ ដែលខ្ញុំហៅថាបងរូឌី ចង់ឲ្យគម្ពីរមួយក្បាលដល់ខ្ញុំ។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់បានតែគម្ពីរកាតូលិកប៉ុណ្ណោះ។ ដូច្នេះគាត់បានឲ្យខ្ញុំគម្ពីរកាតូលិកមួយ ហើយពេលខ្ញុំចាប់ផ្ដើមអាន ខ្ញុំបានរកឃើញខិត្ដប័ណ្ណមួយនៅខាងក្នុងដែលបានបោះពុម្ពដោយសមាគមប៉មយាម។ បងរូឌីបានដាក់នៅក្នុងគម្ពីរនោះ។ ខ្ញុំមិនចូលចិត្ដទេ ដោយសារខ្ញុំមានអារម្មណ៍ថាព័ត៌មានក្នុងខិត្ដប័ណ្ណនេះមើលទៅដូចជាត្រឹមត្រូវ តែប្រហែលជាមិនត្រឹមត្រូវទេ។ ប៉ុន្ដែ ខ្ញុំនៅតែចង់ពិភាក្សាគម្ពីរជាមួយគាត់។ ដោយមានគំនិតឈ្លាសវៃ បងរូឌីមិនបានផ្ដល់សៀវភៅទស្សនាវដ្ដីផ្សេងទៀតឲ្យខ្ញុំទេ។ អស់រយៈពេលប្រហែលជាបីខែ យើងបានពិគ្រោះគម្ពីរជាមួយគ្នាម្ដងម្កាល។ ពេលខ្លះយើងនិយាយជាមួយគ្នារហូតដល់យប់ជ្រៅ។

ក្រោយពីខ្ញុំបានបញ្ចប់ការបណ្ដុះបណ្ដាលនៅសណ្ឋាគារ ម្ដាយរបស់ខ្ញុំបានឲ្យខ្ញុំទៅសាលាគ្រប់គ្រងផ្នែកសណ្ឋាគារ។ សាលានោះនៅក្រុងបាតហូវហ្គាស្ទីន ជាក្រុងមួយដែលនៅជ្រលងភ្នំមួយនៃជួរភ្នំអាល់។ សាលានោះជាដៃគូជាមួយសណ្ឋាគារហ្គ្រេននៅក្រុងបាតហូវហ្គាស្ទីន ដូច្នេះជួនកាលខ្ញុំធ្វើការនៅសណ្ឋាគារនោះដើម្បីបានបទពិសោធន៍ថែមទៀត។

បងស្រីពីរនាក់ដែលជាសាសនទូតមកជួបខ្ញុំ

បងអ៊ីលសឺ អ៊ូនតឺដឺហ្វឺ និងបងអេលហ្វ្រីដឺ លើ បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយខ្ញុំនៅឆ្នាំ១៩៥៨

បងរូឌីបានផ្ញើអាសយដ្ឋានថ្មីរបស់ខ្ញុំទៅការិយាល័យសាខានៅក្រុងវីយ៉ែន ហើយក្រោយមក ការិយាល័យសាខាបានចាត់បងស្រីពីរនាក់ដែលជាសាសនទូត ឈ្មោះអ៊ីលសឺ អ៊ូនតឺដឺហ្វឺ និងអេលហ្វ្រីដឺ លើ ឲ្យមកលេងខ្ញុំ។ * ថ្ងៃមួយអ្នកទទួលភ្ញៀវនៅសណ្ឋាគារបានប្រាប់ខ្ញុំថា មានស្ដ្រីពីរនាក់នៅក្នុងឡានខាងក្រៅចង់និយាយជាមួយខ្ញុំ។ ខ្ញុំមិនស្គាល់ពួកគាត់ទេ ប៉ុន្ដែខ្ញុំបានចេញទៅក្រៅដើម្បីដឹងថាពួកគាត់ជានរណា។ ក្រោយមក ខ្ញុំបានដឹងថាបងអ៊ីលសឺនិងបងអេលហ្វ្រីដឺធ្លាប់ជាអ្នកនាំសៀវភៅរបស់សាក្សីព្រះយេហូវ៉ានៅក្នុងប្រទេសអាឡឺម៉ង់របបពួកណាត្ស៊ី ពេលដែលកិច្ចផ្សព្វផ្សាយបានត្រូវគេដាក់បម្រាម។ មុនសង្គ្រាមលោកលើកទី២បានចាប់ផ្ដើម ពួកគាត់បានត្រូវប៉ូលិសសម្ងាត់អាឡឺម៉ង់ (ហ្គេស្ដាប៉ូ) ចាប់ខ្លួន ហើយបានបញ្ជូនទៅជំរំឃុំឃាំងលីកតឺនប៊ឺក។ ក្រោយមក ក្នុងអំឡុងសង្គ្រាមនោះ ពួកគាត់បានត្រូវប្ដូរទៅជំរំឃុំឃាំងរ៉ាវិនប្រុកដែលនៅជិតក្រុងប៊ែឡាំង។

បងស្រីទាំងនេះមានអាយុស្រករគ្នានឹងម្ដាយរបស់ខ្ញុំ ដូច្នេះខ្ញុំគោរពពួកគាត់។ ខ្ញុំមិនចង់បង្ខាតពេលវេលារបស់ពួកគាត់ដោយពិភាក្សាជាមួយពួកគាត់ ហើយក្រោយមកនិយាយថាខ្ញុំមិនចាប់អារម្មណ៍ទេ។ ដូច្នេះខ្ញុំបានសុំពួកគាត់ឲ្យយកបញ្ជីនៃគម្ពីរអំពីសេចក្ដីបង្រៀនរបស់សាសនាកាតូលិកដែលបង្រៀនថាសម្ដេចប៉ាបទី១គឺជាសាវ័កពេត្រុស ហើយសម្ដេចប៉ាបទាំងអស់ទៀតបានទទួលអំណាចពីគាត់ ដែលគេហៅថាជាការស្នងតំណែងសាវ័ក។ ខ្ញុំបានប្រាប់ពួកគាត់ថាខ្ញុំនឹងយកបញ្ជីនេះទៅឲ្យបូជាចារ្យនៅវិហាររបស់ខ្ញុំ ហើយពិភាក្សាជាមួយគាត់។ ខ្ញុំបានគិតថាដោយធ្វើដូច្នេះ ខ្ញុំនឹងរកឃើញសេចក្ដីពិត។

ការរកឃើញសេចក្ដីពិតអំពីបិតាបរិសុទ្ធដ៏ពិតប្រាកដ

សាសនាកាតូលិកបកស្រាយពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ១៦:១៨, ១៩ថាគាំទ្រសេចក្ដីបង្រៀននៃការស្នងតំណែងសាវ័ក។ សាសនានោះក៏និយាយដែរថាសម្ដេចប៉ាប ដែលបានត្រូវគេស្គាល់ថាជាបិតាបរិសុទ្ធ មិនអាចធ្វើខុសពេលគាត់និយាយអំពីសេចក្ដីបង្រៀននៃសាសនា។ អ្នកកាន់សាសនាកាតូលិកជាច្រើននាក់ជឿសេចក្ដីបង្រៀននេះ ហើយជំនឿរបស់ពួកគេផ្អែកទៅលើសេចក្ដីបង្រៀននេះ។ ខ្ញុំក៏ជឿដូច្នេះដែរ ហើយបានគិតថាបើសម្ដេចប៉ាបនិយាយថាព្រះបីអង្គរួមជាព្រះតែមួយគឺជាសេចក្ដីបង្រៀនពិត នោះត្រូវតែពិត។ ប៉ុន្ដែ ខ្ញុំបានគិតថាបើសម្ដេចប៉ាបអាចធ្វើខុស នោះសេចក្ដីបង្រៀនអំពីព្រះបីអង្គរួមជាព្រះតែមួយប្រហែលជាខុសដែរ។

ពេលដែលខ្ញុំបានទៅជួបបូជាចារ្យ គាត់មិនអាចឆ្លើយសំណួររបស់ខ្ញុំបានទេ។ ផ្ទុយទៅវិញ គាត់បានឲ្យខ្ញុំសៀវភៅអំពីការស្នងតំណែងសាវ័ក។ ខ្ញុំបានយកសៀវភៅនោះទៅផ្ទះ ហើយអាន។ ក្រោយមក ខ្ញុំបានត្រឡប់ទៅជួបបូជាចារ្យវិញដោយមានសំណួរជាច្រើនថែមទៀត។ គាត់មិនអាចឆ្លើយសំណួរទាំងនោះបានទេ ហើយបាននិយាយថា៖ «ខ្ញុំមិនអាចធ្វើឲ្យអ្នកជឿជាក់ ហើយអ្នកមិនអាចធ្វើឲ្យខ្ញុំជឿជាក់។ . . . ខ្ញុំសូមជូនពរអ្នក!»។ គាត់មិនចង់ពិភាក្សាជាមួយនឹងខ្ញុំទៅទៀតទេ។

ក្រោយពីរឿងនេះបានកើតឡើង ខ្ញុំបានត្រៀមខ្លួនហើយដើម្បីសិក្សាគម្ពីរជាមួយបងអ៊ីលសឺនិងបងអេលហ្វ្រីដឺ។ ពួកគាត់បានបង្រៀនខ្ញុំជាច្រើនអំពីបិតាបរិសុទ្ធដ៏ពិតប្រាកដដែលនៅស្ថានសួគ៌ គឺព្រះយេហូវ៉ា។ (យ៉ូន. ១៧:១១) បងស្រីទាំងពីរនោះបានដឹកនាំកិច្ចប្រជុំនៅផ្ទះនៃក្រុមគ្រួសារមួយដែលចាប់អារម្មណ៍ ពីព្រោះគ្មានក្រុមជំនុំនៅតំបន់នោះទេ។ មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះបានចូលរួម។ គ្មានបងប្រុសដែលបានទទួលការជ្រមុជទឹកដើម្បីដឹកនាំកិច្ចប្រជុំ ដូច្នេះបងអ៊ីលសឺនិងបងអេលហ្វ្រីដឺបានពិភាក្សាព័ត៌មានសម្រាប់កិច្ចប្រជុំរវាងពួកគាត់ទាំងពីរនាក់។ ជួនកាលបងប្រុសម្នាក់ដែលមកពីក្រុងផ្សេងបានមកថ្លែងសុន្ទរកថាសាធារណៈនៅកន្លែងដែលបានជួល។

ការចាប់ផ្ដើមក្នុងកិច្ចបម្រើផ្សាយ

បងអ៊ីលសឺនិងបងអេលហ្វ្រីដឺបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយខ្ញុំនៅខែតុលា ឆ្នាំ១៩៥៨។ បីខែក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកនៅខែមករា ឆ្នាំ១៩៥៩។ មុនខ្ញុំទទួលការជ្រមុជទឹក ខ្ញុំបានសុំទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយពួកគាត់ដើម្បីឃើញរបៀបផ្សព្វផ្សាយ។ (សកម្ម. ២០:២០) ក្រោយពីខ្ញុំបានទៅជាមួយពួកគាត់ជាលើកដំបូង ខ្ញុំបានសុំផែនទីផ្ទាល់ខ្លួន។ ពួកគាត់បានចាត់ខ្ញុំឲ្យទៅភូមិមួយ ហើយខ្ញុំបានទៅទីនោះម្នាក់ឯងដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងត្រឡប់ទៅជួបមនុស្សដែលចាប់អារម្មណ៍។ បងប្រុសដំបូងដែលខ្ញុំបានផ្សព្វផ្សាយជាមួយ គឺអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅពេលគាត់បានមកលេងយើង។

នៅឆ្នាំ១៩៦០ បន្ទាប់ពីខ្ញុំបានបញ្ចប់ការបណ្ដុះបណ្ដាលនៅសណ្ឋាគារ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញដើម្បីព្យាយាមបង្រៀនសេចក្ដីពិតក្នុងគម្ពីរដល់ញាតិសន្ដានរបស់ខ្ញុំ។ ទោះបីជាមិនទាន់មានញាតិសន្ដានរបស់ខ្ញុំណាម្នាក់ចូលមកសេចក្ដីពិតក៏ដោយ អ្នកខ្លះកំពុងបង្ហាញចំណាប់អារម្មណ៍។

ជីវិតក្នុងកិច្ចបម្រើពេញពេល

កាលខ្ញុំមានអាយុ២០ឆ្នាំ

នៅឆ្នាំ១៩៦១ ការិយាល័យសាខាបានផ្ញើសំបុត្រដើម្បីលើកទឹកចិត្ដបងប្អូនប្រុសស្រីឲ្យគិតអំពីការត្រួសត្រាយ។ ពេលនោះខ្ញុំនៅលីវ ហើយមានសុខភាពល្អ ដូច្នេះខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែចាប់ផ្ដើមត្រួសត្រាយ។ ខ្ញុំបានគិតថាខ្ញុំត្រូវការឡានដើម្បីត្រួសត្រាយ ហើយខ្ញុំបានសួរអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឈ្មោះខឺត ឃូន ថាគាត់គិតយ៉ាងណាបើខ្ញុំធ្វើការប៉ុន្មានខែទៀតដើម្បីអាចទិញឡាន។ គាត់បានឆ្លើយថា៖ «តើលោកយេស៊ូនិងពួកសាវ័កត្រូវការឡានដើម្បីបំពេញកិច្ចបម្រើពេញពេលទេ?»។ សំណួររបស់គាត់បានជួយខ្ញុំឲ្យសម្រេចចិត្ដថាខ្ញុំគួរធ្វើអ្វី។ ខ្ញុំចង់ចាប់ផ្ដើមត្រួសត្រាយឲ្យបានឆាប់បំផុត។ ប៉ុន្ដែ ដោយសារខ្ញុំបានធ្វើការ៧២ម៉ោងរាល់សប្ដាហ៍នៅភោជនីយដ្ឋាននៃសណ្ឋាគារមួយ ខ្ញុំត្រូវធ្វើការផ្លាស់ប្ដូរខ្លះ។

ខ្ញុំបានសុំថៅកែរបស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំធ្វើការ៦០ម៉ោងជាជាង៧២ម៉ោង។ គាត់បានយល់ព្រម ហើយថែមទាំងឲ្យប្រាក់ខែដដែលដល់ខ្ញុំ។ បន្ដិចក្រោយមក ខ្ញុំបានសុំគាត់ធ្វើការ៤៨ម៉ោងក្នុងមួយសប្ដាហ៍។ គាត់បានយល់ព្រមម្ដងទៀត ហើយគាត់ក៏ឲ្យប្រាក់ខែដដែលដល់ខ្ញុំដែរ។ ក្រោយមកទៀត ខ្ញុំបានសុំធ្វើការតែ៣៦ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ហើយម្ដងនេះទៀតគាត់បានយល់ព្រម។ ខ្ញុំមិនបានជឿសោះថាខ្ញុំនៅតែទទួលប្រាក់ខែដដែល! នេះមើលទៅដូចជាថៅកែរបស់ខ្ញុំមិនចង់ឲ្យខ្ញុំឈប់ធ្វើការ។ កាលវិភាគនេះបានជួយខ្ញុំឲ្យចាប់ផ្ដើមត្រួសត្រាយពេញពេល។ នៅពេលនោះ អ្នកត្រួសត្រាយត្រូវផ្សព្វផ្សាយ១០០ម៉ោងក្នុងមួយខែ។

បួនខែក្រោយមក ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស ហើយបានទទួលភារកិច្ចដែលសព្វថ្ងៃនេះជាភារកិច្ចរបស់អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំនៅក្រុមជំនុំតូចមួយនាក្រុងស្ពីតថលអានដេដ្រៅ។ កាលនោះ អ្នកត្រួសត្រាយពិសេសត្រូវផ្សព្វផ្សាយ១៥០ម៉ោងក្នុងមួយខែ។ ខ្ញុំមិនមានដៃគូក្នុងកិច្ចបម្រើត្រួសត្រាយទេ ប៉ុន្ដែបងស្រីឈ្មោះហ្គើទ្រូដឺ ឡូបណឺ ដែលមានភារកិច្ចដែលសព្វថ្ងៃនេះជាភារកិច្ចរបស់លេខាធិការនៃក្រុមជំនុំ បានផ្សព្វផ្សាយជាមួយខ្ញុំ។

ភារកិច្ចថែមទៀត

នៅឆ្នាំ១៩៦៣ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ខ្ញុំច្រើនតែធ្វើដំណើរតាមរថភ្លើងពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ ដោយយួរវ៉ាលិសយ៉ាងធ្ងន់។ បងប្អូនភាគច្រើនមិនមានឡានផ្ទាល់ខ្លួនទេ ដូច្នេះគ្មានអ្នកណាអាចមកទទួលខ្ញុំនៅស្ថានីយរថភ្លើងបានឡើយ។ ខ្ញុំមិនចង់ធ្វើឲ្យបងប្អូនមានអារម្មណ៍មិនស្រួលដោយជិះឡានតាក់ស៊ីទៅផ្ទះរបស់ពួកគាត់ ដូច្នេះខ្ញុំបានដើរ។

នៅឆ្នាំ១៩៦៥ ខ្ញុំបានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី៤១។ បងប្អូនជាច្រើននៅសាលានោះ រួមទាំងខ្ញុំ គឺជាអ្នកនៅលីវ។ ខ្ញុំភ្ញាក់ផ្អើលមែន ពេលខ្ញុំបានត្រូវចាត់ឲ្យត្រឡប់ទៅធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនៅប្រទេសអូទ្រីសដែលជាប្រទេសកំណើតរបស់ខ្ញុំ។ ប៉ុន្ដែ មុនខ្ញុំចាកចេញពីសហរដ្ឋអាម៉េរិក ខ្ញុំបានត្រូវសុំឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ក្នុងរយៈពេលបួនសប្ដាហ៍។ ខ្ញុំពិតជាសប្បាយណាស់ដែលបានបម្រើក្នុងកិច្ចការត្រួតពិនិត្យមណ្ឌលជាមួយបងប្រុសអានថូនី ខុនទី។ គាត់គឺជាបងប្រុសម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ជាអ្នកដែលស្រឡាញ់កិច្ចផ្សព្វផ្សាយ ហើយផ្សព្វផ្សាយដោយមានប្រសិទ្ធភាពណាស់។ យើងបានបម្រើជាមួយគ្នានៅខាងជើងក្រុងញូវយ៉កជិតភូមិខនវ៉ល។

ថ្ងៃអាពាហ៍ពិពាហ៍របស់យើង

ពេលដែលខ្ញុំបានមកដល់ប្រទេសអូទ្រីសវិញ ខ្ញុំបានទទួលភារកិច្ចធ្វើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ជាកន្លែងដែលខ្ញុំបានជួបបងស្រីតូវី មែរិទើ ដែលជាស្ដ្រីនៅលីវដ៏ស្អាតម្នាក់។ គាត់បានត្រូវចិញ្ចឹមអប់រំក្នុងសេចក្ដីពិតចាប់ពីពេលដែលគាត់មានអាយុប្រាំឆ្នាំ។ ពេលដែលបងប្អូនសួរយើងថាតើយើងបានជួបគ្នាយ៉ាងដូចម្ដេច យើងនិយាយកំប្លែងលេងថា៖ «ការិយាល័យសាខាជាអ្នករៀបចំ»។ នៅឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៦៧ យើងបានរៀបការ ហើយយើងបានបន្ដក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ។

រ៉ូម ៨:១៥ពន្យល់របៀបដែលមនុស្សខ្លះអាចមានចំណងមិត្ដភាពពិសេសជាមួយព្រះយេហូវ៉ា ហើយអាចក្លាយទៅជាកូនរបស់លោក។ ពួកគាត់ហៅលោកដោយសេចក្ដីស្រឡាញ់ថា៖ «អប្បា! បិតាអើយ!» ខ្ញុំមានអារម្មណ៍បែបនេះដែរនៅឆ្នាំ១៩៦៨។ គឺពេលនេះដែលខ្ញុំបានដឹងថាដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា លោកបានទទួលខ្ញុំជាកូនរបស់លោក។ ខ្ញុំក៏បានទៅជាសមាជិកក្រុមបងប្អូនរួមជំនឿដែលជាពួកអ្នកដែលបានត្រូវរើសតាំង។

មែរិទើនិងខ្ញុំបានបម្រើជាមួគ្នាក្នុងកិច្ចការត្រួតពិនិត្យមណ្ឌលនិងតំបន់រហូតដល់ឆ្នាំ១៩៧៦។ ជួនកាលនៅរដូវរងា យើងបានគេងក្នុងបន្ទប់ដែលគ្មានកម្ដៅ ហើយមានសីតុណ្ហភាពត្រជាក់ក្រោមសូន្យអង្សាសេ។ នៅពេលមួយ យើងបានភ្ញាក់ពីគេង ហើយបានឃើញថាភួយដែលនៅជិតមុខយើងបានកក! នៅទីបំផុត យើងបានសម្រេចចិត្ដយកម៉ាស៊ីនកម្ដៅតូចមួយមកជាមួយដើម្បីជួយយើងឲ្យទ្រាំបាននៅពេលយប់។ នៅកន្លែងខ្លះបើយើងត្រូវការប្រើបន្ទប់ទឹកនៅពេលយប់ យើងត្រូវដើរកាត់ព្រិលទៅបន្ទប់ទឹកក្រៅផ្ទះដែលមានខ្យល់ចូល។ យើងមិនមានផ្ទះផ្ទាល់ខ្លួនផ្ទះជួលទេ ដូច្នេះរាល់ថ្ងៃច័ន្ទ តាមធម្មតាយើងបានស្នាក់នៅផ្ទះរបស់បងប្អូននៅក្រុមជំនុំដែលយើងបានធ្វើទស្សនកិច្ចសប្ដាហ៍មុន។ រួចមក ពេលព្រឹកថ្ងៃអង្គារយើងបានបន្ដធ្វើដំណើរទៅក្រុមជំនុំមួយទៀត។

ខ្ញុំសប្បាយនឹងនិយាយថាអស់ជាច្រើនឆ្នាំនេះ ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំផ្ដល់ការគាំទ្រដល់ខ្ញុំជានិច្ច។ គាត់ស្រឡាញ់កិច្ចផ្សព្វផ្សាយ ហើយខ្ញុំមិនចាំបាច់លើកទឹកចិត្ដគាត់ឲ្យចេញទៅផ្សព្វផ្សាយទេ។ គាត់ក៏ស្រឡាញ់បងប្អូនរួមជំនឿដែរ ហើយយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះអ្នកទៀត។ នេះពិតជាបានជួយខ្ញុំយ៉ាងខ្លាំង។

នៅឆ្នាំ១៩៧៦ យើងបានត្រូវអញ្ជើញឲ្យទៅបម្រើនៅការិយាល័យសាខាប្រទេសអូទ្រីស នាក្រុងវីយ៉ែន ហើយខ្ញុំបានត្រូវតែងតាំងជាសមាជិកគណៈកម្មាធិការការិយាល័យសាខា។ ការិយាល័យសាខានៅប្រទេសអូទ្រីសបានមើលការខុសត្រូវលើកិច្ចការប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបខាងកើត ហើយបានធ្វើឲ្យប្រាកដថាបងប្អូននៅប្រទេសទាំងនោះបានទទួលសៀវភៅដោយសម្ងាត់។ បងប្រុសឈ្មោះយួហ្គិន រុនដលបានដឹកនាំកិច្ចការនេះ ហើយខ្ញុំមានឯកសិទ្ធិធ្វើការជាមួយគាត់។ ក្រោយមក ខ្ញុំបានទទួលភារកិច្ចជាអ្នកត្រួតពិនិត្យកិច្ចការបកប្រែសៀវភៅរបស់យើងជា១០ភាសាដែលគេនិយាយនៅទ្វីបអឺរ៉ុបខាងកើត។ បងយួហ្គិននិងបងហ្គើទ្រូដឺដែលជាប្រពន្ធរបស់គាត់ នៅតែជាអ្នកត្រួសត្រាយពិសេសដ៏ស្មោះត្រង់នៅប្រទេសអាឡឺម៉ង់។ នៅឆ្នាំ១៩៧៨ ការិយាល័យសាខានៅប្រទេសអូទ្រីសបានចាប់ផ្ដើមប្រើកម្មវិធីផ្លាស់ប្ដូរតួអក្សរជាភាសាផ្សេងនិងបោះពុម្ពទស្សនាវដ្ដីរបស់យើងជាភាសាដោយប្រើម៉ាស៊ីនបោះពុម្ពតូចមួយ។ យើងក៏បានបញ្ជូនទស្សនាវដ្ដីទាំងនោះទៅអ្នកដែលចង់អាននៅប្រទេសផ្សេងទៀតដែរ។ បងប្រុសឈ្មោះអតូ ឃូគលីចជាអ្នកដែលបានមើលការខុសត្រូវលើកិច្ចការទាំងនេះ ឥឡូវបម្រើជាមួយប្រពន្ធរបស់គាត់ឈ្មោះអ៊ីងគ្រីតនៅការិយាល័យសាខាប្រទេសអាឡឺម៉ង់។

នៅប្រទេសអូទ្រីស ខ្ញុំចូលចិត្ដផ្សព្វផ្សាយតាមវិធីផ្សេងៗ រួមទាំងការផ្សព្វផ្សាយតាមផ្លូវ

បងប្អូននៅទ្វីបអឺរ៉ុបខាងកើតក៏បានបោះពុម្ពសៀវភៅនៅក្នុងប្រទេសរបស់ពួកគាត់ដែរ ដោយប្រើម៉ាស៊ីនចម្លង ឬដោយបោះពុម្ពពីហ្វីល។ ប៉ុន្ដែ ពួកគាត់ត្រូវការជំនួយពីបងប្អូនដែលនៅប្រទេសផ្សេងទៀត។ ព្រះយេហូវ៉ាបានការពារកិច្ចការរបស់ពួកគាត់។ នៅការិយាល័យសាខា យើងស្រឡាញ់បងប្អូនទាំងនេះដែលបានបម្រើយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំទោះបីជាគេដាក់បម្រាមក៏ដោយ។

ទស្សនកិច្ចពិសេសនៅប្រទេសរ៉ូម៉ានី

នៅឆ្នាំ១៩៨៩ ខ្ញុំមានឯកសិទ្ធិទៅប្រទេសរ៉ូម៉ានីជាមួយបងប្រុសធីអូឌ័រ ចារ៉ាស ដែលជាសមាជិកគណៈអភិបាល។ គោលដៅរបស់យើងគឺដើម្បីជួយបងប្អូនមួយក្រុមធំឲ្យត្រឡប់មកអង្គការវិញ។ ចាប់តាំងពីឆ្នាំ១៩៤៩ បងប្អូនទាំងនេះបានដកខ្លួនចេញពីអង្គការ ហើយបានបង្កើតក្រុមជំនុំរបស់ពួកគាត់។ ប៉ុន្ដែ ពួកគាត់បានបន្ដផ្សព្វផ្សាយ ហើយជ្រមុជទឹកឲ្យអ្នកថ្មី។ ពួកគាត់ថែមទាំងបានជាប់គុក ដោយសារពួកគាត់បានបដិសេធមិនព្រមចូលធ្វើជាទាហាន ដូចបងប្អូនដែលនៅជាប់អង្គការបានធ្វើ។ កិច្ចការរបស់អង្គការព្រះយេហូវ៉ានៅក្នុងប្រទេសរ៉ូម៉ានីនៅតែត្រូវគេដាក់បម្រាម ដូច្នេះយើងត្រូវជួបជុំគ្នាដោយសម្ងាត់។ យើងបានជួបជុំគ្នានៅផ្ទះរបស់បងប្រុសផាមហ្វីល អាលប៊ូជាមួយអ្នកចាស់ទុំបួននាក់ដែលនាំមុខក្នុងក្រុមដែលបានដកខ្លួនចេញពីអង្គការព្រះយេហូវ៉ា ហើយនៅទីនោះក៏មានតំណាងគណៈកម្មាធិការប្រចាំប្រទេសរ៉ូម៉ានីដែលបានទទួលការតែងតាំងពីអង្គការព្រះយេហូវ៉ាដែរ។ នៅជាមួយយើងក៏មានបងប្រុសឈ្មោះរូហ្វ ខេលណឺជាអ្នកបកប្រែដែលមកពីប្រទេសអូទ្រីស។

នៅយប់ទីពីរនៃការពិភាក្សានោះ បងអាលប៊ូបានលើកទឹកចិត្ដអ្នកចាស់ទុំទាំងបួននាក់ដែលជាគ្នីគ្នារបស់គាត់ឲ្យរួបរួមជាមួយយើង។ គាត់បាននិយាយថា៖ «បើយើងមិនធ្វើឥឡូវនេះទេ យើងប្រហែលជាគ្មានឱកាសទៀតទេ»។ បន្ទាប់ពីនេះ បងប្អូនប្រហែលជា៥.០០០នាក់បានត្រឡប់មកអង្គការវិញ។ ព្រះយេហូវ៉ាពិតជាបានឈ្នះ ហើយសាថានបានបរាជ័យមែន!

នៅជិតចុងឆ្នាំ១៩៨៩ មុនរបបកុម្មុយនីស្ដដួលរលំនៅទ្វីបអឺរ៉ុបខាងកើត គណៈអភិបាលបានអញ្ជើញប្រពន្ធរបស់ខ្ញុំនិងខ្ញុំឲ្យប្ដូរមកមន្ទីរចាត់ការពិភពលោកនៅរដ្ឋញូវយ៉ក។ នេះបានធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងបានចាប់ផ្ដើមបម្រើនៅបេតអែលក្រុងប៊ុ្រគ្លីនក្នុងខែកក្កដា ឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩២ ខ្ញុំបានត្រូវតែងតាំងឲ្យធ្វើជាជំនួយការរបស់គណៈកម្មាធិការត្រួតពិនិត្យកិច្ចបម្រើនៃគណៈអភិបាល ហើយតាំងពីខែកក្កដា ឆ្នាំ១៩៩៤ ខ្ញុំបានទទួលឯកសិទ្ធិបម្រើជាសមាជិកគណៈអភិបាល។

ការរំពឹងគិតអំពីអតីតកាលនិងការសម្លឹងមើលទៅអនាគត

ខ្ញុំជាមួយប្រពន្ធរបស់ខ្ញុំនៅក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក

ថ្ងៃដែលខ្ញុំធ្វើជាអ្នកផ្ដល់ម្ហូបអាហារឲ្យភ្ញៀវនៅសណ្ឋាគារបានកន្លងទៅហើយ។ ឥឡូវខ្ញុំចូលចិត្ដចូលរួមចែករំលែកជាមួយអ្នកទៀតក្នុងការរៀបចំនិងការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់បងប្អូនរួមជំនឿទូទាំងពិភពលោក។ (ម៉ាថ. ២៤:៤៥-៤៧) ពេលដែលខ្ញុំគិតអំពីពេលវេលាជាង៥០ឆ្នាំដែលខ្ញុំបានចំណាយក្នុងកិច្ចបម្រើពេញពេលពិសេស ខ្ញុំមានអំណរគុណយ៉ាងខ្លាំង។ ខ្ញុំមានចិត្ដពេញទៅដោយអំណរ ពេលខ្ញុំឃើញព្រះយេហូវ៉ាឲ្យពរទៅលើបងប្អូនរួមជំនឿទូទាំងពិភពលោក។ ខ្ញុំចូលចិត្ដយ៉ាងខ្លាំងកាលដែលខ្ញុំអាចចូលរួមមហាសន្និបាតអន្ដរជាតិរបស់សាក្សីព្រះយេហូវ៉ា ជាកន្លែងដែលយើងរៀនអំពីបិតារបស់យើងដែលនៅស្ថានសួគ៌ គឺព្រះយេហូវ៉ានិងអំពីសេចក្ដីពិតក្នុងគម្ពីរ។

ខ្ញុំអធិដ្ឋានសូមឲ្យមនុស្សរាប់លាននាក់ទៀតនឹងសិក្សាគម្ពីរ ទទួលយកសេចក្ដីពិត ហើយបម្រើព្រះយេហូវ៉ាដោយរួបរួមជាមួយនឹងបងប្អូនគ្រិស្ដសាសនិករួមជំនឿរបស់យើងទូទាំងពិភពលោក។ (១ពេ. ២:១៧) ខ្ញុំទន្ទឹងរង់ចាំមើលពីស្ថានសួគ៌នូវការប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ហើយពេលនោះរកឃើញឪពុកបង្កើតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាគាត់ ម្ដាយរបស់ខ្ញុំ ហើយសាច់ញាតិទៀតជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គ្នានឹងចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសួនឧទ្យាន។

ខ្ញុំទន្ទឹងរង់ចាំមើលពីស្ថានសួគ៌នូវការប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ហើយពេលនោះ រកឃើញឪពុកបង្កើតរបស់ខ្ញុំ

^ ???? 15 សូមមើលជីវប្រវត្ដិរបស់ពួកគាត់ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ជាភាសាអង់គ្លេស។