លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងទទួល‹អាហារតាមត្រូវពេល›ឬទេ?

តើអ្នកកំពុងទទួល‹អាហារតាមត្រូវពេល›ឬទេ?

យើងរស់នៅគ្រាដ៏ពិបាកបំផុតក្នុងប្រវត្ដិសាស្ដ្ររបស់មនុស្ស។ (ធីម៉ូថេទី២ ៣:១-) ជារៀងរាល់ថ្ងៃ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងការតាំងចិត្ដរបស់យើងដើម្បីរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោកបានត្រូវល្បងល។ លោកយេស៊ូបានដឹងថាគ្រានេះនឹងជាគ្រាដ៏លំបាក ដូច្នេះលោកបានសន្យានឹងអ្នកកាន់តាមលោកថាលោកនឹងឲ្យពួកគេនូវការលើកទឹកចិត្ដដែលពួកគេត្រូវការដើម្បីស៊ូទ្រាំរហូតដល់ទីបញ្ចប់។ (ម៉ាថាយ ២៤:៣, ១៣; ២៨:២០) ដើម្បីផ្ដល់ជំនួយនេះ លោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជា‹អាហារតាមត្រូវពេល›។—ម៉ាថាយ ២៤:៤៥, ៤៦

ខ្ញុំបម្រើដ៏ស្មោះត្រង់បានត្រូវតែងតាំងនៅឆ្នាំ១៩១៩។ តាំងពីពេលនោះមក ខ្ញុំបម្រើនោះបានផ្ដល់សេចក្ដីបង្រៀនជាច្រើនភាសាដែលប្រៀបដូចជាអាហារសម្រាប់រាស្ដ្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤; ការបើកបង្ហាញ ២២:១៧) ទោះបីជាយ៉ាងនោះក៏ដោយ សៀវភៅខ្លះដែលមានមូលដ្ឋានលើគម្ពីរមិនមានក្នុងគ្រប់ភាសានោះឡើយ។ មនុស្សខ្លះមិនមានលទ្ធភាពចូលមើលសៀវភៅរបស់យើងតាមកម្មវិធីកុំព្យូទ័រទេ។ ជាឧទាហរណ៍ មនុស្សជាច្រើនមិនអាចបើកមើលវីដេអូ ឬអត្ថបទដែលបានចេញផ្សាយតាមគេហទំព័រjw.orgទេ។ តើនេះមានន័យថាគ្រិស្ដសាសនិកខ្លះមិនមានអាហារទាំងអស់ដែលពួកគេត្រូវការឬ? ដើម្បីរកចម្លើយ សូមយើងពិភាក្សានូវសំណួរដ៏សំខាន់បួន។

១ តើអ្វីជាផ្នែកសំខាន់បំផុតនៃអាហារដែលព្រះយេហូវ៉ាផ្ដល់ឲ្យ?

ពេលសាថានបានល្បួងលោកយេស៊ូឲ្យធ្វើដុំថ្មក្លាយទៅជានំប៉័ង លោកយេស៊ូបានមានប្រសាសន៍ថា«មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក»។ (ម៉ាថាយ ៤:៣, ៤) ប្រសាសន៍របស់ព្រះយេហូវ៉ាគឺនៅក្នុងគម្ពីរ។ (ពេត្រុសទី២ ១:២០, ២១) ដូច្នេះ ផ្នែកសំខាន់បំផុតនៃអាហារដែលមកពីព្រះគឺជាគម្ពីរ។—ធីម៉ូថេទី២ ៣:១៦, ១៧

អង្គការរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធ។ សេចក្ដីបកប្រែនេះទាំងមូលផ្នែកខ្លះមានជាង១២០ភាសា ហើយជារៀងរាល់ឆ្នាំ ចេញជាច្រើនភាសាថែមទៀត។ ក្រៅពីសេចក្ដីបកប្រែពិភពលោកថ្មី មានគម្ពីររាប់ពាន់លានក្បាលនៃសេចក្ដីបកប្រែផ្សេងទៀតជាច្រើនពាន់ភាសា។ សមិទ្ធិផលនេះគឺស្របតាមបំណងប្រាថ្នារបស់ព្រះដែល«ឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៣, ៤) ដោយសារព្រះយេហូវ៉ាស្គាល់ចិត្ដរបស់មនុស្សទាំងអស់ យើងអាចប្រាកដថាលោកនឹងទាញនាំពួកអ្នកដែល«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»ឲ្យចូលមកអង្គការរបស់លោក ហើយលោកនឹងផ្ដល់ឲ្យពួកគេនូវអាហារ ពោលគឺសេចក្ដីបង្រៀនដែលមកពីលោក។—ម៉ាថាយ ៥:៣, ៦; យ៉ូហាន ៦:៤៤; ១០:១៤; ហេប្រឺ ៤:១៣

២ តើតាមរបៀបណាដែលសៀវភៅរបស់យើងគឺជាផ្នែកសំខាន់ចាំបាច់មួយនៃអាហារដែលមកពីព្រះ?

ដើម្បីមានជំនឿមាំមួន បុគ្គលម្នាក់មិនគ្រាន់តែត្រូវអានគម្ពីរប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏ត្រូវយល់និងអនុវត្ដនូវអ្វីដែលគាត់បានរៀនដែរ។ (យ៉ាកុប ១:២២-២៥) នេះជាអ្វីដែលបុរសជនជាតិអេចូពីម្នាក់នៅសតវត្សរ៍ទី១ត្រូវធ្វើ។ ពេលភីលីពដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អបានឃើញបុរសនេះកំពុងអានបណ្ដាំរបស់ព្រះ ភីលីពបានសួរគាត់ថា«តើអ្នកពិតជាយល់អ្វីដែលអ្នកកំពុងអានទេ?» បុរសនេះបាននិយាយថា«តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?»។ (សកម្មភាព ៨:២៦-៣១) បន្ទាប់មក ភីលីពបានជួយបុរសនេះឲ្យយល់អ្វីដែលគាត់កំពុងអាន។ អ្វីដែលបុរសនេះបានរៀនបានមានឥទ្ធិពលទៅលើចិត្ដគាត់ ហើយគាត់បានសម្រេចចិត្ដទទួលការជ្រមុជទឹក។ (សកម្មភាព ៨:៣២-៣៨) ស្រដៀងគ្នាដែរ សៀវភៅផ្សេងរបស់យើងបានជួយយើងឲ្យយល់សេចក្ដីពិតដែលមាននៅក្នុងបណ្ដាំរបស់ព្រះ។ អ្វីដែលយើងអានមានឥទ្ធិពលទៅលើចិត្ដរបស់យើង ហើយជំរុញយើងឲ្យអនុវត្ដអ្វីដែលយើងបានរៀន។—កូឡុស ១:៩, ១០

សៀវភៅផ្សេងរបស់យើងផ្ដល់ឲ្យយើងដែលជាអ្នកបម្រើរបស់ព្រះយេហូវ៉ានូវរបស់ល្អជាច្រើនដើម្បី«បរិភោគ»និង«ផឹក»។ (អេសាយ ៦៥:១៣; ខ.ស.) ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាមមានជាង២១០ភាសា។ ទស្សនាវដ្ដីនេះពន្យល់អំពីទំនាយ ជួយយើងឲ្យយល់អំពីសេចក្ដីពិតដ៏សំខាន់ ហើយជំរុញយើងឲ្យរស់នៅស្របតាមគោលការណ៍របស់ព្រះ។ ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) មានប្រហែលជា១០០ភាសា។ ទស្សនាវដ្ដីនោះជួយយើងឲ្យរៀនថែមទៀតអំពីអ្វីដ៏ស្អាតដែលព្រះយេហូវ៉ាបានបង្កើត ហើយបង្រៀនយើងអំពីរបៀបអនុវត្ដដំបូន្មានដ៏មានប្រយោជន៍ដែលមាននៅក្នុងគម្ពីរ។ (សុភាសិត ៣:២១-២៣; រ៉ូម ១:២០) ខ្ញុំបម្រើដ៏ស្មោះត្រង់ផ្ដល់សៀវភៅដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះជាង៦៨០ភាសា! តើអ្នកលៃទុកពេលដើម្បីអានគម្ពីរជារៀងរាល់ថ្ងៃទេ? តើអ្នកអានរាល់ទស្សនាវដ្ដីថ្មីនិងរាល់សៀវភៅថ្មីដែលមានជាភាសារបស់អ្នកទេ?

អង្គការរបស់ព្រះយេហូវ៉ាក៏ផ្ដល់គម្រោងសម្រាប់សុន្ទរកថាដែលថ្លែងនៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើងផងដែរ។ តើអ្នកចូលចិត្ដសុន្ទរកថា ឈុតសម្ដែង ការសម្ដែង និងការសម្ភាសន៍ដែលធ្វើនៅទីនោះទេ? មែនហើយ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអាហារយ៉ាងបរិបូរ!—អេសាយ ២៥:៦

៣ បើអ្នកមិនមានសៀវភៅទាំងអស់នៅក្នុងភាសារបស់អ្នក តើនេះមានន័យថាអ្នកមិនមានអាហារគ្រប់គ្រាន់ឬ?

ចម្លើយគឺមិនមែនទេ! យើងមិនគួរភ្ញាក់ផ្អើលឡើយ បើគ្រិស្ដសាសនិកខ្លះទទួលសៀវភៅអ្វីផ្សេងទៀតច្រើនជាងគ្រិស្ដសាសនិកទៀត។ ហេតុអ្វី? ជាឧទាហរណ៍ សូមគិតអំពីពួកសាវ័ក។ នៅសម័យលោកយេស៊ូ ពួកសាវ័កបានទទួលការណែនាំច្រើនជាងពួកអ្នកកាន់តាមទៀតនៅសតវត្សរ៍ទី១។ (ម៉ាកុស ៤:១០; ៩:៣៥-៣៧) ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកកាន់តាមទៀតបានទទួលការណែនាំដែលពួកគេត្រូវការ។—អេភេសូរ ៤:២០-២៤; ពេត្រុសទី១ ១:៨

គឺជាការល្អដែលយើងចាំថាអ្វីភាគច្រើនដែលលោកយេស៊ូបានមានប្រសាសន៍និងបានធ្វើកាលដែលលោកនៅផែនដីមិនបានសរសេរទុកនៅក្នុងគម្ពីរទេ។ សាវ័កយ៉ូហានបានសរសេរថា«តាមការពិត មានការជាច្រើនទៀតដែលលោកយេស៊ូបានធ្វើ ហើយប្រសិនបើសរសេរអំពីការទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំគិតថាពិភពលោកទាំងមូលមិនល្មមទុករមូរទាំងអស់នោះឡើយ»។ (យ៉ូហាន ២១:២៥) គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១មានព័ត៌មានអំពីលោកយេស៊ូច្រើនជាងយើង។ ប៉ុន្ដែ យើងមិនខ្វះព័ត៌មានអំពីលោកយេស៊ូនោះទេ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាយើងដឹងព័ត៌មានគ្រប់គ្រាន់អំពីលោកយេស៊ូដែលជាម្ចាស់របស់យើង ដើម្បីយើងអាចធ្វើតាមគំរូរបស់លោកបាន។—ពេត្រុសទី១ ២:២១

សូមគិតអំពីសំបុត្រដែលពួកសាវ័កបានផ្ញើទៅកាន់ក្រុមជំនុំនៅសតវត្សរ៍ទី១ផងដែរ។ យ៉ាងហោចណាស់មានសំបុត្រមួយរបស់ប៉ូលដែលមិនបានរួមបញ្ចូលនៅក្នុងគម្ពីរទេ។ (កូឡុស ៤:១៦) តើនេះមានន័យថាយើងមិនមានអាហារគ្រប់គ្រាន់ពីព្រះ ដោយសារយើងមិនមានសំបុត្រនេះឬ? មិនមែនទេ។ ព្រះយេហូវ៉ាដឹងអ្វីដែលយើងត្រូវការ ហើយលោកបានឲ្យអ្វីដែលយើងត្រូវការយ៉ាងគ្រប់គ្រាន់ដើម្បីឲ្យយើងរក្សាជំនឿមាំមួន។—ម៉ាថាយ ៦:៨

ព្រះយេហូវ៉ាដឹងអ្វីដែលយើងត្រូវការ ហើយលោកបានឲ្យអ្វីដែលយើងត្រូវការយ៉ាងគ្រប់គ្រាន់ដើម្បីឲ្យយើងរក្សាជំនឿមាំមួន

រាស្ដ្ររបស់ព្រះយេហូវ៉ាខ្លះមានសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងបរិបូរ។ ប៉ុន្ដែ ប្រហែលជាអ្នកនិយាយភាសាដែលមានសៀវភៅតែបន្ដិចបន្ដួចប៉ុណ្ណោះ។ បើដូច្នេះ ចូរដឹងថាព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះអ្នក។ ចូរសិក្សាសៀវភៅដែលអ្នកមាន ហើយចូលរួមកិច្ចប្រជុំដែលប្រើភាសាដែលអ្នកយល់បាន។ តាមរបៀបនេះ ចំណងមិត្ដភាពរបស់អ្នកជាមួយព្រះយេហូវ៉ានឹងមាំមួនជានិច្ច។—ទំនុកតម្កើង ១:២; ហេប្រឺ ១០:២៤, ២៥

៤ បើអ្នកមិនអាចទទួលព័ត៌មានតាមគេហទំព័រjw.org តើជំនឿរបស់អ្នកនឹងទៅជាខ្សោយឬ?

ទស្សនាវដ្ដីរបស់យើងនិងសៀវភៅទៀតបានត្រូវចេញផ្សាយតាមគេហទំព័ររបស់យើង។ គេហទំព័រនេះក៏មានព័ត៌មានដែលជួយគូអាពាហ៍ពិពាហ៍ ឪពុកម្ដាយ ក្មេងជំទង់ និងក្មេងតូចដែរ។ ក្រុមគ្រួសារទទួលប្រយោជន៍ដោយប្រើព័ត៌មាននេះសម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់ពួកគេ។ គេហទំព័ររបស់យើងមានព័ត៌មានដែលរៀបរាប់អំពីកម្មវិធីពិសេស ដូចជាពិធីបញ្ចប់ការសិក្សានៅសាលាគីលាតនិងកិច្ចប្រជុំប្រចាំឆ្នាំ ហើយផ្ដល់ឲ្យព័ត៌មានថ្មីអំពីមហន្ដរាយធម្មជាតិនិងរឿងកាត់ក្ដីដែលប៉ះពាល់ដល់រាស្ដ្ររបស់ព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៨, ៩) គេហទំព័រនេះក៏ជាឧបករណ៍មួយដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់កិច្ចការផ្សព្វផ្សាយផងដែរ ហើយនាំដំណឹងល្អទៅដល់ប្រទេសដែលមានការដាក់កម្រិតដាក់បម្រាមលើកិច្ចការរបស់យើង។

ប៉ុន្ដែ អ្នកអាចនៅមាំមួនក្នុងសេចក្ដីពិតបាន ទោះជាអ្នកអាចចូលគេហទំព័ររបស់យើង ឬមិនអាចក៏ដោយ។ ខ្ញុំបម្រើដ៏ស្មោះត្រង់បានផ្ដល់ឲ្យសៀវភៅផ្សេងគ្រប់គ្រាន់ ដើម្បីគ្រិស្ដសាសនិកទាំងអស់អាចទទួលអាហារដែលពួកគេត្រូវការ។ ហេតុនេះ គ្មានមូលហេតុដែលអ្នកគួរគិតថាអ្នកត្រូវទិញឧបករណ៍អេឡិចត្រូនិកដើម្បីគ្រាន់តែចូលមើលគេហទំព័រjw.orgប៉ុណ្ណោះទេ។ បងប្អូនខ្លះបានបោះពុម្ពព័ត៌មានខ្លះដែលមាននៅគេហទំព័រសម្រាប់បងប្អូនណាដែលពួកគាត់ស្គាល់ ហើយដឹងថាមិនមានអ៊ីនធឺណិត។ ប៉ុន្ដែ ខ្ញុំបម្រើដ៏ស្មោះត្រង់មិនតម្រូវឲ្យក្រុមជំនុំធ្វើដូច្នេះទេ។

យើងមានចិត្ដដឹងគុណចំពោះលោកយេស៊ូដែលធ្វើតាមពាក្យសន្យារបស់លោកថាលោកនឹងឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីនៅមានជំនឿមាំមួន។ យើងអាចមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងបន្ដផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជា‹អាហារតាមត្រូវពេល›រហូតដល់ទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ។