លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!

ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!

«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។—ហេប្រឺ ៤:១២

១, ២. តើព្រះយេហូវ៉ាបានប្រាប់ម៉ូសេឲ្យធ្វើអ្វី ហើយតើលោកបានសន្យាអ្វី?

សូមស្រមៃគិតថាក្នុងនាមជាតំណាងនៃរាស្ដ្ររបស់ព្រះ អ្នកត្រូវនិយាយទៅកាន់អ្នកគ្រប់គ្រងដែលមានអំណាចខ្លាំងបំផុតនៅលើផែនដី។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? អ្នកទំនងជានឹងបារម្ភ ខ្លាច ហើយនិយាយមិនចេញ។ តើអ្នកនឹងរៀបចំយ៉ាងដូចម្ដេចនូវអ្វីដែលអ្នកត្រូវនិយាយ? តើអ្នកនឹងអាចនិយាយដោយមានអំណាចក្នុងនាមជាអ្នកនាំពាក្យរបស់ព្រះទេ?

ម៉ូសេបានស្ថិតនៅក្នុងស្ថានភាពបែបនោះ។ គាត់ជាមនុស្សដែលមានចិត្ដរាបទាបខ្លាំងណាស់។ (ជនគណនា ១២:៣) ប៉ុន្ដែ ព្រះយេហូវ៉ាបានចាត់គាត់ឲ្យនិយាយទៅកាន់ផារ៉ូដែលជាមនុស្សព្រហើន ហើយមានអំណួត។ ព្រះយេហូវ៉ាបានសុំម៉ូសេឲ្យប្រាប់ផារ៉ូនូវបង្គាប់មួយ។ បង្គាប់នោះគឺឲ្យដោះលែងរាស្ដ្ររបស់ព្រះរាប់លាននាក់ពីទាសភាព។ (និក្ខមនំ ៥:១, ២) យើងអាចយល់អំពីមូលហេតុដែលម៉ូសេបានសួរព្រះយេហូវ៉ាថា«តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅផារោ៉ន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?»។ ម៉ូសេទំនងជាមានអារម្មណ៍ថាគាត់គ្មានសមត្ថភាពដើម្បីនិយាយទៅកាន់ផារ៉ូទេ។ ប៉ុន្ដែ ព្រះយេហូវ៉ាបានសន្យានឹងម៉ូសេថាគាត់នឹងមិនទៅតែម្នាក់ឯងទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«អញនឹងនៅជាមួយនឹងឯងជាប្រាកដ»។—និក្ខមនំ ៣:៩-១២

៣, ៤. () ហេតុអ្វីម៉ូសេខ្លាច? () ហេតុអ្វីអ្នកប្រហែលជាមានអារម្មណ៍ស្រដៀងនឹងអារម្មណ៍របស់ម៉ូសេ?

ហេតុអ្វីម៉ូសេខ្លាច? គាត់ខ្លាចថាផារ៉ូនឹងមិនទទួល ឬស្ដាប់អ្នកនាំពាក្យរបស់ព្រះយេហូវ៉ាទេ។ ម៉ូសេក៏ខ្លាចដែរថាជនជាតិអ៊ីស្រាអែលនឹងមិនជឿថាព្រះបានជ្រើសរើសគាត់ឲ្យដឹកនាំពួកគេចេញពីស្រុកអេស៊ីបឡើយ។ គាត់បាននិយាយទៅព្រះយេហូវ៉ាថា«គេនឹងមិនជឿទូលបង្គំ ឬស្ដាប់តាមទូលបង្គំទេ គេនឹងថា ‹ព្រះយេហូវ៉ាទ្រង់មិនបានលេចមកអ្នកទេ›»។—និក្ខមនំ ៣:១៥-១៨; ៤:១

ចុះអ្នកវិញយ៉ាងណាដែរ? អ្នកប្រហែលជាមិនត្រូវនិយាយទៅកាន់អ្នកគ្រប់គ្រងណាម្នាក់ដែលមានអំណាចខ្លាំងក្លាទេ។ ប៉ុន្ដែ ចុះយ៉ាងណាបើអ្នកពិបាកនិយាយទៅកាន់មនុស្សក្នុងតំបន់ផ្សាយអំពីព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក? បង្គាប់របស់ព្រះយេហូវ៉ាទៅម៉ូសេនិងអ្វីដែលបានកើតឡើងក្រោយមកអាចបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ។

«តើមានអ្វីនៅដៃឯងនោះ?»

. តើព្រះយេហូវ៉ាបានឲ្យម៉ូសេមានសមត្ថភាពធ្វើអ្វី ហើយតើតាមរបៀបណានោះបានជួយគាត់ឲ្យមានទំនុកចិត្ដ? (សូមមើលរូបភាពនៅដើមអត្ថបទ)។

ពេលម៉ូសេជម្រាបព្រះយេហូវ៉ាថា គាត់ខ្លាចថាបណ្ដាជននឹងមិនជឿគាត់ នោះព្រះបានជួយម៉ូសេឲ្យត្រៀមលក្ខណៈដើម្បីឲ្យបណ្ដាជនជឿគាត់។ គម្ពីរចែងថា«ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា៖ ‹តើមានអ្វីនៅដៃឯងនោះ?›។ លោកទូលឆ្លើយថា៖ ‹មានដំបង›។ រួចទ្រង់ប្រាប់ថា៖ ‹ចូរបោះទៅដីទៅ›។ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា៖ ‹ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា›។ លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ។ ‹នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ា . . . ទ្រង់បានលេចមកឯង›»។ (និក្ខមនំ ៤:២-) ដោយឫទ្ធានុភាពរបស់ព្រះ ដំបងបានក្លាយទៅជាពស់នៅក្នុងដៃម៉ូសេ! អព្ភូតហេតុនេះនឹងបញ្ជាក់ថាម៉ូសេគឺជាអ្នកនាំពាក្យរបស់ព្រះ ហើយថាគាត់បានទទួលអំណាចពីលោក។ ព្រះយេហូវ៉ាបានប្រាប់គាត់ថា«ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ»។ (និក្ខមនំ ៤:១៧) ដោយមានទីសំអាងនេះ ម៉ូសេអាចមានទំនុកចិត្ដដែលគាត់ត្រូវការដើម្បីទៅប្រាប់ផារ៉ូនិងរាស្ដ្ររបស់ព្រះផងដែរ។—និក្ខមនំ ៤:២៩-៣១; ៧:៨-១៣

ដោយមានទីសំអាងថាព្រះយេហូវ៉ាគាំទ្រគាត់ ម៉ូសេអាចមានទំនុកចិត្ដដែលគាត់ត្រូវការ ដើម្បីទៅប្រាប់ផារ៉ូ

. () ពេលយើងផ្សព្វផ្សាយ តើយើងគួរមានអ្វីនៅដៃ ហើយហេតុអ្វី? () សូមពន្យល់អំពីរបៀបដែល«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ»និងរបៀបដែលបណ្ដាំនោះ«មានឫទ្ធានុភាព»។

ពេលយើងប្រាប់បណ្ដាំរបស់ព្រះដល់អ្នកទៀត តើយើងមានអ្វីនៅដៃយើង? យើងមានគម្ពីរ ហើយយើងរំភើបចិត្ដប្រើគម្ពីរនោះ។ មនុស្សខ្លះគិតថាគម្ពីរគឺគ្រាន់តែជាសៀវភៅដ៏ល្អមួយប៉ុណ្ណោះ។ ប៉ុន្ដែ គម្ពីរមិនគ្រាន់តែជាសៀវភៅដ៏ល្អមួយប៉ុណ្ណោះទេ តែគម្ពីរមានបណ្ដាំរបស់ព្រះសម្រាប់យើង។ (ពេត្រុសទី២ ១:២១) គម្ពីរមានសេចក្ដីសន្យារបស់ព្រះ ហើយប្រាប់យើងអំពីអ្វីដែលរាជាណាចក្រព្រះនឹងធ្វើ។ ប៉ូលបានសរសេរថា«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ (សូមអាន ហេប្រឺ ៤:១២) តើតាមរបៀបណាបណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ? សេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាកំពុងឈានទៅរកការសម្រេច ហើយនឹងសម្រេចទាំងស្រុង។ (អេសាយ ៤៦:១០; ៥៥:១១) ពេលបុគ្គលម្នាក់យល់ការពិតទាំងនេះអំពីបណ្ដាំរបស់ព្រះ នោះអ្វីដែលគាត់អានក្នុងគម្ពីរអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់គាត់។

គោលដៅរបស់យើងគឺដើម្បីមានឥទ្ធិពលលើចិត្ដរបស់ពួកអ្នកដែលស្ដាប់យើង

. តើតាមរបៀបណាយើងអាច«ពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»?

ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវបណ្ដាំរបស់លោកដែលមានជីវិតរស់នៅ ពោលគឺគម្ពីរ។ ដោយមានឧបករណ៍នេះ យើងអាចបញ្ជាក់ថាអ្វីដែលយើងនិយាយគឺអាចទុកចិត្ដបាន ហើយមកពីព្រះ។ ហេតុនេះហើយបានជាពេលប៉ូលកំពុងបង្ហាត់បង្រៀនធីម៉ូថេ គាត់បានលើកទឹកចិត្ដធីម៉ូថេឲ្យ«ពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (ធីម៉ូថេទី២ ២:១៥) តើតាមរបៀបណាយើងអាចធ្វើតាមឱវាទរបស់ប៉ូល? គឺដោយជ្រើសរើសយ៉ាងយកចិត្ដទុកដាក់នូវបទគម្ពីរដែលយើងនឹងអានឲ្យអ្នកទៀតស្ដាប់។ គោលដៅរបស់យើងគឺដើម្បីមានឥទ្ធិពលលើចិត្ដរបស់ពួកអ្នកដែលស្ដាប់យើង។ ខិត្ដប័ណ្ណដែលយើងបានទទួលនៅឆ្នាំ២០១៣បានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យធ្វើដូច្នោះ។

ចូរអានបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្ដទុកដាក់

. តើអ្នកត្រួតពិនិត្យកិច្ចបម្រើម្នាក់បាននិយាយយ៉ាងណាអំពីខិត្ដប័ណ្ណថ្មី?

ខិត្ដប័ណ្ណថ្មីទាំងអស់នេះមានលក្ខណៈដូចគ្នា។ ដូច្នេះ ពេលយើងចេះប្រើខិត្ដប័ណ្ណមួយ យើងស្គាល់របៀបប្រើខិត្ដប័ណ្ណទាំងអស់។ អ្នកត្រួតពិនិត្យកិច្ចបម្រើម្នាក់នៅកោះហាវ៉ៃ សហរដ្ឋអាម៉េរិកបានសរសេរថា«យើងមិនបានដឹងថាឧបករណ៍ថ្មីទាំងនេះនឹងមានប្រសិទ្ធភាពយ៉ាងនេះទេក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងនៅកន្លែងសាធារណៈ»។ ហេតុអ្វីខិត្ដប័ណ្ណទាំងនេះស្រួលប្រើម៉្លេះ? គាត់គិតថានេះគឺដោយសារសំណួរនិងជម្រើសចម្លើយដែលមាននៅក្របខាងមុខនៃខិត្ដប័ណ្ណទាំងនេះ។ ម្ចាស់ផ្ទះមិនចាំបាច់បារម្ភថាគាត់នឹងផ្ដល់ចម្លើយខុសទេ។ បងប្រុសនោះនិយាយថាដោយសាររបៀបដែលខិត្ដប័ណ្ណទាំងនេះបានត្រូវសរសេរ មនុស្សកាន់តែច្រើនសុខចិត្ដនិយាយជាមួយនឹងយើង ហើយយើងអាចពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។

៩, ១០. () តើខិត្ដប័ណ្ណរបស់យើងបានត្រូវរៀបចំឡើងយ៉ាងណាដើម្បីជួយយើងឲ្យប្រើគម្ពីរ? () តើខិត្ដប័ណ្ណណាខ្លះដែលអ្នកបានប្រើដោយមានប្រសិទ្ធភាពច្រើនបំផុត ហើយហេតុអ្វី?

ខិត្ដប័ណ្ណនីមួយមានបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្ដទុកដាក់ដែលយើងអាចអានឲ្យម្ចាស់ផ្ទះស្ដាប់។ ជាឧទាហរណ៍ សូមគិតអំពីខិត្ដប័ណ្ណតើទុក្ខវេទនានឹងមានរហូតឬ? ចូរសួរម្ចាស់ផ្ទះនូវសំណួរនៅលើក្រប។ គាត់អាចជ្រើសរើសចម្លើយ«មែន»«មិនមែនទេ»«ប្រហែល»។ ទោះជាគាត់ឆ្លើយយ៉ាងណាក៏ដោយ ចូរបើកទៅទំព័រខាងក្នុង ហើយនិយាយថា«នេះជាអ្វីដែលគម្ពីរចែង»។ បន្ទាប់មក ចូរអានការបើកបង្ហាញ ២១:៣, ៤

១០ ពេលអ្នកប្រើខិត្ដប័ណ្ណតើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? ម្ចាស់ផ្ទះអាចជ្រើសរើសចម្លើយមួយណាក៏បានក្នុងចម្លើយទាំងបី។ ចូរបើកទៅទំព័រខាងក្នុងនៃខិត្ដប័ណ្ណនោះ រួចនិយាយថា«គម្ពីរចែងថា‹គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ›»។ អ្នកអាចបន្ថែមថា«តាមពិត ខគម្ពីរនោះចែងលើសពីនេះ»។ បន្ទាប់មក ចូរបើកគម្ពីររបស់អ្នក រួចអានគម្ពីរនៅធីម៉ូថេទី២ ៣:១៦, ១៧ទាំងអស់។

១១, ១២. () តើតាមរបៀបណាអ្នកអាចប្រើខិត្ដប័ណ្ណដើម្បីធ្វើឲ្យកិច្ចបម្រើផ្សាយរបស់អ្នកកាន់តែសប្បាយរីករាយ? () តើខិត្ដប័ណ្ណអាចជួយអ្នកយ៉ាងដូចម្ដេចឲ្យរៀបចំដើម្បីត្រឡប់ទៅជួប?

១១ អ្នកប្រហែលជាសម្រេចចិត្ដអាន ហើយពិភាក្សាឲ្យបានច្រើនជាងអំពីព័ត៌មាននៅក្នុងខិត្ដប័ណ្ណនោះ។ នេះនឹងអាស្រ័យទៅលើប្រតិកម្មរបស់ម្ចាស់ផ្ទះ។ ប៉ុន្ដែទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយ ពួកគេបានទទួលព័ត៌មានដែលមកពីខិត្ដប័ណ្ណនោះ ហើយអ្នកបានអានបទគម្ពីរពីបណ្ដាំរបស់ព្រះឲ្យពួកគេស្ដាប់។ ពេលអ្នកទៅជួបពួកគេលើកដំបូង ទោះជាអ្នកបានអានគម្ពីរតែមួយ ឬពីរក៏ដោយ អ្នកអាចត្រឡប់ទៅជួបពួកគេនៅពេលក្រោយមក ហើយបន្ដការសន្ទនា។

១២ នៅខាងខ្នងខិត្ដប័ណ្ណនីមួយមានមានចំណងជើងតូចថា«សូមគិតអំពីសំណួរនេះ»។ ក្រោមចំណងជើងតូចនេះ មានបទគម្ពីរខ្លះនិងសំណួរមួយដែលអ្នកអាចពិភាក្សាជាមួយម្ចាស់ផ្ទះពេលត្រឡប់ទៅជួបពួកគេ។ នៅក្នុងខិត្ដប័ណ្ណតើលោកអ្នកមានទស្សនៈយ៉ាងណាអំពីអនាគត? សំណួរគឺ «តើព្រះនឹងធ្វើឲ្យស្ថានភាពពិភពលោកយើងកាន់តែល្អប្រសើរជាងយ៉ាងដូចម្ដេច?» ហើយចម្លើយគឺនៅម៉ាថាយ ៦:៩, ១០និងដានីយ៉ែល ២:៤៤។ នៅក្នុងខិត្ដប័ណ្ណតើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? សំណួរគឺ «ហេតុអ្វីយើងទៅជាចាស់ ហើយក្រោយមកស្លាប់?» ហើយចម្លើយគឺនៅលោកុប្បត្ដិ ៣:១៧-១៩និងរ៉ូម ៥:១២

ខិត្ដប័ណ្ណរបស់យើងបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យចាប់ផ្ដើមការសិក្សាគម្ពីរ

១៣. សូមពន្យល់អំពីរបៀបប្រើខិត្ដប័ណ្ណដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរ។

១៣ ខិត្ដប័ណ្ណទាំងនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យចាប់ផ្ដើមការសិក្សាគម្ពីរ។ បុគ្គលម្នាក់អាចប្រើកាមេរ៉ាទូរស័ព្ទកុំព្យូទ័របន្ទះស្ដើងដើម្បីថតបារកូដ *នៅខាងខ្នងខិត្ដប័ណ្ណ ហើយវានឹងចូលទៅគេហទំព័ររបស់យើង។ នៅគេហទំព័រនោះ គាត់នឹងត្រូវអញ្ជើញឲ្យសិក្សាគម្ពីរ។ ខិត្ដប័ណ្ណទាំងនេះក៏លើកបញ្ជាក់អំពីសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង! ខិត្ដប័ណ្ណនីមួយទាក់ទងនឹងមេរៀនមួយក្នុងសៀវភៅស្ដើងនេះ។ ជាឧទាហរណ៍ ខិត្ដប័ណ្ណតើពិភពលោកនេះពិតជានៅក្រោមអំណាចអ្នកណា? នាំទៅមេរៀនទីនៃសៀវភៅស្ដើងនោះ។ ខិត្ដប័ណ្ណតើអ្វីជាកត្ដាសំខាន់ដើម្បីមានសុភមង្គលគ្រួសារ? នាំទៅមេរៀនទី។ ខិត្ដប័ណ្ណទាំងនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងឲ្យប្រើគម្ពីរពេលយើងទៅជួបគេលើកដំបូងនិងពេលត្រឡប់ទៅជួប។ ដោយធ្វើដូច្នេះ យើងអាចចាប់ផ្ដើមការសិក្សាគម្ពីរកាន់តែច្រើន។ តើអ្នកអាចធ្វើអ្វីទៀតដើម្បីប្រើបណ្ដាំរបស់ព្រះដោយមានប្រសិទ្ធភាព?

ចូរពិភាក្សាអំពីប្រធានបទមួយដែលមនុស្សចាប់អារម្មណ៍

១៤, ១៥. តើតាមរបៀបណាអ្នកអាចធ្វើតាមគំរូរបស់ប៉ូលក្នុងកិច្ចបម្រើផ្សាយរបស់អ្នក?

១៤ ក្នុងកិច្ចបម្រើផ្សាយ ប៉ូលចង់យល់យ៉ាងខ្លាំងអំពីគំនិតរបស់‹មនុស្សឲ្យបានច្រើនបំផុត›។ (សូមអាន កូរិនថូសទី១ ៩:១៩-២៣) ហេតុអ្វី? គាត់ចង់ជួយ«មនុស្សគ្រប់ប្រភេទ»ទាំងជនជាតិយូដាទាំងមនុស្សទៀតឲ្យរៀនសេចក្ដីពិតដើម្បីពួកគេអាចទទួលសេចក្ដីសង្គ្រោះ។ (សកម្មភាព ២០:២១) តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់ប៉ូលកាលដែលយើងរៀបចំសម្រាប់កិច្ចបម្រើផ្សាយ ហើយផ្សព្វផ្សាយដល់«មនុស្សគ្រប់ប្រភេទ»?—ធីម៉ូថេទី១ ២:៣, ៤

១៥ រៀងរាល់ខែកិច្ចបម្រើព្រះមានយោបល់ផ្សេងអំពីរបៀបផ្សព្វផ្សាយ។ ចូរព្យាយាមប្រើយោបល់ទាំងនោះ។ ប៉ុន្ដែចុះយ៉ាងណាបើមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកខ្វល់ខ្វាយអំពីរឿងផ្សេង? ចូររៀបចំដើម្បីនិយាយអ្វីមួយដែលពួកគេចាប់អារម្មណ៍។ តើមនុស្សដែលនៅជុំវិញអ្នកខ្វល់ខ្វាយអំពីអ្វី? ចូរជ្រើសរើសបទគម្ពីរមួយដែលទាក់ទងនឹងរឿងនោះ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់និងប្រពន្ធរបស់គាត់រៀបរាប់អំពីរបៀបពួកគាត់ប្រើគម្ពីរកាន់តែច្រើននៅក្នុងកិច្ចបម្រើផ្សាយដោយនិយាយថា«ម្ចាស់ផ្ទះភាគច្រើននឹងអនុញ្ញាតឲ្យយើងអានគម្ពីរមួយ បើយើងនិយាយយ៉ាងខ្លី ហើយចំៗ។ ក្រោយពីសួរសុខទុក្ខដូចសព្វដង ដោយមានគម្ពីរបើករួចហើយនៅដៃ យើងអានបទគម្ពីរមួយ»។ នៅវគ្គបន្ទាប់ យើងនឹងពិចារណាប្រធានបទ សំណួរនិងបទគម្ពីរខ្លះដែលមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ អ្នកប្រហែលជាចង់ព្យាយាមប្រើប្រធានបទ សំណួរនិងបទគម្ពីរទាំងនេះខ្លះក្នុងតំបន់ផ្សាយរបស់អ្នក។

តើអ្នកកំពុងប្រើគម្ពីរនិងខិត្ដប័ណ្ណដោយមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយទេ? (សូមមើលវគ្គ-១៣)

១៦. សូមពន្យល់អំពីរបៀបដែលអ្នកអាចប្រើអេសាយ ១៤:៧ក្នុងកិច្ចបម្រើផ្សាយ។

១៦ បើអ្នករស់នៅតំបន់ដែលមានឧក្រិដ្ឋកម្មនិងអំពើហិង្សា អ្នកអាចសួរបុគ្គលម្នាក់ថា«តើលោកអ្នកអាចស្រមៃគិតទេថានៅទំព័រទី១នៃកាសែតមានដំណឹងនេះថា ‹ផែនដីទាំងមូលបានស្រាកស្រាន្ដអស់ហើយ ក៏ស្ងៀមស្ងប់ដែរ។ គេទំលាយសំឡេងច្រៀងចេញមក›? នោះជាអ្វីដែលគម្ពីរចែងនៅអេសាយ ១៤:៧។ តាមពិត គម្ពីរមានសេចក្ដីសន្យាជាច្រើនរបស់ព្រះអំពីគ្រាដ៏សុខសាន្ដដែលនឹងមកដល់ក្នុងពេលឆាប់នេះ»។ បន្ទាប់មក ចូរស្នើសុំអានសេចក្ដីសន្យាមួយក្នុងចំណោមសេចក្ដីសន្យាទាំងនោះពីគម្ពីរ។

១៧. តើយើងប្រើម៉ាថាយ ៥:៣យ៉ាងដូចម្ដេចក្នុងការសន្ទនា?

១៧ តើបុរសជាច្រើននៅតំបន់របស់អ្នកពិបាកផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេទេ? បើដូច្នេះ អ្នកអាចចាប់ផ្ដើមការសន្ទនាដោយសួរថា«តើប្រុសត្រូវរកលុយឲ្យបានប៉ុន្មានដើម្បីឲ្យក្រុមគ្រួសាររបស់គាត់សប្បាយរីករាយ?»។ បន្ទាប់ពីបុគ្គលនោះឆ្លើយ អ្នកអាចនិយាយថា«ប្រុសជាច្រើនរកលុយបានច្រើនជាងនោះ ប៉ុន្ដែក្រុមគ្រួសាររបស់ពួកគេនៅតែមិនស្កប់ចិត្ដ។ ដូច្នេះ តើតាមពិតពួកគេត្រូវការអ្វី?»។ បន្ទាប់មក ចូរអានម៉ាថាយ ៥:៣ រួចស្នើសុំបង្រៀនគម្ពីរ។

១៨. តើតាមរបៀបណាអ្នកអាចប្រើ យេរេមា ២៩:១១ ដើម្បីជួយសម្រាលទុក្ខអ្នកទៀត?

១៨ តើមនុស្សក្នុងតំបន់របស់អ្នកកំពុងរងទុក្ខ ដោយសាររឿងខ្លោចផ្សាណាមួយនៅពេលថ្មីនេះទេ? អ្នកអាចចាប់ផ្ដើមការសន្ទនាដោយនិយាយថា«ខ្ញុំមកផ្ទះលោកអ្នកដើម្បីជួយសម្រាលទុក្ខ។ (សូមអាន យេរេមា ២៩:១១) តើលោកអ្នកកត់សម្គាល់អ្វីពីរយ៉ាងដែលព្រះចង់ឲ្យយើងមានទេ? ‹សេចក្ដីសុខ›និង‹សេចក្ដីសង្ឃឹម›។ យើងមានចិត្ដរីករាយដោយដឹងថាលោកចង់ឲ្យយើងមានជីវិតដ៏សប្បាយ។ ប៉ុន្ដែតើយើងអាចមានជីវិតបែបនេះយ៉ាងដូចម្ដេច?»។ បន្ទាប់មក ចូរបើកទៅមេរៀនដែលជាប់ទាក់ទងនឹងចំណុចនេះនៅសៀវភៅស្ដើងដំណឹងល្អ។

១៩. សូមពន្យល់អំពីរបៀបប្រើ ការបើកបង្ហាញ ១៤:៦, ៧ ពេលកំពុងនិយាយជាមួយមនុស្សដែលចាប់អារម្មណ៍អំពីសាសនា។

១៩ តើអ្នករស់នៅតំបន់ដែលមនុស្សចាប់អារម្មណ៍អំពីសាសនាទេ? បើដូច្នេះ អ្នកអាចចាប់ផ្ដើមការសន្ទនាដោយសួរថា«បើទេវតាមួយរូបនិយាយមកលោកអ្នក តើលោកអ្នកនឹងស្ដាប់អ្វីដែលទេវតានោះនិយាយទេ? (សូមអាន ការបើកបង្ហាញ ១៤:៦, ៧) ទេវតានោះនិយាយថា៖ ‹ចូរកោតខ្លាចព្រះ› ដូច្នេះ តើទេវតានោះកំពុងនិយាយអំពីព្រះមួយណា? គឺអំពី‹លោកដែលបានបង្កើតមេឃនិងផែនដី›។ តើលោកនោះជាអ្នកណា?»។ បន្ទាប់មក សូមអានទំនុកតម្កើង ១២៤:៨ដែលចែងថា«សេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី»។ បន្ទាប់មក ស្នើសុំពន្យល់ថែមទៀតអំពីព្រះយេហូវ៉ា។

២០. () តើយើងអាចប្រើសុភាសិត ៣០:៤យ៉ាងដូចម្ដេច ដើម្បីបង្រៀនបុគ្គលម្នាក់អំពីនាមរបស់ព្រះ? () តើអ្នកបានប្រើបទគម្ពីរមួយណាដោយមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ?

២០ អ្នកអាចចាប់ផ្ដើមការសន្ទនាជាមួយនឹងបុគ្គលវ័យក្មេងម្នាក់ដោយនិយាយថា«ខ្ញុំសូមអានបទគម្ពីរមួយដែលសួរសំណួរដ៏សំខាន់មួយ។ (សូមអាន សុភាសិត ៣០:៤) គ្មានមនុស្សណាអាចធ្វើអ្វីទាំងនេះបានទេ ដូច្នេះ ខគម្ពីរនេះច្បាស់ជាសំដៅលើព្រះដែលជាអ្នកបង្កើតរបស់យើង។ តើតាមរបៀបណាយើងអាចដឹងថានាមរបស់លោកគឺអ្វី? ខ្ញុំនឹងរីករាយបង្ហាញលោកអ្នកអំពីនាមរបស់លោកនៅក្នុងគម្ពីរ»។

ចូរប្រើឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះក្នុងកិច្ចបម្រើផ្សាយ

២១, ២២. () តើបទគម្ពីរមួយដែលបានត្រូវជ្រើសរើសដោយយកចិត្ដទុកដាក់អាចកែប្រែជីវិតរបស់បុគ្គលម្នាក់យ៉ាងដូចម្ដេច? () តើអ្នកតាំងចិត្ដធ្វើអ្វីក្នុងកិច្ចបម្រើផ្សាយ?

២១ ពេលយើងអានបទគម្ពីរដែលបានត្រូវជ្រើសរើសដោយយកចិត្ដទុកដាក់ យើងមិនដឹងថាមនុស្សនឹងមានប្រតិកម្មយ៉ាងណាឡើយ។ ជាឧទាហរណ៍ សាក្សីព្រះយេហូវ៉ាពីរនាក់នៅប្រទេសអូស្ត្រាលីបានគោះទ្វារផ្ទះរបស់ស្ដ្រីវ័យក្មេងម្នាក់។ សាក្សីម្នាក់ក្នុងចំណោមសាក្សីពីរនាក់នោះបានសួរស្ដ្រីនោះថា«តើបងស្គាល់នាមរបស់ព្រះទេ?» រួចមកគាត់អានទំនុកតម្កើង ៨៣:១៨។ ស្ដ្រីនោះនិយាយថា«ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង! ក្រោយពីពួកគាត់បានចាកចេញ ខ្ញុំបានបើកឡាន៥៦គីឡូម៉ែត្រ (៣៥ម៉ៃល៍) ទៅបណ្ណាគារមួយដើម្បីរកមើលក្នុងសេចក្ដីបកប្រែគម្ពីរផ្សេងទៀត ហើយក្រោយមករកមើលឈ្មោះនោះនៅក្នុងវចនានុក្រមមួយ។ ដោយសារខ្ញុំបានស្រាវជ្រាវឃើញដោយខ្លួនឯង នោះខ្ញុំបានជឿជាក់ថានាមរបស់ព្រះគឺយេហូវ៉ា តែខ្ញុំឆ្ងល់ថាតើមានអ្វីទៀតដែលខ្ញុំមិនបានដឹង?»។ មិនយូរប៉ុន្មាន ស្ដ្រីនោះនិងអនាគតប្ដីរបស់គាត់បានចាប់ផ្ដើមសិក្សាគម្ពីរ ហើយក្រោយមកពួកគាត់បានទទួលការជ្រមុជទឹក។

ពេលយើងអានបទគម្ពីរដែលបានត្រូវជ្រើសរើសដោយយកចិត្ដទុកដាក់ យើងមិនដឹងថាមនុស្សនឹងមានប្រតិកម្មយ៉ាងណាឡើយ

២២ បណ្ដាំរបស់ព្រះមានឫទ្ធានុភាពកែប្រែជីវិតរបស់មនុស្ស។ ពេលបុគ្គលម្នាក់អានគម្ពីរ គាត់អាចពង្រឹងជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ជំនឿនេះនឹងជំរុញគាត់ឲ្យអនុវត្ដអ្វីដែលគាត់រៀន។ (សូមអាន ថែស្សាឡូនិចទី១ ២:១៣) សារក្នុងគម្ពីរមានឫទ្ធានុភាពខ្លាំងជាងអ្វីទាំងអស់ដែលយើងអាចនិយាយ។ ដូច្នេះ ចូរយើងតាំងចិត្ដប្រើបណ្ដាំរបស់ព្រះឲ្យបានច្រើនបំផុតដែលយើងអាចធ្វើបានក្នុងកិច្ចបម្រើផ្សាយ។ បណ្ដាំរបស់ព្រះមានជីវិតរស់នៅ!

^ ???? 13 បារកូដនេះគឺជាយីហោផ្លូវការរបស់សាជីវកម្មដេនសូវេល។