លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

លោកយេស៊ូបានប្រាប់ពួកសាឌូស៊ីថាអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ«នឹងមិនរៀបការជាប្ដីប្រពន្ធឡើយ»។ (លូកា ២០:៣៤-៣៦) តើលោកយេស៊ូកំពុងនិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដីឬ?

នេះគឺជាសំណួរសំខាន់មួយ ជាពិសេសបើគូអាពាហ៍ពិពាហ៍របស់អ្នកបានស្លាប់។ អ្នកប្រហែលជាមានបំណងយ៉ាងខ្លាំងចង់រស់នៅជាប្ដីប្រពន្ធឡើងវិញជាមួយគូអាពាហ៍ពិពាហ៍របស់អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មី។ បងប្រុសម្នាក់បាននិយាយថា«ប្រពន្ធរបស់ខ្ញុំនិងខ្ញុំមិនបានសម្រេចចិត្ដបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់យើងទេ។ យើងមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នាជាប្ដីប្រពន្ធជារៀងរហូត។ បំណងទាំងនេះមិនដែលផ្លាស់ប្ដូរទេសម្រាប់ខ្ញុំ»។ តើមានមូលហេតុឲ្យជឿថាអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីនឹងអាចរៀបការបានទេ? យើងមិនអាចនិយាយប្រាកដបានទេ។

អស់ជាច្រើនឆ្នាំ សៀវភៅរបស់យើងបានសរសេរថាពាក្យរបស់លោកយេស៊ូអំពីការប្រោសឲ្យរស់ឡើងវិញ និងអំពីការរៀបការទំនងជាសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅផែនដី។ ម្យ៉ាងទៀត សៀវភៅរបស់យើងក៏បានសរសេរដែរថានៅក្នុងពិភពលោកថ្មី អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញទំនងជាមិនរៀបការឡើយ។ * (សូមមើលកំណត់សម្គាល់) (ម៉ាថាយ ២២:២៩, ៣០; ម៉ាកុស ១២:២៤, ២៥; លូកា ២០:៣៤-៣៦) ប៉ុន្ដែ តើពាក្យរបស់លោកយេស៊ូអាចសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ទេ? ដោយមិននិយាយដាច់ខាតអំពីរឿងនេះ សូមយើងពិចារណាអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍។

តើលោកយេស៊ូកំពុងនិយាយទៅអ្នកណា ពេលលោកបានពោលពាក្យខាងលើនោះស្ដីអំពីការប្រោសឲ្យរស់ឡើងវិញ? (សូមអាន លូកា ២០:២៧-៣៣) លោកកំពុងនិយាយទៅពួកសាឌូស៊ី។ និកាយនៃសាសនាយូដានេះមិនជឿលើការប្រោសឲ្យរស់ឡើងវិញទេ ហើយពួកគេបានព្យាយាមបញ្ឆោតលោកយេស៊ូដោយសួរសំណួរអំពីការប្រោសឲ្យរស់ឡើងវិញនិងអំពីការរៀបការជាមួយនឹងបុរសជាសាច់ថ្លៃ។ * (សូមមើលកំណត់សម្គាល់) លោកយេស៊ូបានប្រាប់ពួកគេថា«មនុស្សក្នុងរបៀបរបបពិភពលោកនេះរៀបការជាប្ដីប្រពន្ធ ប៉ុន្ដែពួកអ្នកដែលបានត្រូវចាត់ទុកថាសមទទួលជីវិតក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ ហើយសមទទួលការប្រោសឲ្យរស់ឡើងវិញ នឹងមិនរៀបការជាប្ដីប្រពន្ធឡើយ។ ម្យ៉ាងទៀត ពួកគេក៏មិនអាចស្លាប់ទៀតដែរ ព្រោះពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌ ក៏ជាកូនរបស់ព្រះ ដោយសារពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ»។—លូកា ២០:៣៤-៣៦

ហេតុអ្វីសៀវភៅរបស់យើងបានសរសេរថាលោកយេស៊ូទំនងជាកំពុងនិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដី? មានមូលហេតុពីរយ៉ាង។ មូលហេតុទី១ គឺទំនងជាពួកសាឌូស៊ីកំពុងសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅផែនដី ពេលពួកគេបាននិយាយទៅលោកយេស៊ូ។ ដូច្នេះ តាមមើលទៅជាការសមហេតុសមផលដែលលោកយេស៊ូបានឆ្លើយទៅពួកគេដោយនិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដី។ មូលហេតុទី២ លោកយេស៊ូបានបញ្ចប់ចម្លើយរបស់លោកដោយនិយាយអំពីអាប្រាហាំ អ៊ីសាកនិងយ៉ាកុប។ បុរសស្មោះត្រង់ទាំងនេះនឹងទទួលការប្រោសឲ្យរស់ឡើងវិញនៅផែនដី។—លូកា ២០:៣៧, ៣៨

ប៉ុន្ដែ លោកយេស៊ូប្រហែលជានិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ តើយើងមានមូលហេតុអ្វីខ្លះដែលយើងនិយាយដូច្នេះ? សូមយើងពិចារណាអំពីឃ្លាពីរក្នុងចម្លើយរបស់លោកយេស៊ូទៅពួកសាឌូស៊ី។

«ពួកអ្នកដែលបានត្រូវចាត់ទុកថាសមទទួល . . . ការប្រោសឲ្យរស់ឡើងវិញ»។ ពួកអ្នកស្មោះត្រង់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌«បានត្រូវចាត់ទុកថាជាអ្នកដែលសមនឹងទទួលរាជាណាចក្រនៃព្រះ»។ (ថែស្សាឡូនិចទី២ ១:៥, ១១) ដោយសារគ្រឿងបូជាលោះរបស់គ្រិស្ដ ព្រះបានចាត់ទុកពួកអ្នកដែលបានត្រូវរើសតាំងថាជាមនុស្សសុចរិត។ ពេលពួកគាត់ស្លាប់ ព្រះចាត់ទុកពួកគាត់ជាមនុស្សដែលគ្មានភាពខុសឆ្គង។ (រ៉ូម ៥:១, ១៨; ៨:១) ពួកអ្នកដែលបានត្រូវរើសតាំងបានត្រូវហៅជាមនុស្សដែល«មានសុភមង្គល ហើយក៏បរិសុទ្ធ» ហើយបានត្រូវចាត់ទុកថាសមនឹងទទួលការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ (ការបើកបង្ហាញ ២០:៥, ៦) ពាក្យនេះមិនអាចប្រើសម្រាប់ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីទេ ពីព្រោះពួកគេនឹងរួមបញ្ចូល«មនុស្សមិនសុចរិត»។ (សកម្មភាព ២៤:១៥) តើ«មនុស្សមិនសុចរិត»ទាំងនេះអាច«ត្រូវចាត់ទុកថាសម»ទទួលការប្រោសឲ្យរស់ឡើងវិញទេ?

«ពួកគេក៏មិនអាចស្លាប់ទៀតដែរ»។ លោកយេស៊ូមិនបានមានប្រសាសន៍ថា«ពួកគេនឹងមិនស្លាប់ទៀតទេ»។ ផ្ទុយទៅវិញ លោកបានមានប្រសាសន៍ថា«ពួកគេក៏មិនអាចស្លាប់ទៀតដែរ»។ សេចក្ដីបកប្រែផ្សេងទៀតបានបកប្រែឃ្លានោះថា«ពួកគេមិនត្រូវស្លាប់ទៀតទេ» ហើយ«សេចក្ដីស្លាប់គ្មានអំណាចទៅលើពួកគេទៀតទេ»។ ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅស្មោះត្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ នៅទីនោះ ពួកគេនឹងមានជីវិតអមតៈ។ នេះមានន័យថាពួកគេមិនអាចស្លាប់ទេ ហើយជីវិតរបស់ពួកគេមិនអាចត្រូវបំផ្លាញបានឡើយ។ (កូរិនថូសទី១ ១៥:៥៣, ៥៤) សេចក្ដីស្លាប់គ្មានអំណាចលើពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ទេ * (សូមមើលកំណត់សម្គាល់)។

ដោយផ្អែកលើព័ត៌មានដែលយើងបានពិភាក្សាខាងលើ តើយើងអាចសន្និដ្ឋានយ៉ាងណា? យើងរៀនថាលោកយេស៊ូប្រហែលជាសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ បើដូច្នេះ យើងយល់ចំណុចបីអំពីពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ () ពួកគេមិនរៀបការទេ () ពួកគេមិនអាចស្លាប់ទេ ហើយ() ពួកគេស្រដៀងនឹងពួកទេវតានៅស្ថានសួគ៌មួយកម្រិត។ ប៉ុន្ដែ បើលោកយេស៊ូបានសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ យើងត្រូវមានចម្លើយចំពោះសំណួរខាងក្រោមនេះ។

ទី១ ពួកសាឌូស៊ីទំនងជាបានគិតអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដី ដូច្នេះហេតុអ្វីលោកយេស៊ូបានសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌? លោកយេស៊ូមិនតែងតែឆ្លើយសំណួរសត្រូវរបស់លោកតាមអ្វីដែលពួកគេគិតនោះទេ។ ជាឧទាហរណ៍ ពេលជនជាតិយូដាខ្លះបានសុំលោកយេស៊ូឲ្យធ្វើអព្ភូតហេតុមួយ លោកបានមានប្រសាសន៍ថា«ចូររុះវិហារនេះចោល ហើយខ្ញុំនឹងធ្វើឡើងវិញក្នុងបីថ្ងៃ»។ លោកយេស៊ូទំនងជាដឹងថាពួកគេកំពុងគិតអំពីវិហារមែនទែន «តែពេលដែលមានប្រសាសន៍អំពីវិហារនោះ លោកកំពុងមានប្រសាសន៍សំដៅទៅរូបកាយរបស់លោក»។ (យ៉ូហាន ២:១៨-២១) ប្រហែលជាលោកយេស៊ូមានអារម្មណ៍ថាលោកមិនចាំបាច់ផ្ដល់ចម្លើយចំពោះសំណួររបស់ពួកសាឌូស៊ីដែលជាមនុស្សលាក់ពុតឡើយ។ យ៉ាងណាមិញ ពួកគេមិនជឿលើការប្រោសឲ្យរស់ឡើងវិញ ហើយមិនជឿថាមានទេវតាទេ។ (សុភាសិត ២៣:៩; ម៉ាថាយ ៧:៦; សកម្មភាព ២៣:៨) ផ្ទុយទៅវិញ លោកយេស៊ូប្រហែលជាចង់ផ្ដល់ឲ្យអ្នកកាន់តាមលោកនូវព័ត៌មានល្អិតល្អន់អំពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ ពួកគេជាមនុស្សមានចិត្ដស្មោះដែលនឹងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។

ទី២ ហេតុអ្វីលោកយេស៊ូបានបញ្ចប់ការពិភាក្សារបស់លោកដោយនិយាយអំពីអាប្រាហាំ អ៊ីសាកនិងយ៉ាកុប? បុរសទាំងនេះនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ (សូមអាន ម៉ាថាយ ២២:៣១, ៣២) មុននិយាយអំពីបុរសស្មោះត្រង់ទាំងនេះ លោកយេស៊ូបានចាប់ផ្ដើមឃ្លារបស់លោកដោយពាក្យថា«ស្ដីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ ឃ្លានេះប្រហែលជាអាចបញ្ជាក់ថាមានការផ្លាស់ប្ដូរការពិភាក្សាពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ទៅការប្រោសឲ្យរស់ឡើងវិញនៅផែនដី។ លោកយេស៊ូបានដឹងថាពួកសាឌូស៊ីបានជឿអ្វីដែលម៉ូសេបានសរសេរ ដូច្នេះលោកបានដកស្រង់អ្វីដែលព្រះបានមានប្រសាសន៍ទៅកាន់ម៉ូសេនៅគុម្ពបន្លាដែលមានភ្លើងឆេះ។ លោកយេស៊ូចង់បញ្ជាក់ប្រាប់ពួកសាឌូស៊ីថាការប្រោសឲ្យរស់ឡើងវិញនៅផែនដីគឺជាផ្នែកមួយនៃគោលបំណងរបស់ព្រះ។—និក្ខមនំ ៣:១-

ទី៣ បើពាក្យរបស់លោកយេស៊ូបានសំដៅលើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ តើនេះមានន័យថាអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីនឹងអាចរៀបការបានឬ? បណ្ដាំរបស់ព្រះមិនផ្ដល់ចម្លើយច្បាស់ចំពោះសំណួរនោះទេ។ បើលោកយេស៊ូបាននិយាយអំពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ នោះពាក្យរបស់លោកមិនពន្យល់ថាតើអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីនឹងអាចរៀបការនៅពិភពលោកថ្មីបានយ៉ាងណាទេ។

គម្ពីរចែងយ៉ាងច្បាស់ថាសេចក្ដីស្លាប់បញ្ចប់ចំណងអាពាហ៍ពិពាហ៍។ ដូច្នេះ បើគូអាពាហ៍ពិពាហ៍របស់អ្នកបានស្លាប់ អ្នកមិនគួរមានអារម្មណ៍បន្ទោសខ្លួនឯងទេ បើអ្នកសម្រេចចិត្ដរៀបការម្ដងទៀត។ នោះគឺជាការសម្រេចចិត្ដផ្ទាល់ខ្លួន។ គ្មានអ្នកណាគួររិះគន់បុគ្គលដែលស្វែងរកគូអាពាហ៍ពិពាហ៍មួយដើម្បីមានភាពកក់ក្ដៅឡើយ។—រ៉ូម ៧:២, ៣; កូរិនថូសទី១ ៧:៣៩

យើងប្រហែលជាមានសំណួរជាច្រើនអំពីជីវិតនៅពិភពលោកថ្មី។ ជាជាងព្យាយាមឆ្លើយស្មានចំពោះសំណួរទាំងនោះ យើងត្រូវរង់ចាំមើល។ ប៉ុន្ដែ អ្វីមួយដែលប្រាកដគឺ អ្នកដែលស្ដាប់បង្គាប់ព្រះនឹងសប្បាយរីករាយ ពីព្រោះព្រះយេហូវ៉ានឹងបំពេញរាល់សេចក្ដីត្រូវការនិងបំណងប្រាថ្នារបស់ពួកគេតាមរបៀបដ៏ប្រសើរបំផុត។—ទំនុកតម្កើង ១៤៥:១៦

^ ???? 4 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៨៧ ទំព័រ៣០-៣១ ជាភាសាអង់គ្លេស។

^ ???? 5 នៅសម័យគម្ពីរ ការរៀបការជាមួយនឹងបុរសជាសាច់ថ្លៃគឺជាទម្លាប់មួយរបស់ពួកគេ។ បើបុរសម្នាក់ស្លាប់ ហើយគ្មានកូនប្រុស ប្រពន្ធរបស់គាត់នឹងរៀបការជាមួយបងប្អូនប្រុសខាងប្ដី។ នេះនឹងនាំឲ្យមានកូនប្រុសដែលនឹងបន្ដនាមត្រកូលបាន។—លោកុប្បត្ដិ ៣៨:៨; ចោទិយកថា ២៥:៥, ៦

^ ???? 9 ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត តែមិនមានជីវិតអមតៈទេ។ ដើម្បីរៀនថែមទៀតអំពីភាពខុសគ្នារវាងសេចក្ដីសង្ឃឹមទាំងពីរនេះ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៤ ទំព័រ៣០-៣១ ជាភាសាអង់គ្លេស។