លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលព្រះយេហូវ៉ាចូលមកជិតយើង

របៀបដែលព្រះយេហូវ៉ាចូលមកជិតយើង

«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨

. តើមនុស្សត្រូវការអ្វី ហើយតើអ្នកណាអាចបំពេញសេចក្ដីត្រូវការនេះ?

មនុស្សគ្រប់រូបត្រូវការមានភាពជិតស្និទ្ធនឹងមនុស្សទៀត។ ភាពជិតស្និទ្ធនេះធ្វើឲ្យយើងសប្បាយរីករាយដោយមានគ្រួសារនិងមិត្ដភក្ដិដែលពិតជាស្រឡាញ់ ឲ្យតម្លៃ ហើយយល់អំពីយើង។ ប៉ុន្ដែ បុគ្គលដែលយើងត្រូវបណ្ដុះចំណងមិត្ដភាពជិតស្និទ្ធបំផុត គឺព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់យើង។—សាស្ដា ១២:១

. តើព្រះយេហូវ៉ាសន្យាអ្វីនឹងយើង ប៉ុន្ដែហេតុអ្វីមនុស្សជាច្រើនមិនជឿសេចក្ដីសន្យានេះ?

ព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើជាមិត្ដរបស់លោក។ លោកសន្យាថា បើយើងចូលទៅជិតលោក នោះលោកនឹងចូលមកជិតយើង។ (យ៉ាកុប ៤:៨) ការដឹងអំពីចំណុចនេះធ្វើឲ្យយើងសប្បាយរីករាយ។ ប៉ុន្ដែមនុស្សជាច្រើនគិតថា គឺមិនសមហេតុសមផលទេឲ្យពួកគេជឿថាព្រះចង់មានភាពជិតស្និទ្ធនឹងពួកគេ។ ពួកគេគិតថាពួកគេមិនសមមានចំណងមិត្ដភាពជាមួយនឹងលោក ឬថាលោកនៅឆ្ងាយពេក។ តើយើងពិតជាអាចចូលទៅជិតព្រះយេហូវ៉ាបានទេ?

. ស្ដីអំពីព្រះយេហូវ៉ា តើយើងត្រូវជឿអ្វី?

មែនហើយ យើងអាចស្គាល់ព្រះយេហូវ៉ា ពីព្រោះ«លោកមិននៅឆ្ងាយពីយើងម្នាក់»ដែលចង់ស្វែងរកលោកទេ។ (សូមអាន សកម្មភាព ១៧:២៦, ២៧; ទំនុកតម្កើង ១៤៥:១៨) ព្រះយេហូវ៉ាសប្បាយចិត្ដនឹងទទួលយកយើងជាមិត្ដជិតស្និទ្ធរបស់លោក ទោះជាយើងមិនល្អឥតខ្ចោះក៏ដោយ។ (អេសាយ ៤១:៨; ៥៥:៦) ដោយសារអ្នកតែងទំនុកតម្កើងបានពិសោធដោយផ្ទាល់ នោះគាត់និយាយអំពីព្រះយេហូវ៉ាថា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកទ្រង់ មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់»។ (ទំនុកតម្កើង ៦៥:២,) ឥឡូវនេះ សូមរៀនពីគម្ពីរនូវរបៀបដែលស្ដេចអេសានៃស្រុកយូដាបានចូលទៅជិតព្រះនិងរបៀបដែលព្រះបានចូលទៅជិតអេសាដែរ * (សូមមើលកំណត់សម្គាល់)។

ចូររៀនពីគំរូមួយនៅសម័យបុរាណ

. តើស្ដេចអេសាបានទុកគំរូអ្វីដល់បណ្ដាជនយូដា?

អេសាមានចិត្ដខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត។ ពេលគាត់បានទៅជាស្ដេច ពេស្យាចារនៅវិហារនិងការគោរពបូជារូបព្រះមានច្រើនណាស់នៅក្នុងស្រុក ហើយគាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយបំបាត់ចោលអំពើអាក្រក់ទាំងនោះ។ (ពង្សាវតារក្សត្រទី១ ១៥:៩-១៣) ដោយសារអេសាបានចូលទៅជិតព្រះយេហូវ៉ា ហើយបានគោរពច្បាប់របស់លោក គាត់អាចប្រាប់បណ្ដាជនឲ្យ«ស្វែងរកព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ហើយឲ្យប្រព្រឹត្ដតាមក្រិត្យវិន័យ នឹងបញ្ញត្ដទាំងប៉ុន្មានដែរ»។ ហេតុនេះ ក្នុងអំឡុង១០ឆ្នាំដំបូងនៃការគ្រប់គ្រងរបស់អេសា ព្រះយេហូវ៉ាបានធ្វើឲ្យមានសន្ដិភាពយ៉ាងបរិបូរ។ អេសាបានដឹងថាសន្ដិភាពនេះគឺមកពីព្រះយេហូវ៉ា ហើយគាត់បានប្រាប់បណ្ដាជនថា«យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្ដនៅព័ទ្ធជុំវិញ»។ (របាក្សត្រទី២ ១៤:១-) ដូច្នេះ តើអ្វីបានកើតឡើងក្រោយពីនោះ?

. តើក្នុងស្ថានភាពអ្វីអេសាបានបង្ហាញថាគាត់បានទុកចិត្ដព្រះ ហើយតើមានលទ្ធផលយ៉ាងណា?

សូមស្រមៃគិតថាអ្នកជាស្ដេចអេសា។ សេរ៉ាសដែលជាជនជាតិអេចូពីកំពុងដឹកនាំទ័ពលាននាក់និងរទេះចម្បាំង៣០០គ្រឿងមកធ្វើសង្គ្រាមនឹងប្រជាជាតិរបស់អ្នក។ (របាក្សត្រទី២ ១៤:៨-១០) គាត់មានកងទ័ពច្រើនជាងកងទ័ពរបស់អ្នកជិតពីរដង។ តើអ្នកនឹងធ្វើយ៉ាងណា? តើអ្នកនឹងឆ្ងល់អំពីមូលហេតុដែលព្រះមិនបានបញ្ឈប់ការវាយប្រហារនេះទេ? តើអ្នកនឹងពឹងផ្អែកលើប្រាជ្ញារបស់អ្នកឬ? ឬផ្ទុយទៅវិញ តើអ្នកនឹងទុកចិត្ដលើព្រះយេហូវ៉ាថាលោកនឹងការពារអ្នកទេ? អេសាបានបង្ហាញយ៉ាងច្បាស់ថាគាត់មានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយបង្ហាញថាគាត់បានទុកចិត្ដលោកទាំងស្រុង។ អេសាបានស្រែកឡើងថា«ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង»។ តើព្រះបានឆ្លើយតបទៅគាត់យ៉ាងដូចម្ដេច? «ព្រះយេហូវ៉ាទ្រង់ក៏វាយពួកអេធីអូពី»។ គ្មានសត្រូវណាម្នាក់បានរួចជីវិតឡើយ។—របាក្សត្រទី២ ១៤:១១-១៣

យើងត្រូវបម្រើព្រះដោយចិត្ដស្មោះត្រង់ ដើម្បីយើងអាចជិតស្និទ្ធជាមួយនឹងលោក

. តើយើងគួរយកតម្រាប់អេសាយ៉ាងដូចម្ដេច?

ហេតុអ្វីអេសាអាចទុកចិត្ដទាំងស្រុងថាព្រះនឹងការពារ ព្រមទាំងណែនាំគាត់? គម្ពីរចែងថា«អេសានេះទ្រង់បានប្រព្រឹត្ដទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា» ហើយថា«ទ្រង់មានព្រះទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី១ ១៥:១១, ១៤) យើងក៏ត្រូវបម្រើព្រះដោយចិត្ដស្មោះត្រង់ដែរ ដើម្បីយើងអាចជិតស្និទ្ធនឹងលោកនៅឥឡូវនេះនិងនៅពេលអនាគត។ យើងមានចិត្ដដឹងគុណព្រះយេហូវ៉ាដែលបានចាត់វិធានការដើម្បីឲ្យយើងចូលទៅជិតលោក ហើយជួយយើងឲ្យមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ សូមពិចារណារបៀបពីរយ៉ាងដែលព្រះបានធ្វើដូច្នេះ។

ព្រះយេហូវ៉ាប្រើថ្លៃលោះដើម្បីទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក

. () តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីឲ្យយើងចូលទៅជិតលោក? () តើអ្វីជារបៀបដ៏ប្រសើរបំផុតដែលព្រះទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក?

ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ពេលលោកបានបង្កើតផែនដីដ៏ល្អស្អាតធ្វើជាលំនៅរបស់យើង។ លោកបន្ដបង្ហាញសេចក្ដីស្រឡាញ់ដោយទ្រទ្រង់ជីវិតរបស់យើងជារៀងរាល់ថ្ងៃ។ (សកម្មភាព ១៧:២៨; ការបើកបង្ហាញ ៤:១១) របៀបដ៏ប្រសើរជាងនេះទៅទៀតដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ គឺដោយបំពេញសេចក្ដីត្រូវការរបស់យើងក្នុងការគោរពប្រណិប័តន៍លោក។ (លូកា ១២:៤២) លោកក៏ពង្រឹងទំនុកចិត្ដយើងដែរថាលោកនឹងស្ដាប់ដោយផ្ទាល់ ពេលយើងអធិដ្ឋានទៅលោក។ (យ៉ូហានទី១ ៥:១៤) ប៉ុន្ដែ របៀបដ៏ប្រសើរបំផុតដែលព្រះយេហូវ៉ាទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោកនិងបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង គឺតាមរយៈថ្លៃលោះ។ (សូមអាន យ៉ូហានទី១ ៤:៩, ១០, ១៩) ព្រះយេហូវ៉ាបានចាត់បុត្ររបស់លោកឲ្យលះបង់ជីវិតដើម្បីធ្វើជាគ្រឿងបូជាសម្រាប់យើង។ មានតែតាមរយៈគ្រឿងបូជានេះប៉ុណ្ណោះទើបយើងអាចមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតជាមនុស្សល្អឥតខ្ចោះ។—យ៉ូហាន ៣:១៦

ព្រះយេហូវ៉ាពង្រឹងទំនុកចិត្ដយើងថាលោកនឹងស្ដាប់ដោយផ្ទាល់ ពេលយើងអធិដ្ឋានទៅលោក

៨, ៩. តើលោកយេស៊ូមានតួនាទីអ្វីក្នុងគោលបំណងរបស់ព្រះយេហូវ៉ា?

គោលបំណងរបស់ព្រះយេហូវ៉ាគឺឲ្យមនុស្សទាំងអស់ទទួលប្រយោជន៍ពីថ្លៃលោះ សូម្បីតែពួកអ្នកដែលបានរស់នៅមុនថ្លៃលោះបានត្រូវបង់ក៏ដោយ។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? ពេលព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីអ្នកសង្គ្រោះយើង លោកបានចាត់ទុកថ្លៃលោះថាបានបង់រួចហើយ ដោយសារលោកបានដឹងថាគោលបំណងរបស់លោកចំពោះមនុស្សជាតិនឹងបានសម្រេច។ (លោកុប្បត្ដិ ៣:១៥) រាប់រយឆ្នាំក្រោយមក សាវ័កប៉ូលបានអរគុណព្រះយេហូវ៉ាចំពោះ«ការរំដោះដោយថ្លៃលោះដែលគ្រិស្ដយេស៊ូបានបង់»។ ប៉ូលបានពន្យល់ថាព្រះ«បានអភ័យទោសចំពោះការខុសឆ្គងដែលកើតមាននៅអតីតកាល»។ (រ៉ូម ៣:២១-២៦) ដូច្នេះ បើគ្មានលោកយេស៊ូ យើងមិនអាចចូលទៅជិតព្រះបានទេ។

ថ្លៃលោះបានត្រូវបង់ មិនមែនដោយសារយើងសមនឹងទទួលថ្លៃលោះទេ ប៉ុន្ដែដោយសារព្រះយេហូវ៉ានិងលោកយេស៊ូស្រឡាញ់យើងខ្លាំងណាស់

គឺតាមរយៈលោកយេស៊ូប៉ុណ្ណោះដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សដែលមានចិត្ដរាបទាបមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ គម្ពីរចែងថា«ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្ដស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៦-) ថ្លៃលោះបានត្រូវបង់ មិនមែនដោយសារយើងសមនឹងទទួលថ្លៃលោះទេ ប៉ុន្ដែដោយសារព្រះយេហូវ៉ានិងលោកយេស៊ូស្រឡាញ់យើងខ្លាំងណាស់។ លោកយេស៊ូបានមានប្រសាសន៍ថា«គ្មានមនុស្សណាម្នាក់អាចមកខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌»។ លោកក៏បានមានប្រសាសន៍ដែរថា«គ្មានអ្នកណាអាចមកបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។ (យ៉ូហាន ៦:៤៤; ១៤:៦) ដោយប្រើសកម្មពលបរិសុទ្ធ ព្រះយេហូវ៉ាទាញនាំមនុស្សឲ្យមកលោកតាមរយៈលោកយេស៊ូ ហើយជួយពួកគេឲ្យមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងលោក ដើម្បីពួកគេអាចរស់ជារៀងរហូត។ (សូមអាន យូដាស ២០, ២១) ឥឡូវនេះ សូមពិចារណាអំពីរបៀបទី២ដែលព្រះយេហូវ៉ាទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក។

ព្រះយេហូវ៉ាប្រើគម្ពីរដើម្បីទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក

១០. តើតាមរបៀបណាគម្ពីរជួយយើងឲ្យចូលកាន់តែជិតព្រះ?

១០ មកដល់ត្រឹមនេះ នៅក្នុងអត្ថបទនេះយើងបានប្រើបទគម្ពីរផ្សេងពីសៀវភៅគម្ពីរ១៤។ ដោយប្រើសកម្មពលបរិសុទ្ធរបស់លោក ព្រះយេហូវ៉ាបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរដើម្បីទាក់ទាញចិត្ដយើងឲ្យចូលទៅជិតលោក។ បើគ្មានគម្ពីរទេ តើតាមរបៀបណាយើងដឹងថាយើងអាចចូលទៅជិតព្រះដែលជាអ្នកបង្កើតរបស់យើង? បើគ្មានគម្ពីរទេ តើតាមរបៀបណាយើងអាចរៀនអំពីថ្លៃលោះនិងអំពីរបៀបដែលលោកយេស៊ូជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ា? គឺនៅក្នុងគម្ពីរដែលយើងរៀនអំពីបុគ្គលិកលក្ខណៈដ៏ល្អរបស់ព្រះយេហូវ៉ានិងគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ ជាឧទាហរណ៍ នៅនិក្ខមនំ ៣៤:៦, ៧ ព្រះយេហូវ៉ាបានរៀបរាប់អំពីខ្លួនលោកថា«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប»។ តើអ្នកណានឹងមិនចូលទៅជិតបុគ្គលដូចនោះ? ព្រះយេហូវ៉ាដឹងថាពេលយើងរៀនកាន់តែច្រើនអំពីលោក លោកនឹងទៅជាបុគ្គលពិតសម្រាប់យើង ហើយយើងនឹងមានអារម្មណ៍ជិតស្និទ្ធជាងជាមួយនឹងលោក។

ព្រះយេហូវ៉ាបានឲ្យមនុស្សសរសេរគម្ពីរតាមរបៀបដែលស្រួលយល់

១១. ហេតុអ្វីជាការសំខាន់ដែលយើងរៀនអំពីព្រះយេហូវ៉ា? (សូមមើលរូបភាពនៅដើមអត្ថបទ)។

១១ បុព្វកថានៃសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ាចែងថា ចំណងមេត្រីភាពណាដែលយើងមាននោះ គឺស្ថិតនៅលើការស្គាល់បុគ្គលទៀតយ៉ាងច្បាស់ ទាំងស្រឡាញ់និងយល់តម្លៃនៃលក្ខណៈសម្បត្ដិផ្ទាល់ខ្លួនរបស់បុគ្គលនោះ។ ដូច្នេះ ដើម្បីមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះ យើងត្រូវរៀនឲ្យដឹងថា តាមពិតលោកជាបុគ្គលបែបណាដោយសិក្សាអំពីគុណសម្បត្ដិរបស់លោកនៅក្នុងគម្ពីរ។ យើងអាចដឹងគុណព្រះយេហូវ៉ាយ៉ាងខ្លាំងដែលលោកបានឲ្យមនុស្សសរសេរគម្ពីរតាមរបៀបដែលស្រួលយល់។

១២. ហេតុអ្វីព្រះយេហូវ៉ាបានប្រើមនុស្សឲ្យសរសេរគម្ពីរ?

១២ ព្រះយេហូវ៉ាអាចប្រើទេវតាឲ្យសរសេរគម្ពីរ។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលក្ខណៈពិតរបស់យើង និងអ្វីដែលយើងធ្វើ។ (ពេត្រុសទី១ ១:១២) ពួកគេអាចសរសេរសាររបស់ព្រះយេហូវ៉ាទៅមនុស្សជាតិយ៉ាងល្អឥតខ្ចោះ។ ប៉ុន្ដែ ទេវតាមិនដូចមនុស្សទេ។ ពួកគេមិនដែលមានអារម្មណ៍ សេចក្ដីត្រូវការនិងភាពទន់ខ្សោយដែលយើងមានឡើយ។ ព្រះយេហូវ៉ាដឹងថាទេវតាគឺខុសគ្នាឆ្ងាយពីយើង ដូច្នេះដោយពិចារណាយ៉ាងត្រឹមត្រូវ លោកបានជ្រើសរើសមនុស្សឲ្យសរសេរគម្ពីរ។ ពេលយើងអានអំពីការខកចិត្ដ ការសង្ស័យ ការភ័យខ្លាចនិងកំហុសរបស់អ្នកសរសេរគម្ពីរនិងអ្នកទៀត យើងអាចឈឺចិត្ដដូចពួកគេដែរ។ ពេលយើងអានអំពីគ្រាដ៏សប្បាយដែលពួកគេមាន យើងអាចអរសប្បាយដូចពួកគេដែរ។ ដូចអ្នកប្រកាសទំនាយអេលីយ៉ា អ្នកសរសេរគម្ពីរទាំងអស់មាន«អារម្មណ៍ដូចយើងដែរ»។—យ៉ាកុប ៥:១៧

ហេតុអ្វីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្ដទៅលើយ៉ូណាសនិងពេត្រុសទាក់ទាញចិត្ដអ្នកឲ្យចូលកាន់តែជិតលោក? (សូមមើលវគ្គ១៣, ១៥)

១៣. តើសេចក្ដីអធិដ្ឋានរបស់យ៉ូណាសធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?

១៣ ជាឧទាហរណ៍ ព្រះបានឲ្យយ៉ូណាសនូវភារកិច្ចដ៏សំខាន់មួយ ប៉ុន្ដែយ៉ូណាសបានរត់ចេញ។ បើទេវតាមួយរូបបានសរសេររឿងនេះ គាត់មិនអាចរៀបរាប់យ៉ាងច្បាស់នូវអារម្មណ៍របស់យ៉ូណាសទេ។ គឺល្អជាងឆ្ងាយណាស់ដែលព្រះយេហូវ៉ាបានជ្រើសរើសយ៉ូណាសឲ្យសរសេររឿងរបស់គាត់ រួមទាំងសេចក្ដីអធិដ្ឋានរបស់គាត់ទៅព្រះពីក្នុងជម្រៅសមុទ្រ។ យ៉ូណាសបានពោលថា«កាលព្រលឹងនៅក្នុងខ្លួនទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា»។—យ៉ូណាស ១:៣, ១០; ២:១-

១៤. ហេតុអ្វីអ្នកអាចយល់អ្វីដែលអេសាយបានសរសេរអំពីខ្លួនគាត់?

១៤ យើងអាចឃើញឧទាហរណ៍មួយទៀតនៅក្នុងអ្វីដែលអេសាយបានសរសេរអំពីខ្លួនគាត់។ កាលដែលគាត់បានឃើញក្នុងគំនិតនូវសិរីរុងរឿងរបស់ព្រះយេហូវ៉ា នេះបានជួយគាត់ឲ្យទទួលស្គាល់ថាគាត់មានភាពខុសឆ្គងយ៉ាងណា។ គាត់បាននិយាយថា«វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ!»។ (អេសាយ ៦:៥) ទេវតាមិនអាចនិយាយដូច្នោះអំពីខ្លួនគាត់ទេ ប៉ុន្ដែអេសាយអាចនិយាយដូច្នោះ ហើយគាត់បាននិយាយដូច្នោះមែន។ ដោយសារយើងមិនល្អឥតខ្ចោះដូចអេសាយ យើងអាចស្រមៃគិតថាគាត់ច្បាស់ជាមានអារម្មណ៍យ៉ាងណា។

១៥, ១៦. () ហេតុអ្វីយើងអាចយល់អារម្មណ៍របស់មនុស្សទៀត? សូមលើកឧទាហរណ៍។ () តើអ្វីនឹងជួយយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ា?

១៥ បណ្ដាទេវតាមិនអាចនិយាយថាខ្លួនគាត់«ទន់ទាប»ដូចយ៉ាកុបបាននិយាយ ឬថាខ្លួន«មានភាពខុសឆ្គង» ដូចពេត្រុសបាននិយាយនោះទេ។ (កំណើតពិភពលោក ៣២:១១ ខ.ស. [លោកុប្បត្ដិ ៣២:១០]; លូកា ៥:៨) ពួកគាត់នឹងមិន«ភ័យខ្លាច»ដូចអ្នកកាន់តាមលោកយេស៊ូធ្លាប់ភ័យខ្លាចម្ដងម្កាលឡើយ។ បណ្ដាទេវតានឹងមិនត្រូវការចិត្ដក្លាហាន ដើម្បីផ្សព្វផ្សាយដំណឹងល្អនៅចំពោះមុខការបៀតបៀនដូចប៉ូលនិងអ្នកទៀតឡើយ។ (យ៉ូហាន ៦:១៩; ថែស្សាឡូនិចទី១ ២:២) នេះដោយសារបណ្ដាទេវតាគឺល្អឥតខ្ចោះក្នុងគ្រប់ការទាំងអស់ ហើយខ្លាំងជាងមនុស្សឆ្ងាយណាស់។ ដូចមនុស្សដែលព្រះយេហូវ៉ាបានប្រើដើម្បីសរសេរគម្ពីរ យើងក៏ជាមនុស្សមិនល្អឥតខ្ចោះដែរ ដូច្នេះយើងអាចយល់អារម្មណ៍របស់ពួកគេ។ ពេលយើងអានអ្វីដែលពួកគេបានសរសេរ យើងអាច‹អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ យំជាមួយនឹងអ្នកដែលកំពុងយំ›។—រ៉ូម ១២:១៥

១៦ ដោយរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្ដទៅលើអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនៅសម័យមុន នោះយើងនឹងដឹងអ្វីដ៏អស្ចារ្យជាច្រើនអំពីព្រះរបស់យើង។ យើងនឹងឃើញថាលោកបានចូលទៅជិតមនុស្សមិនល្អឥតខ្ចោះដោយចិត្ដអត់ធ្មត់និងដោយសេចក្ដីស្រឡាញ់។ កាលដែលយើងស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ ហើយស្រឡាញ់លោកយ៉ាងខ្លាំង នោះយើងនឹងចូលទៅកាន់តែជិតលោក។—សូមអាន ទំនុកតម្កើង ២៥:១៤

ដោយរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្ដទៅលើអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនៅសម័យមុន នោះយើងនឹងដឹងអ្វីដ៏អស្ចារ្យជាច្រើនអំពីព្រះរបស់យើង

ចូរបណ្ដុះចំណងមិត្ដភាពមាំមួនជាមួយនឹងព្រះ

១៧. () តើអ្វីជាឱវាទដ៏ល្អដែលអ័សារាបានជូនដល់អេសា? () តើតាមរបៀបណាអេសាមិនអើពើនឹងឱវាទរបស់អ័សារា ហើយតើមានលទ្ធផលយ៉ាងណា?

១៧ មានអ្វីជាច្រើនទៀតដែលយើងអាចរៀនពីស្ដេចអេសា។ ក្រោយពីគាត់បានច្បាំងឈ្នះកងទ័ពអេចូពី អ្នកប្រកាសទំនាយអ័សារាបានជូនឱវាទដ៏ល្អដល់គាត់។ អ័សារាបាននិយាយថា«កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ»។ (របាក្សត្រទី២ ១៥:១, ២) ប៉ុន្ដែក្រោយមក អេសាមិនបានធ្វើតាមឱវាទដ៏ល្អនេះទេ។ ពេលរាជាណាចក្រអ៊ីស្រាអែលដែលនៅខាងជើងមកវាយប្រហារស្រុកយូដា អេសាបានភ័យខ្លាច។ គាត់មិនបានសុំជំនួយពីព្រះយេហូវ៉ាទេ ប៉ុន្ដែបានចងសម្ព័ន្ធភាពជាមួយនឹងជនជាតិស៊ីរីដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានប្រាប់គាត់ថាគាត់«បានប្រព្រឹត្ដបែបឆោតល្ងង់ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច»។ នេះបានកើតឡើងមែន។ (របាក្សត្រទី២ ១៦:១-) តើមានមេរៀនអ្វីសម្រាប់យើង?

១៨, ១៩. () តើយើងគួរធ្វើអ្វី បើយើងមិនជិតស្និទ្ធនឹងព្រះយេហូវ៉ាដូចពីមុន? () តើតាមរបៀបណាយើងអាចបន្ដចូលកាន់តែជិតព្រះយេហូវ៉ា?

១៨ យើងមិនគួរថយចេញពីព្រះយេហូវ៉ាទេ។ បើយើងមិនជិតស្និទ្ធនឹងលោកដូចពីមុន សូមធ្វើភ្លាមនូវអ្វីដែលហូសេ ១២:៧បានចែងថា«ចូរវិលមកព្រះនៃឯងវិញចុះ ចូរកាន់តាមសេចក្ដីសប្បុរស នឹងសេចក្ដីយុត្ដិធម៌ ព្រមទាំងរង់ចាំព្រះនៃឯងជានិច្ចផង»។ ពេលយើងរំពឹងគិតអំពីថ្លៃលោះ ហើយសិក្សាគម្ពីរដោយយកចិត្ដទុកដាក់ យើងអាចចូលកាន់តែជិតព្រះយេហូវ៉ា។—សូមអាន ចោទិយកថា ១៣:៤

១៩ អ្នកតែងទំនុកតម្កើងបានសរសេរថា៖ ‹ការដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ›។ (ទំនុកតម្កើង ៧៣:២៨) ការចូលទៅជិតព្រះក៏ជាការល្អសម្រាប់យើងម្នាក់ដែរ។ សូមកំណត់គោលដៅដើម្បីបន្ដរៀនអ្វីថ្មីអំពីព្រះយេហូវ៉ា។ កាលដែលយើងធ្វើដូច្នេះ យើងនឹងស្រឡាញ់លោកកាន់តែខ្លាំងឡើង។ ពេលយើងចូលកាន់តែជិតព្រះយេហូវ៉ា នោះលោកនឹងចូលកាន់តែជិតយើងនៅពេលឥឡូវនេះនិងជារៀងរហូត!

^ ???? 3 សូមមើលអត្ថបទអំពីអេសាដែលមានចំណងជើងថា «ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២។