លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល

ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល

«យើងតែងនឹកឃើញកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ហើយការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់»។—ថែស្សាឡូនិចទី១ ១:៣

. តើប៉ូលមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលបានខំព្យាយាមផ្សព្វផ្សាយដំណឹងល្អ?

សាវ័កប៉ូលបានឲ្យតម្លៃចំពោះបងប្អូនប្រុសស្រីរបស់គាត់ដែលបានខំព្យាយាមផ្សព្វផ្សាយដំណឹងល្អ។ គាត់បានសរសេរថា«យើងតែងនឹកឃើញកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ហើយការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ថែមទាំងរបៀបដែលអ្នករាល់គ្នាស៊ូទ្រាំដោយសារមានសេចក្ដីសង្ឃឹមលើលោកម្ចាស់យេស៊ូគ្រិស្ដជាម្ចាស់របស់យើងនៅចំពោះមុខព្រះដែលជាបិតារបស់យើង»។ (ថែស្សាឡូនិចទី១ ១:៣) ព្រះយេហូវ៉ាក៏នឹកឃើញ ហើយឲ្យតម្លៃចំពោះអ្វីទាំងអស់ដែលរាស្ដ្ររបស់លោកធ្វើដើម្បីបម្រើលោក ទោះជាពួកគាត់អាចធ្វើច្រើន ឬតិចក្ដី។—ហេប្រឺ ៦:១០

. នៅក្នុងអត្ថបទនេះ តើយើងនឹងពិភាក្សាអំពីអ្វី?

ទាំងនៅសម័យមុនទាំងនៅសម័យនេះ គ្រិស្ដសាសនិកបានលះបង់អ្វីជាច្រើន ដើម្បីចូលរួមច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ នៅអត្ថបទនេះ យើងនឹងពិភាក្សាអំពីអ្វីដែលគ្រិស្ដសាសនិកខ្លះនៅសតវត្សរ៍ទី១បានធ្វើ ដើម្បីបម្រើព្រះយេហូវ៉ា។ យើងក៏នឹងរៀនដែរអំពីអ្វីដែលអ្នកបម្រើពេញពេលកំពុងធ្វើសព្វថ្ងៃនេះ ហើយយើងនឹងឃើញរបៀបដែលយើងអាចជួយពួកគាត់។

គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១

៣, ៤. () តើបងប្អូនប្រុសស្រីនៅសតវត្សរ៍ទី១បានបម្រើព្រះយេហូវ៉ាតាមរបៀបណាខ្លះ? () តើតាមរបៀបណាអ្នកផ្សព្វផ្សាយនៅសតវត្សរ៍ទី១អាចបង់ចំណាយផ្សេងរបស់ពួកគាត់?

មិនយូរប៉ុន្មានក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក លោកបានចាប់ផ្ដើមផ្សព្វផ្សាយអំពីរាជាណាចក្រ ហើយលោកបានបង្រៀនអ្នកទៀតឲ្យធ្វើកិច្ចការនេះ។ (លូកា ៣:២១-២៣; ៤:១៤, ១៥, ៤៣) ក្រោយពីលោកយេស៊ូបានស្លាប់ ពួកសាវ័ករបស់លោកបានដឹកនាំកិច្ចការផ្សព្វផ្សាយ ហើយកិច្ចការនោះបានបន្ដចម្រើនឡើង។ (សកម្មភាព ៥:៤២; ៦:៧) គ្រិស្ដសាសនិកខ្លះបានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីបម្រើជាសាសនទូត។ ជាឧទាហរណ៍ ភីលីពបានផ្សព្វផ្សាយនៅកន្លែងផ្សេងក្នុងស្រុកប៉ាឡេស្ទីន។ (សកម្មភាព ៨:៥, ៤០; ២១:៨) ប៉ូលដែលជាសាសនទូតម្នាក់ទៀត បានផ្សព្វផ្សាយដំណឹងល្អនៅប្រទេសជាច្រើនដែលនៅឆ្ងាយពីស្រុកកំណើតរបស់គាត់។ (សកម្មភាព ១៣:២-៤; ១៤:២៦; កូរិនថូសទី២ ១:១៩) គ្រិស្ដសាសនិកទៀត រួមមានម៉ាកុស លូកានិងស៊ីលវេនុស (ស៊ីឡាស) បានសរសេរសៀវភៅគម្ពីរ ឬបានធ្វើជាលេខាធិការរបស់អ្នកសរសេរគម្ពីរ។ (ពេត្រុសទី១ ៥:១២) បងស្រីជាច្រើននាក់បានបម្រើជាមួយនឹងបងប្រុសដូចនេះ។ (សកម្មភាព ១៨:២៦; រ៉ូម ១៦:១, ២) ក្នុងបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិច យើងអាចអានអំពីបទពិសោធន៍ដ៏គួរឲ្យរំភើបចិត្ដរបស់បងប្អូនប្រុសស្រីទាំងនេះ។ កំណត់ហេតុទាំងនេះរំលឹកយើងថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះកិច្ចការរបស់អ្នកបម្រើលោក ហើយបំពេញសេចក្ដីត្រូវការរបស់ពួកគាត់។

តើតាមរបៀបណាអ្នកផ្សព្វផ្សាយនៅសតវត្សរ៍ទី១អាចបង់ចំណាយផ្សេងរបស់ពួកគាត់? ពួកគាត់មិនបានតម្រូវឲ្យបងប្អូនរួមជំនឿជួយទេ ដូច្នេះជួនកាលពួកគាត់បានធ្វើការមិនពេញពេល។ (កូរិនថូសទី១ ៩:១១-១៥) ប៉ុន្ដែ ពួកគាត់បានទទួលយកជំនួយ។ បងប្អូនរួមជំនឿបានអញ្ជើញពួកគាត់ឲ្យទៅបរិភោគអាហារ ឲ្យកន្លែងស្នាក់នៅ ឬជួយពួកគាត់តាមរបៀបផ្សេងទៀត។ បុគ្គលម្នាក់និងក្រុមជំនុំទាំងមូលចង់ជួយពួកគាត់។—សូមអាន សកម្មភាព ១៦:១៤, ១៥; ភីលីព ៤:១៥-១៨

អ្នកបម្រើពេញពេលនៅសព្វថ្ងៃនេះ

. តើប្ដីប្រពន្ធមួយគូបាននិយាយយ៉ាងណាអំពីជីវិតរបស់ពួកគាត់ក្នុងកិច្ចបម្រើពេញពេល?

សព្វថ្ងៃនេះក៏ដូចគ្នាដែរ បងប្អូនជាច្រើននាក់ខំព្យាយាមបម្រើព្រះយេហូវ៉ាពេញពេលតាមរបៀបផ្សេងៗ។ (សូមមើលប្រអប់ដែលមានចំណងជើងថា« ប្រភេទផ្សេងនៃកិច្ចបម្រើពេញពេល») តើពួកគាត់មានអារម្មណ៍យ៉ាងណាចំពោះជីវិតដែលពួកគាត់បានជ្រើសរើស? អ្នកនឹងទទួលការលើកទឹកចិត្ដ បើអ្នកសួរបងប្អូនរបស់អ្នកនូវសំណួរនេះ។ បងប្រុសម្នាក់ធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេល អ្នកត្រួសត្រាយពិសេស សាសនទូត និងជាសមាជិកក្រុមគ្រួសារបេតអែលនៅប្រទេសក្រៅ។ គាត់និយាយថា«ខ្ញុំមានអារម្មណ៍ថាការចូលរួមក្នុងកិច្ចបម្រើពេញពេលគឺជាការសម្រេចចិត្ដមួយក្នុងចំណោមការសម្រេចចិត្ដដ៏ប្រសើរបំផុតដែលខ្ញុំបានធ្វើ។ នៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំពិបាកធ្វើការសម្រេចចិត្ដរវាងការសិក្សានៅសកលវិទ្យាល័យ ការងារពេញពេលនិងការត្រួសត្រាយពេញពេល។ ប៉ុន្ដែតាមរយៈបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានឃើញថាព្រះយេហូវ៉ាមិនភ្លេចការលះបង់ដែលយើងធ្វើដើម្បីបម្រើលោកពេញពេលឡើយ។ ខ្ញុំអាចប្រើភាពប៉ិនប្រសប់ ឬសមត្ថភាពទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យខ្ញុំតាមរបៀបផ្សេងៗ ដែលខ្ញុំមិនអាចធ្វើបានបើខ្ញុំបានជ្រើសរើសអាជីពក្នុងពិភពលោក»។ ប្រពន្ធរបស់គាត់និយាយថា«ភារកិច្ចនីមួយបានជួយខ្ញុំឲ្យជឿនទៅមុខ។ យើងបានឃើញថាព្រះយេហូវ៉ាការពារ ហើយណែនាំយើងម្ដងហើយម្ដងទៀតតាមរបៀបផ្សេងដែលយើងមិនអាចពិសោធបានទេ បើយើងបន្ដធ្វើតែអ្វីដែលស្រួលសម្រាប់ខ្លួនយើង។ ខ្ញុំអរគុណព្រះយេហូវ៉ារាល់ថ្ងៃចំពោះជីវិតរបស់យើងក្នុងកិច្ចបម្រើពេញពេល»។ តើអ្នកចង់មានអារម្មណ៍ដូច្នេះចំពោះជីវិតរបស់អ្នកទេ?

«ខ្ញុំមានអារម្មណ៍ថាការចូលរួមក្នុងកិច្ចបម្រើពេញពេលគឺជាការសម្រេចចិត្ដមួយក្នុងចំណោមការសម្រេចចិត្ដដ៏ប្រសើរបំផុតដែលខ្ញុំបានធ្វើ»

. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះកិច្ចបម្រើរបស់យើង?

បងប្អូនខ្លះមិនអាចចូលរួមក្នុងកិច្ចបម្រើពេញពេលនៅពេលនេះទេ ប៉ុន្ដែពួកគាត់កំពុងធ្វើអ្វីទាំងអស់ដែលពួកគាត់អាចធ្វើដើម្បីព្រះយេហូវ៉ា។ យើងដឹងថាកិច្ចបម្រើរបស់ពួកគាត់មានតម្លៃចំពោះលោក។ ជាឧទាហរណ៍ នៅភីលេម៉ូន ១- ប៉ូលបានផ្ដាំសួរសុខទុក្ខបងប្អូនទាំងអស់នៅក្រុមជំនុំនាក្រុងកូឡុស ហើយបានលើកឈ្មោះរបស់ពួកគាត់ខ្លះ។ (សូមអាន) ប៉ូលបានឲ្យតម្លៃចំពោះការខំប្រឹងធ្វើការរបស់ពួកគាត់ ហើយព្រះយេហូវ៉ាក៏ដូច្នោះដែរ។ ដូចគ្នាដែរ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វីដែលអ្នកធ្វើក្នុងកិច្ចបម្រើលោក។ ប៉ុន្ដែ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីគាំទ្រអ្នកបម្រើពេញពេល?

របៀបដែលយើងអាចជួយអ្នកត្រួសត្រាយ

៧, ៨. តើការធ្វើជាអ្នកត្រួសត្រាយតម្រូវអ្វី ហើយតើបងប្អូនទៀតក្នុងក្រុមជំនុំអាចជួយអ្នកត្រួសត្រាយតាមរបៀបណាខ្លះ?

ដូចអ្នកផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែងនៅសតវត្សរ៍ទី១ អ្នកត្រួសត្រាយសព្វថ្ងៃនេះលើកទឹកចិត្ដក្រុមជំនុំខ្លាំងណាស់។ អ្នកត្រួសត្រាយជាច្រើននាក់ចំណាយពេលប្រហែលជា៧០ម៉ោងរាល់ខែដើម្បីផ្សព្វផ្សាយ។ តើតាមរបៀបណាអ្នកអាចជួយពួកគាត់?

បងស្រីម្នាក់ឈ្មោះសារីដែលជាអ្នកត្រួសត្រាយបាននិយាយថា«អ្នកត្រួសត្រាយមើលទៅដូចជាមាំមួន ដោយសារពួកគាត់ចេញទៅផ្សព្វផ្សាយរាល់ថ្ងៃ។ ប៉ុន្ដែពួកគាត់ត្រូវការការលើកទឹកចិត្ដ»។ (រ៉ូម ១:១១, ១២) បងស្រីម្នាក់ទៀតដែលបានត្រួសត្រាយអស់ជាច្រើនឆ្នាំបាននិយាយអំពីអ្នកត្រួសត្រាយនៅក្នុងក្រុមជំនុំរបស់គាត់ថា«ពួកគាត់ខំប្រឹងផ្សព្វផ្សាយដោយឥតឈប់ឈរ។ ពួកគាត់ដឹងគុណ ពេលបងប្អូនទៀតស្នើសុំជូនគាត់ទៅផ្សព្វផ្សាយ អញ្ជើញពួកគាត់បរិភោគអាហារ ជូនលុយពួកគាត់បន្ដិចបន្ដួចសម្រាប់ចាក់សាំង ឬផ្ដល់ជំនួយទៀតជាលុយកាក់។ អ្វីទាំងនេះបង្ហាញថាអ្នកពិតជាយកចិត្ដទុកដាក់ចំពោះពួកគាត់»។

៩, ១០. តើបងប្អូនខ្លះបានធ្វើអ្វីដើម្បីជួយអ្នកត្រួសត្រាយនៅក្នុងក្រុមជំនុំរបស់ពួកគាត់?

របៀបមួយទៀតដែលយើងអាចជួយអ្នកត្រួសត្រាយគឺដោយផ្សព្វផ្សាយជាមួយនឹងពួកគាត់។ បងស្រីពីរនាក់ដែលជាអ្នកត្រួសត្រាយបាននិយាយថាពួកគាត់ត្រូវការបងប្អូនប្រុសស្រីថែមទៀតដើម្បីផ្សព្វផ្សាយជាមួយពួកគាត់ក្នុងអំឡុងពេលពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិងនៅពេលរសៀល។ បងស្រីម្នាក់ដែលឥឡូវនេះបម្រើនៅបេតអែលនាក្រុងប៊្រុគ្លីននឹកឃើញជំនួយដែលគាត់បានទទួលពេលគាត់ត្រួសត្រាយ។ គាត់និយាយថា«បងស្រីម្នាក់ដែលមានឡានបាននិយាយថា៖ ‹កាលណាបងគ្មានដៃគូផ្សព្វផ្សាយ សូមហៅខ្ញុំ នោះខ្ញុំនឹងទៅផ្សព្វផ្សាយជាមួយបង›។ គាត់ពិតជាបានជួយខ្ញុំឲ្យបន្ដត្រួសត្រាយ»។ បងសារីនិយាយថា«ក្រោយពេលផ្សព្វផ្សាយ អ្នកត្រួសត្រាយដែលនៅលីវច្រើនតែនៅម្នាក់ឯង។ ម្ដងម្កាលអ្នកអាចអញ្ជើញបងប្អូនប្រុសស្រីដែលនៅលីវឲ្យមកចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក។ ការអញ្ជើញពួកគាត់ឲ្យចូលរួមក្នុងសកម្មភាពទៀតក៏ជួយពួកគាត់ឲ្យនៅមាំមួនដែរ»។

១០ បងស្រីម្នាក់ដែលបានចូលរួមក្នុងកិច្ចបម្រើពេញពេលអស់ជិត៥០ឆ្នាំបាននិយាយអំពីជំនួយដែលគាត់និងបងស្រីនៅលីវទៀតបានទទួល ដោយថា«ពួកអ្នកចាស់ទុំរបស់យើងបានទៅលេងអ្នកត្រួសត្រាយប្រហែលជាពីរខែម្ដង។ ពួកគាត់បានសួរអំពីសុខភាព ការងាររបស់យើង ហើយចង់ដឹងថាតើយើងមានកង្វល់ ឬយ៉ាងណា។ ពួកគាត់បានសួរយ៉ាងស្មោះ។ ពួកគាត់បានមកលេងផ្ទះដែលយើងជួលដើម្បីពួកគាត់អាចដឹងថាយើងត្រូវការជំនួយមិនត្រូវការ»។ ពួកអ្នកចាស់ទុំទាំងនេះនិងបងប្អូនទៀតដូចពួកគាត់ ធ្វើតាមគំរូរបស់អូណេស៊ិភ័រ។ គាត់ត្រូវថែទាំគ្រួសាររបស់គាត់ ប៉ុន្ដែគាត់ក៏បានផ្ដល់ជំនួយដែលប៉ូលត្រូវការដែរ។—ធីម៉ូថេទី២ ១:១៨

១១. តើកិច្ចបម្រើជាអ្នកត្រួសត្រាយពិសេសតម្រូវអ្វី?

១១ កិច្ចបម្រើពេញពេលមួយប្រភេទទៀតគឺកិច្ចការត្រួសត្រាយពិសេស។ អ្នកត្រួសត្រាយពិសេសជាច្រើននាក់ចំណាយពេលប្រហែលជា១៣០ម៉ោងរាល់ខែក្នុងកិច្ចផ្សព្វផ្សាយ។ ពួកគាត់ក៏ជាប់រវល់ក្នុងសកម្មភាពទៀតរបស់ក្រុមជំនុំដែរ។ ការិយាល័យសាខាផ្ដល់ប្រាក់ឧបត្ថម្ភបន្ដិចបន្ដួចឲ្យពួកគាត់រាល់ខែ ពីព្រោះពួកគាត់មានពេលតែបន្ដិចបន្ដួច ឬគ្មានពេលដើម្បីធ្វើការងារទេ។ ប្រាក់ឧបត្ថម្ភនេះជួយបង់ចំណាយដែលចាំបាច់របស់អ្នកត្រួសត្រាយពិសេស ហើយជួយពួកគាត់ឲ្យប្រើពេលវេលាភាគច្រើនរបស់ពួកគាត់សម្រាប់កិច្ចបម្រើផ្សាយ។

១២. តើអ្នកចាស់ទុំនិងបងប្អូនទៀតអាចជួយអ្នកត្រួសត្រាយពិសេសយ៉ាងដូចម្ដេច?

១២ តើយើងអាចធ្វើអ្វីដើម្បីជួយអ្នកត្រួសត្រាយពិសេស? អ្នកចាស់ទុំម្នាក់ដែលធ្វើការនៅការិយាល័យសាខាមួយ ហើយដែលបាននិយាយជាមួយនឹងអ្នកត្រួសត្រាយពិសេសជាច្រើននាក់និយាយថា«អ្នកចាស់ទុំត្រូវនិយាយជាមួយនឹងពួកគាត់ សួរឲ្យដឹងអំពីស្ថានភាពរបស់ពួកគាត់ ហើយបន្ទាប់មកសម្រេចចិត្ដអំពីរបៀបដែលអ្នកចាស់ទុំអាចជួយអ្នកត្រួសត្រាយពិសេសទាំងនោះ។ សាក្សីខ្លះគិតថាអ្នកត្រួសត្រាយពិសេសបានទទួលការថែទាំទាំងស្រុង ពីព្រោះពួកគាត់មានប្រាក់ឧបត្ថម្ភ ប៉ុន្ដែបងប្អូននៅក្នុងក្រុមជំនុំអាចជួយពួកគាត់តាមរបៀបច្រើនយ៉ាង»។ ម្យ៉ាងទៀត ដូចអ្នកត្រួសត្រាយពេញពេលដែរ អ្នកត្រួសត្រាយពិសេសដឹងគុណបងប្អូន ពេលបងប្អូនប្រុសស្រីផ្សព្វផ្សាយជាមួយនឹងពួកគាត់។ តើអ្នកអាចផ្សព្វផ្សាយជាមួយនឹងពួកគាត់ទេ?

របៀបដែលយើងអាចជួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល

១៣, ១៤. () តើយើងគួរនឹកឃើញអ្វីអំពីអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងភរិយារបស់ពួកគាត់? () តើអ្នកអាចធ្វើអ្វីដើម្បីជួយបងប្អូនដែលកំពុងបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល?

១៣ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងភរិយារបស់ពួកគាត់គឺជាបងប្រុសនិងបងស្រីដែលមានបទពិសោធន៍ មានជំនឿមាំមួន ហើយផ្ដល់ឲ្យយើងនូវការលើកទឹកចិត្ដ។ ប៉ុន្ដែយើងមិនត្រូវភ្លេចទេថាពួកគាត់ក៏ត្រូវការការលើកទឹកចិត្ដដែរ។ ពួកគាត់ក៏ត្រូវការបងប្អូនប្រុសស្រីផ្សព្វផ្សាយជាមួយនឹងពួកគាត់ដែរ។ ម្យ៉ាងទៀត ពួកគាត់ដឹងគុណបងប្អូន ពេលបងប្អូនអញ្ជើញពួកគាត់ឲ្យចូលរួមកម្សាន្ដសប្បាយ ឬធ្វើអ្វីមួយដែលគាត់ចូលចិត្ដជាមួយគ្នា។ ពេលអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬភរិយារបស់ពួកគាត់នៅមន្ទីរពេទ្យ ឬទើបនឹងធូរស្បើយពីជំងឺមួយ យើងអាចជួយពួកគាត់ដោយទៅលេងពួកគាត់ ហើយបំពេញសេចក្ដីត្រូវការរបស់ពួកគាត់។ លូកាដែលជា«គ្រូពេទ្យជាទីស្រឡាញ់»បានបំពេញសេចក្ដីត្រូវការរបស់ប៉ូលនិងអ្នកទៀតដែលបានទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំផ្សេងៗ។—កូឡុស ៤:១៤; សកម្មភាព ២០:៥–២១:១៨

១៤ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងភរិយារបស់ពួកគាត់ត្រូវការសេចក្ដីស្រឡាញ់និងការលើកទឹកចិត្ដពីមិត្ដជិតស្និទ្ធ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់បានសរសេរថា«មិត្ដភក្ដិរបស់ខ្ញុំហាក់ដូចជាដឹងថាពេលណាខ្ញុំត្រូវការការលើកទឹកចិត្ដ។ ពួកគេសួរសំណួរសមរម្យ ហើយនេះជួយខ្ញុំឲ្យនិយាយអំពីអ្វីដែលធ្វើឲ្យខ្ញុំបារម្ភ។ ដោយចេះស្ដាប់ដោយយកចិត្ដទុកដាក់ ពួកគេជួយខ្ញុំយ៉ាងច្រើន»។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលដឹងគុណយ៉ាងខ្លាំង ពេលបងប្អូនប្រុសស្រីយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះពួកគាត់ ហើយទៅជាមិត្ដពិតប្រាកដរបស់ពួកគាត់។

ចូរគាំទ្រសមាជិកក្រុមគ្រួសារបេតអែល

១៥, ១៦. ហេតុអ្វីកិច្ចការដែលបងប្អូននៅបេតអែលធ្វើគឺជាកិច្ចការសំខាន់ ហើយតើយើងអាចជួយពួកគាត់យ៉ាងដូចម្ដេច?

១៥ បងប្អូនដែលកំពុងបម្រើនៅបេតអែលធ្វើកិច្ចការសំខាន់ចាំបាច់ដែលគាំទ្រការផ្សព្វផ្សាយដំណឹងល្អ។ បើអ្នកមានសមាជិកក្រុមគ្រួសារបេតអែលក្នុងក្រុមជំនុំរបស់អ្នក ឬនៅតំបន់របស់អ្នក តើតាមរបៀបណាអ្នកអាចនឹកឃើញពួកគាត់?

១៦ ពេលពួកគាត់ទើបនឹងមកដល់បេតអែល ពួកគាត់ប្រហែលជាមានអារម្មណ៍កណ្ដោចកណ្ដែង ហើយនឹកក្រុមគ្រួសារនិងមិត្ដភក្ដិដែលនៅផ្ទះ។ សមាជិកថ្មីទាំងនេះនៃក្រុមគ្រួសារបេតអែលដឹងគុណបងប្អូន ពេលបងប្អូនទៀតនៅបេតអែលនិងនៅក្នុងក្រុមជំនុំរបស់ពួកគាត់រាប់អានពួកគាត់ ហើយទៅជាមិត្ដភក្ដិរបស់ពួកគាត់។ (ម៉ាកុស ១០:២៩, ៣០) ម៉ោងធ្វើការធម្មតានៅបេតអែលធ្វើឲ្យសមាជិកក្រុមគ្រួសារបេតអែលស្រួលចូលរួមកិច្ចប្រជុំនិងចេញទៅផ្សព្វផ្សាយរាល់សប្ដាហ៍។ ប៉ុន្ដែ ជួនកាលសមាជិកក្រុមគ្រួសារបេតអែលមានកិច្ចការបន្ថែម។ ពេលក្រុមជំនុំយល់អំពីរឿងនេះ ហើយបង្ហាញថាពួកគាត់ឲ្យតម្លៃចំពោះកិច្ចការដែលសមាជិកក្រុមគ្រួសារបេតអែលធ្វើ នោះគឺជាការល្អ។—សូមអាន ថែស្សាឡូនិចទី១ ២:៩

ការជួយអ្នកបម្រើពេញពេលនៅប្រទេសផ្សេង

១៧, ១៨. តើអ្នកបម្រើពេញពេលនៅប្រទេសផ្សេងមានភារកិច្ចអ្វីខ្លះ?

១៧ អ្នកបម្រើពេញពេលខ្លះទទួលយកភារកិច្ចនៅប្រទេសផ្សេង។ ពួកគាត់ប្រហែលជាត្រូវបរិភោគអាហារថ្មី រៀនភាសាថ្មី ហើយត្រូវសម្របខ្លួនតាមទំនៀមទម្លាប់ថ្មីនិងរបៀបរស់នៅថ្មី។ តើអ្នកបម្រើពេញពេលនៅប្រទេសផ្សេងមានភារកិច្ចអ្វីខ្លះ?

១៨ បងប្អូនខ្លះជាសាសនទូត ហើយពួកគាត់ចំណាយពេលភាគច្រើនរបស់ពួកគាត់ក្នុងកិច្ចផ្សព្វផ្សាយ។ ពួកគាត់ជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀនដ៏ប៉ិនប្រសប់ ហើយពួកគាត់ចែករំលែកដល់អ្នកទៀតនៅក្នុងក្រុមជំនុំរបស់ពួកគាត់នូវអ្វីដែលពួកគាត់បានរៀន។ ការិយាល័យសាខាផ្ដល់ឲ្យសាសនទូតនូវកន្លែងរស់នៅដ៏សាមញ្ញមួយនិងប្រាក់ឧបត្ថម្ភដែលជួយពួកគាត់បង់ចំណាយផ្សេងដែលសំខាន់ចាំបាច់។ បងប្អូនខ្លះទៀតបានត្រូវចាត់ឲ្យទៅប្រទេសផ្សេងដើម្បីបម្រើនៅការិយាល័យសាខា ឬជួយសង់ការិយាល័យសាខា ការិយាល័យបកប្រែ សាលសន្និបាត ឬសាលប្រជុំ។ ការិយាល័យសាខា ឬបងប្អូននៅក្នុងតំបន់ផ្ដល់ឲ្យពួកគាត់នូវអ្វីដែលពួកគាត់ត្រូវការដូចជាម្ហូបអាហារនិងកន្លែងស្នាក់នៅជាដើម។ ដូចសមាជិកក្រុមគ្រួសារបេតអែលដែរ បងប្អូនដែលស្ម័គ្រចិត្ដជួយកិច្ចការសាងសង់ចូលរួមកិច្ចប្រជុំនិងចេញទៅផ្សព្វផ្សាយជាទៀងទាត់។ ក្រុមជំនុំទទួលប្រយោជន៍ពីបងប្អូនប្រុសស្រីទាំងនោះ។

១៩. តើតាមរបៀបណាអ្នកអាចជួយអ្នកបម្រើពេញពេលដែលបានមកបម្រើនៅប្រទេសរបស់អ្នក?

១៩ តើតាមរបៀបណាអ្នកអាចជួយអ្នកបម្រើពេញពេលដែលបានមកបម្រើនៅប្រទេសរបស់អ្នក? សូមចាំថាពេលពួកគាត់មកដល់លើកដំបូង ពួកគាត់ប្រហែលជាមិនធ្លាប់បរិភោគម្ហូបអាហារនៅប្រទេសរបស់អ្នកទេ។ ដូច្នេះ ពេលអ្នកអញ្ជើញពួកគាត់ទៅបរិភោគអាហារ អ្នកអាចសួរពួកគាត់ថាចង់សាកអ្វីថ្មី ឬមានអ្វីដែលពួកគាត់មិនចូលចិត្ដបរិភោគ។ ពេលពួកគាត់កំពុងព្យាយាមរៀនភាសារបស់អ្នកនិងទំនៀមទម្លាប់ប្រទេសរបស់អ្នក ពួកគាត់នឹងមិនរៀនចេះភ្លាមឡើយ។ ដូច្នេះ សូមអត់ធ្មត់ចំពោះពួកគាត់ ហើយជួយពួកគាត់ដោយចិត្ដសប្បុរស។ ពួកគាត់ចង់រៀន!

២០. តើយើងអាចជួយអ្នកបម្រើពេញពេលនិងឪពុកម្ដាយរបស់ពួកគាត់យ៉ាងដូចម្ដេច?

២០ កាលដែលពេលវេលាកន្លងទៅ អ្នកបម្រើពេញពេលដែលរស់នៅឆ្ងាយពីប្រទេសរបស់ខ្លួនប្រហែលជាត្រូវសម្រេចចិត្ដអំពីរបៀបជួយឪពុកម្ដាយវ័យចាស់។ បើឪពុកម្ដាយជាសាក្សី ពួកគាត់ចង់យ៉ាងខ្លាំងឲ្យកូនបន្ដបម្រើនៅកន្លែងដែលកូនបានត្រូវចាត់ឲ្យទៅ។ (យ៉ូហានទី៣ ៤) អ្នកបម្រើពេញពេលនឹងធ្វើអ្វីទាំងអស់ដែលពួកគាត់អាចធ្វើ ដើម្បីថែទាំឪពុកម្ដាយរបស់ពួកគាត់ ហើយទៅលេងឪពុកម្ដាយឲ្យបានញឹកញាប់បំផុតតាមដែលពួកគាត់អាចធ្វើបាន។ ប៉ុន្ដែ ពួកអ្នកដែលរស់នៅជិតឪពុកម្ដាយរបស់អ្នកបម្រើពេញពេលក៏អាចជួយបានដែរ។ បងប្អូនទាំងនោះអាចស្នើសុំជួយឪពុកម្ដាយរបស់អ្នកបម្រើពេញពេល បើពួកគាត់ត្រូវការជំនួយ។ យើងមិនគួរភ្លេចថាអ្នកបម្រើពេញពេលរវល់ខ្លាំងណាស់ក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយ ដែលជាកិច្ចការសំខាន់បំផុតនៅផែនដីសព្វថ្ងៃនេះ។ (ម៉ាថាយ ២៨:១៩, ២០) តើអ្នកអាចនឹកឃើញអ្នកបម្រើពេញពេលដោយជួយឪពុកម្ដាយរបស់ពួកគាត់ទេ?

២១. តើពួកអ្នកដែលបម្រើពេញពេលមានអារម្មណ៍យ៉ាងណាចំពោះជំនួយនិងការលើកទឹកចិត្ដដែលអ្នកទៀតផ្ដល់ឲ្យ?

២១ មនុស្សជាច្រើនខំប្រឹងធ្វើការ ពីព្រោះពួកគេចង់ក្លាយទៅជាអ្នកមាន។ ប៉ុន្ដែ ពួកអ្នកដែលសម្រេចចិត្ដចូលរួមក្នុងកិច្ចបម្រើពេញពេលខំប្រឹងធ្វើការ ពីព្រោះពួកគាត់ចង់ជូនព្រះយេហូវ៉ានូវអ្វីប្រសើរបំផុតដែលពួកគាត់មាន ហើយចង់ជួយអ្នកទៀត។ ដូច្នេះពួកគាត់ដឹងគុណចំពោះជំនួយណាក៏ដោយដែលបងប្អូនទៀតផ្ដល់ឲ្យ។ បងស្រីម្នាក់ដែលបម្រើពេញពេល ហើយដែលបានរើទៅបម្រើនៅប្រទេសក្រៅបាននិយាយថា«សូម្បីតែសំបុត្រថ្លែងអំណរគុណដ៏ខ្លីមួយក៏ដោយ ក៏បង្ហាញថាបងប្អូនទៀតកំពុងគិតអំពីយើង ហើយបង្ហាញថាពួកគាត់សប្បាយនឹងអ្វីដែលយើងកំពុងធ្វើ»។

២២. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះកិច្ចបម្រើពេញពេល?

២២ ពួកអ្នកដែលបម្រើពេញពេលបានជ្រើសរើសរបៀបរស់នៅមួយដែលពិតជាគួរឲ្យរំភើបចិត្ដនិងស្កប់ចិត្ដ។ នេះជារបៀបរស់នៅដ៏ប្រសើរបំផុតនៅសព្វថ្ងៃនេះ។ អ្នកបម្រើពេញពេលអាចរៀនបណ្ដុះឲ្យមានគុណសម្បត្ដិនិងរៀនមេរៀនផ្សេងដែលចាំបាច់នៅពេលឥឡូវនេះនិងនៅក្នុងពិភពលោកថ្មី។ មិនយូរទៀត អ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ានឹងធ្វើកិច្ចការដែលពិតជានាំឲ្យពួកគេស្កប់ចិត្ដជារៀងរាល់ថ្ងៃ។ សូមយើងបន្ដនឹកឃើញ«ការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់»និង«កិច្ចការ»ដែលពួកអ្នកបម្រើពេញពេលបាន«ធ្វើដោយជំនឿ»។—ថែស្សាឡូនិចទី១ ១:៣