លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ

សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ

«សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦

១, ២. នៅដើមដំបូង តើអាដាមនិងអេវ៉ាមានជីវិតបែបណា ហើយតើមានសំណួរអ្វីខ្លះ?

ពេលអាដាមនិងអេវ៉ាបានត្រូវបង្កើតមក ពួកគេគ្មានសត្រូវទេ។ ពួកគេល្អឥតខ្ចោះ ហើយរស់នៅក្នុងសួនឧទ្យាន។ ក្នុងនាមជាកូនប្រុសនិងកូនស្រីរបស់ព្រះដែលជាអ្នកបង្កើត ពួកគេមានចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយនឹងលោក។ (លោកុប្បត្ដិ ២:៧-៩; លូកា ៣:៣៨) ព្រះបានឲ្យពួកគេនូវភារកិច្ចដ៏សំខាន់មួយ។ (សូមអាន លោកុប្បត្ដិ ១:២៨) តើពួកគេត្រូវរស់នៅយូរប៉ុន្មានដើម្បីបំពេញភារកិច្ចនេះ? ពួកគេមិនចាំបាច់រស់ជារៀងរហូតដើម្បី‹ឲ្យកូនមានពេញពាសលើផែនដី›និង«បង្ក្រាបផែនដី»ឡើយ ប៉ុន្ដែពួកគេត្រូវរស់ជារៀងរហូតដើម្បីថែរក្សា«ជីវិតផងទាំងឡាយដែលកំរើកនៅផែនដី»។ ពួកគេអាចសប្បាយនឹងភារកិច្ចនេះជារៀងរហូត។

ហេតុអ្វីស្ថានភាពឥឡូវនេះគឺខុសគ្នាឆ្ងាយពីស្ថានភាពនៅពេលនោះ? ហេតុអ្វីយើងមានសត្រូវជាច្រើនដែលបំផ្លាញសុភមង្គលរបស់យើង ហើយមានសេចក្ដីស្លាប់ជាសត្រូវធំបំផុត? តើព្រះនឹងបំផ្លាញសត្រូវទាំងនេះយ៉ាងដូចម្ដេច? ចម្លើយចំពោះសំណួរទាំងនេះ គឺនៅក្នុងគម្ពីរ ហើយយើងនឹងពិចារណាចម្លើយទាំងនេះក្នុងអត្ថបទនេះ។

ការព្រមានដោយសេចក្ដីស្រឡាញ់

៣, ៤. () តើព្រះបានឲ្យបង្គាប់អ្វីដល់អាដាមនិងអេវ៉ា? () តើការធ្វើតាមបង្គាប់នោះសំខាន់យ៉ាងណា?

ទោះជាអាដាមនិងអេវ៉ាបានត្រូវបង្កើតឲ្យរស់ជារៀងរហូតក៏ដោយ ពួកគេមិនមានជីវិតអមតៈទេ។ ដើម្បីបន្ដរស់ ពួកគេត្រូវដកដង្ហើម ផឹក ដេកនិងបរិភោគ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនោះទៅទៀត គឺចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា ដែលជាប្រភពនៃជីវិត។ (ចោទិយកថា ៨:៣) ពួកគេអាចបន្ដរស់នៅ ហើយសប្បាយនឹងជីវិតបាន លុះត្រាតែពួកគេឲ្យព្រះយេហូវ៉ាណែនាំពួកគេ។ សូម្បីតែមុនព្រះយេហូវ៉ាបានបង្កើតអេវ៉ា លោកបានប្រាប់អាដាមយ៉ាងច្បាស់ថា«ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ដ តែត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។—លោកុប្បត្ដិ ២:១៦, ១៧

«ដើមដឹងខុសត្រូវ»នោះបានបង្ហាញថាព្រះមានសិទ្ធិសម្រេចចិត្ដថាអ្វីល្អនិងអ្វីអាក្រក់។ អាដាមស្គាល់អំពីអ្វីដែលត្រូវនិងអ្វីដែលខុស ពីព្រោះព្រះបានបង្កើតគាត់ឲ្យមានលក្ខណៈដូចលោកនិងឲ្យមានសមត្ថភាពវិនិច្ឆ័យ។ ដើមឈើនោះបានរំលឹកអាដាមនិងអេវ៉ាថាពួកគេត្រូវការការណែនាំរបស់ព្រះយេហូវ៉ាជានិច្ច។ បើពួកគេបានបរិភោគផ្លែពីដើមនោះ គឺហាក់ដូចជាពួកគេនិយាយទៅព្រះថា«យើងមិនត្រូវការច្បាប់របស់លោកទេ»។ ជាលទ្ធផល ពួកគេនិងកូនរបស់ពួកគេត្រូវស្លាប់ ដូចព្រះបានព្រមានពួកគេ។

តើសេចក្ដីស្លាប់បានចូលមកក្រុមគ្រួសារមនុស្សជាតិយ៉ាងដូចម្ដេច?

. ហេតុអ្វីអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា?

អាដាមបានប្រាប់អេវ៉ាអំពីបញ្ញត្ដិរបស់ព្រះយេហូវ៉ា។ នាងបានដឹងច្បាស់ដល់ម៉្លេះបានជាក្រោយមកនាងអាចនិយាយបញ្ញត្ដិនោះឡើងវិញស្ទើរតែគ្រប់ពាក្យ។ (លោកុប្បត្ដិ ៣:១-) នាងបានប្រាប់បញ្ញត្ដិនោះឡើងវិញដល់សាថានដែលកំពុងនិយាយមកនាងតាមរយៈសត្វពស់។ សាថានបានឲ្យសេចក្ដីប៉ងប្រាថ្នារបស់វាដែលចង់បានអំណាច ហើយមិនចង់ឲ្យព្រះគ្រប់គ្រងលើខ្លួនវាដុះដាលឡើង។ (សូមពិនិត្យបន្ថែម យ៉ាកុប ១:១៤, ១៥) វាបានប្រាប់អេវ៉ាថាព្រះជាអ្នកភូតកុហក ហើយថាបើនាងមិនស្ដាប់បង្គាប់ព្រះ នាងនឹងមិនស្លាប់ឡើយ ប៉ុន្ដែនាងនឹងទៅជាដូចព្រះវិញ។ (លោកុប្បត្ដិ ៣:៤, ៥) អេវ៉ាបានជឿវា បានធ្វើតាមអំពើចិត្ដរបស់ខ្លួនដោយបរិភោគផ្លែឈើនោះ ហើយបានប្រាប់អាដាមឲ្យបរិភោគដែរ។ (លោកុប្បត្ដិ ៣:៦, ១៧) សាថានបានភូតកុហកនាង។ (សូមអាន ធីម៉ូថេទី១ ២:១៤) ទោះជាអាដាមបានដឹងថាការធ្វើដូច្នោះគឺខុសក៏ដោយ គាត់បានស្ដាប់ប្រពន្ធរបស់គាត់។ សត្វពស់នេះអាចមើលទៅដូចជាមិត្ដភក្ដិម្នាក់ ប៉ុន្ដែអ្នកដែលកំពុងនិយាយតាមរយៈសត្វពស់នេះ គឺជាសត្រូវមួយរូបដែលគ្មានមេត្ដា ជាអ្នកដែលបានដឹងអំពីលទ្ធផលអាក្រក់ក្រៃលែងដែលមកពីពាក្យកុហករបស់វា។

៦, ៧. តើព្រះយេហូវ៉ាបានវិនិច្ឆ័យទោសអាដាមនិងអេវ៉ាយ៉ាងដូចម្ដេច?

អាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះយេហូវ៉ាដែលបានផ្ដល់ជីវិតឲ្យពួកគេនិងអ្វីល្អទាំងអស់ដែលពួកគេមាន។ ព្រះយេហូវ៉ាបានជ្រាបច្បាស់អំពីអ្វីដែលបានកើតឡើង។ (របាក្សត្រទី១ ២៨:៩; សូមអាន សុភាសិត ១៥:៣) ប៉ុន្ដែ លោកបានអនុញ្ញាតឲ្យអាដាម អេវ៉ានិងសាថានបង្ហាញថា តាមពិតពួកគេមានទស្សនៈយ៉ាងណាចំពោះលោក។ ក្នុងនាមជាបិតាមួយរូប លោកច្បាស់ជាឈឺចិត្ដក្រៃលែងចំពោះអ្វីដែលពួកគេបានធ្វើ។ (សូមពិនិត្យបន្ថែម លោកុប្បត្ដិ ៦:៦) ប៉ុន្ដែក្នុងនាមជាចៅក្រម លោកបានវិនិច្ឆ័យទោសអ្នកធ្វើអំពើខុសឆ្គងទាំងនោះតាមអ្វីដែលលោកបានមានប្រសាសន៍ពីមុន។

ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអាដាម អេវ៉ានិងសាថានបង្ហាញថា តាមពិតពួកគេមានទស្សនៈយ៉ាងណាចំពោះលោក

ស្ដីអំពីដើមដឹងខុសត្រូវ ព្រះបានប្រាប់អាដាមថា«នៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ អាដាមប្រហែលជាបានគិតថា នេះមានន័យថាគាត់នឹងស្លាប់មុនថ្ងៃលិច។ ប៉ុន្ដែ ក្រោយមកនៅថ្ងៃនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអាដាមនិងអេវ៉ា។ (លោកុប្បត្ដិ ៣:៨) ក្នុងនាមជាចៅក្រមដ៏សុចរិត មុនដំបូងលោកបានស្ដាប់អ្វីដែលពួកគេត្រូវនិយាយ។ (លោកុប្បត្ដិ ៣:៩-១៣) បន្ទាប់មក លោកបានកាត់ទោសអ្នកធ្វើអំពើខុសឆ្គងទាំងពីរនាក់នោះឲ្យត្រូវស្លាប់។ (លោកុប្បត្ដិ ៣:១៤-១៩) បើលោកបានសម្លាប់ពួកគេភ្លាម គោលបំណងរបស់លោកចំពោះមនុស្សជាតិនឹងមិនអាចសម្រេចសោះឡើយ។ (អេសាយ ៥៥:១១) ទោះជាឥទ្ធិពលនៃភាពខុសឆ្គងបានចាប់ផ្ដើមភ្លាមក៏ដោយ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអាដាមនិងអេវ៉ារស់នៅយូរល្មមដើម្បីមានកូនដែលអាចមានអនាគតប្រសើរជាង។ ចាប់តាំងពីថ្ងៃដែលអាដាមនិងអេវ៉ាបានប្រព្រឹត្ដខុសឆ្គង លោកបានចាត់ទុកពួកគេថាបានស្លាប់ហើយ។ ម្យ៉ាងទៀត ដោយហេតុថា ១.០០០ឆ្នាំគឺដូចជាមួយថ្ងៃចំពោះព្រះយេហូវ៉ា នោះពួកគេពិតជាបានស្លាប់ក្នុងមួយ«ថ្ងៃ»មែន។—ពេត្រុសទី២ ៣:៨

ចាប់តាំងពីថ្ងៃដែលអាដាមនិងអេវ៉ាបានប្រព្រឹត្ដខុសឆ្គង ព្រះបានចាត់ទុកពួកគេថាបានស្លាប់ហើយ

៨, ៩. តើភាពខុសឆ្គងរបស់អាដាមមានឥទ្ធិពលយ៉ាងណាទៅលើកូនទាំងអស់របស់គាត់? (សូមមើលរូបភាពនៅដើមអត្ថបទ)។

តើកូនរបស់អាដាមនិងអេវ៉ានឹងទទួលឥទ្ធិពលពីអ្វីដែលអាដាមនិងអេវ៉ាដែលជាឪពុកម្ដាយរបស់ពួកគេបានធ្វើទេ? ពួកគេបានទទួលឥទ្ធិពលមែន។ រ៉ូម ៥:១២ពន្យល់ថា«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ សាវ័កប៉ូលបន្ថែមថា«មនុស្សជាច្រើនបានទៅជាមនុស្សមានភាពខុសឆ្គង ដោយសារបុរសម្នាក់នោះមិនបានស្ដាប់បង្គាប់»។ (រ៉ូម ៥:១៩) មនុស្សទី១ដែលបានស្លាប់ គឺអេបិលដែលជាមនុស្សមានចិត្ដស្មោះត្រង់នឹងព្រះ។ (លោកុប្បត្ដិ ៤:៨) ក្រោយមក កូនទៀតនិងចៅរបស់អាដាមបានទៅជាចាស់ ហើយស្លាប់។ មនុស្សជាតិបានឆ្លងភាពខុសឆ្គងនិងសេចក្ដីស្លាប់ ជាសត្រូវពីរដែលពួកគេមិនអាចគេចផុត។ ទោះជាយើងមិនដឹងច្បាស់អំពីរបៀបដែលភាពខុសឆ្គងនិងសេចក្ដីស្លាប់បានឆ្លងទៅកូនរបស់អាដាមក៏ដោយ យើងអាចឃើញលទ្ធផលរបស់វា។

គឺជាការសមត្រឹមត្រូវដែលគម្ពីរប្រៀបប្រដូចភាពខុសឆ្គងនិងសេចក្ដីស្លាប់ទៅនឹង«គម្របដែលគ្របលើជនជាតិទាំងប៉ុន្មាន» ហើយដែល«បាំងមុខគ្រប់ទាំងសាសន៍»។ (អេសាយ ២៥:៧) គ្មានមនុស្សណាអាចគេចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់បានឡើយ។ ហេតុនេះហើយបានជាគម្ពីរចែងថា«ទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម»។ (កូរិនថូសទី១ ១៥:២២) ដូច្នេះ ប៉ូលបានសួរសំណួរថា«តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?»។ (រ៉ូម ៧:២៤) តើអ្នកណាអាចសង្គ្រោះប៉ូល? * (សូមមើលកំណត់សម្គាល់)។

ភាពខុសឆ្គងនិងសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ

១០. () តើគម្ពីរណាខ្លះបង្ហាញថាព្រះយេហូវ៉ានឹងបំផ្លាញចោលសេចក្ដីស្លាប់ឲ្យសាបសូន្យ? () តើគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក?

១០ មែនហើយ ព្រះយេហូវ៉ាអាចសង្គ្រោះប៉ូលបាន។ គម្ពីរចែងថា«ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសាយ ២៥:៨) ដូចឪពុកម្នាក់ដែលបំបាត់ចោលនូវដើមហេតុដែលបណ្ដាលឲ្យកូនរបស់គាត់រងទុក្ខ ហើយជូតទឹកភ្នែករបស់ពួកគេ នោះព្រះយេហូវ៉ាសប្បាយចិត្ដនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យ! លោកយេស៊ូសហការជាមួយនឹងលោក។ គម្ពីរចែងនៅកូរិនថូសទី១ ១៥:២២ថា«ទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ដ»។ ប៉ូលក៏បានឆ្លើយសំណួររបស់គាត់ដែលថា «តើអ្នកណានឹងសង្គ្រោះខ្ញុំ?» ដោយពោលពាក្យថា«ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ដ ជាម្ចាស់របស់យើង!»។ (រ៉ូម ៧:២៥) ពេលអាដាមនិងអេវ៉ាបានធ្វើអំពើខុសឆ្គង ព្រះយេហូវ៉ាច្បាស់ជាមិនបានឈប់ស្រឡាញ់មនុស្សជាតិឡើយ។ ម្យ៉ាងទៀត លោកយេស៊ូដែលព្រះយេហូវ៉ាបានប្រើដើម្បីបង្កើតអាដាមនិងអេវ៉ា នៅតែស្រឡាញ់មនុស្សជាតិ។ (សុភាសិត ៨:៣០, ៣១) ប៉ុន្ដែ តើមនុស្សជាតិនឹងត្រូវសង្គ្រោះពីភាពខុសឆ្គងនិងសេចក្ដីស្លាប់យ៉ាងដូចម្ដេច?

ពេលអាដាមនិងអេវ៉ាបានធ្វើអំពើខុសឆ្គង ព្រះយេហូវ៉ាមិនបានឈប់ស្រឡាញ់មនុស្សជាតិឡើយ

១១. តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីជួយមនុស្សជាតិ?

១១ ពេលអាដាមបានធ្វើអំពើខុសឆ្គង ព្រះយេហូវ៉ាបានកាត់ទោសគាត់ឲ្យត្រូវស្លាប់។ ជាលទ្ធផល មនុស្សទាំងអស់បានទទួលភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២, ១៦) រ៉ូម ៥:១៨ពន្យល់ថា«បទរំលងតែមួយបាននាំឲ្យមនុស្សគ្រប់ប្រភេទទទួលការផ្ដន្ទាទោស»។ ដោយមិនធ្វើព្រងើយនឹងខ្នាតតម្រារបស់លោក តើព្រះយេហូវ៉ាអាចធ្វើអ្វីដើម្បីជួយមនុស្សជាតិ? លោកយេស៊ូបានឆ្លើយសំណួរនេះ ពេលលោកបានមានប្រសាសន៍ថាលោកបានមកដើម្បី«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨) ដោយសារលោកយេស៊ូជាមនុស្សល្អឥតខ្ចោះ លោកអាចផ្ដល់ថ្លៃលោះ។ តើថ្លៃលោះនឹងបំពេញតម្រូវការនៃយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច?—ធីម៉ូថេទី១ ២:៥, ៦

ជីវិតល្អឥតខ្ចោះមួយបានត្រូវប្ដូរនឹងជីវិតល្អឥតខ្ចោះមួយ

១២. តើអ្វីជាថ្លៃលោះដែលបានបំពេញតម្រូវការនៃយុត្ដិធម៌របស់ព្រះ?

១២ ដោយសារលោកយេស៊ូជាមនុស្សល្អឥតខ្ចោះ លោកអាចរស់ជារៀងរហូត។ នោះជាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះអាដាម។ ដោយសារលោកយេស៊ូមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបិតាលោកនិងកូនចៅរបស់អាដាម លោកបានលះបង់ជីវិតរបស់លោកដែលស្មើនឹងអ្វីដែលអាដាមបានបាត់បង់។ ក្រោយមក ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញនៅស្ថានសួគ៌ជាវិញ្ញាណ។ (ពេត្រុសទី១ ៣:១៨) ថ្លៃលោះបានបំពេញតម្រូវការនៃយុត្ដិធម៌របស់ព្រះយេហូវ៉ា ពីព្រោះជីវិតល្អឥតខ្ចោះមួយបានត្រូវប្ដូរនឹងជីវិតល្អឥតខ្ចោះមួយ។ លោកយេស៊ូបានផ្ដល់លទ្ធភាពឲ្យកូនចៅរបស់អាដាមមានជីវិតដែលគ្មានទីបញ្ចប់។ ហេតុនេះហើយ បានជាប៉ូលហៅលោកយេស៊ូថា«អាដាមចុងក្រោយ»ដែលឥឡូវនេះជាវិញ្ញាណដែលផ្ដល់ជីវិត។—កូរិនថូសទី១ ១៥:៤៥

១៣. តើ«អាដាមចុងក្រោយ»នឹងធ្វើអ្វីដើម្បីពួកអ្នកដែលបានស្លាប់?

១៣ មិនយូរទៀត «អាដាមចុងក្រោយ»នឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ឲ្យកូនចៅរបស់អាដាម។ នេះនឹងរួមបញ្ចូលមនុស្សភាគច្រើនដែលបានស្លាប់នៅសម័យមុន។ ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។—យ៉ូហាន ៥:២៨, ២៩

អេបិល មនុស្សទី១ដែលបានស្លាប់នឹងទទួលប្រយោជន៍ពីថ្លៃលោះរបស់លោកយេស៊ូ (សូមមើលវគ្គ១៣)

១៤. តើតាមរបៀបណាមនុស្សជាតិនឹងអាចត្រូវរំដោះពីភាពមិនល្អឥតខ្ចោះ?

១៤ តើតាមរបៀបណាមនុស្សជាតិនឹងអាចត្រូវរំដោះពីភាពមិនល្អឥតខ្ចោះ? ដើម្បីសម្រេចការនេះ ព្រះយេហូវ៉ាបានរៀបចំរដ្ឋាភិបាលមួយនៅស្ថានសួគ៌។ អ្នកគ្រប់គ្រងគឺលោកយេស៊ូនិង១៤៤.០០០នាក់ដែលបានត្រូវជ្រើសរើសពីក្នុងចំណោមមនុស្សជាតិ។ (សូមអាន ការបើកបង្ហាញ ៥:៩, ១០) ដោយសារ១៤៤.០០០នាក់ធ្លាប់ជាមនុស្សមិនល្អឥតខ្ចោះ ពួកគាត់នឹងអាចយល់អំពីប្រជារាស្ដ្ររបស់ពួកគាត់។ អស់រយៈពេល១.០០០ឆ្នាំ លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយលោកនឹងជួយមនុស្សជាតិឲ្យទៅជាមនុស្សល្អឥតខ្ចោះ។—ការបើកបង្ហាញ ២០:៦

១៥, ១៦. () ពេលគម្ពីរចែងថា«សត្រូវចុងក្រោយ . . . គឺសេចក្ដីស្លាប់» តើនេះមានអត្ថន័យយ៉ាងណា? តើសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យនៅពេលណា? () តើកូរិនថូសទី១ ១៥:២៨ប្រាប់ថាលោកយេស៊ូនឹងធ្វើអ្វី?

១៥ នៅដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំ មនុស្សដែលស្ដាប់បង្គាប់នឹងរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ប៉ូលពន្យល់ថា«ដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ដ។ ប៉ុន្ដែម្នាក់ត្រូវធ្វើឲ្យមានជីវិតឡើងវិញ តាមលំដាប់របស់ខ្លួនគឺ គ្រិស្ដជាផលដំបូង បន្ទាប់មក ក្នុងអំឡុងវត្ដមានរបស់គ្រិស្ដ ពួកអ្នកដែលជារបស់លោក[ពួកអ្នកដែលគ្រប់គ្រងជាមួយលោក]នឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ។ បន្ទាប់ពីនោះ គឺជាទីបញ្ចប់ ពេលដែលលោកប្រគល់រាជាណាចក្រជូនព្រះជាបិតារបស់លោក ក្រោយពីលោកបានបំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ។ ព្រោះលោកត្រូវគ្រប់គ្រងជាស្ដេច រហូតដល់ព្រះដាក់សត្រូវទាំងអស់នៅក្រោមបាតជើងលោក។ សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។ (កូរិនថូសទី១ ១៥:២២-២៦) នៅទីបំផុត សេចក្ដីស្លាប់ដែលបានឆ្លងពីអាដាមនឹងត្រូវបំផ្លាញចោល។ «គម្រប»នេះដែលគ្របលើមនុស្សជាតិនឹងលែងមានជារៀងរហូត។—អេសាយ ២៥:៧, ៨

នៅដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំ មនុស្សដែលស្ដាប់បង្គាប់នឹងរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់

១៦ ប៉ូលបន្ដថា«ក្រោយពីព្រះបានធ្វើឲ្យអ្វីទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីទាំងអស់ចុះចូលចំពោះបុត្រនោះ ដើម្បីឲ្យព្រះធ្វើជាអ្វីទាំងអស់ដល់មនុស្សទាំងអស់»។ (កូរិនថូសទី១ ១៥:២៨) គោលបំណងនៃការគ្រប់គ្រងរបស់លោកយេស៊ូនឹងបានសម្រេច។ ដូច្នេះ លោកនឹងសប្បាយប្រគល់អំណាចរបស់លោកជូនព្រះយេហូវ៉ាវិញ ហើយបង្ហាញព្រះយេហូវ៉ានូវក្រុមគ្រួសារដ៏ល្អឥតខ្ចោះរបស់មនុស្សជាតិ។

១៧. តើអ្វីនឹងកើតឡើងចំពោះសាថាន?

១៧ តើអ្វីនឹងកើតឡើងចំពោះសាថាន ជាអ្នកដែលបណ្ដាលឲ្យមនុស្សទាំងអស់មានទុក្ខវេទនា? យើងរកឃើញចម្លើយនៅការបើកបង្ហាញ ២០:៧-១៥។ នៅដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំ សាថាននឹងត្រូវអនុញ្ញាតឲ្យព្យាយាមបំភាន់មនុស្សល្អឥតខ្ចោះនៅក្នុងការសាកល្បងចុងក្រោយបង្អស់។ ក្រោយមក សាថាននិងអស់អ្នកដែលកាន់តាមវានឹងត្រូវបំផ្លាញចោលជារៀងរហូត។ គម្ពីរហៅនេះថា«សេចក្ដីស្លាប់ទីពីរ»។ (ការបើកបង្ហាញ ២១:៨) សេចក្ដីស្លាប់នេះនឹងមិន«ត្រូវបំផ្លាញឲ្យសាបសូន្យ»ឡើយ ពីព្រោះពួកអ្នកដែលទទួល«សេចក្ដីស្លាប់ទីពីរ»នឹងមិនរស់ឡើងវិញទេ។ បើយើងស្មោះត្រង់នឹងព្រះយេហូវ៉ា យើងមិនចាំបាច់បារម្ភថា«សេចក្ដីស្លាប់ទីពីរ»អាចបំផ្លាញជីវិតយើងឡើយ។

មនុស្សទាំងអស់នឹងល្អឥតខ្ចោះ ហើយនឹងបានត្រូវអនុញ្ញាតឲ្យរស់ជារៀងរហូត

១៨. នៅទីបំផុត តើភារកិច្ចដែលព្រះបានឲ្យអាដាមនឹងបានសម្រេចយ៉ាងដូចម្ដេច?

១៨ ក្រោយមក មនុស្សទាំងអស់នឹងល្អឥតខ្ចោះ ហើយនឹងទទួលការអនុញ្ញាតទាំងស្រុងពីព្រះយេហូវ៉ាដើម្បីរស់ជារៀងរហូត។ សត្រូវទាំងអស់ដែលបំផ្លាញសុភមង្គលរបស់មនុស្សជាតិនឹងលែងមានទៀត។ ភារកិច្ចដែលព្រះបានឲ្យអាដាមនឹងបានសម្រេចដោយឥតមានគាត់។ កូនចៅរបស់គាត់នឹងសប្បាយថែទាំផែនដីនិងសត្វទាំងឡាយ។ ដោយដឹងថាមិនយូរទៀត ព្រះយេហូវ៉ានឹងបំផ្លាញសេចក្ដីស្លាប់ដែលជាសត្រូវចុងក្រោយឲ្យសាបសូន្យ យើងពិតជាអាចសប្បាយរីករាយមែន!

^ ???? 9 សៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ជាភាសាអង់គ្លេសចែងថា ពេលអ្នកវិទ្យាសាស្ដ្រខំស្វែងរកការពន្យល់អំពីមូលហេតុដែលយើងចាស់ ហើយស្លាប់ ពួកគេមិនដឹងហេតុការណ៍ពិតដ៏សំខាន់មួយទេ។ ពួកគេមិនទទួលស្គាល់ថា គឺព្រះដែលជាអ្នកបង្កើតដែលបានកាត់ទោសមនុស្សដំបូងឲ្យត្រូវស្លាប់។ អាស្រ័យហេតុនេះ ពួកគេមិនអាចយល់ទាំងស្រុងនូវដំណើរដែលមនុស្សទៅជាចាស់ ហើយស្លាប់ឡើយ (ក្បាលទី២ ទំព័រ២៤៧)។